គីម៉ាល់(ពិស័ក) តួឯកប្រុសក្នុងរឿង«បេះដូងមេគង្គ»បានគ្រងតំណែងជាតួប្រុសស៊ិចស៊ីបំផុតក្នុងអារម្មណ៍អ្នកអានប្រលោមលោក ម៉ីសន សុធារី ព្រោះតែចំណុចទាំងប៉ុន្មានខាងក្រោមនេះ៖
ទីមួយ មានមន្តស្នេហ៍៖ មន្តអាគម ដែលអ្នកនិពន្ធពាក់ឱ្យគីម៉ាល់គឺធ្វើឱ្យគេមានមន្តស្នេហ៍ និងមានកាយវិកាគួរឱ្យព្រឺសម្បុរ មិនឃោរឃៅតែក៏មិនទន់ជ្រាយ។ គេជាមនុស្សប្រុសដៃដល់តែមានសុជីវធម៌ កាមតណ្ហាតែចេះទប់ចិត្ត មានកំហឹងតែមានអារម្មណ៍ល្អណាស់រាល់ពេលមានតួស្រី(ហាន់ដា)មកនៅក្បែរៗ។
ទីពីរ មានតម្រិះពិចារណា៖ មានចិត្តទូលាយចំពោះអ្នកដែលខ្លួនស្រលាញ់ ហ៊ានអត់ទោស និងចែកដាច់រវាងអតីតនិងបច្ចុប្បន្ន ចែកច្បាស់រវាងអ្វីដែលមើលឃើញនិងស្តាប់ឮ ។
ទីបី មានចិត្តស្មោះ ៖ គីម៉ាល់ជាមនុស្សត្រង់ក្នុងផ្លូវស្នេហា។ គេមិនវៀចវេច្រើន និងមិនរាយមាយ។ បើស្រលាញ់អ្នកណាគឺអ្នកនោះប៉ុណ្ណោះ។
ទីបួន មានសន្តានចិត្តល្អ៖ ទោះបីខ្លួនមានវិបត្តិ មិនមាត់មិនក តែគីម៉ាល់ជាមនុស្សមានសន្តានចិត្តល្អម្នាក់។ គេមានមនោសញ្ចេតនានិងយកចិត្តទុកដាក់ចំពោះហាន់ដាលើកលែងរាល់ទោសកំហុសរប់សនាង។
ទីប្រាំ ហួងហែងគ្រប់គ្រង៖ មនុស្សគីម៉ាល់មានការអត់ធ្មត់ចំពោះរឿងធំៗ តែចំពោះមុខមនុស្សគេស្រលាញ់ពិតប្រាកដគេតែងតែមានចិត្តចង់គ្រប់គ្រង និងហួងហែងគ្រប់ពេលវេលាគ្រប់ដង្ហើមចេញចូល។
ទី៦ ជាមនុស្សដែលមានថាមពល៖ សម្តីសម្តៅនិងកិរិយាពោរពេញដោយថាមពល និងប្រាកដប្រជា។ គីម៉ាល់មិនមែនជាតួប្រុសអត្តនោមត័ដែលគ្មានហេតុផលទេ។ គេតែងមានស្មារតីភ្លឺស្វាងណាស់រាល់ពេលគិតគូរអ្វីៗទាក់ទិននិងតួស្រី។ គេមានវិន័យចំពោះខ្លួនឯងបំផុតនិងគោរពនាង ដែលនេះជាថាមពលដ៏ធំក្នុងបុគ្គលិកលក្ខណៈមនុស្សប្រុស។