៥សំណួរជាមួយម្ចាស់រឿង«ពេជ្រប្រឡាក់ភក់»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សូមជម្រាបសួរ ខ្ញុំបាទឈ្មោះថា កូយ សុខគង់ សព្វថ្ងៃរស់នៅក្នុងរាជធានីភ្នំពេញ ឯស្នាដៃដែលបានចូលរួមក្នុងក្រុមអ្នកនិពន្ធ MST Writer នោះគឺ រឿង«ពេជ្រប្រឡាក់ភក់»។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងមកដាក់ផ្សាយនោះ គឺដោយសារកម្មវិធីរបស់អ្នកគ្រូម៉ីសន សុធារី ដែលបានបង្កើត កន្លងមកនេះធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំង ទើបកើតការបញ្ជូនរឿងនេះទៅ។ កម្លាំងដែលបណ្ដាលចិត្តគឺការស្រឡាញ់វិស័យអក្សរសាស្ត្រជាតិនោះឯង។

រឿងទី២របស់ខ្ញុំបាទនេះមានគំនិតចង់ដាស់តឿនយុវជនយុវតីយើងឲ្យចេះកែខ្លួនស្គាល់កំហុសរបស់ខ្លួនឲ្យទាន់ពេលវេលាដោយកុំឲ្យឆាកជីវិតរបស់ខ្លួន ត្រូវលង់ក្នុងអបាយមុខទាំង៤មានស្រី ស្រា ល្បែង និងថ្នាំញៀន។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលចូលចិត្តក្នុងអត្ថបទរឿងគឺត្រង់តួអង្គឯកស្រីអាចកែខ្លួនទាន់ពេលវេលា បានដោយមិនធ្វើឲ្យខូចខាតកេរ្តិ៍ឈ្មោះគ្រួសារ និងខ្លួនផ្ទាល់។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

ចំពោះបំណងក្នុងការដាក់ផ្សាយរឿងមួយនេះគឺចង់ផ្ដល់ពុទ្ធិថ្មីៗដល់មិត្តក៏ដូចជាសារមួយ  សម្រាប់ពញ្ញាក់ស្មារតីមិត្តពីពិភពនៃការកសាងសមត្ថភាពក្នុងបំណងលើកស្ទួយវប្បធម៌ជាតិកុំឲ្យបាត់បង់ ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

មិត្តអ្នកអានទាំងអស់គ្នា ខ្ញុំបាទរីករាយខ្លាំងណាស់នឹងចូលរួមក្នុងកម្មវិធីនេះ! ខ្ញុំមានចំណាប់អារម្មណ៍ថា សូមមិត្តអ្នកអានបន្តការអានឲ្យបានច្រើន ព្រោះការអានជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍នានា តែសូមមេត្តាជ្រើសរើសសៀវភៅដែលត្រូវនឹង ចំណង់ចំណូលចិត្តរបស់ខ្លួនទើបទទួលបានចំណេះពីសៀវភៅនោះ។ សូមអរគុណ!

ចុចអានរឿងពេជ្រប្រឡាក់ភក់