៥សំណួរជាមួយម្ចាស់រឿង«គឺជាខ្ញុំ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរនិងសួស្តីអ្នកទាំងអស់គ្នា នាងខ្ញុំឈ្មោះនី ស្រីពេជ្រ ជាអ្នកខេត្តកណ្ដាល។ ស្នាដៃដែលបានប្រសូតចេញជាលើកទីពីរ ហើយបានដាក់ផ្សាយនៅក្នុងMST Writerគឺរឿងដែលមានចំណងជើងថា “គឺជាខ្ញុំ”។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុចម្បងដែលធ្វើឱ្យនាងខ្ញុំសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយក៏ព្រោះ ខ្ញុំមិនអាចឱ្យឪកាសដែលជាស្ពានចម្លងស្នាដៃរឿងខ្លី របស់ខ្ញុំរសាត់ឆ្ងាយពីមិត្តអ្នកអានឡើយ។ ម្យ៉ាងមួយវិញទៀតខ្ញុំចង់ទទួលបានការណែនាំកែតម្រូវនូវកំហុសឆ្គងដែលមាននៅក្នុងសាច់រឿងដោយអចេតនា ដើម្បីឱ្យខ្ញុំបានកែប្រែនូវកំហុសឆ្គងមួយនេះ។ កម្លាំងបណ្តាលចិត្តដែលជម្រុញឱ្យខ្ញុំអាចសរសេររឿង និងបានដាក់ផ្សាយក្នុងថ្ងៃនេះគឺទីមួយខ្លួនឯងដែលមិនបោះបង់ចោលក្តីស្រមៃមួយនេះ ទីពីរគឺមិត្តភក្តិដែលរាប់អានយើងពិតប្រាកដតែងលើកទឹកចិត្តខ្ញុំឱ្យបន្តទៅមុខរហូតកុំបោះបង់។ រឿងដែលខ្ញុំបានសរសេរនេះគឺចង់និយាយអំពី ការផ្ដល់ក្ដីស្រឡាញ់ហួសពេលទៅកាន់មនុស្សដែលនៅក្បែរខ្លួន។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលនាងខ្ញុំចូលចិត្តនិងស្រលាញ់ជាងគេនោះគឺ ត្រង់កន្លែងដែលនិចក្រាបសំពះលាលោកអ្នកមានគុណទាំងពីរជាលើកចុងក្រោយ ដែលរៀបរាប់ពីក្ដីទុក្ខសោកអាឡោះអាល័យ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងរបស់នាងខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះគឺ កុំមានក្ដីស្រឡាញ់លំអៀងតែម្ខាង ត្រូវរៀនចេះអភ័យទោសឱ្យអ្នកដែលស្គាល់កំហុស។ មួយទៀតដើម្បីសម្រេចក្តីសុបិនដែលបានគិតទុកមកជាយូរហើយ ថាចង់មានស្នាដៃដែលជារបស់ខ្លួនឯងបានដាក់ចេញផ្សាយ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ក្នុងចំណាប់អារម្មណ៍នាងខ្ញុំ គឺចង់ផ្ញើរឿងខ្លីជាលើកទីពីរនេះឱ្យចូលទៅដល់ក្រអៅបេះដូងរបស់អ្នកអានគ្រប់គ្នាៗ ហើយនាងខ្ញុំនឹងនៅចាំទទួលរាល់ការរិះគន់ក្នុងន័យស្ថាបនាទាំងអស់ពីមិត្តអ្នកអាន។

ចុចអានរឿងគឺជាខ្ញុំ