៥សំណួរជាមួយម្ចាស់រឿង«ចាំអូននៅចុងផ្លូវ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្តីនាងខ្ញុំឈ្មោះ សោសុវត្ថិនីកា នាមប៉ាកកា «កាកាភីងគី» អាយុ២៤ឆ្នាំ ហើយស្នាដៃដែលបានចេញផ្សាយនៅ MST Writer គឺរឿង«ចាំអូននៅចុងផ្លូវ» ជារឿងទី៣ក្នុងចំណោមរឿងដែលខ្ញុំបានសរសេរ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងនេះមកដាក់ផ្សាយដោយសារតែខ្ញុំចង់សាកល្បងបង្ហាញស្នាដៃរបស់ខ្ញុំលើកដំបូងនៅក្នុងវេបសាយសាធារណៈហើយខ្ញុំមានកម្លាំងបណ្តាលចិត្តថាអាចនាំអារម្មណ៍អ្នកអានទៅជួបនឹងស្នេហាមួយដែលសប្បាយនិងទុក្ខនៅលាយឡំគ្នា និងភាពរឹងមាំរបស់តួអង្គស៊ាវសីងដែលខ្ញុំចង់បង្ហាញដល់មិត្តអ្នកអាន។

រឿងរបស់ខ្ញុំនិយាយពីមិត្តភាពរបស់បុរសពីរនាក់ដែលបានរៀនជាមួយគ្នាតាំងពីតូចហើយបានលួចស្រលាញ់គ្នានិងបានឡើងមកក្រុងប៉ីជីងដើម្បីរៀនបន្តជាមួយគ្នា ប៉ុន្តែដោយសារម្នាក់ក្នុងចំណោមពួកគេមានជំងឺធ្ងន់ត្រូវស្លាប់ទើបពួកគេត្រូវព្រាត់គ្នាដោយបន្សល់ពាក្យសន្យាថាម្នាក់ទៀតនឹងរស់នៅអោយបានល្អហើយម្នាក់ទៀតនឹងនៅរង់ចាំនៅចុងផ្លូវរហូតបានជួបគ្នាវិញ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំចូលចិត្តក្នុងរឿងនេះមាន២គឺ៖

ទី១ មិនថាម្ខាងទៀតមានជំងឺធ្ងន់បែបណាក៏ស៊ាវសីងមិនបោះបង់គេចោលដោយនៅតស៊ូកំដរជីវិតចុងក្រោយដែលមានមិនដល់3ខែរហូតដល់វ៉ាងយូបានផុតដង្ហើមទៅនៅក្នុងរង្វង់ដៃ។ ទី២គឺការរឹងមាំតស៊ូនិងស្មោះស្ម័គ្ររបស់ស៊ាវសីងដែលមិនគិតខ្លីហើយតស៊ូរស់ទាំងឈឺចាប់រស់ក្នុងស្រមោលអតីតកាលជាមួយអ្នកដែលស្លាប់ទៅព្រោះតែសន្យាជាមួយមនុស្សជាទីស្រលាញ់ហើយនៅតែសង្ឃឹមជានិច្ចថានឹងបានជួបគ្នាតាមពាក្យសន្យា។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

ដោយសារតែរឿងរបស់ខ្ញុំជាប្រភេទស្នេហាបែបប្រុសនិងប្រុស ខ្ញុំចង់អោយអ្នកអានទូទៅអាចទទួលយកនិងគាំទ្ររឿងប្រលោមលោកបែបនេះអោយបានច្រើនជាងមុនដើម្បីជាកម្លាំងចិត្តដល់អ្នកដែលសរសេររឿងប្រលោមលោកបែបប្រុសនិងប្រុសដូចនាងខ្ញុំ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ចំពោះចំណាប់អារម្មណ៍របស់ខ្ញុំចំពោះមិត្តអ្នកអាន គឺសូមអគុណដែលបានជួយគាំទ្រនិងលើកទឹកចិត្តនាងខ្ញុំ ដើម្បីជាកម្លាំងចិត្តអោយខ្ញុំអាចបង្ហាញស្នាដៃនាងខ្ញុំដល់មិត្តអ្នកអានបន្តទៀត។

ចុចអានរឿងចាំអូននៅចុងផ្លូវ