វគ្គ៖ សុបិន

រាត្រី១៣ រោច
ជំនោរខ្យល់ត្រជាក់ៗ បក់ឆ្លងកាត់បង្អួច កញ្ចក់ ចូលទៅក្នុងអាគារអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រីនៃសាកលវិទ្យាល័យមួយ ត្រជាក់ដល់ឆ្អឹងខ្នង បើសិនជានៅខាងក្នុងបន្ទប់នៃអគារវិញសីតុណ្ហភាពក្តៅខ្លាំង ស្ទើរតែទ្រាំពុំបាន បើទោះបីជាមានកង្ហាររៀងខ្លួនក៏ដោយ។
វិមាន ជានិស្សិតស្រីឆ្នាំទី២ ឯកទេសគីមីវិទ្យា ក្នុងរាត្រីនេះអាកាសធាតុខាងក្នុងបន្ទប់ក្តៅខ្លាំងជាពន់ពេក ពីព្រោះអគារទាំងស្រុងសាងសង់ឡើងដើម្បីរក្សាកម្តៅ។ ដៃស្រឡូនបន្លាក្រូច លូកដៃបើកទ្វារកញ្ចក់សន្សឹមៗ កុំឱ្យរំខានមិត្តរួមបន្ទប់ ដប់ប្រាំមួយអ្នកទៀត។
” នៅខាងក្រៅបន្ទប់ ខ្យល់ត្រជាក់ដល់ហើយ “
វិមាននិយាយតិចៗ តែម្នាក់ឯង។ វិមាន បើកភ្លើងទូរសព្ទ ដើម្បីបង្ហើយកិច្ចការត្រៀមធ្វើបទបង្ហាញនៅថ្ងៃស្អែក។
ម៉ោង ១១:៣០ នាទី…
” ហាសហា….! ហឹកហឹក…!”
វិមានជ្រួញចិញ្ចើម ហើយចាប់ផ្ដើមគិតៈ
” អ្នកណាគេសើច ផង យំផងថ្មើរនេះ?”
សំឡេងទឹកហូរបន្លឺឡើងជាបន្តបន្ទាប់ ស្រីតូចវិមាននិយាយម្នាក់ឯងៈ
” ជាន់ទី៤ ហើយនៅឆ្ងាយបន្ទប់ទឹកទៀត ប៉ុន្តែហេតុអ្វីបានជាឮសំឡេងទឹកហូរអ៊ីចឹង?”
កែវភ្នែកមូលក្រឡង់ ដ៏ស្រស់ស្អាតរបស់វិមាន ចាប់ផ្ដើមក្រឡេកមើលទៅជាន់ផ្ទាល់ដី ដើម្បីរកប្រភពសំឡេង ។ ក្រោមពន្លឺព្រះចន្ទដ៏ស្រទន់ក្នុងរាត្រី១៣ រោច ផ្ទៃមេឃហាក់មានពន្លឺស្រស់ស្អាតជាខ្លាំង។ ខណៈពេលនោះសំឡេងទូរសព្ទក៏បន្លឺឡើង ។ វិមាន លើកដៃចាប់ទូរសព្ទ និងវាចាយ៉ាងស្រទន់:
” ហាឡូ ឯង! “
ភាគីម្ខាងទៀតបន្លឺសំឡេង ឆ្លើយតប:
” ថ្មើរនេះហើយ មិនទាន់គេងទៀតឬអាវិមាន? “
” គ្នាទើបតែបញ្ចប់របាយការណ៍ហើយ បន្តិចទៀតចូលគេងហើយ។ ណាមួយគេងពុំលក់សោះ អាកាសធាតុក្នុងបន្ទប់ហាក់ក្តៅខ្លាំងណាស់។ “
សំឡេងម្ខាងទៀតបន្លឺឡើងយ៉ាងខ្សោយ:
” ប៉ុណ្ណឹងបានហើយគ្នាមិនចង់រំខានឯងទេ! “
វិមាន ដឹងថា រីណា ប្រាកដជាមានការណ៍សំខាន់ចង់ពិភាក្សាជាមួយហើយបានក្លាយខលមកទាំងពាក់កណ្ដាលអធ្រាត្រយ៉ាងដូច្នេះ។
” មានអ្វីក៏ឆាប់និយាយមកឯង! “
” វិមាន! គ្នាសុំពិភាក្សាបន្តិចបានអត់?”
វិមាន វាចាយ៉ាងស្រទន់:
” មានបញ្ហាអ្វីក៏និយាយមកណា គ្នារង់ចាំស្តាប់ និងនៅក្បែរឯងជានិច្ច។ “
” ខ្ញុំមានអារម្មណ៍ថាមិត្តភក្តិក្នុងថ្នាក់គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំសោះ ឬមកពីខ្ញុំរៀនមិនពូកែ? “
វិមាន ដកដង្ហើមធំៈ
” ហឹម រីណា! មិនមែនចឹងទេចួនកាល មកពីការទំនាក់ទំនងរបស់យើងជាមួយពួកគេ”
រីណា ចាប់ផ្ដើមប្រែប្រួលសំឡេងទៅជាដង្ហក់:
” គ្នាសុខភាពមិនល្អដូចអ្នកដទៃឬ បានជាគ្មានអ្នកណាស្រឡាញ់គ្មានអ្នកណាចង់រាប់អាន? “
វាមិនមែនជាលើកទីមួយទេដែររីណាខូចចិត្តរឿងនេះ វិមានតែងតែលើកហេតុផលផ្សេងៗ ដើម្បីឱ្យរីណាបានពិចារណា។
” កុំយំអីណ៎ា! កុំគិតច្រើន ឯងធំហើយ អាយុបងទាំងខ្ញុំទៀត រឿងហ្នឹងដដែល សូមកុំចាំបាច់ទាមទារក្តីស្រឡាញ់ពីនរណាម្នាក់ឱ្យសោះ គ្មានអ្នកណាម្នាក់ស្រឡាញ់យើងជាងយើងខ្លួនឯងនោះទេ។”
រីណា លើកដៃ ដ៏សែនស្គមជូតទឹកភ្នែកបណ្តើរហើយឆ្លើយតបបណ្តើរ:
” អូខេ វិមាន! ហេតុអ្វីបានជាយើងចាំបាច់រស់នៅក្នុងសម្ដីអ្នកដទៃ? គ្នាមិនយល់ពីខ្លួនឯងសោះ “
” ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទៀតណាឯង! មនុស្សម្នាក់ៗ មានគុណតម្លៃរៀងៗខ្លួន។ “
រីណា ដកដង្ហើមឮ ” ខូស…! “
” គ្នាបានស្រឡាញ់សិស្សច្បង សារភាពហើយ គាត់ថាគ្នាអន់គ្រប់យ៉ាងទាំងសម្រស់ ការសិក្សា ហឹកហឹក… គ្នាចង់តែស្លាប់ឱ្យបាត់ទេ។ ប៉ាម៉ាក់គ្នាវិញបង្ខំឱ្យគ្នារៀបការជាមួយបងប្អូនជីដូនមួយ នៅឯភ្នំពេញ ទាំងដែលពួកយើងមិនធ្លាប់ស្គាល់គ្នាសោះ! “
” រីណា គិតឱ្យវែងឆ្ងាយ តែកុំគិតច្រើនពេក! រឿងដែលត្រូវកើតឡើងវាគង់តែកើតឡើង ទុកឱ្យពេលវេលាជាអ្នកដោះស្រាយចុះ។ ចូរត្រលប់មកស្រឡាញ់ខ្លួនឯងឱ្យច្រើនៗ។ “
” ខួរក្បាលគ្នាធ្ងន់ណាស់ឯង បើគ្នាស្លាប់ថ្ងៃស្អែក តើពួកគាត់នឹងគិតយ៉ាងណា?”
វិមានដកដង្ហើមចូល ស្រូបខ្យល់យ៉ាងវែងៈ
” រីណា សេចក្តីស្លាប់មិនមែនជាទីបញ្ចប់នៃគ្រប់យ៉ាងទេ! ត្រលប់មកគិតលើការសិក្សាវិញ យើងព្យាយាមទោះរៀនមិនពូកែប៉ុន្តែយើងអាចបញ្ចប់ថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ បុរសល្អៗ គង់តែចូលមកជីវិតយើងតាមក្រោយ។ ប៉ាម៉ាកគាត់ចង់ឱ្យឯងរៀនចប់ខ្លាំងណាស់ ដូច្នេះហេតុផលដែរឯងអាចគេចផុតពីសំណាញ់អាពាហ៍ពិពាហ៍បានគឺ សិក្សាបន្ត។ “
” គ្នាអរគុណច្រើនហើយ វិមាន។ “
សំឡេងឆ្លើយឆ្លងតាមរលកធាតុអាកាស របស់មិត្តភក្តិទាំងពីរ ជាហូរហែរ ក្រោមជំនោរខ្យល់ដ៏សែនត្រជាក់។ ដ្បិតថាទីនេះជាក្រុងបាត់ដំបង ប៉ុន្តែម៉ោង ១២:០៥ នាទីយប់មានភាពស្ងប់ស្ងាត់មែនទែន សំឡេងឆ្កែលូឮគ្រលួច គួរឱ្យព្រឺឆ្អឹងខ្នង។
” ឈូ! ឈូ…! “
សំឡេងទឹកហូរទៀតហើយ វិមានក្រឡេកមើលទៅបន្ទប់លេខ១៤ នៅខាងក្រោម ជាន់ទីមួយ ដោយសេចក្តីងឿងឆ្ងល់។
” រីណា ប៉ុណ្ណឹងសិនហើយណា! គ្នាងងុយគេងហើយ “
” Okay! Good night ណ៎ាឯង!”
បន្ទាប់ពីរលកខ្សែសំឡេងរវាងអ្នកទាំងពីរត្រូវបានកាត់ផ្ដាច់ ដោយម្រាមដៃបន្លាក្រូចហើយ វិមានរឹតតែចង់ដឹងថានេះជាសំឡេងអ្វី ព្រោះអន្តេវាសិក នាងស្នាក់នៅពុំមានផ្ទះអ្នកជិតខាងជុំវិញទេ។
” ហេតុអ្វីឮសំឡេងទឹកហូរមិនឈប់សោះអ៊ីចឹង? នេះមិនមែនជាបន្ទប់ទឹក ហើយក៏គ្មានទុយោទឹកទៀត “
រោមដៃ ចាប់ផ្ដើមព្រឺសម្បុរ សក់ទន់រលោងចាប់ផ្ដើមបះឡើងលើ ឆ្អឹងខ្នងចាប់ផ្តើមព្រឺខ្ញាកៗ សំឡេងឆ្កែលូបន្លឺឡើងកាន់តែខ្លាំងឡើងៗ កណ្ដាលក្រុងបាត់ដំបង។
រាងកាយតូចច្រឡឹង កែវភ្នែកមូលក្រឡង់ដ៏ស្រស់ស្អាតចាប់ផ្តើមសម្លឹងមើលបរិយាកាសជុំវិញខ្លួន ហាក់ដូចជាមាននរណាម្នាក់កំពុងដើរទៅមក នៅជាន់ផ្ទាល់ដីនៃអគារ។ ស្រីតូច វិមាន ប្រញាប់រត់ចូលបន្ទប់វិញដោយអារម្មណ៍ភ័យខ្លាចជាខ្លាំង។
” ស្រីនាង! ស្រីនាង!”
ម្ចាស់ឈ្មោះ ងើបឡើងទាំងតក់ស្លុត:
” មានការអីវិមាន?”
ស្រីតូចវិមាន លើកម្រាមដៃបន្លាក្រូចដ៏ត្រជាក់ស្រឹបចាប់ដៃស្រីនាង ព្រមទាំងវាចា:
” ឯងមានឮសំឡេងអ្វីទេ?”
ស្រីនាង ជាមិត្តរួមថ្នាក់វិមាន ឆ្លើយតប:
” យើងឮតែសំឡេងទ្វារកញ្ចក់ហ្នឹង! “
” សំឡេងយើងបិទទ្វារទេ! ក្រៅពីសំឡេងកញ្ចក់មានឮសំឡេងអ្វីទៀតទេ? “
” គ្នាមិនបានឮទេ វិមាន! មានអីប្រាប់គ្នាផង។ “
” គ្នាខ្លាចណាស់ឯង! សំឡេងទឹកហូរមិនឈប់សោះ យើងមានអារម្មណ៍ថាដូចមាននរណាម្នាក់កំពុងសម្លឹងមករកយើង ហើយមានស្រមោលខ្មៅ ដើរទៅមកនៅជាន់ផ្ទាល់ដីទៀត។ “
ស្រីនាង ដាក់ដៃលើស្មាវិមានៈ
” មិនអីទេ មកពីគេទៅផ្ទះអស់ ប្រហែលជាមានចោរចូលទេដឹង! ឆាប់ចូលគេងទៅកុំគិតច្រើន។”
ថ្ងៃថ្មីឈានចូលមកដល់ ពន្លឺព្រះអាទិត្យជះពីទិសបូព៌ ក្រហមឆ្អិនឆ្អៅ ស្រស់ស្អាតជាខ្លាំង។ ប្រធានបន្ទប់ កោះហៅសមាជិកទាំងអស់មកប្រជុំគ្នា:
” អ្នកទាំងអស់គ្នា យប់មិញអ្នកណាប៉ះទ្វារ? “
វិមាន ក្មេងស្រីដ៏ស្រស់ស្អាតដូចតួកូរ៉េ ពោរពេញដោយទំនូលខុសត្រូវ បានឆ្លើយតប ទៅប្រធានបន្ទប់:
” ច៎ាសបង កាលពីយប់មិញខ្ញុំជាអ្នកបិទទ្វារ! “
” បិទទ្វារខ្លាំងៗចឹង មានដឹងថារំខានដល់សមាជិកដទៃទៀតទេ? “
” សុំទោសផងបង! យប់មិញខ្ញុំខ្លាចពេកទើបចូលបន្ទប់ទាំង អារម្មណ៍ពុំនៅក្នុងខ្លួន”
ស្រីតូចម្នាក់ទៀត បានលើកឡើងពីបញ្ហាកាលពីយប់មិញ:
” បងប្រធាន យប់មិញក្តៅខ្លាំងណាស់! ហើយខ្ញុំមានអារម្មណ៍ដូចមានមនុស្សសម្លឹងមើលមកខ្ញុំរហូត។ “
ស្រីនាង ក៏លើកឡើងផងដែរ:
” ខ្ញុំដូចឃើញមនុស្សឈរនៅមុខកញ្ចក់បង្អួចរបស់យើងអ៊ីចឹង ចង់ដេកក៏ដេកពុំលក់! “
សុធា ជាយុវតីដែរមានអាយុបងវិមាន បានឆ្លើយកាត់ប្រសាសន៍អ្នកទាំងអស់គ្នា:
” អាចទេ នៅទីនេះមានខ្មោច?”
ស្រីម៉ៃ បន្ទរ:
” ឬមួយមានវិញ្ញាណតៃហោងដូចក្នុងរឿង? ណាមួយខ្ញុំតែងតែឃើញបន្ទប់លេខ៤ សែនសំណែនរៀងរាល់ថ្ងៃសីល!”
ប្រធានបន្ទប់លើកឡើង:
” ប៉ុណ្ណឹងសិនហើយ កុំគិតច្រើនពេក! ថ្ងៃក្រោយកុំនៅយប់ជ្រៅទៀតវិមាន!”
វិមាន ឆ្លើយតបដោយការគោរព:
” ច៎ាសបង!”
ប្រធាន និយាយបន្ត:
” អស់ធុរ:ហើយ តុះ! យើងបំបែកគ្នាទៅធ្វើកិច្ចការរៀងៗខ្លួនវិញ។ “
សុបិនចម្លែក…
កាលដែលនាងចូលមកស្នាក់ក្នុងបន្ទប់នេះដោយពុំដឹងឡើយថា ម្ចាស់បន្ទប់បានដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯង ហើយនេះក៏ជាថ្ងៃទី៧បន្ទាប់ពីនាងបានចាកចេញទៅ។
អ្នកជិតខាងបានប្រាប់ថា ម្ចាស់បន្ទប់ម្នាក់ឈ្មោះថារី ម្នាក់ទៀតឈ្មោះធានី គេគ្រាន់តែប្រាប់ប៉ុណ្ណឹងស្រាប់តែធ្វើឱ្យវិមានលង់លក់ទៅក្នុងហេតុការណ៍មួយ…
ខ្យល់បក់ចូលតាមបង្អួចពីទិសនិរតី បក់ផាត់វាំងននពណ៌ស សំឡេងសត្វចាបយំចេចចាច ស្រីតូចលើកម្រាមដៃស្រឡូនដូចបន្លាក្រូច ញីភ្នែកទាំងសងខាង កម្រើកខ្លួនបម្រុងនឹងក្រោកប៉ុន្តែបែរជាឈឺបរិវេណ រាងកាយសែនចុកចាប់ កម្រើកស្ទើរតែពុំរួច រាងកាយទាំងមូលទទេស្អាត មានត្រឹមតែភួយមួយប៉ុណ្ណោះ មាណវីតក់ស្លុតជាខ្លាំង។
” ពុទ្ធោ! អ្នកណាធ្វើបាបខ្ញុំ…? “
មាណវី លើកដៃក្តោបត្រចៀកស្រែកខ្លាំងៗ
” មិនពិតទេៗ! ហេតុអ្វីជីវិតខ្ញុំក្លាយជាបែបនេះ? ទេវតាធ្វើបាបខ្ញុំណាស់។ ហឹក…! ហឹក…! “
រាងតូចច្រឡឹង សម្លឹងមើលឈាមប្រឡាក់លើផ្ទៃពូកពណ៌ស ទាំងទឹកភ្នែករលីងរលោង ដៃឈោងសម្លៀកបំពាក់មកស្លៀក ដោយអារម្មណ៍ឈឺចាប់ឥតឧបមា។ បន្ទាប់ពីជិះ pass app មកដល់មកអន្តេរវាសិកដ្ឋាន មាណវីបានដឹងរួចជាស្រេចហើយថានឹងមានរឿងអ្វីកើតឡើងនៅពេលបន្តិចទៀតនេះ។
” ថារី ទើបមកពីណា? ” ប្រធានបន្ទប់សួរដោយទឹកមុខស្មើធេង។
ថារី ឱនមុខជ្រប់ ដោយដឹងកំហុស:
” យប់មិញខ្ញុំមិនស្រួលខ្លួនក៏សន្លប់ ពេលខ្ញុំដឹងខ្លួនម្តងទៀតនៅសណ្ឋាគារ ប៉ុន្តែគ្មានរឿងអ្វីកើតឡើងចំពោះខ្ញុំទេ “
” រៀបចំអីវ៉ាន់ឱ្យហើយទៅ ថ្ងៃស្អែកឯងត្រូវបណ្តេញចេញពីទីនេះហើយ! “
និយាយចប់ប្រធានបន្ទប់ និងប្រធានអន្តេរវាសិកដ្ឋានដើរចេញទៅដោយមិនងាកក្រោយឡើយ។
រាងតូចច្រឡឹង ចង់យំប៉ុន្តែអស់ទឹកភ្នែកស្ទើរតែគ្មានកម្លាំងយំបន្តទៀត ជើងស្រឡូនបោះជំហានមួយៗ ឡើងជណ្ដើរម្តងមួយកាំទាំងឈឺពឺតផ្សាទាំងផ្នែករាងកាយ និងផ្លូវចិត្ត។
កំពុងរៀបចំអីវ៉ាន់ ដាក់វ៉ាលី សារលោតក្នុង telegram បង្ហាញថាអាហារូបករណ៍ទៅក្រៅប្រទេសរបស់ថារី នឹងផុតកំណត់នៅថ្ងៃស្អែក បើសិនថារីមិនមកចួបក្រុមការងារនៅភ្នំពេញ។ គ្រប់យ៉ាងកើតឡើងផ្ទួនៗ ក្នុងពេលតែមួយ ថារី ស្ទើរតែក្លាយជាមនុស្សឆ្កួតទៅហើយ។ រាងតូចទម្រេតខ្លួនដេកលើគ្រែជាន់ក្រោម ដោយយកភួយគ្របមុខយំអស់មួយទំហឹងពុំឱ្យឮសំឡេងមកក្រៅឡើយ។
” ថ្ងៃស្អែកជាថ្ងៃចូលរៀន វាគួរជាថ្ងៃដ៏ស្រស់ស្អាតបំផុតរបស់ខ្ញុំ ប៉ុន្តែពិភពលោកប្រែក្លាយជាកខ្វក់ គួរឱ្យស្អប់ខ្ពើមបំផុតទៅវិញ។ “
ក្រោមពន្លឺព្រះចន្ទថ្ងៃ១ កើត ស្រីតូចឡើងទៅលើដំបូលអាគារ ឈរលើចំណុចបន្ទប់លេខ១៤ ហើយរម្លឹកដល់រឿងហេតុគ្រប់យ៉ាង។
” សូមឱ្យស្នេហារវាងខ្ញុំនឹងធានី ត្រូវបានកត់ចំណាំនៅទីនេះ ខ្ញុំនឹងមិនដោះលែងអ្នកដែលបំផ្លាញជីវិតនិងអនាគតខ្ញុំជាដាច់ខាត! ” និយាយចប់រាងតូចច្រឡឹងសម្រូតខ្លួនចុះបន្តិចម្ដងៗ កែវភ្នែកទាំងគូរបិទជិតឈឹង រាងកាយទាំងមូល ស្ថិតនៅក្នុងលម្ហរអាកាស ធ្លាក់រហូតប៉ះឥដ្ឋ បង្កើតបានជាទឹកពណ៌ក្រហមហូរក្លាយជាថ្លុក។
” អត់ទេ…………! “
វិមានក្រោកដង្ហក់ទាំងបែកញើសជោកថ្ងាស នាងស្រែកសឹងតែផ្អើលមនុស្សមួយអាគារ ហើយបើកភ្នែកធំស្រក់ញើសម៉ាត់ៗតាមជើងសក់។ រូបភាពថារីបានលោតសម្លាប់ខ្លួនពីលើអាគារពិតជាធ្វើឱ្យនាងភ័យខ្លាចយ៉ាងខ្លាំង។ ស្រីនាងបានក្រោកមកទាំងតក់ស្លុតរត់មកចាប់អង្រួននាងសួរនាំ៖
” កើតអីវិមាន?”
” ខ្ញុំយល់សប្តិ! ខ្ញុំយល់សប្តិចម្លែកណាស់! ឯងដឹងទេ? មានមនុស្សស្រីម្នាក់បានលោតសម្លាប់ខ្លួនពីលើអាគារ! ឈាម! ឈាមស្រោចពេញខ្លួនទាំងអស់! “
ពេលនោះស្រាប់តែមានខ្យល់ត្រជាក់បក់ផាត់ ធ្វើឱ្យស្រីនាងប្រឹងសម្លឹងមើលជុំវិញខ្លួនទាំងអារម្មណ៍ភ័យខ្លាច៖
” វិមានអ្ហា! គេងវិញទៅ វាគ្រាន់តែជាយល់សប្តិទេណា! “
វិមានងក់ក្បាលទាំងដំណក់ញើសនៅស្រក់មិនអស់ចិត្តនៅឡើយ នាងព្រមសម្រាកតាមពាក្យផ្តាំរបស់ស្រីនាង តែមិនអាចឱ្យចិត្តនាងស្ងប់ទៅជាមួយសុបិនដែលតែងប្រាប់នាងពីទំនាក់ទំនង អ្នកណាទៅ ថារី អ្នកណាទៅ ធានី?
នាងព្យាយាមយករឿងនេះទៅប្រាប់ប្រធានបន្ទប់ដើម្បីចង់ដឹងពីសុបិនចម្លែក តែគេបានត្រឹមប្រាប់នាងឱ្យខំធ្វើបុណ្យឧទ្ទិសកុសល។
នាងអង្គុយគិតម្នាក់ឯងពីការធ្វើអត្តឃាតរបស់ថារី។ វិមានលើកប៊ិកនិងសៀវភៅមករៀបរាប់ផ្តាំទៅវិញ្ញាណថារីបើនាងពិតជាមានបំណងមកពាក់ព័ន្ធនឹងវិមានមែន៖
ការស្លាប់មិនអាចដោះស្រាយគ្រប់យ៉ាងបានទេថារី! មិនថាព្រហ្មលិខិតកម្រិតឱ្យនាងត្រូវទទួលរងក្តីលំបាក ការឈឺចាប់ផ្លូវកាយ ផ្លូវចិត្តខ្លាំងកម្រិតណា អ្នកណាដែលចង់ឱ្យនាងចាញ់ អ្នកណាចង់ឃើញនាងដួល តែនាងខ្លួនឯងមិនអាចដួលបានឡើយ។ មនុស្សអាចចាញ់វាសនា តែមិនអាចចាញ់ខ្លួនឯងឡើយ នាងសម្លាប់ខ្លួន បានត្រឹមបន្សល់វិប្បដិសារី ការឈឺចាប់ដល់អ្នកមានគុណដែលខំបីបាច់ចិញ្ចឹម បងប្អូនមិត្តភក្តិដែលស្រលាញ់នាងប៉ុណ្ណោះ។ នាងស្អប់ខ្ពើមជីវិតខ្លួនឯង តើប៉ុន្មានជាតិ? ប៉ុន្មានជាតិដែលនាងនឹងរំដោះខ្លួនពីកម្មនេះ? នាងស្លាប់បាត់ គេវិលវិញទេ? នាងស្លាប់បាត់ តើគ្រប់យ៉ាងវិលមកដូចដើមទេ?
ស្អែកថ្មី…
នាងតូចវិមាន អង្គុយអានសៀវភៅដោយប្រើភ្លើងទៀនបំភ្លឺនៅខាងក្រៅបន្ទប់នៃអន្តេវាសិកដ្ឋានសម្រាប់នារី កំពុងតែអានសំឡេងឆ្កែលូឮជាខ្លាំងឡើង ច្រវាក់ខ្នោះឃ្នាងអូសកាត់នៅផ្នែកខាងក្រោយនៃអគារ វិមានបើកភ្លើងបន្ទប់ទឹក ប្រទះឃើញឈាមជាច្រើនហូរពាសពេញបន្ទប់ទឹក។ ស្រីតូចប្រញាប់រត់ចេញពីបន្ទប់ទឹកយ៉ាងលឿន ក៏ប្រទះនឹងស្រមោលមនុស្សស្រីម្នាក់សក់វែងរាងកាយតូចស្តើង ដៃអូសច្រវ៉ាក់ជាប់ ក្រោមភ្នែកសុទ្ធតែឈាម ទឹកមុខសោកសៅគួរឱ្យខ្លាច ។
វិមានលើកដៃ ប្រណម្យរម្លឹកគុណឪពុកម្តាយ បួងសួងដើម្បីឱ្យគេចផុតពីគ្រោះមួយនេះ :
” សូមបុណ្យដែលវិមាន ធ្វើទាំងប៉ុន្មានបានដល់វិញ្ញាណមួយនេះផង! “
សំឡេងយំឮខ្លាំងៗ ចេញពីបន្ទប់លេខ១៤ វិមានព្រឺឆ្អឹងខ្នងខ្ញាកៗ ស្រាប់តែទឹកត្រជាក់ស្រក់ចំដៃវិមាន។ កែវភ្នែកថ្លាសម្លឹងមើល តំណក់ទឹកឃើញអណ្តាតដ៏វែង ភ្នែកធំៗ សក់ធំវែងដៃជាប់ច្រវ៉ាក់:
” ជួយខ្ញុំផង… ខ្ញុំឃ្លាន… ខ្ញុំទទួលរងទារុណកម្មខ្លាំងណាស់… ខ្ញុំឈឺចាប់ណាស់…. ហឹកៗ!”
” ខ្ញុំខ្លាចហើយ! ខ្ញុំឈប់ហើយ! ខ្ញុំចង់ត្រលប់វិញ ប៉ា…ម៉ាក់…ជួយខ្ញុំផង…”

សំឡេងល្វើយៗ វិមានខ្លាចជាខ្លាំង នាងតូចព្យាយាមរត់យ៉ាងណាក៏មិនផុតពីបន្ទប់លេខ១៤ ដែរ។ កំពុងតែរត់ទៅមកៗ ចុះឡើង មានរាងកាយមាំមួយ មកចាប់ក៏ដៃតូចរត់ចេញទៅខាងក្រៅអគារ រាងខ្ពស់សង្ហារឱបរាងកាយតូចជាប់នឹងទ្រូង។ ពួកគេបានគេចផុតពីវិញ្ញាណដ៏កាចសាហាវរបស់ថារី រាងកាយមាំ ដឹកដៃវិមានចូលទៅក្នុងថ្នាក់រៀនមួយក្នុងស្រុកកំណើតវិមាននៅខេត្តសៀមរាប ហើយហុចសៀវភៅមួយក្បាលដល់វិមាន:
” បងឱ្យសៀវភៅអូន! កុំខ្លាចវិញ្ញាណណា បងនឹងតាមការពារអូនជានិច្ច! ខិតខំរៀនសូត្រ បំពេញតួនាទីឱ្យល្អបំផុត ចប់ភារកិច្ចពេលណា យើងនឹងចួបគ្នាម្តងទៀត នៅទីនេះ ក្នុងថ្នាក់នេះ! “
វិមាន យំដោយភាពភ័យខ្លាច ក្នុងការបាត់បង់បុរសដែលដើមទ្រូងពោរពេញដោយភាពកក់ក្តៅយ៉ាងចម្លែក។
” បងឱ្យខ្ញុំចាំយូរប៉ុនណា? កុំចាកចេញបានទេ! ខ្ញុំពិតជាខ្លាចណាស់ “
រាងកាយមាំ ដើរបែរក្រោយដោយសំឡេងខ្សោយទៅ:
” ៣ ឆ្នាំទៀតចួបគ្នា! “
” ឈប់សិនៗ! កុំទាន់ទៅ កុំទៅបានទេ! “
រាងកាយខ្ពស់មាំ សង្ហារ បានរលាយបាត់ទៅ នៅសល់តែសំឡេងដង្ហោយហៅរបស់វិមាន។ ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចកញ្ចក់ទម្លុះចូលទៅក្នុងបន្ទប់នៃអាគារ រាងតូចស្រែកយំដង្ហោយហៅ បុរសមិនស្គាល់មុខ មិនស្គាល់ឈ្មោះរហូតទាល់តែភ្ញាក់។
រីណា អង្គុយនៅចុងជើងគ្រែវិមាន ចាប់ដៃវិមានជាប់:
” អាវិមាន ដឹងខ្លួនហើយអ្នកទាំងអស់គ្នា!”
មិត្តភក្តិរួមបន្ទប់ នាំគ្នារត់មកមើលជុំវិញគ្រែ។ វិមាន បើកភ្នែកមើលបរិយាកាសជុំវិញខ្លួន ទាំងល្ហិតល្ហៃគ្មានកម្លាំងសូម្បីតែនិកាយ:
” ខ្ញុំកំពុងនៅទីណា? “
” ឯងកំពុងនៅក្នុងបន្ទប់ គ្រប់គ្នាភ័យណាស់ឯងគេងលក់ អស់រយៈពេលមួយយប់ មួយថ្ងៃហើយ!”
រីណាគ្រវីក្បាល ជាប់
” ខ្ញុំបានឃើញខ្មោច ឃើញឈាមក្នុងបន្ទប់ទឹក ខ្មោចឈ្មោះថារីតាមខ្ញុំរហូត! ប៉ុន្តែខ្ញុំបានចួបស្នេហាពិតហើយ ខ្ញុំចួបគេមួយភ្លែតប៉ុន្តែក្នុងបេះដូងខ្ញុំកើតអារម្មណ៍គ្រប់យ៉ាងក្នុងពេលតែមួយ។ “
រីណា យកដៃអង្អែលខ្នងដៃមិត្តដើម្បីជាកម្លាំងចិត្ត:
” កុំនិយាយច្រើនពេកណាឯង! ឯងនៅចាំមុខគេទេ? “
” អត់ទេ ប៉ុន្តែគ្នាចាំបាតដៃរបស់គេយ៉ាងច្បាស់ គេប្រាប់ថា៣ ឆ្នាំក្រោយចួបគ្នា! “
ពេលនោះប្រធានបន្ទប់បានដើរមកដល់ គ្រប់គ្នាចោមរោមសួរគេជាលើកទីពីរ៖
” បង! តើការពិតមានអ្វីកើតឡើងឱ្យប្រាកដទៅ? ហេតុអីវិមានតែងយល់សប្តិចម្លែក ឃើញខ្មោចស្រីម្នាក់ឈ្មោះថារី បែបនេះ? “
ប្រធានបន្ទប់ដកដង្ហើមធំ ហើយនិទានស្នេហ៍អតីតក៏ត្រូវបានរម្លឹក…
មានភាគបន្ត វគ្គសំណោកស្នេហ៍…