១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
សួស្ដីអ្នកអានជាទីស្រឡាញ់! នាងខ្ញុំឈ្មោះ ទឹម ផល្លីនដា នាមប៉ាកកា វិនិទ្រា អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃទីក្រុងភ្នំពេញ។ ស្នាដៃទី១ដែលខ្ញុំបានដាក់នៅលើMST Writer គឺរឿងសមនាបណ្ដូលចិត្ត។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងមកដាក់ក្នុង MST Writer ព្រោះខ្ញុំចង់ចែករំលែកការស្រមើស្រមៃដ៏ច្រើនលើសលប់របស់ខ្ញុំជូនទៅគ្រប់គ្នានិងជាពិសេសដើម្បីដាក់ស្នាដៃអោយគ្រប់គ្នាស្គាល់និងវាយតម្លៃថា តើការសរសេរពីអ្នកនិពន្ធទើបលូតថ្មីដូចជាខ្ញុំអាចទទួលយកបានកម្រិតណាឬមានការឆ្គាំឆ្គងច្រើនឬទេ? ចំណែកឯកម្លាំងបណ្ដាលចិត្តវិញគឺមិនមានច្រើនទេ តែខ្ញុំគ្រាន់តែប្រាប់ខ្លួនឯងថា “ធ្វើទៅទាន់មានឪកាសបើមិនចង់ស្ដាយក្រោយ”។ ហើយរឿងសមនាបណ្ដូលចិត្តនេះដែល គឺនិយាយអំពីអភិនីហារមួយដែលកើតឡើងរវាងកម្លោះនាសម័យទំនើបដែលមានភក្ដីស្នេហ៍ដ៏ធំធេងជូនទៅនារីម្នាក់រហូតកម្លាំងនៃតន្ត្រីបានអូសទាញរូបកាយអ្នកកម្លោះចូលទៅដល់សម័យកាលមួយដ៏រុងរឿងរបស់លោកឪពុកនាឆ្នាំ១៩៦០។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំស្រឡាញ់ជាងគេនៅក្នុងសាច់រឿងគឺ វេលាដែលតួអង្គបានឆ្លងចូលទៅសម័យមួយផ្សេងទៀត បន្ទាប់មកបានពណ៌នាពីទិដ្ឋភាព និងក្រុមតន្ត្រីមួយកន្លែងព្រមនិងការសន្ទនាដោយភាពកំប្លែងធ្វើអោយខ្ញុំមានអារម្មណ៍ដូចជាបានទៅទស្សនាហេតុការណ៍នោះអ៊ីចឹង។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
បំណងរបស់ខ្ញុំក្នុងការដាក់រឿងចេញផ្សាយ គឺចង់ដឹងចំនួនអ្នកអានស្នាដៃរបស់ខ្ញុំនិងកាន់តែមានអ្នកអានច្រើនជាងនេះ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
សម្រាប់អារម្មណ៍របស់ខ្ញុំចំពោះអាន គឺវិនិទ្រាសូមអរគុណដល់អានគ្រប់គ្នាដែលបានចូលអានសាច់រឿងរបស់ខ្ញុំទោះបីជាវាមិនទាន់មានការរីកចំរើនអ្វីខ្លាំងក៏ដោយចុះក៏អ្នកគ្រប់គ្នាព្យាយាមយល់ពីវា ឱ្យតម្លៃវា រហូតធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មានអ្នកអានពិតប្រាកដតែម្នាក់ក៏ជាក្ដីសុខរបស់អ្នកសរសេរទៅហើយ! សូមយល់ពីការសរសេរវាមិនមែនជារឿងស្រួលឡើយ! សង្ឃឹមថាអ្នកអានគ្រប់គ្នាបន្តគាំទ្រមិនថាសំណេររបស់ខ្ញុំឬរបស់អ្នកនិពន្ធដទៃទៀតឡើយ ហើយក៏សូមអរគុណចំពោះអ្នកដែលមិនបានអានដូចគ្នា ព្រោះដោយសារការអូសរំលងរបស់អ្នកទើបខ្ញុំអាចបញ្ចប់សាច់រឿងគ្រប់ប្រភេទបានបរិបូរណ៍បែបនេះ។