១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
ជម្រាបសួរ! នាងខ្ញុំឈ្មោះហោ សុជាតា ដែលមាននាមប៉ាកកាចាស្មីន អាយុ២១ឆ្នាំ សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ ស្នាដៃដែលខ្ញុំបានចេញផ្សាយនៅ MST Writer មានចំណងជើងថា កញ្ចក់ខ្មោច។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលនាងខ្ញុំសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ ព្រោះដោយសារពេលកន្លងមករឿងដែលខ្ញុំសរសេរគឺបានមើលត្រួតពិនិត្យតែខ្លួនឯងមិនមានអ្នកប្រឹក្សាយោបល់ ថាសាច់រឿងរបស់ខ្ញុំសរសេរមានចំណុចខ្វះខាត កំហុសឆ្គងត្រង់ណាខ្លះទេ។ នៅពេលមានកម្មវិធី MST Writerរដូវកាលទី១នេះ វាជាឱកាសដ៏ល្អមួយសម្រាប់រូបខ្ញុំបានដាក់បង្ហាញស្នាដៃនិពន្ធរបស់ខ្លួនជាសាធារណៈ ជាពិសេសខ្ញុំអាចជួបជាមួយអ្នកគ្រូ បងៗដែលពួកគាត់មានពិសោធន៍លើការតែងនិពន្ធនេះ ចែករំលែកគំនិតមតិយោបល់ពីគ្នាទៅវិញទៅមកបាន មិនតែប៉ុននោះអ្នកគ្រូ ឬក៏បងៗអាចជួយកែលម្អសាច់រឿងរបស់ខ្ញុំឲ្យកាន់តែល្អជាងមុនផងដែរ។ សាច់រឿងរបស់ខ្ញុំនិយាយអំពីកញ្ចក់បុរាណមួយដែលមានវិញ្ញាណខ្មោចសណ្ឋិតក្នុងនោះ ក្នុងគោលបំណងស្វែងរករាងកាយមនុស្សស្រីណាម្នាក់ដែលមានថ្ងៃខែឆ្នាំកំណើតដូចអ្វីដែលខ្មោចស្រីនោះចង់បានដើម្បីអាចសណ្ឋិតចូលរាងកាយស្រីម្នាក់នោះជួយអន្ទងព្រលឹងប្តីរបស់ខ្លួនដែលស្លាប់ទៅរយឆ្នាំហើយឲ្យរស់ឡើងវិញ មិនតែប៉ុននោះសាច់រឿងនេះគឺមានលាយឡំសម័យកាលបុរាណនិងបច្ចុប្បន្នដែលប្រទាក់ក្រឡាគ្នា មានទាំងភាពគុំគួន កំហឹងព្យាបាទ និងការរកវិធីដោះស្រាយគេចពីកំហឹងព្យាបាទនោះផងដែរ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំស្រលាញ់ជាងគេក្នុងរឿងនេះ គឺតួអង្គឌីតែម្តង ដែលគាត់ជាប្តីល្អម្នាក់ ព្រោះមិនថាមានទុក្ខលំបាកស្ទើរតែមិនរួចជីវិតយ៉ាងណាក៏គាត់មិនបោះបង់ប្រពន្ធចោលនិងនៅតែតស៊ូរកវិធីជួយប្រពន្ធគាត់ពីខ្មោចស្រីក្នុងកញ្ចក់មកវិញឲ្យបាន ដែលវាបញ្ជាក់ថាក្តីស្រលាញ់ដែលគាត់មានចំពោះភរិយាគឺមានទាំងកាយនិងវាចាចិត្ត ជាមនុស្សប្រុសល្អកម្ររកបានម្នាក់។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងធំពីររបស់ខ្ញុំក្នុងការដាក់ផ្សាយ គឺទី១ នាងខ្ញុំចង់ចែករំលែកស្នាដៃដល់មិត្តអ្នកអានកម្សាន្តដើម្បីទទួលមតិយោបល់ពីពួកគាត់ត្រលប់មកវិញ ដើម្បីធ្វើការកែលម្អបន្ថែម និងបើកឱកាសក៏ដូចជាជំរុញឲ្យខ្លួនឯងឲ្យកាន់តែអភិវឌ្ឍលើការសរសេររឿងឲ្យកាន់តែល្អតាមរយៈកម្មវិធីMST Writerនេះ។
ទី២ នាងខ្ញុំចង់ចែករំលែកនូវតម្លៃអប់រំដែលមានបង្កប់ក្នុងសាច់រឿងដល់មិត្តអ្នកអានទាំងអស់ផងដែរ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តអ្នកអានទាំងអស់ ដែលបានគាំទ្រនិងស្រលាញ់ស្នាដៃរឿងដែលនាងខ្ញុំសរសេរ។ នាងខ្ញុំនឹងទទួលយកនូវមតិយោបល់ទាំងឡាយពីសំណាក់មិត្តអ្នកអានទាំងអស់ ដើម្បីយកមកពង្រឹងកែលម្អស្នាដៃសរសេររបស់ខ្លួនឲ្យកាន់តែល្អជាងនេះបន្ថែមទៀត។