៥សំណួរជាមួយម្ចាស់រឿង«និស្ស័យស្នេហ៍ម្ចាស់ចម្ការ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរនាងខ្ញុំឈ្មោះឆុង ធឿន ដែលមាននាមប៉ាកកា ទំព័រមយូរ៉ា បានបញ្ចប់ការសិក្សានៅវិទ្យាល័យគាស់ក្រឡ ហើយសព្វថ្ងៃជាអាជីករ រស់នៅខេត្តបាត់ដំបង។ ក្តីស្រមៃរបស់នាងខ្ញុំចង់ក្លាយជាអ្នកនិពន្ធម្នាក់។ ចំពោះស្នាដៃរបស់នាងខ្ញុំ ដែលនឹងចេញផ្សាយនៅ MST Writer គឺជាសាច់រឿងថ្មីដែលបានផុសចេញពីការស្រមៃរបស់នាងខ្ញុំផ្ទាល់។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

ហេតុផលដែលនាងខ្ញុំសម្រេចចិត្តយករឿងមកដាក់ផ្សាយ ព្រោះដើម្បីអោយសាច់រឿងរបស់ខ្ញុំបានទៅដល់អ្នកអានពិតប្រាកដ។ កាលដែលខ្ញុំសម្រេចចិត្តបែបនេះ ក៏ព្រោះតែខ្ញុំគិតថា ក្នុងនាមជាមនុស្សម្នាក់ដែលមានក្តីស្រមៃពិតប្រាកដ ខ្ញុំមិនអាចធ្វើអ្វីមួយដដែលៗ ដោយគ្មានការផ្លាស់ប្តូរនោះទេ រឹងតែមិនអាចបណ្តោយឱ្យឱកាសដ៏ល្អមួយនេះរបូតពីដៃឡើយ។ សាច់រឿងរបស់ខ្ញុំនិយាយអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ម្តាយដែលមានចំពោះកូន និងភាពកតញ្ញូរបស់កូនដែលមានចំពោះគ្រួសារ ព្រមទាំងរំលេចនៅមនោសញ្ចេតនារវាងប្រុសស្រីដែលកើតចេញពីការស្រឡាញ់ដោយគ្មានលក្ខខណ្ឌ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំពេញចិត្តបំផុតក្នុងរឿង ត្រង់កន្លែងដែលបង្ហាញនូវទំហំនៃក្តីស្រឡាញ់និងការលះបង់របស់លោកស្រីវិផាត់ចំពោះគ្រួសារ  ការខិតខំរបស់លោកវីន  និងភាពអត់ធ្មត់របស់នីកា។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងរបស់នាងខ្ញុំក្នុងការដាក់ផ្សាយសាច់រឿងមួយនេះ ព្រោះចង់បង្ហាញអោយឃើញថាការគិតគឺពិតជាមានឥទ្ធិពលណាស់ ចំពោះការប្រព្រឹត្តរបស់មនុស្សម្នាក់ៗ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ក្នុងនាមជាអ្នកនិពន្ធម្នាក់ ខ្ញុំតែងតែចង់អោយស្នាដៃរបស់ខ្លួនបានចូលទៅដល់ក្រអៅបេះដូងរបស់អ្នកអាន និងជាផ្នែកមួយដែលអាចឱ្យអ្នកអានទាញយកគំនិតសំខាន់ណាមួយក្នុងសាច់រឿង មកកែសម្រួលស្ថានការណ៍ជាក់ស្តែងរបស់ខ្លួន។ ជាចុងក្រោយ នាងខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ការអាន សូមបន្តការអាន និងបន្តការអភិវឌ្ឍខ្លួន ដើម្បីឈានទៅដល់ចំណុចមួយដែលខ្លួនចង់បាន។

សូមអរគុណ!

ចុចអានរឿងនិស្ស័យស្នេហ៍ម្ចាស់ចម្ការ