៥សំណួរជាមួយម្ចាស់រឿង«សម្រែកពូជាតិ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ!
នាងខ្ញុំមានឈ្មោះ សម្បត្តិ តី (មិត្តភក្តិតែហៅខ្ញុំថាតី តី) អាយុ២៧ឆ្នាំ រស់នៅខេត្តសៀមរាប ស្រុកប្រាសាទបាគង។ សព្វថ្ងៃបន្តការសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្រ្តសៀមរាប និងបានធ្វើការឲ្យក្រុម Hare Krishna ខាងផ្នែកបកប្រែសៀវភៅ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

រឿងសម្រែកពូជាតិ ជាស្នាដៃលើកដំបូងបំផុតរបស់ខ្ញុំ។ កម្លាំងដែលបណ្តាលចិត្តឲ្យខ្ញុំសម្រេចជ្រើសរឿងនេះមកដាក់ផ្សាយមុនគេព្រោះខ្ញុំចង់បង្ហាញស្នាដៃដែលខ្ញុំកំពុងមាន និងចង់ទទួលបានមតិបន្ថែម ហើយមួយទៀតនោះទំនុកចិត្តទៅលើក្រុមការងារ MST writer។ រឿងនេះនិយាយអំពីជីវិតពិតនៃគ្រួសារមួយដែលមានជីវភាពលំបាកខ្លាំង។ ហើយពូជាតិជាបុគ្គលម្នាក់ដែលជាបុរសឬប្តីល្អម្នាក់ដែលស្រឡាញ់ក្រុមគ្រួសារនិងចេះជួយអ្នកដទៃ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ខ្ញុំចូលចិត្តជាងគេត្រង់ចំណុចតួអង្គប្តីប្រពន្ធរត់ដឹកដៃគ្នាចេញពីបឹងយាយចិត្តអាក្រក់។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

ខ្ញុំគ្រាន់តែចង់ឲ្យអ្នកដែលមានជីវភាពធូរធាចេះចែករំលែកកុំជាន់ពន្លិចគ្នាពេលគ្រាក្រ។ ចង់ឲ្យបុរសគ្រប់រូបចេះស្រឡាញ់ប្រពន្ធកូន កុំគ្រាន់តែបានខ្លួនបានប្រាណហើយបោះបង់គ្នាចោល ប្រៀបមិនបានស្មើសត្វ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ជាចុងក្រោយខ្ញុំអរគុណខ្លាំងណាស់ដែលបានអាននិងផ្តល់ជាមតិដើម្បីខ្ញុំកែប្រែឬកម្លាំងចិត្តដើម្បីសរសេររឿងបន្ថែមទៀត។
សូមអរគុណដល់ក្រុមបងៗ ឬអ្នកគ្រូលោកគ្រូ MST Writerដែលបានជួយបន្ថែមនិងធ្វើជាក្របដ៏ស្អាតសម្រាប់ពួកយើង។

ចុចអានរឿងសម្រែកពូជាតិ