៥សំណួរជាមួយម្ចាស់រឿង«សម្លសុភមង្គល»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ ខ្ញុំបាទឈ្មោះ ហាន សេងលី ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យកំពង់ធំ។  ស្នាដៃដំបូងបំផុតរបស់ខ្ញុំដែលចេញផ្សាយនៅ MST Writer គឺរឿង “សម្លសុភមង្គល”។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលឱ្យខ្ញុំសម្រេចចិត្តយករឿង”សម្លសុភមង្គល” នេះមកដាក់ផ្សាយគឺ ដើម្បីចង់លើកកម្ពស់ការអាននៅកម្ពុជាយើងឱ្យកាន់តែមានសម្ទុះកើនឡើង និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

បើនិយាយពីកម្លាំងទំនាញចិត្តដែលបណ្ដាលឱ្យខ្ញុំផ្សាយរឿងនេះគឺ ដើម្បីចង់ទទួលបានមតិកែលម្អនូវចំណុចខ្វះខាតពីសំណាក់សាធារណជនជាទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់ និងដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗសម្រាប់ជីវិតខ្លួនឯងក្នុងការស់នៅ និងដើម្បីវិវត្តខ្លួនឈានទៅមុខជាលំដាប់ ដើម្បីទទួលបាននូវចំណុចជារួមមួយនៃបំណងប្រាថ្នារបស់ខ្ញុំ។

ចំពោះរឿង”សម្លសុភមង្គល”នេះខ្ញុំចង់និយាយពីជីវិតគ្រួសារមួយដែលឪពុកម្ដាយមិនយល់និងមិនស្គាល់ពីតម្លៃគ្រួសារ។ ដូចខ្ញុំបាននិយាយនៅក្នុងរឿងថា៖

“ជីវិតគ្រួសារគឺមិនខុសគ្នាអ្វីទៅនឹងសម្លមួយឆ្នាំងនោះទេ! បើលាយគ្រឿងត្រូវសម្លគឺឆ្ងាញ់ តែបើលាយគ្រឿងខុសវិញ…ច្បាស់ណាស់សម្លនោះនឹងរកកោះត្រើយភាពឆ្ងាញ់នៃរសមិនឃើញឡើយ។

ជីវិតគ្រួសារខ្ញុំក៏មិនខុសគ្នាអ្វីទៅនឹងរសនៃសម្លមួយឆ្នាំង ដែលអ្នកស្លមិនស្គាល់គ្រឿងទេស មិនស្គាល់រូបមន្ត មិនស្គាល់របៀបលាយផ្សំគ្រឿង និងមិនឈ្លាសក្នុងការស្លនោះទេ។”

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រលាញ់និងចូលចិត្តជាងគេក្នុងរឿងនេះគឺ នៅពេលដែលសុវណ្ណាកន្យាវតី បានដឹងថាឪពុកម្ដាយខ្លួនឡើងក្ដីក្ដាន់ ប្ដឹងផ្ដល់លែងលះគ្នា គឺនាងមានការគិតគូរព្រួយបារម្ភ ពីជីវិតគ្រួសារ ជីវិតប្អូនៗនិងជីវិតខ្លួននាងជាខ្លាំងមែនទែន។  និងមួយទៀតនៅត្រង់ចំណុចបញ្ចប់រឿង គឺនៅពេលដែលតួអង្គ លោកសុធនវឌ្ឍី និងអ្នកស្រីកញ្ចនា ភ្ញាក់រឭកដឹងខ្លួនយល់ពីតម្លៃគ្រួសារ និងការចេះយោគយល់អធ្យាស្រ័យគ្នា យល់ពីចិត្តនិងបំណងប្រាថ្នារបស់កូនស្រីខ្លួន និងយល់ពីហេតុដែលនាំឱ្យសេចក្ដីសុខកើតមានក្នុងគ្រួសារ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

ក្នុងការដាក់ផ្សាយនូវរឿង “សម្លសុភមង្គល” នេះខ្ញុំមានបំណងដូចខាងក្រោម៖

១.ចង់ឱ្យមិត្តៗអ្នកអានយល់ពីតម្លៃគ្រួសារ។

២.ការចេះរៀបចំផែនការគ្រួសារក្នុងការរស់នៅឱ្យសមប្រកបដោយសេចក្ដីសុខនិងសុភមង្គល។

៣.ជំរុញឱ្យប្រិយមិត្តអ្នកអានទំនួលខុសត្រូវខ្ពស់ចំពោះជីវិតខ្លួនឯង ជីវិតគ្រួសារ ក្នុងជីវិតជាប្ដីប្រពន្ធ ក្នុងសង្គមជាតិ និងត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងនាមអាណាព្យាបាល។

៤.ការចេះយោគយល់អធ្យាស្រ័យខ្ពស់ចំពោះគ្នានិងគ្នារវាងជីវិតប្ដីប្រពន្ធ។

៥.ការយកចិត្តទុកដាក់ចំពោះកូនៗ យល់ពីអារម្មណ៍ពួកគេ ការបំពេញកាតព្វកិច្ចជាម្ដាយឪពុកល្អ និងការគិតគូរពីអនាគតកូនៗ។

៦.ទប់ស្កាត់ការរំលោភបំពានទៅលើស្ត្រីភេទ ទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្ត និងការប្រើអំពើហិង្សាទៅលើស្ត្រី និងសមាជិកក្នុងគ្រួសារដែលជារូបភាពមួយមានការរើសអើង ស្អប់ខ្ពើម ពីគ្រប់មជ្ឈដ្ឋាននៃសង្គមមនុស្សជាតិ។ ៧. ដើម្បីផ្ដល់នូវពុទ្ធិថ្មីៗ និងដើម្បីពញ្ញាក់អារម្មណ៍ ចិត្តគំនិតប្រិយមិត្តអ្នកអានឱ្យស្អប់ខ្ពើមនូវអំពើហិង្សាគ្រប់រូបភាព ទាំងក្នុងគ្រួសារនិងក្នុងសង្គមជាតិ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ចំណាប់អារម្មណ៍របស់ខ្ញុំទៅលើប្រិយមិត្តអ្នកអានគឺ ប្រិយមិត្តអ្នកអានប្រៀបដូចជាកញ្ចក់អ៊ីចឹង។ មានន័យថា អ្នកនិពន្ធបើចង់ដឹងពីចំណេះដឹង ជំនាញវិជ្ជាជីវៈ និងដើម្បីដឹងថាស្នាដៃតែងនិពន្ធរបស់ខ្លួនល្អដល់ក្រិតណានោះគឺ ត្រូវពឹងផ្អែកលើអ្នកណា។

អ្នកអានគឺពិតជាសំខាន់ខ្លាំងណាស់ក្នុងការវាយតម្លៃទៅលើស្នាដៃតែងនិពន្ធរបស់អ្នកនិពន្ធ។ ហើយអ្នកអានក៏ជាកម្លាំងចលករមួយដ៏សំខាន់ដើម្បីជំរុញឱ្យអ្នកនិពន្ធ និពន្ធនិងបោះពុម្ពសៀវភៅឡើង។

សង្គមមួយបើស្អប់ខ្ពើមអ្នកនិពន្ធហើយ សង្គមនោះក៏នឹងរកពិភពនៃពន្លៃមិនឃើញឡើយ។ ព្រោះថាអ្នកនិពន្ធគឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវរាល់តថភាពសង្គមដែលយើងរស់នៅតាមរយៈស្នាដៃរបស់ខ្លួន។

តែទន្ទឹមនឹងពាក្យថា “អ្នកនិពន្ធជាកញ្ចក់ឆ្លុះបញ្ចាំងនូវរាល់តថភាពសង្គម” អ្នកនិពន្ធខ្លួនឯងផ្ទាល់ត្រូវធ្វើខ្លួនជាកញ្ចក់ដែលស្ថិតក្នុងទីលំហហើយខ្ពស់ ដែលអាចបង្វិលខ្លួនមើលទៅគ្រប់ទិសទាំងពួងបាន ទើបអាចធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងនូវរាល់តថភាពសង្គមបាន។

ផ្ទុយមកវិញបើអ្នកនិពន្ធខ្លួនឯងធ្វើខ្លួនដូចជាកញ្ចក់នៅតែក្នុងផ្ទះមួយកន្លែង នោះអ្នកនិពន្ធរូបនោះ នឹងក្លាយជាកញ្ចក់បិសាចជាក់ជាមិនខាន។

ពីខ្ញុំ ហាន សេងលី

ចុចអានរឿងសម្លសុភមង្គល