៥សំណួរជាមួយម្ចាស់រឿង«ស្រមោលស្នេហ៍»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរមិត្តៗអ្នកអានទាំងអស់គ្នា! នាងខ្ញុំឈ្មោះ អឿន ស្រីនាង ឬដូចដែលអ្នកទាំងអស់គ្នាស្គាល់ខ្ញុំមាននាមប៉ាកកាថា ជូហ្វី។ នាងខ្ញុំមានអាយុ ១៥ ឆ្នាំ មានទីលំនៅដ្ឋាននៅរាជធានីភ្នំពេញ នឹងមានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ សព្វថ្ងៃជាសិស្សនៅអនុវិទ្យាល័យ SOS Hermann Gmeiner Phnom Penh និងជាសមាជិកមួយរូបក្នុងក្រុមឥន្ទ្រីយ៍MST Writer។ ស្នាដៃដំបូងដែលនាងខ្ញុំបានចេញផ្សាយនៅ MST Writer គឺ រឿង ស្រមោលស្នេហ៍ ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុចំបងដែលជំរុញឱ្យខ្ញុំយករឿងមួយនេះមកដាក់ផ្សាយគឺព្រោះ ខ្ញុំចង់បង្ហាញស្នាដៃមួយក្នុងចំណោមស្នាដៃទាំងអស់របស់ខ្ញុំ ដើម្បីអោយមិត្តអ្នកអានបានអាននូវរឿងថ្មីៗ ដើម្បីកម្សាន្តអារម្មណ៍ស្របពេលជាមួយការទទួលបានការអប់រំដែលបង្កប់ន័យនៅក្នុងសាច់រឿងមួយនេះ និងដើម្បីលើកកម្ពស់ការអាននៅក្នុងប្រទេសរបស់យើងទាំងមូលបានកើនឡើងដូចគ្នា។ កម្លាំងចិត្តដែលបណ្តាលឱ្យខ្ញុំសម្រេចចិត្តថានឹងសរសេររឿងមួយនេះឡើងមកគឺខ្ញុំចង់ដឹងថាតើរឿងមួយនេះអាចជ្រាបចូលដល់ជម្រៅចិត្តមិត្តអ្នកអានទាំងអស់គ្នាបានកម្រិតណា? ហើយកម្លាំងចិត្តមួយផ្នែកធំទៀតគឺមកពីខ្លួនឯងដែលជំរុញអោយដើរតាមក្តីស្រមៃដែលខ្លួនឯងមាន ទោះជួបការលំបាកយ៉ាងណាប្រៀបដូចជាជីវិតតួឯកស្រីក្នុងរឿងមួយនេះដែលនៅដែលនៅតែបន្តជីវិតរបស់នាងទាំងលំបាកយ៉ាងណាក៏ដោយ។

ដោយឡែករឿង ស្រមោលស្នេហ៍មួយនេះគឺនិយាយពី កំហុសក្មេងស្រីម្នាក់ដែលប្រព្រឹត្តឡើងដោយមិនដឹងខ្លួនរហូតដល់ថ្ងៃមួយនាងបកក្រោយលែងបាន។ នីណា នាងយកគ្រប់យ៉ាងរបស់ជីវិតក្មេងប្រុសម្នាក់មកលេងសើច ជិះជាន់រហូតដល់ទីបំផុតនាងបានយកជីវិតគេទៅដោយមិនដឹងខ្លួនដូចគ្នា។

“វិល្លៀម… បងល្អពេកហើយ! ហេតុអីមិនព្រមដាក់ទោសអោយស្រីអាក្រក់ម្នាក់នេះស្លាប់ទៅ?… អ្ហឹកៗ ហេតុអីបងបែរជាប្រើពេលវេលាចុងក្រោយមកជួយនាងអោយចេញពីសុបិន្តជារៀងរហូតរបស់នាង? ឬក៏ជាវិធីនៃការដាក់ទោសរបស់បងមកលើអូន??” ចុងបញ្ចប់នីណានាងក៏ត្រូវរស់នៅម្នាក់ឯងក្នុងស្រមោលមួយដែលនាងមិនអាចចាកចេញរួចនឹងរស់នៅក្នុងជីវិតមួយដែលមានតែវិប្បដិសារៈនៅកប់ដានគ្រប់ទីកន្លែង។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រឡាញ់ជាងគេនៅក្នុងរឿងមួយនេះគឺនៅពេលដែលនីណានាងដឹងការពិតគ្រប់យ៉ាង។ សូម្បីតែខ្ញុំខ្លួនឯងអ្នកសរសេរដល់ចំណុចនៅក៏ចូលអារម្មណ៍ចង់យំតាមដែរ ហាហា។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

ខ្ញុំបានយករឿងមួយនេះមកដាក់នៅ MST ព្រោះខ្ញុំចង់ចែលរំលែកស្នាដៃរបស់ខ្ញុំផ្ទាល់ក៏ដូចចង់ចូលធ្វើជាចំណែកនៃការកម្សាន្តរបស់មិត្តអ្នកអានគ្រប់គ្នាគឺប្រៀបបាននឹងនាមប៉ាកការបស់ខ្ញុំនេះឯង។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ជាចុងបញ្ចប់ខ្ញុំចង់អរគុណខ្លួនឯងដែលនៅតែអាចជំរុញខ្លួនឯងអោយសរសេររឿងមួយនេះបានសម្រេចទាំងការពិតពេលខ្លះគ្មានកម្លាំងចិត្តក្នុងខ្លួនឡើយ។ ខ្ញុំសូមអរគុណចំពោះការគាំទ្រទាំងឡាយរបស់មិត្តអ្នកអានគ្រប់គ្នា ក៏សូមអភ័យទោសនូវរាល់កំហុសឆ្គងទាំងឡាយព្រោះខ្ញុំដឹងច្បាស់ថាកម្រិតនៃការសរសេររបស់ខ្ញុំនៅកម្រិតណាហើយខ្ញុំក៏នឹងសន្យាថាខិតខំកែខៃនិងរិះរកទំនុករឿងថ្មីៗមកជូនមិត្តៗអ្នកអានទាំងអស់គ្នាទៀត!

ចុចអានរឿងស្រមោលស្នេហ៍