១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
ជម្រាបសួរ! ខ្ញុំបាទ ទី អ៊ូប៉ ហៅ “ចក់ មឿន” អ្នកទាំងអស់គ្នាមើលមកឈ្មោះខ្ញុំអាចជាកំប្លែង តែខ្ញុំចេះសរសេរតែរឿងខ្មោចមួយមុខប៉ុណ្ណោះ។ ឆ្នាំនេះខ្ញុំបាទ មានអាយុ២០ឆ្នាំនិងជានិស្សិតនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ រឿង “ទាយាទចុងក្រោយ” គឺជារឿងលើកដំបូងដែរខ្ញុំបានចេញផ្សាយនៅលើ MST writer ប៉ុន្តែខ្ញុំនៅមានរឿងបែបរន្ធត់ជាច្រើនទៀតដូចជា “ក្លិនចំប៉ា” “ផ្ទះអាឡៃមិត្តខ្ញុំ” “សាកលវិទ្យាល័យខ្ញុំរៀន”… ដែលធ្លាប់បានចេញផ្សាយនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំបាទ។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលខ្ញុំយករឿង “ទាយាទចុងក្រោយ” មកផ្សាយនៅក្នុងរដូវកាលទី១នេះ ដោយសារខ្ញុំបាទចង់ជួយចូលរួមជាចំណែកលើកតម្កើងការអាននៅកម្ពុជា។ រឿងខ្ញុំមួយនេះបាននិយាយអំពីដំណើរកម្សាន្តទៅកាន់កម្ពុជាក្រោម របស់យុវជនមួយក្រុមដែរមានកំណើតដូនតាគឺជាជនជាតិខ្មែរ ហើយពួកគឹក៏បានជួបហេតុការណ៍ប្លែកៗជាច្រើន ហាក់ដូចជាត្រូវបានច្បាប់ចក្រវាលទាញស្រូបចូលទៅកាន់ពួកគេ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំស្រឡាញ់ជាងគេក្នុងរឿងនេះគឺការស្រឡាញ់រួបរួមគ្នារវាងបងប្អូនទាំង៥នាក់ ដូចពាក្យយើងតែងនិយាយថា ខ្មែរស្រឡាញ់ខ្មែរ។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
រឿងមួយនេះ អាចជាមានកំហុសឆ្គងជាច្រើន ព្រោះខ្ញុំបានសរសេរវាឡើងតាំងកំឡុងរដូវកាលកូវីតឆ្នាំមុនមកម៉្លេះ។ តែទោះជាយ៉ាងណាក៏ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយយោគយល់អធ្យាស្រ័យ។ រីឯគោលបំណងធំរបស់ខ្ញុំបាទក្នុងរឿងនេះ គឺគ្រាន់ចង់ឲ្យអ្នកទាំងអស់គ្នាចងចាំថា ខ្មែរលើ-ខ្មែរកណ្ដាល-ខ្មែរក្រោម ពួកយើងគឺជាខ្មែរតែមួយ។ ខ្ញុំសង្ឃឹមថាខ្មែរទាំងអស់គ្នានឹងមិនភ្លេចគ្នានោះទេ ទោះជាពួកយើងកំពុងនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ចំណាប់អារម្មណ៍របស់ខ្ញុំចំពោះរឿងមួយនេះគឺថា ខ្ញុំបានសរសេរវាដោយសប្បាយចិត្ត បើទោះបីជាការសរសេររបស់ខ្ញុំនៅមានកម្រិត ខ្ញុំទើបតែចាប់ផ្តើមសាកល្បងរៀនសរសេរយ៉ាងណាក្តី ព្រោះថាខ្ញុំបានសរសេររឿងទាយាទចុងក្រោយនេះអស់ពីចិត្ត។