៥សំណួរជាមួយម្ចាស់រឿង«យប់មួយនៅសាលាកណ្ដាលព្រៃ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរបងៗ អ្នកអានទាំងអស់គ្នា នាងខ្ញុំឈ្មោះអ៊ឹម អានដាដាណេត  មាននាមប៉ាកកាថា គជ់ខៀវ ។ ខ្ញុំមានអាយុ១៧ឆ្នាំ។ សព្វថ្ងៃខ្ញុំរស់នៅរាជធានីភ្នំពេញ បច្ចុប្បន្នជាសិស្សថ្នាក់វិទ្យាល័យនៅសាលារៀនសុវណ្ណភូមិ និងជាសមាជិកមួយរូបនៅក្រុមនាគា MST writer  រដូវកាលទី១។ ស្នាដៃដំបូងរបស់ខ្ញុំចេញផ្សាយ នៅ MST writer មានចំណងជើងថា យប់មួយនៅសាលាកណ្តាលព្រៃ។ 

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុចម្បងដែលបណ្តាលឱ្យខ្ញុំយករឿងនេះមកចុះផ្សាយពីព្រោះខ្ញុំចង់កម្សាន្តអារម្មណ៍ដល់អ្នកអាននិងចង់ចែករំលែករឿងរ៉ាវរន្ធត់តាមរយៈការសរសេរស្របជាមួយនិងតម្លៃអប់រំ និងចង់ចូលរួមកែលម្អការសរសេរតាមរយៈស្នាដៃរបស់ខ្លូនដោយទទួលយកនូវមតិគាំទ្រនិងរិះគន់ដើម្បីស្ថាបនា។

កម្លាំងបណ្តាលចិត្តដែលឱ្យខ្ញុំសរសេររឿងនេះពីព្រោះខ្ញុំស្រឡាញ់វិស័យនិពន្ធតាក់តែងតាំងពីក្មេង និងមានចំណាប់អារម្មណ៍ក្នុងការសរសេររឿង ពីព្រោះការសរសេររឿងអាចឱ្យអ្នកអានបានដឹងពីផ្នត់គំនិត និងគោលបំណងរបស់អ្នកនិពន្ធ។

រឿងយប់មួយនៅសាលាកណ្តាលព្រៃចង់និយាយអំពីរឿងរ៉ាវរន្ធត់តក់ស្លុតរបស់យុវតីម្នាក់ដែលជួបប្រទះនូវហេតុការណ៍ដែលមិនធ្លាប់នឹកស្មានដល់នាងជាកូនអ្នកទីក្រុងមិនធ្លាប់មានជំនឿលើគ្រោះកំបុតក្បាលរឺខ្មោចព្រាយបិសាច រឿងនេះក៏បង្កប់នូវអត្ថន័យអប់រំអោយយើងមានការប្រុងប្រយ័ត្នខ្លួន កុំទៅកន្លែងស្ងាត់រឺបំពានលើអបិយជំនឿព្រោះក្នុងសកលលោកនេះមានអ្វីជាច្រើនដែលយើងមិនទាន់យល់និងស្គាល់ហេតុនេះហើយយើងគប្បីបើកចិត្តឱ្យទូលាយទទួលយកការណែនាំនិងផ្នត់គំនិតផ្សេងៗទៀត។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រឡាញ់ជាងគេនៅក្នុងសាច់រឿងគឺការមិនប្រកាន់ខឹងរបស់តួអង្គស្រីដែលទទួលនូវការលងបន្លាច ហើយថែមទាំងមានចិត្តប្រពៃឧទ្ទិសកុសលផលបុណ្យដល់អ្នកដែលបានស្លាប់ទៅ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងក្នុងការដាក់ផ្សាយរឿងយប់មួយនៅសាលាកណ្តាលព្រៃ គឺចង់ឆ្លុះបញ្ចាំងពីផ្នត់គំនិតប្រជាជនខ្មែរដែលមានជំនឿលើអមនុស្សព្រមទាំងជាកញ្ចក់បញ្ចាំងពីជំនឿប្រពៃណីខ្មែរនិងព្រះពុទ្ធសាសនា។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅសម្រាប់អ្នកអាននិងសូមអធ្យាស្រ័យនូវរាល់កំហុសខុសឆ្គងដោយប្រការណាមួយ ។

ចុចអានរឿងយប់មួយនៅសាលាកណ្ដាលព្រៃ