១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
សួស្ដីអ្នកទាំងអស់គ្នា! នាងខ្ញុំមានឈ្មោះថា “បូណា រ៉ូហ្សា” ដែលអ្នកអានរឿងភាគច្រើនស្គាល់ថាជា “ មីនហ្គី ឬមីងអ៊ិ ”។ តាមពិតទៅឈ្មោះប៉ាកកានេះដើមឡើយវាត្រូវមានឈ្មោះថា “មីងអ៊ិ-Ming yi” ដែលជាឈ្មោះជាភាសាចិនរបស់ខ្ញុំ តែដោយសារនៅពេលដែលអ៊ីឌីតឈ្មោះលើក្របសៀវភៅដំបូងខ្ញុំក៏សរសេរភ្លេចអក្សរ i ហេតុនេះហើយទើបវាក្លាយទៅជាមីនហ្គី “Min gy” ទៅវិញ។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
ខ្ញុំសរសេររឿង “កូនក្រមុំរបស់ស្ដេចបិសាច” នេះឡើង ដោយផ្អែកលើគំនិតនៃរឿងដែលវាកើតឡើងភ្លាមៗនៅពេលខ្ញុំកំពុងអង្គុយលេងតុក្កតាកូនក្រមុំជ័រជាមួយប្អូនស្រីរបស់ខ្ញុំ។ ដើមឡើយរឿងនេះត្រូវជារឿងស្នេហាប្រុសស្រីធម្មតានោះទេ ប៉ុន្តែនៅកំឡុងពេលដែលខ្ញុំសរសេររឿងនេះឡើងនោះស្រាប់តែគេផ្ទុះរឿងprankមួយប្រទេសកម្ពុជាឡើង ហេតុនេះខ្ញុំក៏នឹកឃើញថាប្រសិនបើសរសេរជាស្នេហាប្រុសស្រី រឿងនេះវាហាក់ដូចជាដដែលៗពេក ទើបនាងខ្ញុំសម្រេចចិត្តថានឹងសាកសរសេររឿងជាប្រភេទស្នេហារវាងបិសាចប្រុសដែលមានថាមពលដ៏អស្ចារ្យជាមួយនឹងកូនសិស្សរបស់ព្រះឥន្ទ្រដ៏សែនសង្ហាទៅវិញ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
“កូនក្រមុំស្ដេចបិសាច” គឺជារឿងដែលខ្ញុំពេញចិត្តជាងក្នុងចំណោមរឿងដ៏ទៃទៀតដែលខ្ញុំធ្លាប់បានសរសេររួចមក វាមានទាំងឈុតឆាកកំសត់ រំភើប រីករាយ និងឈុតឆាកផ្សេងៗទៀត ដែលសូម្បីតែខ្ញុំអ្នកសរសេរខ្លួនឯងផ្ទាល់ក៏សឹងតែមិនអាចស្មានដល់។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងក្នុងការសរសេររឿងនេះឡើងព្រោះខ្ញុំចង់អោយអ្នកទាំងអស់គ្នាបើកចិត្តអោយទូលាយចំពោះការស្រលាញ់ភេទដូចគ្នា ដ្បិតអីខ្ញុំសង្កេតឃើញថាបើទោះបីជាមានអ្នកយល់ដឹងពីរឿងនេះច្រើនហើយក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនតូចចូលចិត្តមើលងាយ ជិះជាន់ សើចចំអក និងបណ្តុះបង្អាប់ដល់អ្នកដែលស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាយើងនៅឡើយ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ជាចុងក្រោយនាងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានសិទ្ធិនៅក្នុងការសម្រេចចិត្តជ្រើសរើសមនុស្សដែលខ្លួនស្រលាញ់និងផ្លូវជីវិតដែលត្រូវដើរបានពេញលេញនៅថ្ងៃអនាគតដ៏សែនភ្លឺស្វាងនៅពេលខាងមុខនេះ។