៥សំណួរជាមួយម្ចាស់រឿង«លោកតាម៉ោង១២»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ នាងខ្ញុំឈ្មោះថា យី សុខឃាន់ រាល់ថ្ងៃជាសិស្សនិស្សិតដែលសិក្សានៅក្នុងខេត្តព្រះវិហារ ស្នាដៃដែលខ្ញុំបានចេញផ្សាយនៅក្នុង MST Writer នោះគឺ”លោកតាម៉ោង១២”។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំបានយករឿងរបស់ខ្ញុំនេះមកចេញផ្សាយ ព្រោះតែខ្ញុំចង់ចែករំលែកស្នាដៃដែលបានតាក់តែងឡើង ជាពិសេសនោះគឺរសជាតិចំណីអារម្មណ៍ដែលបង្កប់នៅក្នុងសាច់រឿងនេះ ជូនទៅដល់អ្នកអានជាទីស្រលាញ់។ កម្លាំងបណ្ដាលចិត្តដែលធ្វើឲ្យខ្ញុំដាក់ផ្សាយស្នាដៃមួយនេះនោះគឺសិស្សច្បងមុនៗ ដែលខ្ញុំធ្លាប់ជាអ្នកគាំទ្ររបស់គាត់លើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលពួកគាត់បានផ្ដល់យោបល់មកថា ស្នាដៃរបស់ខ្ញុំប្រាកដជាមានរសជាតិប្លែកក្នុងចំណីអារម្មណ៍របស់អ្នកអានមិនខានឡើយ នៅពេលដែលគេបានអានហើយ គេនឹងទទួលអារម្មណ៍រីករាយបំបាត់ទុក្ខកង្វល់ដែលមានមួយគ្រាដែរ ដូច្នេះទើបធ្វើឱ្យខ្ញុំក្លាហានហ៊ានយកសាច់រឿងដែលត្រឹមតែជាស្នាដៃនិពន្ធដំបូងរបស់ខ្ញុំ យកមកដាក់ផ្សាយបែបនេះ។

ប្រភេទរឿងដែលខ្ញុំសរសេរនេះ មានការទាក់ទងទៅនឹងវិញ្ញាណខ្មោចដែលវិលវល់ ព្រោះតែរងភាពអយុត្តិធម៌ ត្រូវការមនុស្សជួយស្វែងរកយុត្តិធម៌ជូនទើបអាចស្ងប់សុខបាន។ ដោយរឿងនេះដំបូងខ្ញុំសរសេរពីបុរសម្នាក់ដែលជាអ្នកនិពន្ធ គាត់បានផ្លាស់លំនៅទៅកន្លែងស្ងប់ស្ងាត់មួយ ប៉ុន្តែកន្លែងនោះជាកន្លែងដែលមានហេតុការណ៍អយុត្តិធម៌មួយកើតឡើងចំពោះលោកតាចាស់ម្នាក់ ដែលគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ។ ប៉ុន្តែវិញ្ញាណរបស់គាត់តែងតែទៅរកបុរសម្នាក់នោះ រៀងរាល់ម៉ោង 12យប់ ទាល់តែបុរសម្នាក់នោះស្វែងរកយុត្តិធម៌ជូនគាត់រួច ទើបគាត់អាចស្ងប់ចិត្ត ហើយចុងបញ្ចប់នៃរឿង ក៏មានចំណុចអប់រំមួយដែលខ្ញុំសរសេរឡើងថា គ្មានកន្លែងណាកក់ក្ដៅ និងមានសុវត្ថិភាពជាងផ្ទះរបស់យើងនោះទេ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំចូលចិត្តជាងគេក្នុងរឿងមួយនេះគឺ កន្លែងដែលអ្នកនិពន្ធម្នាក់នេះគាត់មានភាពក្លាហាន ចង់ដឹង ទោះបីជាគាត់ខ្លាចក៏ដោយ ប៉ុន្តែគាត់ហ៊ានក្នុងការចង់ដឹង ចង់ឮអាថ៌កំបាំង ដោយគាត់មិនបណ្ដោយឱ្យខ្លួនឯងរកនូវចម្ងល់នោះទេ គឺមានន័យថាខ្ញុំចូលចិត្តមនុស្សណាដែលពូកែដោះស្រាយចម្ងល់ ប្រៀបដូចជាបុរសម្នាក់ដែលជាតួអង្គក្នុងរឿងរបស់ខ្ញុំនេះយ៉ាងអ៊ីចឹង។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងរបស់ខ្ញុំគឺចង់សាកល្បងស្នាដៃខ្លួនឯង ចែកជូនអ្នកអានបានអាន និងចង់ដឹងថា តើពួកគាត់ទទួលយកនូវកម្រិតស្នាដៃរបស់ខ្ញុំនេះបានដែរឬទេ?

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំចង់ឱ្យអ្នកអានទាំងអស់បានដឹងថា សាច់រឿងមួយនេះខ្ញុំសរសេរមកដោយកម្រិតស្នាដៃដំបូង ពុំធ្លាប់មានបទពិសោធន៍អ្វីនោះទេ បើសិនជាខុសត្រូវយ៉ាងណាសូមកុំប្រកាន់អី។ ជាពិសេសនោះគឺបែបបទនៅក្នុងរឿងនេះ ខ្ញុំសរសេររបៀបបរទេស ព្រោះខ្ញុំមិនហ៊ានដាក់កន្លែងពិតក្នុងប្រទេសកម្ពុជាឡើយ ខ្លាចថារងនូវការរិះគន់ថាជារឿងកាឡៃហួសហេតុ ព្រោះតំបន់នោះពុំកើតមែនឬយ៉ាងណា ពីសំណាក់ម្ចាស់ខេត្តដែលខ្ញុំលើកឡើងមកនិយាយនោះក៏ថាបានដែរ។ ម្យ៉ាងវិញទៀតខ្ញុំក៏ចង់សុំមតិយោបល់ពីសំណាក់អ្នកអានដូចគ្នា ល្អឬមិនល្អ ទទួលយកបានឬទទួលយកមិនបាន សូមចែករំលែកការគិតរបស់អ្នកមកកាន់ខ្ញុំដែលជាអ្នកនិពន្ធផង ដើម្បីខ្ញុំកែសម្រួលស្នាដៃខ្លួនឯងចែកជូនអ្នកទាំងអស់គ្នាឲ្យកាន់តែល្អ និងប្លែកជាងនេះទៀត។

ចុចអានរឿងលោកតាម៉ោង១២