៥សំណួរជាមួយម្ចាស់រឿង«ស្រមោលអតីតកាល»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ នាងខ្ញុំឈ្មោះ ឈឿន អូនធំ អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យហ៊ុនសែនកំពង់សិលា ខេត្តព្រះសីហនុ ចំណែកស្នាដៃដែលបានចេញផ្សាយនៅក្នុង MST Writer មានចំណងជើងថា “ស្រមោលអតីតកាល”។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងមកដាក់ផ្សាយ ព្រោះខ្ញុំចង់ចូលសិក្សាវគ្គខ្លីជាមួយអ្នកគ្រូ ព្រមទាំងចង់ទទួលបានបទពិសោធពីការតែងនិពន្ធក៏ដូចជាមតិកែលម្អពីអ្នកអានទាំងអស់គ្នា ចំណែកកម្លាំងបណ្ដាលចិត្តគឺមកពីខ្លួនខ្ញុំផ្ទាល់ព្រមទាំងមិត្តភក្កិផងដែរ។ រឿងរបស់ខ្ញុំនិយាយពីក្មេងស្រីម្នាក់ឈ្មោះវត្តី រស់នៅក្នុងស្រមោលអតីតកាល ស្រមោលនៃភាពឈឺចាប់ ដោយសារនាងធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយឪពុកនៅពេលទិញនំខេកថ្ងៃកំណើត គ្រោះថ្នាក់នោះធ្វើឪពុកនាងស្លាប់បាត់ជីវិតចំណែកខ្លួននាងវិញត្រូវពិការជើង ជិះរទេះរុញ។ វត្តីមិនសូវទទួលបានភាពស្និទ្ធស្នាល ភាពកក់ក្ដៅ ការមើលថែពីម្ដាយទេ ជារៀងរាល់ថ្ងៃគាត់តែងបន្ទោសថាវត្តីជាដើមហេតុធ្វើឲ្យពុកស្លាប់។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំចូលចិត្តនិងស្រឡាញ់ជាងគេនៅក្នុងរឿងគឺនៅពេលវត្តីយល់ពីម្ដាយខ្លួន យល់ពីតម្លៃខ្លួនឯង ហ៊ានប្រឈមមុខនឹងការពិត ក្លាហានក្នុងការក្រោកឈរជម្នះភាពលំបាកដែលកើតមានលើនាង។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿង ទីមួយគឺចង់បញ្ចេញស្នាដៃដ៏តិចតួចស្ដួចស្ដើងរបស់ខ្ញុំទៅកាន់អ្នកអានទាំងអស់គ្នា ទីពីរគឺបំពេញក្ដីស្រមៃខ្លួនឯងដែលចង់ក្លាយជាអ្នកនិពន្ធ ទីបីគឺចង់ទទួលបានបទពិសោធនិងមតិកែលម្អពីមិត្តអ្នកអានទាំងអស់គ្នា។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ជាចុងក្រោយខ្ញុំសូមខន្តីអភ័យទោសរាល់ចំណុចខ្វះខាតនៃសាច់រឿងក៏ដូចជាកំហុសអចេតនាទៅលើអក្ខរាវិរុទ្ធដល់អ្នកអានទាំងអស់គ្នា ហើយនាងខ្ញុំសន្យាថានឹងព្យាយាមអភិវឌ្ឍការសរសេរកាន់តែល្អជាងនេះចំពោះស្នាដៃក្រោយៗទៀត​។

ចុចអានរឿងស្រមោលអតីតកាល