១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
ជម្រាបសួរ! នាងខ្ញុំឈ្មោះចាន់ លីហ័រ អាយុ១៨ឆ្នាំ បច្ចុប្បន្នជានិស្សិតផ្នែកវេជ្ជសាស្ត្រកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យមួយកន្លែងនៅរាជធានីភ្នំពេញ ហើយខ្ញុំជាអ្នកខេត្តកណ្តាល។ ស្នាដៃដែលខ្ញុំបានចេញផ្សាយនៅ MST Writer គឺជាប្រភេទរឿងប្រលោមលោកខ្លីដែលមានចំណងជើង”សំណែនស្រីក្រមុំ”។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងរបស់ខ្ញុំមកដាក់ផ្សាយពីព្រោះតែខ្ញុំចង់ពង្រឹងសមត្ថភាពក្នុងការសេររឿងប្រលោមលោកឲ្យមានការរីកចម្រើន និងទទួលបានការរៀនសូត្រពីអ្នកគ្រូម៉ីសន សុធារីផងដែរ។ រឿងរបស់ខ្ញុំនិយាយអំពីក្មេងស្រីម្នាក់បានលះបង់ជីវិតខ្លួនឯងដើម្បីជួយគ្រួសារនិងមនុស្សជុំវិញខ្លួនដោយការថ្វាយខ្លួនជាសំណែននៅក្នុងភូមិគ្រឹះមួយដែលការរស់នៅក្នុងសម័យអតីតកាល។ កម្លាំងបណ្តាលចិត្តនោះពុំមានជាអ្វីធំដុំនោះទេគឺដោយសារការអានច្រើនអំពីសៀវភៅរបស់អ្នកនិពន្ធនានា និងការស្វែងយល់ពីសង្គមទើបបណ្តាលឲ្យមានកម្លាំងចិត្តនិងគំនិតក្នុងការបំផុសរឿងនេះ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំស្រឡាញ់ជាងគេក្នុងរឿងនេះ គឺភាពរន្ធត់ក្នុងរឿងមួយនេះ។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងក្នុងការដាក់ផ្សាយរឿងមួយនេះពីព្រោះតែខ្ញុំចង់បង្ហាញស្នាដៃរបស់ខ្ញុំជាសាធារណៈ ដើម្បីឲ្យអ្នកគ្រប់គ្នាបានអាននិងទទួលស្គាល់ផងដែរ អ្វីដែលរឹតតែពិសេសនោះខ្ញុំចង់លើកកម្ពស់ការអានដល់ប្រជាជនកម្ពុជា។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ចំណាប់អារម្មណ៍ទៅលើអ្នកអាននោះសង្ឃឹមថាមានអ្នកអានច្រើននិងចូលចិត្តគាំទ្រស្នាដៃមួយនេះ ហើយក៏សូមអរគុណដល់អ្នកអានទាំងអស់ដែលពេញចិត្តនូវស្នាដៃមួយនេះ។