១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
ជម្រាបសួរនាងខ្ញុំឈ្មោះណោ ស្រីពេជ អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យក្រាំងស្លា នាងខ្ញុំចូលចិត្តប្រលោមលោកតាំងថ្នាក់ទី៥ នាងខ្ញុំចូលចិត្តអាននិងសរសេរ ហើយក៏ចាប់ផ្ដើមសរសេរស្នាដៃដំបូង គឺរឿងគំនូរកម្ម ដែលបានចេញផ្សាយនៅ MST Writer នាពេលថ្មីៗនេះ។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
កម្លាំងបណ្ដាលចិត្តឱ្យនាងខ្ញុំសម្រេចចិត្តយករឿងនេះមកដាក់ផ្សាយ ព្រោះខ្ញុំស្រឡាញ់វិស័យជាអ្នកនិពន្ធមែនទែន កាលកន្លងមកនាងខ្ញុំមានភាពស្ទាក់ស្ទើរ មិនក្លាហាន តែតាំងពីនាងខ្ញុំមានការជម្រុញលើកទឹកចិត្តពីបងៗជាអ្នកនិពន្ធផ្សេងៗឱ្យមានភាពជឿជាក់លើខ្លួនឯង នាងខ្ញុំក៏សម្រេចចិត្តយករឿងគំនូរកម្មដែរជាស្នាដៃដំបូង មកចេញផ្សាយនៅ MST Writer។ រឿងនេះនិយាយពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់កម្លោះក្រមុំមួយគូ តែត្រូវបានបែកបាក់ ព្រោះតែការយល់ច្រឡំ ហើយធ្វើអោយមានការចងគំនុំសងសឹករបស់នាងក្រមុំជាតួឯក ស្រីហើយបានចងព្រលឹងនឹងគំនូរដែលប្រុសស្នេហ៍គូរ រង់ចាំថ្ងៃសងសឹក។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំចូលចិត្តជាងគេក្នុងរឿងនេះ ត្រង់ចំណុចដែរតួឯកប្រុសសុខចិត្តស្លាប់នៅពេលដែលតួឯក ស្រីត្រូវបានគេសម្លាប់ ហើយប្រាថ្នាជួបគ្នានៅជាតិក្រោយ នេះសបញ្ជាក់អោយឃើញពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្រ។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
បំណងរបស់ខ្ញុំក្នុងការចេញផ្សាយរឿងមួយនេះ ខ្ញុំចង់បានការទូន្មានក៏ដូចជារិះគន់ក្នុងការសរសេរ អត្ថន័យ ពីបងៗអ្នកអានដើម្បីនាងខ្ញុំបានកែប្រែឱ្យកាន់តែល្អ ទៅតាមលទ្ធភាពដែលនាងខ្ញុំអាចធ្វើបាន។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ខ្ញុំចង់ឱ្យអ្នកដែលបានអានរឿងរបស់ខ្ញុំនេះសូមជួយណែនាំក៏ដូចជារិះគន់ពីចំណុចខុស ឬចំណុចល្អដល់នាងខ្ញុំដោយសេចក្ដីអនុគ្រោះ ហើយនាងខ្ញុំអភ័យទោសរាល់ចំណុចខ្វះខាតដែលអានកើតមាន។