៥សំណួរជាមួយម្ចាស់រឿង«ផ្កាយព្រះគ្រោះ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្ដី! ខ្ញុំមានឈ្មោះថា បូណា រ៉ូហ្សា ដែលអ្នកអានរឿងភាគច្រើនស្គាល់ថាជា មីងអ៊ិ ឬ មីងហ្គី។ នាងខ្ញុំជាអតីតសិស្សថ្នាក់វិទ្យាសាស្រ្តពិតនៃវិទ្យាល័យដំដែក នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅទីបំផុតរឿង «ផ្កាយព្រះគ្រោះ» ក៏បានក្លាយជារឿងទី២ដែលខ្ញុំបានចេញផ្សាយនៅលើគេហទំព័រ MST Writer បន្ទាប់ពីរឿង «កូនក្រមុំស្ដេចបិសាច»ដែលបានចេញផ្សាយកាលពីមួយខែមុននេះ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

កំឡុងពេលដែលសរសេររឿង«ផ្កាយព្រះគ្រោះ»នេះឡើង នាងខ្ញុំហាក់ដូចមិនពេញចិត្តនូវដំណើររឿងនេះដូចកំឡុងពេលដែលនាងខ្ញុំបានសរសេររឿងមុនៗសោះឡើយ ប៉ុន្តែនៅពេលដែលសរសេរចប់សព្វគ្រប់ខ្ញុំស្រាប់តែមានអារម្មណ៍ថាស្រលាញ់និងចូលចិត្តរឿងនេះសឹងតែជាងរឿងមុនៗដែលបានសរសេរចប់ទៅទៀត ហេតុនេះហើយទើបខ្ញុំសម្រេចចិត្តយកមកដាក់ផ្សាយចែកជូនអ្នកទាំងអស់គ្នាអោយបានអាន។ មួយរយៈនេះនាងខ្ញុំសង្កេតឃើញថាយុវវ័យហាក់ដូចប្រទះនូវបញ្ហាដូចៗគ្នាគឺបញ្ហាខ្វះអ្នកថែ យុវវ័យមួយចំនួនចូលចិត្តត្អួញត្អែរនៅក្នុងបណ្ដាញសង្គមពីបញ្ហារទាំងនេះដដែល រឿងនេះហើយដែលជាកម្លាំងបណ្ដាលចិត្តឱ្យខ្ញុំសរសេររឿង«ផ្កាយព្រះគ្រោះ»ឡើងមកដើម្បីជួយសម្រាលអារម្មណ៍ឯកោររបស់ពួកគេពីចម្ងាយ។

រឿង«ផ្កាយព្រះគ្រោះ»នេះជារឿងដែលនិយាយពីស្នេហាដ៏សែនជ្រាលជ្រៅរបស់លោកមេទ័ពនៃនគរខាងកើតចំពោះក្មេងដែលខ្ចាត់ព្រាត់មកពីនគរខាងលិច ទាំងដែលពេលនោះនគរទាំង២កំពុងតែមានសង្គ្រាមជាមួយគ្នា លោកមេទ័ពម្នាក់នេះហ៊ានលះបង់គ្រប់យ៉ាង ឋានៈ បុណ្យសក្ដិ អំណាច ទ្រព្យសម្បត្តិ លះបង់សូម្បីតែជីវិតដើម្បីតែបានរស់នៅជួបជុំជាមួយមនុស្សដែលគាត់ស្រលាញ់ ប៉ុន្តែមិនប្រាកដថាការលះបង់សុទ្ធតែទទួលបានការតបស្នងដ៏សមចិត្តត្រលប់មកវិញនោះទេ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

នាងខ្ញុំពេញចិត្តនូវដំណើររឿងនេះទាំងមូល ប៉ុន្តែចំណុចដែលអាចធ្វើអោយបេះដូងខ្ញុំរំភើបបាននោះគឺត្រង់វគ្គដែលលោកមេទ័ព ប៉វិន សម្រេចចិត្តនាំមនុស្សដែលគាត់ស្រលាញ់រត់ចេញពីរាជធានីទាំងយប់ព្រោះគាត់មិនចង់រៀបការជាមួយនឹងព្រះរាជបុត្រីទី៣ បើទោះបីជាមានព្រះរាជសារថាបើគាត់មិនរៀបអភិសេកជាមួយនឹងព្រះនាងទេគាត់នឹងត្រូវតាមសម្លាប់ក៏ដោយ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងដ៏ធំបំផុតនៅក្នុងការដាក់ផ្សាយរឿងនេះគឺនាងខ្ញុំសង្ឃឹមថា នាងខ្ញុំអាចនឹងចែករំលែកក្ដីស្រលាញ់ដែលលោកមេទ័ព ប៉វិន មានចំពោះ សៀវស៊ីង ដល់ទៅអ្នកអានគ្រប់គ្នា នាងខ្ញុំសង្ឃឹមថាអ្នកដែលខ្វះក្ដីស្រលាញ់ ខ្វះភាពកក់ក្ដៅតាំងតែពីតូចមក អាចនឹងមានអារម្មណ៍កក់ក្ដៅ មានអារម្មណ៍រំភើបនឹងក្ដីស្រលាញ់យ៉ាងហោចណាស់ក៏ម្ដងតាមរយៈការអានរឿងនេះ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

អ្នកអានជាទីស្រលាញ់!! អ្នកសរសេរដ៏សែនខ្ចីគំនិតម្នាក់នេះ មានតែម្រាមដៃដប់លើកសំពះអរគុណដល់អ្នកអានគ្រប់គ្នាដែលបានចំណាយពេលអានរឿងរបស់ខ្ញុំនេះតាំងពីដើមដល់ចប់តែប៉ុណ្ណោះ។ នាងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងរកបានមនុស្សដែលស្រលាញ់អ្នកទាំងអស់គ្នាដូចជាលោកមេទ័ពប៉វិនស្រលាញ់សៀវស៊ីង បើទោះបីជាពេលនេះអ្នកទាំងអស់គ្នារកគេមិនទាន់ឃើញក៏ដោយ តែសូមអ្នកទាំងអស់គ្នាចងចាំថានៅថ្ងៃណាមួយគេនឹងបង្ហាញខ្លួននៅចំពោះមុខអ្នកទាំងអស់គ្នានៅពេលវេលាដ៏សក្ដិសមមួយនៅពេលខាងមុខជាក់ជាមិនខាន។

ស្រលាញ់និងគោរពអ្នកទាំងអស់គ្នា!

មីងអ៊ិ

ចុចអានរឿងផ្កាយព្រះគ្រោះ