៥សំណួរជាមួយម្ចាស់រឿង«បន្ទប់លេខ១៤»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជាដំបូងសូមជម្រាបសួរនិងសួស្តី ទៅកាន់ប្រិយមិត្តអ្នកអានរបស់អ្នកនិពន្ធ ម៉ីសន សុធារី គ្រប់មជ្ឈដ្ឋានជាទីស្រឡាញ់រាប់អាន ។ នាងខ្ញុំឈ្មោះមឿត សុឃី អាយុ ១៩ ឆ្នាំ ជាគរុនិស្សិត នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។ ហើយស្នាដៃរបស់នាងខ្ញុំជាប្រលោមលោកខ្នាតខ្លី ចំណងជើង «បន្ទប់លេខ១៤»។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំចង់យករឿងមកដាក់ផ្សាយគឺ មាន៣ ចំណុចគឺ៖

ទី១ : ដើម្បីបង្ហាញនូវសមិទ្ធិផលខ្លួនឯង ត្រៀមខ្លួនក្នុងការធ្វើជាអ្នកនិពន្ធមួយរូបនាពេលអនាគត បន្ទាប់ពីទទួលបានមតិកែលម្អពីសំណាក់ក្រុមការងារ និងមិត្តអ្នកអានគ្រប់មជ្ឈដ្ឋាន។

ទី២ : ដើម្បីបង្ហាញស្នាដៃរបស់ខ្លួនបំពេរអារម្មណ៍ ទៅកាន់ប្រិយមិត្តអ្នកអានគ្រប់មជ្ឈដ្ឋាន។

ទី៣ : គោលបំណងបង្ហាញអំពីផលប៉ះពាល់នៃការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងលុបបំបាត់ទំនៀមទម្លាប់ការបង្ខំកូនឱ្យរៀបការ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំចូលចិត្តជាងគេក្នុងរឿងនេះ គឺការបង្ហាញពីផ្នត់គំនិតរបស់ខ្លួនឯងពីអនាគតនិងពេលបច្ចុប្បន្ន ពោលគឺប្តូរពីការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា មកជាការផ្តល់កម្លាំងចិត្ត។ ជាក់ស្តែងដូចជាតួអង្គ វិមាន នៅក្នុងរឿង នាងធ្លាប់តែរើសអើងស្អប់ខ្ពើម មិនពេញចិត្ត អ្នកស្រលាញ់ភេទដូចគ្នា ប៉ុន្តែក្រោយពីចួបរឿងរ៉ាវនេះហើយ ធ្វើឱ្យនាងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនជាខ្លាំងរហូតមានការតស៊ូមតិតាម ប្រព័ន្ធ social media ទៀតផង។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងក្នុងការដាក់រឿងនេះ គឺដើម្បីបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់មិត្តអ្នកអានគ្រប់មជ្ឈដ្ឋានផង ដើម្បីទទួលនូវបទពិសោធថ្មីៗលើវិស័យអ្នកនិពន្ធផង ដើម្បីផ្តល់ជាតម្លៃអប់រំអំពីផលប៉ះពាល់នៃការរើសអើងអ្នកស្រលាញ់ភេទដូចគ្នាផង ដើម្បីលុបបំបាត់សកម្មភាពរៀបចំទុកដាក់កូនចៅដោយឋិតលើសេចក្តីសម្រេចចិត្តឪពុកម្តាយជាធំផង និងដើម្បីបង្ហាញពីជំនឿនៃក្តីស្រលាញ់ផងដែរ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែរបានឃើញស្នាដៃរបស់ខ្លួនបានទៅដល់ដៃប្រិយមិត្តអ្នកអានគ្រប់មជ្ឈដ្ឋានតាមរយៈកម្មវិធីអ្នកនិពន្ធក្រៅសាលា របស់អ្នកនិពន្ធ ម៉ីសន សុធារី។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រិយមិត្តអ្នកអាន នឹងពេញចិត្តនៅស្នាដៃមួយនេះ រួមទាំងផ្តល់នូវមតិរិះគន់និងស្ថាបនា ត្រលប់មកកាន់រូបនាងខ្ញុំវិញ។ សូមអរគុណចំពោះការគាំទ្រស្នាដៃមួយនេះ

ពីនាងខ្ញុំ មឿត សុឃី។

ចុចអានរឿងបន្ទប់លេខ១៤