រឿង៖ ម៉ែមិនដែលស្រលាញ់ខ្ញុំ

ខ្ញុំខាំមាត់យ៉ាងអំណត់ ទ្រាំអត់សង្កត់ចិត្តយកដៃម្ខាងទប់ថ្ពាល់ខ្លួន ប្រើកែវភ្នែកក្រហមច្រាលប្រៀបដូចកាំបិតសម្លឹងមើលនារីម្នាក់ដែលឈរចំពោះមុខខ្ញុំ

« ម៉ែមិនដែលស្រលាញ់ខ្ញុំ!! »

សម្ដីមួយម៉ាត់របស់ខ្ញុំនេះអាចធ្វើឱ្យថ្មមួយដុំមកសង្កត់ចិត្តអ្នកដែលកំពុងស្ដាប់នេះឱ្យស្លាប់បាន ព្រោះស្រីម្នាក់ដែលឈរនៅចំពោះមុខនេះគឺជានារីដែលបានផ្ដល់កំណើតនិងចិញ្ចឹមខ្ញុំអស់ជាងដប់ឆ្នាំ។

« អើ…ល្អណាស់! ឯងនៀក៎វាធំឆ្អឹងហើយ! ចង់ទៅណាក៏ទៅៗ! ទៅឱ្យផុតទៅ ! »

អ្នកម្ដាយដែលធ្លាប់តែប្រើភាសាផ្អែមល្ហែមមកលួងលោមកូនជាទីស្រលាញ់ពេញបន្ទុកក៏ប្រែជាកំណាចបីដូចជាកូនសម្អប់។

ដួងចិត្តដែលមានៈស្រាប់ហើយស្ដាប់ឮពាក្យគ្រោតគ្រាតបែបនេះផងធ្វើឱ្យកំហឹងខ្ញុំកាន់តែឆេះឡើង។

« ទៅក៏បាន! មិនបាច់ឱ្យម៉ែខ្វល់មកជេរខ្ញុំទៀតទេ! »

សំឡេងមួយក៏ស្រែកកាត់ភ្លាម

« នែ៎! នេះម៉ែឯងណាវ៉ើយ! »

« ម៉ែដែលមិនស្រលាញ់ខ្ញុំសោះហ្នឹងអ្ហីបងដា? »

បងស្រីខឹងណាស់ស្រែកឱ្យខ្ញុំមិនចាំយូរឡើយ

« ម៉េចក៏ឯងដឹងថាគាត់មិនដែលស្រលាញ់ឯង? »

« បានហើយ ដា! វាមិនចង់ស្ដាប់ទេ ឯងមិនចាំបាច់និយាយប្រាប់វាទេ »

ខ្ញុំអាចដឹងបានថាម៉ែអស់សង្ឃឹមណាស់ ម៉ែស្អប់ មិនចង់សូម្បីតែមើលមុខខ្ញុំ។ ខ្ញុំសម្លឹងមុខម៉ែយ៉ាងតឹងតែងបន្តទៀត ហើយកាន់តែអណ្ដឺតអណ្ដកខ្លាំងឡើង

« ម៉ែដែលមិនឃើញពីតម្លៃខ្ញុំ ម៉ែដែលចាំតែបន្ទោសមិនឃើញអំពើល្អខ្ញុំខំធ្វើឱ្យម៉ែឃើញ! ម៉ែ…ម៉ែដែលចាំតែចាប់កំហុសរករឿង មិនត្រូវចិត្តគាត់ទាំងអស់! …ព្រោះខ្ញុំជាកូនសម្អប់ ធ្វើអីក៏ខុសមិនដូចកូនសម្លាញ់ម៉ែទេ! »

« នាងណា! » លើកទីមួយហើយដែលម៉ែស្រែកដាក់ខ្ញុំបែបនេះ

ខ្ញុំក៏មិនចោលចរិតចង់ឈ្នះមួយនេះដែរ

« បើម៉ែស្អប់ខ្ញុំណាស់ ម៉េចក៏មិនច្របាច់ ក ខ្ញុំឱ្យស្លាប់បាត់តាំងពីតូចទៅ! »

« បើយើងដឹងថាអ៊ីចឹង យើងក៏មិនបង្កើតឯងមកដែរ! »

ម៉ែឈឺចិត្តស្ទើរតែដួលលើដី។ ខ្ញុំកាន់តែខ្លោចចិត្តព្រោះដឹងថាម៉ែបែបនេះ ម៉ែដល់ថ្នាក់ស្ដាយក្រោយដែលមានខ្ញុំ។

ខ្ញុំរត់ចេញភ្លាម គេចពីម៉ែពីបងប្អូនទាំងថ្ងៃចូលឆ្នាំថ្មី។ ខ្ញុំរត់ទៅពួនយំម្នាក់ឯងនៅវាលស្រែដាច់កន្ទុយភ្នែក។

បងដានៅតែពីរនាក់ម៉ែខាងក្រោមផ្ទះ ៖

« ហើយវាមានរឿងអីបានជាខឹងម៉ែដាច់ក្បាលដាច់កន្ទុយដល់ម្លឹង? »

ហ៊ើយ…! នឹកដល់ពេលហ្នឹងទើបខ្ញុំដឹងថា

« សក្កណា មិនទៅស្រុកលេងចូលឆ្នាំទេក្មួយ? »

« ចាំមើលថ្ងៃចូលឆ្នាំសិនពូ! ប្ដីមិនទំនេរ អាអូនក៏មិនសូវស្រួលខ្លួន! »

នឹកដល់ពេលនោះទើបខ្ញុំដឹងថាខ្ញុំខានទៅលេងម៉ែជាង៤ឆ្នាំហើយ។

តាំងពីពេលដែលខ្ញុំខឹងម៉ែ ខ្ញុំក៏បានលេសមិនទៅជួបគាត់រហូត។ លុះដល់ថ្ងៃខ្ញុំរៀបការម៉ែក៏នៅតែបំពេញមុខលើកមាត់ឱ្យខ្ញុំដែលជាកូនសម្អប់។ រហូតរៀបការរួចក្លាយជាម្ដាយគេទើបខ្ញុំដឹងថា ម្ដាយខ្ញុំមិនបានខុសទេ អ្នកដែលខុសទាំងស្រុងគឺជារូបខ្ញុំ។

រយៈពេលដែលខ្ញុំនៅភ្នំពេញដេកក្នុងផ្ទះចាញ់កូនតែម្នាក់ឯងទើបអាចជ្រួតជ្រាបបានថា ម៉ែមានបេះដូងមិនខុសពីខ្ញុំក្នុងខណៈនេះឡើយ។

ខ្ញុំល្ហិតល្ហៃ គ្មានកម្លាំងកំហែងសោះ ពីព្រលឹមរហូតថ្ងៃរសៀលខ្ញុំក្អួតចង្អោរឡើងទន់ល្វើយ ខ្ញុំពិបាកក្នុងខ្លួនណាស់ថ្ងៃញ៉ាំអ្វីមិនបាន យប់ឡើងដេកក៏មិនស្រណុក ប៉ុន្ដែខ្ញុំរីករាយនឹងភាពជូរចត់នេះព្រោះក្មេងក្នុងផ្ទៃវាជាកូនសម្លាញ់របស់ខ្ញុំ។ លំបាកប៉ុណ្ណឹងទៅហើយក៏ខ្ញុំនៅតែចិត្តរឹងមិនប្រាប់ម៉ែឱ្យដឹងដែរ។ ជាម្ដាយគេខ្ញុំត្រេកអរណាស់ដែលជិតបានជួបមុខកូនប្រុសជាទីស្រលាញ់ ហើយកូនចិត្តមួយក៏នឹកព្រួយបារម្ភដល់ថ្ងៃគេចាប់កំណើត។

ពេលខ្ញុំលំបាកបំផុតក្នុងបន្ទប់សម្រាលខ្ញុំបែរជានឹកឃើញដល់ម៉ែមុនគេ។ ម៉ែឈឺដូចខ្ញុំដែរទេពេលបង្កើតខ្ញុំ? ហេតុអ្វីក៏ឈឺយ៉ាងនេះ? ឈាមខ្ញុំហូរដូចទន្លេ តំណក់ញើសហូរស្រក់ប្ដូរនឹងការឈឺចាប់រាប់ពាន់កាំបិត ហើយទឹកភ្នែកប្ដូរមកវិញនូវសំណើចព្រោះសម្រែកយំរបស់ទារកដែលទើបនឹងកើតចេញមក។

ម្រាមដៃតូចៗមកប៉ះខ្ញុំបន្ថើរៗកាន់តែធ្វើឱ្យខ្ញុំស្រកស្រុតកំហឹងដែលចងចិត្តទាំងអម្បាលម៉ានចំពោះម៉ែខ្លះ។ ក្មេងដែលបើកភ្នែកភ្លឺះៗសើចកក្អឹក រត់លេងញាក់មុខដាក់ខ្ញុំ កំពុងប្រាប់ខ្ញុំឱ្យយល់ថា កូនដែលខ្ញុំប្ដូរក្ដីសុខរាប់ខែ ខំចិញ្ចឹមគេរាប់ឆ្នាំ ធ្វើអ្វីទាំងអស់ដើម្បីគេដោយមិនខ្វល់ថាគេធំឡើងក្លាយជាមនុស្សយ៉ាងម៉េច ដឹងត្រឹមថាម៉ែស្រលាញ់កូនជាងជីវិត បែរជាមកស្ដីថាច្រែតៗនៅនឹងមុខខ្ញុំហើយស្រែកឮៗថាខ្ញុំមិនស្រលាញ់គេ ដូចកាលខ្ញុំព្រហើនដាក់ម៉ែ ច្បាស់ណាស់ថាខ្ញុំឈឺជាងបង្កើតគេទៅទៀត។

ម៉ែ! ឱ្យខ្ញុំសូមទោស…ខ្ញុំទើបតែដឹងខុសពេលនេះ ខ្ញុំសូមទោសណា៎ម៉ែ!

ថ្ងៃនេះខ្ញុំសម្រេចចិត្តទៅលេងស្រុកនៅថ្ងៃចូលឆ្នាំ គឺទៅលេងម៉ែ។ ទៅដល់ភ្លាមសភាពផ្ទះនៅដដែល តែហាក់ស្ងប់ស្ងាត់ជាងមុន ពុកក៏មិននៅ ម៉ែមិនដឹងទៅណា បងដាក៏មិនឃើញគាត់ទៀត។

ខ្ញុំក៏ដើរទៅក្រោយផ្ទះឮសំឡេងខ្សឹបខ្សាវពីខាងក្រោយ

« ឆ្នាំនេះ មីអូនមកផ្ទះអត់កូន? »

« មិនដឹងទេម៉ែ បើវារឹងយ៉ាងហ្នឹង! កាលពីកូនខ្ចីក៏មិនឃើញមកអើតផ្ទះសម្បែងទម្រាំតែកូនធំប៉ុណ្ណឹងហើយ ប្រហែលជាអត់ទេម៉ែអើយ! »

ម៉ែដកដង្ហើមធំទៀតហើយ។ តាមពិតម៉ែពិបាកចិត្តរឿងខ្ញុំមិនឈប់ទោះខ្ញុំមិនដែលនឹកនាម៉ែក៏ដោយ។

ខ្ញុំខាំមាត់ សង្កត់ចិត្តស្ដាប់ទៀត

« កាលនុងម៉ែមានរឿងអីបានជាវាខឹងម៉ែមិនបាត់សោះ រហូតថ្ងៃការហើយក៏វានៅតែស្ដីចុងមាត់ដាក់ម៉ែទៀត! »

ខ្ញុំមិនទាន់ភ្លេចទេកាលនោះគឺខ្ញុំសុំម៉ែយកប្រាក់ខែដែលផ្ញើគាត់ ដូរម៉ូតូថ្មី

« វាសុំម៉ែយកលុយផ្ញើទុកទាំងអស់ទៅដូរម៉ូតូថ្មី តែម៉ែមិនព្រម… »

« ហើយវាក៏ស្ដីឱ្យម៉ែ ថាមិនស្រលាញ់វា ព្រោះម៉ែយកប្រាក់ខែវាទុកទាំងអស់ហើយរឹងត្អឹងដាក់វាទៀត! »

កម្ដៅភាយៗចេញពីខ្លួន ខ្ញុំខំទប់ទឹកភ្នែកកុំឱ្យម៉ែឃើញហើយទ្រាំស្ដាប់បន្ដទៀតទាំងតឹងទ្រូង

« ម៉ែមិនព្រមទេណាព្រោះវាជាស្រី បើមានរឿងអីនឹងរបស់ល្អៗនោះទៅ ម៉ែគ្មានកូនត្រឡប់មកលេងម៉ែទៀតទេ »

ពាក្យមួយឃ្លារបស់ម៉ែនេះធ្វើឱ្យកូនក្បាលរឹងសឹងតែគាំងស្លាប់ភ្លាមៗនឹងកន្លែង

« ….ឯងក៏ដឹងហើយប្អូនជាមនុស្សរឹងតាំងពីក្មេងបើម៉ែមិនស្ដីប្រដៅខ្លាំងៗ បង្គាប់វាឱ្យតឹងរឹង សន្សំលុយវាខំធ្វើការទេធ្វើម៉េចប្អូនឯងមានរបស់ដុំកំភួននឹងគេខ្លះ? »

« តែចុងក្រោយម៉ែក៏យកលុយទិញម៉ូតូថ្មីឱ្យវា »

ខ្ញុំយំសស្រាក់ដូចទឹកបាក់ទំនប់។ ខ្ញុំឈប់ទ្រាំទៀតហើយម៉ែធ្វើឱ្យខ្ញុំយំទៀតហើយ! កូនសូមខមាទោសម៉ែ!

« ម៉ែមិនហ៊ានឱ្យពុកឯងជិះទេ ទុកចាំចូលឆ្នាំឱ្យវាបានជិះមុនគេ មួយឆ្នាំហើយមួយឆ្នាំទៀតមិនឃើញប្អូនមកទើបម៉ែដាច់ចិត្តឱ្យឯងយកជិះសិនទៅ! ឯងក៏អ៊ីចឹងដែរ មានប្រាប់វារឿងម៉ូតូអត់? »

« មិនប្រាប់ទេ! បើស្ទង់ចិត្តទៅវាមិនទាន់ឈប់ខឹងម៉ែផង ខ្ញុំក៏អត់ប្រាប់ទៅ! »

ខ្ញុំសម្លឹងមើលម៉ែនិងបងទាំងស្រវាំង ដៃខ្ញុំវាសទឹកភ្នែកចេញមិនឈប់អារម្មណ៍ពេលនេះដូចធ្លាក់នរកទាំងរស់អ៊ីចឹងម៉ែអើយ!

« ឃើញទេអញខោកឥលូវហ្នឹង! ធ្វើជាបងគេណាស់មិនណយទេឯងហ្នឹង! ហើយលុយម៉ែផ្ញើឱ្យប្អូនមានឱ្យវាទេ? »

« ម៉ែហ្អ៎! ស្រលាញ់តែវា វាក្បាលរឹងប៉ុណ្ណឹងហើយក៏នៅតែមិនសូវខ្វល់ពីខ្ញុំដែរ »

« ឯងវាចេះគិតបានម៉ែមិនស្ដីថាដូចប្អូន »

« ម៉ែ!… »

ខ្ញុំរត់ស្លេវទៅឱបម៉ែពីក្រោយពេញមួយទំហឹង!

ម៉ែភ្ញាក់ច្រងាងពេលឃើញខ្ញុំ

« ពៅកូនម៉ែ! មកហើយហ្ហីកូន? »

បំពង់ កខ្ញុំអួលណាស់ និយាយមិនចេញទេម៉ែ! ខ្ញុំយំគឃូសក្រោយខ្នងម៉ែទម្រាំងើបមុខឆ្លើយនឹងម៉ែបាន

« ខ្ញុំមកហើយម៉ែ…! »

ខ្ញុំលើកដៃទាំងពីរឡើង

« ឱ្យកូនសូមខមាទោសណាម៉ែ…កូនក្បាលរឹងមួយនេះសូមទោស…! កូនល្ងង់អត់ដឹងថាម៉ែស្រលាញ់កូនខ្លាំង…កូនឆ្កួត…កូនឡប់សតិដែលស្ដីថាឱ្យម៉ែ… កូន…»

ម៉ែទាញដៃខ្ញុំចុះហើយឱបខ្ញុំទាំងម៉ែកំពុងយំ

« ប៉ុណ្ណឹងបានហើយណាកូន…! កូនខុសក៏ដោយត្រូវក៏ដោយ បានកូនមកលេងម៉ែវិញ ប៉ុណ្ណឹងម៉ែសប្បាយចិត្តណាស់ហើយ! ឈប់គិតរឿងដែលវាហួសទៅហើយទៅណាកូនណា៎! »

សំឡេងមួយកាត់ផ្ដាច់ចង្វាក់ខ្ញុំនិងម៉ែពីក្រោយខ្នង

« ម៉ាក់! យាយហៅអុជធូបទទួលទេវតាឆ្នាំថ្មី! ម៉ាក់យំរឿងអីហ្នឹង? »

« ម៉ាក់អត់អីទេ តោះទៅអុជធូប! »

គ្រួសារមួយមានជីដូនជីតា ឪពុកម្ដាយ មីងមាជួបជុំគ្នាក្នុងពេលនេះពិតជាអនុស្សាវរីយ៍ល្អបំផុតសម្រាប់ខ្ញុំនិងកូន។ ស្នាមញញឹមរបស់ម៉ែកក់ក្ដៅខ្លាំងណាស់សម្រាប់ខ្ញុំ បើសិនជាអាចកែប្រែកំហុសបានទោះមានរឿងអីក៏ដោយ ខ្ញុំមិនទុកម៉ែចោលពេលចូលឆ្នាំទៀតឡើយ។

ចប់…