ព្រះនាងតូចសារ៉ា ភាគទី៦

“អ្នក​ណា​ឲ្យ​នំ​ឯង?” ស្ត្រី​នោះ​សួរ។

ក្មេង​នោះ​ចង្អុល​ទៅ​កន្លែង​ដែល សារ៉ា បាន​ដើរ​កាត់​និង​បាត់​ខ្លួន​ទៅ។

“នាង​និយាយ​ថា​ម៉េច?” ស្ត្រី​នោះ​សួរ។

“សួរ​ថា​ខ្ញុំ​ឃ្លាន​ទេ?” ក្មេង​ឆ្លើយ​ដោយ​សំឡេង​ស្អក។

“ឯង​និយាយ​ថា​ម៉េច?”

“ខ្ញុំ​ថា​ខ្ញុំ​ឃ្លាន​ណាស់។”

“ហើយ​បន្ទាប់​មក​គេ​មក​វិញ​ ហើយ​ឲ្យ​នំ​ទៅ​​ឯង​ មែន​ទេ?”

ក្មេង​​សុំទាន​ងក់​ក្បាល។

“ឲ្យ​ប៉ុន្មាន?”

“ប្រាំ”

ស្ត្រី​នោះ​គិត​ពី​នាង៖

“សល់​តែ​មួយ​សម្រាប់​នាង​​ខ្លួន​ឯង ហើយ​ខ្ញុំ​ឃើញ​ភ្នែក​របស់​នាង​ឃ្លាន គឺ​អាច​ញ៉ាំ​អស់​ទាំង​ប្រាំ​មួយ។”

គាត់​សម្លឹង​ទៅ​ផ្លូវ​ដែល​នាង​បាន​ដើរ​ទៅ​បាត់ ដោយ​មិន​ស្រណុក​ចិត្ត​ដូច​សព្វ​មួយ​ដង​របស់​គាត់ ហើយ​គាត់​ងាក​មក​ក្មេង​សុំទាន។

“ឯង​​បាត់​ឃ្លាន​នៅ?”

“ខ្ញុំ​នៅ​តែ​ឃ្លាន ប៉ុន្តែ​មិន​ឃ្លាន​ដូច​មុន​នេះ​ទេ។”

“មក​នេះ”

ក្មេង​នោះ​ដើរ​តាម​គាត់​ចូល​ទៅ​ក្នុង ត្រូវ​គេ​ហៅ​ចូល​​មក​កន្លែង​កក់​ក្ដៅ និង​មាន​នំ​នៅ​ពេញ​កន្លែង​គឺ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​ក្មេង​តូច​នេះ។ នាង​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ នាង​ថែម​ទាំង​មិន​ខ្វល់​ទៀត​ផង។

“ឯង​កំដៅ​ខ្លួន​ទៅ ហើយ​មើល​កន្លែង​នេះ ពេល​ដែល​ឯង​ចង់​ញ៉ាំ​នំប៉័ង​ ឯង​អាច​មក​សុំ​នៅ​ទីនេះ​បាន។ ខ្ញុំ​សប្បាយ​ចិត្ត​បើ​ខ្ញុំ​​នឹង​ឲ្យ​ឯង​​មិន​មែន​ដើម្បី​ក្មេង​ស្រី​ម្នាក់​នោះ។” 

…………………………………….

សារ៉ា ​យល់​ថា​មាន​សេចក្ដី​សុខ​បន្តិច​ជាមួយ​នឹង​នំ​ដែល​នៅ​សល់​មួយ​របស់​នាង យ៉ាង​ណា​វា​នៅ​ក្ដៅ​​ខ្លាំង ហើយ​វា​ប្រសើរ​ជាង​គ្មាន​អ្វី​សោះ។ ពេល​ដែល​នាង​កំពុង​ដើរ នាង​បេះ​មួយ​ដុំ​មក​ញ៉ាំ ហើយ​ញ៉ាំ​យឺតៗ​​ដើម្បី​ឲ្យ​ញ៉ាំ​បាន​យូរ។

“ឧបមា​ថា នេះ​ជា​នំ​ទិព្វ​ ហើយ​ញ៉ាំ​មួយ​ម៉ាត់​ស្មើ​នឹង​ញ៉ាំ​អាហារ​ពេល​ល្ងាច​មួយ​ពេល ខ្ញុំ​នឹង​ញ៉ាំ​ហួស​ប្រមាណ​បើ​ខ្ញុំ​បន្ត​ញ៉ាំ​បែប​នេះ។” នាង​និយាយ។

មេឃ​ងងឹត​ហើយ​ពេល​នាង​ទៅ​ដល់​ទីធ្លា​​បួន​ជ្រុង​មុខ​​សាលា។ តាម​ផ្ទះ​នីមួយៗ​សុទ្ធ​តែ​បើក​ភ្លើង ជា​ធម្មតា​នៅ​ម៉ោង​ថ្មើរ​នេះ​​ពេល​នាង​សម្លឹង​ទៅ​បង្អួច​ផ្ទះ​គ្រួសារ​ធំ នាង​ឃើញ​​តែង​ឃើញ​សុភាព​បុរស​ដែល​នាង​ដាក់​ឈ្មោះ​ថា​លោក ម៉ុនម៉័ររេនស៊ី អង្គុយ​នៅ​លើ​កៅអី​ធំ ដោយ​មាន​ក្មេងៗ​នៅ​ជុំវិញ​គាត់ កំពុង​និយាយ សើច នៅ​លើង​ដៃ​កៅអី​របស់​គាត់ ឬ​ជង្គង់​របស់​គាត់ ឬ​ននាល​លើ​គាត់។ ពេល​នោះ​រឿង​ដ៏​រំភើប​កំពុង​កើត​ឡើង មើល​ទៅ​គាត់​នឹង​ត្រូវ​ធ្វើ​ដំណើរ។ រទេះ​នៅ​ខាង​មុខ​ទ្វារ ហើយ​មាន​វ៉ាលី​ធំ​មួយ​ត្រូវ​បាន​ចង​ភ្ជាប់​នៅ​លើ​នោះ។ ក្មេងៗ​កំពុង​រាំ​ និយាយ និង​ហក់​ឡើង​លើ​ប៉ា​របស់​ពួក​គេ ម្ដាយ​ដ៏​ស្រស់​ស្អាត​កំពុង​ឈរ​នៅ​ជិត​គាត់ កំពុង​និយាយ​ហាក់​ដូច​ជា​គាត់​សួរ​សំនួរ​ចុង​ក្រោយ។ សារ៉ា ឈប់​មួយ​ភ្លែត​ដើម្បី​មើល​ក្មេង​តូចៗ ដែល​គាត់​លើក​មក​ថើប ហើយ​ក្មេង​ធំ ផ្ដេក​លើ​គាត់​និង​ថើប​គាត់។​

“ខ្ញុំ​ចង់​ដឹង​ថា​គាត់​នឹង​ត្រូវ​ទៅ​​នៅ​ឆ្ងាយ​យូរ​មែន​ទេ វ៉ាលី​នោះ​ធំ​ណាស់ អូ! តើ​ពួក​គេ​នឹង​នឹក​គាត់​យ៉ាង​ណា! ខ្ញុំ​នឹង​នឹក​គាត់​ដែរ ទោះ​បី​ជា​គាត់​មិន​​ស្គាល់​ខ្ញុំ​ក៏​ដោយ។” សារ៉ា គិត។

ពេល​ដែល​ទ្វារ​បើក​មក សារ៉ា ដើរ​ចេញ ដោយ​ចងចាំ​ពី​រឿង​កាក់​ប្រាំមួយ​ផេន្នី ប៉ុន្តែ​នាង​បាន​ឃើញ​អ្នក​ធ្វើ​ដំណើរ​ចេញ​មក​ក្រៅ ហើយ​ឈរ​សម្លឹង​ទៅ​បន្ទប់​ដែល​​ចាំង​ដោយ​ពន្លឺ ខណៈ​កូន​ច្បង​នៅ​តែ​តាម​និយាយ​ជាមួយ​គាត់។

“តើ​មូស្គូ​នឹង​មាន​ព្រឹល​ច្រើន​ទេ? តើ​នឹង​មាន​ទឹក​កក​នៅ​គ្រប់​កន្លែង​ទេ?” ជេនេត និយាយ។

“ប៉ា​​នឹង​ជិះ​​ឡាន​តាម​ត្រូស្កាយ​ទេ? ប៉ា​នឹង​ឃើញ​ ស៊ីហ្សា ទេ?” កូន​ម្នាក់​ទៀត​ស្រែក។

“ប៉ា​នឹង​សរសេរ​ប្រាប់​កូន​ពី​រឿង​នៅ​ទីនោះ​ទាំង​អស់ ហើយ​ប៉ា​នឹង​ផ្ញើ​រូប​ថត​មក​ឲ្យ​កូន​មើល។ ឆាប់​រត់​ចូល​ផ្ទះ​ទៅ! យប់​នេះ​អាកាសធាតុ​មិន​ល្អ​ទេ ប៉ា​ចង់​នៅ​ជា​មួយ​ពួក​ឯង​មិន​ចង់​ទៅ​មូស្គូ​ទេ។ រាត្រី​សួស្ដី! រាត្រី​សួស្ដី!” គាត់​និយាយ​ហើយ ក៏​រត់​ចុះ​មក​ និង​ឈាន​ឡើង​ចូល​រទេះ។

“បើ​ប៉ា​រក​ក្មេង​ស្រី​នោះ​ឃើញ ឲ្យ​ក្ដី​ស្រលាញ់​ពួក​ខ្ញុំ​ទៅ​នាង​ផង!” ក្លូរេន ស្រែក ហើយ​លោត​ចុះ​ឡើង នៅ​មាត់​ទ្វារ។

បន្ទាប់​មក​ពួក​គេ​ចូល​ក្នុង​ផ្ទះ​ ហើយ​​បិទ​ទ្វារ។

​”ឯង​ឃើញ​ទេ ក្មេង​ស្រី​ដែល​មិន​មែន​ជា​អ្នក​សុំទាន​នោះ​ដើរ​កាត់​ទី​នេះ? មើល​ទៅ​នាង​រងា​ខ្លាំង​ណាស់ ហើយ​ខ្លួន​ទទឹក​ជោក ខ្ញុំ​ឃើញ​នាង​ងាក​មក​មើល​ពួក​យើង។ ម៉ាក់ និយាយ​ថា​ សម្លៀកបំពាក់​របស់​នាង​មើល​ទៅ​ដូច​ជា​អ្នក​មាន​ណា​ម្នាក់​ឲ្យ​ទៅ​នាង គឺ​អ្នក​មាន​ដែល​នាង​តែ​​សម្លៀកបំពាក់​ដែល​រយីករយាក។ អ្នក​នៅ​ក្នុង​សាលា​តែង​តែ​ប្រើ​នាង​ឲ្យ​ចេញ​មក​ទិញ​ឥវ៉ាន់​នៅ​ថ្ងៃ​ធ្លាក់​ព្រឹល ហើយ​ពេល​យប់​ក៏​ប្រើ​ដែរ។” ជេនេត និយាយ​​ទៅ​កាន់ ណូរ៉ា ពេល​ដែល​ពួក​គេ​ចូល​ក្នុង​បន្ទប់​វិញ។

សារ៉ា ដើរ​កាត់​ទីធ្លា​បួន​ជ្រុង​ឆ្ពោះ​​ទៅ​ជណ្ដើរ​តំបន់​របស់​កញ្ញា មីនជីន ដោយ​អារម្មណ៍​អស់​កម្លាំង និង​ញ័រ​ចំប្រប់។

“ខ្ញុំ​ឆ្ងល់​ថា​ក្មេង​ស្រី​តូច​នោះ​ជា​អ្នក​ណា ក្មេង​ស្រី​តូច​ដែល​គាត់​តាម​រុក។” សារ៉ា គិត។

ហើយ​នាង​ដើរ​ទៅ​ជណ្ដើរ យួរ​ធុង​របស់​នាង និង​​ទទួល​អារម្មណ៍​ថា​វា​ធ្ងន់​ខ្លាំង ខណៈ​ដែល​ប៉ាប៉ា​ក្នុង​គ្រួសារ​ធំ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានីយ​ដើម្បី​ឡើង​រថភ្លើង​ដែល​ចេញ​ដំណើរ​ទៅ​មូស្គូ កន្លែង​ដែល​គាត់​ត្រូវ​ខិត​ខំ​ស្វែង​រក​កូន​ស្រី​របស់​កាពីទែន គ្រូវី ដែល​បាន​បាត់​​ខ្លួន។

…………………………………………

ព្រះ​នាង​តូច (ភាគ​ទី​១១)

នៅ​ល្ងាច​នេះ​ខណៈ​ដែល​ សារ៉ា ចេញ​ទៅ​ក្រៅ រឿង​ចម្លែក​បាន​កើត​ឡើង​នៅ​ក្នុង​បន្ទប់​ធ្នើរ។ មាន​តែ ម៉េឆាយឌេក ទេ​ដែល​បាន​ឃើញ និង​ស្ដាប់​ឮ ហើយ​គេ​ខ្លាច​ណាស់​ទើប​គេ​ត្បុល​ចូល​ទៅ​ក្នុង​​រន្ធ​របស់​គេ​វិញ ហើយ​លាក់​ខ្លួន​នៅ​ទីនោះ គេ​ញ័រ​ខ្លួន​តែ​មិន​ព្យាយាម​នៅ​ស្ងៀម​មិន​ហ៊ាន​កម្រើក ហើយ​ប្រុង​ប្រយ័ត្ន​ពេល​ដែល​គេ​ចាំ​ស្ដាប់​ថា​នឹង​មាន​អ្វី​កើត​ឡើង។

បន្ទប់​នេះ​នៅ​ស្ងាត់​ឈឹង​​ចាប់​តាំង​ពី​​​ សារ៉ា បាន​ចាក​ចេញ​ទៅ​តាំង​ពី​ព្រលឹម។ ភាព​ស្ងប់​ស្ងាត់​នេះ​ត្រូវ​បាន​បំបែក​​ដោយ​សំឡេង​មេឃ​ភ្លៀង​​ខ្ទរ​ពី​ដំបូល​មក និង​កញ្ចក់​បំភ្លឺ​ដំបូល។ ម៉េឆាយឌេក ដឹង​ថា​នោះ​អាច​ជា​អំពើ​ល្ងង់​ពេល​ដែល​មេឃ​រាំង​ ហើយ​ត្រលប់​មក​សភាព​ស្ងាត់​ដូច​ធម្មតា​វិញ គេ​បាន​សម្រេច​ចិត្ត​ចេញ​មក​មើល ដោយ​តាម​ការ​ចំណាំ​របស់​គេ​ សារ៉ា នឹង​មិន​មក​វិញ​ទេ​នៅ​អំឡុង​ពេល​ថ្មើរ​នេះ។

គេ​ដើរ​លប់ៗ​ចេញ​មក​ក្រៅ ហើយ​ហិត​ក្លិន​ ហើយ​បាន​ឃើញ​កំទេច​អាហារ​របស់​គេ​សល់​មួយ​កូន​ដុំ​កាល​ពី​លើក​មុន ពេល​នោះ​គេ​ឮ​សំឡេង​នៅ​ខាង​លើ​ដំបូល។ គេ​ឈប់​ស្ងៀម​ហើយ​​ផ្ទៀង​ស្ដាប់​សំឡេង​នោះ​ដោយ​ញ័រ​ខ្លួន។ សំឡេង​នោះ​ប្រាប់​គេ​ឲ្យ​ដឹង​ថា​​ អ្វី​ម្យ៉ាង​កំពុង​មាន​សកម្មភាព​នៅ​លើ​ដំបូល។ សំឡេង​នោះ​មក​ជិត​កញ្ចក់​បំភ្លឺ​ដំបូល វា​បាន​មក​ដល់​​កញ្ចក់​បំភ្លឺ​ដំបូល។ កញ្ចក់​បំភ្លឺ​ដំបូល​ត្រូវ​បាន​គេ​បើក​ដោយ​អាថ៌កំបាំង មុខ​មនុស្ស​ខ្មៅ​បាន​បង្ហាញ​ចូល​មក​ក្នុង​បន្ទប់​ធ្នើរ ក្រោយ​មក​មុខ​មួយ​ទៀត​បាន​បង្ហាញ​មក​​ពី​ក្រោយ​ទៀត ហើយ​មុខ​ទាំង​ពីរ​នោះ​បង្ហាញ​ពី​ការ​ប្រុង​ប្រយ័ត្ន​ និង​ចាប់​អារម្មណ៍។ បុរស​ពី​នាក់​នៅ​ខាងលើ​ដំបូល ហើយ​កំពុង​ត្រៀម​ខ្លួន​យ៉ាង​ស្ងៀមស្ងាត់​ដើម្បី​ចូល​មក​ក្នុង​តាម​កញ្ចក់​បំភ្លឺ​ដំបូល​នោះ។ ម្នាក់​គឺ​ រ៉ាម ដាស ហើយ​ម្នាក់​ទៀត​គឺ​បុរស​ក្មេង​ដែល​ជា​លេខា​របស់​សុភាព​បុរស​ជនជាតិ​ឥណ្ឌា​នោះ ប៉ុន្តែ​ជា​ការ​ពិត​ណាស់ ម៉េឆាយឌេក មិន​ដឹង​រឿង​នេះ​ទេ។ គេ​គ្រាន់​តែ​ដឹង​ថា បុរស​ទាំង​នោះ​ឈ្លាន​ពាន​ភាព​ស្ងៀមស្ងាត់ និង​​ឯកជន​ភាព​នៃ​បន្ទប់​ធ្នើរ​នេះ ហើយ​ពេល​ដែល​បុរស​មុខ​ខ្មៅ​សម្រូត​ខ្លួន​ចុះ​មក​ដោយ​មិន​ឲ្យ​ឮ​សំឡេង​សោះ​នោះ ម៉េឆាយឌេក បែរ​កន្ទុយ​ហើយ​គេច​​ទៅ​រន្ធ​របស់​គេ​វិញ គេ​ខ្លាច​ត្រូវ​ស្លាប់​ខ្លួន។ គេ​បាន​សាំង​ជា​មួយ​នឹង​ សារ៉ា ហើយ​គេ​ដឹង​ថា​នាង​នឹង​មិន​គប់​របស់​អ្វី​ដាក់​គេ​ទេ​ក្រៅ​ពី​កំទេច​អាហារ ហើយ​មិន​ដែល​​ធ្វើ​ឲ្យ​មាន​សំឡេង​អ្វី​ទេ​ក្រៅ​ពី​សំឡេង​ស្រទន់ តិចៗ សំឡេង​ហួច ប៉ុន្តែ​បុរស​ទាំង​នោះ​គឺ​មាន​គ្រោះ​ថ្នាក់​បើ​នៅ​ជិត។ គេ​រត់​ទៅ​​​ច្រក​ចូល​រន្ធ​របស់​គេ ដោយ​អាច​មើល​មក​ក្រៅ​ជាមួយ​នឹង​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ភ្នែក​ខាង​ស្ដាំ​របស់​គេ។ ថា​តើ​គេ​យល់​ពី​ការ​និយាយ​គ្នា​របស់​បុរស​ទាំង​នោះ​យើង​មិន​អាច​និយាយ​បាន​ទេ ប៉ុន្តែ​ទោះ​បី​ជា​គេ​យល់​ទាំង​អស់ គេ​នឹង​នៅ​តែ​ភ័យ​ខ្លាច។

លេខា​ដែល​មាន​មាឌ​ស្ដើង និង​ក្មេង​ បាន​ចូល​មក​តាម​​កញ្ចក់​បំភ្លឺ​ដំបូល​ដោយ​មិន​​ធ្វើ​ឲ្យ​មាន​សំឡេង​ដូច​ជា​ រ៉ាម ដាស​ ​​បាន​ចុះ​មក​ដែរ ហើយ​​ការ​សម្លឹង​របស់​គេ​ទី​មួយ​គឺ​ឃើញ​កន្ទុយ​របស់ ម៉េឆាយឌេក។

“នោះ​ជា​កណ្ដុរ​មែន​ទេ?” គេ​ខ្សឹប​សួរ រ៉ាម ដា។

“បាទ គឺ​កណ្ដុរ ទាន។ មាន​កណ្ដុរ​ច្រើន​ណាស់​នៅ​ក្នុង​ជញ្ជាំង។” រ៉ាម ដាស ខ្សឹប​ឆ្លើយ​មក​វិញ។

“អូ! ពិត​ជា​អស្ចារ្យ​មែន ដែល​ក្មេង​ស្រី​មិន​ខ្លាច​ពួក​គេ។” បុរស​ក្មេង​លាន់​មាត់។

រ៉ាម ដាស​ ធ្វើ​កាយវិការ​ដោយ​ប្រើ​ដៃ​របស់​គាត់ គាត់​ក៏​ញញឹម​ដោយ​ការ​គោរព​ផង​ដែរ។ គាត់​ចូល​មក​ក្នុង​បន្ទប់​ធ្នើរ​នេះ​ហាក់​ដូច​ជា​មនុស្ស​ស្និទ្ធស្នាល​របស់​ សារ៉ា ទោះ​បី​ជា​គាត់​ធ្លាប់​និយាយ​ជាមួយ​នាង​តែ​ម្ដង​ក៏​ដោយ។

“ក្មេង​នោះ​ជា​មិត្ត​តូច​របស់​អ្វី​គ្រប់​យ៉ាង ទាន។ នាង​មិន​ដូច​ជា​ក្មេង​ផ្សេង​ទេ ខ្ញុំ​មើល​នាង​ពេល​នាង​មិន​ឃើញ​ខ្ញុំ។ ខ្ញុំ​ឆ្លង​ដំបូល​មក​មើល​នាង​ជា​ច្រើន​យប់​ដើម្បី​ដឹង​ថា​នាង​មាន​សុវត្ថិភាព។ ខ្ញុំ​មើល​នាង​តាម​បង្អួច​ពេល​នាង​មិន​ដឹង​ថា​ខ្ញុំ​នៅ​ក្បែរ​នេះ។ នាង​ឈរ​នៅ​លើ​តុ​ទី​នោះ ហើយ​សម្លឹង​ទៅ​​ក្រៅ​មើល​មេឃ ហាក់​ដូច​ជា​មេឃ​កំពុង​និយាយ​មក​រក​នាង។ ចាប​ហើរ​មក​ពេល​នាង​ហៅ កណ្ដុរ​​នោះ​នាង​បាន​ឲ្យ​ចំណី​រហូត​ដល់​​វា​សាំង​តាម​ភាព​ឯកោ​របស់​នាង។ ទាសករ​កម្សត់​មក​រក​នាង​ដើម្បី​បាន​ការ​លួងលោម។ មាន​ក្មេង​តូច​ម្នាក់​លួច​មក​រក​នាង មាន​ក្មេង​ម្នាក់​ទៀត​អាយុ​ច្រើន​បន្តិច​ដែល​គោរព​នាង ហើយ​នឹង​នៅ​ស្ដាប់​នាង​រហូត​ប្រសិន​បើ​នាង​អាច​នៅ​ស្ដាប់​បាន។ ខ្ញុំ​បាន​ឃើញ​រឿង​ទាំង​នេះ​ពេល​ខ្ញុំ​លូន​មក​តាម​ដំបូល។ ម្ចាស់​ផ្ទះ​នេះ​គឺ​ជា​ស្ត្រី​ចិត្ត​អាក្រក់ ទុក​នាង​ដូច​ជា​ខ្ញុំ​បម្រើ ប៉ុន្តែ​នាង​ទ្រាំ​រស់​នៅ​ទី​នេះ!”

“លោក​ដូច​ជា​ដឹង​រឿង​របស់​នាង​ច្រើន​ណាស់” លេខា និយាយ។

“ខ្ញុំ​ដឹង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង ខ្ញុំ​ដឹង​ពី​ការ​ចេញ​ទៅ​ក្រៅ​របស់​នាង ហើយ​ពេល​នាង​ត្រលប់​មក​វិញ ទុក្ខ​សោក​ និង​ក្ដី​រីករាយ​ដ៏​កម្សត់​របស់​នាង ភាព​រងា និង​អត់​ឃ្លាន​របស់​នាង។ ខ្ញុំ​ដឹង​ពេល​នាង​អង្គុយ​ម្នាក់​ឯង​រហូត​ដល់​យប់​ជ្រៅ រៀន​ដោយ​ការ​មើល​សៀវភៅ ខ្ញុំ​ដឹង​ពេល​មិត្ត​​អាថ៌កំបាំង​របស់​នាង​លួច​មក​ជួប​នាង​ ហើយ​នាង​សប្បាយ​ចិត្ត​តាម​របៀប​ជា​ក្មេង ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​បែប​នេះ ព្រោះ​ពួក​គេ​មក​ នាង​នឹង​សើច​ ហើយ​និយាយ​ជាមួយ​ពួក​គេ​ដោយ​ខ្សឹបៗ។ ប្រសិន​បើ​នាង​ឈឺ ខ្ញុំ​នឹង​ដឹង ហើយ​ខ្ញុំ​នឹង​មក​បម្រើ​នាង​ប្រសិន​ជា​អាច​ធ្វើ​បាន។”

​”លោក​ច្បាស់​ទេ​ថា​គ្មាន​អ្នក​ឡើង​មក​ទី​នេះ​ក្រៅ​ពី​នាង ហើយ​ថា​នាង​​នឹង​មក​វិញ​ថ្មើរ​នេះ​ហើយ​ធ្វើ​ឲ្យ​ពួក​យើង​ភ្ញាក់​​ផ្អើល? នាង​ភ័យ​ខ្លាច​ប្រសិន​បើ​នាង​ឃើញ​ពួក​យើង​នៅ​ទីនេះ ហើយ​គំរោង​របស់​លោក​ម្ចាស់ ការីហ្វត់ នឹង​ត្រូវ​ខូច​មិន​ខាន។”

រ៉ាម ដាស ដើរ​ទៅ​ឈរ​ជិត​ទ្វារ​ដោយ​មិន​ឲ្យ​​ឮ​សំឡេង។

“គ្មាន​អ្នក​ទី​នេះ​ក្រៅ​ពី​នាង​ទេ​ទាន នាង​យួរ​ធុង​របស់​នាង​ចេញ​ក្រៅ​ហើយ ហើយ​ប្រហែល​ជា​ទៅ​​ច្រើន​ម៉ោង។ ប្រសិន​បើ​ខ្ញុំ​ឈរ​នៅ​ទី​នេះ​ខ្ញុំ​អាច​​ឮ​សម្រាប់​ជើង​ទាំង​អស់​ដែល​ដើរ​ឡើង​មក​ជាន់​លើ​នេះ។”

លោក លេខា យក​ប៊ិច​ និង​​ក្រដាស​​ចេញ​ពី​ហោប៉ៅ​របស់​គាត់​មក។

“លោក​ផ្ទៀង​ចាំ​ស្ដាប់​ទៅ” គាត់​និយាយ ហើយ​ចាប់​ផ្ដើម​ដើរ​យឺតៗ ហើយ​ថ្នមៗ​នៅ​ក្នុង​បន្ទប់​តូច​កម្សត់​នេះ ដោយ​កាត់​ចំណាំ​យ៉ាង​លឿន​នៅ​ក្នុង​ក្រដាស​​របស់​គាត់​ពេល​ដែល​គាត់​មើល​របស់​គ្រប់​យ៉ាង​នៅ​ជុំ​វិញ​នោះ។

ដំបូង​​គាត់​ដើរ​ទៅ​គ្រែ​ដ៏​តូច ហើយ​យក​ដៃ​សង្កត់​លើ​​នោះ​ហើយ​លាន់​មាត់។

“រឹង​ដូច​ជា​ថ្ម យើង​ត្រូវ​តែ​ប្ដូរ​នៅ​ថ្ងៃ​ណា​មួយ​ពេល​ដែល​នាង​ចេញ​ទៅ​ក្រៅ។ ត្រូវ​តែ​រៀប​ចំ​យ៉ាង​ពិសេស​ដើម្បី​យក​វា​ចេញ។ យើង​មិន​អាច​ធ្វើ​នៅ​យប់​នេះ​បាន​ទេ”។ គាត់​សា​កម្រាល​ចេញ​ហើយ​មើល​ខ្នើយ​តូច​ស្ដើង។

“ខ្នើយ​តូច​ហើយ​រហែក ភួយ​ស្ដើង កម្រាល​ចាស់​ស្ដើង​ហើយ​រហែក គ្រែ​បែប​នេះ​គេ​ដាក់​ឲ្យ​ក្មេង​គេង​នៅ​ក្នុង​កន្លែង​មួយ​ដែល​គេ​និយាយ​ថា​គួរ​ឲ្យ​គោរព? អត់​មាន​ភ្លើង​ដុត​កំដៅ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ” លោក​លេខា និយាយ​ ហើយ​សម្លឹង​មើល​ចង្ក្រាន​ធ្យូង​ចាស់​។

“ខ្ញុំ​មិន​ដែល​ឃើញ​គេ​ដុត​កំដៅ​ទេ អ្នក​ស្រី​នោះ​មិន​ចាំ​ថា​អ្នក​ណា​ខ្លះ​រងា​ទេ​ ក្រៅ​ពី​ខ្លួន​គាត់។”

លេខា​នោះ​សរសេរ​យ៉ាង​លឿន​ក្នុង​​​ក្រដាស​​របស់​គាត់។

“នេះ​ជា​វិធី​ចម្លែក តើ​នរណា​ជា​អ្នក​រៀប​គំរោង?” លេខ និយាយ។​

រ៉ាម ដាស បង្ហាញ​ពី​​ការ​គោរព​បន្តិច។

“ការ​ពិត​គំនិត​ដំបូង​គឺ​ជា​គំនិត​របស់​ខ្ញុំ ទាន ទោះ​​ការងារ​នេះ​លំបាក​​តែ​ជា​រឿង​គួរ​ឲ្យ​ចូលចិត្ត។ ខ្ញុំ​ចូល​ចិត្ត​ក្មេង​នេះ ពួក​យើង​ទាំង​ពីរ​នាក់​ឯកោ​ដូច​គ្នា។ នៅ​យប់​មួយ​នាង​កំពុង​តែ​មាន​អារម្មណ៍​​ឯកា​តែ​ម្នាក់​ឯង ខ្ញុំ​ក្រាប់​ជិត​កញ្ចក់​បំភ្លឺ​ដំបូល ហើយ​ចាំ​ស្ដាប់។ ទស្សនៈ​របស់​នាង​បាន​រៀបរាប់​ប្រាប់​ថា បន្ទប់​ដ៏​គួរ​ឲ្យ​វេទនា​នេះ​ប្រហែល​ជា​អាច​មាន​សេចក្ដី​សុខ​នៅ​ក្នុង​នេះ។ នាង​ហាក់​ដូច​ជា​មើល​ឃើញ​ពេល​នាង​និយាយ ហើយ​នាង​ចាប់​ផ្ដើម​មាន​ទឹកមុខ​រីករាយ ហើយ​​កក់​ក្ដៅ​ពេល​នាង​និយាយ​ហើយ។ ស្អែល​ឡើង​លោក​ម្ចាស់​មិន​ស្រួល​ខ្លួន ខ្ញុំ​បាន​​និយាយ​រឿង​ប្រាប់​គាត់​ដើម្បី​ឲ្យ​គាត់​បាន​សប្បាយ​ចិត្ត។ ស្ដាប់​មើល​ទៅ​ពេល​នោះ​ដូច​ជា​សុបិន ប៉ុន្តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត។​ ការ​ដែល​ស្ដាប់​ក្មេង​ធ្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត។ គាត់​បាន​ចាប់​អារម្មណ៍​នឹង​នាង ហើយ​បាន​សួរ​សំនួរ​ជា​ច្រើន។ ទី​បំផុត​គាត់​ចាប់​ផ្ដើម​រីករាយ​​ជា​មួយ​នឹង​គំនិត​ថា ធ្វើ​ឲ្យ​ការ​គិត​របស់​នាង​ក្លាយ​ជា​ការ​ពិត។”

“លោក​គិត​​ថា​យើង​អាច​ធ្វើ​បាន​ពេល​ដែល​នាង​គេង​លក់? ចុះ​បើ​នាង​ដឹង​ខ្លួន?” លេខា​បាន​ផ្ដល់​យោបល់ ហើយ​​មើល​ទៅ​គឺ​ច្បាស់​ណាស់​មិន​ថា​គំរោង​នោះ​សំដៅ​ទៅ​លើ​អ្វី​ទេ វា​បាន​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​ដូច​ជា​លោក ការីហ្វត់ ដែរ។

“ខ្ញុំ​អាច​ដើរ​ដោយ​គ្មាន​សំឡេង​ដូច​ដើរ​លើ​សំពត់​ ហើយ​ក្មេង​គេង​លង់លក់​ស្កប់ស្កល់​ណាស់​ ទោះ​បី​ជា​ក្មេង​ដែល​មិន​សប្បាយ​ចិត្ត​ក៏​ដោយ។ ខ្ញុំ​អាច​ចូល​មក​ក្នុង​បន្ទប់​នេះ​ជា​ច្រើន​លើក​នៅ​ពេល​យប់​ដោយ​មិន​ឲ្យ​នាង​កម្រើក​​ពី​ខ្នើយ។ ប្រសិន​បើ​មាន​អ្នក​កាន់​របស់​ហុច​ឲ្យ​ខ្ញុំ​តាម​បង្អួច​ ខ្ញុំ​អាច​ធ្វើ​ការ​បាន​ទាំង​អស់​ហើយ​នាង​នឹង​មិន​ភ្ញាក់​ទេ។ ពេល​ដែល​នាង​ដឹង​ខ្លួន​ឡើង​នាង​នឹង​គិត​ថា​ក្នុង​បន្ទប់​នេះ​មាន​រឿង​សក្ដិសិទ្ធិ​​បាន​កើត​ឡើង។” រ៉ាម ដាស ឆ្លើយ​ហើយ​ញញឹម​ហាក់​ដូច​​ជា​គាត់​មាន​ភាព​កក់​ក្ដៅ​ក្នុង​ចិត្ត ហើយ​លោក​លេខា​ក៏​ញញឹម​តប​មក​វិញ។

“​វា​នឹង​ដូច​រឿង​​មួយ​ពាន់​មួយ​យប់” គាត់​និយាយ។

ពួក​គេ​មិន​នៅ​យូរ​ទេ ដែល​ធ្វើ​ឲ្យ ម៉េឆាយឌេក បាន​ធូរ​ចិត្ត ព្រោះ​គេ​ប្រហែល​ជា​មិន​យល់​ពី​ការ​សន្ទនា​របស់​អ្នក​ទាំង​ពីរ​ទេ គេ​មាន​អារម្មណ៍​ថា​សកម្មភាព​ និង​ការ​ខ្សឹប​របស់​គេ​អាច​នឹង​បង្ក​រឿង​អ្វី​មួយ។​ លេខា​ក្មេង​ហាក់​ចាប់​អារម្មណ៍​នឹង​រឿង​គ្រប់​យ៉ាង គេ​សរសេរ​ពី​កម្រាល​ឥដ្ឋ ចង្ក្រាន​កំដៅ ជើង​តាំង​ដែល​បាក់​បែក តុ​ចាស់ ហើយ​គេ​ប៉ះ​ជញ្ជាំង​​ម្ដង​ហើយ​ម្ដង​ទៀត​រួច​ទើប​និយាយ។

“លោក​អាច​ព្យួរ​របស់​នៅ​លើ​ជញ្ជាំង​បាន។”

រ៉ាម ដាស ញញឹម​ដោយ​អាថ៌កំបាំង។

“ម្សិល​មិញ​ពេល​ដែល​នាង​ចេញ​ក្រៅ​ ខ្ញុំ​បាន​ចូល​​មក​ក្នុង​នេះ​ហើយ​យក​ដែក​គោល​តូចៗ មុត​ស្រួច​មក​ជាមួយ​ដែល​អាច​ដំ​ភ្ជាប់​នឹង​ជញ្ជាំង​បាន​ដោយ​មិន​បាច់​ប្រើ​ញញួរ។ ខ្ញុំ​បាន​លាក់​ទុក​សម្រាប់​ពេល​ដែល​ខ្ញុំ​ត្រូវការ រឿង​នេះ​មិន​អី​ទេ។” គាត់​និយាយ។

លេខា​ជនជាតិ​ឥណ្ឌា​វ័យ​ក្មេង​ឈរ​ស្ងៀម​ សម្លឹង​នៅ​ជុំវិញ​ខ្លួន​គាត់​ពេល​ដែល​គាត់​ដាក់​​​ក្រដាស​ចូល​ក្នុង​ហោប៉ៅ​គាត់​វិញ។

“ខ្ញុំ​គិត​ថា​ខ្ញុំ​កត់​ទុក​គ្រប់​គ្រាន់​ហើយ យើង​អាច​ទៅ​បាន​ហើយ។ លោក​ម្ចាស់ ការីហ្វត់ ជា​មនុស្ស​មាន​ចិត្ត​កក់​ក្ដៅ នោះ​ជា​រឿង​គួរ​ឲ្យ​ខ្លោច​ផ្សារ​ដែល​គាត់​មិន​អាច​រក​ក្មេង​នោះ​ឃើញ។” លេខា និយាយ។

“ប្រសិន​បើ​គាត់​អាច​រក​នាង​ឃើញ​ កម្លាំង​របស់​គាត់​នឹង​ត្រលប់​មក​វិញ ព្រះ​របស់​គាត់​ប្រហែល​ជា​នឹង​នាំ​នាង​មក​ឲ្យ​ជួប​គាត់។” រ៉ាម ដាស និយាយ។

បន្ទាប់​មក​ពួក​គេ​ឡើង​ចេញ​ទៅ​វិញ​តាម​កញ្ចក់​បំភ្លឺ​ដំបូល​ដោយ​មិន​​ឲ្យ​មាន​សំឡេង​ដូច​ដែល​ពេល​ពួក​គេ​ចូល​មក​ដែរ។ ហើយ​ពេល​ដែល ម៉េឆាយឌេក ច្បាស់​ថា​ពួក​គេ​ចេញ​ទៅ​អស់​ហើយ គេ​ទទួល​អារម្មណ៍​ធូរ​ស្បើយ ហើយ​ប៉ុន្មាន​នាទី​ក្រោយ​មក​​គេ​ក៏​ចេញ​មក​ដោយ​ក្ដី​សង្ឃឹម​ថា​មនុស្ស​ចម្លែក​ក៏​អាច​នឹង​មាន​ជ្រុះ​កំទេច​ចំណី​ខ្លះៗ​ដែរ។

………………………………….

ពេល​ដែល​សារ៉ា ដើរ​កាត់​តាម​ផ្ទះ​ដែល​នៅ​ជាប់​គ្នា នាង​បាន​ឃើញ​ រ៉ាម ដាស កំពុង​បិទ​ទ្វារ ហើយ​នាង​បាន​សម្លឹង​មើល​បន្ទប់​នោះ​បន្តិច។

“យូរ​ហើយ​​ដែល​ខ្ញុំ​មិន​បាន​ឃើញ​​ភាព​ល្អ​ប្រណិត​នៅ​ខាង​ក្នុង” នាង​គិត​ក្នុង​ចិត្ត។

ភ្លើង​ឆេះ​បំភ្លឺ​ និង​ផ្ដល់​កំដៅ​ពី​ក្នុង​ចង្ក្រាន​មក​ដូច​ធម្មតា ហើយ​សុភាព​បុរស​ជនជាតិ​ឥណ្ឌា អង្គុយ​នៅ​មុខ​នោះ។ គាត់​ដាក់​ក្បាល​លើ​ដៃ​របស់​គាត់ ហើយ​មើល​ទៅ​គាត់​ឯកោ​ និង​មិន​សប្បាយ​ចិត្ត​ដូច​សព្វ​មួយ​ដង។

“បុរស​កម្សត់! ខ្ញុំ​ចង់​ដឹង​ថា​លោក​កំពុង​គិត​អ្វី!” សារ៉ា និយាយ។

ហើយ​នេះ​ជា​អ្វី​ដែល​គាត់​តែង​តែ​គិត​ម្នាក់​ឯង​រហូត​មក។

“ឧបមា​ថា ទោះ​បី​ជា​​ កាម៉ៃឃើ រក​ឃើញ​ប្ដី​ប្រពន្ធ​នោះ​នៅ​មូស្គូ ក្មេង​ស្រី​ដែល​ពួក​គេ​យក​ពី​សាលា​របស់​​ម៉ាដាម ប៉ាស្កា ​នៅ​ប៉ារីស​ទៅ មិន​មែន​ជា​ក្មេង​ដែល​ខ្ញុំ​តាម​រក។ ឧបមា​ថា នាង​ត្រូវ​បាន​បញ្ជាក់​ថា ជា​ក្មេង​ខុស​​ប្លែក​ទាំង​ស្រុង។ តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​បន្ត​​ទៀត?”

ពេល​ដែល​ សារ៉ា ចូល​ដល់​ក្នុង​ផ្ទះ នាង​បាន​ជួប​កញ្ញា មីនជីន ដែល​ចុះ​មក​ជាន់​ក្រោម​ដើម្បី​ស្ដី​បន្ទោស​​​​ចុងភៅ។

“ឯង​បាន​ចំណាយ​ពេល​ទៅ​ណា​ខ្លះ? ឯង​ចេញ​ទៅ​ក្រៅ​រាប់​ម៉ោង។” គាត់​សួរ។

“ខាង​ក្រៅ​សើម ហើយ​សុទ្ធ​តែ​ភក់ ពិបាក​​ដើរ​ណាស់ ព្រោះ​ស្បែក​ជើង​របស់​ខ្ញុំ​ចាស់​ពេក ហើយ​រអិល។”

“កុំ​រក​លេស ហើយ​និយាយ​ថា​គ្មាន​កំហុស។” កញ្ញា​ មីនជីន និយាយ។

សារ៉ា ដើរ​ទៅ​រក​ចុងភៅ ចុងភៅ​បាន​ទទួល​មេរៀន​ធំ ហើយ​មាន​អារម្មណ៍​គួរ​ឲ្យ​ខ្លាច។ គាត់​បាន​សប្បាយ​ចិត្ត​​ឡើង​វិញ​ពេល​ដែល​គាត់​មាន​មនុស្ស​ម្នាក់​ទៀត​មក​ដើម្បី​ឲ្យ​គាត់​បាន​បញ្ចេញ​កំហឹង ហើយ​សារ៉ា តែង​តែ​ជា​អ្នក​ទទួល​កំហឹង​នេះ។

“ហេតុ​អី​ឯង​មិន​នៅ​ក្រៅ​មួយ​យប់​ទៅ?” នាង​ស្រែក។

សារ៉ា ដាក់​របស់​ដែល​នាង​ទិញ​មក​នៅ​លើ​តុ។

“នេះ​របស់​ទាំង​អស់” នាង​និយាយ។

ចុងភៅ​សម្លឹង​មើល​របស់​ដោយ​មិន​ស្រណុក​ចិត្ត។ មើល​ទៅ​គាត់​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​​ណាស់។

“តើ​ខ្ញុំ​អាច​សុំ​​អ្វី​​ញ៉ាំ​បន្តិច​បាន​ទេ?” សារ៉ា ដោយ​សំឡេង​អស់​កម្លាំង។

“តែ​ត្រជាក់​អស់​ហើយ ឯង​ចង់​ឲ្យ​ខ្ញុំ​កំដៅ​វា​ទុក​ឲ្យ​ឯង​មែន​ទេ?” ចុងភៅ​ឆ្លើយ។

សារ៉ា ឈរ​ស្ងៀម​បន្តិច។

“ខ្ញុំ​មិន​ទាន់​បាន​ញ៉ាំ​អាហារ​ពេល​​ល្ងាច​ទេ” នាង​និយាយ​សំឡេង​កាន់​តែ​តិច ព្រោះ​នាង​ល្ងាច​សំឡេង​នាង​នឹង​ញ័រ។

“មាន​នំប៉័ង​ខ្លះ​នៅ​ក្នុង​បន្ទប់​ដាក់​អាហារ ថ្ងៃ​នេះ​ឯង​បាន​តែ​ប៉ុណ្ណឹង​ទេ។” ចុងភៅ​និយាយ។

សារ៉ា ទៅ​រក​នំប៉័ង ហើយ​នោះ​ជា​នំប៉័ង​ចាស់ រឹង​ហើយ​ស្ងួត។ ចុងភៅ​ខឹង​ពេក​គាត់​មិន​បាន​ទុក​អ្វី​សម្រាប់​នាង​ញ៉ាំ​ជាមួយ​នំប៉័ង​ទេ ជា​ធម្មតា​គាត់​តែងតែ​អាច​ជះ​កំហឹង​មក​លើ​សារ៉ា ដោយ​ងាយ​ស្រួល​និង​គ្មាន​រឿង​អ្វី។ ជា​ការ​​ពិត​ក្មេង​ពិបាក​នឹង​ឡើង​ទៅ​​ជាន់​ទី​បី​ដែល​​មួយ​ជាន់ៗ​វែងៗ​ទម្រាំ​ដល់​បន្ទប់​​ធ្នើរ។ ជា​ញឹកញាប់​សារ៉ា មាន​អារម្មណ៍​ថា​វា​ខ្ពស់ ហើយ​ចោទ​ខ្លាំង​ពេល​ដែល​នាង​អស់​កម្លាំង ប៉ុន្តែ​យប់​នេះ​នាង​ហាក់​មាន​អារម្មណ៍​ថា នាង​នឹង​មិន​អាច​ឡើង​ដល់​ជាន់​លើ​ទេ។ ជា​ច្រើន​លើក​នាង​ត្រូវ​ឈប់​សម្រាក​សិន​ទម្រាំ​ឡើង​ដល់​លើ។ ពេល​ដែល​នាង​ឡើង​ដល់​លើ នាង​សប្បាយ​ចិត្ត​ដែល​ឃើញ​ពន្លឺ​ចាំង​ចេញ​ពី​ក្រោម​ទ្វារ​នាង​​មក។ នោះ​មាន​ន័យ​ថា អេមេនហ្គាដ បាន​លួច​ឡើង​មក​បន្ទប់​របស់​នាង​បាន​ហើយ​​ដើម្បី​មក​ជួប​នាង។ នាង​មាន​អារម្មណ៍​ស្រណុក​ក្នុង​ចិត្ត​បន្តិច​ពេល​ដឹង​ថា​​គេ​មក នោះ​គឺ​ប្រសើរ​ជាង​ចូល​ទៅ​ក្នុង​បន្ទប់​​​ដែល​គ្មាន​អ្វី​សោះ​តែ​ម្នាក់​ឯង​និង​កណ្ដោចកណ្ដែង។

ត្រូវ​ហើយ​នោះ​គឺ អេមេនហ្គាដ ពេល​ដែល​​ សារ៉ា បើក​ទ្វារ​ចូល​ទៅ នាង​កំពុង​នៅ​កណ្ដាល​គ្រែ។ នាង​មិន​ដែល​ស្និទ្ធស្នាល​ជាមួយ​ ម៉េឆាយឌេក និង​គ្រួសារ​របស់​គេ​ទេ ទោះ​បី​​ជា​ពួកគេ​ស្រលាញ់​នាង​ក៏​ដោយ។ ពេល​ដែល​នាង​ចូល​ទៅ​ក្នុង​បន្ទប់​ធ្នើរ​តែ​ម្នាក់​ឯង នាង​ចូល​ចិត្ត​អង្គុយ​នៅ​ចំ​កណ្ដាល​គ្រែ​រហូត​ដល់​សារ៉ា មក​ដល់។ ហើយ​លើក​នេះ​នាង​កាន់​តែ​ខ្លាច ព្រោះ​ ម៉េឆាយឌេក បាន​ចេញ​មក​​​និង​ហិត​ចុះ​ហិត​ឡើង ហើយ​អង្គុយ​លើក​ជើង​មុខ​របស់​វា ពេល​ដែល​សម្លឹង​ទៅ​រក​នាង។

“អូ សារ៉ា! ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ឯង​មក។ ម៉េឆាយ.. ចេះ​តែ​សម្លឹង​មក ខ្ញុំ​​ព្យាយាម​ធ្វើ​សញ្ញា​ឲ្យ​គេ​ទៅ​វិញ​ហើយ ប៉ុន្តែ​គេ​មិន​ព្រម​ទៅ​វិញ​យូរ​ហើយ។ ខ្ញុំ​ចូល​ចិត្ត​គេ ឯង​ដឹង​ទេ ប៉ុន្តែ​គេ​ពិត​​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច ពេល​គេ​ហិត​សម្លឹង​មក​ខ្ញុំ។ ឯង​គិត​ថា​ ពេល​ណា​មួយ​គេ​នឹង​លោត​ឡើង​មក​​ទេ?”

“អត់​ទេ” សារ៉ា ឆ្លើយ។

អេមេនហ្គាដ លូន​ពី​គ្រែ​មក​ដើម្បី​មើល​នាង។

“ឯង មើល​ទៅ​អស់​កម្លាំង​ណាស់ សារ៉ា ឯង​ស្លេកស្លាំង​ណាស់។” នាង​និយាយ។

“ខ្ញុំ​អស់​កម្លាំង អូ! នោះ ម៉េឆាយឌេក កម្សត់។ គេ​ចេញ​មក​រក​អាហារ​ពេល​យប់។” សារ៉ា និយាយ​ទម្លាក់​ខ្លួន​ទៅ​លើ​ជើង​តាំង​ដែល​នៅ​ចំហៀង​ខ្លួន។

ម៉េឆាយឌេក បាន​ចេញ​ពី​រន្ធ​របស់​គេ​មក​ ហាក់​ដូច​ជា​គេ​​​បាន​នៅ​រង់​ចាំ​ស្ដាប់​សំ​រិប​ជើង​របស់​នាង​។ គេ​ដើរ​មក​មុខ​ដោយ​ក្ដៅ​រំពឹង​ថា សារ៉ា​ នឹង​លូក​ហោប៉ៅ​ ហើយ​ងាក​ក្បាល​របស់​នាង។

“ខ្ញុំ​សុំទោស ខ្ញុំ​អត់​មាន​សល់​កំទេច​អាហារ​ទេ។ ទៅ​ផ្ទះ​ទៅ ម៉េឆាយឌេក ហើយ​ប្រាប់​ប្រពន្ធ​ឯង​ថា​​ក្នុង​ហោប៉ៅ​របស់​ខ្ញុំ​អត់​មាន​អ្វី​សល់​ទេ។ ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​ភ្លេច​ដោយ​សារ​ចុងភៅ និង​កញ្ញា​ មីនជីន ខឹង​ច្រឡោត​ពេក។”

ម៉េឆាយឌេក មើល​ទៅ​ហាក់​​យល់​ពី​​អ្វី​ដែល​នាង​និយាយ។ គេ​ក៏​ត្រលប់​ទៅ​រន្ធ​របស់​គេ​វិញ។

“ខ្ញុំ​មិន​រំពឹង​ថា​បាន​ជួប​ឯង​ទេ​យប់​នេះ អេមេនហ្គាដ” សារ៉ា និយាយ។

អេមេនហ្គាដ ឱប​នាង​ក្នុង​ដៃ​ផ្អឹប​នឹង​ឈុត​រាត្រី​ពណ៌​ក្រហម​របស់​នាង។

“កញ្ញា អាម៉េឡា បាន​ចេញ​ទៅ​ក្រៅ​ និង​គេង​ជាមួយ​អ៊ំ​ស្រី​​របស់​គាត់ គ្មាន​អ្នក​ណា​មក​មើល​​បន្ទប់​គេង​ទេ​ក្រោយ​ពី​​ពួក​យើង​ចូល​គេង។ ខ្ញុំ​អាច​នៅ​ទី​នេះ​ដល់​ព្រឹក​ប្រសិន​បើ​ខ្ញុំ​ចង់​នៅ។”

នាង​ចង្អុល​ទៅ​តុ​ដែល​នៅ​ពី​ក្រោម​កញ្ចក់​បំភ្លឺ​ដំបូល សារ៉ា មិន​បាន​សម្លឹង​មើល​ទេ​ពេល​នាង​ចូល​មក។ នៅ​លើ​នោះ​មាន​សៀវភៅ​ជា​ច្រើន។

“ប៉ាប៉ា​ផ្ញើ​សៀវភៅ​បន្ថែម​ទៀត​មក​ឲ្យ​ខ្ញុំ សារ៉ា។ នៅ​ទី​នោះ!”

សារ៉ា សម្លឹង​មើល​ហើយ​​ក្រោក​ឡើង​ភ្លាម។ នាង​រត់​ទៅ​តុ ហើយ​លើក​សៀវភៅ​ខាង​លើ​គេ​ឡើង រួច​បើក​មើល​ភ្លាម។ ភ្លាម​នោះ​នាង​ភ្លេច​អស់​ពី​ភាព​​ហត់​នឿយ​របស់​នាង។

“ហ្អា៎!​ អស្ចារ្យ​​មែន! បដិវត្ត​បារាំង​របស់ កាលីឡេ។ ខ្ញុំ​តែង​តែង​ចង់​បាន​សៀវភៅ​នេះ​មក​អាន!”

“ខ្ញុំ​មិន​ទាន់​បាន​អាន​ទេ ហើយ​ប៉ាប៉ា​​នឹង​ខឹង​ប្រសិន​បើ​ខ្ញុំ​មិន​​អាន។ គាត់​នឹង​រំពឹង​ខ្ញុំ​ដឹង​ពី​វា​ទាំង​អស់​ពេល​ដែល​ខ្ញុំ​ទៅ​​លេង​ផ្ទះ​​សម្រាប់​ថ្ងៃ​សម្រាក។ ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ?” អេមេនហ្គាដ និយាយ។

សារ៉ា ឈប់​បើក​​សៀវភៅ​ទៀត ហើយ​សម្លឹង​ទៅ​នាង​ដោយ​ទឹក​មុខ​រីករាយ។

“មើល​នេះ! បើ​ឯង​ឲ្យ​ខ្ញុំ​​ខ្ចី​សៀវភៅ​ទាំង​នេះ ខ្ញុំ​​នឹង​អាន​ទាំង​អស់​ ហើយ​​និយាយ​ប្រាប់​ឯង​គ្រប់​យ៉ាង​នៅ​ពេល​ក្រោយ ពេល​ដែល​ខ្ញុំ​និយាយ​ប្រាប់​ឯង​ ឯង​ប្រាកដ​ជា​ចាំ​វា​ដែរ។”

“អូ ព្រះ! ឯង​គិត​ថា​អាច​ទៅ​រួច?” អេមេនហ្គាដ បន្លឺ​ឡើង។​

“ខ្ញុំ​ដឹង​ថា​​ខ្ញុំ​អាច​ធ្វើ​បាន ក្មេងៗ​តែង​តែ​ចាំ​ពី​អ្វី​ដែល​ខ្ញុំ​និយាយ​ប្រាប់​ពួក​គេ។” សារ៉ា ឆ្លើយ។

“សារ៉ា បើ​ឯង​នឹង​ធ្វើ​​យ៉ាង​នោះ ហើយ​​អាច​ឲ្យ​ខ្ញុំ​ចាំ​បាន ខ្ញុំ​នឹង ខ្ញុំ​នឹង​ឲ្យ​​អ្វី​ឯង​ក៏​បាន​ដែរ។” អេមេនហ្គាដ និយាយ។

“ខ្ញុំ​មិន​ត្រូវ​ការ​ឲ្យ​ឯង​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ ខ្ញុំ​ត្រូវ​ការ​សៀវភៅ​របស់​ឯង ខ្ញុំ​ត្រូវ​ការ​វា!” សារ៉ា និយាយ​ដោយ​បើក​ភ្នែក​ធំៗ។

“អីចឹង​យក​វា​ទៅ ខ្ញុំ​បន់​ឲ្យ​ខ្ញុំ​ចង់​បាន​វា​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​បាន​ទេ។ ខ្ញុំ​មិន​ឆ្លាត​ទេ ហើយ​ប៉ា​របស់​ខ្ញុំ​ឆ្លាត ហើយ​គាត់​គិត​ថា​ខ្ញុំ​គួរ​តែ​ឆ្លាត​ដែរ។”

សារ៉ា បើក​សៀវភៅ​មួយ​ហើយ​មួយ​ទៀត នាង​នឹក​ឆ្ងល់​ហើយ​ក៏​សួរ៖

“តើ​ឯង​នឹង​ប្រាប់​ប៉ា​របស់​ឯង​ថា​ម៉េច?”

“អូ គាត់​មិន​ដឹង​ទេ គាត់​នឹង​គិត​ថា​ខ្ញុំ​បាន​អាន​វា។” អេមេនហ្គាដ ឆ្លើយ។

សារ៉ា ដាក់​សៀវភៅ​ចុះ​ ហើយ​គ្រវី​ក្បាល​យឺតៗ៖

“នោះ​គឺ​​ស្ទើរ​តែ​ដូច​និយាយ​កុហក​ទៅ​ហើយ ហើយ​ពាក្យ​កុហក អូ ឯង​ដឹង​ហើយ វា​​មាន​តែ​ភាព​សៅហ្មង​ប៉ុណ្ណោះ ហើយ​វា​អាក្រក់។ ពេល​ខ្លះ​ខ្ញុំ​បាន​​គិត​ថា ខ្ញុំ​ប្រហែល​​អាច​នឹង​ធ្វើ​រឿង​អាក្រក់ ភ្លាមៗ​ខ្ញុំ​អាច​នឹង​ស្ទុះ​ទៅ​ក្នុង​បន្ទប់ ហើយ​សម្លាប់​កញ្ញា មីនជីន ឯង​ដឹង​ទេ នោះ​គឺ​ពេល​ដែល​បំពាន​ខ្ញុំ ប៉ុន្តែ​​ខ្ញុំ​​មិន​អាច​ធ្វើ​ជា​មនុស្ស​អាក្រក់​ទេ។ ហេតុ​អ្វី​ឯង​មិន​អាច​ប្រាប់​ប៉ា​ឯង​ថា​ខ្ញុំ​​ជា​អ្នក​អាន​វា?”

“គាត់​ចង់​ឲ្យ​ខ្ញុំ​អាន​សៀវភៅ​ទាំង​នេះ” អេមេនហ្គាដ និយាយ​ដោយ​បាក់​ទឹក​ចិត្ត​បន្តិច​ពី​ការ​ផ្លាស់​ដែល​​មិន​បាន​រំពឹង​ទុក​នេះ។

“គាត់​ចង់​ឲ្យ​ឯង​ចេះ​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​សៀវភៅ​នេះ ហើយ​ប្រសិន​បើ​ខ្ញុំ​អាច​ប្រាប់​ឯង​ពី​រឿង​ទាំង​នេះ​បាន​តាម​វិធី​ងាយៗ ហើយ​ធ្វើ​ឲ្យ​ចង​ចាំ ខ្ញុំ​គិត​ថា​គាត់​នឹង​ពេញ​ចិត្ត។” សារ៉ា និយាយ។

“គាត់​នឹង​ពេញ​ចិត្ត​បើ​ខ្ញុំ​រៀន​វា​ដោយ​វិធី​ណា​មួយ ឯង​នឹង​​ចង់​បាន​បែប​នោះ​ប្រសិន​បើ​ឯង​ជា​ប៉ា​របស់​ខ្ញុំ។” អេមេនហ្គាដ និយាយ​​ដោយ​សោកស្ដាយ។

“មិន​មែន​ជា​កំហុស​​របស់​ឯង​ទេ​ដែល…” សារ៉ា ចាប់​ផ្ដើម។ នាង​ក្រោក​ឡើង​ហើយ​​មិន​និយាយ​បន្ត​ទៀត។ នាង​បម្រុង​នឹង​និយាយ​ថា មិន​មែន​ជា​កំហុស​របស់​ឯង​ទេ​ដែល​ឯង​ល្ងង់។

“ដែល​យ៉ាង​ម៉េច?” អេមេនហ្គាដ សួរ។

“ដែល​ឯង​មិន​អាច​រៀន​អ្វី​ចេះ​លឿន ប្រសិន​បើ​ឯង​មិន​អាច គឺ​ឯង​មិន​អាច។ ប្រសិន​បើ​ខ្ញុំ​អាច គឺ​ខ្ញុំ​អាច គ្មាន​ហេតុ​ផល​ផ្សេង​ទេ។” សារ៉ា ឆ្លើយ។

នាង​តែងតែ​មាន​អារម្មណ៍​ចង់​លួងលោម​ អេមេនហ្គាដ ហើយ​កុំ​​ព្យាយាម​កុំ​ឲ្យ​នាង​គិត​ខ្លាំង​ពេក​ពី​ភាព​ខុស​គ្នា​​រវាង​ការ​ដែល​​អាច​រៀន​ចេះ​ភ្លាមៗ និង​​មិន​អាច​រៀន​ចេះ​ភ្លាមៗ។ ពេល​ដែល​នាង​មើល​មុខ​ដែល​កំពុង​អស់​សង្ឃឹម​របស់​ អេមេនហ្គាដ គំនិត​ចាស់​របស់​នាង​បាន​​មកដល់។

“ប្រហែល​​ការ​ដែល​អាច​រៀន​​អ្វី​ចេះ​លឿន​មិន​មែន​ជា​អ្វី​​គ្រប់​យ៉ាង​ទេ។ ធ្វើ​ជា​មនុស្ស​ល្អ​គឺ​ជា​អ្វី​ដែល​អស្ចារ្យ​បំផុត​សម្រាប់​អ្នក​ផ្សេង។ ប្រសិន​បើ​កញ្ញា មីនជីន ចេះ​អ្វី​គ្រប់​យ៉ាង​នៅ​លើ​លោក​នេះ ហើយ​គាត់​ជា​មនុស្ស​ដូច​ពេល​នេះ គាត់​នឹង​នៅ​តែ​ជា​មនុស្ស​ដែល​មិន​គាប់​ប្រសើរ ហើយ​​មនុស្ស​គ្រប់​គ្នា​នឹង​ស្អប់​គាត់។ មនុស្ស​ឆ្លាត​ជា​ច្រើន​បាន​ធ្វើ​រឿង​គ្រោះ​ថ្នាក់ និង​អាក្រក់។ មើល រ៉ូបេស្ពៀ ….” សារ៉ា​និយាយ។

នាង​ឈប់​និយាយ ហើយ​ប៉ាន់​ប្រមាណ​ទឹក​មុខ​របស់ អេមេនហ្គាដ ដែល​ចាប់​ផ្ដើម​​ស្លុង​អារម្មណ៍។

“ឯង​មិន​ចាំ​ទេ? ខ្ញុំ​និយាយ​រឿង​​បុរស​ម្នាក់​នេះ​ប្រាប់​ឯង​កាល​ពី​មុន។ ខ្ញុំ​ជឿ​ថា​ឯង​ភ្លេច​បាត់​ហើយ។”

“អូ! ខ្ញុំ​​មិន​ចាំ​ទេ មិន​ចាំ​ទាំង​អស់” អេមេនហ្គាដ សារភាព។

“បាន ឯង​ចាំ​បន្តិច ហើយ​ខ្ញុំ​នឹង​ដោះ​សម្លៀកបំពាក់​សើម​របស់​ខ្ញុំ​ចេញ រួច​​រុំ​ភួយ​និយាយ​ប្រាប់​ឯង​ម្ដង​ទៀត។”

នាង​ដោះ​មួក និង​អាវ​ក្រៅ​ព្យួរ​នៅ​ដែកគោល​ជាប់​ជញ្ជាំង ហើយ​​ដោះ​ស្បែក​ជើង​សើម​ចេញ​ យក​​ស្បែកជើង​​ចាស់​សម្រាប់​ពាក់​នៅ​ផ្ទះ​​មក​ពាក់។ បន្ទាប់​មក​នាង​ឡើង​លើ​គ្រែ ទាញ​ភួយ​មក​រុំ​ខ្លួន អង្គុយ​ដាក់​ដៃ​លើ​ជង្គង់។

“ឥឡូវ​ស្ដាប់​​” នាង​និយាយ។

នាង​ចាប់​ផ្ដើម​និយាយ​ពី​ប្រវត្តិ​បដិវត្ត​របស់​បារាំង ភ្នែក​របស់​ អេមេនហ្គាដ បើក​ធំៗ​ដោយ​​ការ​ភ្ញាក់​ផ្អើល ហើយ​​នាង​ដក​ដង្ហើម​យឺតៗ។ ប៉ុន្តែ​ទោះ​បី​ជា​នាង​ភ័យ​​ ក៏​នាង​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ក្នុង​ការ​ស្ដាប់ ហើយ​​មើល​ទៅ​ហាក់​ដូច​ជា​នឹង​មិន​ភ្លេច​ រ៉ូបេស្ពៀ ម្ដង​ទៀត​ទេ ឬ​មិន​សង្ស័យ​​ពី ព្រះ​នាង ដឺ ឡាមបាឡេ ឡើយ។

“ឯង​ដឹង​ទេ​ពួក​គេ​ដាក់​ព្រះកេស​របស់​ទ្រង់​នៅ​​លើ​លំពែង ហើយ​រាំ​ជុំ​វិញ​នោះ ហើយ​កេសា​របស់​ទ្រង់​ប៉ើង​តាម​ខ្យល់ ហើយ​ពេល​ដែល​ខ្ញុំ​គិត​ដល់​ទ្រង់ ខ្ញុំ​មិន​ដែល​ឃើញ​ព្រះកេស​របស់​ទ្រង់​នៅ​លើ​​ខ្លួន​ទេ ប៉ុន្តែ​គឺ​នៅ​លើ​លំពែង​​ជាមួយ​នឹង​មនុស្ស​គួរ​ឲ្យ​ខឹង​ទាំង​នោះ​កំពុង​រាំ​ និង​ស្រែក​នៅ​ជុំ​វិញ​ព្រះកេស​របស់​ទ្រង់។” សារ៉ា ពន្យល់។

ពួក​​គេ​ព្រមព្រៀង​គ្នា​ប្រាប់​លោក អេសធី ចន ពី​គម្រោង​ដែល​ពួក​គេ​នឹង​​ធ្វើ ហើយ​ពេល​នេះ​សៀវភៅ​ទុក​នៅ​ក្នុង​បន្ទប់​ធ្នើរ​សិន។

“ឥឡូវ​យើង​និយាយ​រឿង​ប្រាប់​​គ្នា មេរៀន​ភាសា​បារាំង​របស់​ឯង​យ៉ាង​​ម៉េច​ហើយ?”

“គ្រាន់​បើ​ជាង​​មុន​ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឡើង​មក​ទីនេះ​ចុង​ក្រោយ ហើយ​ឯង​ពន្យល់​ខ្ញុំ​ពី​ការ​បំបែក​កិរិយាសព្ទ។ កញ្ញា មីនជីន មិន​យល់​ថា​ហេតុ​អ្វី​ខ្ញុំ​ធ្វើ​លំហាត់​បាន​ល្អ​ណាស់​នៅ​ព្រឹក​ទី​មួយ​នោះ។”

សារ៉ា សើច​បន្តិច​ហើយ​ឱប​ជង្គង់​របស់​នាង។

“គាត់​ក៏​មិន​យល់​ដែរ​ថា​ហេតុ​អ្វី ឡូទី ធ្វើ​លំហាត់​បូក​លេខ​បាន​ល្អ​ណាស់ ប៉ុន្តែ​នោះ​គឺ​ព្រោះ​តែ​នាង​លួច​ឡើង​មក​ទី​នេះ ហើយ​ខ្ញុំ​ជួយ​ពន្យល់​នាង​ដែរ។” នាង​និយាយ ហើយ​​សម្លឹង​មើល​ជុំវិញ​បន្ទប់​រួច​បន្ត៖

“បន្ទប់​នេះ​ប្រាកដ​ជា​ល្អ ប្រសិន​បើ​វា​មិន​គួរ​ឲ្យ​ខ្លាច​បែប​នេះ វា​ជា​កន្លែង​ល្អ​សម្រាប់​ប្រឌិត​រឿង។” នាង​និយាយ ហើយ​សើច​ម្ដង​ទៀត។

…………………………………………………

ព្រះ​តូច​ (ភាគ​ទី​១២)

ការ​ពិត​គឺ​ អេមេនហ្គាដ​ មិន​ដឹង​ថា​ពេល​ខ្លះ​ជីវិត​នៅ​​ក្នុង​បន្ទប់​ធ្នើរ​នេះ​ស្ទើរ​តែ​មិន​អាច​ទ្រាំ​បាន​ទេ ហើយ​នាង​គ្មាន​ការ​រំពៃ​មើល​ដែល​អាច​ដឹង​ដោយ​ខ្លួន​ឯង​បាន​ទេ។ រាល់​លើក​ដែល​នាង​អាច​លួច​ឡើង​មក​ក្នុង​បន្ទប់​នេះ​បាន​ នាង​គ្រាន់​តែ​មើល​ទឹក​មុខ​រំភើប​របស់​​ សារ៉ា និង​ស្ដាប់​រឿង​ទាំង​ឡាយ​ដែល​នាង​ ប្រឌិត​និង​រឿង​ប្រវត្តិសាស្ត្រ​តែ​ប៉ុណ្ណោះ។ ការ​មក​លេង​របស់​នាង​គឺ​ជា​ការ​ផ្សង​ព្រេង ហើយ​ទោះ​បី​ជា​ពេល​ខ្លះ​សារ៉ា​​មាន​ទឹក​មុខ​ស្លេកស្លាំង ហើយ​កាន់​តែ​ស្គម​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទឹក​ចិត្ត​ក្លាហាន​របស់​នាង​មិន​សារភាព ឬ​រអ៊ូរទាំ​អ្វី​នោះ​ទេ។ នាង​មិន​ដែល​សារភាព​​​សូម្បី​នៅ​ពេល​ដែល​នាង​ស្ទើរ​ស្លាប់​ដោយ​ការ​ស្រែក​ឃ្លាន ដូច​ជា​យប់​នេះ​ជា​ដើម។

“ខ្ញុំ​គិត​ថា ទាហាន​មាន​អារម្មណ៍​បែប​​នេះ​ពេល​ពួក​គាត់​នៅ​ក្នុង​ការ​ប្រឈម​រយៈ​ពេល​យូរ” នាង​និយាយ​ខ្សឹប​ដាក់​ខ្លួន​ឯង​តិចៗ។

“ប្រសិន​បើ​ខ្ញុំ​រស់​នៅ​​វិមាន ហើយ​​អេមេនហ្គាដ ជា​ស្ត្រី​ម្នាក់​នៅ​វិមាន​មួយ​ផ្សេង​ទៀត ហើយ​នាង​មក​លេង​ខ្ញុំ​​ដោយ​មាន​អ្នក​ការពារ​និង​អម​ដំណើរ ពេល​ដែល​ខ្ញុំ​ដឹង​ខ្ញុំ​នឹង​ចុះ​ទៅ​ទទួល​នាង ហើយ​រៀប​ចំ​អាហារ​ដ៏​ច្រើន​នៅ​ក្នុង​សាល​ទទួល​ភ្ញៀវ ហើយ​ហៅ​ស្ត្រី​ចម្រៀង​មក​ច្រៀង។ ពេល​ដែល​នាង​ឡើង​មក​បន្ទប់​ធ្នើរ ខ្ញុំ​មិន​អាច​រៀបចំ​អាហារ​បាន​ទេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​រឿង​ប្រាប់​នាង ហើយ​មិន​ឲ្យ​នាង​ដឹង​រឿង​ដ៏​កម្សត់​របស់​ខ្ញុំ។” នាង​គិត។

ដូច្នេះ​ពួក​គេ​អង្គុយ​ជាមួយ​​គ្នា អេមេនហ្គាដ មិន​ដឹង​ថា នាង​ស្ទើរ​សន្លប់​ ហើយ​ឃ្លាន​ខ្លាំង​នោះ​ទេ ហើយ​ពេល​ដែល​នាង​និយាយ​ពី​នេះ​ពី​នោះ នាង​គិត​ថា​តើ​នាង​នឹង​អាច​គេង​លក់​ទេ​ពេល​ដែល​​មិត្ត​របស់​នាង​ចេញ​ទៅ​វិញ។ នាង​មាន​អារម្មណ៍​ថា​នាង​មិន​ដែល​ឃ្លាន​បែប​នេះ​ទេ​ពី​មុន​មក។

“ខ្ញុំ​ចង់​ស្គម​ដូច​ជា​ សារ៉ា។ ខ្ញុំ​ជឿ​ថា​ឯង​ស្គម​ជាង​ពី​មុន​ទៅ​ទៀត។ ភ្នែក​របស់​ឯង​​ធំ ហើយ​មើល​កែង​ដៃ​ស្រួច​របស់​ឯង​ចុះ!” ភ្លាមៗ​ស្រាប់​តែ អេមេនហ្គាដ និយាយ។

“ខ្ញុំ​ស្គម​តាំង​ពី​ក្មេង​មក ហើយ​ខ្ញុំ​តែង​តែ​មាន​ភ្នែក​ធំ​ពណ៌​ប្រផេះ។” នាង​និយាយ​ដោយ​ក្លាហាន។

“ខ្ញុំ​ស្រលាញ់​ភ្នែក​ចម្លែក​របស់​ឯង មើល​ទៅ​វា​ហាក់​ដូច​ជា​មើល​ឃើញ​​វែង​ឆ្ងាយ ខ្ញុំ​ស្រលាញ់​វា ហើយ​ខ្ញុំ​ចង់​ឲ្យ​វា​មាន​ពណ៌​បៃ​តង ទោះ​បី​ជា​ធម្មតា​វា​មាន​ពណ៌​ខ្មៅ​ក៏​ដោយ។” អេមេនហ្គាដ និយាយ​ និង​សម្លឹង​មើល​ភ្នែក​របស់​នាង។

“វា​គឺ​ជា​ភ្នែក​ឆ្មា ប៉ុន្តែ​ខ្ញុំ​មើល​នៅ​កន្លែង​ងងឹត​មិន​ឃើញ ព្រោះ​ខ្ញុំ​បាន​សាក​ហើយ ហើយ​ខ្ញុំ​មើល​មិន​ឃើញ ខ្ញុំ​បន់​ឲ្យ​ខ្ញុំ​អាច​មើល​នៅ​កន្លែង​ងងឹត​ឃើញ។” សារ៉ា សើច។

នៅ​ពេល​នោះ​ហើយ​ដែល​មាន​អ្វី​ម្យ៉ាង​កើត​ឡើង​នៅ​ឯ​កញ្ចក់​បំភ្លឺ​ដំបូល​ដែល​ពួក​គេ​ទាំង​​ពីរ​នាក់​មិន​បាន​ឃើញ។ បើ​នរ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ងើយ​ទៅ​ហើយ​ឃើញ​មុខ​ខ្មៅ​នោះ​​ពួក​គេ​នឹង​ស្លន់ស្លោ​មិន​ខាន ខណៈ​ដែល​មុខ​ខ្មៅ​នោះ​អើត​ចូល​ក្នុង​បន្ទប់​ ហើយ​បាត់​ទៅ​វិញ​ភ្លាម​​ដោយ​ស្ងាត់​ស្ងៀម។ យ៉ាង​ណា​ពេល​​នោះ​មិន​ស្ងាត់​ទេ សារ៉ា ដែល​មាន​ត្រចៀក​វៃ បាន​ងើយ​បន្តិច​ហើយ​សម្លឹង​មើល​ដំបូល។

“ស្ដាប់​ទៅ​មិន​ដូច​ជា​ ម៉េឆាយឌេក​ ទេ ដូច​ជា​​មិន​មែន​សំឡេង​កោស​” នាង​និយាយ។

“ថាម៉េច?” អេមេនហ្គាដ ​ភ្ញាក់​ផ្អើល​បន្តិច។

“​ឯង​មិន​ឮ​សំឡេង​អ្វី​ទេ?” សារ៉ា សួរ។

“ទេ អត់​ទេ ឯង​ឮ?”

“ខ្ញុំ​ប្រហែល​ជា​អត់​ឮ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ខ្ញុំ​ឮ។ ហាក់​ដូច​ជា​មាន​អ្វី​នៅ​លើ​ដំបូល ហាក់​ដូច​ជា​អ្វី​ម្យ៉ាង​លបៗ។”

“អាច​ជា​​អ្វី​ទៅ? អាច​ជា​ចោរ​ប្លន់​ទេ?” អេមេនហ្គាដ និយាយ។

“ទេ គ្មាន​អ្វី​សម្រាប់​ពួក​គេ​ប្លន់​ទេ…” សារ៉ា ធ្វើ​ទឹក​មុខ​រីករាយ។

សារ៉ា ឈប់​និយាយ​ពាក់​កណ្ដាល​ទី ពួក​គេ​ឮ​សំឡេង​យ៉ាង​ច្បាស់ នោះ​គឺ​មិន​មែន​សំឡេង​នៅ​ដំបូល​ទេ ប៉ុន្តែ​គឺ​នៅ​ជាន់​ក្រោម ហើយ​គឺ​សំឡេង​ខឹង​របស់​​កញ្ញា មីនជីន។ សារ៉ា ចុះ​ពី​លើ​គ្រែ​ហើយ​ពន្លត់​ភ្លើង​ទៀន។

“គាត់​កំពុង​បន្ទោស​ ប៊េកគី គាត់​ធ្វើ​ឲ្យ​នាង​យំ​ហើយ។” នាង​ខ្សឹប​ពេល​ឈរ​នៅ​កន្លែង​ងងឹត។

“គាត់​នឹង​ចូល​មក​ទី​នេះ​ទេ?” អេមេនហ្គាដ ខ្សឹប​ទៅ​វិញ​ដោយ​ភ័យ។

“អត់​ទេ គាត់​គិត​ថា​ខ្ញុំ​គេង​ហើយ។ កុំ​កម្រើក។”

កញ្ញា មីនជីន កម្រ​ឡើង​មក​ខាង​លើ​ណាស់ សារ៉ា ចាំ​បាន​ថា​គាត់​ធ្លាប់​ឡើង​មក​តែ​ម្ដង​គត់។ ប៉ុន្តែ​ពេល​នេះ​គាត់​ខឹង​រហូត​ដល់​ត្រូវ​ឡើង​មក ហើយ​ស្ដាប់​ទៅ​ដូច​ជា​ប៊េកគី កំពុង​នៅ​ចំពោះ​មុខ​គាត់។

“ក្មេង​មិន​ល្អ មិន​ត្រង់! ចុងភៅ​ប្រាប់​ខ្ញុំ​ថា​គាត់​បាត់​​របស់​ម្ដង​ហើយ​ម្ដង​ទៀត។” ពួកគេ​ស្ដាប់​គាត់​ឮ។

“មិន​មែន​ខ្ញុំ​ទេ​ម៉ាដាម ខ្ញុំ​ឃ្លាន​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​មែន​ខ្ញុំ​ទេ ខ្ញុំ​មិន​ដែល​យក​ទេ!” ប៊េកគី យំ។

“ឯង​សម​តែ​បញ្ជូន​ទៅ​គុក​ដោយ​ការ​រើស​និង​លួច!​ បន្ទះ​សាច់​កន្លះ​ដុំ គឺ​ឯង!” សំឡេង​របស់​កញ្ញា មីនជីន។

“មិនមែន​ខ្ញុំ​​ទេ ខ្ញុំ​អាច​​អាច​ញ៉ាំ​អស់​ទាំង​មួយ​ដុំ ប៉ុន្តែ​ខ្ញុំ​មិន​​ដែល​យក​ដៃ​ប៉ះ​ទេ។” ប៊េកគី​ និយាយ​អណ្ដឺតអណ្ដក។

កញ្ញា​ មីនជីន ដក​ដង្ហើម​មិន​ចង់​ដល់​​គ្នា​ដោយ​សារ​កំហឹង​ និង​ការ​ឡើង​មក​ខាង​លើ។ ដុំ​សាច់​នោះ​គឺ​ត្រូវ​បាន​រៀប​ចំ​សម្រាប់​​អាហារ​ពេល​យប់​របស់​គាត់ ស្ដាប់​មើល​ទៅ​គាត់​ហាក់​ដូច​ជា​កំពុង​មួរ​ស្លឹក​ត្រចៀក​របស់​ ប៊េកគី។

“កុំ​និយាយ​ដោះសា ឆាប់​ទៅ​បន្ទប់​ឯង​ភ្លាម​ទៅ។” គាត់​និយាយ។

សារ៉ា និង​អេមេនហ្គាដ ស្ដាប់​ឮ​សំឡេង​ទះ​កំផ្លៀង បន្ទាប់​មក​ ប៊េកគី រត់​មក​បន្ទប់​ធ្នើរ​របស់​នាង។ ពួក​គេ​ឮ​សំឡេង​បិទ​ទ្វារ​ ហើយ​​នាង​ទម្លាក់​ខ្លួន​លើ​គ្រែ។

“ខ្ញុំ​អាច​ញ៉ាំ​អស់​ទាំង​ពីរ​ ហើយ​ខ្ញុំ​មិន​​ដែល​ពាល់​មួយ​ម៉ាត់​ទេ គឺ​ចុងភៅ​ឲ្យ​វា​ទៅ​​​បុរស​ប៉ូលិស​របស់​គាត់” ពួក​គេ​ឮ​នាង​ស្រែក​ដាក់​ខ្នើយ​របស់​នាង។

សារ៉ា ឈរ​នៅ​កណ្ដាល​បន្ទប់​ងងឹត​សូន្យ។ នាង​កំពុង​​​គ្រឺត​ធ្មេញ​របស់​នាង ហើយ​ធ្មេញ​បើកៗ​ភ្នែក​ ហើយ​ក្ដាប់​ដៃ​យ៉ាង​ណែន។ នាង​ស្ទើរ​តែ​មិន​អាច​ឈរ​នៅ​ស្ងៀម​បាន​ ប៉ុន្តែ​នាង​មិន​ហ៊ាន​កម្រើក​ទេ​រហូត​ដល់​កញ្ញា​ មីនជីន ចុះ​ទៅ​ជាន់​ក្រោម​បាត់ ហើយ​គ្រប់​យ៉ាង​នៅ​ស្ងៀមស្ងាត់។

“មនុស្ស​អាក្រក់ ហើយ​សាហាវ! ចុងភៅ​យក​​របស់​ដោយ​ខ្លួន​ឯង ហើយ​និយាយ​ថា​ប៊េកគី ជា​អ្នក​លួច។ នាង​មិន​លួច​ទេ! នាង​មិន​លួច​ទេ! ពេល​ខ្លះ​នាង​ឃ្លាន​​រហូត​ដល់​ញ៉ាំ​កំទេច​អាហារ​ដែល​ខ្លោច​ដូច​ធ្យូង! នាង​យក់​ដៃ​ខ្ទប់​មុខ​យ៉ាង​ណែន ហើយ​យំ​ខ្សឹកខ្សួល​តិចៗ ហើយ​អេមេនហ្គាដ បាន​ស្ដាប់​រឿង​ខុស​ពី​ធម្មតា នាង​មាន​អារម្មណ៍​តក់​ស្លុត។ សារ៉ា កំពុង​យំ!​ សារ៉ា មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន! មើល​ទៅ​នាង​ហាក់​ដូច​ជា​ដឹង​រឿង​ថ្មី ជា​អ្វី​ម្យ៉ាង​ដែល​នាង​មិន​ធ្លាប់​ដឹង​ពី​មុន​មក។ នាង​ចុះ​ពី​​គ្រែ​សំដៅ​ទៅ​តុ ហើយ​ដុត​ទៀន​បំភ្លឺ ពេល​ដែល​ទៀន​ឆេះ​ហើយ នាង​បែរ​ទៅ​រក​មើល​ សារ៉ា ជាមួយ​នឹង​​គំនិត​ថ្មី​របស់​នាង​​ដែល​មាន​ភាព​ភ័យ​ខ្លាច​នៅ​ក្នុង​ភ្នែក។

“សារ៉ា ឯង​​មិន​ដែល​ប្រាប់​ខ្ញុំ​ទេ ខ្ញុំ​មិន​ចង់​និយាយ​ពាក្យ​អាក្រក់​ទេ ប៉ុន្តែ​​ តើ​ឯង​ធ្លាប់​អត់​ឃ្លាន​ទេ?”

ពេល​នោះ​គឺ​ពិត​ជា​ធ្ងន់ធ្ងរ​ពេក​សម្រាប់​នាង សារ៉ា ដក​ដៃ​ចេញ​ពី​មុខ​របស់​នាង។

“មែន​ហើយ ខ្ញុំ​ឃ្លាន ពេល​នេះ​ខ្ញុំ​ឃ្លាន​ណាស់ ខ្ញុំ​ស្ទើរ​តែ​អាច​ស៊ី​ឯង​បាន។ ហើយ​វា​កាន់​តែ​អាក្រក់​​ពេល​បាន​ស្ដាប់​រឿង​ប៊េកគី​ យ៉ាង​នេះ។ នាង​ឃ្លាន​ជាង​ខ្ញុំ​ទៅទៀត។”

អេមេនហ្គាដ យំ។​

“អូ! អូ! ហើយ​ខ្ញុំ​មិន​ដែល​ដឹង​ទេ!” នាង​ស្រែក​យំ។

“ខ្ញុំ​មិន​ចង់​ឲ្យ​ឯង​ដឹង វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ដូច​ជា​អ្នក​សុំទាន​នៅ​តាម​ផ្លូវ។ ខ្ញុំ​ដឹង​ថា​រូប​រាង​ខ្ញុំ​មើល​ទៅ​ដូច​អ្នក​សុំទាន​នៅ​តាម​ផ្លូវ។”

“ទេ​​អត់​ទេ ឯង​មិន​ដូច​ទេ! សម្លៀកបំពាក់​របស់​ឯង​រយីករយាក​បន្តិច ប៉ុន្តែ​រូបរាង​ឯង​មិន​ដូច​អ្នក​សុំទាន​ទេ។ មុខ​ឯង​មិន​ដូច​អ្នក​សុំទាន​ទេ។”

“ក្មេង​ប្រុស​តូច​ម្នាក់​​បាន​​ដាក់​ទាន​ឲ្យ​ខ្ញុំ​ប្រាំមួយ​ផេន្នី នៅ​នេះ​គឺ​កាក់។” នាង​និយាយ​ដោយ​សើច​​នឹង​ខ្លួន​ឯង​បន្តិច ហើយ​ទាញ​បន្តោង​ពាក់​នឹង​ក​នាង​ចេញ​មក រួច​បន្ត៖

“គេ​នឹង​មិន​ឲ្យ​កាក់​ប្រាំមួយ​ផេន្នី​ ក្នុង​ថ្ងៃ​គ្រិស្ដ​ម៉ាស​របស់​គេ​មក​ខ្ញុំ​ទេ ប្រសិន​បើ​​រូប​រាង​របស់​ខ្ញុំ​មើល​ទៅ​មិន​ដូច​​ជា​អ្នក​ដែល​ត្រូវ​ការ​​កាក់​នេះ​ខ្លាំង​នោះ។”

យ៉ាង​ណា​​មើល​កាក់​ប្រាំមួយ​ផេន្នី ហើយ​ពួក​គេ​ទាំង​ពីរ​មាន​អារម្មណ៍​ល្អ​​បន្តិច។ វា​ធ្វើ​ឲ្យ​ពួក​គេ​សើច​បន្តិច ទោះ​ពួក​គេ​មាន​​ទឹក​​ភ្នែក​ជាន់​នឹង​ថ្ពាល់​ក៏​ដោយ។

“គេ​ជា​អ្នក​ណា? អេមេនហ្គាដ សួរ​ពេល​ដែល​សម្លឹង​មើល​កាក់​ប្រាំមួយ​ផេន្នី​។

“គេ​ជា​ក្មេង​ប្រុស​គួរ​ឲ្យ​ស្រលាញ់​ពេល​នោះ​គេ​កំពុង​​ទៅ​ចូល​រួម​កម្មវិធី គេ​រស់​នៅ​គ្រួសារ​ធំ គឺ​ក្មេង​ប្រុស​តូច​ដែល​មាន​ជើង​ធំៗ ខ្ញុំ​ហៅ​គេ​ថា ហ្កាយ ក្លូរេន។ ខ្ញុំ​គិត​ថា​អ្នក​មើល​ថែ​របស់​គេ​បាន​រៀប​ចំ​កាដូ​សម្រាប់​គេ​ពេញ​ដោយ​នំ​ខេក និង​របស់​ជា​ច្រើន​ ហើយ​គេ​មើល​ឃើញ​ខ្ញុំ​មិន​មាន​អ្វី​សោះ។” សារ៉ា និយាយ។

អេមេនហ្គាដ ថយ​ក្រោយ​បន្តិច ប្រយោគ​ចុង​ក្រោយ​ធ្វើ​ឲ្យ​នាង​នឹក​ឃើញ​ដល់​អ្វី​ម្យ៉ាង​ក្នុង​ចិត្ត​ដែល​កំពុង​ញាប់ញ័រ​របស់​នាង។

“អូ សារ៉ា! ខ្ញុំ​ពិត​ជា​ល្ងង់​មែន​ដែល​មិន​បាន​គិត​​ដល់​រឿង​នេះ!” នាង​ស្រែក។

“គិត​ដល់​អ្វី?”

“របស់​ពិសេស!​ នៅ​រសៀល​នេះ​​អ្នក​មីង​ចិត្ត​ល្អ​បំផុត​របស់​ខ្ញុំ​បាន​ផ្ញើ​ប្រអប់​មួយ​ឲ្យ​ខ្ញុំ។ ក្នុង​នោះ​សុទ្ធ​តែ​ជា​របស់​ល្អ។ ខ្ញុំ​មិន​ទាន់​បាន​ប៉ះពាល់​វា​ទេ ល្ងាច​មិញ​ខ្ញុំ​ញ៉ាំ​អាហារ​ពេល​​ល្ងាច​ច្រើន​ពេក ហើយ​ខ្ញុំ​ពិបាក​ចិត្ត​​ពី​រឿង​ដែល​លោក​ប៉ា​ផ្ញើ​សៀវភៅ​មក។ នៅ​ក្នុង​នោះ​មាន​នំ​ខេក និង​នំ​សាច់​តូច​មួយ មាន​ចាហួយ​ និង​នំ​ដុត ហើយ​មាន​ទឹក​​ក្រូច ​ផ្លែ​ឈើ និង​សូកូឡា។ ខ្ញុំ​នឹង​លប​ចុះ​ទៅ​បន្ទប់​ខ្ញុំ​វិញ ហើយ​យក​មក​ឥឡូវ​នេះ​ ហើយ​យើង​នឹង​ញ៉ាំ​ឥឡូវ​នេះ។”

សារ៉ា ស្ទើរ​តែ​ដើរ​ទ្រេតទ្រោត ពេល​មនុស្ស​ទន់​ខ្លួន​ដោយ​សារ​ឃ្លាន ហើយ​​មាន​គេ​និយាយ​ពី​អាហារ​ពេល​ខ្លះ​ធ្វើ​ឲ្យ​គេ​រំភើប​ចិត្ត។ នាង​អង្រួន​ដៃ​របស់​អេមេនហ្គាដ។

“ឯង​គិត​ថា​ឯង​អាច​ទៅ​​យក​បាន​ទេ?”

“ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច” អេមេនហ្គាដ ឆ្លើយ​ហើយ​រត់​ទៅ​ទ្វារ បើក​ថ្នមៗ ដក់​ក្បាល​ចូល​ទៅ​កន្លែង​ងងឹត ហើយ​ផ្ទៀង​ស្ដាប់ ហើយ​នាង​ត្រលប់​មក​សារ៉ា​ វិញ។

“ភ្លើង​បិទ​ហើយ អ្នក​គ្រាប់​គ្នា​គេង​ហើយ។ ខ្ញុំ​អាច​ចុះ​ទៅ​ឡើង​មក​​ហើយ​គ្មាន​អ្នក​ណា​ឮ​ទេ។”

នេះ​ជា​រឿង​សប្បាយ​ចិត្ត​បំផុត​ដែល​ពួក​គេ​ចាប់​ដៃ​គ្នា ហើយ​ភ្លាម​នោះ​ពន្លឺ​បាន​ចាំង​នៅ​ក្នុង​ភ្នែក​របស់​សារ៉ា។

“អ៊មីលី! យើង​ឧបមា​ថា​! យើង​ឧបមា​ថា​នេះ​ជា​ពិធី​ជប់​លៀង! ហើយ អូ! ឯង​មិន​អញ្ជើញ​អ្នក​ទោស​នៅ​ជាប់​បន្ទប់​នេះ​ទេ?”

“ត្រូវ​ហើយៗ! យើង​គោះ​ជញ្ជាំង​ទៅ អ្នក​យាម​គុក​នឹង​មិន​ឮ​ទេ។”

សារ៉ា ដើ​រ​ទៅ​ជញ្ជាំង នាង​អាច​ស្ដាប់​ឮ​នាង​កំពុង​យំ​តិចៗ នាង​គោះ​ជញ្ជាំង​បួន​ដង។

“នោះ​មាន​ន័យ​ថា ឲ្យ​ចូល​មក​បន្ទប់​ខ្ញុំ ខ្ញុំ​មាន​រឿង​ត្រូវ​និយាយ​ជាមួយ” នាង​ធ្លាប់​ពន្យល់​យ៉ាង​នេះ។

សំឡេង​គោះ​ប្រាំ​ដង​ជា​ការ​ឆ្លើយ​មក​វិញ។

“ខ្ញុំ​ទៅ​ហើយ”

មិន​​យូរ​ប៉ុន្មាន ទ្វារ​បន្ទប់​ធ្នើរ​បើក ហើយ​ប៊េកគី បង្ហាញ​ខ្លួន​មក។​ ភ្នែក​នាង​ក្រហម ហើយ​មួក​របស់​នាង​ធ្លាក់​សំយាក​ទៅ​ម្ខាង ហើយ​ពេល​នាង​ឃើញ​ អេមេនហ្គាដ នាង​ចាប់​ផ្ដើម​ជូត​មុខ​របស់​នាង​ដោយ​របាំង​ការពារ​អៀម​ដោយ​អារម្មណ៍​ភ័យ​ខ្លាច។

“កុំ​ប្រកាន់​ខ្ញុំ​អី ប៊េកគី” អេមេនហ្គាដ និយាយ។

“កញ្ញា អេមេនហ្គាដ បាន​ហៅ​​ឯង​ឲ្យ​​ចូល​មក ព្រោះ​នាង​នឹង​ទៅ​យក​របស់​មួយ​ប្រអប់​ឡើង​មក​សម្រាប់​យើង។” សារ៉ា និយាយ។

មួក​របស់​ ប៊េកគី ស្ទើរ​តែ​ជ្រុះ​ទៅ​ហើយ នាង​បន្លឺ​ឡើង​ដោយ​ក្ដី​រំភើប។

“របស់​ញ៉ាំ​មែន​ទេ​អ្នក​នាង? របស់​ញ៉ាំ​​ឆ្ងាញ់​មែន​ទេ?” នាង​សួរ។

“ត្រូវ​ហើយ ហើយ​យើង​នឹង​ចាត់​ទុក​ថា​ជា​ពិធី​ជប់លៀង។” សារ៉ា ឆ្លើយ។

“ហើយ​ឯង​ចង់​ញ៉ាំ​ប៉ុន្មាន​ក៏​បាន​ដែរ ខ្ញុំ​​នឹង​ទៅ​ឥឡូវ​នេះ!” អេមេនហ្គាដ លូក​មាត់។

នាង​ប្រញាប់​ខ្លាំង​ដែល​នាង​ចេញ​ពី​បន្ទប់​ធ្នើរ​ទៅ​ដោយ​ជ្រុះ​កន្លែង​រុំ​ក​ពណ៌​ក្រហម​ដោយ​មិន​ដឹង​ខ្លួន។ ភ្លាម​នោះ​គ្មាន​​អ្នក​ណា​ឃើញ​ទេ ប៊េកគី រំភើប​ពេក​នឹង​សំណាង​​របស់​នាង​នៅ​ពេល​នេះ។

“អូ អ្នក​នាង! អូ អ្នក​នាង!​​ ខ្ញុំ​ដឹង​ថា​គឺ​អ្នក​នាង​ជា​អ្នក​សុំ​គាត់​ឲ្យ​ខ្ញុំ​ចូល​មក។ ពេល​ខ្ញុំ​គិត​ដល់​រឿង​​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​យំ” នាង​​និយាយ​អួល​ដើម​ករ ហើយ​នាង​ដើរ​ទៅ​ជិត​សារ៉ា និង​សម្លឹង​មើល​នាង​ដោយ​ក្ដី​គោរព។

ប៉ុន្តែ​ភ្នែក​ដែល​បង្ហាញ​ពី​ការ​ឃ្លាន​របស់​សារ៉ា មាន​ពន្លឺ​ចាស់​ដែល​ចាប់​ផ្ដើម​ប្រែ​ពិភពលោក​នេះ​សម្រាប់​នាង​។ នៅ​ក្នុង​បន្ទប់​ធ្នើរ​នេះ ជាមួយ​នឹង​ការ​ទ្រាំ​ភាព​ត្រជាក់​នៅ​ខាង​ក្រៅ ជាមួយ​នឹង​ការ​ដើរ​លើ​ផ្លូវ​សុទ្ធ​តែ​ភក់ ជាមួយ​នឹង​ការ​ចង​ចាំ​ដល់​រូប​រាង​ក្មេង​សុំទាន​ដែល​ញ៉ាំ​មិន​ឆ្អែត​នោះ ពេលវេលា​នេះ គឺ​ជា​រឿង​រីករាយ​ដែល​បាន​កើត​ឡើង​ដូច​ជា​​វេទមន្ត។

“នាង​ដក​ដង្ហើម​ធំ​មួយ។

“យ៉ាង​ណា​រឿង​អ្វី​មួយ​តែង​តែ​កើត​ឡើង គឺ​នៅ​ចំ​មុន​ពេល​គ្រប់​យ៉ាង​ទៅ​ជា​អាក្រក់​បំផុត។ វា​ហាក់​ដូច​ជា​វេទមន្ត​ជា​អ្នក​បង្កើត​ឡើង។”

នាង​បាន​ធ្វើ​ឲ្យ​ប៊េកគី សប្បាយ​ដល់​ស្រក់​ទឹក​ភ្នែក។

“ទេ ទេ!  ឯង​មិន​ត្រូវ​យំ​ទេ! យើង​ត្រូវ​តែ​ប្រញាប់​រៀបចំ​តុ។” នាង​និយាយ។

“រៀបចំ​តុ​មែន​ទេ​អ្នក​នាង? យើង​ដាក់​អ្វី​នៅ​លើ​នេះ​ទៅ?” ប៊េកគី សួរ​ហើយ​ប្រញាប់​ទៅ​មើល​ជុំ​វិញ​តុ។

សារ៉ា ក៏​សម្លឹង​មើល​ជុំ​វិញ​បន្ទប់​ដែរ។

“មើល​ទៅ​អត់​មាន​អ្វី​ច្រើន​ទេ” នាង​ឆ្លើយ​ដោយ​សើច​បន្តិច។

នៅ​ពេល​នោះ​នាង​ឃើញ​របស់​ម្យ៉ាង​ និង​ឱន​ទៅ​រើស​មើល នោះ​គឺ​កន្សែង​រុំ​ក​ពណ៌​ក្រហម​របស់​ អេមេនហ្គាដ ដែល​ជ្រុះ​នៅ​លើ​កម្រាល។

“កន្សែង​រុំ​ក​របស់​នាង ខ្ញុំ​ដឹង​ថា​នាង​នឹង​មិន​ប្រកាន់​ទេ វា​នឹង​​ធ្វើ​ឲ្យ​​តុ​នេះ​មាន​កម្រាល​ក្រហម​យ៉ាង​ស្រស់​ស្អាត។” នាង​និយាយ។

ពួក​គេ​ទាញ​តុ​ចាស់​ចេញ​មក​ក្រៅ​បន្តិច​ ហើយ​ក្រាល​កន្សែង​ក្រហម​​លើ​នោះ។

“បើ​​លើ​កម្រាល​ឥដ្ឋ​​មាន​ព្រំ​ក្រហម​ទៀត​ ពិត​ជា​ល្អ​ណាស់ ពួក​យើង​ឧបមា​ថា​មាន​ទៅ​ចុះ!” សារ៉ា​​ បន្លឺ​ពី​ក្ដី​រំភើប នាង​ដាក់​ដៃ​កល់​ចង្កា​ភ្នែក​នាង​ចាប់​ផ្ដើម​សម្លឹង​មើល​​កម្រាល៖

“ពិត​ជា​ទន់​ហើយ​ក្រាស់​ល្អ​មែន!” នាង​ញញឹម​ដាក់ ប៊េកគី ដែល​យល់​ពី​អត្ថន័យ​នេះ។ ពេល​ដែល​​កំពុង​គិត​នាង​ក៏​​ស្ទុះ​ក្រោក​ចេញ​ពី​តុ។

“ចាំ​បន្តិច​ ប៊េកគី” និយាយ​ហើយ​ នាង​សំដៅ​ទៅ​ហិប​ចាស់​ដែល​គេ​ទុក​ចោល​នៅ​ក្បែរ​ជញ្ជាំង បើ​ក​ហិប​នោះ​រក​មើល​នាង​រំពឹង​ថា នឹង​មាន​របស់​អ្វី​ម្យ៉ាង​ដើម្បី​លំអ​កម្ម​វិធី​របស់​នាង។ ពិត​ជា​ដូច​វេទ​​មន្ត​មែន​នៅ​ក្នុង​នោះ​នាង​រក​ឃើញ កន្សែង​ជូត​ដៃ​តូចៗ កម្រង​ផ្កា​ជ័រ​​ក្រហម​ដែល​គេ​ឈប់​ប្រើ​ជា​យូរ​មក​ហើយ និង​ក្រដាស​ជូត​មាត់​ពណ៌​ក្រហម នាង​យក​មក​ដាក់​លើ​តុ ហើយ​ប៊េកគី បាន​បត់​ក្រដាស​ក្រហម​ធ្វើ​ជា​កូន​ចាន​ ដាក់​ក្បែរ​​កន្សែង​ជូន​ដៃ ដែល​ធ្វើ​ឲ្យ​ទិដ្ឋភាព​កាន់​តែ​ប្រសើរ​ឡើង។

ពេល​នោះ​ទ្វារ​បើ​មក ហើយ​អេមេនហ្គាដ ចូល​មក​ក្នុង​បន្ទប់ ដោយ​មាន​របស់​ធ្ងន់​សំពីងសំពោង។ នាង​ឃើញ​បន្ទប់​នេះ​មាន​តុ​ដែល​ក្រាល​ដោយ​កម្រាល​ក្រហម មាន​​កន្សែង​ជូត​​ដៃ ចាន​ក្រហម និង​ផ្កា​លំអ ធ្វើ​ឲ្យ​បន្ទប់​នេះ​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​រៀប​ចំ​យ៉ាង​ពិសេស​។

“អូ សារ៉ា! ឯង​ពិត​ជា​​ក្មេង​ស្រី​ឆ្លាត​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ជួប​មែន!” នាង​ស្រែក។

“តើ​ស្អាត​ទេ? នោះ​គឺ​របស់​ខ្ញុំ​យក​មក​ពី​ក្នុង​ហិប​ចាស់ ខ្ញុំ​សុំ​​ពី​វេទមន្ត ហើយ​វេទមន្ត​​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​រក​​ក្នុង​នោះ” សារ៉ា​ និយាយ។

“មើល​ទៅ​ដូច​ជា​កម្មវិធី​​ជប់​លៀង​មែន​ទែន!” អេមេនហ្គាដ និយាយ។

“ដូច​ជា​តុ​របស់​​​ម្ចាស់ក្សត្រី” ប៊េកគី​ និយាយ។

ពេល​នោះ​សារ៉ា ស្រាប់​តែ​នឹក​ឃើញ​គំនិត​មួយ។

“ខ្ញុំ​នឹង​ប្រាប់​ឯង​រឿង​មួយ សារ៉ា ឧបមា​ថា​ឯង​ជា​ព្រះ​នាង​នៅ​ពេល​នេះ ហើយ​នេះ​ជា​ពិធី​ជប់​លៀង​របស់​រាជ​វង្ស។”

“ប៉ុន្តែ​នេះ​ជា​ពិធី​ជប់លៀង​របស់​ឯង ឯង​ត្រូវ​តែ​​ធ្វើ​ជា​ព្រះ​នាង ហើយ​ពួក​យើង​នឹង​ធ្វើ​ជា​​ភ្ញៀវ​កិត្តិយស​របស់​ឯង។”
“អូ ខ្ញុំ​មិន​អាច​ទេ ខ្ញុំ​​ធាត់​ណាស់ ហើយ​ខ្ញុំ​មិន​ចេះ​ទេ ឯង​អ្នក​ធ្វើ​ទៅ។”

“បាន​ បើ​ឯង​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​” សារ៉ា និយាយ។

ប៉ុន្តែ​ភ្លាម​នោះ​នាង​គិត​ដល់​អ្វី​ម្យ៉ាង​ទៀត ហើយ​រត់​ទៅ​រក​​ហិប។

“មាន​ក្រដាស​ និង​របស់​គេ​បោះ​ចោល​ច្រើន​ណាស់​នៅ​ក្នុង​នេះ ប្រសិន​បើ​យើង​ដុត​វា នោះ​នឹង​មាន​ពន្លឺ​ប្រហែល​ពីរ​បី​នាទី ហើយ​យើង​នឹង​មាន​អារម្មណ៍​ថា​នោះ​ដូច​ជា​ភ្លើង​ចង្ក្រាន​ធ្យូង​ពិត​ប្រាកដ។” នាង​យក​ចេញ​មក​ហើយ​ដុត​ក្នុង​ចង្ក្រាន​ដែល​មិន​ដែល​មាន​ភ្លើង​ចាប់​តាំង​ពី​ពេល​ដែល​នាង​មក​នៅ​ក្នុង​បន្ទប់​ធ្នើរ​នេះ។

“ពេល​ដែល​វា​ឈប់​ឆេះ​ យើង​នឹង​ភ្លេច​ថា​វា​មិន​មែន​ជា​ភ្លើង​ធ្យូង​ពិត” សារ៉ា និយាយ។

នាង​​ឈរ​​សម្លឹង​មក​ពួក​​គេ​ ហើយ​ញញឹម។

“តើ​ដូច​ជា​ការ​ពិត​ទេ? ឥឡូវ​យើង​នឹង​ចាប់​ផ្ដើម​ពិធី​​​ជប់លៀង។” នាង​និយាយ។

នាង​ដើរ​សំដៅ​ទៅ​តុ បក់​ដៃ​​យ៉ាង​រីករាយ​ទៅ​កាន់ អេមេនហ្គាន និង​​ប៊េកគី។ នាង​កំពុង​នៅ​ពាក់​កណ្ដាល​នៃ​សុបិន​របស់​នាង។

“​សុភាព​នារី​ទាំង​អស់​គ្នា សូម​​អញ្ជើញ​ចូល​អង្គុយ​នៅ​តុ។ បិតា​របស់​ខ្ញុំ​​ដែល​​បាន​យាង​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ជា​យូរ​មក​ហើយ​នោះ​ បាន​ត្រាស់​បញ្ជា​ខ្ញុំ​ឲ្យ​រៀបចំ​ពិធី​ជប់​លៀង​ដល់​អ្នក​ទាំង​អស់​គ្នា។” នាង​​និយាយ​ដោយ​សំឡេង​ក្នុង​សុបិន​រីករាយ​របស់​នាង។

នាង​ងាក​មុខ​ទៅ​ជ្រុង​បន្ទប់​បន្តិច ហើយ​ពោល​ឡើង​ម្ដង​ទៀត៖

“អូ​​ នោះ! ស្ត្រី​របាំ ព្រះ​នាង​ទាំង​ឡាយ​តែងតែ​មាន​ស្ត្រី​របាំ​មក​ប្រគំ​ពេល​មាន​កម្មវិធី​ជប់​លៀង ដូច្នេះ​យើង​ឧបមា​ថា​នៅ​ជ្រុង​បន្ទប់​នោះ​គឺ​ក្រុម​ស្ត្រី​របាំ​កំពុង​ប្រគំ។ ឥឡូវ​យើង​នឹង​ចាប់​ផ្ដើម!”

ពួក​​គេ​មិន​ទាន់​បាន​ញ៉ាំ​នំ​ខេក​ប៉ុន្មាន​ម៉ាត់​ទេ គ្មាន​​អ្នក​ណា​បាន​ញ៉ាំ​ទៀត​ទេ ពេល​ពួក​គេ​ទាំង​បី​ក្រោក​ឈរ​ឡើង ហើយ​ទឹក​មុខ​ប្រែ​ជា​ស្លេក សម្លឹង​ទៅ​ទ្វារ ហើយ​ផ្ទៀង​ស្ដាប់។

មាន​គេ​ឡើង​មក​ជាន់​លើង ប្រាកដ​ណាស់​គឺ​មាន​​មនុស្ស​មក។ ពួក​គេ​ម្នាក់ៗ​ចំណាំ​ដំណើរ​ដែល​ពោរពេញ​ដោយ​កំហឹង​នេះ​បាន ហើយ​ដឹង​ថា​អ្វី​គ្រប់​យ៉ាង​នៅ​ទី​នេះ​គឺ​ត្រូវ​ចប់​អស់​ហើយ។

“គឺ​ម៉ាដាម!” ប៊េកគី និយាយ​សំឡេង​ញ័រ ហើយ​​ជ្រុះ​នំ​ពី​ដៃ​ទៅ​លើ​កម្រាល​ឥដ្ឋ។

“ត្រូវ​ហើយ កញ្ញា មីនជីន តាម​យើង​ទាន់​ហើយ។” សារ៉ា និយាយ ភ្នែក​របស់​នាង​បង្ហាញ​ពី​ភាព​រន្ធត់។

កញ្ញា មីនជីន ចាប់​ទាញ​ទ្វារ​បើក​មួយ​កម្លាំង​ដៃ​របស់​គាត់ មុខ​របស់​គាត់​ស្លេក ប៉ុន្តែ​នោះ​គឺ​ដោយ​សារ​កំហឹង។ គាត់​សម្លឹង​មើល​ទឹក​មុខ​អ្នក​ទាំង​បី​ដែល​កំពុង​ភ័យ​ខ្លាច ហើយ​សម្លឹង​ទៅ​តុ​អាហារ ហើយ​និង​ពន្លឺ​ក្រដាស​ដែល​គេ​ដុត​ក្នុង​ចង្ក្រាន។

“ខ្ញុំ​បាន​សង្ស័យ​រឿង​បែប​នេះ​យូរ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ស្រមៃ​ដល់​ការ​រៀប​ចំ​បែប​នេះ​ទេ ឡាវីនី​ ប្រាប់​ខ្ញុំ​គឺ​ជា​ការ​ពិត។” គាត់​ស្រែក។

ដូច្នេះ​ពួក​គេ​ដឹង​ថា នោះ​គឺ​ឡាវីនី ដែល​បាន​ទាយ​ដឹក​ពី​អាថ៌កំបាំង​របស់​ពួក​គេ​ដោយ​វិធី​ណា​មួយ និង​បាន​ក្បត់​ពួក​គេ។ កញ្ញា មីនជីន ដើរ​សំដៅ​ទៅ ប៊េកគី ហើយ​មួរ​ស្លឹក​ត្រចៀក​របស់​នាង​ជា​​លើក​ទី​ពីរ។

“ក្មេង​ស្រី​មិន​ចេះ​អៀន​ខ្មាស ឯង​ត្រូវ​ចេញ​ពី​ផ្ទះ​នេះ​​នៅ​ថ្ងៃ​ស្អែក!” គាត់​និយាយ។

សារ៉ា ឈរ​នៅ​ស្ងៀម ភ្នែក​របស់​នាង​បើក​កាន់​តែ​ធំមុខ​របស់​នាង​ស្លេក​ជាង​មុន។ អេមេនហ្គាដ ចាប់​ផ្ដើម​យំ។

“អូ កុំ​ដេញ​នាង​ចេញ​អី មីង​របស់​ខ្ញុំ​ផ្ញើ​ប្រអប់​នេះ​មក​ឲ្យ​ខ្ញុំ ពួក​យើង​គ្រាន់​តែ​ជប់​លៀង​ទេ។” នាង​និយាយ​ដោយ​យំ​ខ្សឹកខ្សួល។

“អញ្ចឹង​ខ្ញុំ​យល់​ហើយ ជាមួយ​នឹង​ព្រះ​នាង​សារ៉ា នៅ​ក្បាល​តុ​នេះ” កញ្ញា មីន​ជីន ស្រែក​ហើយ​ ងាក​ទៅ​សម្លឹង​សារ៉ា ដោយ​ទឹក​មុខ​ខឹង​ខ្លាំង ហើយ​បន្ត៖

“គឺ​ជា​អំពើ​របស់​ឯង ខ្ញុំ​ដឹង។ អេមេនហ្គាដ មិន​អាច​រក​នឹក​ឃើញ​គំនិត​បែប​នេះ​ទេ។ តុបតែង​តុ​បែប​នេះ ខ្ញុំ​គិត​ថា​គឺ​ជាមួយ​នឹង​សំរាម” និយាយ​ហើយ​ គាត់​ងាក​មក ប៊េកគី​ ហើយ​ស្រែក៖

“​ទៅ​បន្ទប់​របស់​ឯង​ទៅ!” គាត់​បញ្ជា ហើយ​ប៊េកគី រត់​ចេញ​ទៅ ដោយ​យក​របាំង​ការពារ​អៀម​បាំង​មុខ ហើយ​ស្មា​របស់​នាង​ញ័រ។

បន្ទាប់​មក​គឺ​វេន​របស់​ សារ៉ា។

“ខ្ញុំ​​នឹង​​ផ្ដល់​មេរៀន​ឲ្យ​ឯង​នៅ​ថ្ងៃ​ស្អែក ​ឯង​នឹង​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក ពេល​​ល្ងាច ឬ​ពេល​យប់​​ទេ!”

“ថ្ងៃ​នេះ​ខ្ញុំ​មិន​បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ឬ​ពេល​យប់​ទេ កញ្ញា មីនជីន។” សារ៉ា និយាយ​រឹត​តែ​អស់​កម្លាំង។

“អញ្ចឹង​កាន់​​តែ​ល្អ​ហើយ​ ឯង​នឹង​មាន​រឿង​ត្រូវ​ចាំ។ កុំ​ឈរ​នៅ​​ស្ងៀម​អី ដាក់​របស់​ទាំង​នោះ​ចូល​ក្នុង​ប្រអប់​វិញ​ទៅ។”

គាត់​ចាប់​ផ្ដើម​ប្រមូល​របស់​ទាំង​នោះ​ដាក់​ចូល​ក្នុង​ប្រអប់​ដោយ​ខ្លួន​គាត់ ហើយ​បាន​ឃើញ​សៀវភៅ​ថ្មី​របស់ អេមេនហ្គាដ។

“ហើយ​ឯង បាន​នាំ​សៀវភៅ​ថ្មី​ដ៏​ស្អាត​របស់​ឯង​មក​​ក្នុង​បន្ទប់​ធ្នើរ​ដ៏​កខ្វក់​នេះ។ ប្រមូល​វា​ហើយ​ទៅ​បន្ទប់​គេង​វិញ​ទៅ។ ស្អែក​ឯង​នឹង​នៅ​ទី​នោះ​ពេញ​មួយ​ថ្ងៃ​ ហើយ​ខ្ញុំ​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ប៉ា​របស់​ឯង។ តើ​គាត់​នឹង​និយាយ​ថា​ម៉េច​បើ​គាត់​ដឹង​ថា​យប់​នេះ​ឯង​នៅ​ឯណា?”

គាត់​ឃើញ​អ្វី​ម្យ៉ាង​នៅ​លើ​ទឹក​មុខ​របស់ សារ៉ា ជាមួយ​នឹង​កំហឹង​នៅ​ពេល​នេះ​គាត់​ងាក​ទៅ​រក​នាង​ភ្លាម។

“ឯង​កំពុង​គិត​អី? ហេតុ​អី​ឯង​សម្លឹង​មើល​ខ្ញុំ​បែប​នោះ?” គាត់​សួរ។

“ខ្ញុំ​កំពុង​ឆ្ងល់” សារ៉ា ឆ្លើយ នាង​ឆ្លើយ​ដូច​​ជា​ពេល​ដែល​នៅ​ក្នុង​ថ្នាក់​រៀន។

“ឯង​កំពុង​ឆ្ងល់​អី?”

“ខ្ញុំ​កំពុង​ឆ្ងល់​​ថា ប៉ាប៉ា​​របស់​ខ្ញុំ​នឹង​និយាយ​ថា​ម៉េច​ពេល​គាត់​ដឹង​ថា​ខ្ញុំ​នៅ​ទីនេះ​យប់​​នេះ?” នាង​ឆ្លើយ​ដោយ​សំឡេង​តិច។

កញ្ញា​ មីនជីន រក​ពាក្យ​និយាយ​មិន​បាន​ដូច​ពី​មុន ហើយ​កំហឹង​របស់​គាត់​បង្ហាញ​ចេញ​មក​តាម​របៀប​ចាស់។ គាត់​ស្ទុះ​ទៅ​រក​នាង​ហើយ​ចាប់​អង្រួន​នាង។

“ក្មេង​​ព្រហើន​ ប្រដៅ​មិន​បាន​ឯង​នេះ! ម៉េច​ក៏​ឯង​ហ៊ាន! ម៉េច​ក៏​ឯង​ហ៊ាន!”

គាត់​ចាប់​ទាញ​សៀវភៅ ប្រមូល​របស់​ផ្សេង​ទៀត​ញាត់​ចូល​ក្នុង​ប្រអប់ រុញ​ដាក់​ក្នុង​ដៃ​របស់ អេមេនហ្គាដ ហើយ​រុញ​នាង​ទៅ​មុខ​គាត់​សំដៅ​ទៅ​ទ្វារ។

“ខ្ញុំ​នឹង​ទុក​ឲ្យ​ឯង​នៅ​ឆ្ងល់ ទៅ​គ្រែ​របស់​ឯង​ភ្លាម​ទៅ” គាត់​និយាយ​ហើយ​ទាញ​ទ្វារ​​បិទ​ពី​ក្រោយ​គាត់ និង​អេមេនហ្គាដ កម្សត់ ហើយ​ចេញ​ទៅ​ទុក​សារ៉ា​ឲ្យ​ឈរ​នៅ​ម្នាក់​ឯង។

សុបិន​បាន​មក​ដល់​ទី​បំផុត ពន្លឺ​ចុង​ក្រោយ​ពី​ក្រដាស​នៅ​ក្នុង​ចង្ក្រាន​បាន​រលត់​ទៅ ហើយ​បន្សល់​ទុក​បន្ទប់​ធ្នើរ​នេះ​ឲ្យ​ងងឹត​សូន្យ​ឈឹង តុ​ទទេ​ស្អាត របស់​តុបតែង​ធ្លាក់​ចុះ​លើ​កម្រាល​​រាយប៉ាយ អ៊េមីលី អង្គុយ​ផ្អែក​ជញ្ជាំង​សម្លឹង​ចំ​ទៅ​មុខ។ សារ៉ា ឃើញ​ហើយ​ក៏​​ទៅ​លើក​នាង​មក​ដោយ​ដៃ​ញ័រ​ចំប្រប់។

“មិន​​មាន​សេសសល់​អាហារ​ទេ​ អ៊េមីលី ហើយ​ក៏​គ្មាន​ព្រះ​ដែរ។ គ្មាន​អ្វី​សល់​ទេ​ក្រៅ​ពី​អ្នក​ទោស​នៅ​បាស្ទីល” នាង​និយាយ ហើយ​អង្គុយ​ឈ្ងោក​មុខ។