តើនឹងមានអ្វីកើតឡើងប្រសិនបើនាងមិនឈ្ងោកមុខក្រាបលើដៃនៅពេលនេះ ហើយប្រសិនបើនាងមានឱកាសងើយទៅមើលកញ្ចក់បំភ្លឺដំបូលនៅពេលណាមួយ បើដូច្នោះមែនគ្រប់យ៉ាងប្រាកដជាមិនដូចគ្នាទេ ព្រោះបើនាងងើយទៅមើលកញ្ចក់បំភ្លឺដំបូល នាងនឹងភ័យញ័រដោយសារឃើញមុខបុរសម្នាក់ដែលនាងធ្លាប់ឃើញដាក់ផ្អឹបនឹងកញ្ចក់ សម្លឹងមកនាងដូចពេលដែលគាត់បានអើតមកលើកទីមួយពេលដែលនាងកំពុងនិយាយជាមួយ អេមេនហ្គាដ ដែរ។
ប៉ុន្តែនាងមិនងើយមើលលើទេ នាងអង្គុយឈ្ងោកមុខមួយសន្ទុះ នាងតែងតែអង្គុយបែបនេះពេលដែលនាងព្យាយាមទ្រាំនឹងអ្វីមួយនៅក្នុងទីស្ងាត់។ បន្ទាប់មកនាងក្រោកឡើង ហើយដើរយឺតៗសំដៅទៅគ្រែរបស់នាង។
“ខ្ញុំមិនអាចប្រឌិតរឿងបានទេ ពេលដែលខ្ញុំដឹងខ្លួន ទោះព្យាយាមក៏គ្មានប្រយោជន៍ដែរ។ ប្រសិនបើខ្ញុំចូលគេង ប្រហែលជាសុបិនអាចមកដល់ ហើយជួយប្រឌិតរឿងឲ្យខ្ញុំ។”
ភ្លាមនោះនាងមានអារម្មណ៍ថាអស់កម្លាំងខ្លាំង ប្រហែលជានាងចង់ញ៉ាំអាហារ ទើបនាងអង្គុយនៅគែមគ្រែក្នុងសភាពទន់ខ្សោយ។
“ឧបមាថាមានភ្លើងភ្លឺពីក្នុងចង្ក្រាននោះមក ដោយមានអណ្ដាតភ្លើងរេរាំ ឧបមាថាមានកៅអីស្រួលអង្គុយនៅមុខនោះ ហើយឧបមាថាមានតុតូចមួយនៅជិតនោះជាមួយនឹងអាហារពេលយប់ក្ដៅៗនៅលើនោះ។ ហើយឧបមាថា..” នាងទាញភួយដណ្ដប់៖
“គ្រែនេះជាគ្រែទន់ហើយស្អាត មានភួយក្រាស់ និងខ្នើយទន់ធំ។ ឧបមា.. ឧបមា.. “ ហើយនាងបិទភ្នែក និងគេងលក់ទៅ។
………………………..
នាងមិនដឹងថានាងបានគេងយូរប៉ុណ្ណាហើយទេ ប៉ុន្តែនាងអស់កម្លាំងខ្លាំងទើបគេងលង់លក់ លង់លក់ខ្លាំង និងស្កប់ស្កល់ដែលមិនអាចមានសំឡេងអ្វីមកដាស់នាងឲ្យភ្ញាក់បាន ទោះបីជាមានសំឡេងរំខានពី ម៉េឆាយឌេក និងគ្រួសាររបស់គេបានចេញមកក្រៅទាំងអស់គ្នាដើម្បីលេងក៏ដោយ។
ពេលដែលនាងដឹងខ្លួនវាហាក់ដូចជានាងទើបតែបានគេងមួយស្របក់ ហើយនាងមិនដឹងថាអ្វីទៅបាននាំងនាងឲ្យត្រលប់មកវិញ។ ការពិតគឺពេលនោះមានសំឡេងដែលបានហៅនាងមកវិញ គឺសំឡេងពិត សំឡេងបិទកញ្ចក់បំភ្លឺដំបូល។
ដំបូងនាងមិនបើកភ្នែកទេ នាងមានអារម្មណ៍ថាងងុយគេងខ្លាំង ហើយមានអារម្មណ៍ថាកក់ក្ដៅនិងសោយសុខ។ នាងពិតជាកក់ក្ដៅនិងស្រណុកក្នុងខ្លួន ដែលនាងមិនជឿថានាងពិតជាដឹងខ្លួនមែនទែននោះទេ។ នាងមិនដែលមានអារម្មណ៍កក់នៅបែបនោះទេលើកលែងតែនៅក្នុងការគិត។
“សុបិនអីល្អម្ល៉េះ! ខ្ញុំពិតជាកក់ក្ដៅណាស់! ខ្ញុំមិនចង់ ខ្ញុំមិនចង់ភ្ញាក់ទេ” នាងនិយាយរហឹមៗ។
ពិតណាស់នោះគឺសុបិន នាងមានអារម្មណ៍ថាកក់ក្ដៅ មានស្បៃដណ្ដប់គ្រែដណ្ដប់លើខ្លួននាង។ នាងពិតជាមានអារម្មណ៍ថា នោះជាភួយ។ នាងប្រាកដជាមិនត្រូវភ្ញាក់ពីសុបិនដ៏ល្អនេះទេ នាងត្រូវតែសម្ងំឲ្យស្ងៀមដើម្បីនៅក្នុងសុបិននេះឲ្យបានយូរ។
ប៉ុន្តែនាងធ្វើមិនបានទោះបីនាងខំបិទភ្នែកយ៉ាងជិតក៏ដោយ នាងមិនអាចនៅស្ងៀមបាន។ មានអ្វីម្យ៉ាងបង្ខំនាងឲ្យភ្ញាក់ អ្វីម្យ៉ាងនៅក្នុងបន្ទប់។ នោះគឺអារម្មណ៍ដឹងថាមានភ្លើង ហើយសំឡេងផ្ទុះច្រាវៗពីភ្លើង។
“អូ ខ្ញុំកំពុងភ្ញាក់ហើយ ខ្ញុំមិនអាចសម្ងំបានទេ ខ្ញុំមិនអាចទេ” នាងនិយាយខ្សឹបៗ។
នាងក៏បើកភ្នែក ហើយពេលនោះនាងញញឹម ចំពោះអ្វីដែលនាងមិនដែលបានឃើញនៅក្នុងបន្ទប់ធ្នើរនេះពីមុនមក ហើយនាងដឹងថានាងនឹងមិនដែលបានឃើញទេ។
“អូ ខ្ញុំមិនទាន់ភ្ញាក់ទេ ខ្ញុំនៅក្នុងសុបិននៅឡើយ” នាងខ្សឹប ហើយប្រើកែងដៃទ្រខ្លួនឲ្យក្រោកឡើងបន្តិច។ នាងដឹងថានោះពិតជាសុបិន ព្រោះបើនាងដឹងខ្លួនរបស់ទាំងនោះមិនអាចមានទេ ពិតជាមិនអាច។
នាងបើកភ្នែកធំៗមើលរបស់ទាំងនេះទើបនាងជឿជាក់ថានោះពិតជាសុបិន មិនមែនជាការពិតរបស់ទាំងនោះគឺ អណ្ដាតភ្លើងនៅក្នុងចង្ក្រាន នៅខាងលើគឺកំសៀវទង់ដែងតូចមួយបន្លឺសំឡេងឆៗ គឺទឹកកំពុងពុះ នៅលើកម្រាលឥដ្ឋគឺមានព្រំក្រាលពីលើយ៉ាងក្រាស់ នៅមុខចង្ក្រានមានកៅអីបត់ដែលមិនទាន់លាហើយនៅលើនោះមានខ្នើយទ្រនាប់ ក្បែរកៅអីមានតុបត់តូចមួយដែលមិនទាន់លានិងមានក្រណាត់សគ្របពីលើ ហើយនៅក្បែរនោះមានចាន ពែង ចានទ្រនាប់ និងប៉ាន់តែ នៅលើងគ្រែមានកម្រាលថ្មី នៅខាងចុងគ្រែមានរ៉ូបសូត្រ ស្បែកជើងពាក់ក្នុងផ្ទះមួយគូ និងសៀវភៅជាច្រើន។ បន្ទប់ក្នុងសុបិនរបស់នាងហាក់ដូចជាប្រែក្លាយទៅជាកន្លែងរបស់ទេវតា ហើយគ្របដណ្ដប់ដោយពន្លឺស្រទន់និងកក់ក្ដៅចេញពីចង្កៀងដែលបញ្ឈរនៅលើតុចាស់របស់នាង។
នាងក្រោកអង្គុយដោយយកកែងដៃទប់ខ្លួន ដង្ហើមរបស់នាងញាប់ និងខ្លីៗ។
“វាមិនរលាយបាត់ទេ អូ! ខ្ញុំមិនដែលមានសុបិនបែបនេះទេពីមុនមក។” នាងដង្ហក់ នាងខ្លាចមិនចង់ហ៊ានកម្រើកទេ ប៉ុន្តែនៅទីបំផុតនាងរុញកម្រាលគ្រែចេញ ហើយដាក់ជើងលើកម្រាលឥដ្ឋជាមួយនឹងស្នាមញញឹម។
“ខ្ញុំកំពុងសុបិន ខ្ញុំកំពុងក្រោកចេញពីគ្រែ ខ្ញុំសុបិនថាវាជាការពិត នៅតែជាការពិត! ខ្ញុំកំពុងសុបិនពីវា ទទួលអារម្មណ៍ពីវា វាជារឿងត្រេកត្រអាល ឬខ្ញុំកំពុងត្រេកត្រអាល។ ខ្ញុំគ្រាន់តែគិត ខ្ញុំបានឃើញវា តើខ្ញុំអាចបន្តគិតទៀតបានទេ? ខ្ញុំមិនខ្វល់ទេ! ខ្ញុំមិនខ្វល់ទេ!” នាងខ្សឹប ហើយចុះមកឈរនៅលើកម្រាល ហើយបែរខ្លួនយឺតៗ។
នាងឈរដង្ហក់មួយសន្ទុះធំ ហើយបន្ទប់មកបន្លឺសំឡេងម្ដងទៀត។
“អូ វាមិនមែនជាការពិតទេ! វាមិនអាចជាការពិតទេ! ប៉ុន្តែម៉េចក៏វាមើលទៅដូចជាការពិតម្ល៉េះ!” នាងនិយាយ។
អណ្ដែតភ្លើងបានអូសទាញនាងឲ្យដើរទៅ ហើយនាងលត់ជង្គង់ចុះ ហើយដាក់ដៃយ៉ាងជិតភ្លើង ជិតខ្លាំងដែលកំដៅបានធ្វើឲ្យនាងចាប់ផ្ដើមថយក្រោយ។
“គ្រាន់តែភ្លើងនៅក្នុងសុបិនមិនអាចក្ដៅទេ” នាងស្រែក។
នាងក្រោកឡើងទៅស្ទាបតុ ចាន ព្រំ នាងដើរទៅគ្រែ ហើយស្ទាបភួយ។ នាងចាប់រ៉ូបគេងទន់ល្មើយ ហើយដាក់វានឹងដើមទ្រូង ហើយដាក់នឹងថ្ពាល់។
“វាកក់ក្ដៅហើយទន់! វាជាការពិត ប្រាកដជាការពិត!” នាងស្ទើរតែយំ។
នាងដាក់វានៅលើស្មាទាំងសងខាង ហើយពាក់ស្បែកជើងសម្រាប់ពាក់ក្នុងផ្ទះ។
“វាក៏ជារបស់ពិតដែរ គឺពិតទាំងអស់! ខ្ញុំមិនមែន ខ្ញុំមិនមែនកំពុងសុបិនទេ!” នាងស្រែក។
នាងស្ទុះទៅរកសៀវភៅហើយយកសៀវភៅនៅលើគេមកបើក នៅលើទំព័រដំបូងមានសរសេរអ្វីម្យ៉ាង គឺពាក្យប៉ុន្មានម៉ាត់៖
“ជូនចំពោះក្មេងស្រីតូចនៅបន្ទប់ធ្នើរ។ ពីមិត្តម្នាក់។”
ពេលនាងបានឃើញហើយ នាងដាក់ថ្ពាល់លើទំព័រនោះហើយសម្រក់ទឹកភ្នែក។
“ខ្ញុំមិនដឹងថាជាអ្នកណាទេ ប៉ុន្តែមាននរណាម្នាក់យកចិត្តទុកដាក់នឹងខ្ញុំ។ ខ្ញុំមានមិត្តម្នាក់។” នាងនិយាយ។
នាងទៅយកទានហើយដើរចេញពីបន្ទប់របស់នាងសំដៅទៅបន្ទប់របស់ប៊េកគី ហើយឈរនៅក្បែរនាង។
“ប៊េកគី! ប៊េកគី!” នាងខ្សឹបឮតាមដែលនាងហ៊ាន។ “ក្រោកឡើង!”
ពេលប៊េកគី ភ្ញាក់ ហើយក្រោកអង្គុយ មុខរបស់នាងនៅដាមជាប់ទឹកភ្នែកនៅឡើយ នៅក្បែរនាងគឺក្មេងតូចស្លៀករ៉ូបប្រណិតធ្វើពីសូត្រ។ មុខដែលនាងមើលនោះមានពន្លឺស្រស់ស្អាត ព្រះនាង សារ៉ា ដែលនាងចាំបាន ឈរនៅក្បែរនាង កាន់ទៀននៅក្នុងដៃ។
“មក អេ! ប៊េកគី មក!” នាងនិយាយ។
ប៊េកគី ខ្លាចពេកមិនហ៊ាននិយាយអ្វីទេ នាងក្រោកឡើងហើយទៅតាមសារ៉ា ដោយបើកមាត់និងភ្នែក តែមិននិយាយមួយម៉ាត់។
ហើយពេលដែលពួកគេដើរកាត់ផ្លូវចូល សារ៉ា បិទទ្វារថ្នមៗ ហើយនាំនាងទៅកន្លែងដែលកក់ក្ដៅ ដែលធ្វើឲ្យទុក្ខសោក និងសេចក្ដីស្រែកឃ្លានរបស់នាងបានធូរស្រាល។
“នេះជាការពិត! គឺជាការពិត! ខ្ញុំបានប៉ះរបស់ទាំងនេះហើយ របស់ទាំងនេះពិតដូចជាយើងដែរ។ វេទមន្តបានមកហើយបង្កើតរបស់ទាំងនេះប៊េកគី គឺនៅពេលយើងកំពុងគេង វេទមន្តដែលនឹងមិនឲ្យមានរឿងអាក្រក់ទាំងនោះកើតឡើងទៀតទេ។”
ពួកគេនៅពីមុខចង្ក្រានតូចដែលមានភ្លើងល្មមនឹងកំដៅខ្លួន បន្ទាប់មកពួកគេស្រាយមើលចានឆ្នាំង ហើយឃើញមានស៊ុបក្ដៅៗ សាន់វ៉ិច ដំឡូង និងនំប៉័ងមូលតូចៗដែលល្មមសម្រាប់ពួកគេទាំងពីរនាក់ញ៉ាំបានឆ្អែតស្កប់ស្កល់។ តែក្ដៅមានក្លិនឈ្ងុយ ដែលពួកគេមិនចាំបាច់ឧបមាថាជាអ្វីផ្សេងទេ ប៉ុន្តែគឺតែនេះតែម្ដង។ ពួកគេកក់ក្ដៅ ឆ្អែតនិងសប្បាយរីករាយ។
“ខ្ញុំមិនថាអ្នកណាម្នាក់នៅក្នុងលោកនេះបានធ្វើរឿងទាំងនេះទេ ប៉ុន្តែគឺមានអ្នកធ្វើ។ យើងកំពុងអង្គុយនៅក្បែរភ្លើងរបស់គេ ហើយនេះជាការពិត! ហើយទោះគេជាអ្នកណា ជាអ្វីក៏ដោយ ខ្ញុំមិនមិត្តម្នាក់ ប៊េកគី នរណាម្នាក់គឺជាមិត្តរបស់ខ្ញុំ។” នាងនិយាយ។
ខណៈដែលកំពុងអង្គុយញ៉ាំអាហារដ៏មានឱជារសនៅមុខចង្ក្រានយ៉ាងកក់ក្ដៅ អ្នកទាំងពីរសម្លឹងភ្នែកគ្នាហាក់មានការសង្ស័យ។
“តើអ្នកនាង អ្នកនាងគិតថាវាអាចរលាយបាត់ទេ? យើងគួរញ៉ាំឲ្យលឿនទេ?” ប៊េកគី ខ្សឹបសួរ ហើយនាងប្រញាប់ចាប់សាន់វ៉ិចដាក់ក្នុងមាត់។
“ទេ វានឹងមិនរលាយបាត់ទេ ខ្ញុំកំពុងញ៉ាំនំប៉័ង ហើយខ្ញុំដឹងពីរសជាតិ។ យើងមិនដែលញ៉ាំរបស់ពិតប្រាកដទេនៅក្នុងសុបិន យើងគ្រាន់តែគិតថាចង់ញ៉ាំប៉ុណ្ណោះ។ ក្រៅពីនេះខ្ញុំក្ដិចខ្លួនឯងរហូត ហើយខ្ញុំបានប៉ះធ្យូងក្ដៅម្ដងដោយចេតនា។” សារ៉ា និយាយ។
ពួកគេកំពុងសោយសុខខណៈដែលកំពុងងងុយគេងផងនោះ ក្រោយញ៉ាំអាហារឆ្អែតហើយពួកគេនៅអង្គុយមុខភ្លើង រហូតដល់សារ៉ា ងាកទៅមើលគ្រែរបស់នាងដែលត្រូវបានផ្លាស់ប្ដូររូបរាង។
មានភួយច្រើនដែលអាចចែកឲ្យប៊េកគី បាន បន្ទប់ធ្នើរតូចចង្អៀតនៅជាប់នោះទទួលបានភាពល្អប្រសើរឡើងចាប់ពីយប់នោះមក ដែលម្ចាស់របស់វាមិនធ្លាប់នឹងគិតថាបន្ទប់នោះនឹងមានសភាពបែបនេះ។
ខណៈដែលនាងដើរចេញពីបន្ទប់ ប៊េកគី ងាកមកសម្លឹងក្នុងបន្ទប់ចុះឡើងនៅត្រង់ទ្វារ។
“អ្នកនាងប្រសិនបើព្រឹកឡើងរបស់ទាំងនេះមិននៅទីនេះ យ៉ាងណាវាបាននៅទីនេះហើយយប់នេះ ហើយខ្ញុំនឹងមិនភ្លេចវារហូត ភ្លើងនៅទីនោះ តុនៅខាងមុខភ្លើង ហើយចង្កៀងនៅលើតុ ហើយភ្លៀងចង្កៀងក្រហមដូចកុលាប ហើយមានកម្រាលនៅលើគ្រែ កម្រាលព្រំនៅឥដ្ឋ ហើយគ្រប់យ៉ាងមើលទៅស្រស់ស្អាត មានស៊ុប សាន់វ៉ិច និងនំប៉័ង” ប៊េកគី និយាយ ដោយសម្លឹងមើលរបស់នីមួយ ហាក់ដូចជាតាំងចិត្តដើម្បីចងចាំរបស់ទាំងនេះ ហើយយកដៃស្ទាបពោះពេលរំឭកដល់អាហារ រួចហើយនាងក៏ដើរចេញទៅ។
………………………………………..
តាមរយៈភ្នាក់ងារអាថ៌កំបាំងដែលធ្វើការនៅក្នុងសាលា និងក្នុងចំណោមអ្នកបម្រើ រឿងរ៉ាវត្រូវបានបង្ហើបឲ្យដឹងយ៉ាងច្បាស់ថា នៅព្រឹកនោះ សារ៉ា គ្រូវី ទទួលក្ដីអាម៉ាស់យ៉ាងធំធេង អេមេនហ្គាដ ត្រូវទទួលទោស ហើយ ប៊េកគី នឹងត្រូវបណ្ដេញវេចបង្វេចចេញពីផ្ទះនេះមុនម៉ោងអាហារពេលព្រឹក ប៉ុន្តែក្មេងធ្វើការនៅផ្ទះបាយនោះមិនត្រូវបានដេញចេញភ្លាមទេ។ អ្នកបម្រើទាំងឡាយដឹងថា ក្មេងស្រីនេះត្រូវបានអនុញ្ញាតឲ្យនៅបន្ត ព្រោះកញ្ញា មីនជីន មិនងាយនឹងរកក្មេងឯណាដែលគ្មានទីពឹង ហើយព្រមមកធ្វើការដូចជាទាសករដើម្បីលុយប៉ុន្មានស៊ីល្លីង ក្នុងមួយសប្ដាហ៍បែបនេះទេ។ ក្មេងស្រីធំៗនៅក្នុងសាលាដឹងថា ប្រសិនបើកញ្ញា មីនជីន មិនបណ្ដេញ សារ៉ា ចេញនោះគឺដោយសារគាត់មានហេតុផលសម្រាប់ខ្លួនគាត់។
“នាងធំលឿនណាស់ ហើយយ៉ាងណាក៏រៀនបានច្រើនដែរ គាត់នឹងឲ្យនាងកាត់ថ្នាក់ជាច្រើនក្នុងពេលឆាប់ៗនេះ ហើយកញ្ញា មីនជីន ដឹងថានាងនឹងបង្រៀនដោយមិនបានអ្វីសោះ។ ឯងពិតជាអាក្រក់ណាស់ ឡាវី ដែលប្រាប់គាត់ពីរឿងគេសប្បាយនៅបន្ទប់ធ្នើរ។ ម៉េចក៏ឯងដឹងរឿងនេះ?” ជេស៊ី និងទៅកាន់ ឡាវីនី។
“ខ្ញុំដឹងពីឡូទី នាងជាក្មេងដែលមិនដឹងថាពេលនោះនាងកំពុងនិយាយប្រាប់ខ្ញុំ។ គ្មានអ្វីអាក្រក់ទេដែលត្រូវនិយាយជាមួយកញ្ញា មីនជីន ខ្ញុំមានអារម្មណ៍ថានោះជាតួនាទីរបស់ខ្ញុំ នាងត្រូវបរាជ័យទាំងអស់ហើយ។ ហើយវាពិតជាគួរឲ្យអស់សំណើចដែលមើលទៅនាងធ្វើដូចជាអស្ចារ្យ”។
“ពួកគេកំពុងធ្វើអ្វីដែលកញ្ញា មីនជីន ចាប់ពួកគេបាន?”
“ប្រឌិតរឿងឆ្កួតៗ អេមេនហ្គាដ យកប្រអប់កាដូរបស់នាងទៅចែកជាមួយ សារ៉ា និងប៊េកគី។ នាងមិនដែលអញ្ជើញយើងទៅចែកអីជាមួយគ្នាទេ មិនមែនថាខ្ញុំខ្វល់ពីរឿងនេះទេ ប៉ុន្តែនាងពិតជាហួសហេតុពេកហើយដែលទៅចែកជាមួយស្រីបម្រើនៅលើធ្នើរ។ ខ្ញុំឆ្ងល់ថាកញ្ញា មីនជីន ម៉េចមិនដេញនាងចេញ ទោះជាគាត់ត្រូវការគ្រូបង្រៀនក៏ដោយ។”
“បើនាងត្រូវគេដេញចេញ តើនាងនឹងទៅណា?” ជេស៊ី សួរ។
“ខ្ញុំម៉េចនឹងដឹងទៅ? ចាំមើលព្រឹកនេះពេលនាងមកថ្នាក់រៀនរូបរាងរបស់នាងនឹងកាន់តែអាក្រក់។ ខ្ញុំអាចគិតឃើញរួចទៅហើយ ក្រោយពីមានរឿងនេះកើតឡើង។ ម្សិលមិញនាងមិនបានញ៉ាំអាហារពេលល្ងាច ហើយនាងនឹងមិនបានញ៉ាំទៀតនៅថ្ងៃនេះ។” ឡាវីនី និយាយពេបមាត់។
ជេស៊ី មិនចិត្តអាក្រក់ពេកទេ នាងលើកសៀវភៅរបស់នាងជាមួយនឹងការមិនសប្បាយចិត្តបន្តិច។
“អូ ខ្ញុំគិតថាអាក្រក់ណាស់ ពួកគេគ្មានសិទ្ធិបង្អត់អាហារនាងឲ្យស្លាប់នោះទេ។” នាងនិយាយ។
ពេលសារ៉ា ទៅផ្ទះបាយនៅពេលព្រឹក ចុងភៅងាកសម្លឹងមើលនាង ហើយអ្នកបោសសម្អាតក៏ដូចគ្នា ប៉ុន្តែនាងដើរកាត់ពួកគេយ៉ាងលឿន។ តាមពិតនាងគេងជ្រុលបន្តិច ហើយប៊េកគី ក៏ដូចគ្នាដែរ អ្នកទាំងពីរមិនមានពេលមើលគ្នាទេ ហើយប្រញាប់ចុះមកជាន់ក្រោមទាំងពីរនាក់។ សារ៉ា ទៅចង្ក្រាន ប៊េកគី ចាប់លើកកំសៀវពេញកម្លាំង ហើយច្រៀងក្នុងបំពង់កតិចៗ។ នាងសម្លឹងមើលទៅមុខតូចដែលកំពុងរីករាយ។
“វានៅទីនោះពេលដែលខ្ញុំភ្ញាក់ អ្នកនាង គឺភួយ វាជារបស់ពិតដូចកាលពីយប់មិញ។” នាងខ្សឹប។
“របស់ខ្ញុំក៏ដូចគ្នា វានៅទីនោះទាំងអស់ឥឡូវនេះ ពេលដែលខ្ញុំកំពុងស្លៀកពាក់ខ្ញុំបានញ៉ាំរបស់ត្រជាក់ដែលយើងញ៉ាំសល់។” សារ៉ា និយាយ។
“អូ ឡូៗ!” ប៊េកគី បន្លឺតិចៗ ហើយធ្វើការនាងទាន់ពេលល្មម ខណៈចុងភៅមកពីផ្ទះបាយ។
កញ្ញា មីនជីន ត្រូវគេរំពឹងថានឹងចូលមកមើល សារ៉ា ពេលដែលនាងបង្ហាញខ្លួននៅថ្នាក់រៀន ហើយឡាវីនី ពិតជាចង់ឃើញសារ៉ា ណាស់។ សារ៉ា តែងតែធ្វើឲ្យនាងទិសចិត្តនិងឆ្ងល់ ព្រោះរឿងធ្ងន់ៗមិនដែលធ្វើឲ្យនាងយំ ឬខ្លាចទេ។ ពេលនាងត្រូវគេស្ដីឲ្យនាងឈរស្ងៀម ហើយស្ដាប់ដោយសុភាពរាបសាជាមួយនឹងទឹកមុខស្រគត់ស្រគំ ពេលនាងត្រូវគេដាក់ទោសនាងធ្វើការងារបន្ថែម ឬចេញទៅក្រៅដោយមិនបានញ៉ាំអាហារ មិនរអ៊ូ ឬបង្ហាញពីការតវ៉ា។ ការពិតដែលនាងមិនឆ្លើយដោយពាក្យអាក្រក់ ធ្វើឲ្យកញ្ញា មីនជីន គិតថានោះជារឿងអាក្រក់ទៅវិញ។ ប៉ុន្តែក្រោយពីការមិនបានញ៉ាំអាហារកាលពីម្សិលមិញ ព្រឹត្តិការណ៍ហិង្សាកាលពីយប់មិញ ការឃ្លាននៅថ្ងៃនេះ នាងប្រាកដជាបាក់លោមមិនខាន។ វានឹងជារឿងចម្លែកបើនាងមិនចុះមកជាន់ក្រោមជាមួយនឹងថ្ពាល់ស្លេកស្លាំង ហើយភ្នែកក្រហម និងមុខមិនសប្បាយចិត្ត។
កញ្ញា មិនជីន ឃើញនាងជាលើកទីមួយពេលដែលគាត់ចូលក្នុងថ្នាក់រៀនដើម្បីស្ដាប់ថ្នាក់ភាសាបារាំងរបស់ក្មេងតូចៗ និងពិនិត្យមើលលំហាត់។ ពេលនោះសារ៉ា បោះជំហានវែងៗចូលមក ហើយញញឹមពីជ្រុងម្ខាងមក។ នោះហាក់ដូចជារឿងដ៏អស្ចារ្យសម្រាប់កញ្ញា មីនជីន មិនធ្លាប់ដឹង ធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំង។ តើក្មេងស្អីគេទៅ? តើរឿងរបៀបនេះមានន័យយ៉ាងម៉េច? គាត់ហៅនាងទៅតុរបស់គាត់ភ្លាម។
“មើលទៅឯងដូចជាមិនដឹងថាខ្លួនឯងកំពុងរងភាពអាម៉ាស់ទេ ឯងខំប្រឹងពង្រឹងអារម្មណ៍មែនទេ?” គាត់និយាយ។
ការពិតគឺពេលដែលមនុស្សនៅក្មេង ឬសូម្បីតែកំពុងធំពេញវ័យ ពេលដែលញ៉ាំឆ្អែត គេងគ្រប់គ្រាន់នៅកន្លែងដែលមានផាសុកភាព ហើយពេលដែលក្រោកឡើងរបស់ទាំងអស់ដែលដូចជាសុបិននៅជាការពិត ក្មេងមិនអាចមិនសប្បាយចិត្តទេ ទឹកមុខក៏មិនអាចក្រៀមក្រំដែរ។ កញ្ញា មីនជីន ស្ទើរតែគាំងនឹងភ្នែករបស់សារ៉ា ពេលដែលនាងឆ្លើយដោយការគោរពយ៉ាងស័ក្ដិសមឥតខ្ចោះ។
“ខ្ញុំសុំទោសកញ្ញា មីនជីន ខ្ញុំដឹងថាខ្ញុំរងភាពអាម៉ាស់។” នាងនិយាយ។
“ត្រូវចាំឲ្យច្បាស់ពីរឿងនោះ ហើយគិតថាឯងមានសំណាង។ នោះជាអំពើព្រហើន ហើយត្រូវចាំថាថ្ងៃនេះឯងនឹងមិនបានញ៉ាំអាហារទេ។”
“ចា៎ កញ្ញា មីនជីន” សារ៉ា ឆ្លើយប៉ុន្តែនាងងាកចេញបេះដូងរបស់នាងដាមជាមួយនឹងការចងចាំពីអ្វីដែលបានកើតឡើងកាលពីម្សិលមិញ ហើយនាងគិតក្នុងចិត្ត “ប្រសិនបើវេទមន្តមិនបានជួយខ្ញុំទាន់ពេលទេ តើពេលនេះនឹងអាក្រក់បែបណាទៅ!”
“នាងមិនមែនឃ្លានខ្លាំងទេ សាកមើលនាងទៅ ប្រហែលជានាងប្រឌិតថានាងបានញ៉ាំអាហារពេលព្រឹកដ៏ឆ្ងាញ់ហើយមើលទៅ” ឡាវីនី ខ្សឹបដោយអស់សំណើច។
“នាងខុសពីមនុស្សផ្សេង ពេលខ្លះខ្ញុំខ្លាចនាង។” ជេស៊ី និយាយដោយសម្លឹងមើលសារ៉ា។
“ជារឿងគួរឲ្យអស់សំណើច” ឡាវីនី និយាយ។
ពេញមួយថ្ងៃនេះទឹកមុខរបស់សារ៉ា ពោរពេញដោយពន្លឺ។ អ្នកបម្រើសម្លឹងមើលនាងដោយក្ដីងឺងឆ្ងល់ ហើយខ្សឹបគ្នាទៅវិញទៅមក ហើយកញ្ញា អាម៉េឡា ឆ្ងល់គិតមិនចេញ។
សារ៉ា បានគិតដល់រឿងដែលបានកើតឡើង នាងដឹងថារឿងនេះត្រូវតែរក្សាទុកជាអាថ៌កំបាំង ប្រសិនបើអាច។ បើកញ្ញា មីនជីន សម្រេចឡើងទៅលើធ្នើរនោះម្ដងទត គ្រប់យ៉ាងនឹងត្រូវបែកធ្លាយ ប៉ុន្តែមើលទៅគាត់មិនងាយនឹងឡើងទៅទៀតទេ យ៉ាងហោចណាស់ក៏ប្រហែលជាពេលយូរទៀតដែរ លើកលែងតែគាត់មានការសង្ស័យអ្វីមួយ។ អេមេនហ្គាដ និងឡូទី ត្រូវបានគេឃ្លាំមើលយ៉ាងតឹងតែង ហើយមិនហ៊ានលួចចេញពីគ្រែគេងទៀតទេ។ អេមេនហ្គាដ អាចដឹងរឿងនេះហើយរក្សាអាថ៌កំបាំងបាន ហើយឡូទី ប្រហែលជាអាចដូចគ្នា។ ប្រហែលជាវេទមន្តនឹងរក្សាអាថ៌កំបាំងនេះដោយខ្លួនឯង។
“ប៉ុន្តែទោះមានរឿងអ្វីក៏ដោយ រឿងអ្វី នៅឯណានៅក្នុងលោកនេះ មានមនុស្សល្អម្នាក់ដែលជាមិត្តរបស់ខ្ញុំ មិត្តរបស់ខ្ញុំ។ បើខ្ញុំនឹងមិនដឹងថាគេជាអ្នកណា បើខ្ញុំនឹងមិនអាចសូម្បីតែអរគុណគេ ខ្ញុំនឹងមិនមានអារម្មណ៍ថាឯកោពេកទេ។ អូ វេទមន្តល្អខ្ញុំពោះខ្ញុំ!” សរ៉ា និយាយនឹងខ្លួនឯង។
ថ្ងៃនេះអាកាសធាតុកាន់តែអាក្រក់ កាន់តែសើម ភក់កាន់តែច្រើន ហើយកាន់តែត្រជាក់។ មានការងារនៅខាងក្រៅកាន់តែច្រើន ចុងភៅកាន់តែពូកែរករឿង ដឹងថាសារ៉ា មានរឿងអាម៉ាស់គេធ្វើចំពោះនាងកាន់តែអាក្រក់។ ប៉ុន្តែទោះមានរឿងអ្វីកើតឡើង អាហារពេលយប់របស់សារ៉ា បានផ្ដល់កម្លាំងដល់នាង នាងដឹងថាដល់ពេលយប់នាងនឹងអាចគេងដោយកក់ក្ដៅ ទោះបីជារសៀលបន្តិចនាងឃ្លាន ប៉ុន្តែនាងមានអារម្មណ៍ថានាងនឹងអាចទ្រាំបានរហូតដល់ព្រឹកថ្ងៃស្អែក ពេលនោះនាងនឹងបានអាហារញ៉ាំម្ដងទៀត។ នាងត្រូវគេឲ្យចូលថ្នាក់រៀន និងត្រូវរៀនដល់ម៉ោងដប់យប់ ហើយនាងចាប់អារម្មណ៍នឹងកិច្ចការរបស់នាង ហើយនៅជាមួយសៀវភៅដល់យប់ជ្រៅជាងនោះ។
…
ពេលនាងឡើងទៅដល់ជាន់លើ ហើយឈរនៅមុខទ្វារបន្ទប់ធ្នើរ បេះដូងរបស់នាងចាប់ផ្ដើមលោតញាប់។
«ប្រាកដហើយ! គ្រប់យ៉ាងប្រហែលជាត្រូវគេយកចេញអស់ហើយ! គេប្រហែលជាឱ្យខ្ញុំខ្ចីមួយភ្លែតសម្រាប់រាត្រីដ៏ជូរចត់បំផុត ប៉ុន្តែរបស់ទាំងនោះគេឱ្យខ្ញុំខ្ចី ខ្ញុំបានទទួល ហើយនោះជាការពិត!» នាងខ្សឹបប្រាប់ខ្លួនឯង ព្យាយាមធ្វើចិត្តឱ្យក្លាហាន។
នាងរុញទ្វារបើក ហើយដើរចូលក្នុងបន្ទប់។ ពេលចូលដល់ក្នុង នាងភ្លាត់មាត់ភ្ញាក់បន្តិច នាងខ្ទប់ទ្វារបិទ ហើយផ្អែកខ្នងនឹងទ្វារ រួចសម្លឹងមើលពីជ្រុងម្ខាងទៅម្ខាង។
វេទមន្តបាននៅក្នុងបន្ទប់ម្ដងទៀត វេទមន្តពិតជាបានកើតឡើងម្ដងទៀត ហើយថែមទាំងធ្វើច្រើនលើសមុន។ ភ្លើងក្នុងចង្ក្រានកំពុងឆេះ ដោយមានអណ្ដាតភ្លើងរេរាំគួរឱ្យស្រលាញ់ ឆេះបានល្អជាងសព្វមួយដង។ របស់ថ្មីៗជាច្រើនត្រូវបានគេយកមកដាក់ក្នុងបន្ទប់ធ្នើរ។ នៅលើតុទាបមានអាហារពេលយប់ លើកនេះមានពែង និងចានសម្រាប់នាងនិងប៊េកគី។ របស់របរចាស់ៗត្រូវបានគ្របដណ្ដប់និងកែច្នៃឱ្យមើលទៅស្រស់ស្អាត របស់ស្អាតៗនិងមានតម្លៃត្រូវបានដាក់ព្យួរតាមជញ្ជាំង មានកង្ហារ ពួក ខ្នើយទ្រនាប់ជាច្រើនដែលអាចប្រើជាកន្លែងអង្គុយបាន។ ប្រអប់ឈើមួយត្រូវបានក្រាលដោយកម្រាល និងមានខ្នើយទ្រនាប់នៅពីលើនោះដែលមើលទៅគឺសម្រាប់ប្រើជាសាឡុង។
សារ៉ាដើរចេញពីទ្វារយឺតៗ ហើយអង្គុយចុះ និងសម្លឹងមើលម្ដងហើយម្ដងទៀត។
«មើលទៅហាក់ដូចជាអ្វីម្យ៉ាងក្នុងរឿងទេពអប្សរក្លាយជាការពិត! បន្តិចក៏អត់មានខុសគ្នាដែរ! ខ្ញុំមានអារម្មណ៍ថា ខ្ញុំហាក់ប្រាថ្នាអ្វីក៏បាន ពេជ្រ ឬស្បោងដែលពេញដោយមាស ហើយរបស់ទាំងនោះនឹងបង្ហាញខ្លួនមក! របស់ទាំងនោះផុសចេញមក ក៏មិនខុសគ្នាពីរបស់ទាំងនេះដែរ! តើនេះជាបន្ទប់ធ្នើររបស់ខ្ញុំមែនទេ? ខ្ញុំជាក្មេងកំព្រីកំព្រា រយីករយាក រងាឯកាសារ៉ាមែនទេ? រឿងមួយដែលខ្ញុំតែងតែចង់បាន គឺបានឃើញរឿងទេពអប្សរក្លាយជាការពិត! រស់នៅក្នុងរឿងទេពអប្សរ! ខ្ញុំមានអារម្មណ៍ថា ខ្ញុំខ្លួនឯងដូចជាទេពអប្សរ ហើយអាចផ្លាស់ប្ដូររបស់គ្រប់យ៉ាងឱ្យក្លាយទៅជារបស់ផ្សេង!» នាងនិយាយនឹងខ្លួនឯង។
នាងក្រោកឡើង ហើយដើរទៅគោះជញ្ជាំងដើម្បីហៅអ្នកទោសនៅបន្ទប់ជាប់គ្នា ហើយអ្នកទោសក៏ចូលមក។
ពេលដែលនាងចូលមកដល់ក្នុងបន្ទប់ភ្លាម នាងស្ទើរតែទន់ជង្គង់ដួលលើកម្រាលឥដ្ឋទៅហើយ នាងគាំងរកនិយាយមិនចេញមួយសន្ទុះ ហើយស្ទើរតែភ្លេចដកដង្ហើម។
អ្នកទាំងពីរជជែកគ្នាដោយរីករាយជាមួយនឹងអាហារពេលយប់ក្ដៅៗដ៏មានឱជារស។ ពេលដែល សារ៉ាដើរទៅគ្រែរបស់នាង នាងឃើញមានកន្ទេលក្រាស់ថ្មីមួយ ហើយខ្នើយធំៗ។ កន្ទេលនិងខ្នើយចាស់ៗរបស់នាងត្រូវបានគេយកចេញទៅដាក់នៅគ្រែរបស់ប៊េកគី។
«តើរបស់ទាំងអស់នេះមកពីណា? អូ! តើអ្នកណាជាអ្នកធ្វើទៅ អ្នកនាង?» ប៊េកគីសួរ។
«យើងកុំសួរអី! ប្រសិនបើគេមិនចង់ឱ្យខ្ញុំនិយាយថាអរគុណ អីចឹងខ្ញុំមិនស្គាល់ប្រសើរជាង ដូច្នេះនេះនឹងក្លាយជារឿងដែលកាន់តែអស្ចារ្យ!» សារ៉ានិយាយ។
ចាប់ពីថ្ងៃនោះមក ជីវិតកាន់តែស្រស់បំព្រងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រឿងទេពអប្សរត្រូវបាននិទានបន្តជារៀងរាល់ថ្ងៃ របស់ថ្មីៗត្រូវបានរៀបចំ។ របស់ផ្ដល់នូវភាពកក់ក្ដៅ និងស្រស់ស្អាតតែងតែមានថ្មីជានិច្ច នៅពេលសារ៉ាបើកទ្វារនៅពេលយប់ រហូតដល់បន្ទប់ធ្នើរក្លាយទៅជាបន្ទប់តូចមួយដ៏ស្រស់ស្អាតនៅក្នុងរយៈពេលដ៏ខ្លី។
ជញ្ជាំងដ៏កខ្វក់ត្រូវបានបិទដោយរូបភាព និងមានបំពាក់ដោយគ្រឿងសង្ហារិមដ៏ប្រណិត មានធ្នើរដាក់សៀវភៅ។ ពេលដែលសារ៉ាចុះទៅជាន់ក្រោម នាងបានបន្សល់ទុកអាហារពេលយប់ខ្លះនៅលើតុ ហើយពេលនាងត្រលប់មកវិញនៅពេលយប់ វេទមន្តបានយកអាហារដែលសល់នោះចេញ ហើយដាក់ជំនួសមកវិញដោយអាហារថ្មី។ កញ្ញាមីនជីននៅតែកាច និងតាមរករឿងដូចពីមុន កញ្ញាអេម៉េឡានៅតែមួម៉ៅ ហើយអ្នកបម្រើនៅតែមានចិត្តអាក្រក់។ សារ៉ាត្រូវគេប្រើឱ្យចេញទៅបំពេញការងារនៅខាងក្រៅមិនថាក្ដៅ ត្រជាក់ ភ្លៀង ព្រិលធ្លាក់យ៉ាងណា ហើយនាងត្រូវគេស្ដីបន្ទោសប្រើឆ្វេង ប្រើស្ដាំ នាងកម្របាននិយាយជាមួយអេមេនហ្គាដ និងឡូទីណាស់។ ឡាវីនីសម្លឹងមើលសំលៀកបំពាក់របស់នាងដែលចេះតែខើចទៅៗ ហើយក្មេងស្រីផ្សេងៗទៀតសម្លឹងមើលនាងដោយការចង់ដឹង ពេលនាងដើរចូលក្នុងថ្នាក់រៀន។
ប៉ុន្តែតើរឿងទាំងនោះមានបញ្ហាអ្វីចំពោះនាងទៅ ខណៈដែលនាងរស់នៅក្នុងបន្ទប់ដ៏ស្រស់ស្អាតដោយអាថ៌កំបាំងនោះ? នោះជាពេលវេលាដ៏មានន័យសម្រាប់នាង គឺប្រសើរជាងពេលណាទាំងអស់ដែលនាងធ្លាប់ប្រឌិតរឿងដើម្បីបំបាត់ភាពនឿយហត់ ស្រេកឃ្លាន និងឯកោរបស់នាង។ ពេលខ្លះខណៈដែលនាងត្រូវគេស្ដីបន្ទោស នាងពិបាកនឹងរក្សាស្នាមញញឹមរបស់នាង។
សេចក្ដីសុខ និងភាពរីករាយដែលនាងទទួលបាន ធ្វើឱ្យនាងកាន់តែរឹងមាំ ហើយនាងតែងតែរំពឹងដល់អ្វីថ្មីៗដែលនឹងកើតឡើងនៅក្នុងបន្ទប់។ ប្រសិនបើនាងមកពីបំពេញការងារនៅខាងក្រៅដោយទទឹកខ្លួនជោក អស់កម្លាំង និងឃ្លានខ្លាំង នាងដឹងថានាងនឹងទទួលបានភាពកក់ក្ដៅ និងបានអាហារទទួលទានស្កប់ស្កល់ ពេលនាងឡើងទៅដល់បន្ទប់ធ្នើររបស់នាង។ អំឡុងពេលថ្ងៃដែលនាងទទួលការងារពិបាកបំផុត នាងអាចគ្រប់គ្រងខ្លួនឯងបានដោយការគិតដល់អ្វីដែលនាងនឹងមានពេលដែលនាងបើកទ្វារបន្ទប់ធ្នើររបស់នាងនៅពេលយប់ ហើយគិតថាតើនឹងមានអ្វីថ្មីសម្រាប់នាងនៅយប់នោះ?។ មិនយូរប៉ុន្មាន រូបរាងរបស់នាងមិនស្គមដូចពីមុនទេ ទឹកមុខនាងមានព្រលឹងព្រលះឡើងវិញ ភ្នែករបស់នាងមិនធំសម្រាប់មុខរបស់នាងដូចពីមុនទេ។
…………………………………………
«សារ៉ា មើលទៅស្រស់ស្រាយណាស់!» កញ្ញាមីនជីននិយាយទៅកាន់ប្អូនស្រីរបស់គាត់។
«ចា៎! នាងពិតជាមានសាច់ជាងពីមុន! មួយរយៈមុន នាងចាប់ផ្ដើមមានរូបរាងដូចជាមាន់ដែលអត់ឃ្លានទៅហើយ!» កញ្ញាអេម៉េឡានិយាយដោយមិនបានគិត។
«អត់ឃ្លាន?! គ្មានហេតុផលណាដែលនាងត្រូវអត់ឃ្លានទេ នាងតែងតែមានរបស់សម្រាប់ញ៉ាំច្រើន!» កញ្ញាមីនជីនស្រែកដោយកំហឹង។
«ប្រា…ប្រាកដហើយ! កញ្ញាអេម៉ាឡាដឹងពីកំហុសរបស់នាងដែលនិយាយរឿងខុស។
«មានរឿងខ្លះដែលមើលទៅដូចជាមិនទំនងទាល់តែសោះ! ចំពោះក្មេងអាយុដំណាលនេះ!» កញ្ញាមីនជីននិយាយបង្កប់ដោយកំហឹង។
«តើជារឿងប្រភេទអ្វីទៅ?« កញ្ញាអេម៉េឡាសួរ។
«យើងស្ទើរតែអាចនិយាយបានថាជាការជម្នះ ប្រសិនបើក្មេងដទៃប្រាកដជាបាក់ទឹកចិត្ត និងឆន្ទៈទាំងស្រុងទៅហើយ ដោយសារការផ្លាស់ប្ដូរដែលនាងបានទទួលនេះ! តែតាមយើងមើល នាងហាក់ដូចជា គឺហាក់ដូចជានាងជាព្រះនាង!» កញ្ញាមីនជីនឆ្លើយដោយអារម្មណ៍មិនស្រណុកចិត្ត ចំពោះគាត់ នាងមិនមែនជម្នះទេ ប៉ុន្តែគាត់រកពាក្យមកនិយាយមិនបាន ព្រោះគាត់មិនចង់ប្រើពាក្យព្រះនាងសម្រាប់នាង។
«តើបងនៅចាំពីអ្វីដែលនាងធ្លាប់និយាយជាមួយបងនៅក្នុងថ្នាក់រៀនថា បើថ្ងៃណាមួយបងដឹងថានាងជា…» កញ្ញាអេម៉េឡានិយាយ។
«មិនចាំទេ! កុំនិយាយរឿងគ្មានប្រយោជន៍!» កញ្ញាមីនជីននិយាយ ប៉ុន្តែគាត់ចាំបានច្បាស់ណាស់។
ប៊េកគីក៏មើលទៅមិនដូចពីមុនដែរ គឺតាមធម្មជាតិ នាងមិនសូវជាមានរូបរាងភ័យខ្លាចដូចមុនទេ។ នាងមានចំណែកនៅក្នុងរឿងទេពអប្សរអាថ៌កំបាំងដែរ នាងមានកន្ទេលពីរ ខ្នើយពីរ និងកម្រាលគ្រែជាច្រើន ហើយរៀងរាល់យប់ នាងមានអាហារពេលយប់ក្ដៅៗ និងបានអង្គុយកម្ដៅភ្លើង។
បាស្ទីលបានរលាយបាត់ហើយ លែងមានអ្នកទោសទៀតហើយ។ ក្មេងពីរនាក់អង្គុយដោយមានសេចក្ដីសុខនៅមុខចង្ក្រានកម្ដៅបំបាត់ភាពរងា។ ពេលខ្លះ សារ៉ាអានសៀវភៅរបស់នាងឮៗឱ្យ ប៊េកគីស្ដាប់ ពេលខ្លះនាងរៀនមេរៀនរបស់នាង ពេលខ្លះនាងអង្គុយសម្លឹងភ្លើង ហើយព្យាយាមស្រមៃដល់អ្នកដែលជាមិត្តរបស់នាងថាជាអ្នកណា ហើយនាងចង់និយាយពាក្យក្នុងចិត្តរបស់នាងចំពោះគេ។
បន្ទាប់មក រឿងអស្ចារ្យមួយទៀតបានកើតឡើង។ បុរសម្នាក់បានយកប្រអប់ជាច្រើនមកដាក់នៅនឹងមាត់ទ្វារ ប្រអប់ទាំងអស់សុទ្ធតែមានបិទថា «ជូនចំពោះក្មេងស្រីតូចនៅបន្ទប់ខាងស្ដាំដៃ!»
សារ៉ាត្រូវគេប្រើឱ្យទៅមាត់ទ្វារដើម្បីយករបស់ទាំងនោះចូលក្នុង នាងដាក់ប្រអប់ធំពីរនៅលើតុក្នុងសាល ហើយសម្លឹងមើលអាសយដ្ឋានដែលសរសេរបិទលើប្រអប់ ពេលនោះកញ្ញាមីនជីនចុះមកជាន់ក្រោម ហើយក៏បានឃើញនាង។
«យករបស់ទៅឱ្យក្មេងដែលជាម្ចាស់ទៅ កុំនៅឈរសម្លឹងមើលអី!» គាត់និយាយដោយសំដីធ្ងន់។
«ទាំងនេះជារបស់ខ្ញុំ!» សារ៉ាឆ្លើយដោយសំឡេងស្រាល។
«របស់ឯង? ឯងមានន័យថាម៉េច?» កញ្ញាមីនជីនបន្លឺ។
«ខ្ញុំមិនដឹងថាគេផ្ញើមកពីណាទេ ប៉ុន្តែគេសរសេរមកឱ្យខ្ញុំ! ខ្ញុំគេងនៅបន្ទប់ធ្នើរខាងស្ដាំដៃ ហើយប៊េកគីនៅខាងឆ្វេង!»
កញ្ញាមីនជីនដើរមកក្បែរនាង ហើយសម្លឹងមើលប្រអប់ដោយការភ្ញាក់ផ្អើល។
«ស្អីគេនៅខាងក្នុង?» គាត់សួរ។
«ខ្ញុំមិនដឹងទេ!» សារ៉ាឆ្លើយ។
«បើកវាទៅ!» កញ្ញាមីនជីនបញ្ជា។
សារ៉ាធ្វើតាមបញ្ជា។ ពេលដែលប្រអប់បើកមក កញ្ញាមីនជីនភ្ញាក់ផ្អើលដោយអារម្មណ៍ច្របូកច្របល់។ គាត់ឃើញសំលៀកបំពាក់ថ្មីច្រើនប្រភេទ ស្បែកជើង ស្រោមដៃ និងអាវធំយ៉ាងស្រស់ស្អាត ហើយថែមទាំងមានមួក និងឆត្រទៀត។ ទាំងអស់នោះសុទ្ធតែជារបស់ល្អ និងថ្លៃ ហើយនៅនឹងហោប៉ៅអាវធំមានដោតភ្ជាប់នឹងក្រដាសដែលសរសេរថា «សម្រាប់ស្លៀកពាក់រាល់ថ្ងៃ…. នឹងត្រូវផ្លាស់ដោយសំលៀកបំពាក់ថ្មីទៀតពេលដែលចាំបាច់!»
កញ្ញាមីនជីនរំជួលចិត្តក្នុងរូបភាពអាក្រក់ នេះជាហេតុការណ៍ដែលផ្ដល់តម្រុយរឿងចម្លែកនៅក្នុងចិត្តដ៏អាក្រក់របស់គាត់។ តើអ្វីដែលគាត់ធ្វើកន្លងមក គឺជារឿងខុសមែនទេ ក្មេងដែលត្រូវបានមើលរំលង និងឱ្យទទួលរងការងារលំបាកក្នុងរយៈពេលកន្លងមកនេះ នៅមានសាច់ញាតិដែលជាអ្នកមានស្ដុកស្ដម្ភ ហើយទើបតែរកឃើញនាងភ្លាមៗ និងសម្រេចឧបត្ថម្ភគ្រប់យ៉ាងសម្រាប់នាងឬយ៉ាងណា? អ្នកនោះអាចជាពូរបស់នាងដែលគ្មានកូន ហើយមិនធ្លាប់រវល់នឹងសាច់ញាតិ លុះដល់ទទួលដំណឹងពីក្មេងដែលស្លៀកពាក់រយីករយាក និងធ្វើការលំបាក ទើបសម្រេចផ្ដល់ជំនួយដល់នាងតើមែនទេ?
កញ្ញាមីនជីនពិតជាមានអារម្មណ៍មិនស្រណុកចិត្តទាល់តែសោះ ហើយមិនច្បាស់ថារឿងនេះយ៉ាងណានោះទេ បន្ទាប់មកគាត់លួចសម្លឹងសារ៉ាបន្តិច។
«ល្អ! មាននរណាម្នាក់មានចិត្តល្អចំពោះឯង ដោយសាររបស់គេផ្ញើមកហើយ ហើយឯងក៏នឹងបានរបស់ថ្មី ពេលវារហែក ឯងអាចពាក់វា ពេលដែលចេញទៅក្រៅបាន និងបានមើលទៅសមរម្យផង! ក្រោយពីឯងទៅផ្លាស់សំលៀកបំពាក់ហើយ ឯងអាចចុះមករៀនមេរៀនរបស់ឯងក្នុងថ្នាក់បាន! ថ្ងៃនេះ ឯងមិនបាច់ចេញទៅធ្វើការខាងក្រៅទេ!» គាត់និយាយក្នុងសំឡេងដែលគាត់មិនធ្លាប់ប្រើ ក្រោយពីក្មេងនេះបាត់បង់ប៉ាប៉ាក្នុងរយៈពេលកន្លងទៅនេះ។
ប្រហែលជាកន្លះម៉ោងក្រោយមក ពេលដែលទ្វារបន្ទប់រៀនបើក ហើយសារ៉ាដើរចូលមក សិស្សក្នុងបន្ទប់ទាំងមូលចំហមាត់ដោយការភ្ញាក់ផ្អើល។
«អូ ព្រះ! មើលព្រះនាងសារ៉ា!» ជេស៊ីខ្សឹបដាក់ឡាវីនី។
គ្រប់គ្នាសម្លឹងមើលនាង ហើយពេលដែលឡាវីនីសម្លឹងទៅនាង មុខនាងប្រែជាក្រហម។
នាងមិនដូចជាសារ៉ាដែលពួកគេឃើញចុះមក ហើយឡើងទៅជាន់លើមុននេះប៉ុន្មានម៉ោងនោះទេ នាងស្លៀកសំលៀកបំពាក់ដែលឡាវីនីធ្លាប់ច្រណែននាង។
«ប្រហែលជាមានអ្នកណាបន្សល់សំណាងទុកឱ្យនាង! ខ្ញុំតែងតែគិតថានឹងមានរឿងអ្វីមួយកើតឡើងចំពោះនាង! នាងពិតជាមនុស្សចម្លែកមែន!» ជេស៊ីខ្សឹប។
«ប្រហែលជារ៉ែពេជ្រនោះ ស្រាប់តែបង្ហាញខ្លួនមកវិញ កុំសម្លឹងនាងបែបនេះ ដើម្បីឱ្យនាងសប្បាយចិត្តអី កុំល្ងង់ពេក!» ឡាវីនីនិយាយ។
«សារ៉ា! មកអង្គុយត្រង់នេះមក!» កញ្ញាមីនជីននិយាយដោយសំឡេងធ្ងន់។
ហើយខណៈដែលសិស្សក្នុងថ្នាក់ទាំងអស់តាមសម្លឹងមើល សារ៉ាដើរទៅតុចាស់របស់នាង ហើយឱនអានសៀវភៅរបស់នាង។
យប់នោះពេលដែលនាងត្រលប់ទៅបន្ទប់របស់នាងវិញ ក្រោយពីញ៉ាំអាហារពេលយប់ជាមួយ ប៊េកគីហើយ នាងអង្គុយសម្លឹងភ្លើងចង្ក្រានយ៉ាងយូរ។
«អ្នកនាងកំពុងប្រឌិតរឿងអ្វីមែនទេ?» ប៊េកគី សួរដោយសំឡេងស្រាលបង្កប់ដោយការគោរព។
«អត់ទេ! ខ្ញុំកំពុងគិតថាតើខ្ញុំគួរធ្វើយ៉ាងម៉េច?» នាងឆ្លើយ។
ប៊េកគីសម្លឹងមើលនាងដោយការគោរព។
«ខ្ញុំចេះតែនឹកគិតដល់មិត្តរបស់ខ្ញុំ! ប្រសិនបើគេចង់លាក់បាំងខ្លួនរបស់គេ នោះគឺជារឿងអាក្រក់ដែលយើងព្យាយាមចង់ដឹងពីគេ! ប៉ុន្តែខ្ញុំពិតជាចង់ឱ្យគេដឹងថា ខ្ញុំដឹងគុណគេយ៉ាងណា ហើយគេបានធ្វើឱ្យខ្ញុំសប្បាយចិត្តយ៉ាងណា! មនុស្សល្អ គេចង់ដឹងថាគេបានធ្វើឱ្យអ្នកណាម្នាក់សប្បាយចិត្តយ៉ាងណា ជាជាងការដែលត្រូវគេអរគុណ! ខ្ញុំពិតជាចង់ឱ្យគេដឹង ខ្ញុំពិតជាចង់…!» សារ៉ាពន្យល់។
នាងឈប់និយាយមួយភ្លែត ព្រោះពេលនោះភ្នែករបស់នាងបានងាកទៅចំរបស់ម្យ៉ាងដែលនៅលើតុឯជ្រុងបន្ទប់។ នោះគឺរបស់ដែលនាងបានឃើញនៅក្នុងបន្ទប់កាលពីពីរថ្ងៃមុន។ នោះគឺប្រអប់ដែលមានដាក់ក្រដាស ស្រោមសំបុត្រ ប៊ិក និងទឹកខ្មៅ។
«“អូ! ហេតុអ្វីបានជាខ្ញុំមិនគិតដល់រឿងនេះពីមុនមក?» នាងបន្លឺឡើង។
នាងក្រោកឡើងដើរទៅជ្រុងបន្ទប់ ហើយយកប្រអប់នោះមកចង្ក្រានវិញ។
«ខ្ញុំអាចសរសេរទៅគាត់ដោយដាក់នៅលើតុបាន អ្នកដែលយករបស់មកប្រហែលនឹងយកសំបុត្រនេះទៅដែរ! ខ្ញុំមិនសួរនាំអ្វីពីគាត់ទេ គាត់នឹងមិនប្រកាន់ខ្ញុំទេដែលខ្ញុំគ្រាន់តែអរគុណគាត់ ខ្ញុំមានអារម្មណ៍ច្បាស់ពីរឿងនេះ!» នាងនិយាយដោយអារម្មណ៍រីករាយ ហើយនាងក៏សរសេរ៖
«ខ្ញុំសង្ឃឹមថាអ្នកនឹងមិនគិតថា នេះជាការរឿងមិនគប្បីដែលខ្ញុំសរសេរទៅកាន់អ្នក ពេលដែលអ្នកចង់រក្សាខ្លួនអ្នកជារឿងអាថ៌កំបាំង! សូមជឿថា ខ្ញុំមិនមានបំណងធ្វើរឿងមិនគប្បី ឬព្យាយាមចង់ដឹងពីរឿងអ្វីមួយនោះទេ ខ្ញុំគ្រាន់តែចង់អរគុណដែលអ្នកមានទឹកចិត្តល្អចំពោះខ្ញុំ ពិតជាទឹកចិត្តដ៏ល្អកាត់ថ្លៃមិនបាន ហើយបានធ្វើរឿងគ្រប់យ៉ាងដូចជាក្នុងរឿងទេពអប្សរ! ខ្ញុំពិតជាអរគុណចំពោះអ្នក ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំង ហើយប៊េកគីក៏ដូចគ្នា! ប៊េកគីមានអារម្មណ៍ដឹងគុណដូចជាខ្ញុំដែរ រឿងទាំងនេះពិតជាស្រស់ស្អាត និងអស្ចារ្យចំពោះនាងដូចជាចំពោះខ្ញុំដែរ! ពួកខ្ញុំធ្លាប់ឯកោ រងា និងអត់ឃ្លាន ហើយពេលនេះ អូ! គ្រាន់តែគិតពីអ្វីដែលអ្នកបានធ្វើចំពោះពួកខ្ញុំ! សូមអនុញ្ញាតឱ្យខ្ញុំនិយាយបានប៉ុននេះ ខ្ញុំហាក់ដូចជាត្រូវនិយាយពាក្យទាំងនេះ “អរគុណ! អរគុណ! អរគុណ!”»
ព្រឹកស្អែក នាងទុកសំបុត្រនេះនៅលើតុ ហើយពេលនាងត្រលប់មកបន្ទប់នៅពេលយប់ សំបុត្រនោះត្រូវបានគេយកទៅ ដូច្នេះនាងដឹងថា វេទមន្តបានទទួលសំបុត្ររបស់នាងហើយ ហើយនាងសប្បាយចិត្ត។ នាងកំពុងអានសៀវភៅឱ្យប៊េកគីស្ដាប់។ ពួកគេបម្រុងនឹងទៅគ្រែគេងរៀងខ្លួនទៅហើយ សំឡេងនៅលើកញ្ចក់បំភ្លឺដំបូលបានទាញអារម្មណ៍របស់ពួកគេ។ សារ៉ាដឹងថាប៊េកគីក៏បានឮសំឡេងនោះដែរ។
«មានអ្វីម្យ៉ាងនៅទីនោះ អ្នកនាង!» នាងខ្សឹប។
«ត្រូវហើយ! ស្ដាប់ទៅដូចជាឆ្មាចង់ចូលមក!» សារ៉ានិយាយយឺតៗ។
នាងក្រោកចេញពីកៅអី ហើយដើរទៅកញ្ចក់បំភ្លឺដំបូល នោះគឺសំឡេងចម្លែកដូចជាការក្រញៅស្រាលៗ។ ភ្លាមនោះ នាងចាំបានរឿងមួយ ហើយក៏សើច។ នាងចាំបានស្វាតូចមួយដែលធ្លាប់រត់មកចូលក្នុងបន្ទប់ធ្នើររបស់នាង។ នាងតែងឃើញវាអង្គុយនៅលើតុតាមបង្អួចបន្ទប់របស់សុភាពបុរសឥណ្ឌានោះ។
«ប្រហែល…ប្រហែលកូនស្វានោះរត់គេចម្ដងទៀតហើយ អូ! សង្ឃឹមថាជាគេទៅចុះ!» សារ៉ាខ្សឹបតិចៗ។
នាងឡើងលើកៅអីដោយប្រុងប្រយ័ត្ន ហើយរុញបើកកញ្ចក់បំភ្លឺដំបូល ហើយអើតចេញទៅក្រៅ។ មេឃបានធ្លាក់ព្រិលពេញមួយថ្ងៃ ហើយនៅលើព្រិលដែលនៅជិតនាងបង្កើយ កូនស្វាតូចនោះកំពុងសម្លឹងមកនាងម៉ក់ៗ។
«គឺស្វា! គេលួចចេញពីផ្ទះរបស់ឡាស្កា ហើយឃើញភ្លើងក្នុងបន្ទប់របស់យើង!» នាងស្រែក។
ប៊េកគីដើរទៅក្បែរនាង។
«អ្នកនាងនឹងឱ្យគេចូលមកមែនទេ?»
«ត្រូវហើយ! ស្វានៅខាងក្រៅនោះត្រជាក់ពេកហើយ! ខ្ញុំនឹងហៅគេឱ្យចូលមក!» សារ៉ាឆ្លើយដោយរីករាយ។
នាងហុចដៃទៅ និយាយដោយសំឡេងដូចពេលនាងនិយាយជាមួយចាប និងម៉េឆាយឌេក ហាក់ដូចជានាងខ្លួនឯងជាសត្វតូចមួយដែរ ហើយយល់ពីអារម្មណ៍របស់សត្វ។
«ចូលមកកូនស្វាគួរឱ្យស្រលាញ់! ខ្ញុំមិនធ្វើបាបឯងទេ!» នាងនិយាយ។
វាដឹងថានាងមិនធ្វើបាបវាទេ វាដឹងមុនពេលនាងនាងហុចដៃ និងហៅវាទៅទៀត វាធ្លាប់ទទួលបានដៃស្រលាញ់ក្នុងដៃរបស់រ៉ាម ដាស ហើយវាមានអារម្មណ៍ដូចគ្នាក្នុងដៃរបស់នាង។ វាឱ្យនាងលើកវាចូលមកតាមកញ្ចក់បំភ្លឺដំបូល ហើយពេលវានៅក្នុងដៃរបស់នាង វាត្រសុលចូលដើមទ្រូងរបស់នាង ហើយចាប់សក់នាងលេងស្រាលៗ ហើយងើយមើលមុខរបស់នាង។
«ស្វាល្អ! ស្វាល្អ! អូ! ខ្ញុំពិតជាស្រលាញ់កូនសត្វណាស់!» នាងនិយាយ ហើយថើបក្បាលរបស់ស្វា។
នាងយកវាមកអង្គុយមុខចង្ក្រានដោយដាក់វានៅជង្គង់របស់នាង វាសម្លឹងសារ៉ា ហើយសម្លឹងទៅប៊េកគីដោយការចាប់អារម្មណ៍។
«គេសម្លឹងយើងធម្មតាទេមែនទេ អ្នកនាង?» ប៊េកគី និយាយ។
សារ៉ាសើច ហើយនិយាយ៖
«គេមើលទៅដូចជាកូនក្មេងដែលមានរូបរាងអាក្រក់ ខ្ញុំសូមទោសកូនស្វា ប៉ុន្តែខ្ញុំសប្បាយចិត្តដែលឯងមិនមែនជាកូនក្មេង! ខ្ញុំពិតជាចូលចិត្តឯងណាស់!»
នាងត្រលប់មកអង្គុយលើកៅអី ហើយគិត។
«គេប្រហែលជាសោកស្ដាយដែលគេមានរូបរាងអាក្រក់ ហើយរឿងនេះតែងតែនៅក្នុងចិត្តរបស់គេ ខ្ញុំមិនដឹងថាគេមានចិត្តដែលឬអត់! កូនស្វាគួរឱ្យស្រលាញ់ តើឯងមានចិត្តទេ?» នាងនិយាយ។
«អ្នកនាងគិតធ្វើយ៉ាងម៉េចជាមួយគេ?» ប៊េកគីសួរ។
«ខ្ញុំនឹងឱ្យគេគេងជាមួយខ្ញុំយប់នេះ! ហើយស្អែកខ្ញុំនឹងយកគេទៅឱ្យសុភាពបុរសឥណ្ឌានោះវិញ! ខ្ញុំសុំទោសដែលខ្ញុំយកឯងទៅវិញកូនស្វា ប៉ុន្តែឯងត្រូវតែទៅវិញ! ឯងត្រូវតែទទួលបានការស្រលាញ់បំផុតពីគ្រួសាររបស់ឯង ហើយខ្ញុំមិនមែនជាគ្រួសារពិតប្រាកដរបស់ឯងទេ!»
ហើយពេលនាងចូលគេង នាងបានធ្វើសំបុកមួយសម្រាប់វានៅចុងជើងរបស់នាង ហើយវាសម្ងំដេកនៅទីនោះ ហាក់ដូចជាវាជាកូនក្មេង ហើយសប្បាយចិត្តជាមួយនឹងកន្លែងរបស់វា។
រសៀលថ្ងៃបន្ទាប់ សមាជិកបីនាក់របស់គ្រួសារធំអង្គុយនៅក្នុងបណ្ណាល័យរបស់សុភាពបុរសឥណ្ឌា ខំប្រឹងធ្វើឱ្យគាត់សប្បាយចិត្ត។ ពួកគេបានចូលមកលេងនៅទីនេះ ព្រោះគាត់បានអញ្ជើញពួកគេមកជាពិសេស។ គាត់បានរង់ចាំមួយរយៈមកហើយ ថ្ងៃនេះជាថ្ងៃដែលគាត់បានរង់ចាំដោយអន្ទះសា។ ថ្ងៃនេះជាថ្ងៃដែលលោក កាម៉ៃឃើល ត្រលប់មកពីមូស្គូវិញ។ ការស្នាក់នៅរបស់គាត់នៅទីនោះត្រូវបានពន្យារពេលមួយសប្ដាហ៍ ហើយមួយសប្ដាហ៍ទៀត។ ពេលដែលគាត់ទៅដល់ទីនោះលើកដំបូង គាត់មិនអាចតាមស្វែងរកឃើញគ្រួសារដែលគាត់ទៅតាមរកទេ។
ពេលដែលគាត់ដឹងច្បាស់ថា គាត់រកពួកគេឃើញហើយ ហើយបានទៅផ្ទះរបស់ពួកគេ មានគេប្រាប់គាត់ថាពួកគេបានធ្វើដំណើរកម្សាន្តទៅឆ្ងាយហើយ។ ការប្រឹងប្រែងរបស់គាត់ដើម្បីស្វែងរកពួកគេ ពិតជាពិបាកណាស់ ដូច្នេះហើយគាត់សម្រេចចិត្តនៅមូស្គូរង់ចាំពួកគេ រហូតដល់ពួកគេត្រលប់មកវិញ។ លោក ការីហ្វត់ នៅលើកៅអីរបស់គាត់ ហើយចានេតអង្គុយលើកម្រាលឥដ្ឋក្បែរគាត់។ គាត់ចូលចិត្តចានេតណាស់។ ណូរ៉ាអង្គុយនៅលើជើងតាំង ហើយដូណាល់ជិះលើក្បាលខ្លាដែលមានក្រាលដោយស្បែកសត្វ។
«កុំមាត់ឮៗពេក ដូណាល់! ពេលមកលេងដើម្បីឱ្យអ្នកជំងឺសប្បាយចិត្ត មិនមែនត្រូវស្រែកសប្បាយនោះទេ! ស្រែកលេងខ្លាំងៗអាចនឹងធ្វើឱ្យគាត់ធុញ និងរំខាន!»
«អត់ទេ! មិនរំខានទេ! ហើយថែមទាំងធ្វើឱ្យអ៊ំមិនគិតច្រើនទៀតផង!» គាត់និយាយ។
«ខ្ញុំនឹងនៅស្ងៀម! យើងនឹងនៅស្ងៀមដូចជាកណ្ដុរ!» ដូណាល់ស្រែក។
«កណ្ដុរមិនធ្វើឱ្យមានសំឡេងបែបនោះទេ!» ចានេតនិយាយ។
ដូណាល់ចុះពីក្បាលខ្លាមក ហើយនិយាយ៖
«រូងដែលមានកណ្ដុរច្រើនប្រហែលដូចកណ្ដុររាប់ពាន់ប្រហែលជាដូច…!»
«ខ្ញុំគិតថាកណ្ដុរ៥ពាន់ក៏មិនដូចដែរ ហើយយើងត្រូវស្ងាត់ស្ងៀមដូចជាកណ្ដុរមួយ!» ចានេតនិយាយធ្ងន់ៗ។
លោក ការីហ្វត់ សើច ហើយទះស្មានាងតិចៗ។
«មិនយូរទេ ប៉ាប៉ាមកហើយ! ពួកយើងអាចនិយាយពីក្មេងស្រីបាត់ខ្លួននោះបានទេ?» នាងនិយាយ។
«អ៊ំគិតថាពេលនេះអ៊ំមិនអាចនិយាយអ្វីផ្សេងបានច្រើនទេ!»
«ពួកខ្ញុំចូលចិត្តនាងណាស់ ពួកខ្ញុំហៅនាងថា ព្រះនាងទេពអប្សរ!» ណូរ៉ានិយាយ។
«ហេតុអ្វី?» បុរសឥណ្ឌាសួរ ព្រោះការចូលចិត្តរបស់គ្រួសារធំតែងតែធ្វើឱ្យគាត់ភ្លេចរឿងខ្លះ។
ចានេតឆ្លើយ៖
«ព្រោះថាទោះបីជានាងមិនមែនជាទេពអប្សរពិតប្រាកដក៏ដោយ នាងនឹងក្លាយទៅជាអ្នកមានមហាសាលពេលដែលគេរកនាងឃើញ ហើយនាងនឹងក្លាយទៅជាព្រះនាងក្នុងរឿងនិទានទេពអប្សរ! ពួកខ្ញុំហៅនាងថា ព្រះនាងទេពអប្សរ ប៉ុន្តែនៅមិនទាន់សមទេ!»
«តើពិតទេដែលប៉ាប៉ារបស់នាងផ្ដល់ប្រាក់ទាំងអស់របស់គាត់ទៅមិត្តម្នាក់ ដើម្បីរករ៉ែដែលមានពេជ្រ ហើយបន្ទាប់មក មិត្តនោះគិតថាគាត់បាត់បង់ប្រាក់ទាំងអស់ ហើយរត់គេចបាត់ ព្រោះគាត់មានអារម្មណ៍ថាគាត់គឺជាចោរប្លន់?» ណូរ៉ានិយាយ។
«ប៉ុន្តែគាត់មិនមែនទេ ឯងដឹងទេ?» ចានេតនិយាយភ្លាម។
បុរសឥណ្ឌាចាប់ដៃនាងកាន់ភ្លាម។
«ទេ! គាត់មិនមែនចោរទេ!» គាត់និយាយ។
«ខ្ញុំសោកស្ដាយចំពោះមិត្តនោះ ខ្ញុំមិនអាចជួយបានទេ គាត់គ្មានបំណងធ្វើរឿងនោះទេ ហើយរឿងហ្នឹងប្រាកដជាធ្វើឱ្យគាត់ខូចចិត្ត! ខ្ញុំជឿថាគាត់ប្រាកដជាខូចចិត្ត!» ចានេតនិយាយ។
«ឯងជាក្មេងស្រីតូចដែលយល់ពីរឿងនេះ ចានេត!» បុរសឥណ្ឌានិយាយ ហើយទាញដៃនាងមកជិតខ្លួន។
«បងប្រាប់លោក ការីហ្វត់ ពីក្មេងមិនមែនអ្នកសុំទាននោះហើយនៅ? បងប្រាប់គាត់ថា នាងមានសំលៀកបំពាក់ថ្មីស្អាតទេ? ប្រហែលជានាងត្រូវនរណាម្នាក់រកឃើញ ក្រោយពីនាងបាត់ខ្លួន!» ដូណាល់ស្រែកម្ដងទៀត។
«នោះឡាន! ឡានឈប់នៅមុខទ្វារ គឺប៉ាប៉ា!!» ចានេតស្រែក។
ពួកគេរត់ទៅមើលតាមបង្អួចទាំងអស់គ្នា។
«ត្រូវហើយគឺប៉ាប៉ា ប៉ុន្តែអត់មានក្មេងស្រីតូចទេ!» ដូណាល់ស្រែក។