ពួកគេនាំគ្នាចេញពីបន្ទប់ទាំងអស់គ្នា នោះជាវិធីដែលពួកគេស្វាគមន៍ប៉ាប៉ារបស់ពួកគេដោយរត់ប្រដេញគ្នា លោតចុះលោតឡើង ទះដៃគ្នា ហើយនិងត្រូវប៉ាប៉ាឱបនិងថើប។
លោក ការីហ្វត់ ខំប្រឹងក្រោកពីកៅអីរបស់គាត់ ហើយទម្លាក់ខ្លួនទៅលើកៅអីរបស់គាត់វិញ។
«គ្មានប្រយោជន៍ទេ ម៉េចក៏ខ្ញុំមិនបានការយ៉ាងនេះ!» គាត់និយាយ។
សំឡេងរបស់លោក កាម៉ៃឃើល មកដល់ទ្វារ។
«កុំអីក្មេងៗ! កូនៗចាំចូលមកក្នុងបន្ទប់ ក្រោយពីប៉ានិយាយជាមួយលោក ការីហ្វត់ រួចហើយ! នាំគ្នាទៅលេងជាមួយ រ៉ាម ដាស ទៅ!» គាត់និយាយ។
ទ្វាររបើក ហើយគាត់ដើរចូលមកក្នុង គាត់មើលទៅរហ័សរហួនជាងរាល់លើក ប៉ុន្តែភ្នែករបស់គាត់បង្ហាញពីការខកចិត្ត ហើយអស់កម្លាំងពេលប្រសព្វជាមួយភ្នែកទាំងគូដែលអន្ទះសាចង់សួរសំណួរខណៈដែលពួកគេចាប់ដៃគ្នា។
«ដំណឹងយ៉ាងម៉េចហើយ? ក្មេងដែលជនជាតិរុស្ស៊ីទទួលចិញ្ចឹមនោះ?!» លោក ការីហ្វត់ សួរ។
«នាងមិនមែនជាក្មេងដែលពួកយើងតាមរកទេ នាងក្មេងជាងកូនស្រីរបស់លោក គ្រូវី ឆ្ងាយណាស់! នាងឈ្មោះ អេមេលី ខារូ! ខ្ញុំបានជួបនិងនិយាយជាមួយនាង ជនជាតិរុស្ស៊ីនោះបានប្រាប់ព័ត៌មានលម្អិតដល់ខ្ញុំ!» លោក កាម៉ៃឃើល ឆ្លើយ។
ទឹកមុខរបស់សុភាពបុរសឥណ្ឌាពោរពេញដោយទុក្ខសោក និងព្រួយបារម្ភ គាត់ទម្លាក់ដៃពីដៃរបស់លោក កាម៉ៃឃើល។
«អីចឹងការស្រាវជ្រាវត្រូវចាប់ផ្ដើមសាជាថ្មី រឿងគឺយ៉ាងនេះហើយ! អង្គុយចុះសិនមក!» គាត់និយាយ។
លោក កាម៉ៃឃើល អង្គុយចុះ ហើយពោលភ្លាម៖
«តោះ! តោះ! យើងនឹងស្វែងរកនាងបន្ត!»
«យើងត្រូវតែចាប់ផ្ដើមភ្លាម មិនត្រូវខ្ជះខ្ជាយពេលវេលាទេ លោកមានយោបល់អ្វីចង់និយាយទេ អ្វីក៏ដោយ?» លោក ការីហ្វត់ និយាយ។
លោក កាម៉ៃឃើល មានអារម្មណ៍ជ្រួលច្របល់ គាត់ក្រោកពីកៅអី ហើយចាប់ផ្ដើមដើរសម្លឹងមើលបន្ទប់ដោយការគិតជាមួយទឹកមុខដែលមិនច្បាស់ថាត្រូវធ្វើអ្វី។
«ត្រូវហើយ ប្រហែលជា…. ខ្ញុំមិនដឹងថាត្រូវចាប់ផ្ដើមឬយ៉ាងណាទេ ការពិតពេលដែលខ្ញុំជិះរថភ្លើងពី ដូវើមក ខ្ញុំមានគំនិតមួយ!»
«យ៉ាងម៉េចទៅ? ប្រសិនបើនាងនៅរស់ នាងប្រាកដជានៅកន្លែងណាមួយ!»
«ត្រូវហើយ! នាងកំពុងនៅកន្លែងណាមួយ ពួកយើងបានស្រាវជ្រាវនៅសាលាក្នុងក្រុងប៉ារីសរួចហើយ ពួកយើងបោះបង់ប៉ារីសចោលទៅ ហើយចាប់ផ្ដើមនៅក្នុងទីក្រុងឡុងដុង! នោះជាគំនិតរបស់ខ្ញុំ គឺត្រូវស្រាវជ្រាវនៅក្នុងទីក្រុងឡុងដុង!»
«មានសាលាច្រើននៅក្នុងទីក្រុងឡុងដុង! ត្រូវហើយ! និយាយអីចឹងមានសាលាមួយនៅជាប់ផ្ទះរបស់យើង!»
«អ៊ីចឹងយើងនឹងចាប់ផ្ដើមនៅទីនោះ! យើងមិនអាចចាប់ផ្ដើមស្រាវជ្រាវនៅកន្លែងណាដែលជិតកន្លែងជាប់ផ្ទះនោះទេ!»
«ទេ មានក្មេងម្នាក់នៅទីនោះដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ ប៉ុន្តែនាងមិនមែនជាសិស្សមកស្នាក់ទេ! ហើយនាងសម្បុរខ្មៅបន្តិច ក្មេងរយីករយាក មិនដូចជាកូនរបស់ គ្រូវី កម្សត់នោះទេ!» លោក ការីហ្វត់ និយាយ។
ប្រហែលជាវេទមន្តដំណើរការម្ដងទៀតនៅពេលនោះ គឺវេទមន្តដ៏អស្ចារ្យ។ មើលទៅគឺដូចជាវេទមន្តពិតមែន។ គឺអ្វីដែលនាំ រ៉ាម ដាស ចូលមកក្នុងបន្ទប់ សូម្បីតែពេលលោកម្ចាស់របស់គាត់កំពុងនិយាយ គាត់សំដែងការគោរព ប៉ុន្តែបង្ហាញចេញមកនូវសេចក្ដីរំភើបនៅក្នុងភ្នែករបស់គាត់។
«លោកម្ចាស់ ក្មេងស្រីនោះបានមកហើយ ក្មេងស្រីដែលលោកម្ចាស់មានអារម្មណ៍អាណិត! នាងយកស្វាដែលបានរត់ទៅចូលក្នុងបន្ទប់ធ្នើររបស់នាងម្ដងទៀតមកសងវិញ! ខ្ញុំបានឱ្យនាងនៅរង់ចាំសិន ខ្ញុំគិតថាលោកម្ចាស់នឹងសប្បាយចិត្តដែលអាចនិយាយជាមួយនាងបាន!»
«នាងជាអ្នកណា?!» លោក កាម៉ៃឃើល សួរ។
«ព្រះដឹង! នាងជាក្មេងដែលខ្ញុំធ្លាប់និយាយពីនាង! ក្មេងស្រីតូចជាអ្នកបម្រើនៅសាលា!» លោក ការីហ្វត់ ឆ្លើយ ហើយលើកដៃជាសញ្ញាទៅរ៉ាម ដាស។
«ត្រូវហើយ ខ្ញុំចង់ជួបនាង ទៅនាំនាងចូលមក! ពេលលោកមិននៅ ខ្ញុំពិតជាពិបាកចិត្តណាស់ មួយថ្ងៃៗគឺងងឹតស្លុប ហើយយូរណាស់! រ៉ាម ដាស បានប្រាប់ខ្ញុំពីទុក្ខវេទនារបស់ក្មេងនោះ ហើយយើងបានរៀបគម្រោងជួយនាងយ៉ាងសំងាត់ជាមួយគ្នា! ខ្ញុំគិតថាវាដូចជារឿងក្មេងលេង ប៉ុន្តែនោះជាអ្វីដែលខ្ញុំអាចគិតនិងធ្វើបាន ប្រសិនបើមិនមាន រ៉ាម ដាស ទេ យើងមិនអាចធ្វើអ្វីបានទេ!»
បន្ទាប់មក សារ៉ាបានចូលមកក្នុងបន្ទប់ នាងកាន់ស្វានៅក្នុងដៃរបស់នាង ហើយគាត់មិនងាកភ្នែកចេញពីនាងឡើយ។
«ស្វារបស់លោកពូបានរត់គេចម្ដងទៀត គេបានទៅបង្អួចកញ្ចក់បន្ទប់ធ្នើររបស់ខ្ញុំកាលពីយប់មិញ ហើយខ្ញុំបានយកគេចូលក្នុង ព្រោះអាកាសធាតុត្រជាក់ពេក! ខ្ញុំគួរតែបានយកគេមកវិញ ប្រសិនបើពេលនោះមិនទាន់យប់ពេក! ខ្ញុំដឹងថាលោកឈឺ ហើយមិនគួរមករំខានទាំងយប់ទេ!» នាងនិយាយក្នុងសំឡេងគួរឱ្យស្រលាញ់របស់នាង។
បុរសឥណ្ឌាសម្លឹងនាងដោយការចាប់អារម្មណ៍ និងចង់ស្គាល់នាង។
«ក្មួយពិតជាគិតបានវែងឆ្ងាយមែន!» គាត់និយាយ។
សារ៉ាសម្លឹងទៅរ៉ាម ដាសដែលឈរនៅជិតបង្អួច។
«តើខ្ញុំអាចឱ្យគេទៅ ឡាស្កាបានទេ?!» នាងសួរ។
«ម៉េចក៏ក្មួយចេះពាក្យឡាស្កា?» បុរសឥណ្ឌានិយាយដោយញញឹមបន្តិច។
«អូ ខ្ញុំចេះពាក្យឡាស្កា ព្រោះខ្ញុំកើតនៅប្រទេសឥណ្ឌា!» សារ៉ានិយាយ ដោយហុចស្វាទៅទាំងស្ទាក់ស្ទើរ។
បុរសឥណ្ឌាស្រឡាំងកាំង ផ្លាស់ប្ដូរទឹកមុខជាមួយនឹងសំដីរបស់នាងមួយឃ្លានេះ។
«ក្មួយកើតនៅឥណ្ឌា មែនទេ? មកនេះ!» និយាយហើយ គាត់លើកដៃ។
សារ៉ា ដើរទៅរកគាត់ ហើយកាន់ដៃគាត់ ព្រោះមើលទៅគាត់ចង់កាន់ដៃរបស់នាង។ នាងឈរនៅស្ងៀម ហើយនាងសម្លឹងចំភ្នែករបស់គាត់។ គាត់មើលទៅហាក់ដូចជាយល់អ្វីម្យ៉ាង។
«ក្មួយរស់នៅជាប់នេះ?» គាត់សួរ។
«ចា៎ ខ្ញុំរស់នៅឯសាលារបស់កញ្ញាមីនជីន!»
«តែក្មួយមិនមែនជាសិស្សរបស់គាត់ទេ?»
សារ៉ា ញញឹមបែបចម្លែកបន្តិច នាងស្ទាក់ស្ទើរមួយភ្លែត។
«ខ្ញុំគិតថា ខ្ញុំមិនដឹងថាខ្ញុំជាអ្វីឱ្យប្រាកដទេ!» នាងឆ្លើយ។
«ហេតុអ្វីមិនដឹង?«
«ដំបូង ខ្ញុំជាសិស្សមកស្នាក់ ហើយជាអ្នកជួលបន្ទប់នៅ ប៉ុន្តែឥឡូវ….!»
«ក្មួយជាសិស្សមកស្នាក់ ចុះឥឡូវជាអ្វី?»
សារ៉ាញញឹមទាំងពិបាក និងសោកស្ដាយម្ដងទៀត។
«ខ្ញុំគេងនៅបន្ទប់ធ្នើរជាប់អ្នកបម្រើក្នុងផ្ទះបាយ ខ្ញុំរត់ទៅទិញទំនិញឱ្យចុងភៅ ខ្ញុំធ្វើអ្វីដែលគេប្រើ ហើយខ្ញុំបង្រៀនក្មេងៗ!» នាងនិយាយ។
«សួរនាងទៅ! កាម៉ៃឃើល សួរនាងទៅ ខ្ញុំមិនអាចសួរទៀតបានទេ!» លោក ការីហ្វត់ ទម្លាក់ខ្លួនទៅកៅអីវិញដោយអស់កម្លាំង។
មេគ្រួសារធំដឹងច្បាស់ពីវិធីសួរក្មេង សារ៉ាដឹងថាគាត់បានហាត់រៀនយ៉ាងណា ពេលដែលគាត់និយាយទៅកាន់នាងជាមួយនឹងសំឡេងពីរោះ និងលើកទឹកចិត្តរបស់គាត់។
«ឃ្លាដំបូងរបស់ក្មួយមានន័យយ៉ាងម៉េចទៅ ក្មួយស្រី?» គាត់សួរ។
«ពេលនោះប៉ាប៉ាខ្ញុំយកខ្ញុំមកទីនេះ!»
«ប៉ាប៉ាក្មួយនៅឯណា?»
«គាត់ស្លាប់ហើយ! គាត់បាត់បង់ប្រាក់របស់គាត់ទាំងអស់ ហើយមិនបន្សល់សម្រាប់ខ្ញុំទេ! គ្មានអ្នកទទួលខុសត្រូវចំពោះខ្ញុំ ឬបង់ប្រាក់ឱ្យកញ្ញាមីនជីនទេ!»
«កាម៉ៃឃើៗ» បុរសឥណ្ឌាស្រែកខ្លាំងៗ។
«យើងមិនត្រូវធ្វើឱ្យក្មេងភ័យទេ!» លោក កាម៉ៃឃើល និយាយទៅកាន់គាត់ភ្លាមដោយសំឡេងទាបរបស់គាត់ ហើយគាត់បានបន្តទៅកាន់សារ៉ា៖
«ដូច្នោះហើយ ក្មួយត្រូវគេបញ្ជូនទៅនៅបន្ទប់ធ្នើរ ហើយឱ្យធ្វើជាក្មេងបម្រើ នោះគឺជារឿងរបស់ក្មួយមែនទេ?»
«គ្មានអ្នកមើលថែខ្ញុំទេ! គ្មានលុយទេ ខ្ញុំមិនមែនជាសាច់ញាតិរបស់អ្នកម្នាក់ឡើយ!»
«តើប៉ារបស់ក្មួយបាត់បង់ប្រាក់របស់គាត់ដោយរបៀបណា?» បុរសឥណ្ឌាលូកមាត់ដោយដកដង្ហើមស្ទើរមិនដល់គ្នា។
«គាត់មិនបានធ្វើឱ្យបាត់បង់ដោយខ្លួនគាត់ទេ គាត់មានមិត្តម្នាក់ដែលគាត់ចូលចិត្ត គាត់ចូលចិត្តមិត្តរបស់គាត់ណាស់! គឺមិត្តរបស់គាត់ជាអ្នកយកប្រាក់គាត់ទៅ! គាត់ទុកចិត្តមិត្តរបស់គាត់ពេក!»
ដង្ហើមរបស់បុរសឥណ្ឌាកាន់តែលោតញាប់។
«មិត្តនោះប្រហែលជាគ្មានបំណងធ្វើអាក្រក់ទេ រឿងនោះប្រហែលជាកើតឡើងដោយកំហុសណាមួយ!» គាត់និយាយ។
សារ៉ាមិនដឹងថាសំឡេងតិចៗរបស់នាងនឹងមានឥទ្ធិពលយ៉ាងណាទេ ពេលដែលនាងឆ្លើយ។ ប្រសិនបើនាងដឹង នាងប្រាកដជាព្យាយាមបន្ទន់ដើម្បីបុរសឥណ្ឌា។
«ការឈឺចាប់នោះពិតជាធ្ងន់ធ្ងរចំពោះប៉ាប៉ា ការឈឺចាប់នោះបានសម្លាប់គាត់!» នាងនិយាយ។
«ប៉ារបស់ក្មួយឈ្មោះអ្វី? ប្រាប់ពូមក!» បុរសឥណ្ឌានិយាយ។
«គាត់ឈ្មោះ រ៉ាល់ គ្រូវី កាពីទែន គ្រូវី! គាត់ស្លាប់នៅឥណ្ឌា!» សារ៉ាឆ្លើយដោយអារម្មណ៍សោកសៅ។
ទឹកមុខរបស់បុរសឥណ្ឌាស្រឡាំងកាំង និងភ្ញាក់ផ្អើល។
«កាម៉ៃឃើល! គឺក្មេង គឺក្មេង!» គាត់ស្រែកដាច់ៗ។
ភ្លាមនោះ សារ៉ាគិតថាគាត់នឹងស្លាប់។ រ៉ាម ដាស ចាក់គ្រាប់ថ្នាំចេញពីដប ហើយលើកគាត់ដាក់លើភ្លៅ។ សារ៉ាឈរនៅក្បែរដោយញ័រតិចៗ។ នាងស្លឹងទៅលោក កាម៉ៃឃើល។
«តើខ្ញុំជាក្មេងអ្វីទៅ?» នាងសួរ។
«គាត់ជាមិត្តរបស់ប៉ាក្មួយ! កុំភ័យអី ពួកយើងបានតាមរកក្មួយពីរឆ្នាំមកហើយ!» លោក កាម៉ៃឃើល ឆ្លើយ។
សារ៉ាដាក់ដៃរបស់នាងលើថ្ងាស។ នាងនិយាយដូចជានាងកំពុងយល់សប្ដិ។
«ហើយខ្ញុំនៅសាលារបស់កញ្ញាមីនជីនរហូតមក គឺនៅជញ្ជាំងជាប់នេះ!»
………………………………….
ពេលនោះអ្នកស្រី កាម៉ៃឃើល ត្រូវបានគេអញ្ជើញមកដើម្បីងាយស្រួលក្នុងការនិយាយពន្យល់សារ៉ា ពីរឿងរ៉ាវដែលបានកើតឡើង។ ក្ដីរំភើបនៃការរកឃើញដោយមិនបានរំពឹងទុកសោះនេះ បានផ្ដល់ថាមពលដល់លោក ការីហ្វត់ ជាពន់ពេកខណៈដែលសុខភាពរបស់គាត់កំពុងទ្រុឌទ្រោម។ លោក កាម៉ៃឃើល ផ្ដល់យោបល់ថាគួរតែនាំសារ៉ាទៅបន្ទប់ផ្សេង។
«បើតាមខ្ញុំ ខ្ញុំមានអារម្មណ៍ថា មិនបាត់នាងពីខ្សែភ្នែករបស់ខ្ញុំទេ!» គាត់និយាយទៅកាន់លោក កាម៉ៃឃើល។
«ខ្ញុំនឹងមើលថែនាង ហើយបន្តិចទៀតម៉ាក់មកដល់ហើយ!» ចានេតនិយាយ ហើយនាំសារ៉ាចេញទៅ។
«ពួកយើងសប្បាយចិត្តណាស់ដែលអាចរកឯងឃើញ ឯងមិនដឹងថាពួកយើងសប្បាយចិត្តយ៉ាងណាទេដែលអាចរកឯងឃើញ!» នាងនិយាយ។
ដូណាល់ឈរជ្រែងហោប៉ៅ សម្លឹងមើលសារ៉ា ហើយដកដង្ហើមធំ។
«បើពេលខ្ញុំឱ្យបង៦ផេន្នីនោះ ខ្ញុំសួរបងថាបងឈ្មោះអី ហើយបងឆ្លើយថាបងឈ្មោះសារ៉ា គ្រូវីនោះ បងនឹងត្រូវគេរកឃើញភ្លាមហើយ ប៉ុន្តែខ្ញុំមិនបានសួរ ចំមែន!» គេនិយាយ។
បន្តិចក្រោយមក អ្នកស្រី កាម៉ៃឃើល ចូលមក គាត់មើលទៅដូចជាប្រញាប់ប្រញាល់ណាស់ ហើយភ្លាមនោះបានឱបថើបសារ៉ា។
«ក្មួយមើលទៅដូចជាកំពុងវិលវល់ ក្មេងកម្សត់! ហើយនោះមិនមែនជារឿងចម្លែកទេ!» គាត់និយាយ។
សារ៉ាគិតដល់តែរឿងមួយគត់។
«តើគាត់…តើគាត់ជាមិត្តក្បត់មែនទេ? ប្រាប់ខ្ញុំមក!» នាងនិយាយដោយសម្លឹងទៅទ្វារបន្ទប់បណ្ណាល័យ។
អ្នកស្រី កាម៉ៃឃើល យំពេលថើបនាងម្ដងទៀត។ គាត់មានអារម្មណ៍ថា នាងគួរតែត្រូវបានថើបច្រើនបន្តិច ព្រោះនាងមិនត្រូវបានគេថើបជាយូរមកហើយ។
«គាត់មិនមែនជាមិត្តក្បត់ទេ ក្មួយសំឡាញ់! គាត់មិនបានធ្វើឱ្យបាត់បង់ប្រាក់របស់ប៉ាក្មួយទេ! គាត់គ្រាន់តែបានគិតថាគាត់បានធ្វើឱ្យបាត់បង់! ហើយព្រោះតែគាត់ស្រលាញ់ប៉ាក្មួយពេក ទើបធ្វើឱ្យគាត់ឈឺធ្ងន់ដែលសតិរបស់គាត់ធ្លាប់ខុសប្រក្រតី! គាត់ស្ទើរតែស្លាប់ដោយសារការប៉ះទង្គិចខួរក្បាល ហើយរយៈពេលយូរ មុនពេលគាត់ចាប់ផ្ដើមចងចាំឡើងវិញ ប៉ាប៉ាកម្សត់របស់ក្មួយបានចែកលោកទៅ!»
«ហើយគាត់មិនដឹងថាស្វែងរកខ្ញុំនៅឯណា! ហើយខ្ញុំនៅជិតនេះ!» នាងនិយាយខ្សឹកខ្សួល យ៉ាងណានាងមិនភ្លេចថានាងនៅជិតនេះ។
«គាត់ជឿថាក្មួយនៅបារាំង ហើយគាត់ត្រូវបន្តតាមរកដោយសញ្ញាដែលមិនពិតរហូតមក! គាត់តាមរកក្មួយគ្រប់ទីកន្លែង ពេលដែលគាត់ឃើញក្មួយដើរកាត់ដោយមានទឹកមុខក្រៀមក្រំ និងជាក្មេងរយីករយាក គាត់មិនស្រមៃថាក្មួយជាកូនកម្សត់របស់មិត្តគាត់ ប៉ុន្តែដោយសារក្មួយជាក្មេងស្រីតូច គាត់ចង់ឱ្យក្មួយសប្បាយចិត្ត ហើយបានប្រាប់ រ៉ាម ដាស ឱ្យឡើងជញ្ជាំងទៅបន្ទប់ធ្នើររបស់ក្មួយដើម្បីព្យាយាមធ្វើឱ្យក្មួយបានទទួលក្ដីសុខខ្លះ!»
សារ៉ាទទួលបានការរីករាយ ទឹកមុខរបស់នាងផ្លាស់ប្ដូរ។
«រ៉ាម ដាស ជាអ្នកយករបស់ចូលទៅមែនទេ? គាត់ប្រាប់រ៉ាម ដាសឱ្យធ្វើមែនទេ? គាត់ជាអ្នកដែលធ្វើឱ្យសុបិនក្លាយជាការពិតមែនទេ?» នាងស្រែក។
«ត្រូវហើយក្មួយសំឡាញ់! ត្រូវហើយ! គាត់ចិត្តល្អ ហើយគាត់សោកស្ដាយចំពោះក្មួយ គាត់ធ្វើដោយសារស្រណោះដល់សារ៉ាកម្សត់ដែលបានបាត់ខ្លួនទៅ!»
ទ្វារបន្ទប់បណ្ណាល័យបើកមក ហើយលោក កាម៉ៃឃើល បង្ហាញខ្លួន គាត់ធ្វើសញ្ញាហៅសារ៉ា។
«លោក ការីហ្វត់ បានប្រសើរហើយ! គាត់ចង់ឱ្យក្មួយចូលទៅជួបគាត់!»
សារ៉ាមិនស្ទាក់ស្ទើរទេ នាងប្រញាប់ចូលទៅភ្លាម។ ពេលដែលបុរសឥណ្ឌាសម្លឹងនាងខណៈដែលនាងចូលទៅដល់ នាងឃើញទឹកមុខគាត់មានពន្លឺឡើងវិញ។
នាងដើរទៅឈរជិតកៅអីរបស់គាត់ ដៃយកដៃទាំងពីរឱបទ្រូង។
«លោកពូផ្ញើរបស់ទាំងអស់នោះទៅឱ្យខ្ញុំ របស់ស្អាត និងអស្ចារ្យទាំងនោះមែនទេ? លោកពូជាអ្នកផ្ញើទៅ!?» នាងនិយាយដោយទឹកចិត្តរីករាយ។
«ត្រូវហើយក្មេងកម្សត់ ពូជាអ្នកផ្ញើទៅ!» គាត់ឆ្លើយនឹងនាង។ គាត់ទន់ខ្សោយនិងបាក់ទឹកចិត្តដោយសារជំងឺនិងបញ្ហា ប៉ុន្តែគាត់សម្លឹងទៅនាងដោយខ្សែភ្នែកដែលប៉ារបស់នាងធ្លាប់សម្លឹងមើលនាង ខ្សែភ្នែកដែលស្រលាញ់នាង និងចង់ឱបនាងនៅក្នុងរង្វង់ដៃរបស់គាត់។
អាការៈនោះបានធ្វើឱ្យនាងបន្ទន់ខ្លួនទៅជិតគាត់ ដូចជានាងធ្លាប់បន្ទន់ខ្លួននៅជិតប៉ារបស់នាងដែរពេលនាងពួកគេ គឺជាមិត្តល្អបំផុតនៅក្នុងលោកនេះ។
«ដូច្នេះលោកពូគឺជាមិត្តរបស់ខ្ញុំ! គឺលោកពូជាមិត្តរបស់ខ្ញុំ!» នាងនិយាយ ហើយនាងដាក់មុខរបស់នាងលើដៃស្គមរបស់គាត់ ហើយថើបម្ដងហើយម្ដងទៀត។
«បុរសនេះនឹងក្លាយជាអ្នកម្ចាស់ការលើខ្លួនគាត់វិញ នៅក្នុងរយៈពេលបីសប្ដាហ៍ មើលមុខរបស់គាត់គឺម្ចាស់ការរួចទៅហើយ!» លោក កាម៉ៃឃើ និយាយនៅក្បែរប្រពន្ធរបស់គាត់។
សារ៉ាមិនត្រលប់ទៅសាលានោះវិញទេ បុរសឥណ្ឌាបានសម្រេចលើចំណុចនេះយ៉ាងម៉ឺងម៉ាត់។ នាងនឹងនៅកន្លែងដែលនាងកំពុងនៅពេលនេះ ហើយលោក កាម៉ៃឃើ នឹងទៅជួបកញ្ញាមីនជីន ដោយខ្លួនគាត់។
«ខ្ញុំសប្បាយចិត្តដែលខ្ញុំមិនចាំបាច់ត្រលប់ទៅវិញ គាត់នឹងខឹងខ្ញុំ គាត់មិនចូលចិត្តខ្ញុំទេ ទោះបីនោះប្រហែលជាដោយសារកំហុសរបស់ខ្ញុំ ព្រោះខ្ញុំមិនចូលចិត្តគាត់ក៏ដោយ!» សារ៉ានិយាយ។
ប៉ុន្តែនោះពិតជារឿងចៃដន្យមែន កញ្ញា មីនជីនមិនចាំបាច់ឱ្យលោក កាម៉ៃឃើ ទៅរកគាត់នៅសាលាទេ គឺគាត់តាមមករកសិស្សរបស់គាត់ដោយខ្លួនឯង។ គាត់ត្រូវការរក សារ៉ាដើម្បីការងារអ្វីមួយ ហើយក្រោយពីសួរនាំហើយ គាត់ទទួលបានដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើល។ អ្នកបម្រើម្នាក់បានឃើញនាងកាន់អ្វីម្យ៉ាងក្នុងដៃ ហើយឡើងជណ្ដើរចូលផ្ទះដែលនៅជាប់សាលា។
«តើនាងចង់មានន័យថាម៉េច!» កញ្ញាមីនជីនស្រែកទៅកាន់កញ្ញាអាម៉េឡា។
«ខ្ញុំមិនដឹងទេ ខ្ញុំគិតថានាងបានរាប់អានជាមួយបុរសនោះ ព្រោះគាត់បានរស់នៅឥណ្ឌា!» កញ្ញាអាម៉េឡាឆ្លើយ។
«នាងប្រាកដជាព្យាយាមធ្វើអ្វីម្យ៉ាងដើម្បីឱ្យគេអាណិតហើយ! នាងប្រាកដជាបាននៅក្នុងផ្ទះនោះអស់ពីរម៉ោងមកហើយ ខ្ញុំមិនអាចបណ្ដោយឱ្យមានរឿងបែបនេះទេ! ខ្ញុំនឹងចូលទៅសួររកត្រូវខុស ហើយសុំទោសដែលនាងបំពានចូលទៅក្នុងផ្ទះរបស់គេ!» កញ្ញាមីនជីននិយាយ។
សារ៉ាកំពុងអង្គុយលើជើងតាំងជិតជង្គង់របស់លោក ការីហ្វត់ ហើយស្ដាប់រឿងជាច្រើនដែលលោកគិតថាចាំបាច់ត្រូវព្យាយាមពន្យល់នាង ពេលនោះ រ៉ាម ដាស ប្រកាសប្រាប់ថាមានភ្ញៀវមក។
សារ៉ាក្រោកឡើងដោយមិនស្រណុកក្នុងចិត្ត ទឹកមុខនាងរាងស្លេក ប៉ុន្តែលោក ការីហ្វត់ ឃើញនាងឈរនៅស្ងៀម ហើយមិនបានបង្ហាញសញ្ញាភ័យខ្លាចបែបជាក្មេងទេ។
កញ្ញាមីនជីនចូលមកដល់ក្នុងបន្ទប់ជាមួយនឹងអាកប្បកិរិយាខឹងសម្បារ។ គាត់ស្លៀកពាក់យ៉ាងត្រឹមត្រូវ និងរៀបឫកពាសុភាព។
«ខ្ញុំសុំទោសដែលមករំខានលោក លោក ការីហ្វត់! ប៉ុន្តែខ្ញុំមានធុរៈដែលត្រូវពន្យល់! ខ្ញុំគឺកញ្ញាមីនជីន ជាម្ចាស់សាលាក្មេងៗនៅជាប់ផ្ទះនេះ!» គាត់និយាយ។
បុរសឥណ្ឌាសម្លឹងគាត់មួយភ្លែតដោយឥរិយាបថស្ងៀមស្ងាត់។ គាត់ជាបុរសដែលមានចរិតឆាប់ខឹងពីធម្មជាតិ ហើយគាត់មិនចង់ឱ្យអារម្មណ៍របស់គាត់បញ្ចេញមកជ្រុលពេកទេ។
«ដូច្នេះអ្នកគឺកញ្ញាមីនជីន?» គាត់និយាយ។
«ត្រូវហើយ លោក!»
«បើដូច្នោះ កញ្ញាមកចំពេលហើយ! មេធាវីរបស់ខ្ញុំ លោក កាម៉ៃឃើ បម្រុងនឹងទៅជួបកញ្ញាស្រាប់!» បុរសឥណ្ឌាតប។
លោក កាម៉ៃឃើល ឱនក្បាលបន្តិច ហើយកញ្ញាមីនជីនសម្លឹងទៅគាត់ និងលោក ការីហ្វត់ ដោយការភ្ញាក់ផ្អើល។
«មេធាវីរបស់លោក!? ខ្ញុំមិនយល់ទេ! ខ្ញុំមកទីនេះដោយមានធុរៈ! ខ្ញុំទើបតែដឹងថាលោកត្រូវបានរំខានដោយសារសិស្សរបស់ខ្ញុំម្នាក់ សិស្សមកស្នាក់ដោយជំនួយសប្បុរស! ខ្ញុំមកដើម្បីប្រាប់ថា នាងបានចូលមកដោយមិនមានការអនុញ្ញាតពីខ្ញុំ!» និយាយហើយ គាត់ងាកទៅមើលសារ៉ា រួចទើបបន្ត៖
«ទៅផ្ទះភ្លាមទៅ ឯងនឹងត្រូវទទួលទោសធ្ងន់ធ្ងរ ទៅផ្ទះភ្លាម!»
បុរសឥណ្ឌាទាញសារ៉ាទៅចំហៀងខ្លួនគាត់ ហើយកាន់ដៃនាង។
«នាងមិនទៅទេ!»
«មិនទៅ!?» កញ្ញាមីនជីនបន្លឺ។
«ទេ! នាងមិនទៅផ្ទះទេ! បើកញ្ញាហៅទីនោះថាផ្ទះ! ផ្ទះរបស់នាងសម្រាប់ពេលខាងមុខ គឺនឹងនៅជាមួយខ្ញុំ!»
កញ្ញាមីនជីនថយក្រោយបន្តិចដោយអារម្មណ៍ភ្ញាក់ផ្អើល។
«នៅជាមួយលោក?! លោក!? លោកមានន័យយ៉ាងម៉េច?»
«សូមជួយពន្យល់ពីបញ្ហានេះទៅលោក កាម៉ៃឃើល ហើយសូមបញ្ចប់រឿងរ៉ាវឱ្យលឿនតាមដែលអាចធ្វើបាន!» បុរសឥណ្ឌានិយាយ ហើយឱ្យសារ៉ាអង្គុយវិញ ហើយកាន់ដៃរបស់នាងដូចជាប៉ារបស់នាងធ្លាប់កាន់។
«ម៉ាដាម គាត់គឺលោក ការីហ្វត់ ជាមិត្តស្និទ្ធស្នាលរបស់អតីតកាពីទែន គ្រូវី! គាត់គឺជាដៃគូវិនិយោគនៅក្នុងជំនួញធំមួយជាមួយគ្នា! ទ្រព្យសម្បត្តិដែលកាពីទែន គ្រូវី រំពឹងថាត្រូវទទួលបានត្រូវដោះស្រាយរួចរាល់ ហើយពេលនេះទ្រព្យទាំងនោះនៅក្នុងដៃរបស់លោក ការីហ្វត់!» លោក កាម៉ៃឃើល ពន្យល់។
«ទ្រព្យសម្បត្តិ?! ទ្រព្យសម្បត្តិរបស់សារ៉ា!?» កញ្ញាមីនជីនលាន់មាត់។
«វានឹងក្លាយជារបស់ សារ៉ា! តាមពិតពេលនេះទ្រព្យទាំងនោះគឺជារបស់សារ៉ា! ទ្រព្យសម្បត្តិទាំងនោះបានកើនឡើងច្រើនលើសលុបពីទ្រព្យរបស់លោក គ្រូវី! រ៉ែពេជ្របានទទួលផល!» លោក កាម៉ៃឃើល ឆ្លើយដោយត្រង់ៗ។
«រ៉ែពេជ្រ!?» កញ្ញាមីនជីនលាត់មាត់។
«រ៉ែពេជ្រ! ត្រូវហើយកញ្ញាមីនជីន! ពេលនេះមិនមានព្រះនាងច្រើនទេដែលមានទ្រព្យច្រើនជាងសារ៉ា ជាក្មេងសាលាដែលស្នាក់នៅក្រោមជំនួយសប្បុរសរបស់អ្នក! សារ៉ា គ្រូវី ជាក្មេងដែលលោក ការីហ្វត់ តាមរកអស់ពេលជិតពីរឆ្នាំ នៅទីបំផុតគាត់រកនាងឃើញហើយ ហើយគាត់នឹងទុកនាងនៅជាមួយគាត់!» លោក ការម៉ៃឃើល ពន្យល់បន្ថែម។
ក្រោយមក គាត់អញ្ជើញកញ្ញាមីនជីនឱ្យអង្គុយចុះ ខណៈដែលគាត់ត្រូវនិយាយរឿងលម្អិត និងនិយាយរឿងដែលសំខាន់ៗដើម្បីបញ្ជាក់ឱ្យច្បាស់ចំពោះគាត់ថា អនាគតរបស់សារ៉ាគឺច្បាស់លាស់។
កញ្ញាមីនជីនជាស្ត្រីមិនឆ្លាត ដោយសារការរំភើបរបស់គាត់ ធ្វើឱ្យគាត់ប្រឹងប្រែងដើម្បីទទួលបានអ្វីដែលគាត់បម្រុងនឹងបាត់បង់មកវិញ។
«គាត់រកឃើញនាងនៅក្រោមការថែទាំរបស់ខ្ញុំ ខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីនាង! បើមិនមានខ្ញុំទេ នាងប្រាកដជាឃ្លានស្លាប់នៅតាមផ្លូវ!»
ពេលនេះបុរសឥណ្ឌាទប់អារម្មណ៍គាត់លែងបាន។
«ប្រសិនបើត្រូវឃ្លានស្លាប់នៅតាមផ្លូវ នាងប្រហែលជាឃ្លានស្លាប់ដោយស្រណុកស្រួលជាងឃ្លានស្លាប់នៅក្នុងបន្ទប់ធ្នើររបស់អ្នក!» គាត់និយាយ។
«កាពីទែន គ្រូវី បានទុកនាងឱ្យខ្ញុំមើលថែ នាងត្រូវតែត្រលប់ទៅសាលាវិញ រហូតដល់អាយុដែលនាងត្រូវចេញ! នាងអាចធ្វើជាសិស្សស្នាក់នៅម្ដងទៀត! នាងត្រូវតែបន្តការសិក្សាដល់ចប់! ច្បាប់នឹងសម្រេចតាមការស្នើរបស់ខ្ញុំ!» កញ្ញាមីនជីននិយាយ។
«បានហើយកញ្ញាមីនជីន! ច្បាប់នឹងមិនអាចធ្វើរឿងបែបនោះទេ! ប្រសិនបើសារ៉ា ខ្លួននាងចង់ត្រលប់ទៅវិញ ខ្ញុំហ៊ាននិយាយថាលោក ការីហ្វត់ នឹងមិនបដិសេធទេ ប៉ុន្តែរឿងនោះត្រូវសម្រេចលើចិត្តរបស់សារ៉ា!» លោក កាម៉ៃឃើល និយាយកាត់។
«អ៊ីចឹងខ្ញុំនិយាយចំពោះសារ៉ា! ខ្ញុំប្រហែលមិនបានទម្រើសឯងទេ ប៉ុន្តែឯងដឹងថាប៉ាប៉ារបស់ឯងសប្បាយចិត្តនឹងការរីកចម្រើនរបស់ឯង។ ហើយអឺហេម! ខ្ញុំតែងតែចូលចិត្តឯង!» កញ្ញាមីនជីន និយាយ។
សារ៉ាសម្លឹងភ្នែកគាត់ដោយស្ងៀមស្ងាត់ មើលយ៉ាងច្បាស់ដោយមិនចូលចិត្តកញ្ញាមីនជីន។
«ពិតមែនទេកញ្ញាមីនជីន? ខ្ញុំមិនបានដឹងថាអ្នកគ្រូចូលចិត្តខ្ញុំទេ!» នាងនិយាយ។
កញ្ញាមីនជីនក្រហមមុខ ហើយក្រោកឡើង។
«ឯងគួរតែដឹងរឿងនេះ ប៉ុន្តែសំណាងអាក្រក់ ក្មេងៗមិនដឹងថាអ្វីល្អបំផុតសម្រាប់ខ្លួនគេទេ! អាម៉េឡា និងខ្ញុំតែងតែនិយាយថា ឯងជាសិស្សឆ្លាតបំផុតនៅក្នុងសាលា! ឯងនឹងមិនបំពេញតួនាទីតាមបណ្ដាំប៉ាប៉ារបស់ឯង ហើយទៅសាលាវិញជាមួយខ្ញុំទេ!?»
សារ៉ាដើរសំដៅទៅរកគាត់ ហើយឈរនៅស្ងៀម។ នាងកំពុងគិតដល់ពេលដែលគេប្រាប់នាងថា នាងជាក្មេងដែលមិនមានសាច់ញាតិនៅក្នុងលោកនេះ ហើយកំពុងប្រឈមនឹងគ្រោះថ្នាក់ដែលអាចត្រូវគេឱ្យទៅនៅតាមចិញ្ចើមផ្លូវ នាងកំពុងគិតដល់ពេលរងា ឃ្លានដែលនាងត្រូវនៅឯកោជាមួយ អ៊េមីលី និងម៉េឆាយឌេកនៅក្នុងបន្ទប់ធ្នើរ។ នាងសម្លឹងមុខកញ្ញាមីនជីនចំដោយមិនដាក់មុខចុះ។
«អ្នកគ្រូដឹងថា ហេតុអ្វីទើបខ្ញុំនឹងមិនទៅវិញហើយ អ្នកគ្រូដឹងច្បាស់ណាស់!»
ទឹកមុខរបស់កញ្ញាមីនជីនបង្ហាញពីកំហឹង។
«ឯងនឹងមិនបានជួបមិត្តរបស់ឯងម្ដងទៀតទេ ខ្ញុំនឹងហាមអេមេនហ្គាដ និងឡូទី មិនឱ្យ… »
លោក កាម៉ៃឃើល និយាយកាត់គាត់ដោយសំដីមាំ។
«ខ្ញុំសុំទោស! នាងនឹងជួបអ្នកណាក៏បានដែលនាងចង់ជួប! ឪពុកម្ដាយរបស់មិត្តរួមថ្នាក់របស់កញ្ញា គ្រូវី ទំនងនឹងមិនបដិសេធចំពោះការអញ្ជើញពួកគេមកលេងនៅសួនច្បារមុខផ្ទះទេ! លោក ការីហ្វត់ នឹងគិតពីរឿងនោះ!»
«លោកមិនទាន់បានមើលការខុសត្រូវពិតប្រាកដទេ លោកនឹងដឹងនៅក្នុងពេលឆាប់ៗខាងមុខ! ក្មេងនេះមិនគួរឱ្យទុកចិត្ត ហើយក៏មិនចេះដឹងគុណដែរ!» កញ្ញាមីនជីននិយាយទៅកាន់បុរសឥណ្ឌា ហើយសម្លឹងទៅសារ៉ា ទើបបន្ត៖
«ឥឡូវឯងមានអារម្មណ៍ថា ឯងជាព្រះនាងម្ដងទៀតហើយ?»
សារ៉ាសម្លឹងចុះក្រោមបន្តិច ព្រោះនាងគិតថាចំណូលចិត្តរបស់នាងប្រហែលមិនងាយយល់សម្រាប់អ្នកដែលមិនធ្លាប់ស្គាល់គ្នា សូម្បីតែមនុស្សដែលមានចិត្តល្អ ក៏ពិបាកយល់ដែលនៅពេលដំបូង។
«ខ្ញុំព្យាយាមមិនធ្វើជាមនុស្សផ្សេងទេ សូម្បីពេលដែលខ្ញុំរងា និងឃ្លានបំផុតក៏ដោយ ខ្ញុំមិនព្យាយាមធ្វើទេ!» នាងឆ្លើយដោយសំឡេងស្រាល។
«ឥឡូវមិនចាំបាច់ព្យាយាមទេ!» កញ្ញាមីនជីននិយាយ ពេលដែលរ៉ាម ដាសសំដែងការគោរពពេលជូនគាត់ចេញពីបន្ទប់។
…………………………………………………………
កញ្ញាមីនជីនត្រលប់មកផ្ទះវិញ ហើយឱ្យគេទៅហៅអាម៉េឡាមកភ្លាម។ កញ្ញាអាម៉េឡាស្រក់ទឹកភ្នែកពេលដែលទទួលបានដំណឹង នាងដឹងពីទឹកចិត្តបងស្រីរបស់នាង ពេលដែលបាត់បង់សំណាងដ៏ធំ នាងមិនធ្លាប់និយាយពាក្យនៅក្នុងចិត្តចេញទេ តែពេលនេះនាងត្រូវបង្ខំចិត្ត។
«ខ្ញុំមិនឆ្លាតដូចជាបងទេ បងស្រី! ហើយខ្ញុំតែងតែខ្លាចពេលនិយាយទៅធ្វើឱ្យបងខឹង! ប្រសិនបើខ្ញុំមិនខ្លាចពេក ប្រហែលជានឹងមានរឿងល្អសម្រាប់សាលានិងពួកយើង! ខ្ញុំអាចនិយាយបានថា ប្រសិនបើបងមិនធ្វើធ្ងន់ធ្ងរពេកចំពោះសារ៉ា គ្រូវី ហើយឱ្យនាងស្លៀកពាក់សមរម្យ និងរស់ដោយស្រណុកជាងនោះបន្តិចប្រាកដជាល្អ! ខ្ញុំដឹងថានាងធ្វើការធ្ងន់ពេកសម្រាប់ក្មេងអាយុប្រហែលនាង ហើយខ្ញុំដឹងថានាងបានទទួលទានអាហារតែពាក់កណ្ដាលទេ….»
«ម៉េចក៏ឯងហ៊ាននិយាយបែបនេះ?»កញ្ញាមីនជីនស្រែក។
«ខ្ញុំមិនដឹងថាហេតុអ្វីខ្ញុំហ៊ាននិយាយទេ! ប៉ុន្តែឥឡូវខ្ញុំបានចាប់ផ្ដើមនិយាយទៅហើយ! ខ្ញុំប្រហែលជាត្រូវនិយាយឱ្យចប់! ទោះមានរឿងអ្វីកើតឡើងចំពោះខ្ញុំក៏ដោយ! ក្មេងនោះជាក្មេងឆ្លាត និងជាក្មេងល្អ ហើយនាងនឹងសងបងវិញរាល់ទឹកចិត្តល្អដែលបងធ្វើចំពោះនាង! ប៉ុន្តែបងមិនបានធ្វើល្អចំពោះនាងទេ! ការពិតគឺនាងឆ្លាតពេកសម្រាប់បង ហើយបងតែងតែស្អប់នាង ដោយសារតែហេតុផលនោះ! នាងធ្លាប់មើលយើងទាំងពីរនាក់…»
«អាម៉េឡា!» កញ្ញាមីនជីនស្រែក ហើយទឹកមុខនាងហាក់ដូចជាចង់មួលស្លឹកត្រចៀក និងទាត់នាងចេញពីបន្ទប់ ដូចដែលគាត់ធ្លាប់ធ្វើដាក់ចំពោះប៊េកគី។
ប៉ុន្តែការខកចិត្តរបស់កញ្ញាអាម៉េឡាបានធ្វើឱ្យនាងមិនខ្វល់ពីអ្វីដែលនឹងកើតឡើងនៅពេលបន្ទាប់នេះ។
«នាងដឹង នាងពិតជាដឹង! នាងសម្លឹងមើលយើងទាំងពីរនាក់! នាងដឹងថាបងជាមនុស្សមានចិត្តមិនល្អ ជាស្ត្រីនិយាយច្រើន ហើយខ្ញុំជាមនុស្សល្ងង់និងទន់ខ្សោយ ហើយដឹងថាយើងទាំងពីរមិនគិតអ្វីក្រៅពីសម្លឹងឃើញលុយរបស់នាង ហើយធ្វើអាក្រក់ចំពោះនាង ពេលដែលនាងគ្មានលុយមួយផេន្នី ទោះជានាងធ្វើចិត្តដូចជាព្រះនាង សូម្បីតែពេលនាងធ្លាក់ខ្លួនដូចជាអ្នកសុំទាន! នាងពិតជាដូច…គឺដូចព្រះនាង!» នាងនិយាយហើយ សើចផងយំផង ដើរទៅមុខមកក្រោយ ធ្វើឱ្យកញ្ញាមីនជីនសម្លឹងនាងដោយស្រឡាំងកាំង។
…………………………..
ល្ងាចនោះ ក្មេងៗជួបជុំគ្នានៅមុខចង្ក្រានដើម្បីអាំងភ្លើងនៅក្នុងបន្ទប់រៀនដែលជាទម្លាប់មុនពួកគេចូលគេង អេមេនហ្គាដដើរចូលមកដោយមានសំបុត្រមួយនៅក្នុងដៃជាមួយនឹងទឹកមុខរំភើប។
«មានរឿងអី?» សិស្សពីរបីនាក់សួរព្រមគ្នា។
«តើមានពាក់ព័ន្ធនឹងការឈ្លោះគ្នាកាលពីរសៀលទេ? មានការឈ្លោះគ្នានៅក្នុងបន្ទប់របស់កញ្ញា មីនជីន ហើយកញ្ញាអាម៉េឡាមិនបាននៅដល់យប់ទេ ពេលនេះគាត់ចូលគេងបាត់ហើយ»! ឡាវីនីសួរដោយអន្ទះសា។
អេមេនហ្គាដឆ្លើយនឹងពួកគេយឺតៗ ហាក់ដូចជាគាំងពាក់កណ្ដាល។
«ខ្ញុំទើបតែទទួលបានសំបុត្រពីសារ៉ា!» នាងទាញសំបុត្រមកបង្ហាញឱ្យពួកគេឃើញសំបុត្រដែលសរសេរយ៉ាងវែង។
«ពី សារ៉ា!??» គ្រប់គ្នាលាន់មាត់។
«នាងនៅឯណា?» ជេស៊ីភ្លាត់មាត់។
«នៅជាប់នេះ ជាមួយបុរសឥណ្ឌា!» អេមេនហ្គាដនៅតែនិយាយយឺតៗ។
«ឯណា? ឯណា? នាងត្រូវគេយកចេញមែនទេ? តើកញ្ញាមីនជីនដឹងទេ? តើគាត់ឈ្លោះគ្នាពីរឿងនេះមែនទេ? ហេតុអ្វីនាងសរសេរសំបុត្រមក? ប្រាប់ពួកយើងមក! និយាយទៅ!”»
«មានរ៉ែពេជ្រ…មាន! ទាំងនោះគឺជារឿងពិត មានការយល់ច្រឡំពីរឿងរ៉ែពេជ្រ ដោយសារមានរឿងកើតឡើងមួយរយៈ ហើយលោក ការីហ្វត់ គិតថាពួកគេត្រូវខាតបង់!» អេមេនហ្គាដឆ្លើយ។
«លោក ការីហ្វត់ ជាអ្នកណា?» ជេស៊ីស្រែក។
«គឺបុរសឥណ្ឌា! ហើយកាពីទែន គ្រូវី ក៏គិតដូច្នោះដែរ ទើបគាត់ឈឺស្លាប់ ចំណែកលោក ការីហ្វត់ មានជំងឺខួរក្បាលក៏រត់គេចបាត់ ហើយគាត់ស្ទើរតែស្លាប់ដូចគ្នា! ហើយគាត់មិនដឹងថា សារ៉ានៅឯណាទេ! ហើយក្រោយមក គេដឹងថាមានពេជ្ររាប់លាននៅក្នុងអណ្ដូងរ៉ែ ហើយពាក់កណ្ដាលនៃពេជ្រទាំងនោះគឺជារបស់សារ៉ា ហើយពេជ្រនោះជារបស់នាង នៅពេលដែលនាងនៅលើធ្នើរជាមួយម៉េឆាយឌេកដែលជាមិត្តរបស់នាង ហើយចុងភៅប្រើនាងឆ្វេងស្ដាំ! ហើយលោក ការីហ្វត់ រកនាងឃើញនៅរសៀលនេះ ហើយគាត់បានទុកនាងនៅផ្ទះរបស់គាត់ ហើយនាងនឹងមិនមកទីនេះវិញទេ ហើយនាងនឹងក្លាយជាអ្វីដែលលើសពីព្រះនាងដែលនាងធ្លាប់មានពីមុនរាប់រយពាន់ដង! ហើយខ្ញុំនឹងជួបនាងនៅរសៀលថ្ងៃស្អែក នៅទីនោះ!”»
សូម្បីតែកញ្ញាមីនជីនក៏ពិបាកទ្រាំនឹងសំឡេងអ៊ូអរនៅក្នុងថ្នាក់រៀនដែរ ហើយទោះបីគាត់ឮសំឡេងខ្លាំងយ៉ាងណា ក៏គាត់មិនព្យាយាមចេញមករកពួកគេដែរ។ អារម្មណ៍គាត់មិនអាចប្រឈមនឹងអ្វីផ្សេងច្រើនទៀត ក្រៅពីបញ្ហានៅក្នុងបន្ទប់របស់គាត់ទេ ខណៈដែលកញ្ញាអាម៉េឡាកំពុងយំនៅនុងបន្ទប់ព្រោះគាត់ដឹងថា ព័ត៌មាននេះនឹងលេចឮចេញទៅក្រៅមិនខាន ហើយអ្នកបម្រើនិងក្មេងៗទាំងអស់ប្រាកដជាទៅជជែកគ្នានៅក្នុងបន្ទប់គេងបន្តទៀត។
ដូច្នេះហើយ យប់នោះរហូតដល់ពាក់កណ្ដាលអាធ្រាត្រនៅក្នុងសាលា គេឃើញថាវិន័យត្រូវបានបំពាន ក្មេងជាច្រើននៅរោមជុំវិញអេមេនហ្គាដនៅក្នុងបន្ទប់រៀន ហើយស្ដាប់នាងអានសំបុត្រនោះម្ដងហើយម្ដងទៀត សំបុត្រដែលមានសរសេររៀបរាប់រឿងដ៏អស្ចារ្យហាក់ដូចជារឿងដែលសារ៉ាបានប្រឌិតឡើងដោយខ្លួននាងផ្ទាល់ ហើយរឿងបានកើតឡើងលើរូបនាង និងមានបុរសឥណ្ឌាដែលជាវេទមន្តនៅផ្ទះជាប់សាលា។
ប៊េកគីដែលបានស្ដាប់គេសំបុត្រនោះដែរ បានឡើងទៅបន្ទប់ធ្នើររបស់នាងលឿនជាងសព្វមួយដង។ នាងចង់ចេញពីមនុស្សម្នាដើម្បីទៅលួចមើលបន្ទប់វេទមន្តតូចនោះម្ដងទៀត។ នាងមិនដឹងថានឹងមានរឿងអ្វីកើតឡើងចំពោះបន្ទប់នោះទេ។ មើលទៅរបស់ទាំងនោះមិនទំនងជាត្រូវបានគេទុកឱ្យកញ្ញាមីនជីនទេ។ របស់ទាំងអស់នឹងត្រូវគេយកចេញ ហើយក្លាយទៅជាបន្ទប់ទទេវិញ។ ប្រាកជាគ្មានភ្លើងក្នុងចង្ក្រាន អាហារពេលល្ងាច និងព្រះនាងអង្គុយអាន និងនិទានរឿងប្រាប់នាងទៀតទេ។
នាងយំខ្សឹកខ្សួលពេលនាងរុញទ្វារបើក បន្ទាប់មក នាងក៏បន្លឺសំឡេងយំតិចៗ។
ពន្លឺចាំងនៅក្នុងបន្ទប់ ភ្លើងឆេះនៅក្នុងចង្ក្រាន អាហារពេលយប់ត្រូវបានគេរៀបចំជាស្រេច ហើយ រ៉ាម ដាសនៅឈរក្នុងបន្ទប់ញញឹមមកកាន់នាង។
«អ្នកនាងម្ចាស់នៅចាំបាន! គាត់ចង់ឱ្យនាងបានដឹងពីសំណាងដែលបានធ្លាក់មកលើគាត់! សំបុត្រនៅលើកូនថាស គឺគាត់ជាអ្នកសរសេរ! គាត់មិនចង់ឱ្យនាងចូលគេងដោយមិនសប្បាយចិត្តទេ! លោកម្ចាស់បញ្ជាឱ្យនាងទៅជួបគាត់នៅថ្ងៃស្អែក! នាងនឹងត្រូវធ្វើជាភ្ញៀវទៅជួបអ្នកនាងម្ចាស់! យប់នេះ ខ្ញុំត្រូវយករបស់ទាំងអស់ត្រលប់ទៅវិញ!»
និយាយជាមួយនាងរួចហើយ គាត់ក៏ឡើងទៅវិញតាមកញ្ចក់បំភ្លឺដំបូលដោយស្ងាត់ស្ងៀមដែលធ្វើឱ្យប៊េកគីដឹងថា គាត់បានរៀបចំរបស់ទាំងអស់នេះបានដោយងាយបែបណា។
…………………………….
អ្នកគ្រប់គ្នានៅក្នុងគ្រួសារធំពិតជារីករាយដោយបានជួបនឹងសមាជិកថ្មីគឺ ក្មេងស្រីតូចមិនមែនអ្នកសុំទាន គ្រប់គ្នាស្ដាប់រឿងរ៉ាវដែលបានកើតឡើងចំពោះនាង ហើយឱ្យនាងនិយាយហើយនិយាយទៀត។ សារ៉ារៀបរាប់ពីការរាប់អានសត្វចាប ការយកចំណីទៅផ្ញើម៉េឆាយឌេក ពេលនាងនិយាយចប់ហើយ នាងដាក់ដៃរបស់នាងលើជង្គង់របស់បុរសឥណ្ឌា។
«នោះជារឿងរបស់ខ្ញុំ! ឥឡូវពូមិនប្រាប់ខ្ញុំពីរឿងរបស់ពូទេឬ ពូថម? ខ្ញុំមិនទាន់បានដឹងពីរឿងរបស់ពូទេ! រឿងរបស់ពូប្រាកដជាអស្ចារ្យហើយ!» គាត់បានប្រាប់ឱ្យនាងហៅគាត់ថា ពូថម។
ដូច្នេះ គាត់ក៏និយាយប្រាប់ពួកគេពេលដែលគាត់អង្គុយឯកោ ឈឺ និងខឹងសម្បារ ខណៈដែល រ៉ាម ដាសព្យាយាមធ្វើឱ្យគាត់ឈប់គិតដល់រឿងនៅអតីតកាល។ ហើយនិងរឿងដែលរ៉ាម ដាស បានជួបក្មេងស្រីដែលនៅបន្ទប់ធ្នើរជាប់ផ្ទះ ហើយបានរៀបចំជាគម្រោងមួយដើម្បីជួយនាងដោយសម្ងាត់ និងដើម្បីធ្វើឱ្យគាត់បានសប្បាយចិត្តខ្លះ។ ស្ដាប់រឿងសព្វគ្រប់ហើយ សារ៉ាពោល៖
«ខ្ញុំសប្បាយចិត្តណាស់! ខ្ញុំពិតជាសប្បាយចិត្តណាស់ គឺពូជាមិត្តរបស់ខ្ញុំ!»
អ្នកទាំងពីរបានក្លាយជាអ្នករួមរស់ក្រោមដំបូលតែមួយដ៏ស័ក្ដិសមបំផុត បុរសឥណ្ឌាមិនធ្លាប់មានមនុស្សស្និទ្ធស្នាលនឹងគាត់បែបនេះទេពីមុនមក ក្នុងរយៈពេលមួយខែ គាត់បានក្លាយជាលោក ការីហ្វត់ ដែលខិតខំរកទ្រព្យកាលពីមុន។
សមាជិកគ្រួសារធំ ឬអេមេនហ្គាត និងឡូទី ធ្លាប់មកជួបជុំនៅក្នុងសួនមុខផ្ទះជាមួយសារ៉ា ដើម្បីរីករាយនឹងការជជែកកម្សាន្ត ប៉ុន្តែពេលដែលសារ៉ានិងបុរសឥណ្ឌាអង្គុយតែពីរនាក់នៅមុខចង្ក្រានកម្ដៅជជែក និងអានសៀវភៅ ពួកគេរីករាយក្នុងរូបភាពផ្សេងហាក់ដូចជាពេលវេលារបស់សារ៉ានិងកាពីទែន គ្រូវី បានត្រលប់មកវិញ។
នៅល្ងាចមួយ លោក ការីហ្វត់ កំពុងមើលសៀវភៅរបស់គាត់ក៏កត់សម្គាល់ឃើញអ្នករួមដំបូលរបស់គាត់កំពុងអង្គុយដកដង្ហើមធំមុខភ្លើងចង្ក្រាន។
«ក្មួយកំពុងគិតអ្វី សារ៉ា?» គាត់សួរ។
«ខ្ញុំកំពុងគិតដល់ថ្ងៃដែលឃ្លានបំផុត ហើយខ្ញុំឃើញក្មេងស្រីម្នាក់!»
«ប៉ុន្តែមានថ្ងៃជាច្រើនដែលក្មួយឃ្លាន តើក្មួយចង់និយាយពីថ្ងៃឃ្លានមួយណា?» គាត់និយាយដោយសំឡេងស្រាល។
បន្ទាប់មក នាងក៏និយាយប្រាប់គាត់ពីរឿងហាងនំដុត និងកាក់៤ផេន្នីដែលនាងរើសបានពីភក់ ហើយនិងក្មេងស្រីដែលឃ្លានជាងនាង។ នាងនិយាយមិនវែងទេ ប៉ុន្តែបានធ្វើឱ្យបុរសឥណ្ឌាឈ្ងោកមុខសម្លឹងកម្រាលព្រំ។
«ហើយខ្ញុំគិតដល់គម្រោងមួយ ខ្ញុំគិតថាខ្ញុំគួរតែធ្វើអ្វីម្យ៉ាង!» សារ៉ាបន្ត។
«គម្រោងអ្វីទៅ? ក្មួយអាចធ្វើគ្រប់យ៉ាងដែលក្មួយចង់ធ្វើ ព្រះនាងតូច!» លោក ការីហ្វត់ និយាយតិចៗ។
«ខ្ញុំមិនដឹងថា…» នាងស្ទាក់ស្ទើរបន្តិច ទើបបន្ត៖
«ពូថា ខ្ញុំមានលុយច្រើនណាស់! ខ្ញុំមិនដឹងថា ខ្ញុំអាចទៅជួបស្ត្រីលក់នំដុតនោះ ហើយប្រាប់គាត់ថាពេលដែលគាត់ឃើញក្មេងៗនៅក្នុងថ្ងៃដែលលំបាកបែបនោះ ហើយទៅអង្គុយនៅកាំជណ្ដើរ ឬសម្លឹងទៅបង្អួចរបស់គាត់ គាត់នឹងហៅពួកគេឱ្យទៅយករបស់ញ៉ាំ រួចផ្ញើវិក្កយបត្រមកខ្ញុំបានឬអត់ តើខ្ញុំអាចធ្វើបែបនោះបានទេ?»
«ក្មួយអាចធ្វើបាននៅព្រឹកស្អែក!» បុរសឥណ្ឌានិយាយ។
«អរគុណពូ! ពូដឹងទេខ្ញុំដឹងថា ការអត់ឃ្លានមានសភាពបែបណា?!»
«ត្រូវហើយ! ត្រូវហើយក្មួយសម្លាញ់! ក្មួយប្រាកដជាដឹង! ព្យាយាមបំភ្លេចរឿងនោះទៅ មកអង្គុយលើជើងតាំងក្បែរពូមក ហើយចាំថាក្មួយជាព្រះនាងទៅបានហើយ!»
«ត្រូវហើយ! ហើយខ្ញុំអាចឱ្យនំដុតនិងនំប៉័ងទៅអ្នកអត់ឃ្លានបាន!» សារ៉ានិយាយជាមួយនឹងស្នាមញញឹម។
…………………………………..
ព្រឹកឡើង កញ្ញាមីនជីន សម្លឹងតាមបង្អួចរបស់គាត់មក បានឃើញអ្វីដែលប្រហែលជាធ្វើឱ្យគាត់មិនសប្បាយចិត្ត។ រទេះរបស់បុរសឥណ្ឌាឈប់នៅមុខទ្វារជាប់សាលារបស់គាត់ ហើយម្ចាស់រទេះនិងក្មេងស្រីតូចក្នុងសំលៀកបំពាក់អភិជនដើរមកឡើងរទេះ។ ក្មេងស្រីតូចបានធ្វើឱ្យគាត់នឹងឃើញដល់ពេលវេលាដែលកន្លងទៅ ហើយក្មេងស្រីតូចម្នាក់ទៀតដើមតាមក្រោយធ្វើឱ្យគាត់មានអារម្មណ៍ខឹងសម្បារ នោះគឺប៊េកគីដែលមើលទៅមានទឹកមុខសប្បាយរីករាយ ក្នុងតួនាទីជាអ្នកបម្រើដែលតែងតែទៅណាមកណាជាមួយព្រះនាងតូច។
បន្តិចក្រោយមក រទេះបានមកដល់មុខទ្វារហាងនំដុត ហើយម្ចាស់ហាងបានចេញមកក្រៅ គាត់ដាក់ថាសនំចូលទៅក្នុងតាមបង្អួច។
ពេលដែលសារ៉ាចូលទៅក្នុងហាង គាត់ងាកមកមើលនាង ហើយដើរមកឈរនៅពីក្រោយបញ្ជរ។ គាត់សម្លឹងសារ៉ាយ៉ាងយកចិត្តទុកដាក់ បន្តិចក្រោយមក ទឹកមុខដែលមានទឹកចិត្តល្អពីធម្មជាតិរបស់គាត់បានបង្ហាញពីក្ដីរីករាយ។
«ខ្ញុំជឿជាក់ថាខ្ញុំនៅចាំអ្នកនាងបាន ហើយ….!» គាត់និយាយ។
«ត្រូវហើយ! ពេលនោះអ្នកស្រីឱ្យនំខ្ញុំ៦សម្រាប់លុយ៤ផេន្នី ហើយ…»
«ហើយអ្នកនាងឱ្យនំ៥ទៅក្មេងសុំទាន ខ្ញុំតែងតែចងចាំរឿងនោះ!» និយាយហើយ គាត់ងាកទៅរកបុរសឥណ្ឌា៖
«ខ្ញុំសុំទោសលោក! ប៉ុន្តែមិនមានក្មេងច្រើនទេដែលយកចិត្តទុកដាក់នឹងអ្នកដែលមានទឹកមុខអត់ឃ្លានបែបនោះ ហើយខ្ញុំបានគិតដល់រឿងនោះជាច្រើនលើក!»
ហើយគាត់ងាកមកនិយាយជាមួយ សារ៉ាវិញ៖
«សុំទោសអ្នកនាង ប៉ុន្តែអ្នកនាងមានទឹកមុខស្រស់ថ្លា និងរូបរាងប្រសើរជាង….»
«ខ្ញុំបានប្រសើរហើយ អរគុណ! ហើយខ្ញុំសប្បាយចិត្តជាងពេលនោះជាខ្លាំង ខ្ញុំមកដើម្បីសូមអ្នកស្រីជួយធ្វើរឿងមួយដល់ខ្ញុំ!»
«ខ្ញុំមែនទេអ្នកនាង? បានអ្នកនាង! តើខ្ញុំអាចធ្វើអ្វីបាន?»
ហើយសារ៉ាបានលើកយកសំណើរបស់នាងមក ដោយរំឭកដល់ថ្ងៃដែលលំបាក អត់ឃ្លាន និងនំដុតក្ដៅៗ។
ស្ត្រីម្ចាស់ហាងសម្លឹងមើលនាង និងស្ដាប់ដោយទឹកមុខភ្ញាក់ផ្អើល។
«ជាសំណាងរបស់ខ្ញុំ! ខ្ញុំរីករាយនឹងធ្វើកិច្ចការនេះ! ខ្ញុំខ្លួនឯងជាស្ត្រីធ្វើការ ហើយមិនអាចធ្វើរឿងបែបនោះច្រើនដោយខ្លួនឯងទេ ហើយទិដ្ឋភាពគួរឱ្យអាណិតបែបនោះកើតឡើងគ្រប់កន្លែង ប៉ុន្តែប្រសិនបើអ្នកនាងមិនប្រកាន់ទេ ខ្ញុំហ៊ាននិយាយថា ខ្ញុំបានឱ្យនំប៉័ងជាទានជាច្រើនលើកចាប់តាំងពីរសៀលដែលទទឹកជោកជាំនោះមក គឺជាមួយនឹងការគិតដល់អ្នកនាង សភាពដែលអ្នកនាងទទឹក រូបរាងឃ្លានរបស់អ្នកនាង ប៉ុន្តែអ្នកនាងនៅអាចឱ្យនំដុតទាំងនោះទៅគេបាន ហាក់ដូចជាអ្នកនាងជាព្រះនាង!»
បុរសឥណ្ឌាទ្រាំញញឹមមិនបាន ហើយសារ៉ាក៏ញញឹមបន្តិចដែរ ដោយនាងចាំដល់អ្វីដែលនាងនិយាយនឹងខ្លួនឯង ពេលនាងដាក់នំដុតលើភ្លៅក្មេងកម្សត់នោះ នាងក៏ពោល៖
«នាងមើលទៅឃ្លានខ្លាំង ពេលនោះនាងឃ្លានជាងខ្ញុំទៅទៀត!» នាងនិយាយ។
«នាងឃ្លានស្ទើរដាច់ពោះ នាងធ្លាប់ប្រាប់ខ្ញុំជាច្រើនលើក ចាប់តាំងពីពេលនោះមកថាពេលដែលនាងអង្គុយទទឹកជោកនៅទីនោះ នាងមានអារម្មណ៍ថាហាក់ដូចជាមានចចកកំពុងខាំហែកនាងនៅក្នុងពោះ!» ស្ត្រីម្ចាស់ហាងនិយាយ។
«អូ! អ្នកស្រីធ្លាប់ជួបគេទេពីពេលនោះមក? អ្នកស្រីដឹងថាគេនៅឯណាទេ?» សារ៉ាបន្លឺ។
«ចាស! ខ្ញុំដឹង!» ស្ត្រីម្ចាស់ហាងឆ្លើយជាមួយនឹងស្នាមញញឹមដោយធម្មជាតិប្រកបដោយក្ដីរីករាយជាងមុន។ គាត់ដើរទៅមាត់ទ្វារតូចនៅខាងក្រោយ ហើយនិយាយ ហើយបន្តិចក្រោយមក ក្មេងស្រីម្នាក់បានចេញមកតាមពីក្រោយគាត់។
ជាការពិតណាស់ នោះគឺក្មេងស្រីសុំទាននោះហើយ នាងមានរូបរាងស្អាតបាត មានសំលៀកបំពាក់មិនដាច់ដាច ហើយមើលទៅទឹកមុខរបស់នាងមិនរងការអត់ឃ្លានជាយូរមកហើយ។ នាងហាក់ដូចជាខ្មាសអៀន នាងឃើញសារ៉ាភ្លាមក៏ស្គាល់ភ្លាម ហើយនាងឈរសម្លឹងសារ៉ាមិនព្រមដកភ្នែក។
«អ្នកនាងដឹងទេ! ខ្ញុំបានប្រាប់នាងថា ពេលណានាងឃ្លានឱ្យនាងមកទីនេះ ហើយខ្ញុំបានឱ្យការងារខ្លះទៅនាងធ្វើ ហើយខ្ញុំដឹងថានាងមានចិត្តចង់ធ្វើ ម្យ៉ាងខ្ញុំចាប់ផ្ដើមចូលចិត្តនាង ហើយនៅទីបំផុតខ្ញុំបានផ្ដល់ជម្រកដល់នាង ហើយនាងជួយការងារខ្ញុំ និងមានចរិតល្អ ហើយជាក្មេងដែលចេះដឹងគុណ! នាងឈ្មោះ អាន! នាងគ្មានសាច់ញាតិទេ!» ស្ត្រីម្ចាស់ហាងរៀបរាប់។
ក្មេងទាំងពីរឈរមើលមុខគ្នាបន្តិច ទើបសារ៉ានិយាយទៅកាន់នាង៖
«ខ្ញុំសប្បាយចិត្តណាស់ ហើយខ្ញុំទើបតែគិតដល់រឿងមួយ ប្រហែលលោក ប្រោន នឹងដឹកនាំឯងពេលចែកនំដុត និងនំប៉័ងដល់ក្មេងៗ! ឯងអាចនឹងចូលចិត្តធ្វើកិច្ចការនេះ ព្រោះឯងដឹងថាឃ្លានគឺមានសភាពបែបណា!»
«ចាស៎ អ្នកនាង!» ក្មេងស្រីនិយាយ។
យ៉ាងណា សារ៉ាមានអារម្មណ៍ថា ក្មេងស្រីនោះយល់ពីអ្វីដែលនាងចង់ធ្វើ ទោះបីជានាងនិយាយតែបន្តិចយ៉ាងនេះក៏ដោយ ហើយតាមសម្លឹងនាង គឺតាមសម្លឹងរហូតពេលដែលសារ៉ាដើរចេញពីហាងជាមួយនឹងបុរសឥណ្ឌា ហើយឡើងរទេះចេញទៅ៕
ចប់ដោយបរិបូណ៌