វគ្គទី២១ ឥន្ទប្បដិមា នរាធិបតិន្ទនៅឯណា?
រាត្រីបានឈានចូលមកដល់….
ពិធីលៀងសាយភោជនទទួលក្រុមអ្នកដំណើរមកពីឆ្ងាយដាច់សង្វែង បានចាប់ផ្ដើមឡើងនៅក្នុង បន្ទប់ធំដដែល គ្រាន់តែគ្រឿងសង្ហារិមមិនត្រូវបានប្រើទេ ដោយមានព្រំពណ៌លឿងចាស់ក្រាលជំនួស។
ក្លិនឆ្ងៀមសាច់ចៀមអាំងបានគ្របដណ្ដប់ពីលើក្លិនខ្លឹមឈើ និងផ្កាវីយ៉ូលែត។
ភ្ញៀវទាំងឡាយនៅទ្រឹងចំពោះមុខអាហារដែលពិសេសបំផុតសម្រាប់កុលសម្ព័ន្ធអាសាដ។ មិនត្រឹមតែភ្លេចនឹកឃើញរឿងនឿយហត់ និងស្រេកឃ្លានទេ ប៉ុន្តែការចង់ដឹងពីអាថ៌កំបាំងរបស់ស្ត្រីជាម្ចាស់ពិធី និងដំណើរការបង្ហាញឥន្ទប្បដិមា ទើបជារឿងដែលពួកគេទន្ទឹងរង់ចាំ។
ម្នាក់ៗផ្ដោតភ្នែកទៅរកនារីតូចច្រឡឹងមានអំណាច ដែលអង្គុយលើកម្រាលព្រំពិសេសមួយអមដោយនារី៤នាក់ចាំផ្គាប់បម្រើ។ គ្មានអ្នកណាម្នាក់ដែលមិនស្រមៃចង់ឃើញផ្ទៃមុខពិតប្រាកដរបស់នាងដែលលាក់ពីក្រោមស្បៃបង្កប់ដោយត្បូងចរណៃនោះទេ។
ស្ត្រីនោះលើកដៃទះបីដង បន្ទាប់មកលោករ៉ាទូក៏បានលត់ជង្គង់ឡើងដើម្បីឲ្យខ្ពស់ជាងគេបន្តិចហើយនិយាយថា ៖
-ពិធីលៀងអាហារចាប់ផ្ដើមហើយ! អេឡាមានសេចក្ដីរំភើបដែលបានជួបពួកអ្នកក្នុងយប់នេះ ពិសេសគឺមិត្តចាស់របស់នាង! សូមមា្នក់ៗលើកកែវឡើងដើម្បីអបអរសាទរដល់ពួកគេ!
ដែលភ្ញៀវគ្រប់គ្នាទៅជាង៉េមង៉ាមមិនមែនដោយសារភាសាអង់គ្លេសរបស់ជននោះរដាក់រដុបទេ ប៉ុន្តែគឺមកពីពាក្យ “មិត្តចាស់” ដែលធ្វើឲ្យគេនាំគ្នារេភ្នែកសម្លឹងជុំវិញខ្លួន។
កេតឌីម៉ាសម្លឹងទៅរកបុរសម្ចាស់ចិត្តដែលនៅក្បែរអង្គរក្សវឿន និងគង់។ សម្លៀកបំពាក់គេបង្ហាញថាគេបានងូតទឹកសម្អាតកាយ និងដោះដូរត្រៀមខ្លួនល្អប្រសើរក្នុងការចូលរួមពិធីយប់នេះ បានន័យថាគេមិនមានភ័យព្រួយ ឬសង្ស័យអ្វីទាំងអស់ចំពោះក្រុមកុលសម្ព័ន្ធអាសាដ ផ្ទុយស្រឡះពីពាក្យដែលលំអងបានតំណាលប្រាប់នាងកាលពីព្រឹក។
នាងសម្លឹងទៅបបូរមាត់នាយដែលតែងតែមានស្នាមញញឹម និងស្រស់ស្រាយ ទោះបីនេះជាដំណើរដ៏ហត់នឿយហើយមុខរបួសលើខ្នងគេមិនទាន់សះ១០០%ក៏ដោយ។
ពន្លឺភ្នែកគេដែលផ្ដោតទៅរកនារីកូនស្រីមេកុលសម្ព័ន្ធបានធ្វើឲ្យនាងនឹកចម្លែកក្នុងចិត្ត។
“ម៉េចក៏ពន្លឺភ្នែកគេដូចជាផ្អែមល្ហែមហើយស្គាល់គ្នាជាមួយនារីនោះយូរណាស់មកហើយ? ឬមួយពាក្យថាមិត្តចាស់ដែលលោករ៉ាទូនិយាយអម្បាញ់មិញ គឺសំដៅលើពីរនាក់គេ?”។
នាងដៀងភ្នែកទៅរកស្ត្រីនោះសាជាថ្មី ចំពេលដែលនារីកុលសម្ព័ន្ធលើកដៃបម្រុងដោះស្បៃមុខចេញ។ កេតឌីម៉ាបើកភ្នែកធំៗដោយភ្ញាក់ផ្អើល តែភ្លាមនោះនាងក៏ដឹងដែរថា តាមពិតនារីនោះមិនអាចលៀងភ្ញៀវ ហើយខ្លួនឯងមិនដោះស្បៃមុខនោះទេ។
ស្រីស្អាតកម្ពុជាគិតផងអរផង ព្រោះតាមពិតនាងក៏ដូចប្រុសៗទំាងនោះដែរ គឺចង់ឃើញមុខនារីដែលលោករ៉ាទូកោតគោរពនោះជាខ្លាំង។ ប៉ុន្តែនៅពេលដែលស្បៃនោះត្រូវដោះចោលចេញ នារីបង្ហាញម៉ូតទៅជាស្រឡាំងកាំង ព្រោះរូបសម្ផស្សរបស់កូនស្រីកុលសម្ព័ន្ធស្រស់ត្រកាលត្រកុំជាងអស់នារីទាំងឡាយដែលខ្លួនធ្លាប់បានឃើញ។ នាងមានថ្ងាសសហ្មត់ឥតហ្មង ថ្ពាល់នាងក្រហមរលោងដូចផ្លែមាក់ប្រាង បបូរមាត់រាងដូចបេះដូងហើយក្រហមព្រឿងៗដូចជាផ្កាកុលាប ពន្លឺភ្នែកស្រឹមស្រទន់ចិញ្ចើមទាំងគូខ្ទង់សមនឹងលំអអលង្ការគ្របក្រាលលើថ្ងាសនាង។
សូម្បីតែកេតឌីម៉ាក៏មានអារម្មណ៍ចុះចាញ់និមិត្តតែឃើញផ្ទៃមុខទ្រវែងពេញណែនរបស់នារីព្រៃភ្នំ កុំថាឡើយពួកបុរសដទៃដែលបែរទៅជាចំហមាត់ធ្លុងចោលកែវស្រាដែលត្រូវបានលើកយកមកដាក់ពីមុខខ្លួន។
រាជិនីនៃកុលសម្ព័ន្ធអាសាដញញឹម មុនពេលងើបមុខហើយប្រើពន្លឺភ្នែករបស់នាងទាក់ទាញក្រសែភ្នែកបុរសទាំងឡាយនៅទីនេះ បន្ទាប់មកងាកទៅរកអភិជនកម្ពុជា។
រាមនរិន្ទផ្ដោតភ្នែកទៅលើផ្ទៃមុខនារីតូចទ្រនាប់។ ទោះបីជានាងមិនបានទម្លាក់សក់ចេញមកក៏រូបសម្រស់នោះមិនខុសពីពេលប្រមាណ៨ឆ្នាំមុនដែលអ្នកបានជួបនាងនៅក្រុងMelbourne ប្រទេសអូស្ត្រាលីនោះដែរ។
អ្នកប្រុសនឹកឃើញដល់ព្រលឹមមួយដែលផ្សែងអព្ភធ្លាក់ក្រាស់ឃ្មឹក ហើយរថយន្តក្រុងបានចាកចេញ១ដង្ហើមមុនពេលអ្នកបានមកដល់ចំណតឡាន។ ក្នុងភាពប្រញាប់ប្រញាល់គេចាំបាច់ត្រូវតែរត់ទៅតាម ប៉ុន្តែនៅក្បែរនោះគេក៏បានប្រទះឃើញនារីរាងតូចច្រឡឹងម្នាក់ទៀតមកដល់យឺតដំណាលគ្នា។ បើពឹងផ្អែកលើជំហានជើងវែងៗរបស់នាយ រាមនរិន្ទដឹងថាខ្លួនប្រាកដជាអាចរត់ទាន់ឡាននោះ ប៉ុន្តែនារីដែលមានជំហានខ្លីៗនោះវិញគឺមិនអាចទេ។ នាងប្រាកដជាត្រូវរង់ចាំ៤០នាទីទៀត ទម្រាំនឹងបានឡានទី២មកដល់ ហើយនាងក៏នឹងត្រូវទទួលពិន័យពីការខកម៉ោងរៀនមិនខាន។ ឥតខ្ចីរវល់ច្រើន អ្នកប្រុសកម្ពុជាលូកដៃទៅចាប់កដៃនាងដើម្បីយោងស្រីស្អាតឲ្យរត់មកជាមួយគ្នា ប៉ុន្តែក្នុងគ្រាប្រថុចញ៉ុចនាងមិនត្រឹមតែមិនសប្បាយចិត្តនឹងជំនួយនេះ ប៉ុន្តែបែរជាឱនមកខាំដៃបុរសដែលកំពុងចាប់កដៃខ្លួននោះអស់ទំហឹងធ្វើឲ្យសុភាពបុរសស្រែកអូយទាំងឈឺចុកចាប់ ព្រោះស្នាមនោះមុតរហូតដល់ហូរឈាមរឹមៗ។
នឹកដល់ត្រង់ណេះ គេរេភ្នែកទៅរកបបូរមាត់នាង។ ស្រីស្អាតកុលសម្ព័ន្ធសើចចិញ្ចាចតបមករកអ្នកប្រុសកម្ពុជាបង្ហាញធ្មេញសភ្លឺដូចផ្កាម្លិះ គឺធ្មេញនេះហើយដែលបានខាំដៃអ្នកពេញទំហឹងដោយសារនាងយល់ថាការប៉ះពាល់រវាងបុរសចំពោះនារីក្រមុំ គឺជាការប្រមាថមួយក្នុងសាសនារបស់នាង។
អតីតកាលអណ្ដែតមកវិញក្នុងដួងចិត្តស្រីក្រមុំព្រៃភ្នំដូចគ្នា។ ក្រោយពេលដែលខាំដៃបុរសមាឌធំមាំនោះហើយ អ្នកទាំងពីរបានទទួលលទ្ធផលខកឡានដូចគ្នា និងទទួលពិន័យរត់តុនៅភោជនីយដ្ឋានរបស់សាលារៀននៅថ្ងៃសម្រាកដូចគ្នាទៀត។ នារីសិស្សប្អូនផ្នែកបច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័យ Swinburne ក៏បានស្គាល់សិស្សច្បងស្អាតសង្ហាមកពីប្រទេសកម្ពុជាចាប់ពីពេលនោះមក។ នៅពេលដែលនាងសម្រេចចិត្តសុំទោសនាយ តាមរយៈការលាបថ្នាំឲ្យ និងជួយទៅធ្វើម្ហូប លាងចាននៅApartment នាយ ក្នុងពេលដែលដៃអ្នកប្រុសនៅមានរបួសនោះ គឺស្រីស្អាតដែលចាប់កំណើតក្នុងសហគមន៍ដ៏តឹងរ៉ឹងបានយល់ព្រមផ្ញើបេះដូងទៅក្នុងទ្រូងអភិជនកម្ពុជារួចទៅហើយ គ្រាន់តែនាងមិនដែលនិយាយសារភាពចេញមកតែប៉ុណ្ណោះ។
“រាមនរិន្ទ! លោកជាបុរសដំបូងដែលបានប៉ះពាល់ខ្ញុំ ប្រសិនលោកមិនមកកោះស្មៅលឿងទេ ខ្ញុំក៏មិនយកប្ដីដែរក្នុងជាតិនេះ! ”ស្រីស្អាតគិតក្នុងចិត្តម្នាក់ឯង ទន្ទឹមនឹងពេលគ្រាប់ភ្នែកទាំងបួនវិញត្របាញ់ចូលគ្នាក្រោមភាពទុក្ខព្រួយរបស់អ្នកបង្ហាញម៉ូដក្រៅសង្វៀន។
ស្នាមញញឹម និងពន្លឺភ្នែកពួកគេដែលកំពុងឲ្យគ្នាទៅវិញទៅមកបានធ្វើឲ្យនាងមានអារម្មណ៍ថាហេងហាង និងឯកោ។ នាងងាកទៅម្ខាង ឃើញនាយBirdនិងនាយគង់ដែលអៀនអន់ ប្រឹងលើកកែវស្រាអកក្អឹកបន្លប់ភ្នែក។ កេតឌីម៉ាចាប់ផ្តើមស្លន់ស្លោលែងខ្វល់ពីរឿងតូចចិត្ត បែរជានឹករលឹកទៅដល់សម្ដីលំអងសាជាថ្មី។
“ពុទ្ធោអើយ! ពីរនាក់នោះនៅមិននៅផឹកស្រារបស់គេទៅហើយ! ចុះបើក្នុងនោះមានថ្នាំដូចដែលលំអងថាមែន យើងមិនវរទៅហើយទេ?”
នាងដឹងថារាមនរិន្ទកំពុងលង់សម្រស់ស្រីដែលស្អាតដូចទេពធីតាក្នុងរឿងព្រេងនោះបាត់ទៅហើយ ដូចនេះអ្នកបន្ទាប់ដែលនាងសង្ឃឹមគឺអង្គរក្សឆ្លាតវៃ។ ស្រីកម្សត់ងាកទៅរកនាយវឿនភ្លាម ប៉ុន្តែនាងត្រូវស្រងាកចិត្តវិញព្រោះបុរសខ្ពស់ស្រាវក៏កំពុងសម្លឹងទៅរកនារីទទូរស្បៃនោះដោយឈ្លក់វង្វេងដូចគ្នា។
“ស្អីគេនេះ? សូម្បីតែអង្គរក្សដ៏ចំណានក៏អស់ឫទ្ធិក្រោមសម្រស់នាងទៅហើយអ្ហី? ”កេតឌីម៉ាដណ្ដឹងសួរខ្លួនឯងដោយខកចិត្ត។ រឹតតែវីវរនោះ គឺពេលនេះរាមនរិន្ទបានលើកកែវស្រាឡើងដើម្បីកំដរស្រីស្អាតម្ចាស់ផ្ទះ តបនឹងការលើកកែវឡើងរបស់នាងក្នុងការអញ្ជើញនាយ។
ស្រីស្អាតកម្ពុជាដែលយល់ថាគ្មានអ្វីប្រៀបផ្ទឹមជាមួយរាជិនីព្រៃភ្នំបាននោះ ខំសម្លឹងទៅប្រុសស្នេហ៍ដោយថប់អារម្មណ៍។ តាំងពីព្រឹកមិញមក ពេលគេបានដឹងពីការទាក់ទាមពីមុនរបស់នាង និងពាណិជ្ជករដែកថែប គេបានខឹង និងមិនស្និទ្ធស្នាលជាមួយនាងទៀតទេ។ រហូតមកដល់ពេលនេះ គេបានជួបស្រីស្អាតម្នាក់ គេហាក់ភ្លេចគិតថា នាងត្រដាបត្រដួសមកដល់តំបន់គ្រោះថ្នាក់ទាំងនេះក៏ដើម្បីតែអ្នកណាទៅហើយ។ ទុក្ខព្រួយរបស់នាងនៅតែមានទំហំតូចជាងភាពភ័យខ្លាច។ ចុះបើកែវស្រាដែលគេបម្រុងនឹងផឹកនោះពិតជាមានសារជាតិពុលមែនហើយរាមនរិន្ទត្រូវធ្លាក់ក្នុងកណ្ដាប់ដៃពួកកុលសម្ព័ន្ធ? តើនាងនឹងធ្វើយ៉ាងណា?
ដោយសារគេចរិតទៀងត្រង់ និងមិនឈ្លាសវៃ ស្រីខ្មែរដែលគ្មានគេយកចិត្តទុកដាក់ ប្រញាប់ពោលរារាំងបុរសក្នុងបេះដូង៖
-លោកប្រុសរាម! ក្នុងស្រានោះមានថ្នាំពុល!
កូនប្រុសអ្នកនយោបាយមិនទាន់ដកភ្នែកពីទេពធីតាព្រៃភ្នំទេ គេឃើញនារីនោះប្រែទឹកមុខសន្សឹមៗហើយងាកទៅរកស្រីបង្ហាញម៉ូដដែលបានស្រែកឮៗដោយរន្ធត់អម្បាញ់មិញ។ បុរសហួសចិត្ត។ នាយគិតថា កេតឌីម៉ានៅតែជាកេតឌីម៉ា ល្ងង់ និងមិនយល់កាលៈទេសៈសោះ។
ក្នុងខណៈដែលនាងនៅឡិងឡង់ ព្រោះឃើញម្នាក់ៗចោលភ្នែកមករកនាងដូចផ្ទាំងស៊ីប សំឡេងស្ត្រីតូចច្រឡឹងសួរមកត្រជាក់ស្រិប៖
-នាងជាអ្នកណា?
ស្រីបង្ហាញម៉ូតរកវាចាតបវិញដែរ តែនាងឆ្លើយមិនរួចព្រោះទើបតែពេលនេះដែលនាងចាប់អារម្មណ៍ថានាងក៏មិនដឹងថាខ្លួនឯងជាអ្នកណាដែរ។ នាងងាកមុខទៅរកបុរសដែលកាលពីយប់មិញបានពោលពាក្យសន្យាជាមួយនាងលើដងទន្លេ។ គេក៏កំពុងសម្លឹងមកនាងដូចគ្នា។ បបូរមាត់គេអត់ញញឹមទេ តែពន្លឺភ្នែកគេនៅតែស្លូតបូត និងមានភាពគួរឲ្យគោរព។
គេនិយាយមួយៗដោយសម្លឹងទៅរកម្ចាស់សំនួរវិញ៖
-នាងឈ្មោះកេតឌីម៉ា! នាងដឹកនាំក្រុមបង្ហាញម៉ូដមកកោះបាលី ហើយបន្តមកទីនេះជាមួយក្រុមយើង!
ស្រីមានអំណាចញញឹមស្រស់តម្រង់មករកផ្ទៃមុខស្លេកស្លាំងរបស់ក្រមុំកម្ពុជា។ នារីនោះវ័យឆ្លាតដល់ថ្នាក់មិនបន្តសំនួរទី២មកទេ ទោះបីជាពន្លឺភ្នែកបុរស ស្រីខ្មែរទាំងទ្វេដែលងាករកគ្នា បានបង្ហាញចេញនូវទំនាក់ទំនងភាសាបេះដូងរវាងពួកគេហើយក៏ដោយ។
ប្រការសំខាន់ គឺនាងមិនត្រឹមជាស្រីស្អាតដែលរួមដំណើរមកតាមផ្លូវវែងឆ្ងាយជាមួយរាមនរិន្ទទេ ប៉ុន្តែថែមទាំងហ៊ានខ្វះការគោរពដល់ថ្នាក់សង្ស័យថាក្នុងស្រាមានថ្នាំពុលទៀត?
ក្នុងពេលនារីកុលសម្ព័ន្ធប្រឹងលេបភាពទោមនស្ស រាមនរិន្ទដឹងថាអ្នកក៏ត្រូវតែទ្រាំលេបស្រាមួយកែវនោះដែរទើបអាចកែស្ថានការណ៍បាន។
គេងាកមករកម្ចាស់ស្រីនៃគេហដ្ឋានធំហើយពោលអញ្ជើញនាង៖
-Meddy! Cheer!
បុរសលេបជាតិស្រវឹងក្អឹក ប៉ុន្តែគេត្រូវបើកភ្នែកធំៗព្រោះភេសជ្ជៈនោះក្រអូបឆួល និងមិនមានភាពហាងស្រវឹងសូម្បីតែមួយភាគរយ។ រសជាតិវាផ្អែមឡមៗ ប៉ុន្តែមានក្លិនចាប់មាត់។ អភិជននិយាយដោយញញឹមស្រស់ស្រាយ៖
-ពិសេសមែន!
ស្រីស្អាតកុលសម្ព័ន្ធក្រេបភេសជ្ជៈតាមពីក្រោយ ហើយទើបនិយាយតិចៗបង្អួតថ្ពាល់ខួចជ្រៅរបស់នាង៖
-យើងមិនចាប់ផ្ដើមជាមួយស្រាទេ! នេះជាទឹកផ្ការំចេក មនុស្សនៅកុលសម្ព័ន្ធអាសាដមានវិធីលាយទឹកនេះឲ្យមានក្លិនក្រអូបមុត និងមានរសជាតិឆ្ងាញ់ពិសា! ភេសជ្ជៈនេះទុកទទួលតែភ្ញៀវពិសេសៗតែប៉ុណ្ណោះ។
បុរសកម្ពុជាដឹងថាសម្ដីនាង គឺចង់ឌឺដងដល់វាចាមិនដឹងខុសត្រូវរបស់ស្រីបង្ហាញម៉ូតស្លូតត្រង់ដែលមុននេះមិនចេះទប់ចិត្តបង្អាប់បង្អោនបដិសណ្ឋារកិច្ចរបស់ម្ចាស់ផ្ទះកណ្ដាលចំណោមនោះ។ គេនិយាយមួយៗក្រោមពន្លឺភ្នែកសង្ស័យរបស់កេតឌីម៉ា៖
-សូមទោសMeddy! តាមផ្លូវមកពួកយើងជួបរឿងច្រើនគួរសម ពិសេសនៅភូមិភូវីខាន់! ម្នាក់ៗមាន អារម្មណ៍មិនទាន់ល្អវិញទេ !
ក្នុងពេលទទួលអារម្មណ៍ថាហេតុអ្វីបុរសនេះចេញមុខជួយនិយាយឲ្យស្រីបង្ហាញម៉ូដដល់ម្ល៉ឹង ស្រី ស្អាតញញឹមមកកាន់បុរសសង្ហា នាងវាចាស៊កសៀត៖
-ពួកខ្ញុំនៅក្នុងព្រៃភ្នំ ត្រូវគេគិតខុសបន្តិចបន្តួចក៏មិនអីដែរ!
កូនប្រុសអ្នកតំណាងរាស្ត្រញញឹម តែគេនៅមិនទាន់បានឆ្លើយតបចំពោះវាចាតរុណី ម្ចាស់ផ្ទះនៅឡើយ រវល់តែពិចារណាថាដែលកេតឌីម៉ាច្របូកច្របល់អារម្មណ៍ដល់ថ្នាក់ភ្លាត់ឮមាត់និយាយស្ដីបែបមិនទុកចិត្តម្ចាស់ផ្ទះ តើមកពីនាងអន្ទះសាគិតពីសុវត្ថិភាពរបស់គេមែន ឬនាងអន្ទះសាដោយសារចង់ជួយនាយKenបំផ្លាញផែនការទិញយកវត្ថុបុរាណរបស់ខ្លួន?
អ្នកប្រុសកម្ពុជាចាប់ផ្ដើមគ្រហែមយកសំឡេងដើម្បីនិយាយស្ដារបំបាត់ភាពទោមនស្សរបស់អេឡា៖
-អ្នកទាំងអស់ចាំស្ដាប់! Meddyគឺជាមិត្តចាស់របស់ខ្ញុំ! ពួកយើងស្គាល់គ្នាតាំងពីនៅប្រទេសអូស្ត្រាលី!នាងជាមិត្តដ៏ល្អ ឈឺឆ្អាល និងមានចិត្តស្មោះត្រង់! ពួកយើងមានអនុស្សាវរីយ៍ល្អច្រើនជាមួយគ្នា!ដំណើរមកកាន់កោះស្មៅលឿងលើកនេះ ខ្ញុំទុកថាមានសំណាងណាស់ដែលបានជួបនាង! ទោះបីនាងដូរឈ្មោះទៅជាអេឡា តែក្នុងចិត្តពួកយើងនៅតែជាមិត្ត! យើងកុំបាច់ក្រែងចិត្ត! រឿងថ្នាំពុលអីនោះបំភ្លេចចោលទៅ យើងចេញពីភូមិភូវីខាន់ឆ្ងាយណាស់ហើយ!
គេដៀងភ្នែកទៅរកស្រីស្អាតកម្ពុជាដែលកំពុងសម្លឹងមកខ្លួនពីចម្ងាយភ្លឹះៗ។ ពន្លឺភ្នែករាមនរិន្ទហាក់ចង់ប្រាប់កេតឌីម៉ាថាឲ្យឈប់ធ្វើអីឆ្កួតៗ នឹងចង់ដាស់តឿននាងថានារីម្នាក់នេះល្អស្មោះ ល្មមទុកចិត្តថាគេមិនចេះកលល្បិចដាក់ថ្នាំក្នុងទឹកដូចខ្លួននាងនៅAmandariទេ។
នៅម្ខាងណេះវិញ កេតឌីម៉ាកាន់តែមានអារម្មណ៍ចម្លែក នាងយល់ថាហាក់ដូចជាច្រណែនប្រចណ្ឌនិងតូចចិត្តខ្លាំងឡើងៗ។ នារីនៅទីនេះមានអំណាច មានបរិវារ ចំណែករាមនរិន្ទជាកន្លង់ស្រស់សង្ហាមានទ្រព្យ មានអ្នកហែហម បើនិយាយថាពួកគេមិនសមគ្នាគឺពិតជាកុហកខ្លួនឯងច្បាស់ណាស់។កាន់តែចម្លែកនោះគឺស្ត្រីនោះឈ្មោះអេឡាសោះ ម៉េចក៏ត្រូវរាមនរិន្ទហៅថាMeddy ដូចជាស្និទ្ធស្នាលម្ល៉េះ? គេទើបតែមកប្រាប់ថាស្គាល់គ្នាជាយូរមកហើយ? ចុះបើអញ្ចឹងម៉េចក៏គេមិនដែលនិយាយថាគេមានស្គាល់អ្នកណានៅកោះស្មៅលឿងនេះ?
កេតឌីម៉ាសន្សឹមៗយល់ថានាងមិនស្គាល់ចិត្តប្រុសៗសោះ។ ដូចជានាយKenនាងស្គាល់ច្រើនខែហើយក៏ទើបតែដឹងពីមុខមាត់ពិតរបស់គេ ចំណែករាមនរិន្ទទោះបីរស់នៅស្និទ្ធស្នាលជាមួយគ្នាតែពេលនេះនាងមានអារម្មណ៍ថានាងមិនស្គាល់គេច្បាស់ និងមិនដឹងពីគោលដៅពិតប្រាកដរបស់គេទេ។ នារីឈ្ងោកមុខដោយទោមនស្ស។
ឃើញស្ថានការណ៍ទៅជាមិនអំណោយផលដើម្បីសម្រួលបរិយាកាសមកវិញ លោករ៉ាទូទះដៃផូងៗហើយស្រែកខ្លាំងៗ៖
-យកម្ហូបចេញមក!
ទឹកឃ្មុំលាយគ្រាប់ធញ្ញជាតិ និងសាច់ដុត ត្រូវបានរៀបចេញមកត្រៀបត្រា ទទួលក្រុមអ្នកដំណើរដែលអត់អាហារតាំងពីព្រឹក។ គាប់ជួនម្នាក់ៗគាប់ភ្នែកនឹងសម្រស់ស្រីស្អាត ព្រមទាំងទុកចិត្តថានាងជាមិត្តចាស់របស់ចៅហ្វាយខ្លួនផង ការលៀងសាច់ដុតជាមួយស្រាស្រូវសាលី បានប្រព្រឹត្តទៅដោយសោមនស្ស ដោយមានការជជែកដេញដោលពីប្រពៃណីទំនៀមទម្លាប់របស់អ្នកកុលសម្ព័ន្ធនេះយ៉ាងជក់ចិត្តផង។ ពេលនោះហើយដែលពួកគេដឹងថា នារីដែលជាមិត្តចាស់របស់រាមនរិន្ទនាងមានឈ្មោះពិតថា Meddyដែលជាឈ្មោះដ៏ល្អរបស់ស្រ្តីតាមបែបសាសនា។ នាងបានចេញពីធានីហ្សាកាតាទៅបន្តការសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាននៅប្រទេសអូស្ត្រាលី ទីដែលនាងបានជួបកម្លោះអភិជនកម្ពុជា។ នៅក្រោយថ្ងៃដែលនាងបានខាំដៃនាយ ដោយយល់ថានាយហ៊ានល្មើសវិន័យសាសនាកុលសម្ព័ន្ធអាសាដមកចាប់កាន់ដៃនាងរត់ឡើងរថយន្តក្រុង នាងក៏ចាប់ផ្ដើមស្គាល់ពីបុរសម្នាក់នោះច្រើនជាងមុនថាគេជាកូនទោលមកពីគ្រួសារថ្នាក់ទី១ក្នុងសង្គម ប៉ុន្តែទទួលយកការរស់នៅមិនខុសពីនិស្សិតអាហារូបករណ៍ឡើយ។ គេគ្មានរថយន្តផ្ទាល់ខ្លួនគ្មានអ្នកបម្រើតែរៀនបានពិន្ទុល្អជានិច្ច។ នារីកុលសម្ព័ន្ធ និងបុរសកម្ពុជាបានក្លាយជាមិត្តស្និទ្ធស្នាលដឹងសុខទុក្ខ និងជួយគ្នាជានិច្ចរហូតដល់សកម្មភាពទាំងឡាយដែលរំលឹកមកវិញពីក្នុងអនុស្សាវរីយ៍៨ឆ្នាំមុនរបស់ពួកគេពោរពេញទៅដោយភាពរីករាយ និងផ្អែមល្ហែម។
អេឡាគឺជាឈ្មោះមេដឹកនាំរបស់កុលសម្ព័ន្ធនេះ ដោយសារនាងទទួលភារៈនេះបន្តពីឪពុកដែលបានស្លាប់ទៅ មានន័យថាអ្នកណាក៏ដោយឲ្យតែជាអ្នកដឹកនាំកុលសម្ព័ន្ធ ត្រូវតែទទួលការហៅរបៀបនេះដូចគ្នា ដូច្នេះហើយបានជាកាលពីដំបូងក្រុមអ្នកដំណើរយល់ថានាងមានឈ្មោះអេឡា។
ទោះបីជាយ៉ាងណាឥន្ទប្បដិមានរាធិបតិន្ទមិនត្រូវបានគេលើកយកមកជជែកក្នុងឱកាសនោះឡើយ។
រហូតដល់ពាក់កណ្ដាលយប់ទើបប្រុសៗទាំងនោះបញ្ឈប់ការសោយសុខគ្រឿងស្រវឹងហើយបបួលគ្នាលាម្ចាស់ផ្ទះត្រឡប់ទៅកាន់អាគារសម្រាកវិញ។
កេតឌីម៉ាក៏ត្រូវបានក្រុមស្ត្រីពាក់ស្បៃមុខនាំយកទៅសម្រាកនៅបន្ទប់ដោយឡែកផ្សេងទៀតក្បែរមាត់ទឹកដែរ។ នារីបង្ហាញម៉ូដត្រូវទៅដោយបង្ខំចិត្ត ព្រោះថានាងមិនចង់បែកពីបុរសម្ចាស់ចិត្តដែលនៅបន្តអង្គុយជាមួយមិត្តចាស់របស់គេហើយគ្មានសញ្ញាថាគេចង់ចាកចេញពីនារីនោះសោះ។
នាងត្រូវបានជូនមកដល់កូនបន្ទប់ប្រក់ស្លឹក ដែលសង់ជាជួរក្បែរមាត់ទឹក មិនឆ្ងាយប៉ុន្មានពីកន្លែងស្នាក់របស់អង្គរក្សរាមនរិន្ទដទៃឡើយ។ នៅក្នុងបន្ទប់តូចដែលមានបរិវេណជារង្វង់មូល នាងឃើញមានកូនគ្រែឈើ និងកូនតុតូចដែលមានទានអុចបំភ្លឺជាស្រេច។ បង្អួចមួយនៅខាងស្ដាំដៃគ្មានវាំងននតុបតែងដូចនៅផ្ទះធំទេ ប៉ុន្តែមានក្បូរក្បាច់រចនាជាប់នឹងឈើតែម្ដង។
ធីតាប្រាស់ខ្លួនលើខ្នើយកើយដែលមានរាងដូចស្និតចេក និងរឹងដូចជាអង្គត់ឈើ។
“នេះប្រហែលជាទម្លាប់របស់កុលសម្ព័ន្ធអាសាដក្នុងការកើយរបស់រឹងបែបហ្នឹងដឹង? យើងប្រាកដណាស់ថាគេមិនមែនញាត់គក្នុងហ្នឹងទេ តែបើថាចាំងអង្គត់ឈើមកប្រើប្រហែលជាត្រូវជាង” នារីគិតម្នាក់ឯងស្ងាត់ៗទាំងទោមនស្ស។
នាងប្រាស់ខ្លួនយឺតៗទៅលើគ្រែទាំងហេងហាងក្នុងចិត្ត។ តាំងពីព្រឹកមកសូម្បីតែចំណីមួយម៉ាត់ទ្រាប់ពោះក៏គ្មាន ទម្រាំមកដល់ឃើញសាច់ចៀមដែលក្លិនឆ្អេះឆួល នាងកាន់តែលែងនឹកនាឃ្លានបាយទឹក។ ប្រការសំខាន់នៅពេលនេះ គឺថានាងមិនបានខ្វល់ខ្វាយ និងរឿងក្រពះទេ ប៉ុន្តែរឿងបុរសសង្ហាដែលឃ្លាតឆ្ងាយពីប្រាណកំពុងដិតដាមជាប់ក្នុងចិត្ត។ នាងដឹងថាពួកគេទំនងជារង់ចាំឱកាសស្ងាត់នឹងអាលជជែកពីវត្ថុបុរាណនោះតទល់ ប៉ុន្តែនៅតែមានចម្ងល់ជាច្រើនដែលនាងយល់ថាមិនសមទំនងសោះ។
“បើសិននាងម្នាក់ឈ្មោះ Meddyនោះមានរបស់ហ្នឹងមែន ហេតុអ្វីគេមិនដឹងថារាមនរិន្ទចង់បាន ព្រោះកាលនៅកន្លែងដេញថ្លៃគេបានបង្ហាញមុខ និងដេញថ្លៃជាសាធារណៈហើយ ថែមទាំងពេលWinter JayaBuraរលំ គេរត់ចូលទៅរកជួបតាឈ្មោះរ៉ាទូនោះផង ម៉េចគេមិនលក់ឲ្យភ្លាម បែរជាបញ្ឆោតយើងឲ្យមកដល់ទីនេះ? បើគេជាមិត្តនឹងគ្នាមែន ម៉េចក៏កន្លងមករាមនរិន្ទដូចជាមិនដឹងថានាង Meddyនៅកោះស្មៅលឿង? តែនាងនោះវិញដូចជាដឹងពីដំណើររាមនរិន្ទច្បាស់យ៉ាងនេះ? ចំណែកលំអងវិញ ពេលរំលឹកពីគ្រោះថ្នាក់លើកោះស្មៅលឿង គឺនិយាយតែពីលោករ៉ាទូនេះ ដោយមិនបាននិយាយពីស្រីស្អាតមេដឹកនាំកុលសម្ព័ន្ធសោះ ឬមួយនាយKen និងលំអងមិនបានជួបស្រីម្នាក់នេះទេ ព្រោះគោលដៅរបស់គេគឺរាមនរិន្ទ?”
កាន់តែគិតរឹតតែស្មុគស្មាញ។ ស្រីស្អាតក្រោកអង្គុយសាជាថ្មីនៅពេលដែលចិត្តកាន់តែនៅមិនសុខ។នាងយល់ថាម្នាក់ៗ ទុកចិត្តស្ថានការណ៍នៅទីនេះព្រោះតែអាងថាចៅហ្វាយប្រុសគេធ្លាប់ស្គាល់នារីនោះពីមុនមក ប៉ុន្តែតាមអារម្មណ៍ជាមនុស្សស្រីកេតឌីម៉ានៅតែយល់ថាស្ត្រីនោះមានអាថ៌កំបាំងច្រើន ពិសេសកែវភ្នែកនាងពេលសម្លឹងមើលមករាមនរិន្ទ ដូចជាបង្ហាញថានាងបានដឹងពីស្នេហារបស់រាមនរិន្ទ និងខ្លួនតាំងពីកោះបាលីមកដល់ទីនេះគ្មានសល់ចន្លោះទេ គ្រាន់តែនារីនោះមិននិយាយចេញមកតែប៉ុណ្ណោះ។
ទោះបីការតូចចិត្ត និងកូនចិត្តប្រច័ណ្ឌកើតមានឡើងជាធម្មតាដោយសារសង្កេតឃើញពួកគេស្និទ្ធស្នាល ហើយនារីនោះទៀតសោតក៏មានរូបសម្ផស្សពិបាករកអ្នកប្ដូរ ប៉ុន្តែជាមនុស្សស្រលាញ់ និងយល់ចិត្តគ្នា ឌីម៉ានៅតែមានជំនឿចិត្តថាបុរសរបស់នាងមិនស្រលាញ់ស្រីនោះទេទោះជាភាគីខាងស្រីហាក់បង្ហាញសញ្ញាអាថ៌កំបាំងខ្លះៗជុំវិញមនោសញ្ចេតនានាងចំពោះកម្លោះភ្នំពេញក៏ដោយ។ ប្រការចំពោះមុខគឺនាងកំពុងគិតពីសុវត្ថិភាពកូនប្រុសអ្នកនយោបាយច្រើនជាង។ យប់ថ្មើរណេះ គេនៅទីនោះតែម្នាក់ឯង ទោះបីជជែកពីរឿងឥន្ទប្បដិមា រង់ចាំដល់ស្អែកព្រឹកក៏មិនទាន់ថាយឺតពេលដែរ។
នាងក្រោកចេញពីគ្រែ ហើយដើរទៅបើកទ្វារបង្អួចអើតមើលទៅក្រៅ។ ចំហាយត្រជាក់សម្រុកចូលមកវឹងបបោសអង្អែលប្រាណនារីឯកា។ នៅក្រោមពន្លឺខ្មៅស្រអាប់ និងក្លិនបុប្ផាក្រអូបទាក់ទាញ នាងមិនមានឃើញមនុស្សមានជីវិតណាម្នាក់នៅក្នុងសួនទេ។ នាងងើបមុខសម្លឹងទៅកាន់ផ្ទះធំ។ ពន្លឺភ្លើងនៅភ្លឺស្រាលបង្ហាញថាប្រុសស្រីទាំងទ្វេមិនទាន់បានបញ្ចប់ការជួបជុំរបស់គេនៅឡើយ។កេតឌីម៉ាមិនងឿងឆ្ងល់ទេ ព្រោះនាងដឹងថាសម្រាប់រាមនរិន្ទការនៅដល់រំលងអាធ្រាត្រមិនមែនជារឿងចម្លែក ប៉ុន្តែដែលនាងមិនសូវស្រួលចិត្តគឺមុននេះទាំងកូនចៅ និងមេកើយហាក់បានក្រេបគ្រឿងស្រវឹងច្រើនគួរសមរហូតដល់កូនចៅទន់ខ្លួនប្រមូលគ្នាត្រឡប់ទៅរកគ្រែ។
តែនាងជាមនុស្សស្រីហើយមានតែម្នាក់ឯងទៀត តើនាងគួរធ្វើយ៉ាងណា ឬត្រូវចូលទៅសម្ងំធ្មេចចាំព្រឹកភ្លឺច្បាស់សឹមគិត?
ស្រមោលមួយបង្ហាញខ្លួនភ្លែតកាត់ពីមុខនាងជាមួយសម្រិបជើងស្រាលស្ងើក និងដំណើរដ៏រហ័សរហួន។ ទោះយ៉ាងណាកម្ពស់របស់គេអាចឲ្យឌីម៉ាស្មានដឹងថា គេមិនមែនជាមនុស្សក្នុងក្រុមកងការពាររាមនរិន្ទទេ ប៉ុន្តែប្រាកដជាអ្នកណាម្នាក់ក្នុងចំណោមមនុស្សនៅក្នុងកុលសម្ព័ន្ធអាសាដ។ ដោយភ័យក្តុកក្នុងពោះ ស្រីស្រស់ថយក្រោយក្រាកមកប៉ះអែបនឹងជញ្ជាំងបន្ទប់វិញ តែភ្នែកមើលទៅកាន់ទិសដៅដែលស្រមោលកំពុងបោលមកមុនរូបរាងមនុស្សពិត។
មិនដល់បីដង្ហើមទេ រូបរាងមនុស្សដែលនាងស្គាល់ បង្ហាញខ្លួនជាមួយអ្វីមួយនៅលើដៃ។ ទោះយប់ងងឹតហើយកន្លែងនាងឈរ និងកន្លែងមនុស្សនោះដើរ នៅប្រមាណ១០ជំហានពីគ្នា តែកេតឌីម៉ាអាចមើលស្គាល់ថាម្នាក់នោះជាលោករ៉ាទូ តួឯកសំខាន់នៃរឿងឥន្ទប្បដិមា។ ដំណើរជននោះរលះរលាំង ក្រឡេកមើលឆ្វេងស្ដាំម៉ត់ចត់ផង ធ្វើឲ្យនារីត្រូវតែថយមកពួនបន្តិច ទម្រាំគាត់ដើរទៅផុតទើបបាននាងហ៊ានងាកមកមើលវិញពេលនោះនាងបានឃើញត្រឹមខ្នងគាត់ដោយមិនដឹងថាតើបុរសនោះកាន់អី្វនឹងដៃឡើយ។ ដែលរឹតតែសំខាន់ទៀតនោះ គឺគាត់មិនបានដើរទៅផ្ទះធំទេ គឺចាកចេញទៅកាន់ទិសមួយទៀតដែលគ្របដណ្ដប់ដោយចម្ការអូលីវវែងអន្លាយ។
“លោករ៉ាទូនេះ កណ្ដាលអាធ្រាត្រហើយរលះរលាំងទៅណាទាំងស្លើតស្លក់ ទាំងភ័យភិត? ចម្ការនោះធំណាស់ បើគាត់ទៅផ្ទះវិញក៏គួរទៅតាមផ្លូវភូមិដែរ! ចំណែករបស់លើដៃគាត់នោះតើជារបស់អ្វីទៅ? តែទោះយ៉ាងណា យើងមិនខ្វល់រឿងអ្នកដទៃទេ យើងខ្វល់តែរឿងរាមនរិន្ទតែប៉ុណ្ណោះ” នាងដើរទៅបើកកាបូបយកកូនពិល និងកាំបិតបត់ខ្លីចេញមក រួចទៅបើកទ្វារចាកចេញសំដៅខ្ទមស្លឹកជាប់នោះក្នុងបំណងទៅរកអង្គរក្សជំនិតរបស់រាមនរិន្ទដើម្បីពិភាក្សាជាមួយគេ។
ដោយឥតព្រាងទុក ធីតាបង្ហាញម៉ូតដែលខ្ពស់ស្រលះ ខុសពីនារីកុលសម្ព័ន្ធ បោះជំហានមួយៗតម្រង់ទៅមកដល់បន្ទប់មួយនៅពីមុខគេ ហើយសម្លឹងតាមបង្អួចដើម្បីពិនិត្យថាតើគេជាអង្គរក្សរូបណា?
ពន្លឺពិលត្បិតតែខ្សោយដោយសារនាងមិនចង់ឲ្យមានអ្នកផ្សេងឃើញ តែក៏ល្មមអាចឲ្យនាងឃើញទឹកមុខនាយBirdដែលដេកលក់ស្កប់ស្កល់ដែរ។
ស្រីបង្ហាញម៉ូដស្រែកហៅតិចៗ៖
-បងBird! បងBird?
បុរសកងការពារនៅតែស្ងៀមឥតកម្រើក ទោះជានាងខំសាកល្បងដាស់ច្រើនដងទៀតក្ដី។ នាងទ្រាំមិនបានក៏យកដៃអង្រួនគេ ប៉ុន្តែគេនៅតែមិនមានសញ្ញាស្វាងចេញពីភាពងោកងុយសោះ។
“មានមនុស្សស្រវឹងដល់ថ្នាក់ដេកស្ងៀមឈឹងអត់កម្រើកអញ្ចឹងដែរ? អាការៈគេដូចជាកំពុងត្រូវសណ្ដំទើបសម” នាងគិតហើយស្ទុះវឹងទៅបន្ទប់មួយទៀត។ ដោយបន្ទប់នោះបិទបង្អួចជាប់ម៉ឺង នាងក៏ហួសទៅបន្ទប់ទី៣។ ដូចគ្នានឹងបន្ទប់ទី២ដែរ នាងក្រមុំឃើញកងការពារម្នាក់ទៀតដេកលក់ច្រងាប់ច្រងិលទៅលើកម្រាលក្តាហើយនៅតែមិនភ្ញាក់ដឹងខ្លួនទៀត?
នាងត្រិះរិះទាំងបើកភ្នែកធំៗ៖
“វីវរហើយ! ពួកគេសុទ្ធតែយោងអាត្មាក៏មិនរួចផង បើយប់នេះមានរឿងអីកើតឡើងចំពោះអ្នកប្រុសគេ តើបានអ្នកណាជួយទៅ”។
នាងក្ដាប់ដៃហើយចាប់ផ្ដើមបោះបង់ចោលបំណងទៅរកអង្គរក្សវឿនដោយសារនារីជឿថានាយខ្ពស់ស្រាវក៏មានស្ថានភាពមិនខុសពីអ្នកដទៃដែរ ព្រោះកាលពីនៅលើផ្ទះធំ ម្នាក់ៗផឹកស៊ីសប្បាយស្មើដៃគ្នា។ កេតឌីម៉ាខំបង្កើនភាពក្លាហានឲ្យខ្លួនឯង ដោយសារទិសដៅបន្ទាប់របស់នាងគឺទៅផ្ទះធំរករាមនរិន្ទ។
កណ្ដាលភាពងងឹតស្រពិចស្រពិល ស្រីបង្ហាញម៉ូតសសៀរខ្លួនកាត់សួនផ្កាហើយងាកមើលឆ្វេងស្ដាំចប់តាមផ្លូវ ក្រែងមានគេដើរមកប្រទះឃើញ។ នាងមកដល់ពីក្រោយគេហដ្ឋានដែលប្រាកដចិត្តថាម្ចាស់ចិត្តកំពុងតែមានវត្តមាន ហើយរំពៃរកមើលជណ្ដើរឡើងដោយសារស្រស់ស្រីជឿថាគេប្រាកដជាមានទ្វារក្រោយ។
នៅខាងស្ដាំដៃ នាងរកឃើញកូនបន្ទប់មួយដែលស្ត្រីម្នាក់អត់មានពាក់ស្បៃមុខ កំពុងធ្វើអ្វីមួយចច្រប់ចុះឡើង។ មើលរាងពីក្រោយគាត់ដូចជាស្ត្រីចំណាស់ម្នាក់ដែលចេញទៅបើកទ្វាររបងកាលពីរសៀល។ នាងគេចទៅម្ខាងនៅពេលស្ត្រីនោះបែរមកវិញ ហើយដើរតម្រង់មក។ ដោយសារស្ត្រីនោះលើកថាសមួយទ្រកែវចំនួនពីរមកជាមួយធ្វើឲ្យកេតឌីម៉ានឹកថាបើគាត់លើករបស់នោះទៅខាងលើដើម្បី Meddyនិងភ្ញៀវ គាត់ដូចជាជួយបង្ហាញផ្លូវជណ្ដើរក្រោយឲ្យនាងដែរ។
តរុណីអែបលាក់ខ្លួនដោយរង់ចាំមើលដំណើរស្រ្តីនោះ។ បានដូចចិត្ត ពេលស្ត្រីចំណាស់លើកភេសជ្ជៈឡើងទៅលើផ្ទះតាមជណ្ដើរក្រោយ នាងបានឱកាសស្គាល់ផ្លូវនោះហើយលបឡើងទៅបន្ទាប់ពីគាត់ចេញមកវិញផុត។
ពីក្រោមសន្សើមរាត្រីត្រជាក់ស្រិប ស្រីស្អាតរបស់កិន្នរីហ្វេស្សិនដោះចោលទ្រនាប់ជើងហើយឈានស្រាលៗលើកម្រាលក្ដារផ្ទះធំដែលរលោងសឹងថាអាចធ្វើឲ្យដួលរអិលបានទាំងមិនចាំបាច់ជើងទទឹកឡើយ។
នាងឈានទើបតែបានបីបួនជំហាន ស្រាប់តែស្ដាប់ឮសូរសៀងស្រាលៗមកប៉ះសោតា៖
-នាងកុំនិយាយអញ្ចឹងMeddy!
កេតឌីម៉ាបើកភ្នែកធំៗ។ ទោះវាយបីដំបងបន្ថែមទៀតក៏នាងនៅចំណាំសំឡេងនោះច្បាស់ដែរ ព្រោះជារឿយៗពេលដែលគេកំពុងស្ថិតក្នុងភាពរំភើប និងកាមារម្មណ៍ អ្នកប្រុសធំនៃគ្រួសារអ្នកតំណាងរាស្ត្រតែងបញ្ចេញសំឡេងស្រាលៗបែបនេះមកកាន់នាង។
ស្រីស្អាតដឹងថានេះមិនទាន់ដល់បន្ទប់ធំដែលជាកន្លែងលៀងអាហារផងម៉េចក៏នាងឮសូរសំឡេងគេទៅហើយ? ក៏មានន័យថា ពួកគេបានប្តូរមកនិយាយគ្នានៅទីផ្សេងទៅហើយ? ប្រុសកម្លោះ និងស្រីក្រមុំដែលទើបជួបមុខគ្នាបានប៉ុន្មានម៉ោង បែរជាមកជួបតទល់ជាមួយគ្នាស្ងាត់ៗតែពីរនាក់ តើគេមិនខ្មាសធម្មជាតិ ឬពាក្យសន្យារបស់ខ្លួនឯងខ្លះទេ?
កេតឌីម៉ាខាំបបូរមាត់ទប់ស្កាត់ការពុះកញ្ជ្រោលដោយទុក្ខស្នេហ៍ នាងបាត់អស់ការភ័យខ្លាច និងអល់អែក ហើយឈានសន្សឹមៗទៅរកប្រភពសូរសំឡេង ដែលសន្សឹមៗនាងដឹងថាគឺនៅក្នុងបន្ទប់មួយឯឆ្វេងដៃនាងនោះហើយ។
នារីដែលកំពុងខកចិត្តយ៉ាងធ្ងន់ធ្ងរក្នុងការមកកាន់កោះស្មៅលឿងដើរស្រាលៗទៅក្បែរទ្វារហើយសម្លឹងទៅខាងក្នុងបរិវេណបន្ទប់។
ពីក្រោយផ្ទាំងវាំងននដែលបិទបាំងដោយក្រណាត់ស្បៃពណ៌ពងមាន់ នាងអាចសម្លឹងទៅឃើញសកម្មភាពក្នុងបន្ទប់ដែលបំភ្លឺដោយភ្លើងទាននោះបានច្បាស់ ប៉ុន្តែដោយសារបរិវេណខាងក្រៅនេះវិញងងឹតស្រពិចស្រពិល អ្នកខាងក្នុងពិបាកបន្តិចក្នុងការដឹងថាមានគេម្នាក់កំពុងឈរឈឺចិត្តនៅមាត់ទ្វារ។
ធីតាកម្ពុជាឈរសម្លឹងបុរសម្ចាស់បេះដូងដែលកំពុងបញ្ចេញទឹកមុខអាណិតអាសូរដាក់ស្រីស្អាតម្ចាស់ផ្ទះ ក្នុងពេលដែលនាងនោះកំពុងឈ្ងោកមុខយំអណ្ដឺតអណ្ដក។ រឹតតែគួរឲ្យញាប់ញ័រចិត្តនោះគឺបុរសមាឌធំបានបណ្ដោយឲ្យនារីតូចច្រឡឹងទាញលាត់ដៃអាវខាងស្តាំរបស់ខ្លួន ដោយមិនតវ៉ា ឬដកមកវិញឡើយ។
មិនតែប៉ុណ្ណោះសោត ពេលដែលនារីជនជាតិប្រើម្រាមតូចស្ដួចរបស់នាង អង្អែលថ្នមៗលើកំភួនដៃបុរស កេតឌីម៉ាទទួលអារម្មណ៍ថាបេះដូងហាក់ឈឺឆៀប។ នាងអស់កម្លាំងនឹងឈរ ដូច្នេះមានតែទ្រេតកាយមកផ្អែកនឹងជញ្ជាំងបន្ទប់ហើយសម្លឹងសកម្មភាពស្នេហារបស់ពួកគេ។
-សូម្បីកន្លែងដែលខ្ញុំខាំអ្នក ក៏អ្នកយកទៅរងជំនួសគេ ធ្វើឲ្យរបួសថ្មីរលប់ស្នាមចាស់អស់! អ្នកនៅនិយាយថាមិនបំភ្លេចខ្ញុំទៀត?
សូរស័ព្ទរអាក់រអួលរបស់ស្ត្រីឈ្មោះ Meddyបានលាន់ចេញមកទន្ទឹមនឹងពាក្យតម្អូញរបស់នាង តែនាងក៏នៅតែមិនលែងដៃបុរសឡើយ។ ស្រីស្អាតដែលមានបបូរមាត់ដូចផ្កាកុលាប និងធ្មេញសត្រឹមដូចភួងម្លិះ ហារនិយាយបន្តក្នុងពេលទឹកភ្នែកស្រក់ហូរដូចពេជ្រចរណៃ៖
-៨ឆ្នាំមកនេះ គ្មានមួយនាទីណាដែលខ្ញុំមិននឹកដល់អ្នកទេ! ខ្ញុំធ្វើអ្វីៗជាច្រើនមិនខ្លាចលំបាក មិនខ្លាចគេថា មិនខ្លាចអ្វីទាំងអស់ដើម្បីរកបានរបស់នោះ គឺវត្ថុដែលអ្នកចង់បានជាទីបំផុតក្នុងជីវិតនេះ!
កេតឌីម៉ាធ្លាក់ថ្លើមក្ដុក។ នាងរេភ្នែកដែលដក់ដោយដំណក់ជលនេត្រហើយសួរខ្លួនឯង៖
“អេឡានិយាយពីឥន្ទប្បដិមានរាធិបតិន្ទ?”
សំឡេងអភិជនស្រស់សង្ហាលាន់មកកាត់ផ្ដាច់ការគិតរបស់នាង៖
-Meddy នាងស្រវឹងហើយ ខ្ញុំជូននាងទៅសម្រាក!
ស្រីនោះបម្រះចេញពីការប្រលោមគ្រារបស់បុរស។ នាងនិយាយបន្ថែមភ្លាម៖
-ឬមួយអ្នកមិនចង់ឃើញវាទេ?
រាមនរិន្ទនៅតែជម្នះចង់នាំនារីនោះចេញពីភាពរវើរវាយដោយរោគស្រវឹង ប៉ុន្តែស្ដ្រីនោះបន្ថែមនៅប្រយោគទី២បន្ទាន់៖
-ខ្ញុំកំពុងនិយាយពីឥន្ទប្បដិមានរាធិបតិន្ទ!
បុរសរូបសង្ហាទុចចលនាហើយសាជាថ្មីគេបើកភ្នែកពោរពេញដោយការភ្ញាក់ផ្អើលសម្លឹងទៅនារីដែលកំពុងយំស្រាក់ក្បែរកាយ។ រាមនរិន្ទប្រាកដជាទាក់ចិត្តណាស់ចំពោះវត្ថុមួយដែលMeddyទើបនឹងរំលឹកអម្បាញ់មិញនោះ ទោះបីមើលពីចម្ងាយទៅក៏កេតឌីម៉ាដឹងចិត្តគេដែរ។
“សម្ដីស្រីជនជាតិនោះហាក់បីដូចជានាងបានស្រលាញ់រាមនរិន្ទយ៉ាងជ្រៅ ហើយព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគេផងដែរ។ នាងថា៨ឆ្នាំមកនេះនាងធ្វើរឿងជាច្រើនដើម្បីបានវត្ថុនោះ បានន័យថាជាយូរមកហើយដែលនាងដឹងថា ជីវិតរាមនរិន្ទគឺដើម្បីតែឥន្ទប្បដិមានរាធិបតិន្ទ! តាមមើលពួកគេមិនត្រឹមតែរាប់អានគ្នាធម្មតាទេ សូម្បីតែបំណងសំខាន់ធំក្នុងជីវិតក៏និយាយឲ្យនាងដឹងដែរ!”។ នារីបង្ហាញម៉ូដគិតផង បង្ហូរទឹកភ្នែកដោយមិនដឹងខ្លួនផង។
មិនត្រឹមតែកេតឌីម៉ាទេដែលដឹងថាបុរសម្នាក់នេះកំពុងត្រូវបានទាក់ទាញអារម្មណ៍ជាមួយធ្នាក់វត្ថុដែលគេបានតាមរកសឹងថាមួយជីវិតមកហើយនោះ សូម្បីនារីតូចច្រឡឹងក៏យល់ចិត្តគេដូចគ្នា ដូច្នេះនាងបន្តវាចាស្រាលៗក្នុងពេលដែលនរៈសង្ហានៅស្ងៀមទ្រឹងក្បែរនាង៖
-នៅក្នុងឥន្ទប្បដិមាដែលគ្រប់គ្នាកំពុងស្វែងរក គឺគ្មានអ្វីទៀតនោះទេ ក្រៅតែពីផែនទីមួយសន្លឹកដែលខ្ញុំបានឆ្លាក់វាជាប់លើខ្នងរបស់ខ្ញុំហើយ! ក្នុងជាតិនេះ អ្នកមិនអាចយកវាទៅទេ បើអ្នកមិនដោះអាវខ្ញុំចេញរាមនរិន្ទ!
ខណៈនារីបង្ហាញម៉ូដយល់ច្បាស់ពីអ្វីដែលនារីមេកុលសម្ព័ន្ធកំពុងចង់បាន នាងក៏ដឹងខ្លួនឯងដែរថាបេះដូងនាងកំពុងត្រូវឈឺផ្សាររកអ្វីផ្ទឹមគ្មានទេ។
នាងឈ្ងោកមុខលែងសម្លឹងពួកគេ ប៉ុន្តែត្រចៀកនៅតែស្ដាប់ឮសូរសំឡេងរាមនរិន្ទ តបទៅកាន់ Meddy៖
-នាងកុំល្ងង់ពេកMeddy!
បុរសបន្ទោសតិចៗ តែស្រីស្រស់នោះនៅតែមានះ។
រាមនរិន្ទយល់ថានាងរំជួលចិត្តព្រោះក្រេបគ្រឿងស្រវឹង ប៉ុន្តែកេតឌីម៉ាបែរជាយល់ថា Meddyកំពុងចង់ឲ្យបុរសយល់ពីចិត្តស្នេហ៍របស់នាង។
ស្ត្រីក្មេងនៃកុលសម្ព័ន្ធអាសាដដល់ថ្នាក់យំសស្រាក់បណ្ដើរ និយាយបណ្ដើរ៖
-រាមនរិន្ទ! ចាប់តាំងពីពេលដែលអ្នកកាន់ដៃខ្ញុំរត់ឡើងឡានក្រុងនៅ Melbourne! ចិត្តរបស់ខ្ញុំបានរៀបការជាមួយអ្នករួចទៅហើយ!
នាងបញ្ឈប់សម្ដីក្នុងពេលដែលនរៈកម្ពុជាទៅជាភាន់ភាំងព្រោះការរំជួលចិត្ត។ កាយវិការគេដូចជាមិនបានដឹងទាល់តែសោះទេថាការដឹកដៃស្រីតូចទន់ខ្សោយម្នាក់រត់តាមឡានក្រុងកាលពី៨ឆ្នាំមុន ធ្វើឲ្យមានលេចឡើងនូវរឿងរ៉ាវមនោសញ្ចេតនាមួយស្មុគស្មាញដល់ថ្នាក់នេះ។
អ្នកប្រុស មិនទាន់ហារមាត់តបវិញថាយ៉ាងណាផង ស្រាប់តែនារីស្រវឹងស្នេហ៍ពោលបន្ត៖
-មនុស្សស្រីនៃកុលសម្ព័ន្ធអាសាដ ដែលត្រូវប៉ះពាល់ដោយបុរសណាម្នាក់ហើយ ជីវិតរបស់គេ…គឺសម្រាប់តែបុរសនោះអ្នកដឹងទេរាមនរិន្ទ!
កេតឌីម៉ាងើបមុខសម្លឹងប្រុសស្នេហ៍ នាងឃើញគេបង្ហាញភាពក្ដុកក្ដួលចិត្តតាមរយៈពន្លឺភ្នែកដែលសម្លឹងមកកាន់ទុក្ខព្រួយរបស់នារីជនជាតិ។
រាមនរិន្ទមិនមែនជាប្រភេទមនុស្សកេងចំណេញលើនារីភេទទេ ដូច្នេះកេតឌីម៉ាជឿថាកាលដែលគេទាញដៃក្មេងស្រីម្នាក់ឲ្យរត់ទាន់រថយន្តក្រុង គឺប្រាកដជាមិនបានចាប់អារម្មណ៍ទេថានារីនោះជាកូនស្រីមកពីសហគមន៍មួយដែលការប៉ះពាល់គ្នារវាងភេទផ្ទុយ ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនោះ។ នារីវ័យក្មេងនោះ ក្រៅពីរន្ធត់ដល់ថ្នាក់ខាំដៃអ្នកប្រុស នាងបានផ្លាស់អារម្មណ៍នោះទៅជាការរំភើបដោយគិតថាគេជាបុរសដំបូងដែលបានប៉ះពាល់នាង ដូច្នេះគេនឹងក្លាយជាម្ចាស់លើជីវិតរបស់នាង។
ក្នុងពេលដែលនារីបង្ហាញម៉ូដកំពុងរន្ធត់ចិត្ត នាងឃើញMeddyនិយាយបន្ថែមទាំងទឹកភ្នែក៖
-ក្រែងបំណងធំបង្អស់របស់អ្នក គឺចង់បានឥន្ទប្បដិមាមែនទេ? ឥឡូវនេះខ្ញុំយកវាបានមកឲ្យអ្នកហើយ! មានអីត្រូវរារែកទៀត? ទោះអ្នកជាអភិជនកម្ពុជា ហើយទោះជាខ្ញុំរស់នៅក្នុងព្រៃភ្នំ តែខ្ញុំក៏រកបានវត្ថុពិសិដ្ឋមួយជាបំណងធំបំផុតរបស់គ្រួសារអ្នកដែរ! យើងរៀបការជាមួយគ្នាគឺសក្ដិសមណាស់ ព្រោះលើលោកនេះគ្មានអ្នកណាអាចធ្វើរឿងសំខាន់នេះបានដើម្បីអ្នកទេរាមនរិន្ទ! គឺព្រះប្រទានខ្ញុំទៅឲ្យអ្នក ហើយព្រះជួយឲ្យខ្ញុំរករបស់នោះបានមែន ក្រោយពេលដែលព្រះបានរៀបចំឲ្យយើងជួបគ្នានៅចំណតរថយន្តក្រុងនោះ!
ឌីម៉ានៅសំងំស្ងៀមសម្លឹងពួកគេទាំងទ្រូងលោតស្ទើរធ្លាយ។ នាងខ្លួនឯងដែលឈរស្ដាប់រឿងរបស់នារីជនជាតិក៏ទទួលស្គាល់ថានារីនោះបានលះបង់ពេលវេលា ទ្រព្យសម្បត្តិ និងការតស៊ូកម្លាំងកាយចិត្តជាច្រើនក្នុងរវាងពេលប៉ុន្មានឆ្នាំមកនេះ ដើម្បីតែវត្ថុសំណព្វរបស់បុរសដែលនាងស្រលាញ់។ ការលះបង់របស់នាងគឺមហិមា ចំណែកខ្លួនវិញក្រៅពីបង្ករឿងឲ្យនាយ គ្មានឃើញមានអនុស្សាវរីយ៍អ្វីគួរឲ្យចាត់បានថា ជាការប្រសើរសម្រាប់ជាចំណងដៃដល់ក្តីស្រលាញ់របស់គេចំពោះនាងនោះទេ។
សព្ទសំឡេងនារីតូចច្រឡឹងលាន់មកបន្ត៖
-អ្នកមានតែផ្លូវពីរប៉ុណ្ណោះរាមនរិន្ទ! ទីមួយ….គឺរៀបការជាមួយខ្ញុំ ឯទី២….គឺខ្ញុំស្លាប់….ដើម្បីអាចឲ្យអ្នកយកផែនទីលើស្បែកខ្នងខ្ញុំទៅ!
ដល់ពេលកេតឌីម៉ាក្ដុកក្ដួលរិះគិតម្នាក់ឯងក្នុងចិត្ត៖
“មើលទៅពួកគេគឺជាគូនឹងគ្នាហើយ! នារីនោះបានលះបង់គ្រប់បែបយ៉ាងដើម្បីគេ ចំណែកគេក៏ត្រូវការវត្ថុនោះជាសំខាន់ គេគ្មានហេតុផលអ្វីត្រូវបដិសេធសេចក្ដីស្រលាញ់ស្មោះភក្ដីរបស់នាងទេ!ចំណែកយើង យើងជាមនុស្សស្រីមកពីណាក៏មិនដឹង គ្មានអំណាច គ្មានឋានៈ គ្មានបានការ! យើងនាំតែរឿងអំពល់ឲ្យគេរបួសឈឺខ្លួន ខូចការធំម្ដងជាពីរដង ចុងក្រោយនេះទៀត គេបានដឹងមុខមាត់ពិតរបស់យើងអស់ហើយ ថាយើងជាមនុស្សបង្កប់របស់ពាណិជ្ជករគ្មានបេះដូងនោះ! នៅមាត់បឹង គេបង្ហាញកាយវិការស្អប់ខ្ពើមសូម្បីតែមុខយើងក៏គេមិនចង់មើលផង! ឯងគួរតែដឹងខ្លួនហើយកេតឌីម៉ា!”
ជាមួយដំណក់ទឹកភ្នែកធ្លាក់មកខ្ជោល ស្រីខ្មែរកម្សត់លើកដៃគ្រវាសជូតវាទៅម្ខាង ហើយបែរខ្នងយឺតៗត្រៀមលក្ខណៈចាកចេញទៅ ព្រោះនាងគ្មានកម្លាំងចិត្តក្នុងការតាមដានមនោសញ្ចេតនាគួរឲ្យច្រណែនរបស់ប្រុសស្រីទាំងពីរតទៅទៀត។
សំឡេងរាមនរិន្ទលាន់មកមួយៗពីក្រោយខ្នងនាង៖
-បើអញ្ចឹង របស់នោះខ្ញុំមិនយកទេ Meddy!
កេតឌីម៉ាបញ្ឈប់ជើងព្រោះតែភ្ញាក់ផ្អើល។ សម្ដីគេមានន័យថា ប្រសិនបើគេត្រូវរៀបការជាមួយស្ត្រីកុលសម្ព័ន្ធ ឬមួយចៀរសាច់ខ្នងនាងដើម្បីយកផែនទីនោះ គេសុខចិត្តអត់យកវាតែម្ដង?។ ដែលកេតឌីម៉ាភ្ញាក់ផ្អើលព្រោះថាវត្ថុនោះគេតាមរកកន្លះជីវិតមកហើយ។ ឥឡូវវាស្ថិតនៅចំពោះមុខដូចអច្ឆរិយៈ។ គេគ្រាន់តែលើកដៃទៅបើកអាវនាង គេនឹងបានឃើញវា ចុះហេតុអ្វីគេបដិសេធ។
ពាក្យពេចន៍ចុងក្រោយរបស់អភិជនកម្ពុជាក្នុងភាពនឹងន ដែលបញ្ជាក់ថាគេមិនមែននិយាយឲ្យតែរួចពីមាត់នោះធ្វើឲ្យនារីជនជាតិកាន់តែខូចចិត្ត។
នាងគ្រវីក្បាលតតាត់សម្លឹងមុខគេត្លែរជាមួយសំនួរដដែលៗជាភាសាអង់គ្លេស៖
-ហេតុអី! ហេតុអី! ហេតុអីទៅ!
នារីនោះកើតទោសៈងាកទៅទាញស្រាមួយពែងលើថាសដែលស្ត្រីចំណាស់ទើបលើកមកដល់មុននេះ លេបក្អឹកបំបាត់ទុក្ខព្រួយ។ នាងងាកទៅវាយវាត់វាំងនន ទាញបណ្ដាច់វាដោយមិនអាចទប់ស្កាត់ការរំជួលចិត្តបាន។
-អ្នកគ្មានបេះដូង អ្នកជាមនុស្សគ្មានបេះដូង ជាមនុស្សកំណាច អ្នកជាមនុស្សគ្មានធម៌មេត្តាទេរាមនរិន្ទ! អ្នកធ្វើអញ្ចឹងចំពោះស្រីម្នាក់ដែលរង់ចាំអ្នកដោយទឹកភ្នែកអស់៨ឆ្នាំមកហើយ អ្នកធ្វើអញ្ចឹងចំពោះស្រីម្នាក់ដែលបានធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នក អ្នកអាក្រក់ជាងពួកចោរព្រៃលើភ្នំហិមាឡៃយ៉ាសទៅទៀតរាមនរិន្ទ!
ទោះបីជាភាសាអង់គ្លេសរបស់ពួកគេ ល្អហួសពីសមត្ថភាពដែលកេតឌីម៉ាអាចយល់អោយអស់ន័យ ប៉ុន្តែកាយវិការស្ត្រីតូចច្រឡឹងកាន់តែធ្វើឲ្យនាងរំជួលចិត្ត។ នាងងាកទៅមើលប្រតិកម្មរាមនរិន្ទក៏ឃើញគេកំពុងខូចចិត្តដូចគ្នា គេប្រុងងាកមកត្រកងស្រ្តីនោះកុំឲ្យបោកបំផ្លាញសម្ភារៈដែរ តែប្រហែលគេទើបនឹងនឹកឃើញពីតំណមប៉ះពាល់គ្នារបស់កុលសម្ព័ន្ធនេះទើបគេដកដៃទៅវិញ។
បុរសសង្ហានិយាយទៅកាន់នារីខូចចិត្ត៖
-ព្រោះអញ្ចឹងហើយ ខ្ញុំកាន់តែគ្មានសមត្ថភាពទទួលយកវាMeddy! នាងធ្វើដើម្បីខ្ញុំដល់ថ្នាក់នេះ… នាងឈប់ធ្វើរឿងច្រើនយ៉ាងនេះដើម្បីខ្ញុំទៅ! របស់នោះ នាងខំដោយលំបាកដើម្បីបានវាមក នាងគួរតែជាម្ចាស់របស់វា!
នារីនោះគ្រវីក្បាលទ្រហោយំដោយអស់សង្ឃឹម៖
-តែខ្ញុំអត់ចង់បានវាទេ! ខ្ញុំរកវាមកដើម្បីអ្នក! ខ្ញុំធ្វើគ្រប់យ៉ាងព្រោះខ្ញុំស្រលាញ់អ្នក! តែអ្នកមើលងាយស្នេហារបស់ខ្ញុំ! ត្រូវហើយ…អ្នកមានគេផ្សេងហើយមែនទេ? អ្នកមានអ្នកដទៃ មែនទេ? ស្រីម្នាក់នោះមែនទេ? គេកំដរអ្នកមកឆ្ងាយយ៉ាងនេះ អ្នកនឹងគេ….?
ឌីម៉ាងាកមុខសម្លឹងបុរសដែលសង្ហាជានិច្ចក្នុងបេះដូងនាង។ គេនៅស្ងៀមគ្មានចម្លើយជាហេតុធ្វើឲ្យនារីនោះកាន់តែសៅហ្មង។ នាងទាញដៃរាមនរិន្ទ ហើយបោកបាចប្រាណគេ ទោះគ្មានសមត្ថភាពធ្វើឲ្យគេរង្គើក៏ដោយ៖
-ចុះខ្ញុំ? អ្នកទុកខ្ញុំនៅកន្លែងណា? ចុះស្នេហារបស់ខ្ញុំ?
បុរសនិយាយកាត់ភ្លាម៖
-នោះមិនមែនជាស្នេហាទេMeddy!
Meddyនៅទ្រឹងពេលឮវាចានេះ។ នាងនិយាយខ្សោយៗដោយឈឺចាប់៖
-អ្នកនិយាយថាម៉េច?
រាមនរិន្ទអាណិតនាងណាស់ព្រោះនាងរំជួលចិត្តហួសហេតុ តែអ្នកក៏ចាំបាច់ត្រូវតែពន្យល់នាង៖
-គ្មានសេចក្ដីស្នេហាឯណាកើតឡើងដោយសារតែការប៉ះពាល់ដៃគ្នានោះទេ Meddy! ហើយក៏គ្មានស្រីណាម្នាក់ត្រូវស្លាប់ព្រោះតែបុរសម្នាក់ច្រឡំចាប់ដៃនាង ហើយមិនបានស្រលាញ់នាងដែរ!
នារីជនជាតិនៅតែគ្រវីក្បាលតតាត់ ប៉ុន្តែបុរស ខ្មែរនៅតែចចេសពន្យល់៖
-នេះជាសតវត្សទី២១ហើយ! នាងក៏ជានិស្សិតអូស្ត្រាលី នាងជានិស្សិតផ្នែកបច្ចេកវិទ្យាព័ត៌មានផង នាងដឹងហើយថារឿងអស់នេះមិនត្រឹមត្រូវទេ! នាងកុំទុកឲ្យជំនឿទម្លាប់ខុសបែបបទអស់ហ្នឹងដឹកនាំបានណា៎Meddy!
នារីនោះនៅបើកភ្នែកមូលក្លំ ខណៈរាមនរិន្ទនិយាយបន្ត៖
-ព្រោះតែជំនឿផ្ដេសផ្ដាសអស់នេះ នាងបិទខ្លួនឯងពីពិភពលោករហូតដល់៨ឆ្នាំMeddy? នាងធ្វើរឿងជាច្រើនរហូតដល់មិនព្រមផ្តល់សេរីភាពឲ្យបេះដូងខ្លួនឯង! នាងរង់ចាំមនុស្សដែលគ្រាន់តែចាប់កដៃនាង? ស្នេហាវាមិនមែនមានន័យសាមញ្ញដល់ម្លឹងទេ! វាមិនមែនជាការប៉ះពាល់គ្នាដោយរាងកាយទេ តែវាត្រូវការប៉ះពាល់គ្នាដោយចិត្ត និងដួងព្រលឹង! វាជាវត្ថុពិសិដ្ឋជាងគេលើលោកនេះ ថ្លៃជាងឥន្ទប្បដិមា និងជាងអ្វីទំាងអស់ វាមិនមែនគ្រាន់តែឲ្យមនុស្សស្រី និងមនុស្សប្រុសទៅរៀបការតាមធ្វើតាមជំនឿងងឹតងងុលអញ្ចឹងទេ!
ស្រីស្អាតគំហកកាត់៖
-អ្នកកុំតិះដៀលទំនៀមទម្លាប់របស់ពួកខ្ញុំឲ្យសោះ! បើមិនអញ្ចឹងខ្ញុំ និងមិនអត់ឱនឲ្យអ្នកដាច់ខាត! ខ្ញុំជាមនុស្សរបស់កុលសម្ព័ន្ធអាសាដ! ខ្ញុំស្លាប់ក៏ស្លាប់ដោយភាពត្រឹមត្រូវដែរ! ខ្ញុំជាមនុស្សស្រីកខ្វក់ ខ្ញុំគួរឲ្យខ្មាស់ណាស់ទៅហើយ! ខ្ញុំនឹងទទួលការដាក់ទោសរបស់ព្រះ! ការដាក់ទោសពីព្រលឹងលោកពុកខ្ញុំ! លោកដឹងទេ?
អ្នកប្រុសកម្ពុជាមិនឆ្លើយ និងសំនួររវើរវាយរបស់នារីដែលកំពុងលង់ស្នេហ៍តែគេបែរជាពន្យល់នាងវិញ៖
-អត់ទេ Meddy! ព្រោះលោកឪពុកនាងចង់ឲ្យនាងចាកចេញពីទម្លាប់ចាស់អស់នេះ បានជាលោកខិតខំឲ្យនាងទៅសិក្សាដល់ស្រុកឆ្ងាយ! លោកចង់ឲ្យនាងត្រឡប់មកវិញជាមួយរឿងថ្មីៗរបស់ពិភពលោកដែលអាចកែប្រែការរស់នៅរបស់កុលសម្ព័ន្ធអាសាដដ៏អស្ចារ្យរបស់នាង! នាងរៀនផ្នែកតិចណូឡូជី នាងនឹងអាចធ្វើអ្វីៗបានប្រសើរនេះទៅទៀតសម្រាប់កុលសម្ព័ន្ធនេះ នាងជាមនុស្សរៀនសូត្របានជ្រៅជ្រះ និងមានបេះដូងស្មោះ! នាងជាមនុស្សល្អមិនមែនជាមនុស្សកខ្វក់ទេ!
រាជិនីនៃកុលសម្ព័ន្ធអាសាដបើកភ្នែកធំៗព្រោះភ្ញាក់ផ្អើល ប៉ុន្តែសន្សឹមៗនាងទៅជាមមីរហើយទន់ខ្លួនដួលទៅលើកម្រាលក្ដារ។ រាមនរិន្ទតាមពិតត្រូវត្រកងនាង ប៉ុន្តែស្នូរសំណើចតិចៗធ្វើឲ្យគេត្រូវបើកភ្នែកធំៗបែររកមើលជនដែលទើបមកដល់។ នោះគឺនាយរ៉ាទូ បុរសទាបកន្ធាត់ដែលចូលមកដល់ជាមួយកូនចៅខ្មៅក្រអាញពីរនាក់។
-យូរណាស់វើយទម្រាំអេឡាព្រមដេកលក់!
រាមនរិន្ទដែលយល់ការណ៍ ងាកសួរជននោះភ្លាម៖
-លោកឯងធ្វើបាបនាង? ស្រានេះមានថ្នាំពុល?
បុរសកន្ធាត់សើចក្អាកក្អាយក្នុងពេលឌីម៉ាញ័រដៃជើងហើយលើកដៃខ្ទប់មាត់៖
-មិនមែនធ្វើបាបទេ! តែឲ្យនាងសម្រាក! អេឡាបង្ករឿងអត់ប្រយោជន៍ច្រើនណាស់! នាងទន់ខ្សោយពេកហើយ! នាងមិនអាចរកប្រាក់ឲ្យកុលសម័្ពន្ធយើងបានទេ!
រាមនរិន្ទដឹងហើយថាបុរសនេះកំពុងក្បត់ម្ចាស់ស្រីគេដោយធ្វើរឿងអ្វីមួយលាក់កំបាំងនាង។ គេនិយាយមួយៗដោយនឹងន៖
-ឯងត្រូវជាអ្វី និងបក្សពួកលោកអូណ័រនៅភូវីខាន់? ឯងប្រើគេទៅដាក់គ្រាប់បែកនៅ Winter JayaPuraធ្វើអ្វី?
ជនកន្ធាត់សើចស្ញាញ៖
-មិនអញ្ចឹង អាចឲ្យពួកសេដ្ឋីឯងនាំគ្នាមកដល់កន្លែងយើងដែរ?
ឌីម៉ាបើកភ្នែកធំៗដោយភិតភ័យ។ នាងនឹកដល់សម្តីលំអងដែលថានាយKenមកដល់មុនត្រូវថ្នាំសណ្ដំ និងចាប់ជំរិត។ Meddyមើលទៅមិនមែនចង់បានលុយទេ តែលោករ៉ាទូគឺផ្សេង។ សូម្បីម្ចាស់ស្រីគេក៏គេដាក់ថ្នាំសណ្ដំ ចុះចំណែករាមនរិន្ទ?
ប្រយោគរាមនរិន្ទចុងក្រោយ ហាក់ដូចជាគេបានដឹងមុនហើយថាបុរសកន្ធាត់នេះមិនស្រួលទេ ចុះម៉េចក៏គេមិនត្រៀមទុកមុន បើសូម្បីតែពួកនេះមានទំនាក់ទំនងជាមួយពួកបុរសឈ្មោះអូណ័រនៅភូមិភូវីខាន់ក៏គេបានដឹងទៅហើយនោះ?
នាងងាកសម្លឹងទៅប្រុសស្នេហ៍ស្របពេលរាងកាយបុរសអភិជនចាប់ទ្រេតទ្រោត បន្ទាប់មកក៏ដួលស្រុបក្រោមពន្លឺភ្នែកតក់ស្លុតរបស់ស្រីបង្ហាញម៉ូដ។ នាងនៅតែបិទមាត់ខ្លួនឯងដោយរន្ធត់ព្រោះមិនចង់ឲ្យភ្លាត់ចេញមកនូវសំឡេងណាមួយធ្លោយឮដល់ពួកមនុស្សមានល្បិច។ ជាពិសេសនាងដឹងពួកគេកំពុងលើកត្រកងស្ត្រីមានអំណាចឈ្មោះអេឡានោះ និងគ្រារាមនរិន្ទចេញមកជាមួយគ្នា គេប្រហែលជាកំពុងរកច្រកបញ្ជូនអ្នកទំាងពីរចេញពីទីនេះ ម៉្លោះហើយទ្វារក្រោយនេះអាចជាគោលដៅរបស់គេ។ នាងថយក្រោយដោយមិនដឹងខ្លួនសសៀរកាយបិទបាំងបន្លំនៅក្រោមភាពងងឹត ហើយសំងំរង់ចាំមើលបន្តទំាងបេះដូងស្ទើរឈប់លោត។ ក្នុងវិនាទីដ៏រន្ធត់ កេតឌីម៉ាក៏នឹកឃើញដល់រូបរាងលោករ៉ាទូដែលមុននេះដើររលះរលាំងកាត់តាមចម្ការអូលីវតែម្នាក់ឯងឆ្ពោះទៅទិសខាងលិច ឬមួយថាការដែលគេរៀបចំផែនការដាក់គ្រាប់បែកនៅWinter JayaPuar គឺមានចេតនាឲ្យបណ្តាអ្នកដែលចង់បានឥន្ទប្បដិមាតាមមកដល់ទីនេះ? បន្ទាប់មកគេក៏ក្បត់ម្ចាស់ និងរៀបចំផែនការដាក់ថ្នាំសណ្តំនេះដើម្បីជំរិតទារប្រាក់មែន?
ភ្លាមនោះបុរសទំាងបីចាប់លើកគ្រាអ្នកសន្លប់ដើរវឹងកាត់ពីមុខនាងស្រាលស្ងើកដូចជាមានជំនាញសម្បើមណាស់។ ពួកគេចុះពីផ្ទះឈើដោយប្រញាប់ប្រញាល់ដោយមានស្រីស្អាតដែលកំពុងញ័រប្រាណចំប្រប់សសៀរតាមពីក្រោយផង។ មកដល់ជាន់ខាងក្រោមឌីម៉ាឃើញស្ត្រីចំណាស់ដែលមុននេះជាអ្នកលើកទឹកឡើងទៅលើផ្ទះស្ទុះមកប្រតាយប្រតប់ជាមួយពួកគេដោយនិយាយភាសាអ្វីដែលនាងស្តាប់មិនយល់សោះ។ កាយវិការស្ត្រីនោះហាក់បីដូចជាចង់ការពារអេឡារបស់គាត់ ប៉ុន្តែត្រូវបានគេច្រានដួលច្រងាប់ច្រងិលហើយសន្លប់ឈឹងនៅមាត់ទ្វារបន្ទប់អាហារ។ ឌីម៉ាសរសើរខ្លួនឯងដែលទប់ចិត្តបានល្អមិនចចេសចូលទៅជួយទាំងទទឹងទិសដូចស្ត្រីនោះ បើពុំនោះទេនាងក៏ប្រហែលជាអ្នកដែលត្រូវដេកដួលបន្ទាប់ពីនោះដែរហើយ។
មកដល់ខាងក្រោមគ្នីគ្នារបស់បុរសរ៉ាទូបីនាក់ផ្សេងទៀតរត់មកដល់ហាក់បានរៀបគម្រោងទុកជាមុនម៉ត់ចត់ណាស់។ បុរសចំណាស់ដែលទំនងជាមេកើយគេក្នុងគម្រោងការណ៍ទុច្ចរិតដែលក្បត់សូម្បីតែម្ចាស់ឯងនេះនិយាយបញ្ជាទៅកាន់ពួកគេដោយភាសាអួលៗរបស់កុលសម្ព័ន្ធអាសាដចាត់ចែងនាំអេឡាទៅកាន់ទិសដៅផ្សេង ចំណែកអ្នកប្រុសកម្ពុជាត្រូវបានបុរសមាឌមាំបីនាក់នាំរត់តម្រង់ទៅចម្ការអូលីវដែលមុននេះឌីម៉ាបានឃើញលោករ៉ាទូរត់ទៅម្ដងរួចទៅហើយ។
ដោយសារជម្រាលស្មៅដែលពួកគេនាំយកបុរស កម្ពុជាទៅនោះមិនមានភាពស៊ុបទ្រុបអំណោយផលដល់ការលាក់ខ្លួនបានធ្វើឲ្យនារីបង្ហាញម៉ូដទីទើរថានាងគួរបន្តទៅតាមពួកគេទៀត ឬមួយរត់ទៅរាយការណ៍ដល់ពួកអង្គរក្ស?
តរុណីដឹងស្រេចហើយថាទោះបីជានាងទៅទាន់ពួកនោះក៏គ្មានអ្វីអាចស៊ូនឹងគេរួចឡើយ ប៉ុន្តែចុះបើត្រឡប់ទៅតាមនាយវឿនហើយត្រូវបាត់ដានរាមនិន្ទត្រូវគិតយ៉ាងណាវិញ? មួយវិញទៀតមុនពេលចេញមកនាងបានទៅរកពួកអង្គរក្សទំាងនោះដែរ ប៉ុន្តែហាក់គ្មានអ្នកណាម្នាក់ដែលថាមិនស្រវឹងនោះទេ។ ប្រសិនបើលោករ៉ាទូពិតជាមានគំនិតមិនល្អមែន គេប្រាកដជាបានលាយថ្នាំក្នុងស្រា ដូច្នេះពួកបុរសឃើញសុរាភ្លេចអាត្មាទាំងនោះគ្មានអ្នកណាអាចគេចពីត្រូវសណ្ដំទេ។
គិតដល់ត្រង់នេះ នារីដឹងថាការបកក្រោយទៅរកពួកគេមានតែធ្វើឲ្យខាតបង់ពេលវេលាតែប៉ុណ្ណោះ។ នាងរក្សាគម្លាតពីក្រុមទុច្ចរិតក្នុងចម្ងាយគួរសម ដូច្នេះពេលពួកគេនាំរាមនរិន្ទទៅដល់កូនផ្ទះឈើមួយកេតឌីម៉ាត្រូវបន្តលាក់ខ្លួនឃ្លាតប្រមាណ៣០ម៉ែត្រពីទីនោះ រហូតដល់ពួកគេចេញមកវិញបាត់ ទើបនាងហ៊ានចូលទៅក្បែរកូនផ្ទះ ពិនិត្យមើលស្ថានភាពប្រុសស្នេហ៍។
ដោយសារទ្វារផ្ទះត្រូវបានចាក់ពីក្រៅជាប់ កេតឌីម៉ាត្រូវទញ់ទាល់ដោយសារនាងមិនដឹងថានឹងមានវិធីណាអាចជួយម្ចាស់ចិត្តឲ្យចេញមកបានឡើយ។ នារីប្រឹងគោះទ្វារទាំងមាត់ស្រែកហៅតិចៗ៖
-លោកប្រុសរាម! លោកប្រុសរាម!
ស្ងាត់សូន្យ ឮសូរតែវាយោថ្ងួចថ្ងូរគួរឲ្យព្រឺព្រួច។ នាងក្រមុំងាកមើលជុំវិញនោះ ក្រែងអាចរកឃើញមធ្យោបាយចូលទៅកាន់ផ្ទះឈើបាន។ ក្រៅពីវាលស្មៅឆ្ងាយដាច់កន្ទុយភ្នែក និងស្រមោលពណ៌ខ្មៅនៃព្រៃប៉ប្រះមាត់បឹង នាងគ្មានឃើញស្រមោលមនុស្សសូម្បីតែម្នាក់ឡើយ។
កេតឌីម៉ាចាប់លូកដៃរាវរកពិលតូចក្នុងហោប៉ៅរួចចាប់ដើរក្រឡឹងជុំវិញផ្ទះក្នុងបំណងស្វែងរកវត្ថុរឹងអ្វីមួយដែលអាចកាត់ផ្តាច់ច្រវាក់សោនោះបាន ប៉ុន្តែកុំថាឡើយពូថៅកាំបិត ឬដែករឹង សូម្បីអុសមួយអង្គត់ក៏គ្មានដែរ។ ក្នុងគ្រាអស់សង្ឃឹមនាងទទួលអារម្មណ៍ថាបាតជើងហាក់ជាន់ប៉ះអ្វីមួយគគ្រើម។ឌីម៉ាឱនចុចពិលពិនិត្យ បន្ទាប់មកក៏ទទួលអារម្មណ៍កាន់តែរន្ធត់។ នោះគឺជាក្រវិលមួយចំហៀង ដែលនាងស្គាល់ថាជារបស់លំអង។ ប្រសិនបើវាត្រូវបានរកឃើញនៅទីនេះ មានន័យថា លំអងមុនពេលរត់ទៅដល់កំពង់ផែគឺបានមកដល់កន្លែងនេះ?។ ឌីម៉ាបើកភ្នែកធំៗដោយភ្ញាក់ផ្អើលពេលនាងនឹកឃើញដល់រូបរាងភ័យរន្ធត់របស់លំអង និងពាក្យអង្វររបស់នាង។
“បើអញ្ចឹងមានតែពួកគេត្រូវចាប់មកកន្លែងនេះ? ក្បែរៗនេះគ្មានផ្ទះទៀតទេ ឬមួយលោករ៉ាទូក៏ឃុំពួកគេក្នុងផ្ទះនេះដែរ?”
នាងក៏នឹកឃើញដល់ពាណិជ្ជករដែកថែបក្នុងពេលតំណាលគ្នា។ បុរសនោះត្រូវថ្នាំសណ្តំមិនទាន់អាចចេញមកបាននៅឡើយ ចុះតើគេនៅឯណាបើទីនេះគ្មានកន្លែងណាផ្សេងផង?។
កេតឌីម៉ាងាកមករកផ្ទះនោះវិញ ដោយក្តីសង្ស័យលេចធ្លោក្នុងចិត្តថា ឬមួយបុរសទំាងពីរត្រូវឃុំក្នុងកន្លែងនេះជាមួយគ្នា?
សាជាថ្មី នាងដើរក្រឡឹងជុំវិញជញ្ជាំងរកមើលក្រែងមានចន្លោះណាមួយអាចសម្លឹងទៅខាងក្នុងផ្ទះបាន ទីបំផុតនាងក៏រកឃើញប្រលោះឈើពុកតូចប៉ុនចុងក្រចកមួយ។ ដើម្បីបានសម្លឹងទៅខាងក្នុងនាងត្រូវប្រើកូនកាំបិតបត់ដែលយកមកតាមនោះឆ្កៀលចោះបន្ថែមទំហំវារួចទើបអាចបញ្ចាំងពិលសម្លឹងមើលទៅខាងក្នុង។
បន្ទប់ឈើដែលគ្មានពន្លឺ និងពឹងពាក់លើពន្លឺពិលដែលជះចូលទៅបន្តិចបន្តួច គួបផ្សំនឹងប្រឡោះនោះតូចមិនអាចជួយឲ្យនារីមើលឃើញអ្វីៗនៅខាងក្នុងច្បាស់ដូចការគិតទុកទេ។ បន្ថែមពីលើនោះវត្ថុរឹងមួយប៉ះយ៉ាងដំណំលើកញ្ចឹងកនាង ធ្វើឲ្យស្រីស្រស់របូតពិលពីដៃហើយដួលត្មោលទៅលើស្មៅ។
….ពេលវេលាកន្លងទៅយូរប៉ុណ្ណាក៏មិនដឹង ប៉ុន្តែកេតឌីម៉ាត្រូវបានដាស់ឲ្យភ្ញាក់មកវិញ។ ក្បាលនាងធ្ងន់ដូចងើបពីគ្រុន ហើយភ្នែកទាំងគូផ្សារក្ដៅដូចត្រូវគ្រាប់ខ្សាច់ចូលទន្ទ្រាន។ នៅពេលសម្លឹងឃើញដំបូលស្លឹក រួចរេមើលគ្រាប់ភ្នែកមើលស្ថានភាពជុំវិញខ្លួន ស្រីស្អាតស្ទុះស្ទាខំប្រឹងច្រត់ដៃក្រោកអង្គុយព្រោះហេតុការណ៍អកុសលកាលពីយប់បានសណ្ឋិតមកក្នុងអារម្មណ៍សាជាថ្មី។
តាមរយៈពន្លឺព្រាលៗនៃព្រះទិនករដែលប្រែជាពណ៌ប្រផេះស្រអាប់ដោយចុះចាញ់ផ្សែងអព្ភត្រជាក់ ពេលព្រហាមជះចូលតាមចន្លោះធ្នឹម ធ្វើឲ្យតរុណីភ្ញាក់ដូចគេកន្ត្រាក់ដោយសារនាងបានឃើញបុរសមាឌធំពីរនាក់កំពុងដេកស្ដូកស្ដឹងមិនដឹងខ្លួននៅអមសងខាងខ្លួន គឺម្នាក់ក្បែរបាវស្រូវម្នាក់ទៀតក្បែរជើងសសរ។
កេតឌីម៉ាសម្លឹងទៅរាងកាយបុរសដែលនាងធ្លាប់ឲ្យបេះដូង។ ពាណិជ្ជករដែកថែបដ៏ស្រស់សង្ហាដែលបានកសាងគម្រោងការណ៍ល្អិតល្អន់ដើម្បីប្រជែងជាមួយបុត្រាទោលនៃគ្រួសារអ្នកតំណាងរាស្ត្រដោយប្រាថ្នាយកឥន្ទប្បដិមាមកគ្រប់គ្រងឲ្យទាល់តែបាននោះ កំពុងដេកស្ងៀមគ្មានកម្រើកដោយទឹកមុខស្លេកស្លាំង។ បែកគ្នាតែប៉ុន្មានថ្ងៃស្ថានភាពគេប្រែប្រួលដល់ថ្នាក់នេះធ្វើឲ្យសូម្បីតែកេតឌីម៉ាក៏ត្រូវភ្ញាក់ផ្អើល។ នាងភ្លាត់មាត់ដោយសង្វេគចិត្ត៖
“បងKen?”
ទីបំផុតគេនៅទីនេះដូចការស្មានរបស់នាងកាលពីយប់មែន។ ចានបាយក្រៀមក្រញ៉ង់ជះក្លិនផ្អូមឆួលដែលនៅចោលក្បែរនោះ ព្រមទាំងផ្តិលទឹកមួយផង អាចជួយឲ្យនារីដឹងបានថាបុរសអភិជនកូនកាត់ខ្មែរចិនប្រហែលអាចដឹងខ្លួនវិញកាលពីពេលណាមួយតែបាយចំណីនេះប្រហែលជាមានលាយថ្នាំសណ្ដំបន្ថែមដើម្បីឲ្យគេដេកលក់ទៅវិញទៀត។
រូបរាងរបស់នាយKen នៅពេលនេះ ធ្វើឲ្យតរុណីកាន់តែជឿថាសម្ដីទំាងប៉ុន្មានរបស់លំអងគឺជាការពិត។ បុរសឈ្មោះរ៉ាទូដែលក្បត់ម្ចាស់ហើយដែលបានរៀបចំអន្ទាក់នេះ គឺប្រាកដណាស់ថាមានបំណងចង់បានប្រាក់ពីគ្រួសារអភិជនទាំងពីរដែលដើរមកចូលរកអន្ទាក់ដោយខ្លួនឯង។
នឹកដល់ត្រង់នេះ កេតឌីម៉ាងាកភ្លែតមករករាមនរិន្ទ។
នាងស្ទុះចូលក្បែរបុរសម្ចាស់បេះដូងថ្មីដែលនាងគិតថាចង់ធ្វើជាសត្វត្រចៀកកាំហើរលើមេឃជាមួយនាយ។ គេក៏នៅស្ងៀមឈឹង ឥតកម្រើកក្រោមឥទ្ធិពលនៃស្រាកាលពីយប់។ បុរសនេះមិនត្រឹមតែជាអ្នកមានប្រាក់ទេ ប៉ុន្តែជីវិតរបស់គេគឺជាក្ដីសង្ឃឹមតែមួយគត់របស់គ្រួសារអ្នកនយោបាយដ៏ល្បីនៅភ្នំពេញ។ នាងដឹងថាពួកមនុស្សអាក្រក់បានចាត់ទុកគេថាជានុយរកប្រាក់ដ៏សំខាន់បំផុតមួយ។ ប៉ុន្តែសម្រាប់នាង សុវត្ថិភាពរបស់គេគឺជាអ្វីគ្រប់យ៉ាង។ នារីស្ទុះទៅក្បែរនាយរួចអង្រួនហៅ៖
-លោកប្រុសរាម! លោកប្រុសរាម! ក្រោកឡើង!
សំឡេងនាងទៅជារអាក់រអួល ព្រោះថាគេនៅតែស្ងៀមឈឹងដូចគ្មានជីវិត៖
-លោកប្រុសរាម! ក្រោកឡើងណ៎ា! យើងចេញពីកន្លែងនេះ!
បុរសធំខ្ពស់នៅតែដេកស្ងៀមនៅលើធរណីក្រោមពន្លឺភ្នែកតក់ស្លុតរបស់ស្រីស្អាតដែលមិនសូវមានប្រាជ្ញា។
នាងងើបមុខរេភ្នែកសម្លឹងជុំវិញខ្លួន រួចបញ្ឈប់កែវនេត្រានឹងថ្កល់នៅមុខទ្វារដែលកាលពីយប់មិញនាងឃើញមានចាក់សោពីក្រៅជាប់។ ដែលចម្លែកបំផុត គឺទ្វារនោះពេលនេះបើកចំហធ្លុងបង្ហាញលំហមេឃភ្លឺស្រទំនៅខាងក្រៅ។ កេតឌីម៉ាយកដៃស្ទាបកញ្ចឹងកខ្លួនឯងដែលនាងនៅចាំបានថាមានជនណាម្នាក់ទើបមកដល់ពីក្រោយខ្នងហើយវាយនាងប្រាថ្នាឲ្យសន្លប់រួចទើបទាញនាងយកមកឃុំទុកជាមួយនឹងបុរសទាំងពីរ។ ប៉ុន្តែហេតុអីម្នាក់នោះបែរជាចេញទៅវិញដោយមិនចាក់សោរពីក្រៅ?ទោះបីល្ងង់យ៉ាងណា នាងក៏មិនដល់ថ្នាក់អូសបន្លាយស្ថានភាពគ្រោះថ្នាក់នេះឲ្យវែងតទៅមុខទៀតដែរ។ ស្រីបង្ហាញម៉ូតចាប់ផ្តើមស្រែកហៅប្រុសស្នេហ៍តិចៗសាជាថ្មី៖
-លោកប្រុសរាមៗ?
បុរសនៅតែមិនកម្រើក ធ្វើឲ្យនារីសម្លឹងមើលស្ថានភាពគេទំាងសង្វេគក្នុងចិត្ត។ មួយយប់ទល់ភ្លឺទៅហើយ បើគេត្រូវសណ្ដំគេគួរតែដឹងខ្លួនវិញ ឬមួយនោះមិនត្រឹមតែជាថ្នាំសណ្តំ តែជាថ្នាំបំពុលទេ?
ទោះនាងមិនដឹងថាតើផ្លូវទៅមុខកាត់ចម្ការអូលីវ និងចាកចេញពីភូមិគ្រឹះអេឡាត្រូវឆ្លងកាត់ឧបសគ្គអ្វីខ្លះទេ ប៉ុន្តែនាងដឹងតែម្យ៉ាងថានាងត្រូវតែគ្រាបុរសនោះទៅ។ មនុស្សស្រីល្ងង់ផង មានះផងបានត្រកងកាយបុរសដែលនាងតែងនែបនិត្យជិតកាយជានិច្ចកាលពីគ្រាសុខសាន្តកន្លងមក ហើយនេះជាវេនដែលបន្ទាប់ពីរួមសុខគឺរួមទុក្ខជាមួយគ្នាម្ដង។ គេធ្ងន់ផង ខ្ពស់ផង ការយោងរាងកាយគេគឺលំបាកយ៉ាប់យ៉ឺនជាងលើកអង្ករមួយបាវទៅទៀត ប៉ុន្តែទំហំចិត្តស្នេហារបស់នាងចំពោះអ្នកប្រុសមានអំណាចអាចបង្ខំឲ្យនាងធ្វើបាននូវបណ្ដារឿងដែលធ្លាប់តែគិតថាហួសពីសមត្ថភាព។
មុនពេលចាកចេញទៅ កេតឌីម៉ាទុចដំណើរនៅត្រង់មាត់ទ្វារហើយបែរក្រោយសម្លឹងបុរសម្នាក់ទៀតដែលកំពុងដេកស្ងៀមឥតកម្រើកម្នាក់ឯង។គេឯកោសារជាថ្មី។
នោះជាបុរសដែលនាងធ្លាប់ធ្វើអ្វីគ្រប់យ៉ាងដើម្បីគេ ហើយក៏ជាបុរសដែលឃើញនាងរងគ្រោះថ្នាក់នៅនឹងភ្នែក ប៉ុន្តែគេនៅតែបន្តជំហានចាកចេញទៅព្រោះនាងលែងមានតម្លៃឲ្យគេប្រើប្រាស់។ ទឹកភ្នែកនាងក្រមុំស្លូតត្រង់ធ្លាក់ចុះសាជាថ្មីមុនពេលនាងបែរខ្នងចាកចេញ។
“Ken! មិនមែនខ្ញុំចង់សងសឹកចំពោះចិត្តស្មោកគ្រោករបស់លោកទើបខ្ញុំធ្វើអញ្ចឹងទេ ប៉ុន្តែខ្ញុំពិតជាគ្មានលទ្ធភាពជួយលោកមែន! បើខ្ញុំ និងរាមនរិន្ទមានវាសនាបានចាកចេញពីកន្លែងនរកនេះ ខ្ញុំនឹងគិតពីលោកតាមក្រោយ! តែបើខ្ញុំមកវិញមិនទាន់វាជាវាសនាកម្មរបស់លោក”។
នារីឈានមកដល់មាត់ទ្វារខាងក្រៅប៉ះនឹងចំហាយខ្យល់ត្រជាក់ដូចជារដូវរងានៅទ្វីបអឺរ៉ុប។ នាងប្រឹងដើរបានប៉ុន្មានជំហានទៀត ប៉ុន្តែត្រចៀកបែរជាឮសូរស័ព្ទហៅតិចៗមកពីក្រោយខ្នង។
-ជួយផង!
នាងបើកភ្នែកមូលក្លំដោយរន្ធត់។ នោះគឺសំឡេងនាយKenនាងនៅចាំច្បាស់ណាស់។ ឬមួយថាគេដឹងខ្លួនមកវិញហើយ?
កេតឌីម៉ាបែរក្រោយភ្លែត។ រាងកាយពាណិជ្ជករដែកថែបកម្រើកខ្វៀកៗក្រោមពន្លឺភ្នែកតក់ស្លុតរបស់ នាង។ នាងភ្លាត់មាត់ហៅ៖
-បងKen?
បុរសនោះតបវិញខ្សាវៗ៖
-អ្នកណា? លំអង? ឌីម៉ា? ជួយ…ជួយ…ជួយផង…
បុរសនៅស្មាម្ខាងដែលខ្លួនកំពុងគ្រាហាក់ធ្ងន់ឡើងៗ ជាសញ្ញាដាស់នាងថានាងគ្មានពេលបង្អង់យូរទេ។ ស្រីស្អាតកាត់ចិត្តចាកចេញទៅចោលបុរសដែលកំពុងរវើរវាយស្រែករកជំនួយ។
ដើរបន្តបានពីរបីជំហានទាំងចិត្តក្ដុកក្ដួល នាងភ្លាត់ជើងបាត់ជំហរទន់ជង្គង់ដួលស្រ៊ុប។ដោយសារស្នាមឈឺលើកញ្ចឹងកផង ក្បាលក៏ធ្ងន់ពាប់ដោយទើបក្រោកពីសន្លប់ផងណាមួយយោងបុរសម្នាក់មកដោយត្រដាបត្រដួសទៀត ក្នុងពេលភ្លាត់ជើងដោយសារផុងដីស្មៅសើមដោយទឹកសន្សើមនាងពិតជាគ្មានកម្លាំងឯណា និងតស៊ូរក្សាជំហរបានទៀតទេមានតែបណ្ដោយទៅតាមរាងកាយដែលទន់ល្ងៀកនោះតែម្ដង ប៉ុន្តែចេះសំណាងល្អរាងកាយនាងមិនអាចធ្លាក់ដល់ដីបានដោយសារមានរង្វង់ដៃដែលនាងធ្លាប់ស្គាល់ក្រឡាស់មកត្រកងខ្លួនប្រាណស្រីបានទាន់ពេលវេលា។
ចង្កេះស្ថិតនៅលើដៃគេ ឯដៃខ្ក៏តោងកគេជាប់ ក្នុងពេលកែវភ្នែកសម្លឹងទៅបបូរមាត់ស្រស់សង្ហាដែលប្រែក្រៀមស្លេកដោយអាកាសធាតុត្រជាក់។ ទោះបីផ្ទៃមុខរាមនរិន្ទត្រូវចុះចាញ់ឥទ្ធិពលអាកាសធាតុ និងការដេកហាលសន្សើមពេញមួយយប់ ប៉ុន្តែគេនៅតែរក្សាបានភាពជាប្រុសស្អាតរបស់ខ្លួន។
គេញញឹមតិចៗនៅចំពោះកែវភ្នែកភ្ញាក់ផ្អើលរបស់ស្រីតូចក្នុងរង្វង់ដៃ។
-ដើរខ្លួនឯងមិនជាប់ផង ចង់មកគ្រាកូនកម្លោះគេយកទៅទុកធ្វើប្ដីអ្ហីកេតឌីម៉ា?
ស្រីស្អាតអរភើត។ ស្មារតីបុរសនេះស្រាប់តែត្រឡប់មកវិញដូចទេពនិម្មិតធ្វើឲ្យនាងភ្លេចយកចិត្តទុកដាក់នឹងពាក្យដៀមដាមរបស់គេ។ ស្រីស្រស់ស្ទុះចុះដល់ដីហើយតោងដៃអ្នកកម្លោះសម្លឹងគេពីលើដល់ក្រោមមុនពេលស្រវាឱបនាយដោយរំភើបដូចមនុស្សស្រេកទឹកជិតស្លាប់ដើរជំពប់ និងទឹកទន្លេ។
កាលដែលនាងមិននិយាយស្តី ប៉ុន្តែឱបបុរសតឹងណែនក្នុងរង្វង់ដៃបញ្ជាក់ហើយថាការដឹងខ្លួនមកវិញរបស់នាយគឺជាក្តីសង្ឃឹមដ៏លើសលប់សម្រាប់នាង ប៉ុន្តែដែលរាមនរិន្ទកាន់តែរំភើបគឺនាងបានបោះបង់ចោលសង្សារចាស់របស់នាងក្នុងគ្រាដ៏គ្រោះថ្នាក់បំផុត ហើយជ្រើសយកអ្នកប្រុសដើម្បីចាកចេញពីទីនេះជាមួយគ្នា។
-ដាច់ចិត្តទៅចោលសង្សារចាស់មែនអ្ហេស៎?
អ្នកប្រុសសួរនាងតិចៗទោះបីគេដឹងចម្លើយស្រេចហើយក្តី។ ស្រីស្អាតដែលញញឹមដោយភាពត្រេកអរមិនរវល់នឹងអ្វីទាំងអស់ព្រោះសុវត្ថិភាពនាយគឺជាខ្យល់ដកដង្ហើមរបស់នាង។ នាងសួរគេវិញ៖
-លោកប្រុសរាមដឹងខ្លួនយូរហើយ?
បុរសមិនឆ្លើយ តែគេបែរជាងាកក្រោយ។ កេតឌីម៉ាងាកក្រោយតាមគេដែរ នាងឃើញពាណិជ្ជករដែកថែបកំពុងវារតិចៗមកដល់មាត់ទ្វារ។ កែវភ្នែកគេសម្លឹងមកអ្នកទាំងពីរហាក់បង្ហាញចេញនូវភាពអង្វរករច្បាស់ណាស់។ មាណវីចាប់ផ្ដើមពិបាកចិត្ត នាងងាកមកមើលរាមនរិន្ទ ទោះនាងមិននិយាយតែភ្នែកស្រីស្អាតបញ្ជាក់ហើយថានាងចង់រកមធ្យោបាយជួយបុរសនោះដែរ។
សំឡេងរាមនរិន្ទលាន់តិចៗមកកាន់នាង៖
-អា Kenត្រូវថ្នាំគេខ្លាំងបន្តិចហើយ! មើលវាចុះ ដើរក៏មិនរួចផង!
កេតឌីម៉ាសម្លឹងមកប្រុសស្នេហ៍ដោយព្រួយបារម្ភ៖
-ចុះបង?
រាមនរិន្ទងាកមកសម្លឹងស្រីម្ចាស់បេះដូងគេ និយាយតបសំនួរនាង៖
-បងអត់បានផឹកស្រាដែលMeddyបានផឹកនោះទេ ព្រោះកាន់តែនៅផ្ទះនោះយូរ បងកាន់តែសង្ស័យ។ ពេលបងគិតពីសម្តីអូន បងកាន់តែប្រយ័ត្នខ្លួន! ប៉ុន្តែទោះយ៉ាងណាបងនៅតែសន្លប់បាន គ្រាន់តែមិនធ្ងន់ដូចអាKen! ថ្នាំសណ្តំមិនមែនមានតែនៅក្នុងស្រាពីរកែវនោះទេ តែប្រហែលមានក្នុងម្ហូបម្ហាតាំងពីល្ងាច!
ឌីម៉ារេភ្នែករិះគិត។ នាងនឹកឃើញដល់ពួកអង្គរក្សដែលដេករណូករណែលបន្ទាប់ពីជប់លៀងរួច។ពួកគេត្រូវថ្នាំសណ្តំពិតណាស់។
នាងមិនទាន់ថាយ៉ាងណាផង បុរសនិយាយមកមុន៖
-ព្រឹកមិញបងដឹងខ្លួនក៏ក្រោកអត់រួចដូចគ្នា តែមីងម្នាក់នោះចូលមកដល់ គាត់ដាក់ថ្នាំទឹកអីម្យ៉ាងធំក្លិនអាក្រក់ចូលមាត់បង ដំបូងបងគិតថាគាត់សម្លាប់បង ប៉ុន្តែតាមពិតគាត់ដូចជាជួយបងវិញទេ ព្រោះថ្នាំហ្នឹងធ្វើឲ្យបងកម្រើកកម្លាំងធម្មតាវិញភ្លាមៗ។ គាត់អត់ចេះនិយាយអង់គ្លេស ដូច្នេះគាត់ធ្វើដៃជើងបងនៅតែស្តាប់គាត់មិនយល់ ទំនងអស់សង្ឃឹមគាត់ក៏ចេញបាត់ទៅ តែគាត់ចំហទ្វារទុកឲ្យ!
ឌីម៉ាតបវិញភ្លាម៖
-មីងហ្នឹងប្រាកដជាមនុស្សជំនិតស្មោះត្រង់នឹងនាងអេឡា! យប់មិញគាត់ត្រូវតារ៉ាទូវាយសន្លប់នៅមុខបន្ទប់បាយ!
និយាយដល់ត្រង់នេះនាងចាប់អារម្មណ៍ដឹងថាកាលដែលនាងដឹងខ្លួនមកវិញ ព្រោះកូនប្រុសអ្នកនយោបាយដាស់នាងឲ្យក្រោក ប៉ុន្តែដោយសារនាយKenនៅទីនេះដែរគេក៏មានបំណងចង់ពិសោធន៍ចិត្តនាងផង ទើបសម្ងំធ្វើជាសន្លប់បន្ត រង់ចាំមើលថាស្មានាងទុកសម្រាប់គ្រាអ្នកណាម្នាក់ចេញក្នុងចំណោមបុរសទាំងទ្វេ។ ដៀងសម្លឹងទៅរកបុរសមានល្បិចដែលកំពុងរមួលខ្លួនដោយល្វើយក្បែរមាត់ទ្វារ កេតឌីម៉ានិយាយបន្តដោយមិនអស់ចិត្ត៖
-បើលោករ៉ាទូចង់ចាប់ពួកបងជំរិតយកលុយមែន! គេចាំបាច់អីចាំដល់យប់បានដាក់ថ្នាំសណ្ដំក្នុងស្រាពីរកែវចុងក្រោយនោះ? ម៉េចមិនចាត់ការតាំងពីល្ងាចតែម្ដង!
រាមនរិន្ទរិះគិតដោយស្មុគស្មាញ គេស្រាប់តែបើកភ្នែកធំៗ៖
-វរហើយ! Meddy?
ឌីម៉ាទើបតែយល់ពីអ្វីដែលគេចង់និយាយ។ នាងចាប់ផ្ដើមយល់បណ្តើរៗថា បុរសនោះរង់ចាំឱកាសអេឡារបស់គេសំណេះសំណាលជាឯកជនជាមួយរាមនរិន្ទសិន ដើម្បីគេទទួលបានព័ត៌មានពីឥន្ទប្បដិមា។ នេះបញ្ជាក់ថាកាលនៅJayapuraបុរសកន្ធាត់គ្មានរបស់នោះក្នុងដៃទេ។ គេរៀបចំពិធីដេញថ្លៃដើម្បីតែបង្កចលាចល និងនាំចិត្តសេដ្ឋីទាំងទ្វេឲ្យប្រជែងគ្នាមកកាន់កោះស្មៅលឿងតែប៉ុណ្ណោះ។ ហើយដែលរាមនរិន្ទភ្លាត់មាត់ពេលនេះទៀតសោត ក៏មានន័យថា អេឡានោះកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។
កាលពីយប់មិញ នាងរំលឹកជាញយដងថាផែនទីនៅក្នុងវត្ថុនោះត្រូវបានឆ្លាក់នៅលើខ្នងរបស់នាងទៅហើយ ដើម្បីបានវត្ថុនោះ តើពួកគេអាចប្រមាថភាពបរិសុទ្ធរបស់នាង ឬសម្លាប់នាងចោលដើម្បីយកវត្ថុនោះដែរទេ?
ស្រីបង្ហាញម៉ូដបើកភ្នែកមូលក្លំដោយរន្ធត់។ នាងងាកសម្លឹងមករកបុរសម្ចាស់ចិត្តទន្ទឹមពេលឃើញគេស្ទុះទៅគ្រានាយ Ken។ នាងដឹងថា បុរសនោះធ្វើអាក្រក់ច្រើនយ៉ាងនេះហើយក៏រាមនរិន្ទនៅតែជួយយកអាសាគេព្រោះគេជាមនុស្សមកពីស្រុកជាមួយតែប៉ុណ្ណោះ។
នាងដើរតត្រុកតាមគេទំាងពីរក្រោមផ្សែងអព្ភរងានាពេលព្រឹកព្រហាម។ ពាណិជ្ជករម្ចាស់សហគ្រាសCam Steelនិយាយញ័រៗព្រោះរណ្តំថ្គាម៖
-បងរាម ចេញតាមក្រោយចម្ការវិញ!
រាមនរិន្ទយល់ថានាយKenស្គាល់ផ្លូវក្រោយនោះ ប្រហែលជាគេមិនត្រូវបានអញ្ជើញដោយអេឡាចូលផ្ទះធំទេ ប៉ុន្តែគេបានចូលមកក្នុងអន្ទាក់របស់លោករ៉ាទូដោយខ្លូនឯង។ គេបែរក្រោយ តាមពាក្យ នាយនោះប្រាប់ ប៉ុន្តែក្នុងចិត្តនៅតែគិតមមៃដល់ស្ត្រីក្មេងនៃកុលសម្ព័ន្ធអាសាដ។ សេចក្តីសុខរបស់នាងជាបំណងប្រាថ្នារបស់នាយដោយសារស្ត្រីនោះមានភាពស្មោះត្រង់ និងការលះបង់គួរឲ្យរំភើប ប៉ុន្តែទោះបីយ៉ាងណាក្នុងស្ថានភាពនេះ គេមិនមានលទ្ធភាពអីក្នុងការត្រឡប់ទៅរកនាងទេ ម៉្យាងដោយសារទីនេះជាដីរបស់នាងផង គេនៅតែមានសង្ឃឹមថានារីនោះនឹងត្រូវបានអ្នកផ្សេងជួយសង្គ្រោះទាន់ពេល ព្រោះស្រី្តចំណាស់ដែលជិតដិតនឹងនាងក៏បានដឹងពីរឿងរ៉ាវអស់នេះហើយ។
ពួកគេប្រើពេលយូរគួរសមទម្រាំចេញផុតពីចម្ការមកទាល់នឹងមាត់បឹង។ យ៉ាងហោចណាស់អ្នកទាំងពីរដឹងថាបើអាចឆ្លងទឹកនោះបាន គឺគេកាន់តែឆ្ងាយចេញពីកុលសម្ព័ន្ធអាសាដហើយ ចំណែករទេះសេះដែលរង់ចាំពួកគេគឺនៅម្ខាងទៀត។
កូនប្រុសអ្នកនយោបាយដែលបែកញើសជោគរាងកាយ ទាំងអាកាសធាតុកំពុងត្រជាក់ល្ហឹមនោះងាកមកពិគ្រោះជាមួយស្រីស្នេហ៍៖
-អូននៅចាំកន្លែងនេះ! បងចូលទៅរកវឿន និងអ្នកផ្សេងទៀត!
ឌីម៉ាដែលដឹងចិត្តអ្នកប្រុសច្បាស់ នាងដឹងថាទោះយ៉ាងណាគេមិនចេញចោលអង្គរក្សជំនិតដែលធ្លាប់ប្ដូរជីវិតការពារគេនោះឡើយ។ នាងចង់ព្យាយាមពន្យល់ប៉ុន្តែនឹកមិនទាន់ចេញពាក្យនិយាយផង នាយ Kenបន្លឺមុន៖
-បងរាម! យើងរក្សាជីវិតសិន ចាំជួយពួកគេតាមក្រោយ! ឲ្យតែទៅដល់ខាងណោះ យើងរកទាហានឲ្យមកជួយក៏មិនយឺតពេលដែរ ពួកគេចង់បានលុយ មិនមែនចង់សម្លាប់ពួកអង្គរក្សអស់ហ្នឹងទេ!
រាមនរិន្ទជ្រួញចិញ្ចើមសញ្ជឹងគិតក្រោមក្រសែភ្នែកព្រួយបារម្ភរបស់នារីរូបល្អដែលប៉ើងសក់រតាត់រតាយដោយការរត់លូន។ ជាការពិត ទោះបីគេចង់ជួយមនុស្សគ្រប់គ្នា ប៉ុន្តែនាងនៅតែជាអាទិភាព។បុរសម្នាក់ដែលស្រលាញ់ស្រីម្នាក់ស្មើនឹងជីវិតរបស់គេ ក្នុងកាលៈទេសៈដែលលំបាកបំផុត សេចក្ដីសុខដែលនាយចង់បាន គឺឃើញនាងមានសុវត្ថិភាព…..
…រាមនរិន្ទក៏ស្ថិតនៅក្នុងស្ថានភាពនោះដែរ….
វគ្គទី២២
៣ឆ្នាំចាំស្នេហ៍
…នៅពេលនេះគឺម៉ោង៩ព្រឹក….ម៉ោងនៅរាជធានីភ្នំពេញ…
ស្ត្រីចំណាស់ប្រកបដោយស្នាមក្រែមក្រហមជាំលើបបូរមាត់ឈោងដៃទៅមួលបន្ថយសំឡេងដែលលាន់ចេញពីក្នុងវិទ្យុ។ ដៃគាត់នៅតែបញ្ជាចង្កូតរថយន្តស្ទាត់ជំនាញ ឯសម្តីក៏មិនបង្អង់ដែរគាត់សួរទៅនារីបង្ហាញម៉ូតដែលនៅអង្គុយដោយទឹកមុខស្ងួត៖
-ហើយចុះធ្វើម៉េចនាំគ្នាចេញពីកោះនោះមកបានកូន?
កេតឌីម៉ាតបដោយភ្នែកដោយចោលក្រសែភ្នែកស្ងួតស្ងប់ សម្លឹងមើលទៅផ្លូវរលោងស្រិលខាងមុខ៖
-ដំបូងពួកលោករ៉ាទូតាមយើងមកដល់មាត់បឹងនោះតែម្តងមីង !
ពេលមីងកុលាបចំហមាត់ធ្លុងដោយភ្ញាក់ផ្អើល កេតឌីម៉ានិយាយបន្ត៖
-ប៉ុន្តែមីងស្មានមិនដល់ទេថា អង្គរក្សវឿនក៏មកដល់! មីងដឹងថាគាត់មកជាមួយអ្នកណាទេ គឺមកជាមួយអេឡា! គាត់បីនាំអេឡាដែលកំពុងសន្លប់នោះចេញមក ព្រោះដឹងថានាងជាមនុស្សមានអំណាចជាងគេនៅកុលសម្ព័ន្ធអាសាដ បើគ្មាននាង យើងគ្មានផ្លូវចេញពីកន្លែងនោះបានទេ!
-បានន័យថាមនុស្សជំនិតរបស់លោកប្រុសរាមមិនបានត្រូវថ្នាំទេ? (មីងកុលាបសួរដោយមិនអស់ចិត្ត)
ស្រីស្អាតងក់ក្បាលផ្ងក់ៗ៖
-គឺគាត់ជាមនុស្សមានការប្រុងប្រយ័ត្នណាស់! យប់នោះគាត់អត់ស្រវឹងទេ តែគាត់ និងបងគង់ចេញទៅរកមើលស្ថានភាពភូមិនោះ! គាត់មិនសូវបារម្ភពីចៅហ្វាយ ព្រោះគិតថាគាត់មានមិត្តចាស់នៅជិតហើយ! ប្រហែលអង្គរក្សវឿនមកវិញ រកពួកយើងមិនឃើញ បានជាគាត់សង្ស័យហើយឡើងទៅរកអេឡាដើម្បីសួរនាំ! ទៅដល់ជួនពេលពួកនោះកំពុងរកដោះអាវនាងយកផែនទី គាត់ក៏ជួយនាងចេញមក! ពេលនោះអេឡានៅសន្លប់! អង្គរក្សវឿនត្រូវបានស្រ្តីចំណាស់នោះជួយបង្ហាញផ្លូវ និងនាំនាងចេញមកដល់មាត់បឹងទើបនាងដឹងខ្លួនវិញ។ អេឡាឲ្យសញ្ញាទៅមនុស្សរបស់នាងទើបពួកគេមកដល់ចំពេលដែលលោករ៉ាទូកំពុងតែបម្រុងបំបិទមាត់ពួកយើង! ចុងក្រោយគេដោះស្រាយបញ្ហាមនុស្សអាក្រក់ទំាងនោះ ដោយវិន័យផ្ទៃក្នុងរបស់កុលសម្ព័ន្ធគេ! តែពួកខ្ញុំអត់បានត្រឡប់ទៅផ្ទះនោះវិញទេ!
ស្ត្រីមេអណ្ដើកសើចក្អាកក្អាយ៖
-ស្រីនោះគ្រាន់តែលោកប្រុសរាមកាន់ដៃរត់ឡើងឡានក្រុងក៏នឹកគេអស់៨ឆ្នាំ ចុះពេលនេះអង្គរក្សសោះអង្គើយនោះលើកនាងលើស្មាជាចំណាប់ខ្មាំងវិញម្តង នាងដូរទិសដៅទេហ្ន៎?
ឌីម៉ាមិនមាត់ ព្រោះនាងគ្មានពេលគិតរឿងអស់នេះជារបៀបកំប្លែងដូចមីងកុលាបទេ តែភ្លាមនោះស្ត្រីចំណាស់សួរវិញភ្លាម៖
-ចុះថៅកែKen?
ឌីម៉ានៅស្ងៀមបន្តិចទើបនិយាយប្រាប់គាត់៖
-គេមានមនុស្សរបស់គ្រួសារគេទៅពីភ្នំពេញទៅទទួលដល់ទីនោះ!
ស្ត្រីមេអណ្ដើករអ៊ូតិចៗ៖
-សំណាងហើយមកប៉ះលោកប្រុសរាម! បើជាអ្នកផ្សេងប្រហែលគ្មានផ្លូវបានមកផ្ទះងាយៗទេ! តែម្យ៉ាងដែរ របស់ក៏មិនបានមក ឈឺទំាងខ្លួន ខូចទាំងឈ្មោះ ត្រូវគេដឹងដល់ក្រយៅទៀត!
ភ្លាមនោះគាត់ងាកមកខ្សឹបតិចៗដាក់នាង៖
-ចុះរបស់នោះ?
ឌីម៉ាដឹងថាគាត់កំពុងសំដៅពីឥន្ទប្បដិមា។ នាងឈ្ងោកមុខនិយាយមួយៗ៖
-អេឡាថានាងឆ្លាក់វាជាប់លើខ្នង គឺនិយាយលោចិត្តទេ! តាមពិតរបស់នោះនាងរក្សាទុកបានល្អណាស់! មិនដែលអ្នកណាបានឃើញទំាងអស់! មុនពេលបែកគ្នា នាងឲ្យវាមកលោកប្រុសរាម!
ឌីម៉ាបញ្ឈប់ត្រឹមនេះដោយសារនាងក្ដុកក្ដួលចិត្ត។ ប៉ុន្តែមីងកុលាបមិនបង្អង់ទេ គាត់និយាយទៀតភ្លាម៖
-អេឡានោះមានចិត្តស្មោះលើលោកប្រុសរាមមិនធម្មតាទេ!
ងាកមកឃើញស្រីស្អាតនៅជ្រប់មុខដោយក្រៀមក្រំទើបស្ត្រីមេអណ្តើកដឹងខ្លួនមកវិញថា ជ្រុលសម្តីក៏ប្រឹងនិយាយសម្រួលបរិយាកាស៖
-តែកូនឯងទៅខ្វល់ធ្វើអី! មនុស្សប្រុសណា៎ បើគេស្រលាញ់អ្នកណា គឺអ្នកហ្នឹងហើយ! ចង់អ្នកផ្សេងល្អយ៉ាងណា ក៏គេមិនបែរក្បាលទៅមើលដែរ ដូចពាក្យថា ជ្រមុជគោឲ្យផឹកទឹកវាមិនងាយទេ!
ឌីម៉ាទើសចិត្តនឹងសម្តីអសុរសរបស់គាត់ ប៉ុន្តែនាងដកដង្ហើមបន្ធូរទ្រូងមកវិញ ព្រោះថានាងស្គាល់គាត់ហើយ មនុស្សមីងកុលាបដល់ពេលណាក៏មិនដូរចរិតដែរ។ នាងនិយាយតិចៗបន្លប់៖
-គេល្អហ្នឹងហើយដែលយើងត្រូវពិបាកចិត្ត! ខ្លួនយើងបានគេស្រលាញ់ តែមិនដែលធ្វើរឿងអីមួយឲ្យល្អសម្រាប់គេទេ!
ស្ត្រីចំណាស់ដកដង្ហើមធំ គាត់លែងហ៊ានហើបមាត់។កេតឌីម៉ាផ្អែក ខ្នងនៅនឹងបង្អែកហាក់ល្ហិតល្ហៃ ស្ត្រី ចំណាស់លួចសម្លឹងអាការៈរបស់នាង រួចទើបនិយាយតិចៗកាត់ផ្តាច់ភាពស្ងប់ស្ងាត់៖
-គិតទៅម្យ៉ាងដែរ កាលនៅបាលីពេលមីងអង្វរអ្នកខ្លះឲ្យទៅជួបលោកប្រុសរាមនៅAmandariមានអ្នកខ្លះខឹងផង យំផងមិនព្រមទៅដាច់ខាត! ដល់មកឥឡូវ ទៅជាមានអ្នកខ្លះអង្គុយសញ្ជប់សញ្ជឹងនឹកគេចង់ឆ្កួតខ្លួនឯងទៅហើយ!
ស្រីស្អាតយល់ពីន័យរបស់គាត់ នាងនៅស្ងៀមដោយទឹកមុខស្រពោន។
ការរស់នៅឆ្ងាយពីមនុស្សម្នាក់ក្នុងពេលយើងកំពុងស្រលាញ់ពិតជារឿងប្រលោមលោកដ៏ឈឺចាប់ និងវែងអន្លាយមួយ ពិសេសពេលដែលនៅឃ្លាតពីគ្នាទើបដឹងថាស្ដាយពេលវេលាផ្អែមល្ហែមដែលមានកន្លងមក។ នារីបង្ហាញម៉ូតនឹកស្រណោះដល់រាត្រីនៅAmandari ដែលនាងជាអ្នកបំផ្លាញវា ដោយសារភាពឆោតល្ងង់។ ដោយសារតែការសន្លប់នៅយប់នោះដែរ ដែលពាណិជ្ជករដែកថែបអាចទទួលបានព័ត៌មានពីពិធីដេញថ្លៃអន្ទាក់លោករ៉ាទូនៅJayapura ហើយបង្កឲ្យទៅបញ្ហាច្រើនថ្នាក់នេះ។ នាយ Kenហេតុតែចង់ឈ្នះរាមនរិន្ទ គេសុខចិត្តនាំផ្លូវសិទ្ធិគុណទៅចាប់ដៃជាមួយក្រុមព្រៃនៅភូមិភូវីខាន់ដើម្បីឃាំងដំណើរកូនប្រុសអ្នកនយោបាយ ហើយទីបំផុតគឺខ្លួនឯងដែលយកកទៅលអន្ទាក់ អាចរួចរស់ជីវិតមកវិញបានក៏ដោយសាររាមនរិន្ទដដែល។
នៅតែម្នាក់ឯងនាងនឹកដល់សម្តីទន់ភ្លន់របស់គេ ពាក្យពេចន៍ខ្លីៗតែមានន័យផ្អែមល្ហែម និងលួងចិត្ត… ការរស់នៅជាមួយគ្នារយៈពេលខ្លីតែជួបប្រទះរឿងរ៉ាវជាច្រើន ដែលក្នុងចំណោមរឿងរ៉ាវទំាងនោះ គ្មានការចងចាំណាមួយដែលខ្វះភាពប្រណី យោគយល់ និងថ្នាក់ថ្នមទេ។
-នឹកគេទូរសព្ទទៅភ្លាមទៅ! មនុស្សស្រលាញ់គ្នា ចាំបាច់អីមកធ្វើវេទនាម្លឹងៗ?
ស្ត្រីនោះនិយាយកាត់អារម្មណ៍រវើរវាយរបស់នារីបង្ហាញម៉ូដ។ នាងងាកទៅសម្លឹងទូរសព្ទ រួចឆ្លើយ៖
-ខ្ញុំអត់ស្គាល់លេខគាត់ទេមីង!
ស្ត្រីនោះបើកភ្នែកមូលក្លំ គាត់និយាយហាក់មិនជឿត្រចៀកខ្លួន៖
-ស្អីគេ? អ្ហះ?….មនុស្សស្រលាញ់គ្នា អត់ស្គាល់លេខទូរសព្ទ?..
ឃើញនាងនៅស្ងៀមគាត់សង្ខើញសួរបន្ថែម៖
-ចុះគេមានទាក់ទងមកឯងអត់ មកដល់ភ្នំពេញពីរថ្ងៃហើយនេះ?
ស្រីស្អាតវាចាតប៖
-មកដល់ JayaPura យប់ចុងក្រោយនោះ ខ្ញុំដូរជើងយន្តហោះត្រឡប់មកវិញមុនអត់ឲ្យគេដឹងទេ! គេចេញមកដល់ស្រុកខ្មែរឬនៅ ខ្ញុំក៏អត់ដឹងដែរ! លេខទូរសព្ទខ្ញុំក៏អត់បានឲ្យគេដែរមីង!
និយាយចប់ស្រីដែលមានទុក្ខស្នេហ៍លូកដៃទៅបើកមួលវិទ្យុបន្លប់តែត្រូវមីងកុលាបមួលបិទវិញ។គាត់និយាយសួរដោយជ្រួញចិញ្ចើម៖
-ឯងឆ្កួតឬជា? អ្ហះឌីម៉ា?…ឯងត្រូវគេថ្នមដល់ខូចទៅហើយអ្ហី បានចេះតែធ្វើរឿងឆ្កួតៗអញ្ចឹង? នែ៎..កុំបានចិត្តធ្វើផ្ដេសផ្ដាសពេក! ឆាប់ទាក់ទងរកគេទៅ! ឮអត់? គេប្រហែលអន់ចិត្តហើយ បានជាមិនរកឯង! ភ្នំពេញតូចប៉ាប៉ិនហ្នឹង បើគេចង់រកឯង រឿងអីថារកមិនឃើញ? គឺឯងវាហួសហេតុពេក!
កេតឌីម៉ារលីងរលោង…តែនាងអត់ចង់ឲ្យស្ត្រីនោះឃើញទេ…នាងលេបវា មិនហ៊ានលើកដៃជូត ក៏មិនហ៊ានបញ្ចេញសំឡេងយំ ធ្វើឲ្យទ្រូងទៅជាតឹងណែន។
ដល់ត្រូវស្ត្រីនោះបន្ទោសញាប់ស្មេរពេកទើបនាងនិយាយតិចៗទំាំងរអាក់រអួល៖
-គេមិនរកយើងទេមីង!
មីងកុលាបខឹងណាស់ដែលនារីវ័យក្មេងនេះឆោតពេក លុះមកដល់ឃើញនាងនិយាយឃ្លានេះមក គាត់ទៅជាយល់ផ្សេង។ ឬមួយរាមនរិន្ទបានប្រាប់នាងហើយថាត្រឡប់មកដល់ប្រទេសវិញ រឿងពួកគេបញ្ចប់?
វាអាចដែរ គេមានឋានៈកប់ពពក កិត្តិយសរបស់គេធ្វើម៉េចអាចឲ្យមកប្រឡាក់ប្រឡូសជាមួយអ្នកបង្ហាញម៉ូដកំព្រីកំព្រាម្នាក់បាន?
គិតហើយគាត់ទម្លាក់សំឡេងសួរនាងមួយៗ៖
-គេប្រាប់ឯងថាអញ្ចឹងអ្ហេស៎!
ស្រីស្អាតលើកដៃជូតទឹកភ្នែក។ នាងងាកសម្លឹងតាមដងផ្លូវ ប៉ុន្តែមើលមិនឃើញអ្វីក្រៅពីស្នាមញញឹមរបស់បុរសនោះដែលថតជាប់ក្នុងបេះដូងឡើយ។
នាងស្រដី៖
-គាត់ថា យើងបែកគ្នា៣ឆ្នាំ!
ឌីម៉ាយំសស្រាក់រហូតដល់និយាយលែងចង់ចេញ តែនាងនៅតែព្យាយាមបញ្ចប់ឃ្លាព្រោះមិនចង់លាក់ទុកដល់ថ្នាក់ប្រេះទ្រូងស្លាប់ទេ៖
-រយៈពេលបីឆ្នាំនេះ យើងមិនជួបមុខគ្នាទេ! នេះជាពាក្យសន្យារបស់យើងនៅឥណ្ឌូណេស៊ី!
នារីលើកដៃជូតទឹកភ្នែក ទន្ទឹមនឹងពេលស្ត្រីមេអណ្ដើករអ៊ូដោយហ្មងសៅ៖
-សន្យាឆ្កួតយក៍អី! បីឆ្នាំណ៎ា! មិនមែនកុន មិនមែនល្ខោនទេ! អាសន្យាអញ្ចឹងមានអីខុសពីបែកគ្នាទៅ? ឯងក៏ចេះតែព្រមដែរ?
តាមពិតគាត់ក៏ដឹងដែរថាកេតឌីម៉ាមានជម្រើសឯណា បើភាគីប្រុសប៉ងយ៉ាងណា គឺយ៉ាងនោះហើយ។ ស្ត្រីនោះទប់មាត់មកវិញពេលដឹងថាសម្ដីខ្លួនកាន់តែធ្វើឲ្យនាងឈឺចាប់។ គាត់បង្អង់បន្តិចទើបលួងនាង៖
-បើគេនិយាយថាបីឆ្នាំទៀតជួបគ្នា គឺអញ្ចឹងហើយ! គេជាមនុស្សល្អច្បាស់លាស់ អញ្ចឹងគេមិនលេបសម្ដីទេ! មិនបាច់ពិបាកចិត្តពេកទេ ធ្វើខ្លួនឲ្យតែល្អទៅ!
ឌីម៉ានឹកឃើញដល់រឿងសំខាន់មួយភ្លាម នាងបន្តឹងសំឡេងរួចសម្លឹងមីងកុលាបត្មែរ៖
-មីងរឿងអស់នេះត្រូវស្ងាត់! មីងកុំនិយាយឲ្យឮដល់អ្នកផ្សេង វាប៉ះពាល់ដល់អនាគតនយោបាយរបស់លោកប្រុសរាម!
មីងកុលាបធ្វើទឹកមុខសកញ៉ក គាត់និយាយដោយញាក់ចិញ្ចើម និងមិនហ៊ានមើលមុខនាង៖
-មិនបាច់ហាមទេ! មានថ្លើមប៉ិនចង្អេរក៏មិនហ៊ានដែរ! តែម្តងហ្នឹងរៀងណាស់ទៅហើយ!
នឹកដល់រឿងផ្សេងគាត់ងាកសួរភ្លាមតាមរបៀបមនុស្សអេចអូច៖
-អឺហើយចុះគេមានទុកលុយឲ្យឯងខ្លះទេ?
កេតឌីម៉ាផ្លាស់ទឹកមុខទៅជាញញឹម ប៉ុន្តែពន្លឺភ្នែកនាងដែលងាកសម្លឹងទៅស្ត្រីនោះបង្ហាញនូវរសជាតិបញ្ឈឺគាត់ជាស្រេចទៅហើយ បបូរមាត់នាងនិយាយតិចៗ ប៉ុន្តែបញ្ជាក់ន័យធ្ងន់៖
-ហើយចុះមីងចង់លក់ខ្ញុំឲ្យគាត់តម្លៃប៉ុន្មានទៀត?
ដឹងថានាងកំពុងរំលឹកដល់រឿងចាស់ ស្ត្រីជើងឆើតងាកមុខចេញបូញមាត់របៀបខ្ជិលខ្វល់។
ស្រីស្រស់និយាយបន្ថែម៖
-ចំណែករឿងដើរម៉ូតនៅជប៉ុន មីងរកគេផ្សេងឲ្យហើយទៅ! កិន្នរីហ្វេសស្សិនលំអងជាអ្នកកាន់ ខ្ញុំផ្ទេរទៅឲ្យគេអស់ហើយ! ការងារសិល្បៈមីងមិនបាច់មករកខ្ញុំទៀតទេ!
មីងកុលាបនៅតែជជីកសួរ៖
-ចុះនៅពេលដល់ទៅបីឆ្នាំឯណោះ ឯងឈប់ពីសិល្បៈធ្វើអី?! បើមិនសំញែងរូបរាងឯងឲ្យគេឃើញតាមទូរទស្សន៍ តាមទស្សនាវដ្ដីខ្លះ គេភ្លេចឯងមិនខានទេ! កុំទុកចិត្តពេក! មនុស្សស្រីស្អាតសារក្រោយមានឡើងមកច្រូងច្រាងណ៎ាកេតឌីម៉ា!
ធីតាមិនមាត់ក តពាក្យនឹងស្ត្រីចំណាស់ទៀតក៏ពិតមែន ប៉ុន្តែនាងមិនទទួលស្គាល់ថាអ្វីដែល គាត់គិតសុទ្ធតែត្រូវទេ។ នាងដឹងថារូបសម្រស់មិនមែនជាកម្មវត្ថុសំខាន់ក្នុងរឿងស្នេហារវាងនាង និងបុរសមកពីគ្រួសារអ្នកនយោបាយឡើយ បើពុំនោះទេ គេមានរឿងអីមិនទទួលយកចិត្តស្មោះរបស់រាជិនីកុលសម្ព័ន្ធអាសាដដែលស្អាតលើសនាងសឹងតែពិបាកនិយាយនោះ? នារីនោះសូម្បីតែឥន្ទប្បដិមាក៏ប្រើពេលដល់ទៅ៨ឆ្នាំ ឆ្លងការវេទនាលំបាកលំបិនរកវាមកឲ្យរាមនរិន្ទ គង់តែមិនអាចយកបានបេះដូងគេ ចុះរូបសម្បត្តិដែលសម្ញែងគ្មានន័យលើឆាកសិល្បៈដ៏ចម្រូងចម្រាសនោះមានផលសំខាន់អី្វចំពោះកិច្ចសន្យាលើទន្លេម៉ិមបឺរ៉ាម៉ូ?
នៅពេលនាងគិតទៅដល់រឿងជាច្រើនមីងកុលាបនៅតែមិនព្រមបញ្ឈប់ទេ។ គាត់និយាយមកបន្ត៖
-អារឿងស្នេហាស្មោះស្ម័គ្រហើយអត់លុយអត់កាក់ហ្នឹងវាមានតែក្នុងកុនទេកេតឌីម៉ា! ឯងឈប់ល្ងង់ទៀតទៅ! បើអត់គិតពីខ្លួនឯង គិតដល់ប្អូនឯងនៅស្រុកផង! អាយុទើបតែ១២ឆ្នាំ អត់ម្ដាយគ្មានឪពុកមានតែបងស្រីម្នាក់ ស្អីក៏គ្មាន! ឥឡូវឡើងឫក ឈប់លេងសិល្បៈទៀត ចាំមើលឯងបានអីច្រកឆ្នាំង!មនុស្សប្រុសណា៎ បើគេស្រលាញ់ហើយ គេឲ្យអីយើងត្រូវតែយក ព្រោះថាលើលោកនេះ ដែលសាវាជាងគេគឺចិត្តមនុស្សប្រុសហ្នឹងហើយ! ឯងប្រឹងស្មោះប្រឹងស្ម័គ្រពេក ដល់ទឹកភ្នែកជូតក្បាលជង្គង់គ្មានអ្នកណាគេអាណិតទេ មានតែគេដៀលថា ឯងហ្នឹងល្ងង់…ល្ងង់ណាស់!
វគ្គទី២៣
ស្នេហ៍ខុសវណ្ណៈ
រាត្រីនៅភ្នំពេញបេះដូងនៃប្រទេសកម្ពុជាមិនរងាដូចបណ្ដោយឆ្នេរស៊ូម៉ាត្រា ឬបឹងសេនតានីនៃក្រុងធំJayaPuraទេ ប៉ុន្តែវាហាក់ដូចជាកណ្ដោចកណ្ដែង និងលន្លង់លន្លោចណាស់សម្រាប់អ្នកដែលកំព្រាស្នេហ៍។
បុរសនាយអង្គរក្សខ្ពស់ស្រាវដើរមួយៗសំដៅមករកចៅហ្វាយប្រុសដែលអង្គុយជាមួយកុំព្យូទ័ររបស់គេនៅក្នុងបន្ទប់ធ្វើការ។ នាយដឹងថារាមនរិន្ទស្គាល់សម្រិបជើងខ្លួន ប៉ុន្តែគេជក់ចិត្តនឹងការងារចំពោះមុខពេករហូតដល់មិនស្តីស្វាគមន៍ការមកដល់របស់ខ្លួនក្នុងយប់នេះឡើយ។ វឿនងាកខ្លួនទៅចាក់ទឹកមកឲ្យចៅហ្វាយ ល្មមពេលឮគេនិយាយមកស្រាលៗ៖
-ទៅរកនាងជួបទេ?
អង្គរក្សខ្ពស់ស្រាវបញ្ចេញភាពអណ្ដែតអណ្ដូងតាមពន្លឺភ្នែកគេមិនទាន់តបនឹងសំណួរនេះផង អភិជនជាចៅហ្វាយងាកមកសម្លឹងមុខគេដោយស្នាមញញឹម។ បុរសអង្គរក្សញញឹមតប។
រាមនរិន្ទពោលបន្ថែម៖
-Meddy សុខសប្បាយទេ?
វឿនដាក់បង្គុយមកក្បែររាមនរិន្ទ ទោះគេមិនទាន់ឆ្លើយ តែស្នាមញញឹម និងភាពផ្អែមល្ហែមដែលបង្ហើរចេញពីក្រសែភ្នែកគេជាចម្លើយស្រេចទៅហើយ។ បុរសសង្ហានិយាយបន្ថែមក្នុងពេលអង្គរក្សបន្តការស្ងាត់ស្ងៀម៖
-បានបេះដូងនាងហើយ? អូ តែមិនបាច់និយាយទេ វឿនឯងឆ្លាតជាងខ្ញុំស្រាប់ហើយពីរឿងយល់ចិត្តស្រីៗ!
អង្គរក្សញញឹមៗដោយឱនមុខគិតបណ្ដើរនិយាយយឺតៗបណ្ដើរ៖
-អ្នកប្រុស! ខ្ញុំមើលទៅមិនបាននៅចូលរួមឃោសនាជាមួយអ្នកប្រុសលើកនេះទេ!
រាមនរិន្ទដៀងភ្នែកសម្លឹងបុរសជំនិត។ មនោសញ្ចេតនា និងភាពផ្អែមល្ហែមហាក់លេបទៅណាបាត់ភាពម៉ត់ចត់ទាំងពួងរបស់គេ។ មុននេះគេសុំត្រឡប់ទៅកាន់កោះស្មៅលឿងវិញម្នាក់ឯងដើម្បីធ្វើតាមការទាមទាររបស់បេះដូងដែលមកនៅភ្នំពេញជិត២ឆ្នាំហើយ គេនៅតែមិនអាចបំភ្លេចស្ត្រីដែលស្អាតបំផុតនៅកុលសម្ព័ន្ធអាសាដបាន។ ការប៉ះពាល់រាងកាយMeddy ដោយផ្ទាល់ក្នុងពេលនាងសន្លប់ហើយអង្គរក្សវឿនឡើងទៅលើកនាងមកតាម ដើម្បីធ្វើដំណោះស្រាយបំបែកបណ្ដាក្រុមអ្នករារាំងផ្លូវទាំងឡាយនៅកោះស្មៅលឿង នៅតែដិតដាមជាអនុស្សាវរីយ៍ក្នុងបេះដូងបុរសអ្នកការពារ។ អេឡារបស់កុលសម្ព័ន្ធអាសាដបានខកស្នេហ៍ដែលបានស្រមៃអស់៨ឆ្នាំ ប៉ុន្តែនាងបានខាបយកបេះដូងបុរសផ្សេងម្នាក់ទៀតជាមួយនឹងភាពស្មោះត្រង់ និងភក្ដីភាពរបស់នាង។ គេមានអារម្មណ៍ថាបានធ្វើខុសចំពោះនាងខ្លាំងណាស់ដែលក្នុងគ្រាប្រថុចញ៉ុចត្រូវប៉ះពាល់រាងកាយនាង ទាំងដឹងហើយថានាងជានារីមកពីអម្បូរកុលសម្ព័ន្ធដ៏តឹងរ៉ឹង។
រាមនរិន្ទពោលផ្លែផ្កាឲ្យមនុស្សជំនិតដែលដល់វេនជាប់អន្ទាក់ស្នេហ៍ស្រីស្អាត៖
-ដំបូងសុំទៅរកគេសារភាពឲ្យគេដឹងចិត្តតែមួយម៉ាត់ក៏អស់ចិត្តហើយ ដល់បានគេយល់ព្រម មកចង់បំភ្លេចគ្នាឯងឯណេះចោល?
អង្គរក្សបាក់អំនួតដោយសារស្នេហ៍ ពោលតបមួយៗដោយក្តីគោរពនាយចៅហ្វាយដែលធ្លាប់មានគុណបំណាច់ និងមានតម្លៃជាខ្លាំងក្នុងបេះដូងខ្លួន៖
-អ្នកប្រុស! ខ្ញុំចងចាំឲ្យការបោះឆ្នោតចប់សិនដែរ តែខាងគេហ៍ គេហ៍ជាមេកុលសម្ព័ន្ធ! ទោះបន្តិចទៀតគេសុខចិត្តចុះចេញ លើកតួនាទីនេះឲ្យអ្នកផ្សេង ប៉ុន្តែក៏គេត្រូវឆ្លើយតបសំណួរអ្នកស្រុកដែរ! ខ្ញុំមិនអាចបង្អង់ទេ ការរៀបការតាមប្រពៃណីជារឿងចាំបាច់ណាស់នៅកោះនោះ! លើកនេះខ្ញុំសុខចិត្តមកសុំអ្នកប្រុស!
បុរសពោលស៊កសៀត៖
-ហើយវឿនឯងក៏សុខចិត្តបោះខ្ញុំចោលកណ្ដាលផ្លូវដើម្បីស្រីស្អាត?
នាយអង្គរក្សធ្វើមុខមិងមាំង ព្រោះគ្មានពាក្យឆ្លើយ ធ្វើឲ្យរាមនរិន្ទសើចខឹកៗហើយគោះស្មាគេលួងលោមតិចៗ៖
-និយាយឲ្យបានសើចទេ! សុភមង្គលរបស់វឿនឯងក៏ជារឿងសំខាន់! ខ្ញុំអរណាស់ដែលអ្នកទាំងពីរយល់ចិត្តគ្នា! Meddyជាមនុស្សល្អ នាងស្មោះត្រង់ និងឆ្លាតវៃ! វឿនឯងត្រូវចេះថែរក្សាសំណាងនេះ! ពេលការងារនៅទីនេះចប់ ខ្ញុំសង្ឃឹមត្រឡប់ទៅលេងអ្នកទាំងពីរបានម្ដង ព្រោះពេលនេះទៅការអ្នកទាំងពីរអត់បាន!
បុរសជំនិតបញ្ចេញទឹកមុខរំភើប គេងើបមុខសម្លឹងបុរសដែលគេធ្លាប់គោរព និងស្រលាញ់នាយជាងជីវិតខ្លួន។ បុរសនេះជាចៅហ្វាយ និងក៏ជាមិត្តតាំងពីក្មេងមក។ គេលេងជាមួយគា្ន រៀនជាមួយគ្នា ហូបអាហារដូចគ្នា និងតស៊ូជាមួយគ្នា ចំពោះស្ថានការណ៍លំបាកគ្រប់សព្វ។ ពេលនេះបែកគ្នាក្នុងកាលៈទេសៈដែលការងារនយោបាយរបស់នាយកំពុងឈានដល់ដំណាក់កាលតឹងតែង វាមិនមែនជាជម្រើសរបស់នាយវឿនឡើយ ប៉ុន្តែមនុស្សយើងពេលខ្លះពិតជាមិនអាចបង្កើតជម្រើសច្រើនសម្រាប់ខ្លួនឯងបាននោះទេ។
-ជូនពរអ្នកប្រុសជោគជ័យលើគ្រប់ការងារ!
រាមនរិន្ទញញឹមតបនឹងមនុស្សជំនិត គេងក់ក្បាលផ្ងក់ៗ៖
-ខ្ញុំមានជំនឿចិត្ត!
ឃើញនាយអង្គរក្សបញ្ចេញភាពរីករាយលើផ្ទែមុខ នរៈសង្ហាវាចាបន្ថែម៖
-ខ្ញុំនឹងយកដំណឹងល្អពីទីនេះទៅប្រាប់ឯង និងMeddy! អ្នកទាំងពីរម្នាក់តាមជួយខ្ញុំកន្លះជាតិមកហើយ ម្នាក់ទៀតចំណាយ៨ឆ្នាំរកឥន្ទប្បដិមាមកឲ្យខ្ញុំ! ពេលចប់ការងារបើខ្ញុំមិនទៅអរគុណអ្នកទាំងពីរដល់កោះស្មៅលឿង ខ្ញុំទ្រាំនឹងការជំពាក់គុណនេះថប់ដង្ហើមស្លាប់ហើយ!
នាយវឿននិយាយតបវិញភ្លាម៖
-អ្នកប្រុសត្រូវទៅជាមួយកេតឌីម៉ា!
ភាពរីករាយក្នុងពន្លឺភ្នែករាមនរិន្ទ ប្រែជារុះរោយទោះបបូរមាត់គេប្រឹងរក្សាស្នាមញញឹម។ វឿនដឹងថាការរំលឹកពីស្រីបង្ហាញម៉ូដដ៏ល្ងង់ខ្មៅនោះ ហាក់មិនត្រូវកាលៈទេសៈទេ។ រាមនរិន្ទលំបាកណាស់ទម្រាំអាចរស់នៅដោយគ្មាននាងនៅចច្រប់ក្បែរកាយ។ កំណាត់ផ្លូវពីបាលីទៅកោះស្មៅលឿង គឺជាភាគនិទានមនោសញ្ចេតនាសួគ៌ាក្នុងជីវិតកូនប្រុសអ្នកនយោបាយដែលស្ពាយកាតព្វកិច្ចគ្រួសារតាំងពីចាប់កំណើតមក។ ជិតពីរឆ្នាំមកនេះគេមិនដែលជួបនាងសូម្បីម្ដង តាំងពីរាត្រីចុងក្រោយនៅJayapuraដែលនាងចាកចេញទៅដោយមិនបានលា។ អ្នកប្រុសដឹងថា ដោយសារការលាគ្នាឈឺចាប់ដល់ម្ល៉ឹង បានជានាងមិនព្រមនៅចាំឱកាសនោះ។
សំឡេងនាយជំនិតលាន់មកជ្រែកបរិយាកាសដែលជ្រុលជាប្រែប្រួលទៅហើយ៖
-ទោះយ៉ាងណាខ្ញុំមិនអាចធ្វើដូចអ្នកប្រុសទេ! ខ្ញុំច្បាស់ជាទៅជួបនាងហើយ!
បុរសអភិជនលើកទឹកក្រេបទាំងមិនបានស្រេក។ គេនៅស្ងៀមស្ងាត់ក្នុងពេលនាយអង្គរក្សនិយាយបន្ថែម៖
-មុនខ្ញុំទៅកោះស្មៅលឿង ឯកឧត្ដមធ្លាប់ហៅខ្ញុំទៅសួរនាំពីរឿងនាង!
រាមនរិន្ទរេភ្នែកដោយភ្ញាក់ផ្អើល។ គេសម្លឹងនាយអង្គរក្សដោយមិនចេញស្តី ប៉ុន្តែវឿនដឹងថាចៅហ្វាយប្រុសកំពុងអន្ទះសាចង់ឮនាយនិយាយបន្ថែម។ មនុស្សជំនិតនិយាយ៖
-ឯកឧត្ដមស្តាប់រឿងនេះពីដើមដល់ចប់ហើយអត់មានប្រសាសន៍អ្វីមួយម៉ាត់សោះទេទាន! បន្ទាប់មកលោកដេញខ្ញុំឲ្យចេញវិញ!
ពីក្រោយខ្នងធំមាំដែលកំពុងរៀបចំប្រមូលបិទកុំព្យូទ័រ នាយវឿនប្រឹងលេបទឹកមាត់រួចកាត់ចិត្តសួរស្រាលៗ៖
-អ្នកប្រុស!…..ចុះ……ចុះបើ……ឯកឧត្ដមជំទាស់មិនឲ្យអ្នកប្រុសបានឌីម៉ា?
រាមនរិន្ទក្រោកជាមួយកុំព្យូទ័រក្នុងដៃ។ គេញញឹមស្មើៗហើយដើរចេញទៅបណ្ដើរនិយាយបណ្ដើរ៖
-លោកពុកមិនធ្វើអញ្ចឹងទេវឿន!
បុរសជំនិតមិនព្រមឈប់ដោយសារយល់ថានេះជារឿងដ៏សំខាន់ទាក់ទងនឹងសេចក្ដីសុខក្នុងឆាកជីវិតដែលនៅសល់របស់មិត្តខ្លួន។ គេក្រោកឈរដេញតាមពីក្រោយនាយហើយនិយាយបន្ថែមទោះយល់ថារាមនរិន្ទចង់បញ្ចប់ប្រធានបទនេះក៏ដោយ៖
-តែឧត្ដមសេនីយ៍សុក្រឹត និងលោកជំទាវមួយរយៈដែលអ្នកប្រុសមកវិញនេះចេញចូលផ្ទះនេះញឹកមែនទែន! ថ្ងៃមុនគេមកអញ្ជើញអ្នកប្រុស និងឯកឧត្ដមទៅពិធីខួបកំណើត១៨ឆ្នាំរបស់អ្នកនាងសុនីតាកូនស្រីពៅលោកផង! មើលទៅចាស់ៗអាចថាមានរឿងអីលាក់ពីអ្នកប្រុសក៏ថាបាន! យកល្អអ្នកប្រុសកុំទៅចូលរួមកម្មវិធីនោះ!
រាមនរិន្ទញញឹមដូចមិនគិតវែងឆ្ងាយ គេមិនបកស្រាយបែរជាសួរវិញ៖
-សុនីតាបាន១៨ឆ្នាំហើយ? ទើបតែកូនក្មេងថ្ងៃនោះសោះ? ហើយចុះបើគេធ្វើខួបកំណើតហើយគ្រួសារយើងក៏រាប់អានគ្នាតាំងពីជំនាន់អ្នកម៉ាក់នៅ យើងទៅលេងគ្នាម្ដងមានអីខុសវឿន?
វឿនហួសចិត្ត គេតបវិញតិចៗ៖
-ចុះបើគេចង់ឲ្យកូនស្រីក្លាយជាជំទាវផ្ទះនេះ?
រាមនរិន្ទបង្ហាញអាការៈហួសចិត្តរួចតបវិញ៖
-បើអញ្ចឹង លោកពូសុក្រឹតខកចិត្តហើយ ព្រោះផ្ទះនេះអត់មានឯកឧត្ដមសម្រាប់រៀបការជាមួយកូនស្រីពៅគាត់ទេ!
ភាគទី៥០
បុរសសង្ហារត់ចុះតាមជណ្ដើរញាប់ស្មេរតម្រង់ទៅផ្ទះធំខាងក្រោមជាមួយវាចាឮៗដោយលើកដៃស្ទាបពោះផង ៖
-មីងមុំ! មានអីញ៉ាំទេ? ខ្ញុំហេវណាស់!
អង្គរក្សជំនិតឈរមើលពីជាន់ខាងលើ។ អស់ពីហួសចិត្តគេទៅជាញញឹមស្ងួតស្ងប់។ គេដឹងថា រាមនរិន្ទច្បាស់ពីគោលដៅដែលគេត្រូវទៅហើយគេក៏បក ក្រោយទៅ រកបន្ទប់ ខ្លួនវិញបាត់ទៅ។
ប៉ុន្តែធាតុពិតក្នុងចិត្តអ្នកប្រុសមិនមែនវាហីដូចដែលអង្គរក្សវឿនបានឃើញឡើយ។ នៅក្នុងបន្ទប់អាហារ គេលើកស្លាបព្រាបញ្ចុកដល់មាត់ក៏នឹកដល់ស្រីម្នាក់នោះភ្លាមដែរ។
ពេលវេលាសោយសុខនៅJayaPuraអណ្ដែតមកវិញហាក់នៅថ្មីៗ។ នារីដែលមិនសូវចេះនិយាយស្តី និងមិនសូវមានប្រាជ្ញាយល់ដល់ការរាក់ជ្រៅផងទាំងពួង ទីបំផុតព្រមលើកស្លាបព្រាថ្នាក់ថ្នមបញ្ចុកបុរសដែលនាងធ្លាប់ខឹងស្អប់។ នារីនោះចូលមកក្នុងជីវិតនាយដោយនាំមកជាមួយនូវមេរៀនស្នេហាស្មោះស្ម័គ្រដែលបុរសអភិជនមិនដែលគិតថានារីសម័យកាលនេះនៅរក្សាបាននោះទេ។ រឿងនិទានផ្លែប៉ោមទាំងបីរបស់នាងនៅភូមិភូវីខាន់ និងកាយវិការប្រចណ្ឌច្រណែនរហូតដល់អ្នកដាច់ចិត្តប្រលេះដៃនាងឲ្យដួលខ្ទាតពីរទេះសេះលើកោះស្មៅលឿង បានវិលមកវិញក្នុងគ្រាតំណាលគ្នា។ចំណែកស្នាមញញឹម និងសូរសៀងបន្លប់ទុក្ខសោករបស់នាងលើដងទន្លេម៉ិមប៉ឺរ៉ាម៉ូក៏លាន់មកក្នុងសោតានាយដូចនៅថ្មីៗ៖
“បន្ទាប់មក យើងលែងបែកគ្នារហូតមែនអត់? “
អ្នកប្រុសមានអារម្មណ៍ថាលេបបាយស្រាប់តែអួល។ គេលើកកែវទឹកមកក្រេបជាជំនួយ ប៉ុន្តែបែរជាទ្រឹង។ មិនមែនអនុស្សាវរីយ៍ថ្នាំសន្លប់នៅ Amandari វិលមកវិញទេ ប៉ុន្តែគឺរូបរាងបុរសម្នាក់ដែលឆ្លុះក្នុងនោះ។ បុរសសង្ហាបែរក្រោយរហ័សហើយក្រោកឈរទទួលដំណើរអ្នកដែលទើបតែមកដល់។
-លោកពុក!?
អ្នកតំណាងរាស្ត្រវ័យជាង៥០ឆ្នាំដែលល្បីល្បាញដោយសារមានភរិយាជាស្ត្រីពោរពេញដោយកបកលសម្បត្តិ និងបុត្រាទោលដ៏មានសមត្ថភាព ដើរយឺតៗចួលមកក្បែរកូនប្រុសដោយមិនភ្លេចចោលនូវស្នាមញញឹម។ បុរសចំណាស់ ដាក់បង្គុយទៅលើកៅអីដែលត្រូវបានទាញមកជូនដោយនរៈ។លោកវាចាមួយៗ៖
-ថ្មើរណេះហើយ ទើបរកបាយទឹកកូន?
រាមនរិន្ទញញឹម។ អ្នកជូតសំអាតមាត់រួចក្រេបទឹកសាជាថ្មី។ សំឡេងបុរសចំណាស់លាន់មកបន្ត៖
-បោះឆ្នោតរួច ផ្ទះនេះនឹងមានពិធីអ៊ូអរមួយហើយ!
នរៈសង្ហាងើបមុខសម្លឹងអ្នកមានគុណ ល្មមពេលស្ត្រីចំណាស់មា្នក់លើកភេសជ្ជៈមកជូនចៅហ្វាយ។អ្នកតំណាងរាស្ត្របានឱកាសធ្វើជាងាកទៅសួរស្រីនោះ៖
-អាមុំ! ឯងសប្បាយចិត្តទេបើអ្នកប្រុសរៀបការ?
រាមនរិន្ទរេភ្នែករិះគិតដោយស្ងប់ស្ងៀមក្នុងពេលបបូរមាត់នៅតែរក្សាស្នាមញញឹម។ ប៉ុន្តែស្ត្រីចំណាស់មិននឹងនដូចចៅហ្វាយកម្លោះទេ គាត់ត្រេកអរលើកដៃទាំងពីរប្រណមចូលគ្នាដោយទឹកមុខរំភើប។ទោះបីមិនហ៊ានឆ្លើយលូកមាត់ក្នុងនាមជាអ្នកបាវព្រាវ ប៉ុន្តែស្ត្រីនោះយល់ថាអ្នកប្រុសនៃគ្រួសារនេះ ដល់វ័យត្រូវមានអ្នកថែថ្នមដែរហើយ។ គាត់ញញឹមមករកបុរសក្មេង រួចនិយាយតិចៗដោយអំណរ៖
-ពុទ្ធោអើយអ្នកប្រុសរបស់មីង!
រាមនរិន្ទងាកក្រោយសម្លឹងស្ត្រីដែលធ្លាប់បីបាច់ថ្នាក់ថ្នមនាយតាំងពីនៅជាទារក។ ទោះបីចិត្តគេកំពុងតក់ស្លុត ប៉ុន្តែគេនៅតែនិយាយកំប្លែងលេងដោយចាប់ដៃគាត់មកកាន់ និងអង្អែល៖
-ចុះមីងមិនខ្លាចខ្ញុំការប្រពន្ធឆ្នាសម្នាក់មកធ្វើបាបមីង និងមនុស្សក្នុងផ្ទះទេ?
ស្ត្រីនោះបើកភ្នែកធំៗហាក់ភិតភ័យ តែគាត់សម្រួលមកវិញដោយញញឹមភ្លាមៗនោះដែរ៖
-អ្ហូអត់ទេ! អ្នកប្រុសរបស់មីងសង្ហាផង ពូកែផង មនុស្សស្រីនោះប្រាកដជាស្អាតផង ល្អផងទើបបានសមគ្នា!
បុរសអភិជននឹកឃើញភ្លាមដល់មុខសោយសោករបស់នារីបង្ហាញម៉ូដលើកោះស្មៅលឿងដែលត្រូវនាយខឹងដោយសារដឹងថានាងត្រូវបានបញ្ជូនមកដោយនាយKen។
“តែអូនស្ដាយណាស់ ព្រោះមិនបានធ្វើសត្វត្រចៀកកាំជាមួយបង! អូនចង់ហើរទៅជុំវិញផែនដីនេះតែពីរនាក់បង !”
បបូរមាត់អ្នកប្រុសបង់ស្រពោននូវស្នាមញញឹមហើយភាពស្រណោះស្រណោកអណ្ដែតមកបិទបាំងកែវភ្នែកនាយ។ គេនិយាយមួយៗដោយងើបមុខសម្លឹងស្ត្រីចំណាស់៖
-គេប្រាកដជាស្អាត ហើយចិត្តល្អទៀត! មីងទុកចិត្តចុះ!
ស្ត្រីញញឹមដោយរំភើប មាត់គាត់ពោលមកមួយៗ៖
-មីងទុកចិត្តអ្នកប្រុស ១០០%! អ្នកប្រុសមីងជាមនុស្សពូកែ អ្នកប្រុសថាអ្នកណាល្អ គឺអ្នកហ្នឹងហើយ!
រាមនរិន្ទមិនបន្តថាយ៉ាងណាផង ស្រាប់តែសំឡេងអ្នកតំណាងរាស្ត្រឪពុក បន្លឺមក៖
-ចុះបើគេរៀបការហើយ នាំគ្នាចេញពីផ្ទះទៅនៅស្រុកឆ្ងាយចោលអាមុំឯង?
ស្ត្រីធ្លាក់ទឹកមុខ។ គាត់ពោលតម្អូញដោយទឹកមុខអង្វរករទៅកាន់បុរសទាំងទ្វេ៖
-អូអត់ទេ! កុំធ្វើអញ្ចឹងអីអ្នកប្រុសរបស់មីង!
រាមនរិន្ទដៀងភ្នែកសម្លឹងមុខអ្នកមានគុណក្នុងពេលលោកក្រោកចាកចេញសន្សឹមៗ។ នរៈយើងញញឹមស្រស់ស្ទុះទៅតាមពីក្រោយទុកឲ្យស្ត្រីចំណាស់តាមមើលឪកូនគេទាំងពីរដោយក្តីងឿងឆ្ងល់។យុវជនដើរតាមពីក្រោយលោកឪពុកជាមួយសំនួរស្រាលៗ៖
-លោកពុក! ម៉េចក៏លោកពុកជ្រាបរឿងកេតឌីម៉ា?
បុរសចំណាស់រក្សាការស្ងប់ស្ងាត់មិនឆ្លើយតបរហូតដល់អ្នកទំាងពីរឡើងមកដល់បន្ទប់ខាងលើហើយហួសដល់រានហាលខាងក្រៅទើបគាត់និយាយមួយៗ៖
-កូនស្រលាញ់ក្មេងស្រីនោះពុកទុកចិត្តភ្នែកកូន ប៉ុន្តែដែលកូនគ្រោងចេញពីស្រុកយើងក្រោយពេលបោះឆ្នោត ពុកជំទាស់ដាច់ខាត! បើកូនយល់ថាស្រីនោះគ្មានពូជត្រកូល គ្មានមុខមាត់ ពេលវេលានៅមានគួរសមដែរ រកជំនួញអីមួយឲ្យនាងធ្វើទៅ ហើយជួយនាងធ្វើកម្មវិធីសប្បុរសផ្សេងៗក្នុងប្រទេសកសាងឈ្មោះទៅ! ក្រោយពេលរៀបការហើយ គ្មានអ្នកណាហ៊ាននិយាយទេ!
រាមនរិន្ទដកដង្ហើមឃូរធូរចិត្ត។ ពេលវេលាមិនទាន់មកដល់សម្រាប់ការជម្រាបលោកពីរឿងនេះផង លោកបានជ្រាបរួចមុនក៏ល្អ ប៉ុន្តែនាយនៅតែត្រូវពន្យល់អ្នកមានគុណចំពោះសំណូមពររបស់លោក៖
-ទៅក្រៅប្រទេសអត់ទាក់ទងជាមួយកេតឌីម៉ាទេ! វាជាក្តីប្រាថ្នារបស់កូនខ្លួនឯង! ស្រីនោះល្ងង់ណាស់! ធ្វើជំនួញក៏មិនឈ្នះអ្នកណាដែរ! ប៉ុន្តែដើម្បីកំដរកូន ទៅដល់ណា៎លំបាកយ៉ាងណាក៏នាងព្រម! សូមលោកពុកកុំបារម្ភពីកូនអី!
អ្នកតំណាងរាស្ត្ររេភ្នែកសម្លឹងបុត្រា។ តាំងពីតូចមកបុត្រម្នាក់នេះតែងតែមានបំណងចង់ដុះស្លាបធំមាំដូចសត្វឥន្ទ្រីយ៍ហើយហើរឆ្វែលឆ្វាត់ក្នុងពិភពលោកនេះដោយមានសេរីភាព។ សំណាងមិនល្អត្រង់ថាគេកើតមកជាមួយនឹងកាតព្វកិច្ចជួយគ្រួសារ និងសង្គមជាតិ។ ការងាររបស់គេប្រើពេលសឹងតែទាំងស្រុងនៃយុវភាពរបស់ខ្លួនដើម្បីសម្រេចបាន។ ចុងបញ្ចប់គេមានស្រីម្នាក់កំដរគេបំពេញក្តីសុបិនដើរទៅគ្រប់ច្រកល្ហកមានអីមិនល្អ?
បុរសចំណាស់ទះស្មាកូនប្រុសថ្នមៗ។ ទឹកមុខលោកបញ្ជាក់ថា គ្មានអ្នកណាអាចជំទាស់សុបិនរបស់នាយទេ ទោះបីសុបិននោះផ្លាស់ពីសត្វឥន្ត្រីយ៍ទោល មកជាត្រចៀកកាំមួយគូវិញហើយក៏ដោយ។បុរសចំណាស់និយាយតិចៗ៖
-នរិន្ទ! ពុកចាស់ហើយ! បើការឃោសនាលើកនេះបានជោគជ័យទៀតសុទ្ធតែជាលទ្ធផលដែលកូនធ្វើដើម្បីគ្រួសារយើង! ដល់ពេលពុកសងសេរីភាពរបស់កូនឲ្យកូនវិញ! តែពុកធ្វើការបានតែប៉ុន្មានឆ្នាំទៀតទេ! ដើរលេងអស់ចិត្ត កូនត្រូវឆាប់មកវិញ! ត្រូវចាំថា កូននៅមានឪពុកជរាម្នាក់រង់ចាំនៅផ្ទះ!
គាត់ដើរចេញទៅជាមួយអារម្មណ៍ហេងហាង។ ការប្រគល់កូនប្រុសជាទីស្រលាញ់ទៅឲ្យស្រីចម្លែកមិនសមឋានៈម្នាក់ជារឿងដ៏ពិបាកធ្វើចិត្តរួចទៅហើយ ប៉ុន្តែទីបំផុត សេចក្ដីសុខរបស់កូននៅតែជាជម្រើសអាទិភាពរបស់ឪពុករូបនេះ។
រាមនរិន្ទតាមសម្លឹងអ្នកមានគុណពីក្រោយ។ តាំងពីដើមមក អ្នកដឹងថាឥន្ទប្បដិមានរាធិបតិន្ទគឺជាជំនូនដ៏ពិសេសបំផុតដែលអ្នកមានទំនុកចិត្តថា គ្មានការជំទាស់មង្គលការអ្នក និងធីតាក្រីក្រទេ ដូច្នេះហើយអ្នកមិនដែលគិតថាអ្នកមិនបាននាងឡើយក្នុងជីវិតនេះ។ ទោះយ៉ាងណាអ្នកនៅតែបន្លឺតាមពីក្រោយឪពុក៖
-កូនសូមអរគុណលោកពុក!
បុរសចំណាស់បញ្ឈប់ជំហាន គាត់មិនងាកក្រោយទេតែគាត់ងក់ក្បាលហើយឆ្លើយ៖
-ក្មេងស្រីនោះគ្រាន់បើ! កាសែតសរសេររឿងនាង និងកូនសូម្បីតែមួយសន្លឹកក៏មិនដែលឃើញមាន! បើអ្នកផ្សេងវិញ ពីរឆ្នាំនេះមិនដឹងបង្ករឿងអីខ្លះ ឲ្យយើងខូចមុខខូចសន្លឹកឆ្នោតទេ!
គាត់ដើរចូលទៅសម្រាកបាត់ទុកឲ្យបុរសឈ្លក់ស្នេហ៍នៅញញឹមម្នាក់ឯង។ ការបែកគ្នា៣ឆ្នាំមិនត្រឹមតែដើម្បីឲ្យអ្នកប្រុសបញ្ចប់ការងាររបស់ខ្លួនក្នុងភាពជាកូនទោល ប៉ុន្តែថែមទាំងជាបច្ច័យល្អ
ដល់ស្នេហារបស់ពួកគេ។ ជានិច្ចកាលស្រីម្នាក់ដ៏ល្ងង់នោះ ស្ថិតនៅជាដរាបក្នុងក្រសែភ្នែកនាយគ្រាន់តែមិនបាននិយាយរកគ្នាតែប៉ុណ្ណោះ។
វគ្គទី២៤
សត្វត្រចៀកកាំ
…ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៣….
នៅឯណេះវិញដោយមានប្អូនប្រុសក្នុងរង្វង់ដៃ ស្រីស្អាតដែលមានតែស្នាមញញឹមបុរសសម្បុរស្រអែមក្នុងបេះដូង ផ្ទៀងស្ដាប់ពាក្យរៀបរាប់របស់កុមារវ័យ១២ឆ្នាំ៖
-បងម៉ា! ចុះបើខ្ញុំជាប់បួកទៅសាំងហ្គាពួរមែន! បងគិតយ៉ាងម៉េច?
ស្រីក្រមុំញញឹមតបសម្ដីប្អូនប្រុស៖
-អត់គិតម៉េចទេ! តែបងនឹងសប្បាយចិត្ត!
-បងមិនគិតថា ខ្ញុំនៅតូចទេ?
-អត់ទេ! ប្អូនប្រុសបងធំហើយ! តាំងពីបងចោលការងារសិល្បៈ ហើយនៅជិតអូនបានច្រើនជាងមុន បងដឹងថា កន្លងមកបងបារម្ភពីអូនខុស ប្អូនប្រុសរបស់បងរឹងមាំ និងកំពុងត្រៀមខ្លួនទៅជាបុរសដ៏ពិតប្រាកដម្នាក់!
កុមារាញញឹម ព្រោះបានទទួលការសរសើរត្រូវនឹងចិត្តខ្លួន គេសួរបន្ត៖
-ចុះពេលខ្ញុំទៅបាត់ បងម៉ានៅធ្វើគ្រូបឋមអញ្ចឹងទៀតហីក៏ទៅដើរម៉ូដវិញ?
នារីកំព្រាសើចញញឹម នាងពោលស្រាលៗ៖
-បងចាស់ហើយ នៅមានគេមើលទៀតដែរឌីណា?
ឌីណាក្មេងឈ្លាសវៃនៅតែមិនបញ្ចប់សំនួរ គេសួរបន្ថែមដោយមិនរវល់នឹងភាពរវើរវាយរបស់បងស្រី៖
-ចុះបើខ្ញុំបានឡើងយន្តហោះ បងឲ្យគាត់មកជូនដំណើរខ្ញុំបានទេ?
ស្នាមញញឹមស្រីស្អាតរុះរោយ។ ទោះអ្វីក៏នាងអាចធ្វើបានដើម្បីឌីណា តែប្រការមួយនេះ គឺនាងដឹងថាមិនអាចទៅរួចឡើយ។ បងស្រីសួរប្អូនប្រុសដោយក្រៀមក្រំ៖
-ចាំបាច់អីមានគេ? មានបងស្រីទៅហើយនៅចង់បានអ្នកណាទៀត?
ឌីណាឆ្លើយតបដោយនិស្ស័យស្មោះត្រង់៖
-ព្រោះគាត់ឡូយណាស់! យប់មិញ អូនឃើញគាត់តាមទូរទស្សន៍! អូនចង់ជួបគាត់ផ្ទាល់ណាស់! ថ្ងៃក្រោយអូននឹងក្លាយជាអ្នកនយោបាយខ្លាំង និងល្បីដូចគាត់!
-មិនចាំបាច់ធ្វើត្រាប់អ្នកណាទេ! មនុស្សប្រុសខ្លាំងម្នាក់ ត្រូវមានអ្វីមួយពិសេសសម្រាប់ខ្លួនឯង! មិនមែនថាទាល់តែធ្វើជាអ្នកនយោបាយ បានអស្ចារ្យនោះទេ ដឹងអត់? តោះក្រោក! ទៅចាក់ទឹកឲ្យបងញុំាមួយកែវមក!
កុមារាក្រោកចេញទៅបន្សល់ឲ្យនារីគ្រូបឋមនូវទឹកមុខក្រៀមស្រពោន។ ការបោះឆ្នោតចប់ហើយ។ ពេលវេលាបីឆ្នាំក៏បានកន្លងទៅហើយដែរ តែគេមិនបានមកវិញតាមពាក្យសន្យាទេ។ ជារឿយៗបុរសមិនដែលមានចិត្តស្មោះចំពោះស្នេហាយូរដល់ម្លឹងឡើយ។ ប្រការនេះត្រូវបានអ្នកផងនិយាយជារឿយៗសូម្បីតែមីងកុលាប។ នាងយល់ថាខ្លួនល្ងង់ណាស់ដែលដឹងពីលទ្ធផលហើយក៏នៅតែរង់ចាំគេ។
ស្រីកម្សត់លូកដៃទៅទទួលកែវទឹកទំាងនិយាយស្ងួតស្ងប់៖
-យប់ហើយ! តោះចូលគេងទៅឌីណា!
សំឡេងម្ចាស់កែវលាន់មកវិញតិចៗ៖
-ប្រញាប់គេងម៉េ្លះ? ម៉ោងមិនទាន់ប៉ុន្មានផង!
ស្រីក្រមុំភាំងស្មារតីអស់មួយខណៈ មុនពេលងើបមុខសម្លឹងម្ចាស់វាចាច្រឡើសបើស។ គេនៅតែគេដូចកាលពី៣ឆ្នាំមុន និយាយស្តីកំបុតកំបុយហើយឌឺដង។ កែវទឹកនេះក៏គេហុចមកឲ្យនាង មានន័យថាគេមកដល់ទាន់ពេលនាងកំពុងនិយាយដើមគេជាមួយប្អូន។ មនុស្សបែកគ្នាជិត១០០០ថ្ងៃ មានរឿងច្រើនណាស់ដែលត្រៀមចាំនិយាយតែដល់ពេលគេបង្ហាញខ្លួន ស្រីស្អាតទៅជាធ្មឹងគាំងចំពោះពន្លឺភ្នែកនាយ។
បុរសខ្មែរដែលពេលណាក៏ញញឹមស្រស់ នៅតែមានឥទ្ធិពលខាបសណ្ដំបេះដូងកេតឌីម៉ាឲ្យព្រឺព្រួចចំពោះសំឡេងបេះដូងនាយ។ បុរសញាក់ចិញ្ចើមទៅកាន់ពន្លឺភ្នែករំភើបឥតអ្វីផ្ទឹមរបស់នាងក្នុងពេលនាងនិយាយប្រាប់បេះដូងឯកោរបស់ខ្លួនស្ងាត់ៗ៖
“កេតឌីម៉ា! នៅមុខឯងនេះគឺរាមនរិន្ទ! គេត្រឡប់មកវិញហើយ! គេមកវិញមែន!”
ទឹកភ្នែកថ្លាដូចពេជ្រធ្លាក់ឆ្វាច់កំដរកែវភ្នែករលើបរលោងរបស់ម្ចាស់ស្រី ធ្វើឲ្យបុរសទៅជារន្ធត់ចិត្ត។នាយលែងញញឹមហើយលើកដៃមកប៉ះជលនេត្រនារីថើៗ។ ម្រាមមេដៃបុរសប៉ះវង់ភក្ត្រពេលណា នាងកាន់រំភើបចិត្តដល់ថ្នាក់បញ្ចេញសំឡេងខ្សឹកខ្សួល។ បីឆ្នាំហើយគេមិនដែលសូម្បីតែនិយាយមករកនាង។ នាងឈឺឬជា សប្បាយឬព្រួយ នាងមិនជឿថាគេបានដឹងទេ។ ហើយក៏មិនដែលសង្ឃឹមថាបានរូបរាងបុរសម្នាក់នេះមកឈរចំពោះមុខ និងបានដៃគេស្ទាបអង្អែលមុខនាងដូច្នេះទៀតដែរ។ សំឡេងមួយខ្សឹបប្រាប់នាង “ឯងនឹកគេណាស់អ្ហី? ឱបគេទៅកេតឌីម៉ា! ឱបគេឲ្យណែនទៅ?”
ដៃនាងញ័រទទ្រើកក្បែរកាយដដែលព្រោះនាងគ្មានសេចក្ដីក្លាហានលើកទៅរកគេធ្វើឲ្យបុរសកាន់តែខ្លោចចិត្តអាណិតនាង។ រាមនរិន្ទទប់ក្តីរំជួលចិត្តធ្វើជាឱនទៅបញ្ឈឺខ្សឹបៗក្បែរត្រចៀកនាង៖
-មានឆ្លុះកញ្ចក់មើលមុខខ្លួនឯងទេកេតឌីម៉ា? សាច់គ្រើមដូចស្បែកគីង្គក់ បានកូនកម្លោះគេយកដៃទៅប៉ះបន្តិចអរនិយាយលែងចេញទៅហើយ! អញ្ចឹងបានជាបីឆ្នាំហើយនៅតែរកប្តីអត់បាន?
ស្រីស្អាតស្លន់ស្លោលើកដៃស្ទាបមុខដោយមិនទុកចិត្ត។
“រូបសម្បត្តិយើងទ្រុឌទ្រោមដល់ថ្នាក់នេះមែន?”
នាងលើកដៃផាត់តម្រង់សក់ដោយតក់ក្រហល់។ រូបរាងអាក្រក់នៅនឹងមុខប្រុសស្នេហ៍ គឺជាប្រការគួរឲ្យខ្លាចបំផុតសម្រាប់នារីគ្រប់រូប ពិសេសគ្រាជួបដំបូងបន្ទាប់ពីបែកគ្នាអស់៣ឆ្នាំ។ នាងមិនទុកចិត្តខ្លួនឯងរហូតដល់ស្ទុះស្ទាគេចទៅក្នុងបន្ទប់ ប៉ុន្តែត្រូវនាយចាប់ដៃមកវិញជាប់។ បុរសទាញរាងកាយតូចតន់មកឱបក្នុងរង្វង់ដៃ ហើយឱនច្រមុះទៅរកកេសានារីដើម្បីបង្កើតឲ្យនាងនូវទំនុកចិត្តចំពោះខ្លួនឯងសាជាថ្មី។ គេនិយាយឌឺដង៖
-ម៉េចមិនទាន់អីផងចង់នាំគេចូលក្នុងបន្ទប់ទៅហើយ?
ស្រីស្រស់បញ្ចេញភាពគ្រឺតក្នាញ់លើផ្ទៃមុខ នាងអស់ពីខឹងទៅជាអស់សំណើច ហើយច្រានគេចេញស្ទើរដាច់ផ្ងារ។
-រាមនរិន្ទ! កុំបានចិត្តពេក ទោះប្រុសៗស្លាប់អស់ក៏គ្មានអ្នកណាយកលោកធ្វើប្តីដែរ!
បុរសញញឹមដោយប្រតោងនាងជាប់ប្រាណមិនឲ្យទៅណាបាន។ នារីកាន់តែរើព្រោះក្នាញ់នឹងសម្តីគេ តែនាងក៏ដឹងដែរថាមិនអាចទៅណារួចទេ។
រាមនរិន្ទនិយាយបន្ថែមស្រាលៗ៖
-អញ្ចឹង? ចុះនាយកសាលានោះតាមស្រលាញ់ម៉េចមិនព្រមជាមួយគេទៅ? ហើយអាម្នាក់ពាក់វែនតារៀនជាមួយគ្នាពេលយប់នោះ?
ស្រីស្អាតនៅស្ងៀមលែងកម្រើក។ នាងនៅទ្រឹងរិះគិតពីមនុស្សប្រុសពីរនាក់ដែលគេកំពុងនិយាយ ល្មមពេលបុរសអភិជននិយាយបន្ថែម៖
-នៅមានអាគាត់ពីរបីនាក់ដែលតាមញ៉ែតាមFacebook រាល់ថ្ងៃនោះទៀត!
នាងក្រមុំបើកភ្នែកធំៗដោយហួសចិត្ត នាងបែរមុខមកចំរាមនរិន្ទទាំងក្ដាប់មាត់ធ្វើដូចខឹងសម្បា។
-លោកជា Hackerគ្មានបានការ! ម្ង៉ៃៗចំណាយពេលតាមដានរឿងឯកជនរបស់អ្នកផង! ជឿថាខ្ញុំប្ដឹងលោកអត់?
តាមពិតគឺបេះដូងនាងកំពុងញាប់ញ័រ។ នាងទើបតែដឹងថា ជិត១០០០ថ្ងៃមកនេះ គេមិនដែលចេញទៅណាឆ្ងាយពីជីវិតនាងទេ គ្រាន់តែគេមិនបង្ហាញខ្លួន។
-បើប្តឹងរាមនរិន្ទជាប់គុកបាត់ បានពីណារៀបការជាមួយស្រីល្ងង់ជាងគេលើលោកនេះទៅ?
តរុណីខ្ទប់មាត់សើចនៅចំពោះមុខនាយ នៅពេលដែលបុរសម៉ឺងម៉ាត់ម្នាក់ក្លាយទៅជានិយាយពាក្យអត់ប្រយោជន៍ច្រើនម្លឹងៗ។
ជាមួយពន្លឺភ្នែកអណ្ដែតអណ្ដូងនៃបុរសម្នាក់ដែលមានសុភមង្គលបំផុតពេលឃើញនារីដែលខ្លួនស្រលាញ់កំពុងសប្បាយចិត្ត នាយនិយាយមួយៗទៅរកនាង៖
-លោកពុកចង់ជួបអូនថ្ងៃស្អែកនេះ!
ស្រីស្អាតបញ្ឈប់ភាពរីករាយ នាងបើកភ្នែកមូលក្លំជាមួយពន្លឺនៃសេចក្ដីបារម្ភអណ្ដែតចេញមក៖
-លោកប្រុសរាម….?
មិនទាន់និយាយចប់ផងគេលើកម្រាមដៃបិទមាត់នាង។ បុរសវាចាដោយទឹកមុខស្មើជាសញ្ញាថាគេមិនបាននិយាយលេងសើចទេ៖
-គ្មានលោកប្រុសនៅទីនេះទេ! មានតែរាមនរិន្ទក្ររហាមម្នាក់! លាឈប់ពីការងារនៅបក្ស និងការងារនៅផ្ទះអស់ហើយ! អាម្នាក់វាហ្នឹងកំពុងចង់បានប្រពន្ធខ្លាំងណាស់! ឥឡូវនៅតែចាំខាងស្រីគេព្រមទេ!រៀបការហើយភ្លាម នឹងអាលចេញទៅក្រេបទឹកឃ្មុំនៅអ៊ីរ៉ាក់!
ធីតាទៅជាអស់សំណើចលើសដើម នាងទប់មិនបានក៏សើចខឹកៗនៅមុខនាយ។ នាយសើចរហូតដល់នាយត្រូវនិយាយបញ្ជាក់៖
-ស្ដាប់កេតឌីម៉ា! នាងអត់ស្ដាប់ខុសទេ! គឺត្រូវទៅអ៊ីរ៉ាក់១ឆ្នាំ ព្រោះរាមនរិន្ទប្រលងជាប់ការងារមួយជាមួយកងសន្តិសុខUNនៅទីនោះ! នាងនៅមានពេលគិតសិនចាំសម្រេចចិត្តថាព្រមរៀបការ ឬអត់! នៅមិនទាន់ហួសពេលទេ!
សេរីភាពរបស់សត្វត្រចៀកកាំមួយគូលេចភ្លែតក្នុងក្រសែភ្នែកនាង។ បេះដូងដែលប្រែទៅជារំភើបជាមួយការដាស់មកវិញនូវកិច្ចសន្យាលើទន្លេម៉េប៊ឺរ៉ាម៉ូបានធ្វើឲ្យផ្ទៃមុខនាងទៅជាក្រហមបង្អួតសម្រស់។ នាងសួរមួយៗ៖
-ហេតុអីរើសអ៊ីរ៉ាក់?
បុរសនិយាយទាំងលូកដៃមកក្រសោបចង្កេះនាង៖
-អ្ហាក៎ក្រែងយើងហ្នឹងជាព្រះនាងSheherazade ចូលចិត្តក្រុងបាដាដណាស់មិនអញ្ចឹង?
ស្រី ស្អាតញញឹមប៉ប្រឹមដោយពេញចិត្តចំពោះការ ចងចាំគ្មានចន្លោះរបស់គេ។នាងមិនមានតបថាយ៉ាងណាទេតែលឺគេបន្ទន់សម្លេងនិយាយ៖
-ព្រោះនៅភ្នំពេញអត់មានពីណាជួលរាមនរិន្ទឲ្យធ្វើការទេ! អាគាត់ម្នាក់ហ្នឹងត្រូវចិញ្ចឹមប្រពន្ធ អញ្ចឹងទោះអ៊ីរ៉ាក់ក៏ដោយឲ្យតែមានប្រាក់ខែ! ខ្លាចតែប្រពន្ធមិនព្រមទៅជាមួយហ្នឹងបានយ៉ាប់!
ស្រីស្រស់បានចិត្តនៅពេលឮពាក្យប្រពន្ធចេញពីមាត់បុរសដែលនាងប្រគល់ជីវិតក្នុងដៃគេ។ នាងនិយាយដោយឱនទៅឱបរាងកាយរឹងមាំរបស់នាយ៖
-ទៅណាក៏ដោយឲ្យតែមានបងនៅជិត!
រាមនរិន្ទបានចិត្តក៏បញ្ឈឺបន្ថែម៖
-អ៊ីរ៉ាក់ក៏ទៅដែរស្រីល្ងង់? និយាយលេងហ្នឹងក៏ជឿដែរ?
នារីងើបមុខសម្លឹងគេ នាងសួរវិញស្រាលៗល្មមតែឮពីរនាក់៖
-អូនល្ងង់ណាស់! អូនសូមទោស! ចាំអូនព្យាយាមកែណ៎ា អូននឹងកែ! និយាយមែន!
នរៈឱបនាងសាជាថ្មី រួចនិយាយតិចៗដោយរំជើបរំជួលព្រោះចិត្តស្រលាញ់៖
-អូនកុំកែអីកេតឌីម៉ា! បងស្រលាញ់អូនព្រោះអូនអញ្ចឹង! អាណិតបងកុំកែណ៎ា! នៅជាកេតឌីម៉ាដដែលនេះរហូតទៅ អូខេ?
ស្រីស្អាតធ្មេចភ្នែកក្នុងរង្វង់ដៃនាយ។សំឡេងបុរសតួឯកលាន់មកបន្តគ្នារដឹក៖
-បំណងទី១របស់រាមនរិន្ទបានសម្រេចហើយគឺបានធ្វើការដែលគួរធ្វើដើម្បីគ្រួសារស្រេចបេច!នៅតែបំណងទី២ទេ គឺបានដើរទៅគ្រប់កន្លែងជុំវិញផែនដីនេះ!
ស្រីស្អាតសួរវិញ៖
-ចុះទី៣?
រាមនរិន្ទឆ្លើយដោយបិទ ភ្នែកលើស្មានាង៖
-បងចង់បានស្រីម្នាក់ ដែលល្ងង់ខ្លៅព្រមដើរហើរគ្មានផ្ទះសម្បែងជាមួយបងតែពីរនាក់!
មិត្តអ្នកអានសប្បាយចិត្តទេពេលបានឃើញពួកគេក្លាយជាសត្វត្រចៀកកាំមួយគូហើរឡើងចុះជុំវិញផែនដីនេះជាមួយគ្នា?
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមគាំទ្រ ប្រលោមលោករបស់ ម៉ីសន សុធារី ។ អ្នកនិពន្ធសូមឧទ្ទិសស្នាដៃនេះ ជូនចំពោះអ្នកមានស្នេហាស្មោះស្ម័គ្រទាំងឡាយ និងសូមជូនពរមិត្តអ្នកអាននូវសេចក្ដីសុខគ្រប់ប្រការ។