ពិតជាបទពិសោធន៍ និងអារម្មណ៍ដ៏អាក្រក់បំផុតមួយ នៅពេលដែលត្រូវបោកបញ្ឆោតដោយមនុស្សដែលយើងទុកចិត្តបំផុត។ នរណាម្នាក់ដែលយើងទុកចិត្ត គិតថា គេល្អ និងចូលចិត្តគេខ្លាំង។
ខ្ញុំបានឆ្លងកាត់រឿងមួយនោះដែលធ្ងន់និងពិបាកសះស្បើយ។ ជឿចុះថា ការឈឺចាប់ដំបូងតែងតែជ្រៅនិងចុះស្នាម ប៉ុន្តែបន្ទាប់មកយើងព្រមរស់នៅជាមួយវា រៀនពីវា ហើយក្លាហានដើរបន្តទៅមុខទៀត។
ថ្ងៃទី០៨ នៃខែមីនា នៅក្នុងប្រទេសកម្ពុជាជាថ្ងៃដែលនារីៗដូចយើងតែងតែមានអារម្មណ៍រំភើប ចង់គេនិយាយថាយើងតាមពិតមានសិទ្ធិជារៀងរាល់ថ្ងៃហើយក៏ដោយ។
នៅកន្លែងធ្វើការរបស់ខ្ញុំ ទោះជាមិនផ្អាកសេវាកម្ម ក៏តែមានកម្មវិធីសម្រាប់បុគ្គលិកជាពិសេសដែរ….
ដូច្នេះធម្មតា នាទិវានារីអន្តរជាតិឬហៅថា ថ្ងៃសិទ្ធិនារី គ្រប់គ្នាស្លៀកពាក់ស្អាតបាតមកជុំគ្នា ដើម្បីត្រៀមទទួលបានផ្កាកុលាបនិងថតរូបសប្បាយៗ រីឯរឿងខ្ញុំវិញ គឺខ្ញុំត្រូវបានប្រធានហៅទូរសព្ទរកទាំងព្រឹកព្រោះមានបេសកកម្មបន្ទាន់…
«អាដា! ក្រោកពីគេងនៅ? អរុណសួស្តី!»
នោះគឺមេដ៏សោះកក្រោះរបស់ខ្ញុំ គាត់ឈ្មោះបងធាន។ ឈ្មោះគាត់ដូចចិន តែតាមពិតគាត់ជាកូនខ្មែរ អ្នកកំពង់ឆ្នាំងយើងនេះឯង។ ខ្ញុំជាជំនួយការរបស់គាត់មកបីឆ្នាំដែរហើយ ទោះបីជាខ្ញុំរាងស្និទ្ធស្នាលបាននិយាយនឹងគាត់ច្រើនជាងអ្នកដទៃ ប៉ុន្តែតាមពិតទៅគាត់នៅតែជាមនុស្សសោះកក្រោះដែលមិនសមថាមកខលរកខ្ញុំទាំងព្រឹកនេះនាំ ឱ្យខូចថ្ងៃល្អអស់។
«ដាឯងស្រូតទៅកុម៉្មង់ផ្កាមួយបាច់ធំ ឱ្យខ្ញុំយកឱ្យស៊ីណា! »
ស៊ីណាជាភរិយារបស់គាត់។ ចង់ឱ្យខ្ញុំទៅកុម្ម៉ង់ផ្កាជាពិសេសសម្រាប់ភរិយារបស់គាត់ នេះជារឿងចម្លែកមួយព្រោះកន្លងមកគាត់ក្នុងភ្នែកគ្រប់គ្នាគ្មានអ្នកគិតថាគាត់ជាមនុស្សមានមនោសញ្ចេតនាអ្វីនោះទេ។
អាចថា ភរិយារបស់គាត់ចុងក្រោយនេះរករឿង ឬគាត់បានដឹងខ្លួនពីចរិតសោះអង្គើយរបស់ខ្លួនបានជាគាត់ព្រមអើពើ?
«ឱ្យគេយកទៅដល់ព្រលានយន្តហោះមុនម៉ោង៨កន្លះព្រោះគេឡើងម៉ោង៩ហើយ!»ថៅកែធានរបស់ខ្ញុំបញ្ជាមកបន្ថែម។
ខ្ញុំស្ទុះក្រោកពីគ្រែស្លន់ស្លោ។
ម៉ោងម៉ានហើយ?
អូយម៉ោង៧? ទោះទៅរៀបចងផ្កាខ្លួនឯងក៏មិនដឹងថារៀបទាន់អត់ដែរផង? ចំណែកហាងណាគេបើកទ្វារថ្មើរណេះ?
សាកល្បងជោគវាសនាខ្ញុំណាស់នៀក? ឱ្យរត់ទាំងព្រឹក៨មិនា? និយាយទៅចម្លែកណាស់មេមិនដែលប្រើខ្ញុំឱ្យទិញរបស់ជូនភរិយារបស់គាត់ទេរឿងដែលអាចសរុបបានគឺព្រឹកនេះប្រហែលជាគ្មានពេលMake Up និងធ្វើសក់ដូចដែលបានគ្រោងទុកទេខ្ញុំមើលទៅ។
ខ្ញុំត្រូវចាកចេញពីផ្ទះទាំងព្រឹកព្រលឹមនេះតែ ដោយសារតែខ្ញុំស្លៀកសំពត់ខ្លីនិងប៉ោង ទោះជាចង់ជិះម៉ូតូខ្លួនឯងក៏ពិបាក មានតែទូរសព្ទទៅហៅសង្សាររបស់ខ្ញុំ ។
«សាលមកដឹក គេតិចបានអត់ មានធុរៈមេប្រើ!»
«ព្រឹកនេះដេកងើបអត់រួចទេ យប់មិញReportធ្វើដល់ម៉ោងពីរ!» គេឆ្លើយទាំងក្ងួរៗ ដូចឈឺ។
«អូ!ចឹងឆាប់ជាណា៎!»
«អូខេ រកអីជិះទៅណាចាំល្ងាចញ៉ាំបាយរ៉ូមេនទិកជាមួយគ្នាអូខេ!»
ខ្ញុំអររំភើបណាស់នឹងពាក្យ«បាយរ៉ូមែនទិក»ក៏លាគេដោយប្រញាប់ចុចAppហៅរឺម៉កមកជិះទៅរកហាងផ្កាទាំងប្រផិតប្រផើយ។ ទុកថា សំណាងខ្ញុំមាន បានរៀបចំផ្កាជាបាច់យ៉ាងពិចិត្រស្អាតផូរផង់មែន សំខាន់គេមិនព្រមទទួលដឹកទៅព្រលានឱ្យទេ។
ខ្ញុំជិះទៅព្រលានម្នាក់ឯងទាំងមើលនាឡិកាជិត១០០ដង។
ម៉ោង៨កន្លះត្រឹមខ្ញុំបានទៅដល់មែន។
ខ្ញុំរត់ដូចមនុស្សយ៉ាប់ មិនខ្វល់នឹងក្រសែភ្នែកអ្នកណាទាំងអស់ទម្រាំតែអាចរកឃើញ«អ្នកស្រីស៊ីណា»អង្គុយពិសាកាហ្វេបែរខ្នង ហើយបានជូនផ្កាទៅឱ្យគាត់ទាំងដែលគាត់នឹកឆ្ងល់បើកភ្នែកធំៗ ពិនិត្យពិច្ច័យខ្ញុំ។
«រីករាយថ្ងៃសិទ្ធិនារី! គឺ គឺបងធានប្រើខ្ញុំយកមកជូនអ្នកបង!»
ខ្ញុំសើចស្ញាញសឹងស្ងួតជើងធ្មេញទម្រាំតែគាត់លូកដៃមកទទួលយក។
ភារកិច្ចខ្ញុំចប់ហើយខ្ញុំញញឹមនឹងលំឱនកាយលាគាត់គាត់និយាយពាក្យខ្លីៗថា៖
«អរគុណ!»
ខ្ញុំថយមកឈរនៅជ្រុងកំបាំងមួយឆ្ងាយពីគាត់ដើម្បីចុចហៅរឺម៉កជិះត្រលប់មកធ្វើការ។ រំពេចដែលកង់រឺម៉ក់បង្វិលចេញទៅក្រៅ ខ្ញុំក៏ក្រឡេកទៅរកឃើញភោជនីយដ្ឋាន ដែលអ្នកបងស៊ីណាកំពុងតែមានវត្តមានកាលមុននេះ ស្រាប់តែឃើញបាច់ផ្កាត្រូវបានទុកចោលនៅលើតុនោះ។
គាត់ទៅណា?
គាត់ទៅបន្ទប់ទឹកទេដឹង?
ខ្ញុំគិតបែបហ្នឹងចុះ គិតថាគ្មានមនុស្សស្រីណាដែលដាច់ចិត្តបោះបង់ចោលបាច់ផ្កាស្អាតបែបនេះទេ។ រ៉ឺម៉ករត់ចច្រប់ កាត់តាមរបាំងកញ្ចក់វែងអន្លាយនៃអាកាសយាន្ដដ្ឋាន ខ្ញុំបានឃើញអ្នកបងស៊ីណាកាន់ដៃបុរសម្នាក់ទៀតនៅលើជណ្តើរយន្តដែលកំពុងអណ្តែតឡើងទៅជាន់ខាងលើ។
លើកដៃមើលម៉ោង…..ម៉ោងជិត៩ហើយ….គាត់មិនមែនទៅបន្ទប់ទឹកទេ …គាត់ពិតជាឡើងទៅជិះយន្តហោះ ដោយមិនយកបាច់ផ្កាបញ្ញើរបស់ប្តីគាត់ទៅជាមួយមែន។
ព្រលឹងខ្ញុំ ដូចជាអណ្តែតត្រសែត ភ័យស្លន់ អាក់អន់ម៉េចមិនដឹង….ក៏មិនយល់ខ្លួនឯងដែរ ថាតើមានកំហុសអី? ខ្ញុំបានធ្វើការងារខ្លួនឯងរួចហើយ ម្នាក់ស្រីនោះមិនយកបាច់ផ្កាដោយខ្លួនគាត់សោះ ហេតុអ្វីបានជាបន្សល់ឱ្យខ្ញុំនូវអារម្មណ៍មួយមិនស្រណុកចិត្តរហូតបែបនេះ?
ជំនិះរត់ស្លេវទៅដល់ណាហើយមិនដឹង ឯចិត្តខ្ញុំនៅតែវិលវល់ពេញព្រលានយន្តហោះដដែលជាដដែល។
ទោះណាជាមានវិធីកាន់ដៃជាច្រើនបែប រវាងស្រីនិងប្រុស ព្រមជាមួយការបកស្រាយខុសគ្នាអំពីកម្រិតនៃទំនាក់ទំនងពួកគេ តែនៅក្នុងទិដ្ឋភាពចុងក្រោយដែលអ្នកស្រីស៊ីណាផ្តល់ឱ្យខ្ញុំ មានពីរគត់ គឺ ទីមួយគាត់សោះអង្គើយណាស់ពេលឃើញផ្កាដែលប្តីគាត់ខំចាត់ខ្ញុំឱ្យយកមក ចំណែកទឹកមុខគាត់នៅពេលកាន់ដៃជាមួយបុរសសង្ហាម្នាក់ទៀតឡើងជណ្តើរត្រៀមហោះហើរគឺ«ស្រស់ប៉ប្រឹម»។
«ពូ!ពូ!ឈប់សិនណា៎ ឈប់ហ្នឹងចុះ!»
ខ្ញុំគិតរឿងនេះរហូតមក តែមិនទាន់ដល់ក្បែរកន្លែងធ្វើការទេ កាន់តែតែឈឺក្បាលពេក ប្រុងថាចុះដាក់កាហ្វេមួយពែងឱ្យចាស់ឱ្យបានស្វាងបន្តិចសិនក៏ល្អ។
បានជាខ្ញុំបញ្ឈប់ជំនិះ។
ឱ្យលុយគេរួច ប្រុងងាកមកថានឹងឆ្លងបន្តទៅហាងនៅនឹងមុខ ស្រាប់តែខ្ញុំឃើញដាលី បង្ហាញខ្លួននៅក្នុងហាងនោះជាមួយនឹងបុរសម្នាក់ ។ ដាលីជាមិត្តជិតដិតរបស់ខ្ញុំតាំងពីរៀនវិទ្យាល័យ និងមហាវិទ្យាល័យ ក្រោយមកក៏ខ្ញុំជួយធានា ណែនាំឱ្យមកធ្វើការជាមួយខ្ញុំទៀត។
ដំបូងគិតថា ចង់រត់ទៅរកមិត្តដោយសប្បាយរីករាយនឹងបានជជែកក្អាកក្អាយបំភ្លេចរឿងចម្លែកៗនៃគ្រួសារប្រធានខ្ញុំ រួចសឹមជិះទៅកន្លែងធ្វើការជាមួយគ្នា ប៉ុន្តែនៅពេលឈានបានមួយជំហានទៀត បុរសឡូយសង្ហាក្មេងម្នាក់បង្ហាញខ្លួន ហើយកាន់ដៃនាង។
ដាលីមិនមែនមកម្នាក់ឯងទេ។
ខ្ញុំភ្ញាក់អារម្មណ៍យ៉ាងខ្លាំង ព្រោះនាងមិនដែលឮថាមានសង្សារផង?
ដូចជា បទចម្រៀងស្រី Sad Movie ដែរ ចាំអីនិយាយ ព្រោះតែខ្ញុំឈរភ្លឹកនោះគឺបុរសនោះ ជាវិសាលសង្សាររបស់ខ្ញុំ ។ គេទើបតែប្រាប់ថា «ព្រឹកនេះក្រោកមិនរួច!»។
ពួកគេបានថាសអាហារពេលព្រឹក ក៏បណ្តើរគ្នាយ៉ាងរីករាយអង្គុយចុះក្បែររបាំងកញ្ចក់ហាង។
ចាញ់បោកគេ!!!
ពាក្យបីម៉ាត់នេះមិនពិបាកទទួលដឹងទេ ! មិនបាច់សួរ មិនបាច់បកស្រាយ វាសាមញ្ញដូច្នេះហើយ រូបភាពប៉ុណ្ណឹងអាចបញ្ជាក់គ្រប់យ៉ាង។
គេមិនដែលរាប់អានគ្នាក្នុងនាមមិត្តជិតដិតរបស់សង្សារ ហើយមកកាន់ដៃគ្នាកណ្តាលក្រុងភ្នំពេញ និងកុហកសង្សារខ្លួនឯងថា ជាប់ធ្វើReport ដល់ម៉ោងពីរភ្លឺទេ។
គ្រប់យ៉ាងសាមញ្ញ ប៉ុន្តែអារម្មណ៍ដែលភ្ជាប់មកជាមួយព្រឹត្តិការណ៍នេះ វាមិនសាមញ្ញទេណាញាតិអើយ! អារម្មណ៍ត្រូវបានក្បត់ អារម្មណ៍ខឹង អាម៉ាស់ និងខូចចិត្ត ដូចជាទីក្រុងនេះកំពុងរលត់ពន្លឺឈឹបៗទៅទាំងស្រុង។
ព្រោះតែចិត្តទ្រុស្តក្បត់របស់ពួកគេ យើងបែរជាមិនចោទសួរអំពីចរិតពួកគេដែលលាក់ពុតប្រព្រឹត្តិអ្វីៗទាំងអស់នៅពីក្រោយខ្នងយើងជាមនុស្ស«ត្រង់ម្នាក់»បែរជាឱ្យយើងមកសួរខ្លួនឯងឡើងវិញ ថា ហេតុអ្វី?ហេតុអ្វី?ហេតុអ្វី?
គ្មានចម្លើយទេ! គ្មានឡើយ!
ខ្ញុំដើរថយមកវិញ គឺដើររហូត មិនរវល់នឹងអ្វីជុំវិញខ្លួន មិនខ្វល់ស្បែកជើងខ្ញុំឈឺនិងខ្ពស់ ព្រោះចិត្តខ្ញុំកំពុងឈឺជាង ផង។
សំណួរជាច្រើនបានវាយលុកខ្ញុំ …..ពួកគេស្គាល់គ្នាពីពេលណា?ក្រែងខ្ញុំជាអ្នកណែនាំដាលីឱ្យស្គាល់សាលទេហ្អី? ស្នេហា?គេស្រលាញ់ខ្ញុំឬដាលី? ហេតុអីញ៉ាំអាហារពេលព្រឹកជាមួយគេហើយពេលល្ងាចនេះសន្យាមានបាយរ៉ូមេនទិកជាមួយខ្ញុំ?
ដាលីក្បត់ខ្ញុំធ្វើអី? គេដឹងតាំងពីដំបូងមកថា ខ្ញុំស្រលាញ់សាលណាស់!
សរុបមកពួកគេលួចលាក់!កំបាំងពីចិត្តខ្ញុំ!ពួកគេប្រុងធ្វើដល់ពេលណា?ស្នេហាត្រីកោណធុនថោកៗអស់នេះ?ហេតុអ្វីមិនបង្ហាញច្បាស់ថាយើងចប់គ្នា ហើយពួកគេជាអ្នកក្បត់ខ្ញុំ?
ដោយសារតែគិតថាខ្ញុំជាប់រវល់ ជាមួយប្រធានខ្ញុំទៅហើយ ដូច្នេះពួកគេរឹតតែមានឱកាសក្នុងការចួបគ្នា ? ចាំបាច់អីធ្វើអ៊ីចឹង? ជើងមួយជាន់ទូកពីរ? ប្រុសម្នាក់ហ្នឹងថាអ៊ីចឹងចុះ ចុះស្រីម្នាក់ហ្នឹងវិញ? នាងខ្វះមនុស្សប្រុសណាស់ ដល់ថ្នាក់លូកថ្លើមមិត្ត?
ធម្មតាខ្ញុំគួរតែទៅបង្ហាញខ្លួនដល់តុហ្នុង ដល់ពួកគេដឹងថា ខ្ញុំបានឃើញសកម្មភាពក្បត់របស់ពួកគេច្បាស់ៗហើយ ប៉ុន្តែមិនអ៊ីចឹងទេ ខ្ញុំហត់ណាស់ !ខ្ញុំបានដកថយត្រលប់មកកន្លែងធ្វើការវិញយ៉ាងស្ងៀមស្ងាត់…..ឱនេះ ជាថ្ងៃប្រាំបីមីនាដ៏ស្ងប់ស្ងាត់បំផុតមួយសម្រាប់ខ្ញុំ!
នៅក្នុងជណ្តើរយន្តដែលមានសេរីភាពក្នុងការលេងទឹកមុខព្រោះគ្មានអ្នកណានៅ ខ្ញុំអាចធ្វើមុខដូចជិតស្លាប់បាន មិនចាំបាច់ធ្វើធម្មតាឬញញឹមដាក់ពូសន្តិសុខ មីងបោសសម្អាតដូចនៅខាងក្រៅមុននេះឡើយ។
«អាដា! ទោះមានអ្វីកើតឡើងក៏មិនមែនជាកំហុសរបស់ឯងអាដា! ដែលមាននរណាម្នាក់បោកប្រាស់យើងហើយ យើងមកខឹងខ្លួនឯងថែមទៀតនោះអាដា! »
ខ្ញុំប្រាប់ខ្លួនឯងបែបនេះរហូតព្រោះជាមនុស្សមានទស្សនវិជ្ជាពេញខ្លួន ខ្ញុំចូលចិត្តអានQuoteលើកទឹកចិត្តណាស់ ។
«មនុស្សខ្លះធ្វើរឿងដែលគួរឱ្យឈឺចាប់ អាចដោយសារហេតុផលជាច្រើន ដែលយើងមិនដឹង! ហើយប្រហែលជាល្ងាចនេះវិសាលអាច ពន្យល់បាន»
ទោះគិតវិជ្ជមានបែបណាក្តីចិត្តខ្ញុំមិនបានវិជ្ជមានទេ។ ទទួលយកចុះថា អ្វីៗបានកើតមានបែបហ្នឹងមកហើយគ្រាន់តែយើងទើបតែដឹង…ក៏ល្អ….យើងដឹងយើងបានឃើញផ្ទាល់ភ្នែកក៏ល្អហើយ ល្អជាងមិនដឹងអី! …ទោះជាត្រូវការពេលវេលាដើម្បីព្យាបាល និងរៀនដកដង្ហើមហើយទទួលយកថាអ្វីៗនឹងចុកឈឺ និងរបួសមួយរយៈតែទទួលយកចុះ!
ទ្វាររបើកហើយ ! ខ្ញុំប្រាប់ខ្លួនឯងថា នេះមិនមានន័យថា ខ្ញុំបានយល់ព្រមឬយល់ស្របជាមួយរឿងក្បត់ចិត្តនេះទេ វាគ្រាន់តែមានន័យថា ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាក្នុងការប្រយុទ្ធនឹងអ្វីមួយដែលយើងមិនអាចផ្លាស់ប្តូរវា។
ខ្ញុំមិនមែនជាមនុស្សងាយចុះចាញ់ឡើយ ខ្ញុំអាចច្បាំងដើម្បីជិវិតបាន ផ្ទុយទៅវិញពេលនេះច្បាំងយកមនុស្សក្បត់ខ្ញុំគ្មានកម្លាំងចិត្តទេ មិនចង់បានឡើយ។
អង្គុយមកលើតុធ្វើការ ខ្ញុំងាកមើលទូរសព្ទខ្លួនឯង! គេរវល់ហើយ! សូម្បីតែពាក្យជូនពរសិទ្ធិនារីមួយក៏អត់មានដែរ! ងាកទៅតុដាលី! នាងក៏អត់ទាន់ឃើញមកដល់ដែរ! ខ្ញុំសើចចំអកខ្លួនឯង។
ក្រុមហ៊ុនខ្ញុំនេះ ធម្មតាបុគ្គលិកផ្នែកខាងខ្ញុំ ត្រូវចូលធ្វើការនៅម៉ោង១០ព្រឹក ដោយសាររាល់យប់យើងចេញពីធ្វើការម៉ោង៨ឯណោះ ព្រោះយើងជាដៃគូប្រចាំប្រទេសនៃក្រុមហ៊ុនបារាំងមួយដែលត្រូវទាក់ទងជាមួយតំណក្រុមហ៊ុនវេចខ្ចប់នឹងដឹកជញ្ជូនបញ្ញើទៅប៉ារីស ក៏ដូចជាទីក្រុងអឺរ៉ុបមួយចំនួនទៀត។
នេះគឺជាថ្ងៃប្រាំបីមីនាដោយស្ងប់ស្ងាត់បំផុតសម្រាប់ខ្ញុំ ដែលខ្ញុំមកOfficeមុនគេពេក មិនទាន់មាននរណាមកនៅឡើយពួកគេរវល់ហើយតួយ៉ាងដូចជាដាលី…..
ស្នូរគ្រហែម… ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញបងធានថៅកែរបស់ខ្ញុំនៅក្នុងបន្ទប់គាត់។ គាត់មកឆាប់ម្ល៉េះ?
ខ្ញុំមិនបាននិយាយសួរគាត់ទេ គិតតែក្នុងចិត្តហើយក៏នឹកឃើញភ្លាមដល់ស្ថានភាពប្រពន្ធស្រស់ស្អាតរបស់គាត់«អ្នកស្រីស៊ីណា»នៅព្រលានយន្តហោះ!
ហ៊ឹម…គាត់ក៏មិនគ្រាន់បើជាងខ្ញុំដែរ ខំប្រឹងរកស៊ីឈ្មុសឈ្មុលធ្វើការដល់ថ្នាក់មិនដឹងថាប្រពន្ធ……
គិតហើយមិនដឹងចិត្តអ្វីទេរុញខ្ញុំឱ្យក្រោក ដើរទៅគោះទ្វារបន្ទប់តិចៗព្រោះត្រូវរាយការណ៍រឿងការងារទិញផ្ការួចរាល់…..
«ផ្កាទិញរួចហើយបង!»
ខ្ញុំទម្លាប់ហៅគាត់«បង»ព្រោះមេដឹកនាំខ្ញុំចូលចិត្តបែបនេះតាំងពីដើមមក គាត់មិនដែលចង់ឱ្យបុគ្គលិកណាហៅថា«មេ»ឬ bossអីទេ។ អកប្បកិរិយាបងធាន គឺកំពុងពិនិត្យបញ្ជីនិងឆ្លើយMailមមាញឹកដូចរាល់ដង។
«ក៏បានយកទៅដល់ Airport ដែរ!»
«ពួកគេ flight សប្បាយចិត្តទេ?!»
គាត់និយាយតបមកដោយមិនងើបមុខទេ។
«ពួកគេ?»
បានន័យថា គាត់ដឹងពីរឿងប្រពន្ធគាត់ទៅជាមួយបុរសនោះ?
«បងធានដឹងដែរ?»ខ្ញុំសួរភ្លាមៗ។
«បាច់ផ្កាហ្នឹងបងជូនគេជាចុងក្រោយ! ពួកគេទៅស្រុកក្រៅនៅជាមួយគ្នាហើយ! បងនឹងគេចប់ហើយអាដា!»
ខ្ញុំមិនដែលដឹងរឿងគាត់ច្បាស់ទេពីមុនមកដ្បិតជាជំនួយការផ្ទាល់ តែសម្តីគាត់ពេលនេះ បានន័យថាប្តីប្រពន្ធគាត់បែកគ្នា? ខ្ញុំមិនមាត់ នៅរង់ចាំស្តាប់គាត់ព្រោះខ្ញុំយល់ចិត្តអ្នកដែលកំពុង«ខូចចិត្ត»។
«បងបែកជាមួយគេហើយ! តែនៅព្យាយាមជូនពរសិទ្ធិនារីគេ!»
ខ្ញុំនឹកឃើញភ្លាមដល់រឿងបាច់ផ្កា ប៉ុន្តែខ្ញុំមិនអាចជម្រាបគាត់រឿងមនុស្សស្រីចិត្តទឹកកកនោះទុកផ្កាគាត់ចោលទេ។
«បងធានបន្តទៅមុខដោយរបៀបណានៅពេលដែល……»
ឃើញខ្ញុំនៅទីទើរយូរពេក គាត់ងើបមុខមកសើចសួរ៖
«ដែលអី?»
ទំនងជាទឹកមុខខ្ញុំSadអាក្រក់ពេកបានជាពេលនេះគាត់ភាំងមើលមកលែងសួរនាំ។ ខ្ញុំរកពាក្យផ្សេងមកឱ្យបានបន្លប់៖
« ត្រូវការកាហ្វេទេ? ខ្ញុំប្រុងថាចុះទៅទិញដែរ!»
គាត់សម្លឹងភ្នែកខ្ញុំដែលខំលាក់លៀមទុក្ខព្រួយ។ ចិត្តមួយខ្ញុំយល់ចិត្តគាត់ខ្លាំង ព្រោះយកចិត្តគាត់ដាក់ក្នុងចិត្តខ្លួនឯង ចិត្តមួយទៀតខ្ញុំដឹងថា រឿងបាច់ផ្កានឹងមិននិយាយប្រាប់គាត់ឱ្យខូចចិត្តដាច់ខាត ដូច្នេះហើយបានជាព្យាយាមគេចភ្នែកចេញពីគាត់។
គាត់បន្តសួរខ្ញុំដោយស្ងួតស្ងប់៖
«ព្រលឹមម្ល៉េះ?!»
«ខ្ញុំបានកុម្ម៉ង់ផ្ការួចហើយ…ចេញមកមិនដឹងទៅណា….ក៏ត្រលប់មក Office ហ្មងទៅ!»
«រាល់ដង៨មិនាឃើញតែងខ្លួនស្អាតៗ នៅម៉ោងច្រើនតើ!»
«គ្មានអារម្មណ៍ទេបង….ឆ្នាំនេះ!»
មនុស្សស្រស់ស្រាយដូចខ្ញុំស្រាប់តែក្លាយជាបែបនេះ ដឹងតែលាក់គាត់មិនជិតទេ។
គាត់បន្តសម្លឹងខ្ញុំ ខ្ញុំទ្រាំមិនបានទៀតដឹង? ភ្នែកគាត់សម្លឹងដូចមានសំណួរច្រើនតែគ្មានសំឡេង។ ទឹកភ្នែកខ្ញុំខំទប់ណាស់ តែស្រាប់តែវាក៏ស្រក់ចុះមករហាមឆ្វាច មិនដឹងថាទប់យ៉ាងណា។
«មានរឿងអី?»
សួរបីម៉ាត់នេះហើយ គាត់ក៏ហៅខ្ញុំអង្គុយចុះ។
ខ្ញុំស្រវាយកក្រដាស់ជូតទឹកភ្នែកហើយចាប់ផ្តើមអង្គុយឆ្ងក់។ បងធានដើរមកក្បែរខ្ញុំហើយគោះស្មាខ្ញុំតិចៗនិងសួរនាំ៖
«ប្រពន្ធខ្ញុំស្តីឱ្យអាដាឯង!»
ខ្ញុំរាដៃបដិសេធភ្លាម៖
«អត់ទេៗ មិនមែនរឿងគាត់ទេបង! អត់ទាក់ទងទេ!»
«អីចឹងប្រាប់បានទេ ហេតុអីធ្វើមុខយ៉ាប់ទាំងព្រឹក?!»
ខ្ញុំនៅស្ងៀមបន្តិចទម្រាំដាច់ចិត្តសួរគាត់បកវិញ៖
«បងធានបែកបាក់គ្រួសារទាំងមូល បងធ្វើចិត្តរបៀបណាបាន? ឬមួយ…មកពីបងជាមនុស្សប្រុស?»
គាត់ចង្អុលខ្ញុំ រេម្រាមដៃចុះឡើងៗបង្អាប់៖
«បែកបាក់សង្សារហ្មង!»
«អាក្រក់ជាងហ្នឹងទៀត!»ខ្ញុំនិយាយអណ្តឺតអណ្តកហើយជូតទឹកភ្នែកដែលហូរមក ទើបនិយាយបញ្ចប់៖
«សំខាន់មិនទាន់បែកគ្នាទេ! តែគេលបមានអ្នកផ្សេងក្រោយខ្នងយើង! ជាមនុស្សយើងទុកចិត្តបំផុតទៀត»
បាននិយាយចប់ដូចបានបញ្ចប់ភាពតឹងទ្រូង។ ខ្ញុំក៏យំហ៊ូតែម្តង ក្រោយមកខំទប់វិញ។
មេដឹកនាំខ្ញុំនិយាយខ្សឹបៗ៖
«យំទៅអ្ហ៎ា! ចង់យំ យំមកអាដា! ហើយជឿបង! អារម្មណ៍ឈឺចាប់ ជារឿងធម្មតាមួយ កុំទប់វា!»
ខ្ញុំបានឮប៉ុណ្ណឹងក៏ស្រក់ទឹកភ្នែកមកដូចបាក់ទំនប់។ ខ្ញុំមិនចង់ឱ្យគាត់ពិនិត្យខ្ញុំពេកទេ ចង់ដឹងពីរឿងគាត់វិញដើម្បីបានបន្លប់ចិត្តខ្លះ ទើបខ្ញុំព្យាយាមសួរ៖
«ខ្ញុំចង់រឹងមាំដូចបងធាន!»
គាត់សើចស្ងួតតែខ្ញុំក៏មើលឃើញការឈឺចាប់ក្នុងស្នាមសើចនោះ។ គាត់គោះតុហើយហៅខ្ញុំ៖
«តោះទៅផឹកកាហ្វេ បងប៉ាវព្រោះសិទ្ធិនារី!»
«ខ្ញុំហើមភ្នែកហើយមិនចង់ទៅណាទេបង!»
«អ្ហើយខ្លាចអ្នកណា? អ្នកណាមិនធ្លាប់យំអ្ហះ?!»
ខ្ញុំសម្លឹងមុខគាត់ គាត់ក៏បន្ត៖
«ហើយបើអាដាឯងនៅព្យាយាមបដិសេធអារម្មណ៍ពិតរបស់ខ្លួនឯងបែបនេះ អត់បានការទេ ផ្ទុយទៅវិញ វាកាន់តែស្អិតStick នៅជាប់នឹងខ្លួនយើងកាន់តែយូរឡើងៗក្លាយជាមានវិបត្តិជាទម្លាប់តែម្តង!»
ជាការពិតសម្តីគាត់ត្រូវចិត្តខ្ញុំ។
សម្តីខ្លះមួយម៉ាត់ពីរ ក៏មានឥទ្ធិបលជាងអានសៀវភៅ១០ក្បាលឬនិយាយមិនបានការ១០ម៉ោង។
គាត់ចុះទៅមុន ឯខ្ញុំបានលាងមុខពេលសម្រេចចិត្តទៅជាមួយគាត់រកស្រស់ស្រូបចេញ។
បេះដូងខ្ញុំទទេហើយក្រពះមិនអាចទទេតាមទេ។
ចុះមកនេះ ខ្ញុំបានព្យាយាមដាក់ទឹកមុខក្លាហាន ហើយធ្វើមិនឱ្យរាងកាយអើពើនឹងអារម្មណ៍របស់ខ្ញុំ ប៉ុន្តែ….វាមិនបានផល…..ព្រោះ…..
«អេ្ហ! ញ៉ាំអីអត់ទិញផ្ញើ!»
សាររបស់ដាលី។
បើមិនបានឃើញរឿងពីព្រឹកខ្ញុំច្បាស់ជាផ្ញើទិញកាហ្វេនិងអ្វីៗយ៉ាងមានឱជារសហើយ….តែ…..
«គ្នាឆ្អែតហើយ!»
ខ្ញុំសរសេរបីម៉ាត់នេះទាំងញញឹមចុកក្នុងបេះដូង។
សន្យានឹងខ្លួនឯងមិនចុកឱ្យលើសពីបីនាទីទេ។
ខ្ញុំនឹងទាត់ចោលការឈឺចាប់ដែលពួកគេកំពុងបញ្ជូនមកឱ្យជីវិតខ្ញុំ។
បងធានផ្ញើទីតាំងមក…..ខ្ញុំដើរទៅ….នេះជាហាងកាហ្វេតូចមួយស្ងាត់ មិនដាច់ និងល្អបំផុតសម្រាប់មនុស្សខូចចិត្តដូចខ្ញុំ។ និយាយទៅ ពេលកន្លងមកចូលចិត្តតែកន្លែងមនុស្សច្រើន បានជាអត់ដឹងថាក្នុងដឿងហែមមានកូនPubមួយokយ៉ាងនេះ។
«បងធានស្គាល់កន្លែងនេះយូរហើយ?»
«បងដើរមើល! បងចូលចិត្តដើរមើលរកអ្វីថ្មីៗ !»
ខ្ញុំបានហៅអីញ៉ាំជាមួយគាត់។ ខ្ញុំបានព្យាយាមធ្វើដូចជាធម្មតានៅខណៈពេលដែលមនុស្សគ្រប់គ្នាប្រហែលជាស្មានថា ខ្ញុំមិនអីទេ មិនធំដុំឡើយសម្រាប់យុវវ័យសម័យនេះក្នុងការខូចចិត្ត តែតាមពិត នៅខាងក្នុងជម្រៅបេះដូងខ្ញុំ កំពុងឈឺចាប់…..ខ្លាំង….។
«ធូរចិត្តនៅ?»
គាត់សួរ។ តាមពិត ទើបតែមួយម៉ោងជាងនេះ មិនទាន់ដល់ពេលដែលខ្ញុំអាចទទួលស្គាល់ថាខ្ញុំ«ធូរ»នៅឡើយទេ។ ការឈឺចាប់ តូចចិត្ត និងខឹងមនុស្សក្បត់បានចាប់ផ្តើមដំណើរការឡើងស្រឹបៗជាបន្តបន្ទាប់។ អ្នកទាំងពីរនៅតែអណ្តែតមកបិទបាំងកែវភ្នែកខ្ញុំ រាល់សម្តីចាស់ថ្មី ត្របាញ់មកក្នុងការចងចាំរបស់ខ្ញុំ។ ជាការពិតណាស់ ការរៀនទទួលយកអារម្មណ៍ធ្លាក់ចុះមិនមែនស្រួលទេ ចង់ទាញមកធម្មតាភ្លាមៗក៏រឹតតែពិបាក។
«ខ្ញុំមិនកុហកទេបង! ខ្ញុំកំពុងស្អប់គ្រប់យ៉ាង!»
«កុំស្អប់ដោយទាំងជីវិតខ្លួនឯង ណ៎ា!»
«ហេតុអីបងចំណាយពេលជាមួយខ្ញុំ បងធាន!»
«ព្រោះបងយល់!»
«បងនៅមិនទាន់ឆ្លើយទេ ថាបងធ្វើចិត្តបានរបៀបណា?»
គាត់ញញឹម។
«សម្រាប់បងណ៎ាអាដា! អារម្មណ៍ឈឺចាប់របស់បង មិនមែនជារឿងដែលបងមិនរំពឹងទុកទេ បងដឹងថា យើងមិនល្អគ្រប់យ៉ាងហើយថ្ងៃណាមួយអ្នកណាម្នាក់នឹងនិយាយរឿងនេះចេញមក ចំណែកបើគេនោះជាមនុស្សដែលយើងស្រលាញ់ហើយទាមទារចង់ចាកចេញ យើងរឹតតែឈឺ តែធ្វើម៉េច?!»
«បងគ្រាន់បើ ជាងខ្ញុំ! បើអ្នកស្រីចាកចេញតាមសម្រួល និយាយគ្នាតាមត្រង់ក៏គ្រាន់! ចំណែកខ្ញុំត្រូវគេបោកក្រោយខ្នង!»
គាត់ពន្យល់ខ្ញុំ៖
«ពេលអាដាឯងខឹង សោកសៅ ឬត្រូវគេប្រូ គេក្បត់ ស្អីក៏ដោយយើងអាចស្អប់ខ្លួនឯងដែលមិនល្អគ្រប់គ្រាន់ទាក់ទាញគេបានយូរ ស្អប់ខ្លួនឯងដែលត្រូវបានច្រានចោល ឬស្អប់ខ្លួនឯងដែលឱ្យគេយកប្រៀបបានដោយសារតែចិត្តល្អ យល់ចិត្ត និងប្រហែស! កុំបន្ទោសខ្លួនឯង! អារម្មណ៍ដែលថាត្រូវគេក្បត់នឹងធ្វើឱ្យគ្រប់យ៉ាងរឹតតែអាក្រក់ទៅៗ! កុំបំផ្លាញការគោរពខ្លួនឯង…..!»
«ត្រូវណាស់បង ខ្ញុំកំពុងមានអារម្មណ៍ថា ខ្ញុំមិនល្អគ្រប់គ្រាន់ទេមើលទៅ!»
«គ្មានអ្នកណាល្អឥតខ្ចោះទេ ! ប៉ុន្តែទុកថា មនុស្សខ្លះ ចង់បានរឿងលើសពីធម្មតា! ហេតុផលដែលមិនគួរឱ្យជឿ គឺពួកគេចង់បានរបស់ដែលគេមិនទាន់បាន! ជាគំនិតមាយាទភ្លើតភ្លើនរបស់គេ កុំដោយសារគេមកស្តីបន្ទោសខ្លួនឯង!សំខាន់ត្រូវរកពេលល្អ សម្រេចចិត្តថា ចង់ជួយគេមកការពិតវិញ ឬ ចង់ចាកចោលមនុស្សប្រភេទនេះកសាងជីវិតជាថ្មី?»
ពេញមួយថ្ងៃ ខ្ញុំវិលមកកន្លែងវិញ សួរខ្លួនឯងនូវសំណួរដែលបងធានបានចោទមក។ តើវិសាលពិតជាចង់សាកជើងមួយទូកពីរឬ? តើខ្ញុំគួរទាញគេមកវិញ ឬក៏ដើរហួសទៅចោលគេឱ្យសប្បាយនឹងភាពភ្លើតភ្លើនរបស់គេចុះ?
សំណួរបែបនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ស្មុគ…..ព្រោះខ្ញុំមិនអាចផ្តល់ចម្លើយត្រឹមត្រូវមួយដល់ខ្លួនខ្ញុំបានទេ។
ខ្ញុំយល់ សម្តីគាត់ពន្យល់។ អ្វីដែលដៃគូរបស់យើងបានជ្រើសរើសធ្វើ ជាចរិតរបស់គេ មិនមានពាក់ព័ន្ធនឹងកំហុសគុណសម្បត្តិយើងទេ។ យើងមិនគួរមានអារម្មណ៍ទទួលខុសត្រូវចំពោះសកម្មភាពក្បត់ ឬបន្ទោសខ្លួនឯងដោយសារមនុស្សអប្រិយអស់នោះដែរ….ប៉ុន្តែ ចំពោះមុខ ខ្ញុំបោះបង់ឬព្យាយាមដណ្តើម?
«ជិតដល់ម៉ោងហើយណ៎ា កុំខំធ្វើការពេក!»
វិសាលឆាតមក។ គេមិនដឹងរឿងរហែកមេឃដែលខ្ញុំរកឃើញទេ។ ខ្ញុំវិញគ្មានអារម្មណ៍អ្វីទាំងអស់ក្រៅពីងើបមុខលបមើលដាលី។ នាងញញឹមញញែមនឹងថែមក្រែមថែមម្សៅ។ នាងកំពុងសប្បាយដែលមានស្នេហា…..ok….
ដូច្នេះល្ងាចដដែលនោះខ្ញុំបានណាត់ដាលី ចេញទៅញ៉ាំ Dinner។ នាងក៏បានយល់ព្រមចេញមកជាមួយខ្ញុំតាមធម្មតាលក្ខណៈជាមិត្តស្និទ្ធស្នាល។
បើពួកគេស្រលាញ់គ្នាហេតុអីបានជាពួកគេមិនទៅចំណាយពេលល្ងាចដ៏ពិសេសនេះជាមួយគ្នា? មកពីគេកំពុងបិទពួនក្រោយខ្នងខ្ញុំ? គេខ្លាចខ្ញុំឬអាណិតខ្ញុំឱ្យប្រាកដទៅ?
វិសាលរុញទ្វារហាងចូលមកដល់ ក៏ទំនងជាភ្ញាក់ផ្អើលនៅពេលដែលឃើញយើងនៅជាមួយគ្នា។
ខ្ញុំញញឹមស្រស់បក់ដៃហៅឱ្យសង្សារត្បាញអាយនេះមកអង្គុយ។
ពេលនោះហើយអ្នកទាំងពីរធ្វើដូចជាប់ពិរុទ្ធ សប្បាយមិនសប្បាយ ទុក្ខក៏មិនដូចជាទុក្ខ។
មិនដឹងថា គេសង្ស័យខ្ញុំដឹងរឿងរបស់គេឬអ្វី ដាលីស្លេកមុខ មិនមាត់ ចំណែកសាលរកតែចង់ងើបចេញ។
«រឿងនេះកើតឡើងតាំងពីពេលណា ?»
ខ្ញុំសួរធម្មតា! គ្មាននរណាម្នាក់ឆ្លើយទេ ចំណែកខាងស្រីងាកមកមើលមុខខ្ញុំដោយទឹកមុខស្ងួត។
មិនបាច់ធ្វើអាណិតទេ ដែលយើងលូកថ្លើមមិត្តគឺយើងបានសម្លាប់ខ្ញុំយូរហើយ តែខ្ញុំស្មានថាខ្លួនខ្ញុំនៅរស់។
ខ្ញុំក៏សួរទៀត៖
«គិតថាលាក់ខ្ញុំដល់ពេលណា ?»
វិសាលដកដង្ហើមឃូរ ក៏ជាពេលដែលនាងដាលីសម្លាញ់អាប់របស់ខ្ញុំ ស្ទុះចាប់ដៃគេធ្វើដូចនាងភ័យ។ ខាងប្រុសមិនបានច្រានម្រាមនាងចេញទេ។
សារជាថ្មី ខ្ញុំដឹងថា ខ្ញុំនៅរស់ដែរ ព្រោះបេះដូងកំពុងលោតឈឺនិង ស្ពឹក…..។
«ខ្ញុំ…..ខ្ញុំមិនចង់ឱ្យឯងឯកោ!»
ដាលីនិយាយធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់មកច្រោក។ ខ្ញុំងាកមករកនាង ….មនុស្សនេះជួរជាតិហើយ ធ្វើចិត្តល្អបានទៀត?
ខ្ញុំនិយាយទាំងឈឺចាប់៖
« បើឯងភ័យខ្លាចខ្ញុំឯកោ ម៉េចឯង ចង់យកមនុស្សដែលខ្ញុំស្រលាញ់ទៅ!»
សាលនិយាយកាត់៖
«រឿងអីក៏យើងដោះស្រាយបានដែរ!»
«ឥឡូវយើងកំពុងតែដោះស្រាយហើយ!»ខ្ញុំឆ្លើយតបវិញភ្លាមទៅនឹងវិសាលឈ្មោះដែលខ្ញុំគិតថាគម្រក់បំផុតក្នុងការចងចាំទាំងអស់របស់ខ្ញុំ។
ខ្ញុំចង់បញ្ជាក់ប្រាប់គេថា មិនបាច់មកធ្វើអាណិតអាសូរខ្ញុំទេ។ ប្រភេទមនុស្សក្បត់ដូចគេប្រហែលគិតថា ខ្ញុំស្លូតត្រង់ មិនទាន់ចាស់ទុំ ស្រួលលួង ស្រួលប្រើល្បិចបោកប្រាស់ខ្ញុំ ហើយទុកឱ្យខ្ញុំនៅម្នាក់ឯងហើយនិយាយថា ខ្លាចខ្ញុំឯកា?
«ខ្ញុំជាអ្នកខុស ខ្ញុំនឹងចាកចេញ!»
ដាលីនិយាយ។
ខ្ញុំក្រពាត់ដៃសើច ព្រោះខាងប្រុសនៅចាប់ដៃនាងជាប់នៅឡើយ។ ប្រហែលជាគេនៅព្រោះតែអាណិតខ្ញុំចំណែកគេចង់ទៅព្រោះស្រលាញ់«នាង»។
«ខ្ញុំមិនមែនស្មូមសុំរបស់គេ និងមិនមែនចោរលួចរបស់អ្នកណា! អ្វីមិនមែនជារបស់ខ្ញុំ ខ្ញុំមិនយកទេ! ស្រលាញ់គ្នាបើកចំហរទៅ ហើយកុំមកឱ្យខ្ញុំឃើញមុខ!»
ខ្ញុំក្រោកចេញចោលពួកគេ តែដាលីផ្ញើសារមកច្រើណាស់។
ខ្ញុំមិនប្លុកតែខ្ញុំមិនអាននិងមិនទាក់ទង។ គិតឡើងវិញតាមរយៈការពន្យល់របស់បងធាន ខ្ញុំមិនទុកនាងថាជាគូប្រជែងរបស់ខ្ញុំទេ ខ្ញុំមិនយកមនុស្សដែលមិនចង់បានខ្ញុំឡើយ។
វិសាលជាមនុស្សម្នាក់បាត់បង់ការគោរពទាំងស្រុងពីក្នុងបេះដូងខ្ញុំ ខ្ញុំមិនអាចស្រលាញ់មនុស្សបែបនេះទៀតឡើយ។
ចំពោះដាលីដែល ធ្លាប់ជាមិត្តដ៏ស្មោះនិងស្និទ្ធអស្ចារ្យរបស់ខ្ញុំច្រើនឆ្នាំមកហើយ ខ្ញុំទុកថា ការលាក់ពុតរបស់នាងនឹងនាំនាងទៅរស់នៅក្បែរៗមនុស្សប្រភេទដូចគ្នា។
ពេលវេលា តែងជួយច្រើនមែន ជួយនាំរឿងសៅហ្មងឱ្យរលុបព្រាល នាំរឿងមិនល្អឱ្យក្លាយជាអតីត និងបាននាំមនុស្សមិនល្អចាកចេញពីយើងទៅផងដែរ។
ខ្ញុំចាត់ទុកនាងថា ជាមនុស្សដែលបង្រៀនខ្ញុំច្រើនអំពីជីវិតរបស់ខ្ញុំ ហើយរៀនចប់ខ្ញុំត្រូវបន្តដើរទៅមុខដោយផ្អែកលើអ្វីដែលមនុស្សល្អៗបានណែនាំខ្ញុំ។ ដាលីបានរកការងារផ្សេងហើយចាកចេញព្រោះខ្ញុំមិននិយាយរកនាងឬមើលមុខនាងទេ។
ខ្ញុំមិនចង់ធ្វើពុតឬធ្វើពើអ្វីទាំងអស់ជាមួយមនុស្សដូចនាង។
៦ខែកន្លងផុត…..ស្រាប់តែខ្ញុំទទួលបានសាររបស់វិសាលថាគេចង់ជានាគ្នាវិញ។ នេះគឺជាស្ថានភាពគួរឱ្យចាប់អារម្មណ៍ ដែលមានការពន្យល់ជាច្រើនឱ្យខ្ញុំយល់ដឹងអំពីវដ្តនៃជីវិតនិងអំណាចនៃពេលវេលា។ ខ្ញុំនឹងព្យាយាមរក្សាការគិតអំពីវាឱ្យសាមញ្ញ គឺមិនសើចយំ មិនសងសឹក និងមិនរំភើបអីទាំងអស់។
ពេលឃើញខ្ញុំSeen គេក៏voice មកនឹងប្រាប់ហេតុផលវែងឆ្ងាយណាស់ ទាំងអារម្មណ៍សោកសៅ និងការឈឺចាប់ការដឹងពីកំហុសនិងចង់បន្ត ទំនាក់ទំនងទំនងចាស់ជាមួយខ្ញុំ។
មិនមែនថារយៈពេលនេះ ខ្ញុំអាចភ្លេចស្នេហាជាមួយគេបានដោយងាយទេ ប៉ុន្តែខ្ញុំរៀនរស់នៅឯកាបានដោយមិនមានការភ័យខ្លាច។
ការទម្លាប់បែបនេះ គ្រាន់តែធ្វើឱ្យប្រាកដថា ខ្ញុំមានការតាំងចិត្ត និងភាពចាស់ទុំនៃអារម្មណ៍ អាចថា ប្រើទំនាក់ទំនងលើកក្រោយវិធីណាក៏ដោយ ខ្ញុំនឹងធ្វើឱ្យល្អជាងមុន តែសម្រាប់ការ«ក្បត់»ខ្ញុំមិនអាចអធ្យាស្រ័យទេ ព្រោះខ្ញុំមិនស្រលាញ់មនុស្សដែលខ្ញុំមិនគោរពឡើយ។
«សូមសំណាងល្អពីនេះទៅមុខ! យើងអត់ពាក់ព័ន្ធគ្នាទេ!»
ខ្ញុំសរសេរខ្លីបែបនេះទៅកាន់គេ។
ក្រោយមក បងធានបានជជែកលេងជាមួយខ្ញុំ។
ករណីភរិយាគាត់ក៏ចង់វិលវិញដូចគ្នា តែគាត់ក៏មិនទទួលដែរ។
គាត់និយាយត្រង់ៗជាមួយខ្ញុំថា៖
«ហាក់ដូចជាមនុស្សម្នាក់នោះ មិនសូវគោរពខ្លួនឯងទេបានជា ចាកចោលកន្លែងមួយហើយ មកជាន់ទីនេះវិញហាក់មិនខ្មាស់អៀនខ្លះ! ទោះនៅស្រលាញ់ប៉ុនណាយើងគួរគិតដែរថា មនុស្សខ្លះនឹងទាញយើងឱ្យធ្លាក់ចូលទៅក្នុងភាពវឹកវររបស់ពួកគេ ហើយធ្វើឱ្យជីវិតយើងវេទនាវិលវល់លើរឿងដដែលៗ! កុំធ្វើជាមនុស្សល្ងីល្ងើ២ដង! ទុកឱ្យពួកគេដោះស្រាយភាពរញ៉េរញ៉ៃរបស់គេជាមួយអ្នកផ្សេងចុះ! ជួនកាល យើងអាណិតតែមិនបាច់បកក្រោយទេ !»
វាជារឿងធម្មតាសម្រាប់អារម្មណ៍នៃការដឹងកំហុស។
តែមិនមែនយើងគ្រប់គ្នាត្រូវតែចូលទៅជាភាគីឱ្យគេបានរំលត់កំហុសគេឡើងវិញទេ។
ការរំលោភលើទំនុកចិត្ត ជាពិសេសការបោកប្រាស់មិនមែនជាកំហុសធម្មតាៗដូចកំហុសឯទៀតឡើយ…..«ខ្ញុំអាចបំភ្លេចតែខ្ញុំមិនអាចបកក្រោយទេ!»។
ប្រហែលជាអ្នកស្រីស៊ីណាឬវិសាលសោកស្ដាយចំពោះអ្វីដែលខ្លួនបានធ្វើ….តែយើងមិនពាក់ព័ន្ធទៀតឡើយ….។
កុំក្បត់គ្នា….បើលែងស្រលាញ់ចាកចេញនិងនិយាយគ្នាត្រង់ៗ……!
ចប់!