រឿង៖ សមនាបណ្តូលចិត្ត

ផ្តើមរឿង

រាត្រីរនោច ដែលពន្លឺព្រះចន្ទកំពុងចូលខ្លួនមកបំភ្លឺជំនួសរស្មីពន្លឺព្រះអាទិត្យ បានចាំងជះចូលកណ្តាលវង់ភ្លេង អមដោយសំឡេងហែរហមរបស់បក្សាបន្សីនាពេលរាត្រី។ សំឡេងអ៊ូអរ ដំណើរដើរចុះឡើងក្នុងផ្ទាំងលំហដោយមានតែងលម្អដោយប៉ាក់ផ្កា ពីក្រៅរហូតដល់ក្នុង។ មនុស្សម្នាប្រុសស្រីហាក់កំពុងលង់ចូលទៅក្នុងតន្រ្តី ដែលកំពុងសារសងដោយអ្នកចម្រៀងក្មេងវ័យ ពីមួយបទចូលមួយបទ ពីភ្លេងមួយចូលភ្លេងមួយទៀត។ អាវប៉ោងរឹបរាង អាវស្តើងវាលខ្នង អ្នកខ្លះមានគូត្រសងកៀកកាយ ឯអ្នកទៀតក៏ឈរកណ្ដោចកណ្ដែងតែឯង បានត្រឹមតែងក់ក្បាលតិចៗទៅតាមចង្វាក់ភ្លេង ក៏សប្បាយម្យ៉ាង…

« អាទិច្ចវង្ស!! » នរណា? សំឡេងស្រែកហៅឈ្មោះរបស់ខ្ញុំបានចូលមកកាត់ផ្ដាច់អារម្មណ៍ដែលកំពុងដិតដាមជាមួយចម្រៀងចាស់ៗ! ហើយម្ចាស់សំឡេងនោះគឺ…

        « អ្នកម៉ាក់ »

        « ម្តេចបានថ្ងៃនេះមកផ្ទះលឿនម៉េះកូន? » គាត់ដាក់ខ្លួនអង្គុយក្បែរខ្ញុំ។

        « គឺក្រុមការងារបានអោយថាសចម្រៀង​ និងកាសែតវីដេអូកាលសម័យមុនៗមកពិនិត្យ ហើយថ្ងៃស្អែកទើបយកទៅដាក់ក្នុងសារមន្ទីរវិញ អញ្ចឹងក៏ឆាប់មកផ្ទះ » ខ្ញុំនិយាយទាំងរៀបខ្លួនមិនទាន់ត្រូវ។

        « ចឹងតើស៎! បានជាស្លុងអារម្មណ៍ស្ទើរចូលទៅក្នុងចម្រៀងទៅហើយ » ម៉ាក់និយាយព្រមទាំងសើចក្រវីក្បាលតិចៗនូវចរិតមើលអ្វីហើយជក់ដូចកូនក្មេងរបស់ខ្ញុំ។ ឯខ្ញុំក៏បានត្រឹមតែសើចតបទៅគាត់វិញ ព្រោះមិនដឹងហេតុអ្វីឲ្យតែបានស្តាប់តន្រ្តីទាំងនោះ វាតែងតែស្រូបយកដួងវិញ្ញាណរបស់ខ្ញុំឲ្យដក់ជាប់ទិដ្ឋភាពដ៏ស្រស់ត្រកាលហាក់បីដូចនៅនឹងភ្នែកបែបនោះ។

      « អញ្ចឹងធ្វើការងារកូនបន្តទៀតចុះ ម៉ាក់មិនរំខានទេ »

     « បាទម៉ាក់ » ខ្ញុំញញឹមលាម៉ាក់។

       បន្ទាប់ពីម៉ាក់បានចេញផុត ដៃខ្ញុំក៏រវៃឃើញថាសចម្រៀងមួយមានខូវើរូបម្ចាស់សំឡេងដែលខ្ញុំស្គាល់ច្បាស់ថាជាអ្នកណា…   

      « សមនា! » ខ្ញុំប្រញាប់រើសយកវាមកចាក់ដោយអារម្មណ៍ថាមិនត្រូវ។ សំឡេងតន្រ្តីចាប់​ប្រគំឡើង ខ្ញុំដាក់ខ្លួនអង្គុយចុះនៅកៅអីក្បែរមាត់បង្អួច សន្ធឹងអារម្មណ៍ឲ្យចូលខ្លួនទៅក្នុងសំឡេងតន្ត្រីសាជាថ្មី។ សំនៀងបង្ហើរមកពីម៉ាស៊ីនចាក់ភ្លេងបែបបុរាណដែលជាកេរបន្សល់ទុកតមកពីលោកប៉ា រួមផ្សំនឹងសំឡេងនារីម្នាក់ដែលកំពុងតែចូលខ្លួនមកបំពេរភាពឯការរបស់ខ្ញុំក្នុងវេលានេះ  រហូតដល់ខ្ញុំអាចស្រមៃឃើញរូបរាងនាងនៅជិតខ្ញុំ ស្ទើរតែឲ្យខ្ញុំគិតថា ចុះប្រសិនបើនាងមានវត្តមាននៅទីនេះវិញនោះ?

     « ឆឺស! » ខ្ញុំបញ្ចេញសំឡេងអស់សំណើចចំអន់ចំពោះការគិតរបស់ខ្លួន តែមិនដឹងយ៉ាងម៉េចគំនិតឆ្គួតៗនេះតែងតែធ្វើឲ្យខ្ញុំរំភើបមកជានិច្ច។

     មិនយូរប៉ុន្មានភ្នែករបស់ខ្ញុំក៏ទន់ទោរទៅតាមតូរ្យតន្រ្តីដែលបន្តឡើងពីមួយបទទៅមួយបទ។ មែន! វាជាអ្វីដែលខ្ញុំមិនអាចខ្វះបាន ជាអ្វីម្យ៉ាងដ៏ស្រស់បំព្រងតុបតែងអារម្មណ៍ខ្ញុំគ្រប់ពេលវេលា​។

     « យប់នេះសុបិនល្អទៀតហើយ! » ខ្ញុំនិយាយជាមួយខ្លួនឯងមុននឹងអនុញ្ញាតឲ្យខួរក្បាលបានសម្រាក។

ភាគទី១ មិនមែនសុបិន

      មិនដឹងជាអស់រយៈពេលប៉ុន្មានម៉ោងហើយទេ​ ដែលខ្ញុំលង់លក់ជាមួយការបំពេរនៃសំឡេងដ៏ពីរោះរណ្តំរបស់នាង សមនា! ខ្ញុំបើកភ្នែកសន្សឹមៗហាក់ដូចជាទទួលយកថ្ងៃថ្មី! ពេលវេលាថ្មី! តែមេឃនៅងងឹតនៅឡើយ ឯចំណែកទីកន្លែង?

     « ទីកន្លែងនេះ? » ទីនេះមិនមែនជាបន្ទប់របស់ខ្ញុំទេ​! ខ្ញុំរហ័សងើបខ្លួនពីដីទាំងអារម្មណ៍វង្វេងវង្វាន់។ ដី? ត្រូវហើយគឺដី មិនមែនកៅអីក្នុងបន្ទប់ខ្ញុំឡើយ!

   « តើយើងនៅកន្លែងណា? ម៉េចក៏មកដល់ទីនេះ?» ខ្ញុំប្រើកែវភ្នែកសម្លឹងមើលជុំវិញខ្លួនទាំងមិនយល់ ឯសញ្ញាសួរក៏លោតពេញខួរក្បាល ឬមួយខ្ញុំភ្ញាក់មិនទាន់ស្វាង?

   « សំឡេងនេះ? » តែសំឡេងអ្វីមួយក៏ស្រាប់តែចូលមកដាស់ត្រចៀកខ្ញុំ។ សំឡេងភ្លេងប្រគំ​រងំ​ៗ​ មិនខុសពីបទភ្លេងដែលខ្ញុំតែងតែចាក់ស្តាប់វាហាក់បីដូចជាសុបិន តែមិនមែនសុបិន! មិនចាំយូរ ខ្ញុំក៏ប្រញាប់ដើរតាមប្រភពសំឡេង។ ភ្នែកខ្ញុំសម្លឹងមើលទៅទីធ្លាធំចំពោះមុខភ្លើងរាត្រីនាពេលយប់ដែលមានសភាពមិនច្រើន ចំណែកជើងបោះជំហានទៅមុខជារឿយៗរហូតបានឮសំឡេងមនុស្សអ៊ូអរដូចជានៅកន្លែងកម្សាន្ត រួចក៏ប្រទះផ្ទាំងបដាធំមួយដាក់ថា…

    « រង្គសាលរាត្រីស្នេហ៍? » ខ្ញុំផ្ទួនពាក្យក្រោយឃើញផ្លាកធំល្មម!!! ក្រឡេកមើលទៅជុំវិញខ្លួនបង្ហាញឲ្យឃើញកម្លោះក្រមុំដើរត្រសងទាំងគូ អ្នកខ្លះក៏ឈរសារសងគ្នាគួរឲ្យចាប់ភ្លឹកតែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ

    « នេះជាសម្លៀកបំពាក់មនុស្សជំនាន់៦០? » ត្រូវហើយមិនខុសទេសម្លៀកបំពាក់មនុស្សស្រីអាវបែបវាលដៃព្រមនឹងម៉ូតសក់បូកគោក្ដោប ក ចំណែកមនុស្សប្រុសគ្រងនឹងឈុតខោលើកសឹងតែដល់ចុងដង្ហើមទៅហើយ។

      «​ យើងកំពុងយល់សប្តិទេដឹង? ឬមួយក៏ឆ្លងភព ទៅរួចបានយ៉ាងម៉េច? ទេៗប្រាកដជាមានរឿងខុសប្រក្រតីអ្វីហើយ!! » ខ្ញុំឈរគិតនិយាយម្នាក់ឯងប្រៀបដូចមនុស្សសតិមិនគ្រប់។

    « អេ៎…! លោកប្អូនខាងណេះហើយម្ដេចមកឈរកណ្ដាលផ្លូវបែបហ្នឹង? » សម្តីបុរសម្នាក់បានដាស់សតិរបស់ខ្ញុំឲ្យងើបសម្លឹងមើលរួចបោះសំណួរមួយឡើង!

     « បងមើលឃើញខ្ញុំដែលហេស៎? »

   « ហ្អា៎ក…! បើខ្ញុំមិនមើលឃើញស្មានតែនិយាយជាមួយលោកប្អូនកើតឬ? » មែនហើយគាត់និយាយសមហេតុផលម៉េចក៏ខ្ញុំសួរសំណួរនេះទៅវិញ?

   «​ ហើយចុះទីនេះជាកន្លែងណា? »

   «​​ យីហ៊ី!! លោកប្អូនម្នាក់នេះកាន់តែចម្លែកហើយខ្លួនឯងបែរជាមិនដឹងខ្លួនឯងនៅទីណា?​ ទើបត្រូវគេទម្លាក់ពីយន្តហោះមែនទេ? »

  « គឺ​…….» មិនទាន់បានឆ្លើយស្រាប់តែគាត់កាត់សម្ដីឡើង

  « អេ៎…បើមើលទៅតាមការស្លៀកពាក់ដូចជាមិនមែនអ្នកនៅតំបន់នេះទេ..!» គាត់ចងចិញ្ចើមរួចយកដៃអង្អែលចង្កាទៅមកៗសម្លឹងមកសម្លៀកបំពាក់នៅផ្ទះរបស់ខ្ញុំ។

  « ត្រូវហើយខ្ញុំមិនមែនជាមនុស្សនៅទីនេះទេ…»

 ​« ចឹងជាអ្នកនៅតំបន់ណាបងស្គាល់គេច្រើនណាស់អាចជួយអ្នកកម្លោះសង្ហាបានណា៎ »

 « គឺ..ខ្ញុំជាអ្នកស្រុកឆ្ងាយណាស់ប្រហែលជាបងមិនស្គាល់ទេ ចុះទីនេះជាកន្លែងណា? » ខ្ញុំជ្រើសរើសចម្លើយនេះប្រសើរជាង ព្រោះសូម្បីតែខ្ញុំក៏មិនជឿថាពេលនេះកើតអ្វីចំពោះខ្ញុំដែរ។

« ខ្ញុំអាចសួរវិញបានទេ? ចុះទីនេះជាកន្លែងណា? » ខ្ញុំបន្តសំនួរទៅគាត់វិញ។

« ទីនេះហេស៎!! ទីនេះគឺជាក្រុងសៀមរាប » ទ្រឹង! ខ្ញុំត្រូវទ្រឹងឆ្កឹងមួយកន្លែង ត្រឹមមួយប៉ប្រិចភ្នែកសោះខ្ញុំមកដល់ក្រុងសៀមរាបបានយ៉ាងម៉េចលេងសើចពេកហើយទេដឹង?

  «  ហើយចុះនេះជាសម័យកាលណាដែរ?   »

 « អ្នកកម្លោះហាស៎..សូម្បីតែសម័យកាលក៏អ្នកកម្លោះមិនស្គាល់ដែលឬ? អ្នកកម្លោះគួរតែស្វែងយល់ពីសង្គមឲ្យបានច្រើនជាងនេះ នេះជាសម័យដ៏រុងរឿងដែលគ្រប់គ្រងដោយសម្ដេចពុក អ្នកណាក៏ស្គាល់ទឹកចិត្តដ៏មហាធំធេងស្រឡាញ់ប្រជារាស្ត្រដូចជាកូនមានកិត្តិនាមល្បីរន្ទឺ កុំប្រាប់ណាថាអ្នកកម្លោះមិនស្គាល់ទ្រង់ដែលនោះ? » គ្រាន់តែនិយាយដល់ព្រះកិត្តិនាមរបស់ទ្រង់ដៃទាំងដប់របស់គាត់លើកឡើងសំពះប្រណម្យហួសក្បាលបញ្ជាក់ឲ្យឃើញថាមនុស្សគ្រប់គ្នាស្រឡាញ់ទ្រង់ដោយចេញពីចិត្តហើយរឹតតែច្បាស់ទៀតនោះគឺ

  « ខ្ញុំកំពុងស្ថិតក្នុងពេលវេលាសតវត្សឆ្នាំ១៩៦០ »

  «​ ត្រូវហើយ!! » គាត់បន្ទរពីក្រោយខ្ញុំទាំងគ្មានអារម្មណ៍សង្ស័យ! ច្បាស់ណាស់ថាខ្ញុំបានឆ្លងកាលវេលាមកពិតមែនតើអ្វីដែលបណ្ដាលចិត្តអោយខ្ញុំមកទីនេះបាន?

  « តើនៅឈរយូរទៀតទេ? » សំណួររ​បស់គាត់បន្លឺឡើងកាត់ផ្ដាច់ការគិតរបស់ខ្ញុំ។

     «…» ខ្ញុំជន្លភ្នែករបៀបសួរទៅគាត់ តែគាត់មិនបាននិយាយអ្វីរួចក៏អូសដៃខ្ញុំចូលទៅខាងក្នុងរង្គសាលបដាចម្លែកនោះ។ ខ្ញុំបោះដំណើរមួយៗព្រោះតែកែវភ្នែកមមាញឹកហ្នឹងផ្ដឹតរូបភាពមនុស្សម្នានៅទីនេះ រង្គសាលដែលមានសភាពធំល្មមទោះមិនធំទំនើបដូចក្លឹបកំសាន្តនៅសម័យជឿនលឿនតែវាមានសោភណ្ឌភាពបែបបុរាណទាំងឧបករណ៍តន្ត្រីឆាកផ្ទាល់ដី ការតុបតែងដូចគ្នានឹងឯកសារដែលបានបន្សល់​ ចម្រៀងច្រៀងស៊ីទៅនឹងតថៈដែលកំពុងកើតឡើង។​ កម្លោះក្រមុំឡើងរាំក្រលែងខ្លួនប្រាណទៅតាមចង្វាក់ភ្លេងបញ្ចេញស្ទីលរាងៗខ្លួន សម្លៀកបំពាក់ចម្រុះពណ៌ឆើតឆាយគួរគាប់ភ្នែកទាំងគូ ចំណែកឯអ្នកបម្រើក៏បម្រើសុរាតាមតុនីមួយៗគ្រងដោយអាវក្រស៊េចងបូខ្មៅជាក្រវាត់កគ្រប់ៗគ្នាសម្ដីគោរពព្រមនឹងកាយវិការស្រទន់ធ្វើឲ្យមនុស្សនៅទីនេះកាន់តែមានភាពថ្លៃថ្លូរដូចពាក្យដែលបានឮ ពិតណាស់។​

    « អេ៎….លោកប្អូនអញ្ជើញអង្គុយសិនមក » ក្រោយបានឮការទទួលពីបងប្រុសខាងនេះខ្ញុំក៏ដាក់ខ្លួនអង្គុយលើកៅអីឬស្សីដែលមានក្បាច់រចនាយ៉ាងស្រស់ស្អាតមួយបែបទៀត។

  « លោកប្អូនត្រូវការអ្វីអាចប្រាប់ខ្ញុំបាន មិនបាច់ក្រែងចិត្តនោះទេព្រោះយើងជាខ្មែរដូចគ្នា »

   « ខ្ញុំអ្វីក៏បានមិនប្រកាន់នោះទេ »

  « ចឹងបាន!! អ្នកបម្រើ…!!»

  « បាទ! អ្នកប្រុសត្រូវការអ្វីដែលទាន?»

​​​​ «​យកដូចរាល់ដងមកណា៎..ហើយកុំភ្លេចថែមចំណែករបស់ប្អូនប្រុសខាងនេះផង!»​ និយាយរួចគេងាកមកសម្លឹងបែបដូចមនុស្សចម្លែករួចញញឹមហើយដើរចេញទៅ..

​​​ « និយាយអញ្ចឹងលោកប្អូនឈ្មោះអ្វីទៅ? »

  «​ ខ្ញុំឈ្មោះ អាទិច្ចវង្ស..! ចុះបងប្រុសមានឈ្មោះអ្វីដែល? »

  «​ អ៎….ខ្ញុំឈ្មោះ វណ្ណាឆៃ! ហៅលោកគ្រូឆៃក៏បាន »

  «​ នេះបងជាគ្រូបង្រៀនមែនទេ?»

  «បាទ! ខ្ញុំជាលោកគ្រូបង្រៀនសិស្សបឋមនៅឯសាលាដើមអំពិលក្នុងស្រុកនេះឯង» និយាយចប់ទើបខ្ញុំចាប់អារម្មណ៍ថាការតែងខ្លួនរបស់គាត់មើលទៅរបៀបអ្នកមានចំណេះដឹងទាំងការនិយាយស្ដីក៏គោរពសិទ្ធបុគ្គល។ នេះខ្ញុំសំណាងណាស់ដែលមកឆ្លងមកជួបមនុស្សល្អបែបនេះ….

  « ខ្ញុំឮមកថាទម្រាំតែបានក្លាយជាគ្រូគឺពិបាកណាស់មានការធ្វើតេស្តតឹងរឹងហើយទាល់តែមានចំណេះដឹងខ្ពស់ទើបអាចចូលបម្រើការងារបាន »

  « ត្រូវហើយ! ទម្រាំតែបងបានក្លាយជាគ្រូគឺត្រូវរៀនហើយរៀនទៀតមានឧបសគ្គក៏ច្រើនតែក៏ព្យាយាមរបស់រហូតបានជាប់មកដល់ពេលនេះចាត់ទុកថាជាបុណ្យវាសនាមួយទៅចុះ​» គាត់និយាយទឹកមុខស្រស់បំព្រងហាក់ពេញចិត្តនូវការងារនេះណាស់។ ចប់សម្តីគាត់ក៏បន្តសម្តីមកកាន់ខ្ញុំដោយមិនភ្លេចជាមួយសំណើចតិចៗផង!

   « មើលទៅវត្តមានលោកប្អូនក្នុងយប់នេះ បានធ្វើឲ្យបរិយាកាសនៅទីនេះប្រែប្រួលមិនតិចទេ មើលតែការស្លៀកពាក់ក៏គួរឲ្យចាប់អារម្មណ៍ដែរ» គាត់គ្រវីក្បាលបែបហួសចិត្ត។

   «​ តែថាក៏សង្ហាម្យ៉ាង…! រូបរាងរបស់លោកប្អូនពេលនេះក៏អាចឆក់យកបេះដូងក្រមុំនៅទីនេះបានដែរ! ជាការច្នៃប្រឌិតថ្មីអ្វីបែបហ្នឹង» ឮបែបនោះហើយខ្ញុំក៏ចាប់ភ្ញាក់សម្លឹងទៅទិសម្ខាងផ្សេងទៀតដែលមានស្រីៗប៉ុន្មានក្រុមកំពុងញញឹមអឹមអៀនមកកាន់ខ្ញុំ។ មែនហើយ! ខ្ញុំហាក់បីដូចជាមនុស្សចម្លែកនៅទីនេះអញ្ចឹង មិនមែនតែស្រីៗទាំងអស់នោះទេ គឺសឹងតែគ្រប់គ្នាដើរកាត់គឺគ្មាននរណាមួយរំលងចក្ខុពីខ្ញុំទេ។ សម្រេចថាមិនបានឃើញខ្ញុំក៏ត្រឡប់ភ្នែកមកប្តូរប្រធានបទជាមួយលោកគ្រូឆៃវិញ…

  « និយាយចឹងបងធ្វើជាគ្រូប៉ុន្មានឆ្នាំហើយ? ចុះបើវាពិបាកម្លឹងម្ដេចក៏បងនៅតែជម្នះធ្វើ?»

  « ហេតុអ្វីបានជាបងចង់ធ្វើហេស៎? អាចថាការក្ដីស្រមៃនឹងរឿងប្រាក់កាក់ផង! វង្សដឹងទេ? ធ្វើជាគ្រូមានកិត្តិយសខ្លាំងណាស់អាចរកប្រាក់បានយ៉ាងងាយមានមុខមាត់ក្នុងសង្គម ចំណែកឯប្រាក់ខែនោះបានទៅដល់៣០០០រៀលឯណោះ..»

  «​ ៣០០០រៀលទេឬ?» ខ្ញុំភ្ញាក់ផ្អើល។

  « ត្រូវ! ៣០០០រៀល អាចចិញ្ចឹមគ្រួសារពីរបានយ៉ាងស្រួលមានយាន្តជំនិះជិះផ្ទាល់ខ្លួនអ្នកណាក៏សរសើរជាពិសេសទៅដល់ទីណាក៏មានតែអ្នកលើកកូនស្រីឲ្យ » គាត់សើចតិចៗរួចលើកកែវសុរ៉ាមកអក។ បីពាន់រៀលនាសម័យនេះអាចចិញ្ចឹមគ្រួសារបានដល់ទីពីរ ប៉ុន្តែបីពាន់ក្នុងសម័យខ្ញុំសូម្បីបាយស្រូបមួយចានទិញមិនគ្រាន់ផង គិតទៅគួរអោយចង់សើចណាស់។

   « អស់លោក លោកស្រី មន្ត្រីធំតូច នឹងភ្ញៀវកត្តិយសទាំងឡាយ…ខណៈពេលនេះដែលរង្គសាលពួកយើងមានកិត្តិយសជាក្រៃលែងដែលទទួលបានការចូលរួមពីអ្នកទាំងអស់គ្នាជារៀងរាល់រាត្រីមិនដាច់ឡើយនោះ » កន្លងទៅមួយស្របក់ក៏មានពិធីករម្នាក់ឡើងមកធ្វើសេចក្តីថ្លែងការ ខ្ញុំមិនបានចាប់អារម្មណ៍ទេ រហូតដល់!

«​ ក្រុមការងារង្គសាលពួកយើងបានអញ្ជើញអ្នកចម្រៀងស្រីដែលមានសំលេងពីរោះ​ក្រអួន​

ក្រអៅថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផងនោះ!​ សូមអញ្ជើញអ្នកនាង​ សមនា..!  »

សមនា?​ មិនមែនទេឬ?

ភាគទី២  កម្លាំងនៃសេចក្ដីស្នេហ៍

      សំឡេងតន្ត្រីព្រមនឹងភ្លើងបានបញ្ចាំងបំភ្លឺទៅពាសពេញទៅរង្គសាលធ្វើអោយទីនេះកាន់តែមានភាពរ៉ូមេនទិចប្លែកមួយបែប ក្រឡេកទៅមើលឆាកដែលមានវង់តន្រ្តីកំពុងលេងស្មើដៃគ្នាជាមួយអ្នកចំរៀងដែលកំពុងបង្ហើរសំនៀងសែនស្រទន់ព្រមនឹងសម្រស់ស្រស់ស្អាតពី​ធម្មជាតិ​របស់នារីខ្មែររកអ្វីប្រៀបផ្ទឹមពុំបាន។ មនុស្សស្រីគ្រងរ៉ូបរឹបរាងពណ៌ខ្មៅវាលក្លៀកដែលបណ្ដាលឲ្យឃើញរាងដ៏តូចច្រឡឹងយ៉ាងច្បាស់ក្រឡែត បបូរមាត់ពណ៍ក្រហមទុំ កែវភ្នែកធំៗមានពន្លឺ មុខមូលក្រឡំសមនឹងម៉ូតសក់បូកគោក្ដោបដ៏ពេញនិយម ស្មាបើកស៊ីនឹងចង្កេះអង្ក្រងដែលក្រលែងទៅមកតាមចង្វាក់ន័យភ្លេង​ នាងហាក់កំពុងបញ្ជេញពន្លឺដ៏មានមន្តស្នេហ៍តូចៗហោះមកតាមវេយោដែលកំពុងបក់បោករហូតមកប៉ះនឹងផ្ទៃរាងកាយរបស់ខ្ញុំធ្វើឲ្យជុំវិញទីនេះត្រូវឈប់ស្កុបមួយកន្លែង……

    « ដោយសារខ្ញុំចាប់ចិត្តទៅលើនាងតាំងពីពេលមុនទើបធ្វើអោយខ្ញុំបានមកជួបនាងនៅអតីតកាលនេះ វាប្រហែលជាកម្លាំងស្នេហាដែលខ្ញុំមានចំពោះនាងវាធំមហាសាលរហូតត្រូវទទួលបានអភីនិហារដ៏អស្ចារ្យមួយនេះ ប៉ុន្តែពេលនេះនាងបានដាក់ស្នេហ៍ខ្ញុំរួចទៅហើយសមនា » ពាក្យសម្ដីដែលបានត្រឹមនិយាយនៅក្នុងចិត្តប៉ុន្តែកែវភ្នែកហាក់បានសារភាពទៅកាន់នាងរួចទៅហើយ។

  ​ « អេ៎…ប្អូនវង្ស..!»

   « បាទ…? » សម្ដីរបស់លោកគ្រូឆៃបានកាត់ផ្ដាច់អារម្មណ៍ស្លុងស្លុបរបស់ខ្ញុំដែលកំពុងមើលនារីដ៏គួរឲ្យស្រឡាញ់ម្នាក់នោះ…

   « លោកប្អូនវង្សចាប់អារម្មណ៍នឹងនាងមែនទេ ទើបមើលសឹងតែមិនដកដង្ហើមយ៉ាងហ្នឹងហ៎?» គាត់សួរព្រមទាំងសើចតិចៗ។

   « គឺនាងស្អាតណាស់ណា៎បង…»

​​​   « ដូច្នេះទើបខ្ញុំថាលោកប្អូនចាប់អារម្មណ៍នាងហ្នឹងណា៎…ពួកយើងជាប្រុសដូចគ្នាមិនបាច់លាក់បាំងទេបងយល់ច្បាស់ណាស់» គាត់និយាយធ្វើឲ្យខ្ញុំសើចមិនសម។

   « ប៉ុន្តែគ្មានបុរសណាបានទៅជិតនាងនោះឡើយ » ក្រោយឮគាត់និយាយបែបបនេះខ្ញុំប្រញាប់សួរបកទៅវិញភ្លាម!

   «​ ហេតុអី…? បងស្គាល់ជិតដិតជាមួយនាងមែនទេ?»

   « មិនជិតដិតអ្វីទេ គ្រាន់តែធ្លាប់ជួបគ្នាបានប៉ុន្មានដងនៅពេលខាងសាលាអញ្ជើញនាងមកច្រៀងបើកកម្មវិធីនៅឯសាលា នាងជាមនុស្សចិត្តរឹងណាស់មិនព្រមទទួលស្នេហាពីបុរសណាឡើយ សូម្បីតែលោកមន្ត្រីដែលមានទ្រព្យស្តុកស្តម្ភក៏នាងហ៊ានប្រកែករហូតត្រូវបាត់មុខនាងមួយរយៈទើបតែបង្ហញខ្លួនពីរបីថ្ងៃនេះឯង»

​​​   « មានរឿងអញ្ចឹងផងហេស៎..?»

   « ត្រូវហើយ…អេ៎!! មើលនោះចុះ នាងកំពុងសម្លឹងមកតុពួកយើងហើយ…» បានឮដូច្នេះខ្ញុំក៏ប្រញាប់ងាកទៅក៏ឃើញនាងកំពុងមើលមកតុពួកយើងពិតមែន។

   « នាងសម្លឹងមើលមុខលោកប្អូនរហូតឃើញទេ? » មែនហើយកែវភ្នែករបស់នាងបានសម្លឹងមើលមកខ្ញុំមិនដាក់ឬក៏មកពីខ្ញុំស្លៀកពាក់ខុសពីគេតែខ្សែភ្នែកនេះប្រៀបដូចជា…

   « តើគេអនុញ្ញាតឲ្យភ្ញៀវឡើងច្រៀងដែរទេ? »

   « បានតើស៎…តើមានអ្វីឬ?» បន្ទាប់ពីទទួលបានចម្លើយខ្ញុំក៏ញោចស្នាមញញឹមចុងមាត់រួចក៏បែរទៅមើលនារីម្ចាស់ស្នេហ៍របស់ខ្ញុំវិញ……

កែវភ្នែករាប់ពាន់គូរដែលសម្លឹងមកកាន់ឆាកវេទិកាលាយលំជាមួយអារម្មណ៍ងឿងឆ្ងល់ជាច្រើនភ្លេងក៏បានបន្លឺឡើងយ៉ាងរណ្ដំព្រមជាមួយខ្ញុំដែលជាអ្នកចម្រៀង……

      « ឥឡូវបានយល់ចំប៉ីសៀបរាប ក្រអូបជ្រូតជ្រាបពោរពេញឱរា ទ្រូងបងបានស្បើយពីរឿងស្នេហា ដែលផ្កាចម្ប៉ាឲ្យរៀមក្រៀមក្រំ……….» ចំប៉ីសៀមរាបជាបទដែលខ្ញុំកំពុងច្រៀងនៅក្នុងរង្គសាលព្រោះវាមានអត្ថន័យដូចទៅនឹងរឿងរាវរបស់ខ្ញុំឯក្នុងចិត្តបានជូនជាពិសេសចំពោះនារីដែលមានឈ្មោះថាសមនា។​ នាងប្រៀបដូចចំប៉ីមួយទងដែលកំពុងជះលំអងដ៏សែនឈ្ងុយឈ្ងប់មករកខ្ញុំសង្ឃឹមថាចម្រៀងមួយបទនេះអាចធ្វើឲ្យនាងបានដឹងពីទឹកចិត្តបុរសឆ្លងកាលវេលាម្នាក់នេះចុះ។ ចម្រៀងបានបន្តរហូតដល់ចប់សព្វគ្រប់ខ្ញុំក៏ទទួលបានការស្វាគមន៍យ៉ាងជិតដិតពីមនុស្សនៅទីនេះថ្វីត្បិតថាសម្លៀកបំពាក់នឹងការតែងខ្លួនរាងប្លែកពីគេក៏ដោយ​។

     នៅក្រោយឆាក ភ្លាមនោះសំឡេងមនុស្សប្រុសស្រីប្រកែកគ្នាបានឮមកដល់ខ្ញុំ ខ្ញុំព្យាយាមដើរតាមសំឡេងនោះរហូតបានឃើញ…………..

     « សូមអញ្ជើញអ្នកនាងទៅជួបលោកម្ចាស់របស់ខ្ញុំបន្តិចទៅបាទ…» មនុស្សប្រុសពីរនាក់បាននិយាយទៅកាន់នារីដែលព្យាយាមឈរមានគម្លាតពីពួកគេតែខ្ញុំស្គាល់ច្បាស់ណាស់ថានាងជា!

     « អ្នកនាងសមនា…! » សំឡេងស្រែកហៅរបស់ខ្ញុំទៅកាន់នាងធ្វើឲ្យពួកគេបែរមកមើលព្រមគ្នា។

    « ប្រាប់លោកម្ចាស់របស់លោកទៅថាខ្ញុំនៅតែនិយាយពាក្យដដែល ហើយសូមកុំឲ្យគាត់មកពាក់ព័ន្ធនឹងខ្ញុំទៀត តោះ…! » ក្រោយនិយាយចប់នាងស្រាប់តែដើរមករកខ្ញុំរួចដឹកដៃខ្ញុំចេញទៅ ខ្ញុំស្រាប់តែភាំងសឹងតែដើរមិនទៅមុខ។ បន្ទាប់ពីដើរបានឆ្ងាយបន្តិចនាងស្រាប់តែឈប់ងក់ឯខ្ញុំចាប់ប្រាំជើងវិះតែមិនទាន់…..

      « អរគុណលោកហើយដែលបានជួយ….»

      « ប៉ុន្តែខ្ញុំមិនទាន់បានជួយអ្វីឡើយ…» ខ្ញុំបែរខ្លួនទៅនិយាយទល់មុខនាង។

      «តែយ៉ា់ងណាក៏លោកបានចូលទៅពេលនោះមិនពិបាកខ្ញុំរកលេសប្រកែក »

      «​ហេតុអ្វីចាំបាច់ប្រកែក? » ខ្ញុំនៅតែបន្តសួរព្រោះចង់ថាមានរឿងអ្វីទើបនាងព្រមមកជាមួយខ្ញុំងាយយ៉ាងនេះតែចម្លើយទទួលបានមកវិញគឺចុកអួល…

      « មិនមែនជារឿងរបស់លោកនោះទេ » និយាយចប់នាងក៏ចេញទៅយ៉ាងឡើនទើបខ្ញុំរត់ទៅដំណើរ។

     « នេះយប់ជ្រៅហើយអ្នកនាងដើរតែម្នាក់ឯងវាគ្រោះថ្នាក់ណាស់ ចាំខ្ញុំជូនដំណើរគ្រាន់បានជាគ្នា »

    « លោកមិនមែនជាមនុស្សនៅទីនេះ វាកាន់តែគ្រោះថ្នាក់បើខ្ញុំទៅជាមួយលោកនោះ » នាងក្រមុំនៅតែចចេសរឹងរូសមិនព្រមទៅជាមួយនេះមុខមាត់ខ្ញុំប៉ុណ្ណឹងដែរបែជាគេគិតថាជាមនុស្សអាក្រក់មិនសមសោះ!!!

      «​ ខ្ញុំមិនធ្វើអី្វអ្នកនាងឡើយជឿខ្ញុំចុះ »​

        « ខ្ញុំទើបនឹងស្គាល់លោកលើកទី១ម្តេចខ្ញុំហ៊ាន………»

        « ប្អូនវង្ស..! នេះនៅទីនេះទេឬបងខំតែឆ្ងល់ស្មានតែយន្តហោះបួងយកទៅវិញហើយ

តើស៎! » សមនានិយាយមិនទាន់អស់ប្រយោគលោកគ្រូឆៃដើរចូលមកទាំងនិយាយមិនឈប់

        « ខ្ញុំមានធុរៈបន្តិចប៉ុណ្ណោះ​…» ខ្ញុំញញឹមមិនសមដោយក្រឡេកឃើញស្រីក្រមុំឈរនៅជិតនោះលោកគ្រូឆៃក៏សួរទាំងភ្ញាក់ផ្អើល!

        « អូ…….នេះអ្នកនាងសមនាម៉េចក៏ឈរនៅទីនេះទៅវិញ? »

        «អ៎..! លោកគ្រូឆៃទេឬ! គឺមានបញ្ហាបន្តិចបន្តួចប៉ុណ្ណោះ អញ្ចឹងខ្ញុំសូមលាទៅមុនហើយ» ស្របពេលនោះឡានពណ៌ផ្ទៃមេឃមួយក៏បានមកដល់ហើយឈប់ងក់នៅចំពោះមុខពួកយើង មិនចាំយូរស្រីស្រស់ដែលឈរនៅក្បែរខ្ញុំក៏បន្លឺឡើង…

 «អរគុណច្រើនណាស់ចំពោះបំណងល្អរបស់លោក ប៉ុន្តែអ្នកបើកឡានរបស់ខ្ញុំបានមកដល់ហើយ អញ្ចឹងខ្ញុំសុំលាអ្នកទាំងពីរទៅមុនសិនហើយណា»

ជំនួសដោយការមិននិយាយអ្វីតបជាមួយនាងខ្ញុំបានត្រឹមតែឈរភ្លឹកសម្លឹងមើលស្រីស្រស់ដើរកាច់រាងចូលទៅក្នុងឡានពណ៌ផ្ទៃមេឃនោះ។

ភាគទី៣ ជីវិតថ្មីក្នុងទស្សវត្ស៦០

      ពន្លឺថ្ងៃរៀបរះនាព្រឹកព្រហាមចាំងទម្លុះពពកមកប៉ះនឹងរុក្ខជាតិទាំងពួង សន្សឹមផ្តើមស្ងួតម្ដងបន្តិចៗដោយកម្តៅថ្ងៃ អ្វីៗហាក់ស្ងប់ស្ងាត់នៅក្នុងផ្ទះឈើបុរាណមួយនេះ។គ្រប់យ៉ាងនៅខាងក្នុងបានរៀបចំយ៉ាងរៀបរយ មានទាំងតុទូកៅអីឈើដែលដុះខាត់យ៉ាងរលើបរលោង ស្អាតណាស់!

« វង្សហា៎! ចុះមកញ៉ាំបាយសិនមកកូន» សំឡេងម្តាយរបស់លោកគ្រូឆៃ ហៅខ្ញុំឲ្យចុះទៅញ៉ាំបាយនៅខាងក្រោម។ មែនហើយ! ពេលនេះខ្ញុំកំពុងតែស្នាក់អាស្រ័យនៅផ្ទះលោកគ្រូឆៃ ព្រោះក្រៅពីគាត់គឺពុំមាននរណាមួយឡើយដែលខ្ញុំអាចពឹងពាក់បានក្នុងយុគសម័យមួយនេះ។

«បាទ! អ្នកម៉ែខ្ញុំចុះទៅហើយ» គាត់និងលោកគ្រូឆៃល្អចំពោះខ្ញុំណាស់ ទោះបីខ្ញុំជាអ្នកដំណើរប្លែកមុខមិនដឹងប្រវត្តិច្បាស់លាស់ក៏ពិតមែន ប៉ុន្តែសម្រាប់គាត់វិញបានទុកខ្ញុំប្រៀបដូចជាកូនជាប្អូនរបស់គាត់

អញ្ចឹងរយៈពេលជិតមួយអាទិត្យមកនេះខ្ញុំរស់នៅទីនេះប្រៀបដូចជាផ្ទះរបស់ខ្លួនឯងទៅហើយ​។

បន្ទាប់ពីរៀបចំខ្លួនជាកំលោះទស្សវត្ស៦០ដែលជាសម្លៀកបំពាក់របស់លោកគ្រូឆៃរួចរាល់ខ្ញុំក៏ប្រញាប់ចុះទៅញ៉ាំអាហារពេលព្រឹកឲ្យបានទាន់ពេលវេលាទៅដាក់ពាក្យចូលធ្វើការងារ គឺនៅ!

<រង្គសាលរាត្រីស្នេហ៍>

  «វង្សហា បងគិតថាកំលោះរូបរាងសង្ហាមានសមត្ថភាពដូចជាឯងនេះសមនឹងការងារផ្សេងច្រើនណាស់ ហេតុអ្វីក៏មកជ្រើសរើសនៅទីនេះទៅវិញ?» មិនខុសឡើយ គឺខ្ញុំសម្រេចចិត្តមកដាក់ពាក្យធ្វើការនៅទីនេះ ឯចំណែកតួនាទីអ្វីនោះខ្ញុំមិនដឹងទេ! ខ្ញុំគ្រាន់តែមកដើម្បីបាននៅទីនេះ ខ្ញុំក៏មិនយល់ខ្លួនឯងដែរ។​ ប៉ុន្តែ!

« បើប្អូនមិនមានទេខាងរង្គសាលយើងប្រហែលជាមិនអាចទទួលប្អូនបានទេព្រោះ រាល់បុគ្គលទាំងអស់ត្រូវតែមានសំបុត្រកំណើត ឬនាមបណ្ណដែលបញ្ជាក់អត្តសញ្ញាណ ច្បាស់លាស់ ទើបខាងយើងហ៊ានទទួល ចៀសវាងការទទួលប៉ះចំជនខិលខូចចូលធ្វើជាបុគ្គល អាចមានបញ្ហាដល់រង្គសាលរបស់យើង» ខ្ញុំគ្មាននាមបណ្ណ គ្មានអ្វីសំអាងប្រវត្តិខ្លួន គេមិនឲ្យចូលធ្វើការទេ។

« ប្អូនវង្ស ជាសាច់ញាតិរបស់ខ្ញុំទេបង គេទើបហ្នឹងមកលេងខ្ញុំពីស្រុកឆ្ងាយ ចឹងហើយបានជាមិនបានជាប់ឯកសារអ្វីមកជាមួយនោះ» ល្អហើយ! ដែលមានលោកគ្រូឆៃនៅទីនេះ។

«អរ! តាមពិតជាបងប្អូនរបស់លោកគ្រូឆៃទេហេស ខ្ញុំឃើញប្លែកមុខទើបមិនហ៊ានទទួល

ចឹង​មិន​បាច់មានអ្វីច្រើនក៏បានដែរ នេះកត់តែឈ្មោះដាក់ក្រដាសមកបានហើយ» ស្រួលយ៉ាងនេះឬ?

« ពិតជាបានពិតមែន? » ខ្ញុំជន្លភ្នែក ទាំងមិនទាន់អស់ចិត្ត។

«មិនអីទេប្អូន នេះសុទ្ធតែគ្នាឯងតាស៎ លោកគ្រូឆៃជាមូយប្រចាំរបស់រង្គសាលនេះយូរហើយគ្រាន់តែឲ្យប្អូនចូលធ្វើការមួយមានរឿងអីដែលថាមិនបាននោះ»

«នេះដល់ថ្នាក់មូយផងហេសបង?» ខ្ញុំងាកទៅនិយាយចំអន់លេងជាមួយគ្រូឆៃ។

«អឺ!… នៅក្នុងហាងនេះអ្នកណាមិនស្គាល់គ្រូឆៃ» គាត់និយាយមុខស្មើ បន្ទាប់មកសំណើចរបស់ពួកយើងក៏ផ្ទុះឡើងស្មើគ្នា។

……………

ល្ងាចថ្ងៃដដែល!

     សំឡេងភ្លេងប្រគំឡើងរងំៗក្នុងរង្គសាល កំលោះក្រមុំជាច្រើនគូរកាន់ដៃគ្នាឡើងរាំយ៉ាងត្រសងក្រោមពន្លឺភ្លើងនារាត្រីស្រមោលស។ ថ្ងៃនេះខ្ញុំស្លៀកពាក់អាវក្រស៊េជាមួយនិងបូខ្មៅជាក្រវាត់ក ដែលជាឈុតសម្រាប់អ្នកបម្រើការនៅក្នុងរង្គសាលនេះ កំពុងតែឈរសម្លឹងមើលគេរាំគូរយ៉ាងស្លុងអារម្មណ៍សំឡេងអ្នកកាន់ការក៏បន្លឺនៅក្បែរត្រចៀកដាស់អារម្មណ៍ឲ្យដឹងស្មារតីភ្ញាក់ពីការស្រមើស្រមៃអណ្តែតអណ្តូង។  

      បរិយាកាសនៅទីនេះល្អពេកហើយ គ្មានអ្វីមួយដែលចូលមករំខានបន្តិចនោះទេ រហូតដល់! គឺរហូតដល់មានមនុស្សប្រុសពីរនាក់ដើរចូលមកជាមួយសម្លៀកបំពាក់របស់ពួកគេប្រៀបដូចជាកងអង្គរក្ស មួយតួខ្លួនគឺពាក់ពណ៍ខ្មៅទាំងអស់ បន្ទាប់មកទើបឃើញមានបុរសវ័យចំណាស់ម្នាក់ដើរមកតាមពីក្រោយ គាត់គ្រោងឈុតក្រស៊េពណ៍ប្រផេះ ចងក្រវាត់កសទំនងដូចជាអ្នកកាន់​

ឋានៈ​ធំមិនខាន។

«ជំរាបសួរលោក ត្រូវការអ្វីដែរទេបាទ ចាំខ្ញុំលើកជូន» មិនយូរក៏មានអ្នកបម្រើការម្នាក់រត់កាត់មុខខ្ញុំទៅសួរនាំដោយក្តីគោរពយ៉ាងចម្លែក។ ដោយសារឫកពារបស់ខ្ញុំនៅត្រង់ទ្រឹងចាប់អ្វីមិនត្រូវ ទើបបានជាគេងាកមកស៊ីញ៉ូភ្នែក ព្រឹមៗមកកាន់ខ្ញុំ…

«​ លោកគហបតី! » គហបតីជាអ្វី? គ្រាន់តែបែបនេះម្តេចក៏ត្រូវស្លន់ស្លោម៉្លេះ?

«យកស្រាបារាំង ជាមួយនិងគ្រឿងក្លែមមួយឈុតមក» បុរសម្នាក់នោះស្រដីម៉ឺងម៉ាត់យ៉ាងមានអំណាច។

«បាទលោក សូមចាំមួយភ្លែត ខ្ញុំទៅលើកមកជូន»

«បាទ! បន្ទាប់ពីកម្មវិធីរាំគូរនេះទៅ យើងមានអ្នកចម្រៀងស្រីរូបស្រស់សំឡេងពិរោះប្រចាំរង្គសាលរបស់យើងឡើងបកស្រាយចម្រៀងជូនភ្ញៀវដែលបានចូលមកកំសាន្តនៅក្នុងរង្គសាលនេះ សូមអញ្ជើញអ្នកនាង សមនា បាទ!»

     ពេលវេលាដែលខ្ញុំទន្ទឹងរង់ចាំបានមកដល់ហើយ នារីជាទីស្នេហាទោះគយគន់យូរយ៉ាងណាក៏មិនជិនណាយចិត្តនោះដែរ។ នាងក្រមុំស្លៀករូបរឹបរាងត្រឹមជង្គង់ពណ៌ឈាមជ្រូកបញ្ចេញចង្កេះតូចច្រឡឹង កវាលដៃប៉ោងសើរស្បៃ បង្ហាញសាច់ស្មាសខ្ចីស្វក់ ចំណែកឯសក់វិញរមូលភ្លីធំម៉ូតអូមេហ្គា កែវភ្នែកមូលក្រឡង់ពណ៌ខ្មៅក្រឹប រ៉ូមភ្នែកងរខ្ទើត សាកសមជាមួយនិងចញ្ចើមតូចកោងប្រៀបបាននិងដងធ្នូ បបូរមាត់ស្តើងលាបក្រែមពណ៌ទឹកក្រូច។ 

ឱ! សមនាអើយនាងមិនត្រឹមតែបង្ហើរមន្តស្នេហ៍ដាក់ខ្ញុំឲ្យឈ្លក់រង្វេងជាមួយនាងតែម្នាក់ឯងនោះទេ មើលចុះកំលោះៗនៅទីនេះទាំងអស់ភ្លឹកស្មារតីសម្លឹងមើលនាងរាំកាច់រាងតាមចង្វាក់ភ្លេងស្ទើរតែនឹងភ្លេចដកដង្ហើមអស់ទៅហើយ។

« …ខ្ញុំពាក់អាវវាលខ្នង ហា! ស្រស់ណាស់តែម្តងហើយខ្ញុំ!» ចប់ហើយមែនទេ? ចម្រៀងចប់ទាំងចិត្តរបស់ខ្ញុំនៅបន្ត។ ខ្ញុំធ្លាប់ស្តាប់សំឡេងនាងច្រើនដងមកហើយ តែខ្ញុំមិនដែលបានស្តាប់ផ្ទាល់បែបនេះមកទេ គឺវាពិរោះជាងសំឡេងក្នុងថាសចម្រៀងទៅទៀត។

«អ្នកនាង លោកម្ចាស់របស់ខ្ញុំស្នើរសុំអ្នកនាងឡើងរាំជាមួយគាត់មួយបទ តើអ្នកនាងយល់ព្រមទេ?»  នៅនាទីបន្ទាប់ដែលសមនាចុះមកក្រោមឆាក ស្រាប់តែបុរសជាអង្គរក្សរបស់លោកគហតីក៏ប្រញាប់ដើរកនាងភ្លាម! ពន្លឺភ្លើងពីខាងលើឆាកចាំងមកកាន់តែច្បាស់ មុខរបស់បុរសម្នាក់នេះ ខ្ញុំចាំបានយ៉ាងច្បាស់ជាបុរសដែលទាស់សម្តីជាមួយសមនាថ្ងៃមុនទេតើ  ថ្ងៃនោះនាងអូសដៃខ្ញុំចេញមកក៏ព្រោះតែចង់គេចពីគហបតីម្នាក់នេះសោះ។

«ឲ្យសូមទោសផងលោក គឺមានអ្នកសូមខ្ញុំឡើងរាំមុនបាត់ទៅហើយ ខ្ញុំក៏បានយល់ព្រមជាមួយគេរួចដែរ មិនអាចក្រឡាស់ទៅរាំជាមួយលោកម្ចាស់របស់លោកបានទេ» សមនារហ័សដើរមកកាន់ទីដែលខ្ញុំកំពុងឈរ រួចក៏អូសដៃខ្ញុំចូលទៅកណ្តាលវង់។

«អ្នកនាង!ៗ…គឺខ្ញុំ…ខ្ញុំ…» ខ្ញុំចង់ប្រាប់នាងថាមិនចេះរាំទេ តែស្ថានការណ៍ហាក់មិនអំណោយផលសោះ ភ្លេងក៏ចាប់ប្រគុំបទរាំគូ ដៃនាងម្ខាងតោងស្មារបស់ខ្ញុំឯម្ខាងទៀតចាប់ដៃខ្ញុំជាប់ ចំណែកខ្ញុំវិញបានត្រឹមតែឈររឹងខ្លួនដូចជារូបចម្លាក់សម្លឹងមើលមុខនាងមិនប៉ប្រិចភ្នែក។

«ណែ! លោក! កុំធ្វើឲ្យខ្ញុំខ្មាសគេតើបានទេ?»

«គឺ…ខ្ញុំមិនចេះរាំទេ»

«លោកកុំប្រឹងឲ្យសោះ បន្ទន់ខ្លួនបន្តិចទៅមើល! ហើយបណ្តែតអារម្មណ៍តាមចង្វាក់ភ្លេង»ខ្ញុំឈានមួយៗតាមជើងរបស់នាង ហើយបណ្តែតអារម្មណ៍តាមភ្លេងដូចដែលនាងបានប្រាប់ ។ វាជាអារម្មណ៍អ្វីខ្ញុំមិនបានដឹងទេ ខ្ញុំគ្រាន់តែកំពុងលង់ឈ្លក់ជាមួយសរសៃសក់ទន់រលាស់ ហើយនិងក្លិនខ្លួនដ៏ក្រអូបដែលកំពុងស្ថិតនៅក្នុងរង្វង់ដៃខ្ញុំនេះ។

« តើខ្ញុំអាចសួរបានទេ? » ខ្ញុំខ្សឹបជិតត្រចៀកនាង។

« ជាអ្វី? » នាងបក់សម្តីមិនញញើតមកខ្ញុំភ្លាម!

« គហបតីនោះ និងអ្នកនាង…»

« គ្មានអីពាក់ព័ន្ធគ្នាទេ » ខ្ញុំមិនទាន់នឹងបញ្ចប់សំណួរផង ក៏ត្រូវនាងឆ្លើយកាត់ ដោយមិនចាំបាច់ស្តាប់ដល់ចប់ មើលទៅមនុស្សស្រីម្នាក់នេះក៏ឆ្លាតមិនអន់ឡើយ។

« ហេតុអ្វីអ្នកនាងដឹងថាខ្ញុំចង់ដឹងពីរឿងនេះ? »

« គឺ! … » ឃើញនាងឆ្លើយមិនចេញខ្ញុំក៏លួចអស់សំណើចក្នុងចិត្ត។

« គេកំពុងតែបាញ់ភ្នែកមករកលោកហើយ ឲ្យប្រយ័ត្នខ្លួនបន្តិចទៅ! » រួចនាងក៏ឆ្លើយចាក់ប្រធានមកវិញ។

« ខ្ញុំក៏មិនដែលខ្លាច! »

« តែខ្ញុំខ្លាច! » ភ្លាមនោះ ទឹកមុខប្រាកដប្រជាក៏មានឡើងនៅលើផ្ទៃមុខម៉ត់ហ្មង អាចឲ្យខ្ញុំដឹងបានថា នាងមិនបាននិយាយលេងទេ។

« ​មានរឿងអ្វីមែនទេ ? »

« បើខ្ញុំប្រាប់ថាមាន លោកអាចជួយខ្ញុំបានទេ? »

« ខ្ញុំ!? »

ភ្លឹប​….!!! ខ្ញុំនៅមិនទាន់បានបង្ហើយសម្តីផង ភ្លើងទូទាំងរង្គសាលក៏ត្រូវកាត់ផ្តាច់ភ្លាម។

«លោកៗ! ខ្ញុំគិតថាមិនស្រួលហើយយើងចេញពីទីនេះទៅ» សមនាស្រាប់តែស្លន់ស្លោឡើងមួយរំពេច ខុសពីអំបាញ់មិញដែលទឹកមុខនាងស្ងប់ គ្មានរលកអ្វី។

«មិនអីទេ នៅឲ្យតែស្ងៀមទៅបន្តិចទៀតភ្លឺវិញហើយ»

«មិនមែនខ្ញុំខ្លាចងងឹតនោះទេ គឺខ្ញុំខ្លាច…» ស្រដីមិនទាន់ចប់ ដៃស្រឡូនក៏រហ័សអូសខ្ញុំចេញទៅណាក៏មិនដឹង។ ពួកយើងសសៀរៗចេញមកតាមច្រកខាងក្រោយនៃរង្គសាល ដើរដោយពន្លឺស្រមោលមើលគ្នាស្ទើរមិនឃើញនៅទីងងឹត។ ខ្ញុំដើរមួយៗខុសពី ស្រីស្រស់ដែលដើរអន្ទះសាឡើងស្លឈាមទៅហើយ។

« អ្នកនាងមិនទាន់ប្រាប់ខ្ញុំទេ ថាមានរឿងអី? » ខ្ញុំជជីកសួរជាមួយឫកពាស្លន់ៗរបស់នាង តែថា!

«តាមចាប់នាងឲ្យបាន»

«ឯងយកឡានទៅចាំដឹកនាងនៅខាងមុខទៅ ឲ្យលឿនឡើង» អង្គរក្សប៉ុន្មានអ្នកនោះស្រាប់តែបង្ហាញខ្លួនឡើង ហើយវាក៏ជាចម្លើយដ៏សមស្របដែលខ្ញុំមិនចាំបាច់ត្រូវការឲ្យនាងឆ្លើយទៀតដែរ។

« មកតាមខ្ញុំ! » យល់ការណ៍ខ្ញុំក៏ប្រញាប់ក្តោបដៃតូច រហ័សខ្លួនចេញទៅរកច្រកស្តុកឥវ៉ាន់ ដែលចំហត្រឹមរន្ធល្មមមួយ។ វាអាចថាជាកន្លែងស្ងាត់ល្មមអាចបាំងខ្លួនពីពួកគេបាន។

« មិនឃើញនាងទេ! »

«ទៅរកច្រកផ្សេងទៀត! » រួចហើយពួកគេក៏ចេញទៅទាំងហ្វូងដូចក្របី រត់តាមម្ចាស់!

« សុវត្ថិភាពហើយ » ខ្ញុំនិយាយដោយធូរខ្សាក់ក្នុងអារម្មណ៍។

« ប្រាកដទេ? » សមនារហ័សសួរបក។ ស្រីម្នាក់នេះមិនមែនរម្យទមដូចរូបភាពដែលខ្ញុំឃើញនាងកន្លងមកឡើយ! ខ្ញុំមិនបាននិយាយអ្វីទៀត ត្រឹមតែដៀងមើលកែវភ្នែកភ្លឺថ្លារបស់នាង ដែលខុសពីពេលណាៗទាំងអស់។ មែន! នាងមិនដូចមនុស្សស្រីក្នុងតន្រ្តី ក្នុងចម្រៀងដែលខ្ញុំតែងតែសុបិនដល់ តែងតែគិតប៉ងបង្កើតឡើងទេ ទាំងអាកប្បកិរិយា សម្តី ហាក់ដូចសមនា ផ្សេងទៀត ដែលខ្ញុំទើបតែជួប គឺ ជួបក្នុងជីវិតពិត!

ភាគទី៤  យប់ឆ្លងរាត្រី

       ពួកយើងជិះម៉ូតូចេញពីរង្គសាលនោះទៅដោយមិនដឹងគោលដៅ។ យើងជិះពីដងវិថីមួយឆ្ពោះទៅដងវិថីមួយក្រោមពន្លឺព្រះច័ន្ទពេញបូរមី ដែលចាំងពន្លឺភ្លឺចិញ្ចែងប្រៀបដូចជាវង្សភ័ក្ត្ររបស់នារីដែលនៅពីក្រោយខ្ញុំអញ្ចឹង។ ខ្យល់កាន់តែត្រជាក់ធ្លាក់ចុះជាមួយសន្សើមនារាត្រីស្ងាត់ច្រងំ។ ពិភពលោកទាំងមូលពេលនេះហាក់មានតែពួកយើងពីរនាក់ប៉ុណ្ណោះគ្មានសំឡេងមករំខាន នាងលូកដៃស្រវ៉ាតោងខ្ញុំជាប់ព្រោះតែអាកាសធាតុត្រជាក់ខ្លាំង។

«អេ! នាយ ឈ្មោះអ្វី?» សំឡេងស្រួចចូលមកកាត់ភាពស្ងប់ស្ងាត់។

«ហាក៎! ចុះកាលជួបគ្នាលើកមុននោះខ្ញុំមិនបានប្រាប់ទេអី?»

«មិនបានទេ ព្រោះខ្ញុំមិនបានសួរ»

«អរ… អីចឹងទេតើបានជាមិនស្គាល់»

«នាយឈ្មោះអី?»

«បាទ! ខ្ញុំឈ្មោះអាទិច្ចវង្ស រីករាយដែលបានស្គាល់អ្នកនាង សមនា»

«ហេតុអ្វីបានជាលោកស្គាល់ខ្ញុំ? » ហេតុអ្វី? ចង់ប្រាប់ថាខ្ញុំស្គាល់អ្នកនាងច្រើនជាង អ្នកនាងស្មានដល់ទៅទៀត។

«តើនរណាដែលថាមិនស្គាល់សមនាទៅ? » ខ្ញុំជ្រើសឆ្លើយជំនួសការពិត ដែលមិនអាចបកស្រាយបាន។

      ជំនោរខ្យល់រាត្រីពិតជាត្រជាក់ខ្លាំងណាស់ តែខ្ញុំបែរជាមានអារម្មណ៍កក់ក្តៅខ្លាំងទៅវិញ ។ វាហាក់បីដូចជាសុបិនដ៏ស្រស់ស្អាត សុបិនដែលមិនអាចបំភ្លេចបាន ត្រូវ! ព្រោះវាគឺជាការពិត។

«អាទិច្ចវង្ស! » នៅសុខៗនាងក៏ស្រែកខ្លាំងៗហៅឈ្មោះខ្ញុំ។

«ហា!? »

«អាទិច្ចវង្ស! អាទិច្ចវង្សៗ! » ម្តងហើយម្តងទៀត នាងបន្តហៅឈ្មោះខ្ញុំជាប់មិនព្រមឈប់។

«ចុះយ៉ាងម៉េចនាងហ្នឹង? »

«គ្មានទេ គ្រាន់តែហៅកុំឲ្យភ័យ! » កុំឲ្យភ័យ? មានន័យថាយ៉ាងម៉េច? ខ្ញុំស្រាប់តែចាប់អារម្មណ៍ថា សំឡេងនាងអួលឡើងខុសធម្មតា ។ ខ្ញុំរហ័សងាកមើលតាមកញ្ចក់ក្រោយឲ្យបានប្រាកដ តែអ្វីដែលប្រទាក់ភ្នែកខ្ញុំខ្លាំងបំផុតនោះគឺ…

«ពួកវាកំពុងតាមពីក្រោយយើង?! » ឡានរាប់គ្រឿងកំពុងតែបន្តល្បឿនមកតាមពីក្រោយ​

ម៉ូតូ​របស់ពួកយើង មិនប្រាប់ក៏ដឹងថាជាគ្នីគ្នារបស់អ្នកណាដែរ!

«តាមមកជិតកន្លះម៉ោងហើយ! » កន្លះម៉ោង?

«ចំមែន! ម៉េចក៏នាងមិនប្រាប់ខ្ញុំ! » ខ្ញុំប្រញាប់បង្កើនល្បឿនឲ្យកាន់តែលឿន មុននឹងពួកគេអាចតាមមកជិតបាន។

«អាទិច្ចវង្ស! » ម្តេចក៏នាងចេះតែហៅឈ្មោះខ្ញុំជាប់បែបនេះ?

«យ៉ាងម៉េច?!» ខ្ញុំឆ្លើយទាំងអារម្មណ៍មិននៅក្នុងខ្លួន។

«ឈប់ម៉ូតូ! ទម្លាក់ខ្ញុំចុះ ហើយបើករត់គេចទៅ លោកអាចមានគ្រោះថ្នាក់ណា! »

«ចុះអ្នកនាង?!»

«ពួកគេមិនធ្វើអីខ្ញុំទេ ទាស់តែ…»

«ទាស់តែសមនានឹងត្រូវធ្លាក់ចូលមាត់ខ្លា! »

«…»

ស្ងាត់! មួយម៉ាត់ចុងក្រោយរបស់ខ្ញុំក៏បានបំបិទមាត់នាង ឲ្យស្លាក់ក្រឡើតភ្លាមៗ។

«យ៉ាងណាក៏ប្រសើរជាងស្លាប់! »

«ស្តាប់ណា៎សមនា ខ្ញុំនឹងការពារអ្នកនាង មិនឲ្យគ្រោះថ្នាក់សូម្បីតែបន្តិចនោះទេ ខ្ញុំនឹងការពារនាងដរាបដល់ដង្ហើមចុងក្រោយ » និយាយចប់ខ្ញុំក៏កាច់ក្បាលម៉ូតូបត់បកក្រោយ ត្រឡប់ទៅទិសបញ្ច្រាសឡានទាំងនោះ។ ខ្ញុំដឹងថាពួកគេមិនហ៊ានធ្វើអីនាងទេ ហើយកាលដែលខ្ញុំបត់ក្បាលភ្លាមៗនឹងធ្វើឲ្យរថយន្តបត់មកភ្លាមៗមិនទាន់ ឬមួយក៏ត្រូវគាំងជាប់គ្នាមិនខាន។

«ង៉ឹតៗ!!! » ដូចការព្រាងទុក បណ្តារថយន្តពួកវាបត់មកត្រឡប់ក្រោយមិនទាន់ ក៏ត្រូវកាច់ចង្កូតជុលគ្នា បង្កើតបានជាសំឡេងទ្រហឹងពេញដងវិថី។ ទម្រាំតែ ពួកវាអាចសម្រួលបាន សមនា និងខ្ញុំក៏បានមកដល់ផ្លូវបំបែក លុបដានស្រមោលតាមពីក្រោយបាត់ទៅហើយ។

«លោកចង់ទៅណា?» សមនាលើកសំណួរឡើងជាថ្មី។

«ទៅកែប»

«ហេតុអ្វី? »

«ក្រែងវាជាទីកំណើតអ្នកនាង?» ស្លាប់! ខ្ញុំឆ្គួតទេដឹងបានជានិយាយបែបនេះ? មិនខុសទេ កែបជាទីដែលនាងកើត ខ្ញុំដឹង ព្រោះខ្ញុំធ្លាប់បានអានប្រវត្តិសង្ខេបរបស់នាង តែនាងប្រាកដជា…

«ម៉េចបានជាលោកដឹង?» ប្រាកដជាបែបនេះ!

«គឺ!…ប្រើដួងចិត្តទាយ » ចម្លើយគ្មានប្រសិទ្ធភាពនេះ អាចប្រើការបាន?

«ដួងចិត្តលោកអស្ចារ្យពេកហើយ ដឹងទាំងឈ្មោះ ដឹងទាំងកំណើតខ្ញុំ ចុះលោកដឹងទេថាខ្ញុំស្លាប់ថ្ងៃណានោះ? »

«ង៉ឺក!! » ម៉ូតូស្រាប់តែបញ្ឈប់ភ្លាមៗ មិនមែនទេគឺខ្ញុំជាអ្នកបញ្ឈប់វា។

«យ៉ាងម៉េចហ្នឹង! វង្ស? » សមនារហ័សសួរ។

«នេះជាថ្ងៃទីប៉ុន្មាន? » ខ្ញុំប្រើមុខស្មើ ខុសពីនាងដែលហាក់ដូចជាចង់សើចផង ភាំងផងនឹងឫកពា​របស់ខ្ញុំ។

«នេះលោកចង់ទាយទាំងថ្ងៃដែរខ្ញុំស្លាប់ទៀតឬ? » សមនាគ្រវីក្បាលហួសចិត្ត តែខ្ញុំមិនបានលេងសើចតបទៀតទេ!

«សមនាប្រាប់ខ្ញុំបានទេ? ខ្ញុំពិតជាត្រូវដឹងពិតមែន!»

«១២ រោច ខែ ផល្គុន »

(តារាស្រីវ័យក្មេង សមនា ត្រូវបានបាត់បង់ជីវិតក្នុងវ័យ​ ២៣ ឆ្នាំ នៅថ្ងៃ ១២រោច ខែ ផល្គុន ដោយសារខ្មាន់កាំភ្លើង…)

ប្រវត្តិខ្លីៗរបស់នាងក៏ត្រូវបានលេចឡើងក្នុងខួរក្បាលរបស់ខ្ញុំដោយឯកឯង។ មិនអាចទេ! មិនអាចជាថ្ងៃនេះទេ នាងត្រូវគេបាញ់សម្លាប់នៅថ្ងៃនេះ?

«ខ្ញុំច្បាស់ជាការពារនាង» ថាហើយខ្ញុំក៏សន្សឹមឡើងចាប់កាន់ដៃម៉ូតូ​ ដោយមិនភ្លេចធ្វើសញ្ញាឲ្យនាងឡើងពីក្រោយ។

«…»

សមនាទោះជាត្រូវឆ្ងល់ប៉ុណ្ណាក៏មិនបាននិយាយអ្វីដែរ មើលទៅនាងដូចជាអស់កម្លាំងថែមផងដែលត្រូវធ្វើដំណើរពេញមួយយប់នោះ។

យើងបន្តធ្វើដំណើរតាមដងវិថីដរាបតែឃើញឆ្នេរសមុទ្រ រលករឹមៗរុញច្រានគ្នាជាបន្តបន្ទាប់តាមកម្លាំងនៃវាយោ  ឯអាកាសធាតុវិញក៏ស្រស់ស្រាយខ្យល់បរិសុទ្ធពីធម្មជាតិកួចដួងចិត្តអ្នកកម្សាន្តឲ្យសប្បាយរសាយអស់ទុក្ខកង្វល់ពីក្រអាវបេះដូង។

   ខ្ញុំប្រហែលជាមិនអាចរស់បាននោះទេបើគ្មានតន្ត្រីប៉ុន្តែផ្ទុយទៅវិញនៅពេលនេះអ្វីដែលជីវិតខ្ញុំមិនអាចខ្វះបាននោះគឺជានាង ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏ស្នេហាមួយនេះមិនសាបសូន្យដែរ ព្រោះសេចក្តីស្រលាញ់ដែលខ្ញុំមានចំពោះនាងវាមានរយៈពេលវែងជាងសម័យកាលនេះទៅទៀត។ ខ្ញុំមិនដឹងថាយើងអាចមានពេលវេលាបែបនេះជាមួយគ្នាយូរប៉ុណ្ណាទៀតនោះទេ ប៉ុន្តែអនុស្សាវរីយ៍ទាំងអម្បាលម៉ានខ្ញុំនិងរក្សាវាទុកនៅក្នុងក្រអាវបេះដូងដ៏បរិសុទ្ធមួយនេះ។

ភាគបញ្ចប់  តន្ត្រីផ្តាច់សម័យ

     នៅរមណីយដ្ឋានមាត់ឆ្នេរមាត់សមុទ្រ ដែលបំភ្លឺដោយពន្លឺទានជាច្រើនដើម  ស្បៃរាត្រីទម្លាក់ខ្លួនសន្សឹមៗគ្រប់ដណ្តប់ទៅលើផ្ទៃទឹកសមុទ្រ  ជំនោរត្រជាក់បោកបក់មកប៉ះកាយធ្វើឲ្យត្រជាក់ស្ទើរតែញ័រញ៉ាក់ ប៉ុន្តែបេះដូងបែរជាកក់ក្តៅទៅវិញ ក៏ព្រោះតែមានម្ចាស់ស្នេហ៍នៅក្បែរប្រាណ។ អារម្មណ៍រំភើប ក្តីសុខសាន្ត តែងតែនាំមកជាមួយចិត្តភ័យព្រួយ ទោះជាពេលនេះអាចទុកចិត្តបានថាយើងមានសុវត្ថិភាពហើយ តែក្នុងចិត្តរបស់ខ្ញុំនៅតែមិនស្ងប់ នៅតែគិតពីរឿងនោះ។

«សមនាមិនគិតទៅរកគ្រួសារនៅទីនេះទេ?» គឺខ្ញុំចង់សំដៅចំពោះអ្នកភូមិផងរបងជាមួយនាងនៅកែបនេះ។

«ខ្ញុំគ្មានគ្រួសារទេ ហើយក៏គ្មានភូមិកំណើតអ្វីដែរ» នាងនិយាយស្ងប់ស្ងាត់ ភ្នែកទន់ទោរទៅខាងមុខនាំក្តីទុក្ខទៅកាន់ជលសាល។

«ម៉េចនឹងអាចទៅ? គឺក្នុងប្រវត្តិនោះ…» ព្រះអើយ ខ្ញុំធ្លោយមាត់ទៀតហើយ។

«ប្រវត្តិដែលលោកបានអាននោះ មិនមែនដូចការពិតរបស់ខ្ញុំទេ! »

«…»

តើនាងកំពុងចង់ប្រាប់ខ្ញុំពីអ្វី? ឬមួយនាង!?

«ខ្ញុំដឹងតាំងពីថ្ងៃដំបូងដែលបាបជួបវង្សមកម្ល៉េះ ខ្ញុំដឹងថាវង្សមិនមែនមនុស្សជំនាន់នេះទេ ព្រោះ…» ព្រោះ??

«ព្រោះខ្ញុំក៏ធ្លាប់ឆ្លងទៅសម័យកាលនោះដែរ! »

« …»

ស្ងាត់!​ តើអាចមានរឿងបែបនេះបានដោយរបៀបណា? ខ្ញុំមិនអាចនិយាយអ្វីបានក្រៅពីសម្លឹងមើល កែវភ្នែកស្រទន់ដកដោយទឹកថ្លាៗដែលនាងព្យាយាម មិនឲ្យស្រក់ចុះទេ។

«ខ្ញុំក៏ដឹង ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ…ខ្ញុំមិនយល់ទេថា ហេតុអ្វីនៅសុខៗខ្ញុំត្រូវស្លាប់ទាំងវ័យក្មេងបែបនេះ តែខ្ញុំនៅតែសង្ឃឹមថានោះគ្រាន់តែជាព័ត៌មានក្លែងក្លាយរបស់ខ្ញុំតែប៉ុណ្ណោះ»

«សមនា!» ខ្ញុំផ្ទួនឈ្មោះនាងដោតសំឡេងស្រាលស្ងើកពិតជាមិនដឹងថាត្រូវធ្វើអ្វីឲ្យត្រូវជាមួយស្ថានការណ៍មួយនេះទេ។

«ប្រសិនបើនេះគឺជាថ្ងៃចុងក្រោយរបស់ខ្ញុំមែន យ៉ាងណាក៏អរគុណលោកដែលធ្វើឲ្យជីវិតក្នុងថ្ងៃចុងក្រោយរបស់ខ្ញុំមានន័យបែបនេះ»

«នាងមិនស្លាប់ទេ!» ខ្ញុំរហ័សចូលខ្លួនទៅលួងលោមកាយតូច ដោយសម្រែកទួញយំក្នុងបេះដូង ពាំនាំមកជាមួយសំឡេងយំសោករបស់នាង។ រឿងរ៉ាវក្នុងលោកនេះពិតជាពិបាកបកស្រាយខ្លាំងណាស់ នៅសុខៗក៏ឲ្យខ្ញុំមកជួបនាង រួចមិនទាន់បានប៉ុន្មានផងក៏យកនាងចេញពីខ្ញុំ។

«ផូង!» សំឡេងគ្រាប់កាំភ្លើងបាញ់ឡើងទៅខាងលើមេឃធ្វើឲ្យផ្អើលអស់អ្នកកំម្សាន្តដែរនៅក្នុងរមណីដ្ឋានមាត់ឆ្នេររត់ចែកជើងគ្នាឡើងប្រញ៉ាយ។ វាដល់ពេលវេលាហើយឬ?

«នៅឲ្យស្ងៀម!» អាដែងម្នាក់និយាយគម្រាមព្រមទាំលើកកាំភ្លើងផ្ជង់មកកាន់ពួកយើង គ្មាននរណាមួយក្រៅពីកូនចៅរបស់កហបតីទុរយសនោះទេ។

«…»

ខ្ញុំទាញសមនាឲ្យនៅក្រោយខ្នងរួចទើបលើកដៃទាំងសងខាងឡើង ស្ថានការពិបាកទៅៗ ធ្វើយ៉ាងម៉េចបើនៅខ្លួនខ្ញុំគ្មានអាវុធអ្វីសូម្បីតែបន្តិចសម្រាប់តទល់ជាមួយពួកវា។

«ប្រគល់នាងមកឲ្យយើងភ្លាម​ បើឯងមិនចង់ស្លាប់» ខ្ញុំមិននិយាយអ្វីតបជាមួយនឹងពួកវាទេ ប៉ុន្តែខ្ញុំត្រៀមខ្លួនប្តូរជីវិតរួចជាស្រេចហើយ រងចាំតែវាដើរមកដល់ជិតបន្តិចទៀតទើបចាត់ការ។

«អាទិច្ចវង្ស!»​ សម្រែកសមនាមិនទាន់ផុត ស្នូរកាំភ្លើងក៏លាន់ …

      “ផូង”  ស្របពេលដែលដៃរបស់នាងអោបដល់ខ្លួនរបស់ខ្ញុំ ខ្ញុំក្រឡាសខ្ញុំបែរមកទប់ប្រាណដ៏តូចច្រឡឹងរបស់នាង រួចហើយក៏…

ព្រូស!!!!  

ខ្នងរបស់ខ្ញុំធ្លាក់បុកទៅប៉ះនឹងអ្វីម្យ៉ាង មិនមែនជាខ្សាច់! ក៏មិនមែនជាទឹកសមុទ្រតែវាជា…

ឥដ្ឋ??!

« អាទិច្ចវង្ស! » សំឡេងនេះ? មិនមែនទេឬ? គឺម៉ាក់! ពិតជាម៉ាក់ពិតមែន!​ ខ្ញុំត្រឡប់មកផ្ទះវិញហើយ ក៏ត្រឡប់មកកាន់សម័យថ្មីវិញដែរ? ប៉ុន្តែអ្វីដែលប្លែកនោះគឺ  រាងកាយមនុស្សស្រីម្នាក់ដែលបានវិលត្រឡប់មកជាមួយខ្ញុំ!

«សមនា? » អភិនីហារកើតឡើងម្តងទៀតហើយ ពួកយើងមិនបានស្លាប់ទេ​ ហើយថែមទាំងអាចវិលមកកាន់ទីនេះដោយសុវត្ថិភាពថែមទៀត។

«ទីនេះ?» សមនារលាសភ្នែកទៅមក ងាកមើលឆ្វេងស្តាំ ភ័ន្ទភាំងមិនអស់ចិត្ត។

(… ពពកហៅអូនឲ្យនៅជាមួយ ខ្យល់ជំនោរជួយឲ្យអូនហោះហើរ គិតទៅអូនដូចជានៅឋានលើ មើឃបងនៅដើរនៅឋានកណ្តាល…អូនមិននៅទេមេឃធំគ្មានន័យ ស៊ូនៅក្នុងខ្ទមគេងជិតប្រុសថ្លៃ ស្តាប់សម្តីស្នេហា…)

     សំនៀងប្រគំកាត់អារម្មណ៍ដែលកំពុងងើយឆ្ងល់របស់យើងទាំងពួង។ ម៉ាក់សន្សឹមដើរចូលមកជិត រួចក៏ញញឹមតិចៗដាក់ខ្ញុំ និងសមនា…

«ល្អហើយដែលត្រឡប់មកវិញ ដោយសុវត្ថិភាព ព្រោះចម្រៀងមួយបទនេះ ជាបទចុងក្រោយដែលជាអ្នកនាំឯងទៅ ទើបបានជាម៉ាក់សាកល្បងចាក់វាឡើងវិញ ហើយក៏បានផលពិតមែន»

«ផ្ការីកលើមេឃ» សមនាហាស្តីតិចៗពីចំណងជើងបទចម្រៀងដែលកំពុងរន្ថើនៗ នាងដូចជាចាប់ថ្នាក់បានពីអ្វីដែលម៉ាក់បាននិយាយ។

«មិនខុសទេ វាជាចម្រៀងដែលច្រៀងនាំឯងមកទីនេះណា សមនា!» ម៉ាក់បន្ទរតពីក្រោយ ។

     គ្រប់យ៉ាងហាក់ដូចជាអព្ហូតហេតុ ដែលជាការព្រាងទុកឥតដឹងមុន ឥទ្ធិពលដែលតន្រ្តីចូលមកក្នុងជីវិតខ្ញុំគឺវាធំជាងអ្វីដែលខ្ញុំនឹកស្មានដល់ទៅទៀត។ មិនត្រឹមតែទាញទាំងអារម្មណ៍ ទាញទាំងវិញ្ញាណ រូបរាងកាយ ហើយពេលនេះសូម្បីតែមនុស្សស្រីដែលខ្ញុំស្រឡាញ់ក៏អាចទាញមកបានដែរ។

     មែនហើយ ១២រោច ខែផល្គុន គឺជាថ្ងៃដែលនាងស្លាប់ មានន័យថាចាប់ពីពេលនេះតទៅ សមនា នឹងលែងមានវត្តមាននៅសម័យកាលនោះទៀតហើយ។ ប្រវត្តិរូបជីវិតរបស់នាង ក៏ត្រូវបញ្ចប់ត្រឹមថ្ងៃនេះដែរ។ បន្តទៅនេះ នាងនឹងរស់នៅក្នុងជីវិតថ្មី ក្នុងដែនដីថ្មីនៅពិភពលោកមួយនេះ!

ចប់