Cinderella ជាកូនស្រីនៃគ្រួសារអ្នកជំនួញម្នាក់ ប្រកបដោយជីវភាពធូរធាររស់នៅសុខដុមរមនា លើវិមានស្កឹមស្កៃមួយ គួរឱ្យអ្នកផងច្រណែនចង់បាន។
នាងជាកូនតែម្នាក់គត់ដែលមានសម្រស់ចិត្តនិងកាយ ល្អព្រមគ្នានាង ឧស្សាហ៍ព្យាយាម ចេះការកិច្ចទំាងពួងក្នុងផ្ទះ នាងស្រលាញ់អាណិតសត្វនិងស្និទ្ធស្នាលជាមួយធម្មជាតិ។
ឳពុកនាង បានបង្រៀនលេខការទូទាត់រកស៊ី ឯម្តាយបានបង្វឹកនាង អានសៀវភៅជាច្រើន ឱ្យមានទស្សនវិទ្យាល្អចំពោះជីវិត។
នាងជាក្មេងពេញដោយទស្សនៈវិជ្ជមាននិងក្រោកឡើងមករាល់ថ្ងៃថ្មីជាមួយភាពញញឹម។ ម្តាយនាងប្រាប់ថា ប្រសិនយើងញញឹមទៅកាន់ពិភពលោក លោកនេះនឹងញញឹមដាក់យើង។
នាងតែងតែ ញញឹមជាមួយធម្មជាតិ បុប្ផាចម្រុះពណ៌ហើយនិងហ្វូងសត្វហើរច្រវាត់ទាំងអស់នោះ រហូតដល់ពួកគេក្លាយជាមិត្តរបស់នាង។
តែកម្មផលជីវិតបានឈានដល់ ថ្ងៃមួយ នាងក្រោកមក ជាមួយសុបិនដ៏អាក្រក់….នាងតូចញញឹមមិនចេញ ហើយផ្កានានានៅមាត់បង្អួចក៏ស្រពោន។
នាងមានប្រផ្នូលផ្លូវចិត្តមិនល្អហើយរត់ចុះមកក្រោម។
ថ្ងៃ នោះហើយ ដែលអ្នកបម្រើប្រាប់មកថា ម្ដាយនាងបានទទួលមរណភាពក្នុងដំណើរទៅកាន់ទីក្រុងផ្សេងមួយដើម្បីចូលរួមជាមួយពិធីបុណ្យរបស់សាច់ញាតិ។
ទោះបីនាងតូចកើតទុក្ខសោយសោកធ្វើអោយបុប្ផាទាំងឡាយមិនអាចរីកបានអស់ជាច្រើនវេលាតែនៅទីបំផុតសុភមង្គលវិលមកវិញព្រោះលោកឪពុកបានស្រលាញ់ថ្នាក់ថ្នមនាងហើយព្រមលះបង់រាល់ការធ្វើជំនួញនៅ ស្រុកឆ្ងាយរស់នៅតែមួយនាងជារឿងរហូត។
តាមថា គ្រួសារនេះ មានទ្រព្យសម្បត្តិរហូតដល់ចាយវាយមិនចេះអស់នោះឡើយ ទោះបីឳពុកនាងលែងធ្វើជំនួញក្នុងជីវិតនេះ ។
ប៉ុន្តែកម្មមួយមកដល់ គឺឳពុកនាងត្រូវបានទាក់ទាញដោយស្ត្រីមេម៉ាយជាអភិជនម្នាក់ដែលមានសិល្បសាស្ត្រធ្មប់ អាចធ្វើមន្តអាគមពង្វក់ ចិត្តបាន។
«សែនដឺរ៉េឡានាងជាក្មេងល្អណាស់ នាងសមណាស់ជាកុលស្រ្តីសោយសុខក្នុងពិភពលោកនេះ!»
ជារៀងរាល់ថ្ងៃពេលស្ត្រីមាយានោះមកលេងផ្ទះនាង គេតែងនិយាយទន្ទេញលោមចិត្តដដែលៗបែបនេះ ជានិច្ចកាលធ្វើ អោយឳពុកសែនដឺរ៉េឡាយល់ថាគាត់អាចរកឃើញអ្នកណាម្នាក់មកជួយបំពេញភារកិច្ចជាម្ដាយអោយសែនដឺរ៉េឡាបានហើយ។
«ពុកនិងរៀបការមីងនោះមកធ្វើជាម្តាយរបស់កូន ហើយកូនដើមទាំងពីររបស់គេ នោះមកធ្វើជាបងប្អូនរបស់កូនកំដរកូនលេង!!»
ឳពុកនាងយល់ថា ក្មេងស្រីជំទង់មា្នក់មានរឿងអាថ៌កំបាំងជាច្រើនដែលមិនអាចសាកសួររំលែកយោបល់ពីឳពុកបានទេ ដូច្នេះហើយគាត់គិតថានាងត្រូវការមានម្តាយជាចាំបាច់។
គាត់បាន រៀបការស្ត្រី នោះមកក្នុងគ្រួសារហើយ ក៏យល់ព្រមទទួលទំនុកបម្រុងកូនដើមទំាងទ្វេរនោះផង។
ដោយសារតែស្ត្រីនោះជាអ្នកឡូយឆាយចាយវាយមិនចេះទុកដាក់ ខ្ជះខ្ជាយប្រើអ្នកបម្រើសព្វគ្រប់ បែបយ៉ាង មិនពាល់ការផ្ទះមិនចេះសន្សំសំចៃ ទ្រព្យសម្បត្តិក៏ចាប់ផ្ដើមខើចខ្លីក្នុងពេលយ៉ាងឆាប់។
លោកឳពុកក៏បង្ខំចិត្តចេញដើរកាប៉ា់ល់សារជាថ្មី ដើម្បី រកចំណូលមកបន្ថែម។ យប់នោះសែនដឺរ៉េឡាបានទៅកាន់បន្ទប់របស់ឪពុកដើម្បីជួយរៀបចំសម្ភារៈធ្វើដំណើរ ក្នុងជំនួញដែលប្រើពេលរាប់ខែ។
«លោកពុកអើយ!កូនមិនចង់អោយថ្ងៃស្អែកចូលមកដល់ឡើយ!»
ឪពុកក៏អង្អែលក្បាល កូនស្រីហើយផ្ដាំដូច្នេះថា៖
«សែនដឺរ៉េឡាអើយ!ជីវិតជួនពេលខ្លះមិនមែនជាជម្រើសទេ!!!តែយើងត្រូវជំនៈឆ្លងកាត់វា!គ្មានមហាសមុទ្រណាមួយអាចកាត់ផ្ដាច់ពុកអោយឈប់នឹកកូនបានឡើយ!»
«ដូច្នេះហើយកូនត្រូវទៅតាមថែទាំពុក!»នាងតវ៉ាដោយទឹកមុខស្មោះត្រង់។
«កូន ជាកូនស្រីត្រូវនៅថែរក្សាផ្ទះ! ដើរតាមសមុទ្រមានឧបសគ្គច្រើន ហើយធ្វើអោយប៉ះពាល់ដល់រូប សម្រស់របស់កូន!»
«កូនមិនខ្លាចនឹងការលំបាកទំាងឡាយទេ!»
«ដូច្នេះក៏ត្រូវនៅទីនេះសិក្សាចំណេះទាំងឡាយ សម្រាប់ អនាគត!»
«ហេតុអ្វីជីវិតមនុស្សត្រូវរៀនច្រើនម្ល៉េះ?!»
«ព្រោះថាមានទង្វើល្អៗជាច្រើនទៀត ដែលយើងអាចធ្វើបានតែយើងមិនចេះ !»
ពីពេលនោះមកនាងលែងបានជួបពុកនាងជារៀងរហូត។
អ្នកខ្លះផ្ដល់ដំណឹងមកថាកាប៉ាល់នោះលិច។ អ្នកខ្លះនិយាយថាក្រុមជំនួញបានប្រទះនឹងចោរសមុទ្រហើយអ្នកខ្លះអះអាងថាពុកនាងជាប់នៅលើកោះដាច់សង្វែង។
ម្ដាយចុងនាងបានបណ្ដេញឈ្នួលចេញអស់តាំងពីពុកនាងទើបតែចេញដំណើរហើយការងារផ្ទះគ្រប់បែបយ៉ាងត្រូវធ្លាក់មកលើនាង។
មិន យូរប៉ុន្មានស្ត្រីនោះបាននាំដំណឹងមកប្រាប់នាងអោយរៀបចំកាន់ទុក្ខឪពុកទៀត។
«ពុកខ្ញុំមិនស្លាប់ទេមីងដឹងហើយថាពូកចាំមនុស្សល្អ!»
«បាន!ឯងនៅបន្តការស្រមៃនោះទៀតចុះក្មេងល្ងង់តែឯងត្រូវដូរវាំងននទំាងអស់ក្នុងផ្ទះអោយទៅជាពណ៌ស!»
ស្ត្រីនោះសើចចំអកអោយនាងហើយបានចាកចេញ។គាត់បានជោគជ័យក្នុងការកាន់កាប់ផ្ទះនេះនិងបានម្ចាស់ផ្ទះមកធ្វើជាអ្នកបម្រើទៀត។
បន្ទាប់ពីពេលនោះមក សែនដឺរ៉េឡានាងបានរស់នៅកំព្រារងាគ្មានអ្នកយល់ចិត្ត ជាមួយម្ដាយចុងអាក្រក់ និងបងស្រីជាកូនដើមទាំងពីរនាក់របស់ស្ត្រីនោះ។
ដោយសារសែនដឺរ៉េឡាជាក្មេងស្រីដ៏ល្អនិងមានសម្រស់ស្អាត នាងទទួលបានការច្រណែននិន្ទាពីនារីទំាងបីនោះតំាងពីថ្ងៃដំបូងដែលពួកគេបានឃើញនាងរស់នៅដោយសុភមង្គលនោះម្ល៉េះ។
ពេលនេះឳពុកនាងលែងនៅ ពួកគេបានបង្ហាញភាពរឹស្យាលើនាងពេញទំហឹង។
ម្ដាយចុងបានដាក់បញ្ជាថា៖
«សែនដឺរ៉េឡាជារៀងរាល់ព្រឹកឯងត្រូវក្រោកមុនពេលថ្ងៃរះ ហើយដងទឹកនៅឯស្ទឹងមកដាំកម្ដៅត្រៀមសម្រាស់ពួកយើងងូត សម្អាតខ្លួន។ចូលព្រៃកាប់អុសមកដាក់ក្នុងឡកម្ដៅ បោសសំអាតផ្ទះ ធ្វើអាហារនិងបោកសំលៀកបំពាក់!»
សែនដឺរ៉េឡាដែលតែងតែចូលចិត្តការងារទំាងនេះបែរជាយល់ថានាងពេញចិត្តនិងជីវិតរវល់នេះហើយរាល់ពេលចេញទៅដងទឹកនាងអាចកម្សាន្តជាមួយនឹង ធម្មជាតិប្រកបដោយសេរីភាព។
នាងតែងតែធ្វើការផងច្រៀងលេងផងយ៉ាងសប្បាយរីករាយធ្វើ អោយអ្នកដែលព្យាបាទនាងកាន់តែកើតចិត្តក្រហល់ក្រហាយក្រហាយនៅមិនសុខ។
ពួកគេបានបង្កើនការព្យាបាទសែនដឺរ៉េឡា យ៉ាង ធ្ងន់ធ្ងរដោយអោយនាង ដេរសូម្បីតែសំលៀកបំពាក់ ចាក់សោមដៃស្រោមជើងខែរងាសម្រាប់ពួកគេមិនអោយនាងបានគេង ដោយកំណត់អោយហើយរួចរាល់ទាន់មុនថ្ងៃរះ។
យប់ នោះនាងត្អូញប្រាប់សត្វស្លាបថា តើនាងអាចចាក់ស្រោមដៃទាំងពីរគូរធ្វើម៉េចនឹងទាន់ទៅដូច្នេះហើយទើបសត្វស្លាបជាមិត្តបានហើរទៅរកពាំស្រោមដៃមកអោយនាងបី គូរធ្វើអោយនាងមានពេលវេលាសម្រាកគ្រប់គ្រាន់។
សុភមង្គលនិងភាពស្ងប់សុខរបស់នាងធ្វើ អោយម្ដាយនិងកូនកាន់តែស្អប់នឹងច្រណែនទ្វេឡើង។
…រហូតដល់ថ្ងៃមួយមន្ត្រីវាំងដែលធ្លាប់ស្គាល់ឪពុកនាងបានមកដល់ ផ្ទះដើម្បីអញ្ជើញកូនស្រីផ្ទះនេះទៅចូលរួម ពិធីជប់លៀងដ៏ធំមួយនៅក្នុងរាជវាំង។
«ពិធីនេះតាមពិតព្រះរាជាមានបំណងចង់ស្វែងរកព្រះនាងសម្រាប់រាជបុត្ររបស់ព្រះអង្គដែលមានវ័យ១៨វស្សាទៅហើយមិនដែលចាប់ចិត្តមេត្រីលើស្ត្រីណាម្នាក់ទាល់តែសោះ!ការ អញ្ជើញនេះគឺសម្រាប់តែផ្ទះដែលមានកេរ្តិ៍ឈ្មោះនិងមានកូនស្រី ស្អាតតែប៉ុណ្ណោះ!ចំណែកសែនដឺរ៉េឡាជាស្រីស្អាតបំផុតប្រចាំទីក្រុងតូចនេះ»
លឺមន្ត្រីលួចខ្សឹបប្រាប់សែនដឺរ៉េឡាដូច្នោះម្ដាយចុងចាប់ផ្ដើមបង្កើតបាននូវផែនការខ្មៅកខ្វក់។
«ចុះកូនខ្ញុំទាំងពីរ លោកម្ចាស់អនុញ្ញាតអោយទៅដែរទេ?!»
គាត់សួរដោយការគួរសមតែគាត់មិនដែលគិតឡើយថានឹងអនុញ្ញាតអោយសែនដឺរ៉េឡាបានទៅបង្ហាញមុខដ៏ស្អាតរបស់នាងនៅក្នុងពិធីដ៏វិសេសនោះ។
មន្ត្រីក្រឡេកមកមើលនារីកម្ជិលទំាងពីរក៏មិនត្រូវចិតត្តជាស្រេចទៅហើយនូវរូបរាងកម្ពស់កំពប៉ុន្តែគាត់ពិបាកក្នុង ការបដិសេធក៏ ងក់ក្បាលដោយទើសទាល់។ពេល មន្ត្រីចេញទៅបាត់ ម្ដាយចុង កំណាចព្រមានថានឹងអនុញ្ញាតឱ្យនាងទៅលុះ ត្រាតែនាងអាចដេរអាវថ្មីៗអំពីសូត្រមកអោយបងស្រីទាំងពីរសិន។
សែនដឺរ៉េឡានឹកដល់សម្តីអ្នកម្ដាយដែលថាខ្លួនជាចរិតសក្តិសមជាងគេនិងក្លាយជាព្រះនាង នាងក៏មានការអត់ធ្មត់ជាខ្លាងក្នុងការធ្វើតាមបញ្ជាម្ដាយចុងហើយសង្ឃឹមថានឹងបានទៅដល់ដោយនាងបានឆ្លៀតរើសយកស្លៀកពាក់ចាស់ៗរបស់ម្ដាយនាងមកកាត់ធ្វើរ៉ូបសម្រាប់ខ្លួនឯងដែរ។
ពេលល្ងាចនាងត្រូវបានគេបញ្ជាអោយធ្វើសក់សម្រាប់បងស្រីកម្ជិលទាំងពីរទៀត។
ទម្រាំពួកគេបានរួចរាល់ហើយឡើងរទេះសេះទៅកាន់ទីក្រុងដើម្បីចូលរួមកម្មវិធីពេលយប់នាងសែនដឺរ៉េឡាឡើងមកកាន់បន្ទប់នាងវិញក៏ឃើញថារ៉ូបរបស់នាងត្រូវម្ដាយចុងកាត់បំផ្លាញដាច់ដោចអស់ទៅហើយ។
ពេលនេះនាងទើបតែយល់ច្បាស់ថា ពួកគេមានបំណងចង់បន្សល់ទុកសែនដឺរ៉េឡានៅផ្ទះតែម្នាក់ឯង ។
នាងមានអារម្មណ៍ថាសោកស្តាយជាខ្លាំងចំពោះឱកាសនេះ ហើយក៏មិនអាចទប់ការស្រពោនចិត្តបាន ព្រោះនាងតែងមានគោលបំណងបានឃើញរាជបុត្រ។
សែនដឺរ៉េឡា អង្គុយយំខ្សឹកខ្សួលនឹកដល់ម្តាយឳពុកនាង។
រំពេចនោះទេពអប្សរមួយ អង្គលេចចេញមក។
គាត់មានរាងធាត់តែទឹកមុខញញឹមជាមួយដំបងទិព្វតូចឆ្មាក្នុងដៃ។
«កុំយំសែនដឺរ៉េឡា! ម៉ែទេពធីតានឹងចាត់ការអោយនាងបានទៅជប់លៀងនឹងគេ ព្រោះនាងជាគូព្រេងរាជបុត្រហើយ!»
ប៉ុន្តែសែនដឺរ៉េឡានៅតែយំ។
នាង និយាយថា៖
“ម៉ែទេពធីតាដឹងទេ?ខ្ញុំមិនមានរ៉ូបសូត្រពាក់សម្រាប់ទៅកាន់ទីនោះ ទេ!សូត្ររបស់ម្តាយខ្ញុំ ខ្ញុំបានប្រមូលមកច្នៃជារ៉ូបធំមួយនេះ វាស្អាតខ្លាំងណាស់ វាធ្វើ អោយខ្ញុំមានជំនឿ ចិត្តដូចមានគាត់មកតាមខ្ញុំ តែពេលនេះវាត្រូវគេបំផ្លាញហើយ! »នាងយំម្ដងទៀត។
ម្ដាយទេពអប្សរបានអង្អែលស្មានាងហើយអះអាងភ្លាម៖
«ម៉ែអាចធ្វើវាបាន សម្រាប់នារីល្អដូចនាង!»
គាត់បានគ្រវីដំបងវេទមន្ត ទៅជប់ប្ដូរផ្លាស់ប្តូរសម្លៀកបំពាក់អោយនាង។
សែនដឺរ៉េឡាជូតទឹកភ្នែកហើយឈ្ងោកសម្លឹងទៅ ទៅរ៉ូបថ្មីភ្លឺផ្លេកពណ៌ខៀវខ្ចីរបស់នាង។វាភ្លឺដូចជាដាំត្បូងពេជ្ររាប់ពាន់គ្រាប់គឺវាស្អាតដូចជាវត្ថុទិព្វ។
នាងហារមាត់ធំៗព្រោះរំភើប៖
«ហូ!វាស្រស់ស្អាតអ្វីម៉េ្លះ ទេ!»
នាងនិយាយទាំងភ្លេចរឿងសោយសោក។
ម្ដាយទេពអប្សរបានលូកដំបងមកប៉ះជើងនាង ហើយក៏លេចចេញនូវស្បែកជើងកញ្ចក់ដ៏ភ្លឺ រន្ទាលទៀត។
«កូនអើយ!នាងពិតជាព្រះនាងនៃរាត្រីនេះ!»
សែនដឺរ៉េឡាខ្ទប់មាត់ រំភើបចិត្តពន់ពេក។នាងគ្រវីខ្លួនហើយសម្លឹងខ្លួនឯងដោយរីករាយ។មិនបានប៉ុន្មាននាងអស់សង្ឃឹមសារជាថ្មីពេលអើតទៅក្រៅបង្អួច។
មេឃងងឹតហើយ ។…….នៅនាយសែនឆ្ងាយ នាងឃើញកំពូលព្រះរាជវាំងដែលពេញដោយពន្លឺនៃភាពរីករាយ។
បងស្រីនិងម្តាយចុងកំណាចនៅទីនេះហើយនាងដឹង។
នាងបែរមកវិញយឺតៗហើយនិយាយតម្អូញ៖
«ម៉ែទេពអប្សរអើយ!ខ្ញុំនឹងទៅរាជវាំងដោយរបៀបណាទៅ យើងគ្មានរទេះសេះឡើយ»
សត្វកណ្តុរ៦កំពុងរត់លេងនៅក្បែរល្ពៅមួយផ្លែក្នុង សួន។
ទេពអប្សរហើយលើកដំបងទិព្វចង្អុលទៅពួកគេ។
វេទមន្តរបានធ្វើអោយសត្វកណ្តុរបានក្លាយជាសេះខ្មៅភ្លឺចាំងបួន ២ទៀតក្លាយជាអ្នកបរម្នាក់និងអ្នកបើកទ្វារម្នាក់ ឯផ្លែល្ពៅក្លាយទៅរទេះមាសមួយយ៉ាងវិចិត្រ។
សែនដឺរ៉េឡាបើកភ្នែកធំៗដោយក្តីសប្បាយរីករាយហួសនឹងថ្លែង។
«ឡើងទៅកូនស្រីម្តាយ!នាងនឹងបានជួបព្រះបុត្រាមិនខានទៅៗ!»
នាងញញឹមហើយឈានឡើងលើរទេះដូចព្រះនាងពិតៗទាំងដំណើរនិងសម្រស់ចរិយាមារយាទ។
មុនពេលចាកចេញម្ដាយទេពអប្សរបាននិយាយផ្តាំយ៉ាងម៉ត់ចត់ថា៖
«មាសម្តាយ, មន្តអាគមនេះនឹងមានឥទ្ធិពលបានត្រឹមតែពាក់កណ្ដាលអាធ្រាត្រប៉ុណ្ណោះ!នាងត្រូវវិលមកវិញអោយបានមុនម៉ោង១២អាធ្រាតពុំនោះទេ អ្វីៗនឹងក្លាយជារូបរាងដើមមិនខាន!»
ត្រូវឈានទៅដល់ផ្ទះនោះ! »
«ចាស៎!»
រទេះកណ្ដុរផាយដូចហោះឆ្ពោះទៅរកគោលដៅ។មិនយូរប៉ុន្មានស្រីតូចសែនដឺរ៉េឡាបានមកដល់ព្រះបរមរាជវាំង ហើយដោយសារតែគេឃើញនាងមានជំនិះព្រមទាំងសំលៀកបំពាក់ស្អាត ប្រណិត អ្នកយាមបានបើកអោយចូលភ្លាមទោះបីនាងបានហួស ម៉ោងអនុញ្ញាតត្តិអោយចូលក៏ដោយ។
នៅ ពេលដែលសែនដឺរ៉េឡា បានចូលដល់សាលធំនៃព្រះបរមរាជវាំង, អ្នករាល់គ្នាហាក់ត្រូវភាំងស្មារតីដោយភាពស្រស់ស្អាតរបស់នាង។គ្រប់គ្នាងាកមកមើលនាងទោះគេមិនស្គាល់ថានាងជាកូនមហាមន្ត្រីរឺអ្នកជំនួញណាក៏ដោយ។
សូម្បីតែម្ដាយចុងនិងបងស្រីកំណាចរបស់នាង ក៏ពិតជាមិនអាចចំណាំនាងបានដែរ។ពួកគេស្ទើរតែរន្ធត់ចិត្តចំពោះរ៉ូបនឹងស្បែកជើងគ្រីស្តាល់របស់នាង។
តើ អោយពួកគេគិតថាអ្នកដែលស្ថិតនៅក្នុងសម្លៀកបំពាក់ស្អាត និងស្បែកជើងមហាស្អាត នេះជានាងម៉េចនឹងកើតទៅ?
ព្រះរាជបុត្រដ៏ស្រស់សង្ហាក៏បានឃើញនាង ហើយបានធ្លាក់នៅក្នុងសេចក្ដីស្រឡាញ់ចំពោះនាងដែលជាស្នេហាបរិសុទ្ធដំបូងក្នុងជីវិត។
ទ្រង់បានញែកកាត់ហ្វូងស្ត្រី ក្មេងអភិជនទាំងអស់ រាជវង្សានុវង្ស ហើយបោះដៃទៅរកនាង៖
«ព្រះនាងចង់រាំទេ? “
«ខ្ញុំម្ចាស់ពុំមែនជារាជវង្សានុវង្សឡើយក្រាបទូល!»
«តែនាងពិតជាអស្ចារ្យជាងពួកគេទៅទៀត!នាងអោយកិត្តិយសឡើង រាំនឹងយើងបានទេ?!»
ហើយសែនដឺរ៉េឡាដែលសែនពេញចិត្តចំពោះចិត្តស្រឡាញ់បានឆ្លើយតបតិចៗថា៖
«ចាស៎!»
ព្រះអង្គម្ចាស់រាំជាមួយនាងពេញមួយយប់ដោយលែងខ្វល់ពីនរណាទាំងអស់។
គ្រប់កាយវិការស្នាមញញឹមនិងអ្វីៗគ្រប់យ៉ាងរបស់នាងបានខាបយកបេះដូងទ្រង់។
«យើងដូចជាធ្លាប់បានស្គាល់នាងយូរមកហើយ!»
«ខ្ញុំម្ចាស់មិនដែលបានមកកាន់ទីនេះឡើយព្រះអង្គ!»
«តែយើងប្រហែលជាជួប នាងក្នុងសុបិនដ៏ល្អណាមួយ!»
«ខ្ញុំម្ចាស់រីករាយដែលអ្វីៗនៅពេលនេះពុំមែនជាសុបិន!»
«យើងចង់អោយអ្វីៗក្លាយជាការពិតហើយស្ថិតស្ថេរជារៀងដរាប!»
លឺត្រង់ណេះនាងក៏នឹកដល់សម្ដីផ្ដាំរបស់ម៉ែទេពអប្សរដែលមុននេះនាងត្រេកត្រអាលនឹងស្នេហានាងស្ទើរតែ ភ្លេចពីអ្វីដែលម្ដាយទេពអប្សរបាននិយាយអោយប្រញាប់ទៅផ្ទះវិញ។
“អូ! ខ្ញុំត្រូវទៅហើយក្រាបទូល! “
នាងបានចាកចេញពីរង្វង់ដៃដ៏កក់ក្តៅនោះ ហើយរត់ចេញពីព្រះបរមរាជវាំងដោយមានរាជបុត្រារត់តាមព្រោះមិន អស់ព្រះទ័យ។។
«អឺឈប់សិន!ៗ»
ទ្រង់កាន់តែតាមកៀកនាង នាងកាន់តែរត់លឿនទាំងសោកស្ដាយឥតបីនឹងថ្លែង។
ស្បែកជើងគ្រីស្តាល់ របស់នាងបានមករបូតទុកម្ខាងដែលនាងគ្មានពេលសូម្បីតែសម្រាប់រើសវាទុក។
នាងបានមកដល់ផ្ទះវិញល្មមចំទ្រនិចនាឡិកាវាយដប់ពីរអន្លូង។
រទេះបានក្លាយទៅជាល្ពៅវិញហើយសេះក៏វិលទៅកាន់ភាពជាសត្វជណ្ដើរដូចដើម។
នាងស្លៀកសំលៀកបំពាក់អ្នកបម្រើតែចិត្តសែន រំភើបពោរពេញដោយក្ដីសង្ឃឹម។នាងដើរឡើងមកបន្ទប់កម្សត់ទាំងចិត្ត នឹករវើរវាយទៅកាន់ព្រះអង្គម្ចាស់ជានិច្ច។
ស្នាមញញឹមនិងសម្តីសម្តៅទ្រង់នៅដិតដាមជាប់ក្នុងបេះដូងស្រីតូច។ ម្ដាយចុងនិងបងកំណាចរបស់នាង បានឈានមកដល់ផ្ទះហើយជជែកមិនដាច់ ពីស្ត្រីដ៏ស្រស់ស្អាតដែលបានឱកាសរាំជាមួយរាជបុត្រ។
សែនដឺរ៉េឡាសំងំក្នុងបន្ទប់ហើយពួកគេស្មានថានាងកំពុងដេកយំនៅឡើយ។
ទីបំផុតព្រះអង្គម្ចាស់ ដែលបានធ្លាក់ក្នុងអន្លង់ស្នេហ៍សែនដឺរ៉េឡាមិនអាចបំភ្លេចនាងបានឡើយ។ទ្រង់ចងស្វះស្វែងរកក្មេងស្រីដ៏ស្រស់ស្អាតនេះថាជានរណាប៉ុន្តែទ្រង់មិនស្គាល់សូម្បីតែឈ្មោះរបស់នាង។
ទ្រង់ផ្ទំសម្លឹងគយគន់ស្បែកជើងកញ្ចក់ដែលនាងបានធ្វើជ្រុះពេលរត់មកផ្ទះវិញ។ព្រះរាជបារម្ភជាខ្លាំងពេលព្រះរាជបុត្រនឹកនាងមិនព្រមសោយក្រយា ។
ព្រះរាជាដាក់បញ្ជា ថា៖
«រាជវាំងត្រូវតែចេញប្រកាសស្វែងរកនាង! ស្ត្រី ដែលមានជើងសមនឹងស្បែកជើងនេះ នឹងបានរៀបអភិសេកជាមួយព្រះរាជបុត្រ!»
មន្ត្រីតាមស្រុកភូមិ របស់ព្រះអង្គបានយកស្បែកជើងកញ្ចក់ទៅកាន់ផ្ទះណាដែលមានកូនក្រមុំនៅក្នុងនគរ។
ពួកគេចង់ស្វែងរកស្ត្រីដែលមានជើងនឹងសមនៅក្នុងស្បែកជើងនេះ។
ស្ត្រីទាំងអស់ក្នុងនគរបានព្យាយាមលោស្បែកជើងនោះ ប៉ុន្តែមិនមានអ្នកណាម្នាក់លោសមសោះ។
មន្ត្រីបានមកដល់ ផ្ទះ សែនដឺរ៉េឡា។
បងស្រីនាងទំាងពីរ បានម្ដាយនាំចេញមកអោយលោ។ មន្ត្រីព្យាយាមដាក់ស្បែកជើងកញ្ចក់ហើយ ពួក គេទាំងបីខំច្របាច់ជើងរបស់ខ្លួនជំរុញជើងអោយចូលទៅក្នុងស្បែកជើងនោះយ៉ាងបង្ខំធ្វើអោយមន្ត្រីភ័យជាខ្លាំងថាអាចនឹងធ្វើ អោយស្បែកជើងនេះបែក។
ពេលពួកគេបរាជ័យ មន្ត្រីសួររកសែនដឺរ៉េឡា។
ម្ដាយចុង ឆ្លើយដោយខឹងសម្បារថា នឹងមិនអនុញ្ញាតឱ្យនាងលោស្បែកជើងនោះទេប៉ុន្តែ មន្ត្រីបានព្យាយាមរុករកទាល់តែឃើញនាងនៅសួនច្បារកំពុងពុះ អុស។
”ស្រីតូច ព្រះរាជា ចង់ឱ្យរបស់នាងលោស្បែកជើងនេះ!”
ស្បែកជើងនេះដាក់ទៅត្រូវនឹងជើងនាងសមឥតខ្ចោះតែម្ដង។
សែនដឺរ៉េឡាមានសេចក្ដីត្រេកអរជាខ្លាំង លោកមន្ត្រីក៏ទទួលវាមកទុកក្នងដៃវិញហើយនិយាយ៖
«ចូរនាងទៅរៀបអភិសេក!»
គាត់បែរមកវិញត្រូវម្ដាយកំណាចរបស់នាងវាយទម្លាក់បែកស្បែកជើងនោះខ្ចាយ។
ឃើញមន្ត្រីនោះតក់ស្លុតញ័រខ្លួន ស្ត្រីកំណាច់និយាយទៀតថា៖
«ឥឡូវនេះគ្មានស្បែកជើងទៀតទេ តើវានេះអាចក្លាយជាព្រះនាងដែររឺយ៉ាងណា?ចំណែកលោកនឹងត្រូវគេកាត់ក្បាលមិនខាន។!»
មន្ត្រីកិត្តិយសប៉ុន្តែសែនដឺរ៉េឡាបានប្រាប់គាត់វិញភ្លាមដោយសំឡេងយ៉ាងស្រទន់៖
«ខ្ញុំនៅមានវាមួយចំហៀងទៀត!»
ពួកគេបើកភ្នែកធំៗ។
នាងក៏ងាកមកញញឹមដាក់ម្ដាយចុងនោះហើយពោលថា៖
«ខ្ញុំជាស្រ្តីដ៏ស្អាតកាលពីយប់នោះ! !អំពើអាក្រក់របស់អ្នកនឹងធ្វើអោយអ្នកក្លាយជាជ្រូកខ្មៅចំនួនបីក្បាល!»
នាងបានតោងដៃលោកមន្ត្រីឡើងលើរទេះហើយហុចស្បែកជើងមួយចំហៀងក្នុងអាវរងាក្រាសរបស់នាងទៅអោយគាត់។
គាត់ត្រេកអរដែលរួចជីវិតហើយថែទំាវាដោយប្រយ័ត្នប្រយែងបំផុត។
សែនដឺរ៉េឡាបានរៀបការជាមួយព្រះរាជបុត្រហើយនាងត្រូវបានប្រទានងារទៅជាព្រះនាង។ពួកគេរស់នៅយ៉ាងសប្បាយរីករាយប្រកបដោយសេចក្ដីស្នេហាបរិសុទ្ធ។
រាត្រីមួយនាងបានប្រាប់សា្វមីពីរឿងបាត់ខ្លួនឳពុក។ស្វាមីបានចេញបញ្ជាអោយនាហ្មឺនចេញសំពៅតាមរកគាត់។
៣ខែក្រោយមកពួកគេបានវិលវិញជាមួយឳពុក នាងដែលតែលតោលតស៊ូរស់នៅលើកោះ។យប់នោះគាត់មកចំពេលព្រះរាជាអភិសេកព្រះរាជបុត្រនិងសែនដឺរ៉េឡាអោយឡើងគ្រងរាជ។
ឳពុកនិងកូនបានជួបជុំគ្នាដោយរីករាយ។
ថ្ងៃមួយឳពុកនឹកដល់ផ្ទះចាស់ក៏ត្រឡប់ទៅលេងទីនោះ។
គាត់មិនឃើញស្តី្រកំណាចទំាងបីទេគឺមានតែជ្រូកសំគមបីដែលឈ្មុសដីរកចំណី។
ចប់