៨សំណួរថ្មីជាមួយ​អ្នកនិពន្ធម៉ីសនសុធារីលើវិស័យតែងនិពន្ធខ្មែរក្នុងឆ្នាំ២០២២

ម្ចាស់សៀវភៅ ពេលវេលា​ អ្នកស្រី ម៉ីសន សុធារី ជាអ្នកនិពន្ធដែលមានស្នាដៃនិងការទទួលស្គាល់ជាទូទៅ​ក៏ជាម្ចាស់វេបសាយ meysansotheary.com បានសរសេរនៅព្រឹកនេះថា អ្នកនិពន្ធខ្មែរវ័យក្មេង ពិតជា​មានស្នាដៃខ្ពស់ឡើងៗហួសពីការស្មានរបស់អ្នកស្រី។

តាមរយៈការសរសេរនេះ ក្រុមការងារបានធ្វើសំណួរចំនួនប្រាំបីទៅកាន់អ្នកនិពន្ធខាងលើរួមមាន៖

១. តើ​អ្វីខ្លះដែល​​បាន​បំផុស​គំនិត​អ្នក​ស្រីឲ្យ​សរសេរ​អំពីអ្នកនិពន្ធវ័យក្មេង?

ចាស៎ ខ្ញុំឃើញប្រលោមលោកនីមួយៗចេញមកពិតជាគួរចាប់អារម្មណ៍ទាំងចំណងជើងនិងដំណើររចនាសម្ព័ន្ធមាតិកា។ ពេលខ្ញុំក្រឡេកមើលសៀវភៅរបស់ខ្ញុំ កាលពីខ្ញុំវ័យស្មើពួកគេគឺកម្រិតខុសគ្នាខ្លាំងណាស់ ។ ដ្បិតតែតិចណូឡូជីផ្លាស់ប្តូរ​ ជួយពន្លឿនរបៀបដែលយើងធ្វើការ​ ប៉ុន្តែពួកគេពិតជា​ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលខ្លាំង។ គឺភ្ញាក់ខាងវិជ្ជមាន​! ល្អ​ហើយខ្លាំង! ពួកគេ​ខ្ញុំសំដៅលើ សយ ស៊ីណា​ ធឿន ​វុទ្ធី ឆាន់ វុត្ថា ពៅ មករា ច្រើនទៀត ដូចជា ហ៊ុយ សារ៉ាត់ ឆោម សុពៅ ​អ្នកនិពន្ធល្បីៗចាំមិនអស់ ​ចំណងជើងមួយណា​ក៏ខ្ញុំត្រូវសរសើរ ។ របៀប​រើសចំណងជើងរបស់ពួកគាត់ ឬមិនថាក្រុម ទសប៉ាកកា និង MST ឥន្ទ្រីយ៍ ហង្សៈ​ នាគា ដែលចេញរឿងជាបន្តបន្ទាប់ហើយស្នាដៃពីមួយទៅមួយ ឡើងកម្រិតថ្មីលឿន បង្ហាញថា នេះជារបៀបនៃការផ្លាស់ប្តូរដ៏រហ័សមួយ។

២. តើការផ្លាស់ប្តូរជំនាន់អ្នកស្រីយ៉ាងម៉េចវិញ បាទ?

ជាមនុស្សផ្សេងគ្នា កាលៈទេសៈខុសគ្នា! ពេលខ្ញុំសរសេរសៀវភៅនោះខ្ញុំតែងជឿថា​ សៀវភៅផ្លាស់ប្តូរយើង។ កាលយើងបង្កើតតួអង្គល្អ​ហើយចិត្ត​យើងមិនល្អស្មើតួ យើងក៏ខ្មាស យើងក៏រៀនបានច្រើនជាមួយនឹងសៀវភៅនេះដដែល។ អ្វីគ្រប់យ៉ាងដែលខ្ញុំបានសង្កេតនៅក្នុងប្រទេសយើង ជាពិសេសនៅភ្នំពេញ​ វាបានជ្រាបចូលទៅក្នុងប្រលោមលោកនេះជានិច្ចជាកាល ​ឧទាហរណ៍ខ្ញុំបង្កើតសេចក្តីល្អទប់នឹងសេចក្តីអាក្រក់​ខ្ញុំមិនឱ្យតួអង្គដោះស្រាយជាអំពើហិង្សាទះតប់ដោយទះតប់តបទេ  ថ្វីដ្បិតតែប្រលោមលោក​ជាការស្រមើស្រមៃក៏ដោយអ្នកនិពន្ធនឹងទទួលខុសត្រូវ ចំពោះប្រតិកម្មអ្នកអានក្រោយពី​អានការ​សរសេរសៀវភៅយើង។

៣. រឿងដ៏ស្មុគស្មាញមួយគឺ​ សៀវភៅល្អ​មិនល្បីខ្លាំង​ដូចសាច់រឿងភាគ​ដែល​តម្រូវចិត្ត​ឱ្យស្រើបស្រាល ឬភ្ញោចខឹងសម្បា គុំ ស្អប់​ទះតប់ ឈ្នានីស ​អ្នកស្រី​រក្សា​គុណតម្លៃខ្លួនឯង​ដោយ​របៀប​ណា​?

ខ្ញុំចូលចិត្តសរសេរសៀវភៅជារបៀបខ្ញុំ ហើយ​ក្រុម​របស់យើង​សរសេរជារបៀបគាត់ មិនចាំបាច់ដូចខ្ញុំទេ អ៊ីចឹងហើយ អ្នកនិពន្ធផ្សេងគេ​កំណត់គុណតម្លៃរបស់គេជារឿងរបស់គេនិងសិទ្ធិរបស់គេ ប្រសិនគេនឹងទទួលខុសត្រូវបានទៅថ្ងៃមុខចំពោះមនសិកាខ្លួនឯងឬមិត្តអ្នកអាន​។ សម្រាប់ខ្ញុំ ពណ៌ចម្រុះជាភាពស្រស់ស្អាត នៃថ្នាលប្រលោមលោកខ្មែរ កុំដណ្តើមគ្នាថាពណ៌ណាល្អជាង ខ្ញុំកាលពីមុនចូលចិត្តស្វាយ ក្រោយមក ខៀវ ក្រោយមកស​ ឥឡូវចូលចិត្ត​លឿង ថ្ងៃក្រោយអាចបៃតង! បើគ្រប់គ្នា​ងាកមកតាមខ្ញុំ ឬឱ្យខ្ញុំគិតថា​ខ្ញុំល្អតែឯង នេះមិនមែន​អ្វីដែលយើងចង់បានទេ! ដុតអារម្មណ៍ឬមិន ក៏អាស្រ័យលើសាច់រឿង។ ឧទាហរណ៍ រៀបការសងគំនុំ មាន​ខ្លះ​យល់ថាខ្ញុំសរសេរ ព្រោះរឿងនេះកំពុងស្ថិតក្នុងលំដាប់កំពូល តែ….ហេតុអ្វីអ្វីៗនៅទីខ្ពស់បង្អស់ហ្វេន​តែងតែសង្ស័យថា ជារបស់ខ្ញុំ? ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​គឺ​ឥទ្ធិពលនៃការ​ទុកចិត្ត​​គ្នា! ខ្ញុំយល់ថា​បើអ្នកណាម្នាក់សរសេររឿងបែបដូចម្តេច ជាការសម្រេចចិត្ត​មានហេតុផលច្រើនយ៉ាងយើងមិនយល់ និងពិបាកវិនិច្ឆ័យថាខុសឬត្រូវដែរ ចួនកាលសំណូមពរហ្វេនរបស់គាត់ ខ្លះថាជាតម្រូវការ Sponsor ខ្លះជាយុទ្ធសាស្ត្រសាមីស្ថាប័ន។ នេះជាសករាជនៃការ​គាំទ្ររបៀបខុសគ្នា កុំបន្តវប្បធម៌ចង្អុលនិងបន្ទោស វាអត់ជួយអីទាំងអស់!

៤. តើមាន​​អារម្មណ៍​បែប​ណា​ដែលសៀវភៅអ្នកជំនាន់ក្រោយល្បីជាងអ្នកស្រី​ជាអ្នកជំនាន់មុន?​ តើបំបាក់ទឹកចិត្ត ក្នុងការសរសេរបន្តទៀតទេ?

ប្រសិន​ធ្វើការងារមួយ​ហើយគិតថា វាត្រូវតែ​ទទួលបានការសរសើរនោះ គឺយើងរំពឹង​ការឱ្យតម្លៃពីមជ្ឈដ្ឋានក្រៅខ្លួន!​ នេះជាការលំបាកមួយក្នុងការ​មាន​អារម្មណ៍ល្អ ព្រោះគ្មានអ្នកណាមានពេលមកគាំទ្រតែយើងម្នាក់ និងជារៀងរហូតទេ។ ការសរសេរសៀវភៅជាការលំបាកណាស់ សូម្បីខ្ញុំសរសេរយូរហើយ​ក៏នៅលំបាក ចុះទម្រាំឱ្យខ្ញុំរង់ចាំការលើកទឹកចិត្ត​ពីក្រៅទៀត ប្រហែលលែងសរសេរយូរហើយ! ខ្ញុំចូលចិត្តកំណត់ជោគជ័យ​ដោយវិធីផ្ទាល់ខ្លួន! បើខ្ញុំកំណត់ថា​រឿងនេះមានផ្សារភ្ជាប់នឹងនយោបាយឬប្រវត្តិសាស្ត្រ​ ទោះលំបាកយ៉ាងណា​ខ្ញុំធ្វើវា!  បើខ្ញុំបញ្ចប់រឿងនោះបាន ខ្ញុំជោគជ័យ! កុំឱ្យគំនិត​ឬការវិនិច្ឆ័យ​របស់អ្នកដទៃកំណត់ព្រំដែននៃអាជីពយើង យើងខ្លួនឯងត្រូវកំណត់វា។ សម្រាប់​ខ្ញុំ ខ្ញុំជាអ្នកនិពន្ធម្នាក់ដែលឱ្យតម្លៃខ្លួនឯងខ្ពស់ ​គោរពខ្លួនឯង ព្រោះខ្ញុំដឹងពី​ការច្នៃប្រតិដ្ឋដែល​ខ្ញុំបានខិតខំរកមក និងការពុះពារ​​ដែល​មិន​ចាំបាច់​មាន​សញ្ញាបត្របញ្ជាក់។ អ្នកនិពន្ធផ្សេងក៏ដូចគ្នា​ ទម្រាំគេ​ជោគជ័យ មិនដឹងគេបានឆ្លងកាត់អ្វីខ្លះទេ ហេតុអ្វីខ្ញុំត្រូវអន់ចិត្ត​ពេលឃើញ​អ្នកដទៃជោគជ័យ! ប្រហែលជាកាល២០ឆ្នាំមុន ខ្ញុំមាន​ទស្សនៈបែបនេះ​ភាគខ្លះក្នុងជីវិត​ តែពេលឥឡូវ វាហួសសម័យហើយ គំនិតបែបនេះ!»

៥. ឮថាអ្នកស្រីមាន​គម្រោងចេញសៀវភៅ​ទម្រាំស្គាល់ខ្លួនឯងតែក៏ផ្អាកវិញ?

​ខ្ញុំសរសេរចប់ហើយ តែអានទៅ ឃើញអត់មានអីថ្មីច្រើន ខុសពីសៀវភៅទម្រាំក្លាយជាអ្នកនិពន្ធ ខ្ញុំផ្អាកសិន! ខ្ញុំមិនចង់ឱ្យអ្នកទិញទៅ​ហើយឃើញ​តែភាពដដែលៗ មិនចាំបាច់!​ ខ្ញុំនៅមាន​បច្ចេកទេសខ្លះ​ទាក់ទងនឹង​ការប្រើទស្សនៈស្វែងយល់ខ្លួនឯងឱ្យបានងាយយល់ជាងនេះ! របស់ល្អ រមែងត្រូវការពេល!

៦. អ្នកស្រីមានគម្រោងអ្វីក្នុងការចូលរួមប្រឆាំងនឹងការប្រើហិង្សាក្នុងបទនិពន្ធសម័យថ្មី?

ក្រឡេកមើលប្រវត្តិផ្ទាល់ខ្លួនរបស់ខ្ញុំ ប្អូនដឹងស្រេចហើយ​ថា ការពិត ខ្ញុំបាន​ឆ្លងកាត់ការងារនៅមណ្ឌលព័ត៌មាន​ស្ត្រី​ជិត១០ឆ្នាំ ដែល​ការគិតអំពីសិទ្ធិស្ត្រីនិងជនទន់ខ្សោយ ​មានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិត​ខ្ញុំ ផ្នត់គំនិតខ្ញុំ។ កម្ពុជា​យើង​នៅដូចប្រទេសដទៃច្រើនទៀតក្នុងលោកដែលមានអន្តរកាលនៅឡើយនៃការយល់ដឹង ម្តេចទៅ​ហៅថាបៀតបៀនសម្តី និង​ប្រើដៃជើង! គ្រប់គ្នា​ទាំងរដ្ឋាភិបាលនិងថ្នាក់ដឹកនាំស្ត្រី ស្ត្រីគ្រប់គ្នា​បាននិងព្យាយាមឥតឈប់ឈរទេក្នុងរឿងនេះ ហើយ​ខ្ញុំ​គិត​ថា បើអ្នកនិពន្ធឱ្យតួអង្គ​ចេះដោះស្រាយ​ដោយមិនស្រែក មិនវាយ​ដំ ចុងក្រោយ​​នឹង​​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ខ្លាំងលើផ្នត់គំនិតអ្នកអាន​ទូទៅ។ ខ្ញុំមិនចង្អុលអ្នកណា​ទេ​ ខ្ញុំធ្វើខ្លួនឯងតែម្តង​ ព្យាយាមកាត់បន្ថយនិងពិនិត្យពិច័យជានិច្ច!

៧. យើងគួរតែអប់រំអ្នកទស្សនានិងអ្នកអានសិនដែរទេ?

គំនិត​ចោលបញ្ហា​ទៅលើទស្សនិកជនមិនមែនជារឿង​ត្រឹមត្រូវទេ!

ប៉ុន្មានឆ្នាំមកនេះ ខ្ញុំមានអ្នកអានជាច្រើនដែល​ទាក់ទងមកវ័យក្មេងនិងចាស់ គំនិតខុសគ្នា! អ្នកអានខ្លះប្រាប់ខ្ញុំថា ធ្លាប់មើលខ្ញុំពេជ្របណ្ឌិត​ល្អមើល ខ្លះថា​ចូលចិត្ត​សុភាប្រុស ខ្លះថា​ចូលចិត្ត​ស្រទន់តែមិនចូលចិត្ត​ បេះដូងមេគង្គ ខ្លះខឹងដែលខ្ញុំសរសេរ BL ខ្លះថា​ស្គាល់ខ្ញុំដោយសារ BL។ លទ្ធភាពដែលអ្នកនិពន្ធម្នាក់អាចធ្វើបាន​គឺស្តាប់ពួកគេ តែមិនអាចធ្វើតាមទាំងអស់ទេ ដូច្នេះហេតុអ្វីចង់ផ្លាស់ប្តូរពួកគេ? បរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងយើងនិងអាន គឺមកពីយើងគិតថាយើងត្រូវ​ ពួកគេខុស! ភាពជ្រុលនិយមមិនដែល​ជួយអ្វីបានច្រើនទេ ការបន្ទោសគ្នា​មានតែនាំឱ្យ​​សង្គម​ដើរ​ថយ​ក្រោយ ដូច្នេះ​អ្នកអានមានសិទ្ធិជ្រើស អ្នកសរសេរមានសិទ្ធិកំណត់គុណតម្លៃ។

៨. នៅចុងបញ្ចប់អ្នកស្រីមាន​សារអ្វីទៅកាន់អ្នកនិពន្ធវ័យក្មេងទៀត?

ដ្បិតប្រលោមលោកជាការងារនៃការស្រមើលស្រមៃ ប៉ុន្តែឈុតឆាកធំៗ នៅក្នុងចំណង​ជើងល្អៗ ល្បីៗក៏ត្រូវ​មានភាពប្រាកដនិយមដែរ។ និទានកថាដែលមាន​សាច់រឿងស្រមៃ​តែមាន​សកម្មភាព​ប្រាកដនិយម ពិបាក​ក្នុងការ​សរសេរ​មែន តែជាការងារត្រឹមត្រូវ​នៃអ្នកនិពន្ធម្នាក់ៗ។ មួយទៀត កុំចោល​ឫសគល់វប្បធម៌​របស់យើង! ក្រមាលើខ្លួនយើង ឬស្លៀក​ក្បិន ​សំឡុយ​លើគម្របមិនបង្ហាញ ប្រពៃណីទំនៀម​ទម្លាប់ស្មើនឹងពាក្យពេចន៍រសន្ទនា​ ឬសកម្មភាព​ដោះស្រាយបញ្ហា​របស់តួអង្គយើងទេ! ខ្មែរ​មានប្រតិកម្មបែបណា ក្នុងកាលអាកាសដែលយើងកំពុង​តែងនិពន្ធ ត្រូវការ​ការស្រាវជ្រាវនិង​ជជែកជាមួយមនុស្សច្រើន! សាច់ខាងក្នុងនៃសៀវភៅគឺជា មាស! 

សៀវភៅ​ ទម្រាំក្លាយជាអ្នកនិពន្ធ​ តម្លៃ​២៥០០០រៀល ទំនាក់ទំនង ០១៦​២១៣១១១/០១៥២១៣១១១

អ្នកស្រី ម៉ីសន សុធារី គឺជាអ្នកនិពន្ធ ដែល​ត្រូវបាន​គេស្គាល់តាមរយៈសៀវភៅជាច្រើនចំណងជើង​ ជារឿងប្រលោមលោកល្បីៗដូចជា ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ ពេលវេលា ស្ទូឌីយោលេខ៧ អាគមបរព្រៃ សំណុំឯកសារ Z22 និងសីមាអំបោះលឿង។ល។

អ្នកនិពន្ធរូបនេះកំពុងតែ​បង្កើតកម្មវិធីលើទឹកចិត្ត​អ្នកនិពន្ធថ្មីៗបន្ថែម​ឱ្យឈ្មោះថា«អ្នកនិពន្ធជុំវិញបឹងទន្លេសាប»។ ចូលរួមចុចទីនេះ

បូឡា MST