«ទើបមកពីណា? ហេតុអីចូលផ្ទះយប់ព្រលប់ហើយនៅស្រវឹងអួទីនួបែបនេះទៀត?» លោកគ្រូពេទ្យសង្ហានិយាយខ្សឹបៗជិតបបូរមាត់ស្អាតរបស់អ្នកម្ខាងទៀតទាំងសំឡេងស្អកៗ តែមិនមែនស្អកៗរបៀបស៊ិចស៊ីទេ គឺសំឡេងដែលស្អកៗរបៀបនេះវាកើតមកពីកំហឹងដែលមាននៅក្នុងទ្រូងរបស់គាត់ច្រើនជាង។ បារម្ភ ហួងហែង ស្រឡាញ់ ប្រចណ្ឌ អារម្មណ៍ទាំងអស់នេះវាប្រកាប់ប្រចាក់គ្នានៅក្នុងទ្រូងរបស់ប៉ស៊ីងរហូតដល់ច្រាលឈាមឡើងក្រហមចាប់តាំងពីកញ្ចឹងកដល់ថ្ពាល់រលោងស្អាតរបស់គាត់នោះ។
សំនួររបស់លោកគ្រូស៊ីងនេះធ្វើឱ្យព្រះរាជបុត្រាសើចនៅចុងមាត់តិចៗ អ៊ីហ្វុងសម្លឹងមើលភ្នែកតឹងៗរបស់អ្នកម្ខាងទៀតដែលសម្ដែងអារម្មណ៍ចេញមកយ៉ាងច្បាស់មិនគិតលាក់បាំងរួចគេក៏ងើយមុខទៅខ្សឹបដាក់ត្រចៀកអ្នកម្ខាងទៀតថា៖
«លោកគ្រូគិតថាខ្លួនឯងជាអ្នកណា? មានសិទ្ធិអីមកត្រួតត្រាជីវិតរបស់ខ្ញុំ?» ចប់ពាក្យសំដីដ៏សែនឌឺដងផ្ចាញ់ផ្ចាលនេះហើយអ៊ីហ្វុងក៏នៅតែញញឹមឌឺលោកគ្រូរបស់គេដោយមិនគិតក្រែង គេក៏ចេះអន់ចិត្តដែរ គេក៏មានបេះដូងមិនមែនជារបស់លែងដែលនៅពេលណាដែលនឹកឃើញចង់លែងក៏រើសយកមកហើយពេលធុញក៏ទុកចោលនោះទេ។
«វ៉ាង អ៊ីហ្វុង!!»
«លី ប៉ស៊ីង» នៅពេលដែលត្រូវសម្លឹងដោយខ្សែភ្នែកឃោឃៅបែបនេះ អ៊ីហ្វុងក៏កាន់តែមានអារម្មណ៍ចង់ញ៉ោះចង់ឌឺថែមទៀត ក្នុងពេលដែលត្រូវហៅឈ្មោះដោយគំហកៗខ្លាំងៗគេក៏ហៅឈ្មោះអ្នកដែលឱបជាប់ទ្រូងរាល់យប់ដោយសំឡេងស្រាលៗស្រទន់ៗហើយក៏ញញឹមចុងៗមាត់មមិនបាត់ដើម្បីភ្ញោចឱ្យអ្នកដែលកំពុងតែខឹងស្រាប់នោះកាន់តែខឹងថែមស្ទើរតែដាច់សរសៃឈាមខួរក្បាលស្លាប់។
«បានហើយៗ ខ្ញុំមិនចង់និយាយជាមួយលោកគ្រូទេ» អ៊ីហ្វុងប្រិចភ្នែកហើយដើរចេញទៅព្រោះគេសម្រេចចិត្តរួចហើយថានឹងបំភ្លេចរឿងអតីតកាលរវាងគេនិងគ្រូរបស់គេហើយ ដែលឌឺមុននេះគឺវាកើតឡើងដោយអចេតនាទេ។
«ឈប់ភ្លាម»
«បើខ្ញុំមិនឈប់តើវាយ៉ាងម៉េច? មនុស្សកំសាកដូចលោកគ្រូធ្វើអ្វីខ្ញុំបានហេ?» នៅពេលដែលនិយាយចប់ហើយទើបអ៊ីហ្វុងដឹងថាសម្ដីរបស់ខ្លួនរាងលើសបន្តិច តែគេក៏គ្មានអារម្មណ៍ខុសអីទេព្រោះបើប្រៀបធៀបនឹងទង្វើដែលប្រុសម្នាក់នេះធ្វើដាក់គេនោះវានៅស្ទើរឆ្ងាយណាស់។
«បើទៅហើយកុំត្រលប់មកទីនេះទៀតឱ្យសោះ» ប៉ស៊ីងពេលនេះក្លាយទៅជាវិលវល់មិនយល់ពីចិត្តខ្លួនឯង មាត់ក៏ក្បត់ចិត្ត។ ចិត្តមួយចង់ឱ្យគេនៅ ចង់ឃាត់គេតែមាត់ក៏ហាមិនរួច មិនដឹងថាត្រូវឃាត់បែបណា។
អ៊ីហ្វុងញញឹមតិចៗ ទឹកភ្នៀកក៏ស្រក់មកលាយជាមួយនឹងតំណក់ព្រិលដែលធ្លាក់មកពីលើមេឃ ពីដំបូងក៏តាំងចិត្តថានឹងដើរទៅដេកនៅបន្ទប់មួយទៀតតែពេលនេះក៏ត្រូវប្ដូរទីតាំងដើរចេញពីដំណាក់ទាំងបេះដូងត្រជាក់ស្រេងដូចដុំទឹកកក។ ជំហានមួយៗរបស់ព្រះរាជបុត្រាកម្សត់បោះទៅលើព្រិលដែលធ្លាក់ពាសពេញដីបង្កើតបានជាដានជើងដែលដើរដោយគ្មានទិសដៅ គ្មានដឹងតំបន់។ លោកគ្រូជាមនុស្សទីមួយដែលគេបានចួបពេលមកដល់ទឹកដីខាងកើតនេះដំបូង គាត់ជាមនុស្សទីមួយដែលគេស្រឡាញ់ គោរព ទុកចិត្ត ហើយលោកគ្រូក៏ជាមនុស្សទីមួយដូចគ្នាដែលធ្វើឱ្យគេស្រក់ទឹកភ្នែក ខូចចិត្តឈឺបេះដូង។
ព្រះរាជបុត្រាដាក់បង្គុយនៅមាត់ចិញ្ចើមផ្លូវដែលស្ងាត់ជ្រាបហើយត្រជាក់ស្រេងនោះយឺតៗ គេសម្លឹងមើលទៅផ្លូវដែលងងឹតសូន្យសុងនៅពេលនេះដែលវាងងឹតហាក់បីដូចជាដួងចិត្ត ដួងវិញ្ញាណរបស់គេដែលកំពុងតែងងឹត មិនដឹងថាត្រូវទៅណា មិនដឹងថាត្រូវធ្វើអី? អាកាសធាតុដែលត្រជាក់ស្រេង រងាដល់ឆ្អឹងតែវាក៏នៅត្រជាក់ចាញ់ឈាមរបស់លោកគ្រូគេដែរ អ្នកដែលធ្លាប់តែឱបក្រសោប ថ្នាក់ថ្នមគេដូចត្បូងនៅក្នុងបាតដៃតែពេលនេះបែរជាបណ្ដេញគេឱ្យចេញពីផ្ទះទាំងកណ្ដាលអធ្រាត្រនៅក្នុងអាកាសធាតុត្រជាក់បែបនេះ។ អ៊ីហ្វុងយកដៃទាំងពីរឱបជង្គង់ដែលបញ្ឈរជាប់គ្នារួចហើយពោលតិចៗម្នាក់ឯងទាំងរញីរញ័រ៖
«ហេតុអីក៏លោកគ្រូចិត្តដាច់បែបនេះ?»
នៅក្នុងបន្ទប់ដែលត្រូវបានរៀបចំយ៉ាងមានរបៀបរបប នៅលើឥដ្ឋគ្មានធូលីដីសូម្បីតែមួយគ្រាប់ បញ្ជាក់បានថាម្ចាស់បន្ទប់នេះជាមនុស្សម៉ដ្តចត់និងមានរបៀបប៉ុនណា។ សៀវភៅវិជ្ជាពេទ្យដែលបើកចោលនៅលើតុ យូៗម្ដងក៏ត្រូវខ្យល់បក់ប៉ើងទំព័រទៅមុខឬទៅក្រោយក៏តាមតែកម្លាំងខ្យល់ដ្បិតអីម្ចាស់របស់វាពេលនេះហាក់ដូចជាមិនបានចាប់អារម្មណ៍នឹងវានោះទេ អារម្មណ៍របស់គេវារសាត់អណ្ដែតទៅទីឆ្ងាយសែនឆ្ងាយណាស់ទៅហើយ ប៉ស៊ីងសម្លឹងមើលទៅព្រិលដែលធ្លាក់មកមិនឈប់ឈរនៅបរិវេណខាងក្រៅបន្ទប់ទាំងកណ្ដាលអធ្រាត្រ កែវភ្នែកដែលតែងតែមានភាពច្បាស់លាស់របស់គាត់ពេលនេះក៏ក្លាយទៅជាកែវភ្នែកឡេឡឺដែលសម្លឹងគ្មានទិសដៅពិតប្រាកដ យូៗម្ដងលោកគ្រូពេទ្យវ័យក្មេងក៏ដកដង្ហើមធំចេញមកមួយឃូរហាក់បីដូចជាមានរឿងលំបាកក្នុងចិត្តខ្លាំងណាស់អ៊ីចឹង ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងថាបុរសសង្ហាទាំងរូប ល្អទាំងវិជ្ជាម្នាក់នេះមានរឿងរ៉ាវពិបាកចិត្តអ្វីនោះឡើយព្រោះថាមាត់របស់គេគឺបិទជិតរហូតក្លាយទៅជាបន្ទាត់ត្រង់មួយទៅហើយ ទម្រាំតែគាស់បបូរមាត់ស្អាតៗនេះឱ្យនិយាយបានគឺមិនងាយឡើយឬក៏អាចនិយាយបានថាជារឿងដែលមិនអាចទៅរួចតែម្ដង ឱប្រុសសង្ហារបស់អូនអើយបើបងមិននិយាយបែបនេះតើអូនធ្វើម៉េចនឹងដឹងថាជួយបងយ៉ាងម៉េចទៅ?
«ខឹសៗ» កំពុងតែអង្គុយបណ្ដែតអារម្មណ៍សុខៗប៉ស៊ីងដែលតែងតែមានសុខភាពរឹងមាំរហូតមកក៏ស្រាប់តែក្អកខ្លាំងៗភ្លាមមួយរំពេច លោកគ្រូពេទ្យយកដៃដែមានម្រាមវែងស្រឡូនៗស្អាតរបស់ខ្លួនមកទប់ទ្រូងដែលមានភាពឈឺចាប់ព្រោះតែការក្អកខ្លាំងៗនោះ។
តក់!
ប៉ស៊ីងជ្រួញចិញ្ចើមភ្លាមៗនៅពេលឃើញថាតំណក់ឈាមដែលស្រក់ចេញពីមាត់របស់ខ្លួនវាបានធ្លាក់ទៅលើទំព័រសៀវភៅសំណព្វ គាត់ប្រញាប់យកដៃទៅជូតចេញភ្លាមតែទង្វើរនេះវាក៏បណ្ដាលដោយតំណក់ឈាមនោះដាមក្លាយទៅជារង្វង់ឈាមធំជាងមុននៅលើទំព័រសៀវភៅនោះទៅទៀត លោកគ្រូពេទ្យកំលោះខាំធ្មេញក្រេតៗដោយភាពមួម៉ៅក្ដៅក្រហាយ ដប់ថ្ងៃហើយ ដប់ថ្ងៃដែលអ៊ីហ្វុងមិនត្រលប់មកវិញ ដប់ថ្ងៃដែលគាត់មិនបានទៅធ្វើការដោយយកលេសថាសុំពេលសម្រាកព្យាបាលជំងឺខ្លួនឯង ដប់ថ្ងៃដែលគាត់មិនបានខ្វាយខ្វល់ពីរឿងនៅក្នុងរាជវាំងព្រោះគាត់រវល់តែដើរតាមរកគេម្នាក់នោះយ៉ាងវីវក់ហាក់ដូចជាមនុស្សឆ្កួត តែក៏នៅតែរកមិនឃើញ។
ប៉ស៊ីងយកដៃទៅខ្ទប់ទ្រូងដែលកំពុងតែឈឺខ្ទោកៗនោះម្ដងទៀត លោកគ្រូពេទ្យជំនាញម្នាក់នេះមិនប្រាកដចិត្តទេថាតើការឈឺចាប់នៅក្នុងទ្រូងនេះវាបណ្ដាលមកពីក្អក ឬមួយក៏មកពីចិត្តរបស់គាត់ដែលវាបារម្ភពីគេម្នាក់នោះលើសលប់ពេក?
«ខឹសៗ» គាត់ក្អកខ្លាំងៗម្ដងទៀត ហើយឈាមនៅក្នុងខ្លួនរបស់គាត់វាក៏ច្រាលឡើងមកដល់មុខរហូតធ្វើឱ្យមុខដែលសស្អាតនោះឡើងក្រហមប៉ែសដូចជាប៉េងប៉ោះទុំ គាត់មានអារម្មណ៍ធីងធោងនៅក្នុងខ្លួន រកកលចង់ក្អួតបន្តិចអីបន្តិច ស្រៀវស្រាវរលាំងរលះដៃជើង ចុងដៃចុងជើងក៏ឡើងត្រជាក់ស្រេង ប៉ស៊ីងដឹងច្បាស់ថាខ្លួនឯងត្រូវតែលូកដៃដើម្បីឱ្យក្អួតចេញមកទើបបានធូរ ប៉ុន្តែគាត់ទើបតែងើបឈរបម្រុងនឹងដើរចេញទៅក្រៅក៏ស្រាប់តែងងឹតមុខឈឹង អ្វីៗដែលគាត់មើលឃើញនៅចំពោះមុខក៏ព្រិលៗហើយវិលត្រលប់ត្រឡិនដូចអាចមន៍ឆ្កែ អាការៈកាន់តែយ៉ាប់យ៉ឺនតម្រូវឱ្យលោកគ្រូពេទ្យត្រូវយកដៃទាំងសងខាងមកទប់ក្បាលជាប់បានតែមួយភ្លេតក៏…
ព្រូស!!!
រូបរាងកាយបុរសសង្ហា រាងខ្ពស់ស្រឡៈដួលទាំងជំហរទៅលើឥដ្ឋ បើសង្កេតតាមការដេកនៅលើឥដ្ឋនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថាលោកគ្រូពេទ្យប៉ស៊ីងគឺពិតជាដួលសន្លប់ពិតមែនមិនបានធ្វើពុតឬមួយក៏គ្រាន់តែដេកសម្រាកយកកម្លាំងឡើយ តែអ្វីដែលគួរឱ្យអនិច្ចាជាងការដែលឃើញមនុស្សពេញកម្លាំងមកដួលដេកសន្លប់ទៀតនោះគឺគេមិនត្រឹមតែដួលសន្លប់ធម្មតានោះទេ ប៉ស៊ីងថែមទាំងក្អួតឈាមចេញមកប្រឡាក់ពេញមុខពេញខ្លួនទាំងអស់ ឱលោកគ្រូពេទ្យកម្សត់អើយ។
ថ្ងៃថ្មី…
ពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមចាំងចាំនឹងផ្ទៃមុខរលោងស្អាត ម៉ដ្តផង់ ហាក់បង្កើនសម្រស់ដល់ម្ចាស់ផ្ទៃមុខម្នាក់នេះថែមទៀត សម្រស់ល្អត្រកាល កែវភ្នែកមុតស្រួចដែលនៅក្រោមរោមចិញ្ចើមក្រាស់ស្អាត បូករួមជាមួយច្រមុះស្រួចមានខ្ទង់ និងបបូរមាត់ស្ដើងទៀតនោះ ប្រុសម្នាក់នេះសែនសង្ហា ម៉ឺងម៉ាត់ជាទីបំផុត ថ្ងាសរបស់គេស្រឡៈស្អាតដែលបង្ហាញពីអំណាចរបស់គេ ផ្ទៃមុខប្រុសម្នាក់នេះសែនកំណាច កំណាចកាចរហូតដល់គ្រាន់តែបិទភ្នែកដេកស្ងៀមៗបែបនេះក៏នៅតែមើលទៅគួរឱ្យសម្បើមដែរ។
ដៃតូចស្រឡូនស្អាតៗដូចបន្លារក្រូចរបស់មនុស្សស្រីម្នាក់កំពុងតែលោសន្សឹមៗទៅប៉ះថ្ពាល់របស់អ្នកដែលកំពុងតែគេងនៅលើគ្រែ ទឹកមុខរបស់នាងក្រមិចក្រមើមគួរឱ្យស្រឡាញ់ដែលវាបញ្ជាក់ថាព្រះនាងពិតជារំភើបចិត្តក្នុងការប៉ះមុខមាត់របស់ប្រុសម្នាក់នេះខ្លាំងណាស់។
«ព្រះនាងកុំប៉ះអីក្រាបទូល» ស្រីបម្រើម្នាក់ស្ទុះមកចាប់ម្រាមដៃតូចៗដែលបម្រុងនឹងលូកទៅមុខមុននេះយកមកដាក់លើភ្លៅតូចស្អាតរបស់ម្ចាស់ស្រីខ្លួនវិញដោយកាយវិការសមរម្យ។
«ហេតុអី?» ឈិនហុងសួរទាំងមិនអស់ចិត្តនឹងការដែលតូចអ្នកបម្រើមកបង្អាក់ចង្វាក់បែបនេះ។
«អឺគឺ…ព្រះនាង…លោកគ្រូពេទ្យប៉ស៊ីងធ្លាប់ប្រាប់ហើយថាបើនៅរញ៉េរញ៉ៃជាមួយគាត់ទៀត គាត់នឹងកាត់ដៃចោលណាក្រាបទូល» នាងបញ្ចប់ពាក្យទាំងឱនមុខចុះជ្រោបព្រោះវាជាពាក្យគំរាមយ៉ាងច្បាស់លាស់របស់អ្នកដែលកំពុងតែដេកសន្លប់លើគ្រែនេះ។
«ប៉ាវហូវ…នាងកុំកំប្លែងពេកបានទេ»
«ព្រះនាង?»
«យើងជាព្រះនាងគេម៉េចនឹងហ៊ានកាត់ដៃយើងទៅ? ម្យ៉ាងទៀតយើងជាចៅស្រីច្បងរបស់ស្ដេចនៃនគរខាងកើតនេះហើយ…លោកគ្រូពេទ្យប៉ស៊ីងក៏ជាមន្ត្រីធំ…មនុស្សទាំងនគរគេក៏ដឹងថាពួកយើងជាគូរនឹងគ្នាស្រាប់ហើយត្រូវដែរទេ?» ព្រះនាងឈិនហុងនិយាយដោយសំឡេងតូចឆ្មារព្រមទាំងសើចតិចៗនៅចុងប្រយោគផង ទ្រង់ទើបតែមានអាយុ១៧ឆ្នាំប៉ុន្តែក៏លួចចូលចិត្តចាប់អារម្មណ៍នឹងលោកគ្រូពេទ្យប៉ស៊ីងតាំងពីយូរ យូរណាស់មកហើយ តើមានអ្នកណាដែលមិនស្រឡាញ់បុរសសង្ហាហើយពូកែនោះត្រូវទេ?
«តែលោកគ្រូពេទ្យស៊ីងមិនបានដឹងទេក្រាបទូល» ប៉ាវហូវនៅតែបារម្ភពីសុវត្ថិភាពរបស់ម្ចាស់ខ្លួន អ្នកណាមិនដឹងថាប្រុសដែលដេកនៅលើគ្រែនេះគោរពសម្ដីខ្លួនប៉ុនណានោះ?
«ប៉ាវហូវ!!» ព្រះនាងឈិនហុងហៅឈ្មោះអ្នកមប្រើតិចៗទាំងសង្កេតធ្មេញដោយសភាពគ្រឺតក្នាញ់។អ្នកដែលកំពុងតែសន្លប់នៅលើគ្រែនោះក៏បើកភ្នែកព្រិចៗតិចៗព្រោះតែចាំងនឹងកម្ដៅថ្ងៃដែលប៉ះនឹងភ្នែករបស់គេ ប៉ស៊ីងបើកភ្នែកសម្លឹងមើលឆ្វេងស្ដាំមួយសន្ទុះទើបងើបអង្គុយសម្លក់មុខព្រះនាងឈិនហុងដែលកំពុងតែសម្លក់ប៉ាវហូវ ប៉ាវហូវលួចចោលភ្នែកទៅមើលអ្នកដែលដេកលើគ្រែតែនាងក៏ត្រូវបើកភ្នែកធំៗចំហមាត់រកពាក្យនិយាយប្រាប់ម្ចាស់ស្រីមិនបានព្រោះតែតក់ស្លុតនឹងអ្នកដែលនាងខ្លាចសឹងរួញកហើយពេលនេះបែរមកអង្គុយសម្លក់ព្រះនាងរបស់នាងថ្មែរទៅវិញ ឈិនហុងសម្លឹងមើលតាមភ្នែកខ្ញុំបម្រើក៏ឃើញថាអ្នកដែលដេកសន្លប់នេះដឹងខ្លួនហើយ ទើបទ្រង់ប្រញាប់ញញឹមស្រស់ដាក់គេហើយសួរដោយគួរសម៖
«លោកគ្រូពេទ្យស៊ីងនៅមិនស្រួលខ្លួនដែរទេ?» ព្រះនាងសួរដោយសំឡេងពីរោះទៅកាន់អ្នកដែលកំពុងអង្គុយសម្លក់ទ្រង់ដូចចង់ស៊ីសាច់ហុតឈាម។
«ហេតុអីខ្ញុំមកនៅទីនេះ?» សំឡេងរបស់ប៉ស៊ីងពេលនេះស្អកខ្សោះដែលបញ្ជាក់ថាគាត់ពិតជាហត់នឿយអស់កម្លាំងខ្លាំងណាស់។
«គឺព្រឹកម្សិលមិញខ្ញុំទៅរកលោកគ្រូពេទ្យ ហើយក៏ឃើញលោកដេកសន្លប់ក្អួតឈាមទើបប្រញាប់ហៅរាជពេទ្យឱ្យមកពិនិត្យតែក៏មិនស្មានថាលោកភ្ញាក់លឿនដល់បែបនេះ» ព្រះនាងនៅតែនិយាយបានដោយសំឡេងពីរោះទៅកាន់បុរសមុខងាប់ដែលទ្រង់លួចស្រឡាញ់ កាន់តែមុខងាប់ កាន់តែសោះអង្គើយបែបនេះហើយកាន់តែមានមន្តស្នេហ៍មួយកម្រិតថែមទៀត។
«ហេតុអីក៏ខ្ញុំមកនៅទីនេះ?» សំឡេងរបស់ប៉ស៊ីងកាន់តែរឹង បង្ហាញពីការមិនពេញចិត្តចេញមកច្បាស់ៗ គេដឹងថាខ្លួនឯងសន្លប់តែការដែលហៅរាជពេទ្យមកពិនិត្យឬក៏សម្រាកព្យាបាលមិនគួរណាមកធ្វើនៅក្នុងដំណាក់របស់ព្រះនាងម្នាក់នេះទេ។
«ព្រោះតែកន្លែងសម្រាប់ដាក់អ្នកជំងឺពេញអស់ទៅហើយ»
«ពេញអស់?» ប៉ស៊ីងជ្រួញចិញ្ចើមនេះនាងកំពុងតែប្រាប់គេថាកន្លែងសម្រាប់សម្រាកព្យាបាលអ្នកជំងឺដែលមានទីធ្លាធំសឹងតែប៉ុនកន្លែងប្រណាំងសេះពេញអស់ហេ? គួរឱ្យអស់សំណើចណាស់។
«មែន!!គឺអ្នកដែលប្រលងចូលធ្វើសេនាជាន់ខ្ពស់វគ្គជម្រុះមានប្រហែលជា២៩០នាក់យកតែ៥នាក់ ពេលនេះពួកគេម្នាក់ៗ ត្រូវរបួសគ្រប់ៗគ្នា ហើយអ្នកខ្លះក៏ស្លាប់បាត់ត្រូវតំកល់សពទុកចាំសាច់ញាតិមកយក អ៊ីចឹងហើយកន្លែងនោះវាច្របូកច្របល់មិនសមនឹងឱ្យលោកគ្រូពេទ្យទៅសម្រាកទេ»
ព្រះនាងរៀបរាប់ទាំងអន់ព្រះទ័យទ្រង់ខំប្រឹងយកអាសារបែបនេះហើយបែជាមិនអរគុណមួយម៉ាត់នៅចង់បន្ទោសថែមទៀត។
«ប្រលងរើសសេនា? ហេតុអ្វីក៏ខ្ញុំមិនដឹង?»
«លោកគ្រូពេទ្យខានចូលវាំងប៉ុន្មានថ្ងៃហើយ?»
ផាំង!!!
ហាក់បីដូចជាត្រូវគេដាស់ឱ្យស្វាងពីដំណេក គេខានចូលវាំងប៉ុន្មានថ្ងៃហើយ? អាចដែរទេដែលអ៊ីហ្វុងស្ថិតនៅក្នុងចំណោមពួកសេនាអស់នោះ? គិតបានបែបនេះហើយប៉ស៊ីងក៏ប្រញ៉េប្រញាប់ក្រោកដើរចេញទាំងនៅសភាពធីងធោងនៅឡើយ៖
«លោកគ្រូពេទ្យទៅណា?» ព្រះនាងរត់តាមប៉ស៊ីងហើយស្រែកសួរទៅគេទាំងទឹកមុខចង់យំបន្តិចអីបន្តិច។
«…» អាហ្វុង!អូននៅទីនោះមែនដែរទេ? បើមែនបងបួងសួងសុំឱ្យអូនកុំឱ្យកើតអ្វីឱ្យសោះ!
«លោកគ្រូពេទ្យ!!» ព្រះនាងឈិនហុងរត់មកស្រវារចាប់ដៃស្រឡូនស្អាតរបស់ប៉ស៊ីងតែក៏ត្រូវគេដកដៃចេញទាន់ហើយសម្លឹងមុខព្រះនាងហាក់ដូចជាចង់សួរថាមករកមានការស្អី?
«លោក…លោកចង់ទៅទាំងសម្លៀកបំពាក់បែបនេះមែនទេ?» ព្រះនាងសួរទាំងសម្លឹងមើលទៅខោអាវធម្មតារបស់លោកគ្រូពេទ្យដែលវាមិនសមនឹងឋានៈរបស់គាត់នៅក្នុងរាជវាំងនេះទេ។
«…» ប៉ស៊ីងសែនហួសចិត្តនឹងស្រីម្នាក់នេះជាទីបំផុតហើយ គេដើរចេញទៅមុខទៀត តែព្រះនាងក៏នៅតែស្រែក៖
«ខ្ញុំខំជួយលោកយ៉ាងហោចណាស់មានទឹកចិត្តបន្តិចទៅ»
ប្រយោគនេះធ្វើឱ្យលោកគ្រូពេទ្យសង្ហាញញឹមនៅចុងមាត់តិចៗ រួចហើយក៏៏បែរទៅសម្លឹងមុខព្រះនាងវិញទាំងញញឹមចុងមាត់មិនបាត់ ធ្វើឱ្យអ្នកដែលត្រូវសម្លឹងបេះដូងលោតដុកដាក់ៗ៖
«ខ្ញុំមិនបានសុំឱ្យជួយទេ» ចប់សម្ដីសឹងមិនទាន់ប៉ស៊ីងក៏ប្រញាប់រត់ចេញទៅបាត់មិនខ្វល់ពីអ្នកដែលកំពុងតែឈរមើលគេដល់ភ្លឹកសោះឡើយ ព្រះនាងកំពុងតែតាមមើលខ្នងបុរសដែលខ្លួនលួចស្រឡាញ់រហូតសឹងតែភ្លេចដកដង្ហើម ទាល់តែប៉ាវហូវមកចាប់អន្រួនដៃតិចៗទើបទ្រង់ងាកមកញញឹមដាក់នាង។
«ព្រះនាង!!» ប៉ាវហូវហៅម្ចាស់ស្រីរបស់ខ្លួនដោយសំឡេងថ្នមៗ ក្នុងបំណងចង់លួងលោមមិនឱ្យពិបាកចិត្ត នាងថាហើយថាកុំឱ្យមកពាក់ពន្ធ័នឹងបុរសម្នាក់នេះទៀត មករញ៉េរញ៉ៃជាមួយគេម្ដងណាក៏បានតែការខកចិត្តត្រលប់ទៅវិញដែរ។
«យ៉ាងម៉េច?» ព្រះនាងឈិនហុងនៅតែរក្សាបាននៅទឹកមុខញញឹមគួរឱ្យស្រឡាញ់បានដដែលទាំងដែលមុននេះទើបតែត្រូវបានទទួលនូវសម្ដីដូចជះទឹកអាស៊ីតកណ្ដាលមុខសោះ។
«គឺ…» ប៉ាវហូវទៅជាស្ទាក់ស្ទើរមិនដឹងលួងលោមរបៀបម៉េច នាងងើបមុខឡើងបន្តិចដើម្បីសម្លឹងមើលមុខចាហ្វាយស្រីដោយប្រើខ្សែភ្នែកស្ទាក់ស្ទើរដែលវាធ្វើឱ្យព្រះនាងឈិនហុងញញឹមបន្តិចហើយតបទៅនាងវិញដូចដឹងចិត្តថា៖
«ប៉ាវហូវ…មនុស្សប្រុសកាន់តែម៉ឺងម៉ាត់នឹងការងារកាន់តែមានមន្តស្នេហ៍នាងគិតអ៊ីចឹងដែរទេ?» ថាហើយព្រះនាងក៏ដើរចូលទៅក្នុងដំណាក់វិញដោយអារម្មណ៍ល្អ ទ្រង់ធ្វើជាមើលរំលងនូវពាក្យសម្ដីគំរោះគំរើយរបស់ប៉ស៊ីងជារឿយៗរហូតដល់ថ្នាក់មិនដឹងថាតើគេម្នាក់នោះស្អប់ខ្ពើមព្រះនាងដល់កម្រិតណា។
ក្នុងមន្ទីពេទ្យរាជវាំង…
នៅក្នុងវាំងនាសម័យព្រះអធិរាជ ចូវ ជីយ៉ាង នេះគឺមហាសំបូរសប្បាយរុងរឿងជាទីបំផុតហើយ សម្បូរសប្បាយ អភិវឌ្ឍន៍គ្រប់វិស័យ នៅក្នុងរាជវាំងដែលមានទីធ្លាធំទូលាយល្វឹងល្វើយដាច់កន្ទុយភ្នែកនេះ មានដំណាក់រាប់ពាន់ដំណាក់រាប់មិនអស់ ក្នុងចំណោមដំណាក់អស់នោះមានកន្លែងមួយត្រូវបានរៀបចំឡើងឱ្យក្លាយទៅជាមន្ទីពេទ្យសម្រាប់ព្យាបាលមើលជំងឺសម្រាប់អ្នករស់នៅនិងធ្វើការនៅក្នុងរាជវាំង ដែលគេហៅឈ្មោះកន្លែងនោះថា “មន្ទីរពេទ្យរាជវាំង”។
នៅក្នុងមន្ទីពេទ្យដ៏ធំទូលំទូលាយនេះទៀតសោតមានបែងចែកជាបីផ្នែក គឺផ្នែកទីមួយសម្រាប់ពួកកងទ័ព មន្ត្រីរាជការផ្សេងៗ ផ្នែគទី២គឺសម្រាប់អ្នកម្នាង ស្នំ ព្រះនាង បូករួមជាមួយសាច់សារលោហិតរបស់ស្ដេចនៅជំនាន់នេះទាំងអស់ និងផ្នែកទីបីគឺសម្រាប់តែព្រះរាជាតែម្នាក់ប៉ុណ្ណោះ។ ផ្នែកនីមួយៗមានបែងចែកយ៉ាងច្បាស់លាស់ ពោលគឺមួយដំណាក់គឺសម្រាប់តែមួយផ្នែកតែប៉ុណ្ណោះ ចំណែកឯមួយផ្នែកៗក៏មានទីធ្លាធំល្វឹងល្វើយស្ទើរតែប៉ុនធ្លាប្រណាំងសេះមួយទៅហើយ។ លោកគ្រូពេទ្យប៉ស៊ីង ដែលគេគ្រប់គ្នាស្គាល់ថាជាមនុស្សមានរបៀប រៀបរយ ម៉ឺងម៉ាត់ ល្អិតល្អន់គ្រប់ពេលវេលានោះ ពេលនេះកំពុងតែរត់យ៉ាងត្រហេបត្រហបនៅក្នុងសម្លៀកបំពាក់សាមញ្ញ ដៃអាវក៏ត្រូវរមូឱ្យដល់ត្រឹមកែងដៃទាំងសងខាង។ លោកគ្រូពេទ្យដែលធ្លាប់តែចេញ ចូលដំណាក់ព្យាបាលរបស់សាច់សារលោហិតព្រះរាជានិងជាគ្រូពេទ្យពិសេសដែលមើលតែជំងឺរបស់ស្ដេចផែនដីតែមួយមុខពេលនេះកំពុងតែរត់ត្រហេបត្រហបគ្រប់ច្រកល្ហកនៅក្នុងដំណាក់ព្យាបាលរបស់មន្ត្រីថ្នាក់ទាបសាមញ្ញនៅក្នុងថ្នាក់ទី១ឡើងត្របាញ់ជើង។
រត់បណ្ដើរ ភ្នែកមុតស្អាតៗមួយគូរនោះក៏ក្រឡេកមើលឆ្វេងមើលស្ដាំបណ្ដើរមិនឈប់ឈរ ឯក្នុងចិត្តក៏បន់ស្រន់សុំឱ្យខ្លួនឯងអាចរកឃើញអ៊ីហ្វុងនៅក្នុងជួរអ្នករបួសស្រាលផងចុះ។ ប៉ស៊ីងតាមសម្លឹងមើលមុខអ្នកជំងឺនៅក្នុងផ្នែកពិនិត្យរបួសស្រាលគ្រប់ៗគ្នា តែក៏មិនអាចរកឃើញមនុស្សដែលគាត់ចង់ស្វែងរក ប៉ស៊ីងបន្តរកមើលអ៊ីហ្វុងនៅក្នុងផ្នែករបួសធ្ងន់តទៀត តែទោះបីជាគាត់ទៅសម្លឹងមើលមុខអ្នកដែលកំពុងបាក់ដៃ បាក់ជើង ដាច់ដៃ ដាច់ជើង រាប់រយនាក់ដែលកំពុងតែគេងថ្ងូរឱ្យរហឹសនៅលើគ្រែដេកនោះទៀតក៏នៅតែមិនអាចរកឃើញអ៊ីហ្វុងដដែល។ លោកគ្រូពេទ្យវ័យក្មេងដាក់បង្គុយចុះទៅលើដីយឺតៗទាំងខ្សែភ្នែករាងស្រវាំងៗ គាត់ហត់ទាំងកាយហើយក៏ណាយទាំងចិត្ត គាត់ស្ទើរតែគាស់ទីក្រុងនេះទាំងមូលដើម្បីតាមរកអ៊ីហ្វុងទៅហើយតែនៅតែមិនអាចរកឃើញគេទៀត ប៉ស៊ីងទាល់តម្រេះយកដៃទាំងពីរទៅក្ដោបក្បាលដែលកំពុងតែឈឺខ្ទោកៗមួយសន្ទុះគាត់ក៏នឹកឃើញរឿងមួយ។
«បញ្ជីឈ្មោះអ្នកជំងឺ»លោកគ្រូពេទ្យនិយាយតិចៗហាក់ដូចជារម្លឹកប្រាប់ខ្លួនឯងថាគាត់ត្រូវទៅពិនិត្យមើលបញ្ជីឈ្មោះអ្នកជំងឺដែលមានព្យាបាលនៅទីនេះមិនមែនមកដើររកបែបនេះទេ គិតៗទៅហេតុអ្វីក៏គាត់នឹកមិនឃើញវិធីនេះតាំងពីដំបូងណ៎?
«ឱ្យបញ្ជីឈ្មោះអ្នកជំងឺដែលចូលមកក្នុងមន្ទីពេទ្យថ្ងៃនេះមកឱ្យខ្ញុំ»ពេលរត់មកដល់កន្លែងកត់បញ្ជីនៅក្នុងដំណាក់ព្យាបាលជំងឺនេះភ្លាម ប៉ស៊ីងក៏ប្រញាប់សួរទៅកាន់អគ្គបេឡាដែលកំពុងតែឈ្ងោកមុខកត់បញ្ជីនោះភ្លែតទាំងសម្ដីញ៉ាប់ៗខុសពីរាល់ដង គ្រាន់តែចប់សម្ដីគាត់ភ្លាមអ្នកដែលកំពុងតែអង្គុយកត់បញ្ជីនោះក៏ប្រញាប់ហុចបញ្ជីឈ្មោះអ្នកជំងឺមកឱ្យលោកគ្រូពេទ្យវ័យក្មេងពិនិត្យមើលទាំងទឹកមុខឆ្ងល់ តែក៏មិនហ៊ានសួរដ្បិតអីឋានៈរបស់គេវាសួរមិនបាន។
ប៉ស៊ីងបើកសន្លឹកឈ្មោះរបស់អ្នកជំងឺដែលទើបតែចូលមកព្យាបាលនៅក្នុងមន្ទីពេទ្យនាពេលព្រឹកនេះម្ដងមួយៗទាំងដៃញ័រតតាត់ គាត់បន្តបើកម្ដងមួយសន្លឹកៗរហូតដល់ទំព័រចុងក្រោយ ដៃដែលចង្អុលមើលឈ្មោះតាំងពីស្ដាំទៅឆ្វេងនោះក៏ឈប់នៅត្រង់ឈ្មោះរបស់មនុស្សម្នាក់ដែលគាត់ស្គាល់ច្បាស់ដូចថ្ងៃ “វ៉ាង អ៊ីហ្វុង”។
«អ្នកជំងឺម្នាក់នេះនៅឯណា?»ប៉ស៊ីងច្រឡោតទៅសួរអ្នកដែលកំពុងអង្គុយកត់ឈ្មោះនោះម្ដងទៀតទាំងកម្រោល គាត់ដឹងពីច្បាប់ទម្លាប់នៅទីនេះច្បាស់ណាស់ព្រោះខ្លួនគាត់ផ្ទាល់ជាអ្នកបង្កើតវាដោយខ្លួនឯង ច្បាប់ទម្លាប់ដែលសរសេរឈ្មោះមនុស្សដែលមានរបួសធ្ងន់ជាងគេនៅទំព័រចុងក្រោយគេ ហើយកាលដែលគាត់ឃើញឈ្មោះរបស់អ៊ីហ្វុងនៅទំព័រក្រោយនេះវាក៏មិនមែនជារឿងល្អអីប៉ុន្មានដែរ។
«ខ្ញុំមិនដឹងទេលោកគ្រូពេទ្យ ខ្ញុំមាននាទីកត់តែឈ្មោះតែប៉ុណ្ណោះ»អ្នកកត់ឈ្មោះវ័យក្មេងនិយាយទាំងញ័រមាត់ប៉បាក់ប៉ប៉ុប នាងមាននាទីត្រឹមតែកត់ឈ្មោះនៅពេលដែលរុញអ្នកជំងឺមកតែប៉ុណ្ណោះតែបើនាំបន្តទៅណាទៀតនាងមិនដឹងនោះទេ។
ផាំង!!
ប៉ស៊ីងគប់សៀវភៅឈ្មោះអ្នកជំងឺទៅជញ្ជាំងមួយទំហឹងបណ្ដាលឱ្យសន្លឹកក្រដាសដែលបិតជាប់គ្នាពេលនេះក៏របូតពីគ្នា ដាច់រប៉ាត់រប៉ាយពាសពេញឥដ្ឋ គាត់រត់ត្រលប់ចូលទៅក្នុងដំណាក់នេះម្ដងទៀតតែលើកនេះមិនមែនទៅកន្លែងសម្រាប់ព្យាបាលរបួសស្រាលឬក៏របួសធ្ងន់ឡើយ គឺលោកគ្រូពេទ្យម្នាក់នេះរត់សំដៅទៅកាន់បន្ទប់ធំល្វឹងល្វើយមួយដែលនៅចុងគេបង្អស់ ជាបន្ទប់ដែលគេសម្រាប់ទុកអ្នកជំងឺអាសន្នរោគ អ្នកជំងឺឈឺរ៉ាំរ៉ៃត្រូវដល់ពេលស្លាប់ អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរនៅសល់ដង្ហើមចង្រិតនិងកន្លែងសម្រាប់ទុកសាកសព។
ប៉ស៊ីងឈានជើងដើរចូលធ្លារបន្ទប់ទាំងបេះដូងលោតស្ទើរតែផ្ទុះទ្រូង ប្រសិនបើគាត់តាមរកអ៊ីហ្វុងគ្រប់ផ្នែកអស់ហើយតែនៅតែមិនឃើញស្រមោលគេ តើអាចដែរទេដែលគេមកនៅក្នុងនេះ? ភ្នែកដ៏សែនរវាសរវ៉ៃមួយគូរនេះក្រឡេកទៅចំមនុស្សម្នាក់ដែលកំពុងតែដេកស្ដូកស្ដឹង មុខមាត់ប្រឡាក់សុទ្ធតែឈាមរបស់គេក៏មើលសឹងតែមិនយល់ តែមិនថាមនុស្សម្នាក់នេះក្លាយទៅជាយ៉ាងណា មិនថាគេប្រឡាក់ប្រឡូសយ៉ាងណា ឬមួយក៏គេក្លាយទៅជាផេះក៏ដោយក៏ប៉ស៊ីងនៅតែអាចមើលស្គាល់ចំណាំបានមិនខុសទេ គេម្នាក់ដែលដេកស្ដូកស្ដឹងនៅលើគ្រែចុងក្រោយគេម្នាក់នោះពិតណាស់ច្បាស់ជាអ៊ីហ្វុង។
ប៉ស៊ីងប្រញាប់រត់ទៅស្ទាបមើលជីពចររបស់អ្នកដែលត្រូវគេទុកឱ្យដេកនៅលើគ្រែនេះឱ្យប្រាកដចិត្ត ប៉ុន្តែគ្រាន់តែដាក់ដៃនៅលើកដៃរបស់អ៊ីហ្វុងភ្លាមដៃរបស់គាត់ក៏ញ័រតតាត់ទឹកភ្នែករកកលនឹងស្រក់ ប៉ស៊ីងដកដង្ហើមធំបន្តិចហើយទើបផ្ដោតអារម្មណ៍ទៅលើការស្ទាបជីពចររបស់អ៊ីហ្វុងវិញ លោកគ្រូពេទ្យប្រញាប់ដកដៃចេញមកវិញហើយចិញ្ចើមរបស់គេក៏ជ្រួញចូលគ្នា មុខដែលកាចស្រាប់ហើយនោះក៏កាន់តែគួរឱ្យខ្លាចមួយកម្រិតថែមទៀតនៅពេលដែលម្ចាស់របស់វាមានកែវភ្នែកសាហាវព្រៃផ្សៃបែបនេះ លោកគ្រូពេទ្យប្រញាប់មើលទៅឈ្មោះនៅលើកដៃរបស់អ៊ីហ្វុងដែលសរសេរឈ្មោះរបស់គ្រូពេទ្យដែលជាអ្នកសន្មតស្ថានភាពជំងឺមួយភ្លែតរួចក៏ស្រែកប្រកាសក្ដែងៗចេញពីក្នុងបន្ទប់នេះទៅ៖
«អ្នកនៅខាងក្រៅប្រញាប់ត្រៀមឧបករណ៍វះកាត់ជាបន្ទាន់»
លោកគ្រូពេទ្យរូបសង្ហាប្រញាប់ប្រញាល់បីអ្នកដែលគាត់តាមរកពេញមួយព្រឹកចេញមកខាងក្រៅហើយដើរសំដៅទៅកាន់បន្ទប់សម្រាប់វះកាត់ ពេលចូលមកដល់ខាងក្នុងគាត់ក៏ស្រែកខ្លាំងៗម្ដងទៀត៖
«រៀបចំកាំបិតវះកាត់ឱ្យខ្ញុំ»
មួយសន្ទុះក្រោយមកប៉ស៊ីងក៏នៅតែមិនឃើញមានអ្នកណារវីរវល់នឹងគាត់ទាល់តែសោះ ម្នាក់ៗបែរជាឈរសម្លឹងមើលមកគាត់ហាក់បីដូចជាមនុស្សចម្លែក ក្នុងចំណោមអ្នករាល់គ្នាដែលសម្លឹងមើលមកគាត់នោះ ស្រាប់តែមានបុរសម្នាក់ដើរចេញមកឈរទល់មុខនឹងគាត់ហើយនិយាយ៖
«លោកចង់ធ្វើស្អី?»សំឡេងកាចៗរបស់លោកគ្រូពេទ្យអ៊ូ ធ្វើឱ្យចិញ្ចើមដែលកំពុងតែជ្រួញចូលគ្នារបស់ប៉ស៊ីងកាន់តែជ្រួញថែមមួយកម្រិតទៀត លោកគ្រូពេទ្យទាំង២នាក់ដើរមកឈរទល់មុខគ្នាសម្លឹងមុខគ្នាទៅវិញទៅមកមិនឱ្យចាញ់គ្នា។
«លោកជាអ្នកសន្មតថាឱ្យយកគេទៅដាក់នៅក្នុងបន្ទប់ដាក់សពទាំងដែលគេនៅមានដង្ហើម តើនៅក្នុងខ្លួនរបស់លោកមានវិជ្ជាជីវៈជាពេទ្យខ្លះដែរទេ?»
ប៉ស៊ីងស្រែកថាឱ្យលោកគ្រូពេទ្យអ៊ូដែលជាអ្នកពិនិត្យសភាពជំងឺរបស់អ៊ីហ្វុងខ្លាំងៗ គេខឹងឡើងញ័រមាត់តតាត់ មនុស្សនៅមានដង្ហើមដកសុខៗសោះបែរជាត្រូវយកទៅដាក់នៅក្នុងបន្ទប់ដាក់មនុស្សស្លាប់អ្នកណាមិនខឹង?
«គេម្នាក់នេះហើមពោះ ហើយមានឈាមហូរតាមមាត់មករហូត ជីពចររបស់គេក៏លោតខ្សោយៗណាស់ទៅហើយ មិនដល់មួយយាមទៀតគេក៏នឹងស្លាប់ដដែល គ្មានវិធីផ្សេងជួយគេបានទេ»
លោកគ្រូពេទ្យដែលមានវ័យចំណាស់ក៏តបទៅវិញខ្លាំងៗមិនឱ្យចាញ់គ្នា គាត់មានបទពិសោធននៅក្នុងអាជីពនេះជាង២០ឆ្នាំទៅហើយមិនអាចឱ្យក្មេងដែលទើបតែមានអាយុមិនស្មើនឹងបទពិសោធនគាត់ផងមកត្រួតបញ្ជាគាត់បាននោះទេ។
«គេហើមពោះ ព្រោះតែឆ្អឹងជំនីទី៣របស់គេបាក់តែលោកបែរជាមិនរកវិធីជួយគេ»
«បើឆ្អឹងរបស់គេបាក់តើវាយ៉ាងម៉េច?»
មែន បើបាក់ដៃ បាក់ជើង អាចព្យាបាលបាន តែនេះវាបាក់ដល់ទៅឆ្អឹងជំនីតើត្រូវព្យាបាលរបៀបម៉េច?ព្រោះតាំងពីជំនាន់ដូនតាមកមិនដែលឃើញមានអ្នកណាដឹងថាបាក់ឆ្អឹងជំនីបាននោះទេ ដ្បិតអីពេទ្យម្នាក់ៗនៅជំនាន់នោះអាចមើលឃើញនិងដឹងបានត្រឹមតែរូបរាងខាងក្រៅប៉ុណ្ណោះ។
ផូស!
មួយដៃរបស់សុភាពបុរសប៉ស៊ីង ហោះទៅជាប់នឹងមុខខាងឆ្វេងរបស់លោកគ្រូពេទ្យវ័យចំណាស់ដែលធ្វើឱ្យគាត់ដួលដេកទៅលើឥដ្ឋភ្លាមៗមួយរំពេច ប៉ស៊ីងសម្លឹងមុខអ្នកដែលកំពុងតែអង្គុយសម្លក់គេនោះហើយក៏ប្រញាប់ប្រញាល់រត់ទៅរកកាំបិតមុខស្រួចមួយមកសម្អាតមេរោគជាបន្ទាន់ ដៃរបស់គេស្ទាបទៅលើកន្លែងដែលឡើងហើមនៅត្រង់ចុងដង្ហើមរបស់អ៊ីហ្វុងយ៉ាងស្រាលដៃជាទីបំផុត កំពុងតែផ្ទៀងអារម្មណ៍មិនបានប៉ុន្មានផងស្រាប់តែដៃរបស់លោកគ្រូពេទ្យអ៊ូ លូកមកចូលចាប់ដៃគេភ្លាមៗមួយរំពេចដូចគ្នាដែរ។
«មិនបាន! ឯងចង់ធ្វើអី?»គាត់ស្រែកសួរខ្លាំងៗម្ដងទៀតទៅកាន់លោកគ្រូពេទ្យវ័យក្មេងដែលរៀបតែនឹងយកកាំបិតមុតស្រួចមុខស្ដើងនេះទៅចាក់ទ្រូងអ្នកជំងឺរបស់គាត់ទៅហើយ។
«ឆ្អឹងជំនីរបស់គេមិនបានបាក់ទេ វាគ្រាន់តែភ្លាត់តែប៉ុណ្នោះ ដូច្នេះខ្ញុំត្រូវតែវះដើម្បីតម្រង់វាឱ្យមានសភាពធម្មតាវិញ ការធ្វើបែបនេះវាធ្វើឱ្យបេះដូងរបស់គេដំណើរការបានធម្មតានិងឈប់ក្អួតឈាមតទៅទៀត»
ប៉ស៊ីងរៀបរាប់ប្រាប់រៀមច្បងដោយសំឡេងធម្មតាវិញធ្វើដូចមុននេះគ្មានរឿងអ្វីកើតឡើង។
«ឯងចង់វះទ្រូងរបស់គេ ឯងឆ្កួតមែនទេ? គេជាអ្នកដែលប្រឡងបានលេខមួយនៅក្នុងការប្រលងលើកនេះ»លោកគ្រូពេទ្យអ៊ូនៅតែមិនព្រលែងដៃរបស់ប៉ស៊ីងដដែល គាត់មិនអាចបណ្ដោយឱ្យគ្រូពេទ្យក្មេងខ្ចីគំនិតម្នាក់នេះប៉ះពាល់និងយករាងកាយអ្នកជំងឺរបស់គាត់ទៅធ្វើជាល្បែងលែងសើចរបស់គេទេ។
«លែងដៃ»ប៉ស៊ីងចាប់ផ្ដើមបិទភ្នែកដើម្បីរម្ងាប់អារម្មណ៍ដែលចង់ហក់ទៅដាល់លោកគ្រូពេទ្យអ៊ូម្ដងទៀត ពេលវេលារបស់អ៊ីហ្វុងកាន់តែនៅសល់តិចណាស់ទៅហើយ បើរវល់តែបន្លាយពេលបែបនេះទៀតគេខ្លាចថានឹងវះកាត់មិនទាន់នោះទេ។
«មិនបាន ឯងជាគ្រូពេទ្យដែលខានកាន់កាំបិតមករាប់ខែហើយយើងមិនអាចឱ្យឯងប៉ះពាល់គេម្នាក់នេះបានទេ»
«បើលោកមិនឱ្យខ្ញុំធ្វើឥឡូវនេះទេ គេនឹងស្លាប់»ប៉ស៊ីងសង្កត់សំឡេងត្រង់ពាក្យថាស្លាប់ច្បាស់ៗ។
«បើទោះបីជាគេស្លាប់យ៉ាងហោចណាស់ក៏សភាពសាកសពរបស់គេវានៅល្អដែរ»មែន គេម្នាក់ដែលកំពុងដេកលើគ្រែនេះគឺជាអ្នកប្រលងបានលេខមួយហេតុនេះសាកសបរបស់គេត្រូវតែនៅល្អស្អាត អ្វីដែលពិសេសទៀតនោះគឺឈ្មោះរបស់គាត់ដែលជាអ្នកសន្មតថាគេស្លាប់ទៀត មិនអាចនៅសុខៗមកថារស់វិញបានភ្លាមៗនោះទេ។
ប៉ស៊ីងខាំធ្មេញម្ដងទៀត គេយកទឹកលាងមេរោគមកលាងឈ្មោះរបស់លោកគ្រូពេទ្យអ៊ូ នៅលើដៃរបស់អ៊ីហ្វុងចោលហើយសរសេរឈ្មោះរបស់ខ្លួនជំនួសវិញយ៉ាងច្បាស់ៗ៖
«ឥឡូវគេជាអ្នកជំងឺរបស់យើងហើយ ឯងកុំមកពាក់ព័ន្ធទៀត បើមានរឿងអ្វីកើតឡើងនៅលើគេយើងជាអ្នកទទួលខុសត្រូវ ប៉ុណ្ណឹងឯងពេញចិត្តទេ?»
ប៉ស៊ីងនិយាយម៉ាត់ៗ ច្បាស់ៗ អ្នកនៅក្នុងវាំងនេះអ្នកណាៗក៏ស្រឡាញ់កេរ្តិ៍ឈ្មោះ មុខមាត់ ទ្រព្យសម្បត្តិដែរ ស្រឡាញ់ខ្លាំងរហូតដល់មិនគិតពីជីវិតរបស់មនុស្ស ជីវិតមនុស្សម្នាក់ៗត្រូវបានពួកមន្ត្រីមើលមកមិនខុសពីជណ្ដើរសម្រាប់ពួកគេក្នុងការដើរឡើងទៅកាន់ទីដែលពួកគេចង់ទៅឡើយ។
«ដោយសារតែក្មេងម្នាក់លោកទីប្រឹក្សាយើងត្រូវចុះមកព្យាបាលដោយខ្លួនឯងផងឬ?» សំឡេងមាំ មានអំណាចរបស់ព្រះរាជាចូវ ជីយ៉ាងបានបន្លឺចេញមកយ៉ាងមានអំណាចហាក់ដូចជាសំឡេងតោគ្រហឹម គាត់ដើរមកឈរនៅនឹងមុខប៉ស៊ីង មន្ត្រីក្មេងសំណព្វចិត្តដោយឬកពារសប្បាយៗ។
«ព្រះអង្គគេម្នាក់នេះត្រូវការសង្រ្គោះជាបន្ទាន់ក្រាបទូល ទូលបង្គំមិនអាចពន្យាពេលតទៅទៀតបានទេ»
ប៉ស៊ីងលុតជង្គង់ចុះដំណាលនឹងអ្នករាល់គ្នា ហើយក៏ទូលនូវការពិតថ្វាយស្ដេចផែនដីម្នាក់នេះឱ្យបានដឹង។
«ហេតុអ្វីលោកហ៊ានយកកាំបិតវះទ្រូងរបស់គេ?»
ព្រះរាជានិយាយដោយសំឡេងរាងស្រាលជាងមុន ទ្រង់ដៀងភ្នែកសម្លឹងមើលទៅចៅប្រុសដែលដេកសន្លប់នៅលើគ្រែបន្តិចឆ្លាស់គ្នាជាមួយទឹកមុខព្រួយបារម្ភរបស់លោកគ្រូពេទ្យប៉ស៊ីង។
«ព្រះអង្គ…»ប៉ស៊ីងងើយមុខសម្លឹងព្រះមហាក្សត្រក្នុងន័យចង់អង្វរថាបើទុកយូរជាងនេះទៀតអាការៈអ៊ីហ្វុងនឹងកាន់តែលំបាកឡើង។
«បាន! លោកអាចវះទ្រូងរបស់គេបាន តែបើមានការថ្លោះធ្លោយកើតឡើងក្បាលរបស់លោកនឹងដាច់ចេញពីស្មារហើយ» ព្រះរាជាមានព្រះបន្ទូលទៅកាន់ប៉ស៊ីងដែលកំពុងតែឈរកាន់កាំបិតក្នុងកាយវិការប្រុងប្រៀបជាស្រេច ទឹកព្រះភក្រ្តរបស់ព្រះអង្គនៅស្មើធេង ខ្សែក្នែកក៏សម្លឹងមើលទៅចៅប្រុសធ្មឹងមិនកម្រើក ពិបាកឱ្យយើងដឹងណាស់ថាតើពេលនេះទ្រង់កំពុងតែគិតអ្វី?
បានទទួលបញ្ជាបែបនេះហើយ ប៉ស៊ីងមិននៅស្ទាក់ស្ទើរឡើយ គាត់ចាប់ផ្ដើមសម្អាតមេរោគដៃនិងសម្ភារៈដែលគាត់ត្រូវប្រើប្រាស់ដោយខ្លួនឯង ដោយអាការៈញ៉ាប់ដៃញ៉ាប់ជើងក្រោមការសម្លឹងមើលរបស់ខ្សែភ្នែករាប់សិបគូរ ក្នុងនោះក៏មានព្រះរាជចូវ ជីយ៉ាងម្នាក់ដែរ។
លោកគ្រូពេទ្យកំលោះដកដង្ហើមធំនិងបិទភ្នែកបន្តិចដើម្បីរម្ងាប់អារម្មណ៍ ភ្លាមនោះស្រាប់តែនៅសុខៗលោកគ្រូពេទ្យអ៊ូក៏ស្រែកឡើងម្ដងទៀត៖
«ព្រះអង្គ ការវះកាត់របៀបនេះមិនដែលមានគ្រូពេទ្យណាហ៊ានធ្វើពីមុនមកទេ…»គាត់បញ្ឈប់បន្តិច ហើយក៏សម្លឹងទៅកាន់ប៉ស៊ីងដែលកំពុងតែធ្វើមុខម៉ូវដាក់គាត់រួចទើបបន្ត៖
«តែបើគ្រូពេទ្យលីហ៊ានប្រថុយធ្វើវាទៅហើយនោះ ទួលបង្គំគិតថាគេក៏មិនអាចធ្វើម្នាក់ឯងកើតដែរ»និយាយចប់គាត់ក៏ឱនមុខចុះញញឹមយ៉ាងមានល្បិចពិសពុល។
«សម្ដីរបស់គ្រូពេទ្យអ៊ូ តើលោកចង់មានន័យថាម៉េច?»ព្រះរាជាសួរទាំងធ្វើមុខដូចឆ្ងល់បន្តិច អាកប្បកិរិយារបស់គាត់គឺអង្គុយយ៉ាងរំភើយ ហាក់បីដូចជាកំពុងតែទស្សនាការប្រគុំតន្រ្តីផ្ទុយស្រឡៈពីប៉ស៊ីងដែលកំពុងតែមានទឹកមុខមាំ ក្រម៉ូវ បញ្ជាក់ការមិនសប្បាយចិត្តមកយ៉ាងច្បាស់ អ្នកដែលជាសាច់ញាតិតែម្នាក់របស់អ៊ីហ្វុងនៅក្នុងភូមិភាគខាងកើតនេះហាក់បីដូចជាមិនសូវរវីរវល់ជាមួយសាច់ញាតិដូចជាអ្នកដទៃម្នាក់ទៀតទាល់តែសោះ?
«គឺមានន័យថា ខ្ញុំព្រមស្ម័គ្រចិត្តធ្វើជាជំនួយការរបស់គ្រូពេទ្យលីក្នុងដំណើរការវះកាត់មួយនេះ»
សម្ដីរបស់គ្រូពេទ្យអ៊ូនេះប្រសិនបើស្ដាប់មួយភ្លែតទៅហាក់ដូចជាគាត់ជាគ្រូពេទ្យល្អ ចេះជួយយកអាសារអ្នកដទៃអ៊ីចឹង តែបើយើងវិភាគឱ្យស៊ីជម្រៅទៅនោះគំនិតរបស់គាត់គឺមិនមែនត្រឹមតែចង់ជួយប៉ស៊ីងក្នុងការវះកាត់នេះឡើយ ប៉ុន្តែដោយសារតែគាត់ដឹងថាគ្រូពេទ្យវ័យក្មេងម្នាក់នេះមានសមត្ថភាពប៉ុនណា ហើយណាមួយគេក៏មិនដែលថ្លោះធ្លោយសោះ ហេតុនេះគាត់ក៏ចង់ដឹងដូចគ្នាថាបើសិនជាវាចួបរឿងថ្លោះធ្លោយម្ដង តើអាក្មេងដែលទើបនឹងកើតម្សិលម្ង៉ៃនេះវានឹងធ្វើមុខយ៉ាងម៉េច?
«គ្រូពេទ្យលី លោកយល់យ៉ាងណាដែរ?»ព្រះរាជានៅតែបន្តចចារទាំងសំឡេងសប្បាយរីករាយដដែលមិនផ្លាស់ប្ដូរ។ ប៉ស៊ីងមិនបានគិតច្រើន គាត់ងក់ក្បាលបង្ហាញថាយល់ព្រមដោយមិនរុញរាព្រោះអាការៈរបស់អ៊ីហ្វុងពេលនេះកាន់តែដុនដាបខ្លាំងណាស់ទៅហើយ មិនអាចពន្យាពេលតទៅទៀតបានទេ។
លោកគ្រូពេទ្យលី ប៉ស៊ីង កំពុងតែយកចុងកាំបិតដ៏សែនមុតស្រួចទៅវះនៅត្រង់ទ្រូងខាងឆ្វេងដែលឡើងហើមរបស់អ៊ីហ្វុងដោយការផ្ចិតផ្ចង់ជាទីបំផុត មិនមែនគាត់ខ្លាចដាច់ក្បាលចេញពីលើស្មារព្រោះតែការថ្លោះធ្លោយនោះទេ ប៉ុន្តែគាត់ខ្លាចថាអ្នកដែលកំពុងតែសន្លប់ស្ដូកស្ដឹងនេះលែងមានដង្ហើមទៅវិញ។ ប៉ស៊ីងដឹងច្បាស់ណាស់ថាជីវិតកើតមកហើយគង់តែមានស្លាប់ទៅវិញជារឿងដែលមិនអាចរត់គេចផុត ប៉ុន្តែគាត់មិនខ្លាចសេចក្ដីស្លាប់នោះទេ គាត់រឹតតែពេញចិត្តស្លាប់ថែមទៀតប្រសិនបើអាចស្លាប់នៅក្នុងថ្ងៃតែមួយជាមួយមនុស្សម្នាក់នេះ។
២ម៉ោងក្រោយមក…
ការវះកាត់កន្លងទៅអស់រយះពេល២ម៉ោងជាងទៅហើយ ញើសគ្រាប់តូចៗក៏ផុសពេញពីចិញ្ចើមរបស់លោកគ្រូពេទ្យសង្ហាដែលកំពុងតែញ៉ាប់ដៃញ៉ាប់ជើងតម្រង់ឆ្អឹងជំនីនិងចងសរសៃរឈាមរបស់អ្នកជំងឺ ការវះកាត់មួយនេះគឺប្រថុយប្រថានខ្លាំងមែនទែន ដ្បិតអីវាធ្វើឡើងក្នុងពេលដ៏សែនប្រថុចញ៉ុច ហើយអ្វីដែលសំខាន់ត្រូវមកវះឱ្យស្ដេចផែនដីមើលទៀត សូម្បីតែពេទ្យមានជំនាញរាប់ឆ្នាំដូចជាគ្រូពេទ្យអ៊ូក៏ក្លាយទៅជាញ័រដៃជើងតតាត់ធ្វើអីមិនកើតបានត្រឹមកាន់កន្សែងស្អាតជូតញើសឱ្យប៉ស៊ីងតែប៉ុណ្ណោះ។
«លោកគ្រូពេទ្យអ៊ូ ចាប់ផ្ដើមភ្ជាប់សរសៃឈាមនេះទៅ» ប៉ស៊ីងហៅជំនួយការដែលឈរអត់បានការមួយថ្ងៃហើយឱ្យមកជួយកិច្ចការរបស់ខ្លួន ហើយទីបំផុតឱកាសដែលលោកគ្រូពេទ្យអ៊ូទន្ទឹងរងចាំរាប់ឆ្នាំក៏បានមកដល់។ គាត់ត្រូវបានប៉ស៊ីងប្រើឱ្យជួយភ្ជាប់សរសៃឈាមតែគ្រូពេទ្យម្នាក់នេះបែរជាធ្វើពើជាមិនចេះហើយក៏ប៉ះត្រូវសរសៃផ្សេងៗដែលត្រូវបានភ្ជាប់ហើយនោះឱ្យដាច់ខ្ទេចខ្ទី បណ្ដាលឱ្យឈាមដែលកំពុងតែរត់បាញ់ចេញមកក្រៅភ្លាមៗប្រឡាក់ពេញខោអាវរបស់គាត់និងលោកគ្រូពេទ្យប៉ស៊ីងដែលកំពុងតែឈរនៅម្ខាងទៀត។ប៉ស៊ីងដកដង្ហើមធំប្រញាប់រត់មកច្រានអ្នកដែលកំពុងឈរធ្វើពុតជាស្លន់ស្លោឱ្យទៅឈរនៅម្ខាងទាំងមួម៉ៅ គេប្រញាប់ចាប់ចងសរសៃឈាមម្ដងទៀតតែក៏ធ្វើមិនកើតព្រោះតែកម្លាំងឈាមដែលបុកចេញមកតាមសរសៃនីមួយៗ។
«មិនបានទេ បើបែបនេះទៀតអ្នកជំងឺនេះនឹងខ្សោះឈាមស្លាប់» លោកគ្រូពេទ្យអ៊ូមានចេតនានិយាយឮៗ ក្នុងបំណងឱ្យឮទៅដល់ព្រះរាជាដែលកំពុងតែគង់នៅជិតនោះ។
ប៉ស៊ីងសង្កេតមើលទៅតាមសម្ដីរបស់លោកគ្រូពេទ្យអ៊ូ ក៏ឃើញថាវាដូចទៅនឹងអ្វីដែលគាត់បាននិយាយពិតមែន។មុខមាត់របស់អ្នកជំងឺពេលនេះប្រែក្លាយជាស្លេកថែមមួយកម្រិតទៅទៀត មុខរបស់គេដែលសន្លប់ស្ដូកស្ដឹងនោះពេលនេះក៏ឡើងសសឹងតែដូចក្រដាសទៅហើយ ឃើញបែបនេះប៉ស៊ីងក៏យកកូនទុយោតូចមួយមានប្រវែងប្រហែលកន្លះម៉ែត្រដែលធ្វើឡើងសម្រាប់បូមថ្នាំផ្ទេរពីដបធំចូលទៅក្នុងដបតូចសម្រាប់ប្រើប្រាស់យកមកកាន់នៅនឹងដៃ បន្ទាប់មកគាត់ក៏យកកាំបិតមុតស្រួចដែលវះលើខ្លួនអ៊ីហ្វុងមុននេះមកចុចនៅលើកំភួនដៃដែលមានសុទ្ធតែសរសៃរវែនធំៗរបស់ខ្លួន លោកគ្រូពេទ្យកំលោះប្រញាប់យកចុងទុយោតូចនោះដោតចូលទៅក្នុងសរសៃរវែនរបស់ខ្លួនហើយនៅពេលដែលឃើញមានឈាមហូរតាមទុយោនោះហើយគាត់ក៏យកចុងម្ខាងទៀតរបស់វាទៅភ្ជាប់ជាមួយនឹងកូនម្ជុលរួចដោតចូលទៅក្នុងសរសៃរដៃរបស់អ៊ីហ្វុង ការធ្វើបែបនេះលោកគ្រូពេទ្យសង្ឃឹមថាវាអាចនឹងជួយបញ្ជូលឈាមឱ្យទៅអ្នកដែលកំពុងតែខ្វះឈាមបាន យ៉ាងហោចណាស់ក៏វាអាចពន្យាពេលឱ្យគាត់តភ្ជាប់សរសៃរឈាមទាំងអស់នោះរួចដេរភ្ជាប់មុខរបួសទាន់ពេលដែរ តែអ្វីដែលធ្វើឱ្យប៉ស៊ីងកាន់តែរំជួលចិត្តទៀតនោះគឺនៅពេលដេលគាត់កំពុងតែតភ្ជាប់សរសៃឈាមនោះស្រាប់តែមានដាវមួយកំពុងតែភ្ជង់ករបស់គាត់ជាប់។លោកគ្រូពេទ្យងាកមើលទៅម្ចាស់ដាវក៏ឃើញថា៖
«ព្រះអង្គ»ប៉ស៊ីងហៅអ្នកដែលកំពុងតែយកដាវភ្ជង់កតិចៗ ព្រោះគេមិនយល់ថាតើការភ្ជក់កញ្ចឹងកនេះមានន័យយ៉ាងម៉េចទេ?
«ឈប់នូវអ្វីដែលលោកកំពុងធ្វើនេះភ្លាម»ព្រះរាជាចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ មុខដែលមានតែអារម្មណ៍សប្បាយៗមុខនេះក៏ប្រែមកជាមាំបញ្ជាក់ថាគាត់មិនបានលែងសើចក៏ដូចជាបន្ថែមនូវទម្ងន់ដល់ពាក្យបញ្ជារបស់គាត់មួយកម្រិតទៀតផងដែរ។
«មិនបានទេ ក្រាបទូល»ប៉ស៊ីងតបដោយសំឡេងម៉ឺងម៉ាត់ដូចគ្នា ហេតុអ្វីក៏គេត្រូវបញ្ឈប់ក្នុងពេលដែលអ្នកជំងឺនៅមានដង្ហើមដកហើយនៅមានឱកាសអាចជួយសង្គ្រោះបានបែបនេះ?
ព្រះរាជាដែលមានវ័យចំណាស់រុញដាវកាន់តែកៀកនឹងបំពង់ករបស់លោកគ្រូពេទ្យ តែគេក៏មិនដកថយទើបធ្វើឱ្យផ្លែដាវទៅមុតនឹងបំពង់កសស្អាតនោះហូរឈាមមករឹមៗមួយរំពេច។
តក់ តក់ តក់
ឈាមហូរចេញពីទ្រូងរបស់អ៊ីហ្វុងរលាយចូលគ្នាជាមួយនឹងឈាមដែលហូរចេញពីកនិងដៃរបស់ប៉ស៊ីងនៅលើឥដ្ឋ បង្កើតបានទៅជារង្វង់ឈាមយ៉ាងធំមួយនៅត្រង់កន្លែងដែលព្រះរាជាជីយ៉ាងកំពុងឈរ គាត់សម្លឹងមើលទៅចៅប្រុស ចៅម្នាក់នេះមិនដែលមកលែងគាត់ មិនដែលចូលចិត្តគាត់ អ្វីដែលសំខាន់ព្រះរាជាក៏មិនមែនមានចៅតែម្នាក់នេះដែរ តែក្មេងម្នាក់នេះ មានភ្នែកឆ្លាត ប្រាជ្ញាវាងវៃ មានក្បាច់គុណខ្លាំងពូកែ ប្រយុទ្ធឈ្នះឃាតកៈស៊ីឈ្នួល២៨៩នាក់ដែលគាត់ជួលឱ្យមកក្លែងបន្លំខ្លួនធ្វើជាអ្នកចូលប្រលងក្នុងការជ្រើសរើសសេនានេះ អ្វីដែលធ្វើឱ្យព្រះរាជាម្នាក់នេះកាន់តេខ្លាចរអាទៀតនោះគឺក្មេងម្នាក់នេះជារាជបុត្រានិងជាបុត្រតែម្នាក់គត់របស់ព្រះរាជានៅនគរខាងលិច។
ទោះពេលបច្ចុប្បន្ននគរខាងលិចនិងខាងកើតចុះសម្រុងគ្នាមែនតែថ្ងៃមុខមានរឿងទៅយ៉ាងណាមានអ្នកណាគេដឹងទៅ? ក្មេងម្នាក់នេះមានសាច់ឈាមរបស់គាត់ ប៉ុន្តែមូលហេតុដែលវាអាចចាប់បដិសន្ធិឡើងមកនោះមិនមែនជាព្រឹត្តិការណ៍ដែលគ្រប់គ្នាត្រូវរម្លឹកទេ វាត្រូវកើតចេញមកក្នុងពេលដែលជីតារបស់វាបញ្ជូនឱ្យម្ដាយវាទៅសម្លាប់ឪពុករបស់វា ប្រសិនបើថ្ងៃណាមួយគេដឹងរឿងអស់នេះតើគេនឹងសងសឹកគាត់ដែរទេ? ហេតុនេះព្រះរាជាត្រូវប្រាកដចិត្តថាគាត់ត្រូវដកវាកម្ទេចចោលទាន់វានៅជាស្មៅខ្ចីនៅឡើយ។
«ឈប់ភ្លាម!» ព្រះរាជាចេញបញ្ជាម្ដងទៀតយ៉ាងដាច់ណាត់ ប៉ុន្តេប៉ស៊ីងនៅតែធ្វើមិនឮ ធ្វើការរបស់គាត់បន្តហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។
«ទួលបង្គំឈប់មិនបានទេក្រាបទូល»
«បើលោកមិនឈប់ទេយើងនឹងរឹបអូសទ្រព្យសម្បត្តិលោក ដកហូតបុណ្យសក្ដិរបស់លោកទាំងអស់ ធ្វើឱ្យលោកក្លាយទៅជាមនុស្សអនាថាគ្មានផ្ទះ គ្មានមុខមាត់ គ្មានប្រាក់ចាយ រស់នៅតាមចិញ្ចើមថ្នល់»
មុខរបស់ព្រះរាជាឡើងក្រហមព្រោះតែទោសៈនៅក្នុងទ្រូង ព្រះអង្គមានអារម្មណ៍ថាប៉ស៊ីងម្នាក់នេះកំពុងតែមើលងាយទ្រង់ខ្លាំងណាស់ដែលគេហ៊ានល្មើសនឹងបញ្ជា។
«ប្រសិនបើទូលបង្គំបញ្ឈប់នៅពេលនេះឧត្តមគតិ សតិសម្បជញ្ញៈរបស់ទូលបង្គំនឹងជេស្ដីទូលបង្គំដល់ស្លាប់មិនខាន» ទឹកមុខរបស់លោកគ្រូពេទ្យប៉ស៊ីងរក្សាបានស្មើល្អណាស់ ប៉ុន្តែបេះដូងបែរជាឈឺចាប់រកប្រាប់មិនត្រូវ កំភួនដៃ និងកញ្ចឹងកដែលត្រូវរបួសវានៅឈឺស្ទើរចាញ់បេះដូងរបស់គាត់ទេ ត្រឹមឃើញគេម្នាក់នេះពិបាកដកដង្ហើមគាត់ក៏ស្ទើរតែផុតដង្ហើមស្លាប់បាត់ទៅហើយចុះទម្រាំឱ្យបញ្ឈប់ពេលនេះទៀត?គាត់ធ្វើមិនបានទេ។
«ពេលលោកបញ្ចប់កិច្ចការរបស់លោកពេលណា ទៅចួបយើងនៅដំណាក់»ថាហើយព្រះរាជាក៏ដើរចេញទៅបាត់ទាំងកំហឹងពេញទ្រូង បន្សល់ទុកនូវលោកគ្រូពេទ្យកម្សត់និងអ្នកជំងឺម្ចាស់ចិត្តរបស់គាត់ដែលកំពុងតែដើរលើស្ពានអំបោះឆ្លងកាត់សេចក្ដីស្លាប់ជាមួយគ្នាទាំងលំបាកលំបិន។
៤ម៉ោងក្រោយមក…
នៅពេលរសៀលដែលព្រះអាទិត្យមិនសូវមានកម្លាំងខ្លាំងក្លា នៅក្នុងគ្រែមួយដែលស្ថិតនៅក្នុងបន្ទប់មួយនៃបន្ទប់ច្រើនទៀតរបស់ដំណាក់ព្យាបាលអ្នកជំងឺផ្នែកទីមួយនេះ រស្មីពណ៌មាសនៃព្រះអាទិត្យដែលរៀបនឹងអស្ដង្គតកំពុងតែចាំងចូលមកត្រូវនឹងផ្ទៃមុខសង្ហាតែស្លេកស្លាំងរបស់បុរសម្នាក់ដែលកំពុងតែដេកសន្លប់ទាំងទឹកមុខស្លេកប៉ែសនៅលើគ្រែនោះ បើយើងសម្លឹងមើលទៅគៀនគ្រែយើងនឹងឃើញបុរសសង្ហាម្នាក់ទៀតដែលមានមុខមាត់ស្លាកស្លាំងដូចគ្នា គេកំពុងតែយកក្រណាត់សើមទៅជ្រលក់ទឹកហើយជូតសម្អាតខ្លួនប្រាណឱ្យអ្នកដែលកំពុងតែគេង កាយវិការរបស់គេទន់ភ្លន់ មួយៗ តាំងការចាប់លើកដៃ ជូតជើង គ្រប់កាយវិការរបស់ដែលបានប៉ះពាល់នៅលើខ្លួនបុរសម្នាក់នេះពេលណាបញ្ជាក់បានថាគេពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ គេថ្នាក់ថ្នមអ្នកដែលកំពុងដេកសន្លប់នោះហាក់បីដូចជាមេមាន់ដែលស្រឡាញ់ថ្នាក់ថ្នមកូនអ៊ីចឹង។
ប៉ស៊ីងសម្លឹងមើលមុខដែលត្រូវជូតស្អាតដោយស្នាដៃរបស់គាត់ រួចក៏ញញឹមខ្សោះបន្តិចហាក់បីដូចជាអស់កម្លាំង គាត់យកដៃទៅស្ទាបចីពចររបស់អ្នកដែលកំពុងដេកយ៉ាងយកចិត្តទុកដាក់ បន្ទាប់មកក៏ញញឹមធូរទ្រូងហើយយកដៃទៅទាញភួយមកដណ្ដប់ឱ្យដល់ត្រឹមទ្រូងរបស់អ្នកដែលមានចីពចរលោតមកធម្មតាវិញហើយ ទៅបំផុតអ៊ីហ្វុងក៏បានរួចផុតគ្រោះថ្នាក់ ការវះកាត់ក៏ប្រព្រឹត្តិទៅបានយ់ាងជោគជ័យ នៅពេលនេះអ្វីដែលត្រូវរងចាំគឺមានតែមួយប៉ុណ្ណោះគឺរងចាំឱ្យមនុស្សម្នាក់នេះដឹងខ្លួនឡើងវិញ។ ប៉ស៊ីងយកដៃស្រឡូនៗស្អាតរបស់ខ្លួនទៅវាសកូនសក់តូចរបស់អ៊ីហ្វុងឱ្យទៅនៅក្រោយទងត្រចៀកស្អាតនោះ គាត់ឱនទៅខ្សឹបដាក់ត្រចៀកតូចៗនោះតិចៗថា៖
«ឆាប់ដឹងខ្លួនណា!» បន្ទាប់មកលោកគ្រូពេទ្យក៏ឱនទៅថើបថ្ងាសរលោងស្អាតនោះមួយខ្សឺតយ៉ាងវែង ហាក់បីដូចជាចង់បញ្ជូនថាមពលរបស់ខ្លួនចូលទៅក្នុងខ្លួនរបស់អ៊ីហ្វុងដូច្នេះឯង។ឱលោកគ្រូពេទ្យកម្សត់អើយ! មើលសភាពរបស់លោកគ្រូពេទ្យពេលនេះចុះ មុខមាត់ស្លេកស្លាំង ខោអាវប្រឡាក់សុទ្ធតែឈាម ស្នាមរបួសត្រង់កំភួនដៃ ស្នាមរបួសត្រង់កញ្ចឹងកដេលមិនទាន់បានលាង មិនទាន់បានមើលថែ បញ្ជាក់ថាលោកគ្រូពិតជាហត់ខ្លាំងណាស់ហើយ ប៉ុន្តែហត់កាយប៉ុនណាក៏បានដែរឱ្យតែសប្បាយចិត្ត ប្រសិនបើហត់ដើម្បីតែប្រុសម្នាក់ដែលកំពុងដេកនៅលើគ្រែនេះទោះហត់ដល់ស្លាប់ទៀតក៏លោកគ្រូពេទ្យមិនត្អួញត្អែមួយអឹសឡើយ គាត់ព្រមហត់ដល់ស្លាប់ក៏បានឱ្យតែអ្នកដែលកំពុងដេកសន្លប់នៅលើគ្រែអាចក្រោកមកស្ដីងោយគាត់ម្ដងទៀត អាចក្រោកមកញញឹមដាក់គាត់ម្ដងទៀត ប៉ុណ្ណឹងគាត់ក៏អស់ចិត្ត។
អីហ្វុងមានអារម្មណ៍ថាខ្លួនរបស់គេទាំងមូលស្ពឹក ហើយក៏ស្រាលស្ងើកគ្មានកម្លាំងកំហែងទាល់តែសោះ ព្រះរាជបុត្រាប្រឹងបើកភ្នែកសម្លឹងមើលជុំវិញខ្លួន ប៉ុន្តែមិនថាទ្រង់ប្រឹងសម្លឹងមើលយ៉ាងណាក៏នៅតែមើលមិនដឹង មើលមិនយល់ថាខ្លួនឯងស្ថិតនៅទីណាទាល់តែសោះ ព្រោះបរិយាកាសនៅជុំវិញខ្លួនរបស់ទ្រង់គឺងងឹតខ្លាំងមែនទែន មិនត្រឹមតែងងឹតមើលមិនធ្លុះថាអ្វីជាអ្វីនោះទេ នៅទីនេះគឹមានសុទ្ធតែអព្វ័ផ្សែងក្រាស់ៗខ្មឹក។ អ៊ីហ្វុងសែនចម្លែកចិត្ត គេងើបអង្គុយនៅលើគ្រែឈើកញ្ចាស់ សម្លឹងមើលជុំវិញខ្លួនបន្តិចមុននឹងសម្រេចចិត្តដាក់ជើងចុះទៅខាងក្រោម ប៉ុន្តែក៏ត្រូវជ្រួញចិញ្ចើមនៅពេលដែលគេដាក់ជើងទៅហើយតែមិនមានអារម្មណ៍ដល់បាតជើងដែលប៉ះត្រូវដីទាល់តែសោះ វាហាក់ដូចជាគេនៅទីខ្ពស់សែនខ្ពស់ ប៉ុន្តែក៏ទាបសែនទាប គេមិនអាចដឹងពីជម្រៅដែលនៅខាងក្រោមជើងបាន ប៉ុន្តែក៏មានអារម្មណ៍ថាខ្លួនឯងមិនបានស្ថិតនៅពីលើអ្នកណាដែរ វាហាក់បីដូចជាមានសំឡេងមនុស្សកំពុងជជែកគ្នាខ្លាំងៗឮចេញមកពីខាងលើ ប៉ុន្តែក៏មានសំឡេងយំល្វើយៗមកពីខាងក្រោមដូចគ្នា។
រោមដៃរោមជើងរបស់ព្រះរាជបុត្រាក៏បះឱ្យក្រញ៉ាង ទ្រង់មានអារម្មណ៍ថាពេលនេះសក់ក្បាលរបស់ទ្រង់គឺបះឡើងទៅខាងលើអស់ទៅហើយ ប៉ុន្តែតាមការពិតទៅនេះគ្រាន់តែជាអារម្មណ៍ព្រឺក្បាលតែប៉ុណ្នោះ។ អ៊ីហ្វុងអង្គុយឱបជង្គង់នៅលើគ្រេនោះមួយសន្ទុះ លុះយូៗទៅសំឡេងមនុស្សជជែកគ្នាក៏ឮកាន់តែតិចទៅៗ ហើយសំឡេងយំស្រែកប្រកបដោយភាពឈឺចាប់នោះក៏កាន់តែឮច្បាស់ឡើងៗ រហូតដល់យូៗគេមានអារម្មណ៍ថាសំឡេងយំស្រែកទាំងនោះបែរជាបន្លឺឡើងនៅខាងក្រោយខ្នងរបស់គេទៅវិញ អ៊ីហ្វុងយកដៃទៅបិទត្រចៀកព្រោះតែគេមិនអាចទ្រាំទ្រនឹងសំឡេងទាំងអស់នោះទៀតបានឡើយហើយទីបំផុតសំឡេងនោះក៏កាន់តែមកកៀកនឹងខ្នងរបស់គេខ្លាំងមែនទែនកៀកខ្លាំងរហូតដល់អ៊ីហ្វុងមិនអាចនឹងទ្រាំបន្តទៀតបាន ព្រះរាជបុត្រាសម្រេចចិត្តដាក់ជើងទាំងពីរទៅក្រោមហើយក៏លោតចុះទៅ។
«ហ្អា!»ព្រោះតែភាពភ័យខ្លាចដែលបានមកពីការយល់សប្ដិទើបធ្វើឱ្យអ្នកដែលទើបនឹងវះកាត់ហើយអាចងើបអង្គុយបានទាំងគំហុក។
«អាហ្វុង!»ប៉ស៊ីងដែលអង្គុយនៅចុងគ្រែស្ទុះមកស្រវាឱបអ្នកដែលទើបងើបពីសន្លប់ជាប់នឹងដើមទ្រូងភ្លាមៗ ឯអ៊ីហ្វុងក៏ស្រវាឱបលោកគ្រូរបស់គេណែនដៃដូចគ្នា មុខតូចៗស្អាតរបស់គេជ្រប់ជាប់នឹងដើមទ្រូងទូលាយកក់ក្ដៅនោះ ទឹកភ្នែកនៃភាពភ័យខ្លាចក៏ហូរមកតក់ៗរហូតដល់សើមអាវរបស់ប៉ស៊ីងជោកអស់
«លោកគ្រូ…»អ៊ីហ្វុងហៅអ្នកដែលខ្លួនកំពុងឱបណែនដៃតិចៗ ពេលនឹកឃើញដល់ការយល់សប្ដិមុននេះទឹកភ្នែកក៏ស្រក់ចុះមកច្រោកៗដោយហាមមិនបាន គេមិនចូលចិត្តអារម្មណ៍បែបនោះ អារម្មណ៍ដែលមានតែខ្លួនឯងម្នាក់ឯងនៅក្នុងទីងងឹត ហើយនៅមានសំឡេងយំស្រែកដោយភាពឈឺចាប់និងសំឡេងជជែកគ្នាខ្លាំងៗនោះទៀត គ្រាន់តែនឹកឃើញដល់រឿងអស់នេះភ្លាមបេះដូងរបស់គេវាក៏កន្រ្តាក់សឹងតែដាច់ពីទង។ ប៉ស៊ីងឱបអ៊ីហ្វុងដោយបេះដូងពេញព្រៀបដោយក្ដីស្រឡាញ់ ម្រាមដៃស្រឡូនស្អាតៗអង្អែលខ្នងតូចរបស់អ្នកដែលកំពុងតែយំឱបខ្លួនថ្នមៗដោយការលួងលោម។
«បាទ»លោកគ្រូពេទ្យឆ្លើយដោយសំឡេងពីរោះក្រអួនក្រអៅ បើសិនជាស្រីៗបានស្ដាប់សម្ដីនេះហើយពួកគេប្រាកដជាលុតជង្គង់សុំលោកគ្រូពេទ្យប៉ស៊ីងរៀបការមិនខាន។
«លោកគ្រូ! ពេលនេះយើងនៅឯណា?»អ៊ីហ្វុងសួរម្ដងទៀតទាំងឱបលោកគ្រូរបស់គេជាប់នៅក្នុងរង្វង់ដៃ ទិដ្ឋភាពចុងក្រោយដេលគេចាំបានគឺការឈឺចាប់នៅត្រង់ពោះនៅអំឡុងពេលដែលធ្លាក់ពីលើសេះក្នុងការប្រកួត ផុតពីនោះទៅអ៊ីហ្វុងមិនដឹងអ្វីទៀតទេ។
«នៅមន្ទីពេទ្យ» សំឡេងរបស់ប៉ស៊ីងនៅតែមួយៗ ច្បាស់ៗត្រជាក់ស្រេងដូចមុនមិនប្រែប្រួល ប៉ុន្តែកាយវិការរបស់គាត់គឺថ្នាក់ថ្នមនិងស្រឡាញ់អ៊ីហ្វុងខ្លាំងណាស់។
«លោកគ្រូ!»អ៊ីហ្វុងដកដៃចេញ ព្រមទាំងងើយមុខសម្លឹងមើលមុខសង្ហាៗដែលនៅជិតនឹងមុខរបស់ខ្លួនបង្កើយភ្លៀកៗដើម្បីឱ្យប្រាកដចិត្តថាគេមិនបានវិលវល់នៅក្នុងយល់សប្ដិនោះទេ។
«បាទ»ប៉ស៊ីងញញឹមតិចៗ សម្លឹងមើលមុខរបស់អ៊ីហ្វុងដូចគ្នា ស្នាមញញឹមរបស់គាត់ហាក់បីដូចជាមនុស្សគ្មានអារម្មណ៍អ្វីទាល់តែសោះ កែវភ្នែកសង្ហាមួយគូរនោះបើមើលមួយភ្លែតវាហាក់ដូចជាកំពុងតែសម្លឹងមើលមកគេ ប៉ុន្តែតាមការពិតទៅគឺមិនមែនទេ កែវភ្នែកមួយគូរនោះបែរជាសម្លឹងទៅទីឆ្ងាយសែនឆ្ងាយមិនដឹងទិសមិនដឹងតំបន់ហាក់បីដូចជាកែវភ្នែករបស់មនុស្សគ្មានវិញ្ញាណ អ៊ីហ្វុងជ្រួញចិញ្ចើមសម្លឹងមើលទៅស្នាមញញឹមគ្មានអារម្មណ៍នោះ ទោះបីជាអង្គុយជិតគ្នាប៉ុន្តែគេមានអារម្មណ៍ថាគេគឺកំពុងតែនៅម្នាក់ឯង គេគ្មានអារម្មណ៍ដល់ភាពកក់ក្ដៅដែលខ្លួនធ្លាប់ទទួលបានពេលនៅជិតលោកគ្រូរបស់គេឡើយ ហើយនៅសុខៗជញ្ជាំងបន្ទប់ឈើដែលនៅជុំវិញខ្លួនគេមុននេះក៏ប្រែជាងងឹតបន្តិចម្ដងៗរហូតដល់យូៗទៅក៏ងងឹតស្លុប អព្វ័ខ្មៅៗក៏ស្រាប់តែអណ្ដែតមកដូចមុនទៀត មិនយូប៉ុន្មានកន្លែងនេះក៏ស្រាប់តែក្លាយទៅជាដូចមុនវិញ ព្រះរាជបុត្រាបែរមករកលោកគ្រូដែលអង្គុយជិតគេមុននេះ តែក៏មិនឃើញគាត់ទាល់តែសោះ គេប្រឹងស្រែកហៅទាំងរកកលចង់យំទៀតហើយ៖
«លោកគ្រូ!» ស្ងាត់ គ្មានសំឡេងតប អ៊ីហ្វុងខំប្រឹងសម្លឹងរកមើលគ្រូរបស់គេជុំវិញខ្លួនតែក៏រកមិនឃើញ គេស្រែកហៅខ្លាំងៗម្ដងទៀត។
«លោកគ្រួ! លោកគ្រូនៅឯណា?»អ៊ីហ្វុងស្រែកហៅមួយអស់ក តែក៏នៅតែគ្មានសំឡេងតបមកវិញ កំពុងតែប្រឹងរកមើលគ្រូរបស់គេ ស្រាប់តែអារម្មណ៍នោះវាត្រលប់មកវិញម្ដងទៀត សំឡេងមនុស្សជជេកគ្នាខ្លាំងៗដោយភាសាដែលគេស្ដាប់មិនយល់បន្លឺឡើងមកពីខាងលើ ហើយសំឡេងយំស្រែកអណ្ដឺតអណ្ដកក៏ឮល្ហៀងៗមកពីខាងក្រោម អ៊ីហ្វុងចាប់ផ្ដើមព្រឺសម្បុរឆ្អឹងខ្នង គេយកដៃទៅក្ដោបត្រចៀកទាំងសងខាង បិទភ្នែកជិតដោយសភាពភ័យខ្លាច នៅក្នុងពេលនេះមនុស្សដំបូងដែលលេចឡើងនៅក្នុងការគិតរបស់គេគឹ…
«លោកគ្រូ! លោកគ្រូនៅឯណា?…ខ្ញុំខ្លាចណាស់…លោកគ្រូ…លោកគ្រូកុំទុកខ្ញុំចោលនៅទីនេះម្នាក់ឯងអី…លោកគ្រូ…ខ្ញុំ…» ស្រែកដល់ត្រឹមនេះអ៊ីហ្វុងក៏ស្រាប់តែមានអារម្មណ៍ថាចុកទ្រូងខាងឆ្វេងយ៉ាងចម្លែក ដង្ហើមរបស់គេក៏ពិបាកដក គេស្រាប់តែប្រកាច់ដួលទៅលើគ្រែភ្លាមៗមួយរំពេច មានអារម្មណ៍រសេសរសោះដៃជើង ហើយយូៗទៅវាក៏ស្ពឹកកម្រើកមិនបាន គេគ្មានកម្លាំងយកដៃមកបិទត្រចៀកបានដូចមុនទេ ហេតុនេះសំឡេងអស់នោះក៏ស្រាប់តែហោះចូលមកក្នុងត្រចៀករបស់គេពេញៗ។
«លោកគ្រូ!…លោកគ្រូជួយខ្ញុំផង…ខ្ញុំខ្លាចណាស់លោកគ្រូ» អ៊ីហ្វុងពេលនេះគ្មានកម្លាំងសូម្បីស្រែកតទៅទៀត គេបានត្រឹមតែនិយាយខ្សឹបៗម្នាក់ឯង ទឹកភ្នែកក៏ស្រក់ចុះមកមិនដាច់។
«លោកគ្រូ!» សំឡេងអ្នកដែលកំពុងដេកសន្លប់នៅលើគ្រែបន្លឺតិចៗស្ទើរតែស្ដាប់មិនបាន តែមនុស្សត្រចៀកវៃដូចជាលោកគ្រូពេទ្យស៊ីងបែរជាឮច្បាស់ដូចថ្ងៃ គាត់ប្រញាប់ក្រោកមកឈរជិតអ៊ីហ្វុងដែលដេកសន្លប់បីយប់បីថ្ងៃមិនទាន់ដឹងខ្លួន លោកគ្រូពេទ្យសម្លឹងមុខអ្នកជំងឺសំណព្វដោយបេះដូងអាណិតខ្លោចចិត្ត។
«លោកគ្រូ…លោកគ្រូនៅឯណា?» សំឡេងអ៊ីហ្វុងឮខ្សោះៗ តែវាក៏ល្មមឱ្យប៉ស៊ីងស្ដាប់យល់ គាត់ប្រញាប់យកដៃទៅក្រសោបដៃគ្រើមៗនោះ ហើយច្របាច់វាថ្នមៗរួចក៏ឱនខ្សឹបដាក់ត្រចៀកតូចស្អាត៖
«បងនៅជិតនេះឯង…អ៊ីហ្វុង…រឹងមាំឡើងណា…បងនៅចាំអូនត្រលប់មកវិញ»
ប៉ស៊ីងនិយាយទាំងអួលដើមកដាក់ត្រចៀកស្អាតនោះ គាត់យកដៃមកផ្ដិតទឹកភ្នែកដែលហៀបនឹងស្រក់ចុះមកចេញ បេះដូងរបស់គាត់វាស្ទើរតែរលេះរលួយទៅហើយនៅពេលឃើញមនុស្សដែលខ្លួនស្រឡាញ់ឈឺធ្ងន់ដល់ថ្នាក់នេះ។
លោកគ្រូពេទ្យប៉ស៊ីងបោះចោលការងារ បោះចោលទ្រព្យសម្បត្តិ បោះបង់ចោលអ្វីគ្រប់យ៉ាង គាត់ត្រូវបានព្រះអង្គគម្រាមហាមមិនឱ្យចូលវាំងតទៅទៀត ព្រោះតែល្មើសនឹងបញ្ជា តែប៉ស៊ីងក៏ទទូចសុំនៅមើលថែអ៊ីហ្វុងរហូតដល់គេដឹងខ្លួនសិន ទោះបីជាសំណើរនេះវាស្ដួចស្ដើងប៉ុនណាក៏ព្រះរាជាចូវ ជីយ៉ាងនៅតែមិនព្រម គាត់និយាយយ៉ាងច្បាស់ៗថាប្រសិនបើប៉ស៊ីងមិនចាកចេញភ្លាមៗទេនោះ នៅពេលណាមួយដែលលោកមន្ត្រីនេះហ៊ានឈានជើងចេញនិងត្រូវចាប់យកទៅកាត់ក្បាលភ្លាម។
លក្ខខណ្ឌរបស់ព្រះរាជា និងសំណើររបស់ប៉ស៊ីងនេះគឺវាខុសគ្នាហាក់ដូចមេឃហើយនឹងដី តែប៉ស៊ីងក៏នៅតែមិនចាកចេញ គាត់សុខចិត្តស្លាប់ប្រសិនបើការស្លាប់របស់គាត់វាអាចបន្តនូវជីវិតរបស់អ៊ីហ្វុងបាន។ លោកគ្រូពេទ្យសម្លឹងមើលមុខស្អាតដែលពេលនេះស្លេកស្លាំងដូចមនុស្សគ្មានឈាម ប៉ស៊ីងដាក់បង្គុយចុះវិញទាំងដៃនៅតែក្ដោបដៃរបស់អ៊ីហ្វុងមិនលែង។
«លោកគ្រូ…»សំឡេងល្វើយរបស់អ្នកជំងឺដែលកំពុងតែរវើរវាយនៅលើគ្រែបណ្ដាលឱ្យលោកគ្រូពេទ្យដែលមានទឹកមុខពិបាកចិត្តស្រាប់ហើយនោះកាន់តែយ៉ាប់ថែមទៀត ព្រោះអីអាការៈរវើរវាយបែបនេះមិនមែនជាប្រផ្ដូលល្អឡើយ។
«លោកគ្រូ» អ៊ីហ្វុងនៅតែរវើរវាយហៅរកប៉ស៊ីង បេះដូងមួយដួងដែលនៅក្នុងទ្រូងរបស់លោកគ្រូពេទ្យកំលោះពេលនេះស្ទើរតែផ្ទុះបែកទៅហើយ រាល់ពេលដែលគេហៅគាត់ប៉ុន្តែគាត់មិនអាចទៅជួយគេបាន។
ប៉ស៊ីងឡើងទៅគេងនៅជិតអ៊ីហ្វុង យកក្បាលរបស់គេមកដាក់ឱ្យកើយលើទ្រូងរបស់គាត់ រួចស្រវារឱបអ៊ីហ្វុងថ្នមៗដូចដែលគាត់តែធ្វើកាលពីមុន លោកគ្រូពេទ្យឱនទៅថើបក្បាលអ្នកដែលកំពុងតែមមើយំនៅក្នុងទ្រូងរបស់គាត់តិចៗ។
«លោកគ្រូ…ជួយ…» សំឡេងអ៊ីហ្វុងកាន់តែខ្សាវទៅៗ ធ្វើឱ្យប៉ស៊ីងកាន់តែភ័យទៅៗដូចគ្នា គាត់បន្តឹងរង្វង់ដៃ ហើយក៏និយាយខ្សឹបៗ៖
«បងនៅទីនេះហើយ…នៅជិតអូន…អូនកុំខ្លាចណា…» និយាយបានត្រឹមនេះប៉ស៊ីងក៏អួលដើមក ទឹកភ្នែកច្រាលចេញមកពេញប្រឡង់ភ្នែក តាំងពីធំពេញវ័យមកគាត់មិនដែលយំទេ តែលើកនេះលោកពេទ្យរឹងមាំមិនអាចហាមទឹកភ្នែកខ្លួនឯងបានមែន ចង្វាក់បេះដូងរបស់អ៊ីហ្វុងលោតកាន់តែយឺតទៅៗខ្សោយទៅៗស្របពេលជាមួយគ្នាដែលប៉ស៊ីងកំពុងតែឱបខ្លួនប្រាណនោះកាន់តែណែនទៅៗ លោកគ្រូពេទ្យហាក់បីដូចជាចង់ឱបយកដួងវិញ្ញាណរបស់អ៊ីហ្វុងដែលប្រុងនឹងហោះចាកចេញពីរាងកាយទុកដូច្នេះឯង។
«អ៊ីហ្វុង!…អ្ហឹក…តស៊ូឡើង…អូន…កុំទៅណា» ប៉ស៊ីងឱបរាងកាយរបស់អ៊ីហ្វុងជាប់នឹងដើមទ្រូង ទឹកភ្នែករបស់គាត់ក៏ហូរស្រក់ចុះមកតក់ៗ នៅពេលបានដឹងថាអ្នកដែលខ្លួនកំពុងឱបកាន់តែសល់ពេលតិចទៅៗហើយ តើគាត់បានធ្វើខុសអី? ទើបបានជាទេវតាដាច់ធម៌មេត្តាចង់បំបែកបំបាក់គាត់បែបនេះ បើថានៅថ្ងៃអនាគតមិនឱ្យបានរស់នៅជាមួយគ្នាហើយ សុំត្រឹមឱ្យម្នាក់ទៀតមានជីវិតរស់រានផងមិនបានឬ?
«លោកគ្រូ…» អ៊ីហ្វុងមមើកាន់តែញឹកទៅ ឯបេះដូងរបស់គេក៏ចាប់ផ្ដើមលោតរង្វើលៗគ្នា ដង្ហើមយូរៗក៏ដកម្ដង ធ្វើឱ្យប៉ស៊ីងកាន់តែមិនអាចគ្រប់គ្រងខ្លួនឯងបានគាត់យំឡើងភ្នែកក្រហមដូចជាមនុស្សឆ្កួត។
«លោកគ្រូ…ខ្ញុំខ្លាច»
«អូនកុំខ្លាចអី…អាហ្វុង…អ្ហឹក…អ្ហឹក…អាហ្វុង»ប៉ស៊ីងយំស្រែកឱបរាងកាយអ៊ីហ្វុងទាំងបាត់បង់ម្ចាស់ការ គាត់គ្មានលទ្ធភាពជួយសង្គ្រោះមនុស្សដែលគាត់ស្រឡាញ់ទេ តើគាត់សមជាគ្រូពេទ្យដែរទេ? អ្នកណាក៏បានដែរមកសម្លាប់គាត់បន្តិចមកព្រោះបើគាត់ស្លាប់ទៅវាស្រួលជាងនៅរស់ហើយខ្ទេចខ្ទីបេះដូងបែបនេះដែរ។
ពាក់កណ្ដាលអធ្រាត្រ…
នៅក្នុងបន្ទប់សម្រាប់អ្នកជំងឺតូចមួយ ដែលមានផ្ទៃក្រឡាប្រហែល៥ម៉ែត្របួនជ្រុង មានត្រឹមគ្រែដែលមានមនុស្សកំពុងតែគេងនៅលើនោះពីរនាក់ ផុតពីនោះនៅក្នុងបន្ទប់នេះក៏គ្មានអ្វីផ្សេងទាល់តែសោះ វាស្រឡៈធេង ប៉ុន្តែមិនមែនធំទូលាយឡើយ ពាក្យស្រឡៈធេងនៅត្រង់នេះគឺចង់សំដៅទៅដល់របស់របរដែលមាននៅក្នុងបន្ទប់នេះទៅវិញទេ វាស្រឡៈគ្មានអ្វីសោះ។ ខ្យល់ត្រជាក់បក់មមកល្ហៀងៗតាមបង្អួចចូលមកប៉ះនឹងខ្នងរបស់ប៉ស៊ីងដែលកំពុងតែឱបអ៊ីហ្វុងស្រាលៗ ទឹកភ្នែករបស់បុរសដែលមានបេះដូងរឹងមាំស្រក់ចុះមកពីភ្នែកទាំងសងខាងមិនដាច់គ្នា ភ្នែកមុតស្អាតកំណាចមួយគូរនោះក៏សម្លឹងមុខរបស់អ្នកដែលកំពុងតែដេកមមើមិនដឹងអីមិនដាក់ភ្នែក កាន់តែឃើញអ្នកនៅក្នុងរង្វង់ដៃកាន់តែមានសភាពស្លេកទៅៗ ទឹកភ្នែកប៉ស៊ីងក៏ហូរស្រក់ចុះមកកាន់តែញឹកទៅៗដូចគ្នា គាត់យកដៃវែងស្រឡូនស្អាតរបស់ខ្លួនទៅវែកសក់របស់អ៊ីហ្វុងឱ្យស្រឡៈចេញពីមុខស្លេកស្លាំងរបស់គេដោយកាយវិការថ្នមៗទាំងទឹកភ្នែកហូរមិនឈប់។
បេះដូងរបស់ប៉ស៊ីងហាក់បីដូចជាចង់ឈប់ដំណើរការនៅពេលដែលឃើញអ៊ីហ្វុងមមើម្ដងៗ គេកាន់តែមមើគាត់ក៏កាន់តែភ័យ រយៈពេលបីយប់បីថ្ងៃដែលអ៊ីហ្វុងដេកសន្លប់នេះលោកគ្រូពេទ្យប៉ស៊ីងក៏មិនខ្វល់រកទឹកមិនរកបាយដូចគ្នា មួយថ្ងៃៗពេលថ្ងៃគាត់ក៏ត្រូវពិនិត្យ ព្យាបាលអ្នកជំងឺមិនរើសមុខព្រោះតែពេលនេះគាត់លែងមានឋានៈជាគ្រូពេទ្យពិសេសដែលមើលព្យាបាលតែជំងឺព្រះរាជាទៀតហើយ ទ្រព្យសម្បត្តិទាំងអស់ក៏ត្រូវព្រះរាជាចូវ ជីយ៉ាង រឹបយកអស់រលីងគ្មានសេសសល់ នៅពេលនេះខ្លួនគាត់គ្មានសល់អ្វីទាល់តែសោះគឺមានតែចំណេះដឹងដែលគាត់រៀនចេះដឹងមកពីមុនតែប៉ុណ្ណោះ តែចំណេះដឹងអស់នោះក៏មិនអាចយកទៅប្រើនៅឯណាបាន ដ្បិតអីព្រះរាជាបានចេញបញ្ជាយ៉ាងច្បាស់ៗថា បើប៉ស៊ីងហ៊ានតែឈានជើងចេញពីរាជវាំងមួយជំហាននឹងត្រូវចាប់យកមកកាត់ក្បាលភ្លាម ហេតុនេះបីថ្ងៃមកនេះគឺគាត់តែងតែចំណាយពេលយប់ៗឡើងដើម្បីមើលថែអ៊ីហ្វុងរាល់ៗយប់មិនដែលខាន ព្រោះតែអាណិតដោយយល់ថាអ៊ីហ្វុងគ្មានសាច់ញាតិនៅឯភាគខាងកើតនេះ ប៉ុន្តែតើដោយសារតែហេតុផលនេះមួយមែនទេទើបប៉ស៊ីងលះបង់ខ្លាំងបែបនេះ?
តើអ្នកទាំងអស់គ្នាអាចលះបង់ការងារ ទ្រព្យសម្បត្តិ និងមុខមាត់របស់ខ្លួនដើម្បីតែមនុស្សម្នាក់ដែលគេគ្មានសាច់ញាតិហើយគួរឱ្យអាណិតបានដែរទេ? ឬថាមានហេតុផលផ្សេង? សូម្បីតែមនុស្សខ្វាក់ក៏អាចដឹងពីអារម្មណ៍របស់ប៉ស៊ីងដែលមានចំពោះអ៊ីហ្វុងដែរ ចុះទម្រាំមនុស្សដែលនៅមើលឃើញច្បាស់ៗទៀតនោះ? សម្ដី កាយវិការ គ្រប់យ៉ាងដែលជារបស់ប៉ស៊ីងគឺផ្លាស់ប្ដូរទៅជាទន់ភ្លន់ទាំងអស់ពេលបាននៅជិត ឬក៏ពាក់ពន្ធ័ជាមួយនឹងអ៊ីហ្វុង។ តើបែបនេះហើយនៅមិនហៅថាជាស្នេហាទៀតឬ? មកដល់ដំណាក់កាលនេះ ប៉ស៊ីងនៅតែមិនព្រមហើបមាត់និយាយពាក្យបីម៉ាត់នោះចេញមក បើទោះបីជាពេលនេះអ្នកម្ខាងទៀតអាចនឹងចាកចេញពីគាត់គ្រប់ពេលក៏គាត់នៅតែមិនព្រមនិយាយប្រាប់គេពីទំហំចិត្តរបស់ខ្លួនទៅកាន់គេដែរ តើលោកគ្រូពេទ្យចង់ស្លាប់ហើយយកពាក្យទាំងនោះទៅតាមមែនទេ?
រំលងទៅប្រហែលជាពីរយាមក្រោយមក អាការៈមមើរបស់អ៊ីហ្វុងក៏ថយចុះ ខ្លួនរបស់គេក៏ចាប់ផ្ដើមមានកម្ដៅក្ដៅមកវិញខ្លះៗទាំងដែលមុននេះវាក៏ចាប់ត្រជាក់តាំងពីចុងដៃដេញរហូតដល់ទ្រូងយ៉ាងចម្លែក ត្រជាក់សឹងតែពេញខ្លួនប្រាណទាំងអស់។ ប៉ស៊ីង ឱនមើលអ្នកនៅក្នុងទ្រូងតិចៗ គាត់យកដៃទៅស្ទាបថ្ងាសអ៊ីហ្វុងមើលក៏ឃើញថាគេមិនបានគ្រុននោះទេ ជីពចរក៏ត្រលប់មកធម្មតាវិញ លោកគ្រូពេទ្យញញឹមហើយក៏ស្រវាឱបព្រះរាជបុត្រាថ្នមៗបន្តទៀត។ ភាពកក់ក្ដៅដែលបានមកពីទ្រូងរឹងមាំរបស់លោកគ្រូពេទ្យសង្ហា បូករួមជាមួយនឹងក្លិនខ្លួនក្រអូបប្រហើរៗរបស់គាត់ បានធ្វើឱ្យផ្លូវចិត្តរបស់អ៊ីហ្វុងស្ងប់បានមួយពេលដែរ។ តើអ្នកណានឹងមិនគេងលក់នៅក្នុងកន្លែងដែលកក់ក្ដៅហើយមានក្លិនក្រអូបប្រហើរស្រាលៗនោះត្រូវដែរទេ?
ទីបំផុត ដោយសារតែការអស់កម្លាំងមកច្រើនថ្ងៃ ហត់ទាំងកាយ ហត់ទាំងចិត្តនោះ លោកគ្រូពេទ្យសង្ហា លី ប៉ស៊ីងក៏បានលង់លក់យ៉ាងស្ងប់ស្ងាត់ ទាំងដៃនៅឱបក្រសោបអ្នកដែលគាត់ហួងហែងមិនលែង ទាំងពីរនាក់លង់លក់នៅក្នុងរង្វង់ដៃគ្នាទៅវិញទៅមក។
មានភាគបន្ត…