រឿង៖ ព្រះរាជបុត្រាកំពូលស្នេហ៍ ភាគ៥(បញ្ចប់)

«ព្រោះតែខ្ញុំលោកគ្រូត្រូវបាត់បង់ការងារ ឋានៈ មុខមាត់ និងទ្រព្យសម្បត្តិ មែនដែរទេ?​» នៅពេលដែលគេត្រលប់ចូលមកនគរខាងកើតនេះភ្លាម រឿងរ៉ាវរបស់រាជពេទ្យចំណានប៉ស៊ីង ដែលត្រូវបាត់បង់គ្រប់យ៉ាងព្រោះដើម្បីជួយសង្គ្រោះជីវិតមនុស្សម្នាក់ ក៏ឮល្បីពេញវាលពេញកាល អ៊ីហ្វុងសួរទៅកាន់លោកគ្រូសំណព្វចិត្តរបស់ខ្លួនដោយសំឡេងខ្សឹបៗ ឯបេះដូងក៏លួចរំភើបនឹងទង្វើររបស់គេ។

«មែន» ចម្លើយត្រឹមតែមួយម៉ាត់ពីបុរសមាត់រឹងម្នាក់នេះ ធ្វើឱ្យបេះដូងដែលលោតញាប់របស់កំលោះតូច កាន់តែលោតញាប់ថែមទៀត។

«ព្រោះតែដើម្បីជួយជីវិតខ្ញុំ លោកគ្រូវីសនឹងត្រូវអស់ជីវិតត្រូវដែរទេ?​» សំណួរនេះ អ៊ីហ្វុងក៏ស្ទាក់ស្ទើរនៅក្នុងការសួរ ប៉ុន្តែបើមិនសួរពេលនេះទេ គេខ្លាចថានឹងគ្មានឱកាសបានសួរទៀត ការត្រូវរបួសប៊ិះស្លាប់ប៊ិះរស់ម្ដងនេះធ្វើឱ្យអ៊ីហ្វុងកាន់តែយល់ពីតម្លៃជីវិត ធ្វើឱ្យគេកាន់តែឱ្យតម្លៃពេលវេលា។

«មែន» បេះដូងដែលលោតញាប់មួយដួងតូចនោះ ក៏កាន់តែកញ្ជ្រោលខ្លាំងម្ដងទៀត រហូតដល់ថ្នាក់ប៉ស៊ីងអាចស្ដាប់ឮ និងមានអារម្មណ៍ដល់ចង្វាក់បេះដូងដ៏សែនញាប់មួយនោះ។

«លោកគ្រូ…តើលោកគ្រូស្រឡាញ់ខ្ញុំដែរទេ?​» បន្ទាប់ពីការដកដង្ហើមចេញចូលអស់មួយសន្ទុះធំ អ៊ីហ្វុងក៏សួរនូវសំណួរដែលគេចង់ឮជាយូរណាស់មកហើយ តែមិនហ៊ានសួរ លើកនេះគេត្រូវតែដឹងចម្លើយឱ្យទាល់តែបាន។

«យប់ហើយ ឆាប់សម្រាកទៅ» ប៉ស៊ីងស្រវាចាប់កដៃតូចស្អាតនោះឱ្យដើរតាមខ្លួនចូលទៅក្នុងបន្ទប់សម្រាកដែលនៅផ្នែកខាងក្រោយបំផុតនៃរោងព្យាបាលនេះ ដៃដែលកំពុងតែចាប់កដៃអ្នកម្ខាងទៀតនោះ ក៏ចាប់យ៉ាងណែនមិនហ៊ានព្រលែង រហូតទាល់តែដើរមកដល់បន្ទប់។

ប៉ស៊ីងបិទទ្វារចាក់សោ រួចទើបដាច់ចិត្តសម្លឹងមើលមុខអ្នកដែលខំប្រឹងមករកគេទាំងដែលទើបងើបពីឈឺ គាត់សម្លឹងមើលមុខតូចស្អាតរបស់អ្នកដែលមានកម្ពស់ត្រឹមចង្ការដោយអារម្មណ៍ជាច្រើនកំពុងប្រកាប់ប្រចាក់គ្នា ម្រាមដៃស្រឡូនស្អាតៗនោះក៏លើកឡើង យកទៅប៉ះមុខទន់រលោងស្រិលដែលខានបានប៉ះជាង៤ខែមកនេះ។ អ៊ីហ្វុងប្រឹងញញឹមដាក់បុរសដែលខ្លួនស្រឡាញ់អស់ពីបេះដូងធ្វើមិនដឹងមិនឮចំពោះចម្លើយដែលទទួលបាន តែដោយសារតែការធ្វើដំណើរផ្លូវឆ្ងាយ និងការមិនបានមើលថែដិតដល់ផង របួសដែលមិនទាន់ជាស្រួលបួលនោះក៏ចាប់ផ្ដើមឈឺឆៀបៗឡើងមកម្ដងទៀតរហូតដល់ថ្នាក់អ្នកដែលប្រឹងញញឹមមុននេះទៅជាធ្វើមុខស្ញូញ ញញឹមលែងចេញ។

ដោយសង្កេតឃើញការផ្លាស់ប្ដូរទឹកមុខភ្លាមៗរបស់អ៊ីហ្វុងនេះ ប៉ស៊ីងក៏ជ្រួញចិញ្ចើមឡើងមក សតិសម្បជញ្ញៈជាគ្រូពេទ្យក៏ដឹងភ្លាមថា អ្នកដែលនៅចំពោះមុខមិនទាន់ជាស្រួលបួលនៅឡើយ លោកគ្រូពេទ្យសង្ហាប្រញាប់ទាញដៃអ៊ីហ្វុងឱ្យអង្គុយចុះទៅលើគ្រែ ហើយខ្លួនឯងក៏ដាក់បង្គុយនឹងកែងជើងដៃក៏រហ័សរៀបនឹងស្រាយចំណងចង្កេះអាវរបស់អ្នកនៅចំពោះមុខទៅហើយ កុំតែដៃគ្រើមៗនោះស្រវាចាប់ទាន់៖

«លោកគ្រូមិនទាន់ឆ្លើយទេថាស្រឡាញ់ខ្ញុំឬអត់?» អ៊ីហ្វុងពេលនេះចាប់ផ្ដើមមិនសូវប្រាកដចិត្តទៀតហើយ គេចាប់ផ្ដើមវិលវល់ម្ដងទៀត កាលដែលប្រឹងត្រលប់មកកាន់ទឹកដីភាគខាងកើតម្ដងទៀតនេះព្រោះដើម្បីតែប្រុសម្នាក់នេះឯង ពេលចូលមកដល់ក៏ប្រាកដក្នុងចិត្តហើយថាខ្លួនឯងនឹងទទួលបានចម្លើយដ៏សមចិត្ត ប៉ុន្តែនៅពេលឃើញលោកគ្រូរបស់គេស្ទាក់ស្ទើរមិនចង់ឆ្លើយយ៉ាងនេះ ព្រះរាជបុត្រាក៏សួរខ្លួនឯងវិញថា តើប្រាកដចិត្តហើយមែនទេថាប្រុសមុខមាំម្នាក់នេះគិតចំពោះខ្លួនដូចដែលខ្លួនគិតចំពោះគេ?

«កុំរឿងច្រើន ខ្ញុំត្រូវមើលរបួសឱ្យឯងសិន» ប៉ស៊ីងគ្រវាសដៃដែលមករារាំង បង្អាក់ដំណើរការរបស់គាត់តិចៗ ប្រសិនបើមិនឆាប់លាងរបួសឱ្យទាន់ពេលទេនោះ វាអាចនឹងក្លាយបង្កទៅជារឿងរ៉ាវ ឬដំបៅដែលមិនអាចជាបាន ប៉ុន្តែអ៊ីហ្វុងបែរជាមិនបានគិតដូច្នោះ អំឡុងពេលដែលប៉ស៊ីងបារម្ភពីគេជិតស្លាប់ គេបែរជាបោះសម្ដីបែបនេះទៅវិញ៖

«មិនបាច់មើលទេ បើលោកគ្រូមិនឆ្លើយខ្ញុំទៅវិញឥឡូវនេះ» ថាហើយគេក៏ងើបឈរវិញ និងដើរសំដៅទៅកាន់ទ្វាតាំងៗ តែក៏ត្រូវប៉ស៊ីងស្រវាចាប់កដៃជាប់ មុខសង្ហាដែលបង្ហាញអារម្មណ៍ធូរស្រាលមុននេះក៏ឡើងក្រម៉ូវភ្លាមៗមួយរំពេចបន្ទាប់ពីឃើញអាការៈចចេសក្បាលរបស់អ៊ីហ្វុងហើយ។

«ទៅដេកលើគ្រែវិញភ្លាម» ប៉ស៊ីងនិយាយម៉ាត់ៗ ភ្នែកកាចក៏នោះក៏សម្លឹងមើលទៅអ៊ីហ្វុងមិនព្រិច តែអ្នកដែលត្រូវសម្លឹងក៏មិនបានខ្លាចនៅញញឹមឌឺថែម មិនត្រឹមតែប៉ុណ្ណឹងគេនៅគ្រវាសដៃមាំដែលចាប់កដៃរបស់គេនោះចេញទៀត តែក៏ជ្រួញចិញ្ចើមនៅពេលដែលអ្នកម្ខាងទៀតមិនព្រមព្រលែងងាយៗ។

«ប្រាប់ឱ្យទៅដេកលើគ្រែវិញ» ប៉ស៊ីងនិយាយប្រយោគដដែលម្ដងទៀត ព្រមទាំងបន្ថែមកម្លាំងដែលចាប់កដៃរបស់ព្រះរាជបុត្រាថែមទៀត អ៊ីហ្វុងពេលនេះមិនសូវមានកម្លាំងក៏បានត្រឹមតែឈរសម្លក់មុខអ្នកដែលច្របាច់កដៃរបស់គេដោយកំហឹងពេញខ្លួន សន្យាបានថាបើពេលណាគេមានកម្លាំងវិញ គេនឹងដាល់មុខងាប់ៗនោះឱ្យបាក់ធ្មេញចាំមើលទៅ។ ហើយទីបំផុតព្រោះតែមិនអាចប្រឆាំងនឹងគេបាន អ៊ីហ្វុងក៏ដើរទន្រ្ទាំជើងទៅដាក់បង្គុយនៅលើគ្រែវិញទាំងមុខក្រចុបៗមិនបាត់ ប៉ស៊ីងតាមមើលដំណើរទៅមករបស់មនុស្សដែលខ្លួនបារម្ភទាំងគ្រវីក្បាលហួសចិត្តព្រមទាំងដើរតាមគេទៅកាន់គ្រែវិញ។ ដៃស្រឡូនវែងៗស្អាតរបស់លោកគ្រូពេទ្យកំលោះចាប់ផ្ដើមស្រាយចំណងចង្កេះរបស់អ៊ីហ្វុងយ៉ាងប្រុងប្រយ័ត្ន បន្ទាប់មកក៏ចាប់ញែកក្រណាត់អាវពណ៌ខ្មៅក្រាស់នោះចេញ និងបន្តដោយអាវក្រាស់ពណ៌ប្រផេះម្ដងមួយៗ ដោយកាយវិការថ្នាក់ថ្នម និងផ្ចិតផ្ចង់បំផុត ដល់ថ្នាក់អ្នកដែលខឹងឡើងញ័រទទ្រើតមុននេះ ទៅជាមានអារម្មណ៍រំភើបឡើងមកបាន។ ប៉ស៊ីងជ្រួញចិញ្ចើមនៅពេលឃើញមានស្នាមឈាមដិតជាប់នឹងអាវស្ដើងពណ៌សត្រង់ស្នាមវះនោះ គាត់ចាប់ផ្ដើមវែកក្រណាត់អាវចុងក្រោយចេញ ហើយបន្តដោយការយកកាំបិតមកអាក្រណាត់ដែលរុំរបួសនោះបោះចោល ប៉ស៊ីងរាងធូរទ្រូងជាងមុនបន្តិចនៅពេលឃើញថាមុខរបួសដែលមានប្រវែងប្រហែលមួយចំអាមពេលនេះក៏ជាសឹងតែទាំងអស់ នៅសល់តែប្រហែលមួយធ្នាប់ប៉ុណ្ណោះ លោកគ្រូពេទ្យយកថ្នាំដែលបុកទុកស្រេចនៅក្បាលគ្រែមកលាបលើមុខរបួសថ្នមៗ យ៉ាងស្រាលដៃ គ្រប់កាយវិការរបស់គាត់គឺយកចិត្តទុកដាក់នឹងអ៊ីហ្វុងខ្លះណាស់ ប៉ុន្តែគេក៏ឆ្ងល់ថាហេតុអ្វីគាត់មិនព្រមនិយាយ? តែមួយម៉ាត់ទេ ត្រឹមពាក្យថាស្រឡាញ់មួយម៉ាត់ ព្រះរាជបុត្រានឹងមិនរារែកទៀតឡើយ ទ្រង់អាចនឹងធ្វើគ្រប់យ៉ាងដើម្បីគេ ស្រឡាញ់គេឱ្យអស់ពីពោះ តែមិនមែនបែបនេះ ព្រោះពេលនេះ អ៊ីហ្វុងមានអារម្មណ៍ថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងស្ថានភាពលេបមិនចូលខ្ជាក់មិនចេញហើយ វាតប់ប្រមល់ ធុញទ្រាន់ មួម៉ៅ រំភើប ពិបាកចិត្ត សប្បាយចិត្ត នៅរួមគ្នារហូតដល់ពេលខ្លះសឹងតែកើតឆ្កួត។

«ហូបអីឬនៅ?» បន្ទាប់ពីរុំរបួសឱ្យអ៊ីហ្វុងស្អាតហើយ ប៉ស៊ីងក៏សួរឡើងទាំងបារម្ភ តែក៏ទទួលបានចម្លើយយ៉ាងសមចិត្តមកវិញ៖

«ហូបមិនហូបរឿងខ្ញុំ» មកសារភាពស្នេហ៍ តែបែរជាត្រូវគេបដិសេដដោយប្រយោលអ្នកណាមិនខឹង?

«ឯងប្រឹងជិះសេះមករាប់រយយោជន៍ទម្រាំមកដល់ទីនេះ គ្រាន់តែចង់មកឌឺប៉ុណ្ណេះទេហេ?» ប៉ស៊ីងដើរទៅដាក់បង្គុយនៅជិតអ៊ីហ្វុងលើគ្រែ ព្រមទាំងសម្លឹងមើលទៅបបូរមាត់គូរឱ្យចង់ថើបមួយគូរនោះដោយប្រើក្រសែរភ្នែកស្រែកឃ្លានផង ហើយអ្នកដែលត្រូវសម្លឹងក៏ចាប់ផ្ដើមរមួលពោះ មានអារម្មណ៍ថាមិនស្រួលឡើងមក ទោះបីជាកាលពីមួយរយៈមុន គេងបន្ទប់ជាមួយគ្នារាល់ថ្ងៃ លោកគ្រូឱបគេរាល់យប់ តែក៏មិនដែលមានអ្វីលើសពីនោះដែរ ដែលវាខុសពីពេលនេះ ព្រោះពេលនេះញាណរបស់គេប្រាប់ថារឿងមិនស្រួលជិតកើតឡើងហើយ។

«មិនមែនទេ» អ៊ីហ្វុងឆ្លើយដោយមិនពេញសំឡេង ទាំងឱនមុខចុះសម្លឹងមើលទៅចុងជើងរបស់ខ្លួន មុននេះក៏តាំងចិត្តថានឹងខឹងគេ នឹងធ្វើខ្លាំងដាក់គេ ប៉ុន្តែត្រឹមគេនិយាយរកធម្មតា ត្រឹមត្រូវគេសម្លឹង ចិត្តចង្រៃយ៍នេះវាក៏ស្រាប់តែទន់ភ្លាម ហាក់ដូចជាទានត្រូវក្ដៅ ព្រមទទួលស្គាល់ថាគេចាញ់ហើយ ទោះបីជាមានក្បាច់គុណខ្លាំងក្លាអាចវាយឈ្នះ ប្រលងជាប់ក្លាយជាសេនាជាន់ខ្ពស់លេខមួយ ប៉ុន្តែអ៊ីហ្វុងបែរជាចាញ់បុរសសំឡេងគ្រលរម្នាក់នេះ ចាញ់ម្ចាស់ភ្នែកមុតស្រួចមួយគូរដែលកំពុងតែសម្លឹងមុខគេ គ្រាន់តែត្រូវគេសម្លឹងបែបនេះថ្ពាល់ក៏ឡើងក្រហមដោយឯងៗបាត់ទៅហើយ មិនបាច់ចាំគេធ្វើអីទៀតទេ។

«បើអ៊ីចឹងមកដើម្បីអីវិញ​?​» ប៉ស៊ីងកាន់តែឱនទៅជិតមុខតូចស្អាតនោះ សម្ដីដែលនិយាយចេញទៅក៏មិនពេញសំឡេង ក្លិនក្រអូបប្រហើរៗដែលភាយចេញមកខ្លួនរបស់អ៊ីហ្វុងធ្វើឱ្យអ្នកដែលខានបានហិតក្លិននេះយូរទៅជារំភើបញាប់ញ័រ បះអស់សរសៃរសសូងពេញខ្លួនមួយរំពេច។

«លោកគ្រូ តើ…អ៊ុប» មិនទាន់និយាយចប់ផង មុខរបស់អ៊ីហ្វុងក៏ត្រូវបានអ្នកម្ខាងទៀតចាប់បង្វែរឱ្យបែរទៅរកគេ បបូរមាត់ស្អាតរបស់លោកគ្រូពេទ្យប៉ស៊ីងក៏ចាប់ផ្ដើមគ្រប់គ្រងបបូរមាត់តូចច្រមិចដែលនិយាយចរចាមិនចេះឈប់ឈរ គ្រប់ចង្វាក់គ្រប់គ្រងគឺវាខ្លាំងក្លា ប្រៀបដូចជាដំរីចុះព្រេង ម្ដងក៏បឺតជញ្ជក់ខ្លាំងៗ ម្ដងក៏ថើបថ្នមៗថើរៗ ពេលខ្លះទៀតក៏ខាំគ្រញេញ រហូតដល់ថ្នាក់បបូរមាត់តូចស្អាតនោះទៅជាហើមជាំក៏ប៉ស៊ីងនៅមិនព្រមបញ្ឈប់ទង្វើររបស់ខ្លួន គាត់ចាប់ផ្ដើមកាន់តែខ្លាំងក្លា ដោយដៃម្ខាងក៏ចាប់កញ្ចឹងកស្អាតនោះឱ្យនៅស្ងៀមដើម្បីងាយស្រួលថើប និងដៃម្ខាងទៀតចាប់ច្របាច់ថ្ពាល់អ៊ីហ្វុងឱ្យបើកមាត់ដើម្បីទទួលការថើបដ៏ឃោរឃៅនោះ។ ប៉ស៊ីងពេលនេះកំពុងតែឈ្លក់នឹងភាពផ្អែមល្ហែមរបស់បបូរមាត់តូចស្អាតនេះហើយ វាទាំងផ្អែម ទាំងទន់ ទាំងក្រអូប ដែលធ្វើឱ្យគាត់ពិបាកក្នុងការគ្រប់គ្រងខ្លួនឯង។

បបូរមាត់តូចស្អាតនេះប្រៀបដូចជាសារធាតុញៀនកម្រិតខ្លាំង ពេលដែលបានប៉ះ បានភ្លក់ហើយក៏ងប់ងល់ងើបមុខមិនរួច កាន់តែប៉ះ កាន់តែបាននៅជិត កាន់តែឈ្លក់វង្វេង ការតាំងចិត្តថាថ្នាក់ថ្នម គ្រាន់តែថើបបន្តិចកាលពីមុនពេលនេះក៏ដាច់ភឹងលែងនៅសល់សូម្បីស្រមោល ច្បាប់វិន័យដែលប៉ស៊ីងមានចំពោះខ្លួនឯងទាំងប៉ុន្មានក៏ត្រូវគេបំភ្លេចចោលអស់ដែរ ព្រោះនៅក្នុងវេលានេះអ្វីដែលនៅក្នុងខួរក្បាលរបស់លោកគ្រូពេទ្យសង្ហាគឺមានតែបបូរមាត់ស្អាតនិងខ្លួនប្រាណទន់រលោងមួយនេះតែប៉ុណ្ណោះ។

អ៊ីហ្វុងថប់ដង្ហើម មានអារម្មណ៍ថាឈឺឆៀបៗនៅនឹងបបូរមាត់ ទោះបីជាបេះដូងលោតញាប់ ខ្លួនប្រាណឡើងកម្ដៅ ប៉ុន្តែគេក៏ប្រញាប់ហាមខ្លួនឯងកុំឱ្យភ្លើតភ្លើនជាមួយនឹងទង្វើរអស់នេះ ដរាបណាអ្នកម្ខាងទៀតមិនទាន់ឆ្លើយនឹងសំនួររបស់ខ្លួន តែដូចដែលបានប្រាប់ កាន់តែព្រះរាជបុត្រាហាម វាកាន់តែដុតភ្លើងនៅក្នុងខ្លួនប៉ស៊ីងដូចគ្នាដែរ គេកាន់តែព្យាយាមរារាំង អ្នកម្ខាងទៀតកាន់តែក្ដៅ កាន់តែឃោរឃៅ។

លោកគ្រូពេទ្យចាប់ផ្ដួលព្រះរាជបុត្រាទៅលើគ្រែភ្លាមៗដោយយកដៃម្ខាងទៅទ្រក្បាលទ្រង់ផង តែមាត់ក៏នៅតែមិនព្រមដកចេញពីបបូរមាត់ស្អាតនោះ គាត់នៅតែបន្តថើបយ៉ាងរោលរាល ទោះបីជាពេលនេះអ៊ីហ្វុងកំពុងតែយកដៃទាំងសងខាងក្ដាប់ហើយគក់ខ្នងគាត់ខ្លាំងៗក៏ដោយ។ ដៃដែលក្ដាប់ ហើយគក់ខ្នងរបស់បុរសដែលកំពុងតែទ្រោបនៅលើខ្លួនមុននេះ ក៏សន្សឹមៗដកចុះមកវិញ បបូរមាត់ដែលប្រឹងខ្ជិបបិទ ពេលនេះក៏ត្រលប់មកធម្មតាវិញ ទឹកភ្នែករបស់ព្រះរាជបុត្រាដ៏ខ្ពង់ខ្ពស់ក៏ហូរចេញមកតាមកន្ទុយភ្នែកស្ងាត់ៗ គេសម្លឹងមើលទៅបុរសជាទីស្រឡាញ់របស់ខ្លួនដែលពេលនេះកំពុងតែមមាញឹកក្នុងការដោះសម្លៀកបំពាក់ បង្ហាញរាងរៅដ៏សែនទាក់ទាញមកគេ ទោះមិនចូលចិត្តដែលលោកគ្រូធ្វើរឿងបែបនេះ ប៉ុន្តែអ៊ីហ្វុងក៏ពិបាកហាមចិត្តមិនឱ្យរំភើបនឹងរូបរាងដែលបានឃើញនៅចំពោះមុខដូចគ្នា រាងកាយមាំរបស់បុរសដែលមានរាងខ្ពង់ សាច់ដុំស្មា សាច់ដុំពោះ សាច់ដុំទ្រូង មានទាំងអស់ រាងកាយផ្នែកខាងលើរបស់គេប្រៀបដូចជារាងកាយរបស់បុរសចម្បាំងដ៏ល្អឯង អ៊ីហ្វុងកាន់តែរំភើបចិត្តទៅទៀតនៅពេលដែលដឹងក្នុងចិត្តថាខ្លួនគឺជាមនុស្សទី១ដែលបានឃើញរាងកាយដ៏សង្ហានេះ។

បន្ទាប់ពីចាត់ការសម្លៀកបំពាក់នៅលើខ្លួនហើយអស់ហើយ ប៉ស៊ីងក៏ប្រញាប់មកចាប់ដោះខោអាវចេញពីខ្លួនអ្នកដែលកំពុងគេងនៅលើគ្រែស្ងៀមៗវិញម្ដង ឯអ្នកម្ខាងទៀតក៏ព្រមតាមសម្រួលមិនប្រកែក។ លោកគ្រូពេទ្យកំលោះសម្លឹងមើលទៅរាងកាយដ៏សែនទាក់ទាញរបស់អ្នកដែលកំពុងតែដេកធ្វើមុខអឹមអៀននៅលើគ្រែដោយខ្សែភ្នែកព្រាននារី ដែលមិនដែលបានបង្ហាញពីមុនមក ប៉ស៊ីងឱនទៅថើបថ្ពាល់រលោងស្អាតនោះថ្នមៗ ពោពេញដោយក្ដីស្រឡាញ់ពេញបេះដូង បន្ទាប់មកក៏បន្តដោយមាត់ ច្រមុះ ចង្ការ កញ្ចឹងក ឆ្អឹងដងកាំបិត ទ្រូងស្អាតនោះ ពោះរាបស្មើ និងចុងក្រោយគេគឺភ្លៅស្រឡូនៗស្អាត មុខសង្ហាក៏ឡើងក្រហមងាំងដោយចំណង់ តែក៏ត្រូវបង្ខំចិត្តវារឡើងមកលើវិញរហូតដល់ច្រមុះរបស់គាត់ទល់នឹងច្រមុះរបស់អ្នកដែលកំពុងតែដេកបិទភ្នែកជិត។ ប៉ស៊ីងឱនទៅខ្សឹបដាក់ទងត្រចៀកតូចស្ងាត់នោះតិចៗ ដោយសំឡេងស្អកៗយ៉ាងស៊ិចស៊ី៖

«ខ្លាចមែនទេ?​» ដៃវែងស្រឡូនស្អាតនោះក៏មិនបាននៅទំនេរ វាអង្អែលចុះអង្អែលឡើង តាមដងខ្លួនដ៏សែនទាក់ទាញមួយនោះ ធ្វើឱ្យគេព្រឺសម្បុរលេង។ អ៊ីហ្វុងបើកភ្នែក សម្លឹងមើលមុខសង្ហាខាបព្រលឹងដែលនៅជិតបង្កើយនឹងមុខរបស់ខ្លួន គេយកដៃដែលឱបខ្លួនជាប់មុននេះទៅស្រវាឱបករឹងមាំហើយនិយាយទាំងប៉ប៉ាប់ប៉ប៉ោចតបទៅវិញ៖

«មិនខ្លាចទេ…ប្រសិនបើលោកគ្រូប្រាប់ថាស្រឡាញ់ខ្ញុំតែមួយម៉ាត់» ជ្រុលជាដល់ថ្នាក់នេះហើយ គេក៏ចង់ដឹងដូចគ្នាថាតើលោកគ្រូអាចនៅមាត់រឹងដល់កម្រិតណា?

«យើងនឹងធ្វើវាឥឡូវនេះ» ទៀតហើយ ប៉ុន្មានដងហើយដែលគេពង្វាងសំណួរមួយនេះ? តើត្រូវធ្វើបែបណាទើបលោកគ្រូព្រមនិយាយជាមួយអ៊ីហ្វុងឱ្យច្បាស់ពីទំនាក់ទំនងរបស់ពួកគេទៅ? ឬថាវាពិបាកណាស់ឬក្នុងការនិយាយត្រឹមពាក្យ៣ម៉ាត់?

«លោកគ្រូ…តើលោកគ្រូស្រឡាញ់ខ្ញុំទេ?​» អ៊ីហ្វុងត្រដរសួរទៅកាន់អ្នកដែលកំពុងធ្វើសកម្មភាពនៅលើខ្លួនទាំងលំបាក។

«អាហ្វុង…ហៅឈ្មោះរបស់យើង» ទៀតហើយ ទឹកភ្នែកស្រក់ចេញមកពីភ្នែករបស់អ៊ីហ្វុងទៀតហើយ មិនមែនគេមិនអាចប្រកែកមិនធ្វើបានទេ ច្បាស់ណាស់បើគេចង់ជំទាល់លោកគ្រូម្នាក់នេះវៃមិនឈ្នះគេទេ ប៉ុន្តែហេតុអ្វី? ហេតុអ្វីក៏គេព្រមដល់ថ្នាក់នេះហើយលោកគ្រូនៅតែមិនអាចនិយាយពាក្យនោះចេញមកទៀត? តើគេត្រូវលះបង់បែបណាទៀតទើបអាចឮពាក្យ៣ម៉ាត់នោះបានទៅ?

«ប៉…ប៉ស៊ីង…ស្រ…ស្រឡាញ់អូនទេ…ហ្អាស?…អ៊ុប» ប៉ស៊ីងឱនមកបំបិទមាត់របស់អ៊ីហ្វុងដោយបបូរមាត់របស់ខ្លួនម្ដងទៀតដោយមិនស្រណោះ ឯអ្នកម្ខាងទៀតក៏មិនអាចរុញគេចេញបាន ដ្បិតអីដៃទាំង២ក៏ត្រូវដៃរបស់អ្នកម្ខាងទៀតចាប់យកទៅដាក់ទៅលើអស់ដោយដៃម្ខាងរបស់គេទៅហើយ រាងកាយរបស់អ៊ីហ្វុងញ៉ាក់ញ័រទៅតាមសកម្មភាពរបស់ប៉ស៊ីង គេសម្លឹងមើលទៅបុរសដែលតែងតែមានឬកពារថ្លៃថ្នូរកំពុងតែធ្វើសកម្មភាពមិនសមរម្យមកលើខ្លួន ដៃម្ខាងរបស់គាត់ចាប់ដៃទាំងពីររបស់គេដាក់ទៅលើក្បាលដំណេក ឯដៃម្ខាងទៀតក៏ចាប់ជើងរបស់គេទាំង២ឡើង មុខសង្ហាៗនោះពេលនេះក៏ឡើងក្រហមតាំងពីថ្ពាល់រាលទៅដល់ក អ៊ីហ្វុងបានត្រឹមបិទភ្នែកបង្ហូរទឹកភ្នែកស្ងាត់ៗបណ្ដោយឱ្យបុរសដែលខ្លួនស្រឡាញ់កេងចំណេញពីខ្លួនតាមអំពើចិត្តរបស់គេ ឱ្យធ្វើម៉េចក្នុងពេលដែលលង់ស្រឡាញ់គេដល់ថ្នាក់នេះហើយ? ណាមួយលោកគ្រូក៏មិនបានហៅគេឱ្យមកដែរ គេជាអ្នកមករកគាត់ដោយខ្លួនឯង ហេតុនេះហើយគេសមតែទទួលបានបែបនេះឯង។

«លោកគ្រូខ្ញុំ…ខ្ញុំស្រឡាញ់លោកគ្រូ» ក្នុងពេលដែលមាត់មានសេរីភាពវិញហើយ អ៊ីហ្វុងក៏សារភាពទៅកាន់បុរសដែលខ្លួនស្រឡាញ់ពេញបេះដូង ទោះបីជាពេលវេលានេះវាមិនសមក៏ដោយ ប៉ុន្តែគេមើលមិនឃើញពិតមែនថាតើគួរតែសារភាពបែបណាឱ្យសមជាងនេះ វាត្រឹមជាអារម្មណ៍ វាជាអ្វីដែលខួរក្បាលគេបញ្ជាឱ្យនិយាយប៉ុណ្ណោះ កាន់តែឃើញសភាពលោកគ្រូរបស់គេនៅពេលនេះ ចិត្តដែលស្រឡាញ់ពីមុននោះ ក៏កាន់តែមានច្រើនលើសលប់ថែមទៀត កាន់តែលង់គេងើបក្បាលមិនរួច។

«ប្រាប់ថាឱ្យហៅឈ្មោះរបស់យើង» ប៉ស៊ីងក្ដៅស្លឹកត្រចៀកង៉ឺងឡើងមក ប្រាប់ឱ្យហៅឈ្មោះរបស់គេ គេចង់ឮសំឡេងពីរោះមួយនោះហៅឈ្មោះរបស់គេ ជាពិសេសក្នុងពេលបែបនេះ តែអ្នកម្ខាងទៀតក៏ធ្វើមិនដឹង បើគេមិនបានប្រាប់មិនថាទេ តែនេះគេប្រាប់ជាលើកទី២ហើយ។

«ប៉ស៊ីង…ខ្ញុំស្រឡាញ់បង…» អ៊ីហ្វុងពេលនេះមិនមែនជាខ្លួនឯងតទៅទៀត ខួរក្បាលរបស់គេសស្អាត គីតអ្វីក៏គិតមិនចេញ ក្ដីសុខដែលទទួលបានវាហូរហៀរពាសពេញ រហូតដល់ថ្នាក់គេប្រាប់ឱ្យធ្វើអ្វីក៏ធ្វើតាមមិនប្រកែក។

«ល្អណាស់!​» ប៉ស៊ីងសរសើរអ្នកនៅក្រោមដើមទ្រូង តាមដោយស្នាមញញឹមធំមួយដែលផុសឡើងនៅលើមុខ គាត់សម្លឹងមើលមុខក្រហមរបស់អ៊ីហ្វុង ព្រមទាំងអស់សំណើចឡើងមក។

«លោកគ្រូសើចអី?​» ព្រះរាជបុត្រាបើកភ្នែកមកទាំងមមីមមើ ពេលនេះវាមិនមែនជាពេលត្រូវសើចទេ គេគួរណាស់តែប្រញាប់ធ្វើអាស្អីនោះឱ្យលឿនៗបានត្រូវ។

«ពេលបែបនេះទៅ អូនគួឬឱ្យស្រឡាញ់ណាស់» ទោះបីជាលួចរំភើបចិត្តនៅពេលដែលលោកគ្រូប្ដូរសព្វនាមហៅខ្លួនក៏ដោយ ក៏អ៊ីហ្វុងនៅធ្វើមុខមិនដឹងខ្យល់អីហើយស្រវាឱបករឹងមាំនោះម្ដងទៀតយ៉ាងស្និទ្ធ គេទាញមុខសង្ហាដែលកំពុងសម្លឹងមើលមុខខ្លួនដោយខ្សែភ្នែកឈ្លក់វង្វេងនោះមកកាន់តែជិត បន្ទាប់មកក៏ងើបទៅថើបទងត្រចៀករបស់ប៉ស៊ីងហើយខ្សឹបសួរយ៉ាងស៊ិចស៊ី៖

«បើគួរឱ្យស្រឡាញ់ ចុះបងស្រឡាញ់ទេ?​» បេះដូងរបស់អ៊ីហ្វុងលោតដុកដាក់ៗនៅក្នុងប្រអប់ទ្រូងតូចនោះ គេឱបប៉ស៊ីងណែនដៃទាំងក្នុងចិត្តបន់ស្រន់សូមឱ្យខ្លួនឯងបានឮចម្លើយដែលរំពឹងទុកផងទៅចុះ។

«ហេតុអីសួរសំណួរដដែលៗបែបនេះ?​» ប៉ស៊ីងសួរទាំងធ្វើមិនយល់ពីចេតនារបស់អ្នកម្ខាងទៀត ប្រសិនបើពេលនេះគាត់ជារាជ្យពេទ្យធំ មានបុណ្យសក្ដិ៍ មានអំណាច មានទ្រព្យសម្បត្តិដូចមុននោះ គាត់ប្រាកដណាស់មិនស្ទាក់ស្ទើរនៅក្នុងការឆ្លើយថាស្រឡាញ់គេវិញទេ ប៉ុន្តែពេលនេះគឺខុសគ្នា ពេលនេះគាត់ត្រឹមជាកូនកសិករម្នាក់ ជាគ្រូពេទ្យព្យាបាលជំងឺកំប៉ិកកំប៉ុកតែប៉ុណ្ណោះធ្វើម៉េចនឹងហ៊ាននិយាយថាស្រឡាញ់គេបានទៅ គេបៀបដូចជាផ្កាយដែលនៅលើមេឃបញ្ចេញពន្លឺយ៉ាងត្រចេះត្រចង់ ហើយគាត់បានត្រឹមតែជាទន្សាយដែលនៅលើដីហើយលួចសម្លឹងមើលផ្កាយតែម្នាក់ឯងប៉ុណ្ណោះ។

«ក៏ព្រោះចង់ឮ ចង់ឮពាក្យបីម៉ាត់នោះចេញពីមាត់លោកគ្រូ» អ៊ីហ្វុងនិយាយការពិតមិនប្រឡាក់បាំង គេកាត់គេកាត់ខ្មាសណាស់ព្រោះតែពាក្យ៣ម៉ាត់នោះគ្រាន់តែប្រាប់ទៅ។

«បងមិនហ៊ានស្រឡាញ់អូនទេ សូមទោសផង» ប៉ស៊ីងឱនមុខចុះ ដាក់ក្បាលកើយលើទ្រូងទន់ៗរបស់អ្នកម្ខាងទៀតបន្ទាប់ពីដល់គោលដៅហើយ ហើយក៏បិទភ្នែកគេងយ៉ាងអស់កម្លាំង គាត់សម្រេចចិត្តបើកចិត្តនិយាយជាមួយអ៊ីហ្វុងឱ្យដឹងរឿង ព្រោះយ៉ាងហោចណាស់ក៏បានបែកគ្នាដោយអស់ចិត្ត ប្រសិនបើត្រូវបែកមែន។

«ហេតុអី?​» អ៊ីហ្វុងយកដៃមកចូកសក់ស្អាតរបស់អ្នកដែលកំពុងតែគេងកើយទ្រូងរបស់ខ្លួនលែងតិចៗ មិនមែនគេមិនដឹងថាគ្រូរបស់គេស្រឡាញ់គេប៉ុនណាទេ តែគ្រាន់តែមិនច្បាស់នៅក្នុងចិត្តតែប៉ុណ្ណោះ។

«គិតមើលខ្លួនឯងទៅ» ប៉ស៊ីងតបរង៉ូវៗ ព្រមទាំងស្រវាឱបរាងតូចស្ដើងនោះជាប់ហាក់ដូចជាពស់រឹតចំណី។

«លោកគ្រូ បើមិនស្រឡាញ់ខ្ញុំទេលែងខ្ញុំទៅ»

«មិនលែង»

«បើមិនលែងមានន័យថាលោកគ្រូស្រឡាញ់ខ្ញុំ» ទាំង២នាក់ប្រឈមមុខគ្នា ភ្នែកទល់ភ្នែក ច្រមុះទល់ច្រមុះ តែមួយភ្លែតប៉ុណ្ណោះ ប៉ស៊ីងក៏ងើបចេញពីខ្លួនអ៊ីហ្វុងហើយដាក់ខ្លួនគេងជិតនោះ បន្ទាប់មកក៏ស្រវាឱបអ្នកម្ខាងទៀតឱ្យមកកើយទ្រូងរបស់ខ្លួនវិញ ដៃក៏ស្រវាឱបក្រសោបរាងតូចស្អាតនោះជាប់មិនរបេះ ហើយក៏គ្មានសញ្ញាថានឹងលែង។ អ៊ីហ្វុងញញឹមខ្ចិប ស្រវាឱបសង្កេះលោកគ្រូស្អាតរបស់គេវិញជាប់ មុខក៏ញញឹមស្រស់បស់ហើយងើយទៅសួរអ្នកកំពុងឱប៖

«សម្រេចថាលោកគ្រូស្រឡាញ់ខ្ញុំហើយណា?​»

«និយាយច្រើនណាស់» មាត់តបបែបធុញ តែមុខរបស់ប៉ស៊ីងក៏ឡើងក្រហមទុំ បេះដូងក៏លោតដុកដាក់ៗ រហូតដល់ថ្នាក់អ៊ីហ្វុងដែលកំពុងតែកើយទ្រូងនោះបានស្ដាប់ឮ គេដឹងថាបុរសម្នាក់នេះមាត់រឹង មិននិយាយស្ដីងាយងាយ ជាពិសេសគឺរឿងក្នុងចិត្តនេះតែម្ដង ប៉ុន្តែបុរសម្នាក់នេះក៏ចូលចិត្តបង្ហាញតាមកាយវិការ បង្ហាញតាមទង្វើ ទោះបីជាត្រូវហត់ក្នុងការតាមមើលពីទង្វើរបស់គេដើម្បីឱ្យប្រាកដចិត្តក៏ដោយ ប៉ុន្តែអ៊ីហ្វុងគិតថាយ៉ាងហោចណាស់វាក៏ប្រសើរជាងអ្នកដែលបានតែសំដី ហើយមិនដែលបានធ្វើដែរ។

«តែលោកគ្រូក៏នៅតែស្រឡាញ់ខ្ញុំ ត្រូវទេ?​» អ៊ីហ្វុងងើយទៅមើលមុខមាំសង្ហា ព្រមទាំងសួរគេដោយសំឡេងគួរឱ្យស្រឡាញ់។ ប៉ស៊ីងញញឹមតិចៗ បេះដូងលោតសឹងតែខុសចង្វាក់ព្រោះរំភើបចិត្តនឹងក្ដីស្រឡាញ់ដែលអ្នកម្ខាងទៀតមានឱ្យខ្លួន តែក៏មិនហ៊ានសារភាពថាស្រឡាញ់ដដែល។ ពាក្យស្រឡាញ់មួយម៉ាត់វាមានន័យធ្ងន់ខ្លាំងណាស់ លោកគ្រូពេទ្យហាមាត់និយាយមិនរួចទេ ទាំងឋានៈ ទ្រព្យសម្បត្តិ និងអ្វីគ្រប់យ៉ាងរបស់គាត់ បើប្រៀបធៀបជាមួយអាហ្វុងគឺខុសគ្នាដូចជាមេឃហើយនឹងដី។

«អ៊ីហ្វុង» នៅសុខៗ ប៉ស៊ីងក៏ហៅឈ្មោះអ្នកដែលខ្លូនកំពុងឱបជាប់ទ្រូងដោយសំឡេងពីរោះក្រអួន ក្រអៅ។

«បាទ»

«ទ្រង់ជាព្រះបុត្រានៃនគរខាងលិចមែនដែរទេ?​»

«បាទ» ព្រះរាជបុត្រាស្រវាឱបប៉ស៊ីងណែនជាងមុនទៀត ទ្រង់ខ្លាចណាស់ ខ្លាចថាពេលដឹងការពិតហើយគេនឹងច្រានទ្រង់ចេញ និងឈប់រាប់រកទ្រង់តទៅទៀត។

«ព្រឹកនេះទ្រង់ត្រលប់ទៅវិញទៅ» ប៉ស៊ីងពោលនូវប្រយោគសម្លាប់ទឹកចិត្តបានយ៉ាងងាយ ពាក្យសម្ដីធម្មតាតែមានន័យកាចសាហាវមួយប្រយោគនោះ ប្រៀបបាននឹងកាំបិតមុតស្រួចដែលត្រូវបានសំលៀងយ៉ាងល្អសម្រាប់យកមកចាក់ ឆ្កិះឆ្កែលដំបៅរបស់អ៊ីហ្វុងដែលរៀបតែនឹងសះដូចគ្នាដែរ។ ដៃដែលស្រវាឱបពោះមាំ ណែនដៃមុននេះក៏រលាស្រាលៗចេញដោយខ្លួនឯង។ ព្រះរាជបុត្រាងើយសម្លឹងមើលទៅមុខបុរសជាទីស្រឡាញ់ដោយបេះដូងឈឺចាប់ អ្នកដែលកំពុងតែឱបគេណែនដៃជាប់នឹងទ្រូង តែបែរជាដេញគេឱ្យត្រលប់ទៅវិញភ្លាមៗបន្ទាប់ពីដឹងអត្តសញ្ញាណពិតរបស់គេហើយ។

«លោកគ្រូថាម៉េចនឹង?​» ទោះបីប្រយោគអម្បាញ់មិញរបស់គេវានៅឮច្បាស់ពេញត្រចៀកនៅឡើយ ក៏អ៊ីហ្វុងនៅតែជ្រើសរើសធ្វើល្ងង់ ធ្វើស្ដាប់មិនបាន ស្ដាប់មិនឮ ព្រោះអី? ព្រោះតែគេចង់នៅជិតបុរសម្នាក់នេះ ព្រោះតែចង់ត្រូវគេថ្នាក់ថ្នម ហេតុផលដែលសាមញ្ញបំផុតនោះគឺព្រោះតែគេស្រឡាញ់ប្រុសម្នាក់នេះ មែនហើយ ព្រោះស្នេហាធ្វើឱ្យមនុស្សខ្វាក់ភ្នែក។

«អ៊ីហ្វុង…» ប៉ស៊ីងហៅឈ្មោះអ្នកម្ខាងទៀតបង្អូសយ៉ាងវែងក្នុងន័យហត់ចិត្ត តែក៏ព្រមនិយាយម្ដងទៀត។

«ស្អែកត្រលប់ទៅវិញទៅ» អ៊ីហ្វុងដែលងើបមុខចាំស្ដាប់ចម្លើយរបស់ប៉ស៊ីងមុននេះក៏ប្រញាប់ឱនក្បាលដាក់នៅលើទ្រូងរឹងមាំនោះវិញភ្លាម ដើម្បីគេចពីខ្សែភ្នែកឃោរឃៅមួយនោះ ដៃដែលរលាចេញមុននេះ ក៏ស្រវាឱ្យប៉ស៊ីងវិញភ្លាមៗ ណែនជាងមុន២ដង។ លោកគ្រូហ៊ាននិយាយដល់ថ្នាក់នេះហើយ មានន័យថាគាត់ពិតជាមានន័យបែបនោះមែនហើយ ភាពភ័យខ្លាចកាន់តែបុកចូលមកក្នុងបេះដូងបុត្រាកាន់តែច្រើនឡើងៗ រហូតដល់ថ្នាក់គេមានងារម្មណ៍ថារងាឡើងមក។ គេភ័យ គេបារម្ភណាស់ ខ្លាចតែប្រុសម្នាក់នេះច្រានគេចេញម្ដងទៀត គេខ្លាចថា បើគេឈានជើងដើរចេញពីទីនេះទៅ វាដូចនឹងការឈានជើងចេញកាលពីលើកមុន ដែលទម្រាំបានចួបគ្នាម្ដងទៀតក៏ស្ទើរស្លាប់ស្ទើររស់។ អ៊ីហ្វុងខ្លាចគ្រប់យ៉ាង ហើយអ្វីដែលគេខ្លាចបំផុតនោះគឺខ្លាចថាបាត់បង់ប៉ស៊ីងតែម្ដង នេះហើយយុវវ័យដែលត្រូវពិសស្នេហា គឺពិបាកព្យាបាលខ្លាំងណាស់ ពិសនេះអ្នកដែលត្រូវហើយគឺគ្មានថ្នាំបន្សាបទេ ហិហិ។

«លោកគ្រូ លោកគ្រូដាច់ចិត្តឱ្យខ្ញុំត្រលប់ទៅវិញដែរហេ?​» អ៊ីហ្វុងសួរទៅអ្នកដែលកំពុងតែឱបខ្លួនណែនដៃ ហេតុអ្វីក៏ប្រុសម្នាក់នេះតែងតែមាត់ក្បត់ចិត្តរហូតអ៊ីចឹង? ដៃនៅស្រវាឱបគេ ខ្លួនប្រាណក៏បញ្ជាក់ថាត្រូវការគេ ប៉ុន្តែមាត់បែរជាដេញគេទៅវិញ?

«ហឹម…» ប៉ស៊ីងអាចដឹងដល់ទឹកភ្នែកក្ដៅៗ ដែលកំពុងតែស្រក់ហូរនៅលើទ្រូងរបស់ខ្លួន បេះដូងរបស់គាត់ក៏ឈឺចាប់ដូចគ្នា ប៉ុន្តែឱ្យធ្វើដូចម្ដេចបើសិនជាព្រហ្មលិខិតកំណត់មកបែបនេះទៅហើយនោះ? យើងត្រូវរៀនទទួលស្គាល់ការពិតថា មិនមែនគ្រប់របស់ដែលយើងស្រឡាញ់ សុទ្ធតែអាចឱ្យយើងយកមកគ្រប់គ្រងធ្វើជាម្ចាស់បានទេ។ ហើយពេលខ្លះទៀតព្រហ្មលិខិតក៏ឃោរឃៅ គឺឱ្យយើងស្រឡាញ់នូវរបស់ដែលមិនសមនឹងយើង ទោះបីជាស្រឡាញ់ខ្លាំងប៉ុនណា ប៉ុន្តែក៏ត្រូវកាត់ចិត្តទុករបស់នោះឱ្យនៅកន្លែងដែលវាគួរនៅ ហើយក៏សមនឹងវាដូចគ្នា ចំណែកឯអ្នកដែលស្រឡាញ់មិនមើលសមត្ថភាពខ្លួនឯងនោះ ក៏សប្បាយចិត្តត្រឹមបានលួចស្រឡាញ់ លួចសម្លឹងមើលវាពីចម្ងាយ។

«លោកគ្រូ ទុកខ្ញុំជាអ្វីឱ្យប្រាកដ?​» អ៊ីហ្វុងហូរទឹកភ្នែកមកស្ងាត់ៗ ឯមាត់ក៏នៅតែសួរសំណួរដែលតែងតែចង់ដឹងរហូតមក គេស្ដាប់ឮសំឡេងបេះដូងរបស់អ្នកម្ខាងទៀតច្បាស់ៗពេញត្រចៀក ប៉ុន្តែហេតុអ្វីក៏មិនអាចដឹងបានថាតើបេះដូងមួយដួងនេះមានរូបគេនៅខាងក្នុងឬមួយក៏អត់? បើអាច អ៊ីហ្វុងសឹងតែយកកាំបិតមកវះទ្រូងរបស់ប៉ស៊ីងមើលដើម្បីឱ្យប្រាកដចិត្តហើយ។

«ឯងជាសិស្សរបស់យើង» ទៀតហើយ មាត់ក៏វាក្បត់បេះដូងទៀតហើយ ចាប់តាំងពីថ្ងៃចួបគ្នាដំបូង រហូតដល់ព្រមបង្រៀនអ៊ីហ្វុង រហូតដល់ពេលនេះ ប៉ស៊ីងមិនដែលចាត់ទុករាជបុត្រាជាសិស្សម្ដងណាឡើយ អត់សូម្បីតែ១វិនាទី។ លោកគ្រូពេទ្យដឹងច្បាស់នៅក្នុងចិត្តថាមនុស្សម្នាក់នេះមានឥទ្ធិពលចំពោះបេះដូងរបស់ខ្លួន ប៉ុន្តែក៏មិនអាចនិយាយចេញទៅបាន។

«សិស្ស? សិស្សគ្រូឯណាគេមកដេកឱបគ្នាបែបនេះ? លោកគ្រូគិតថាខ្ញុំជាក្មេងអាយុ៣ឆ្នាំមែនទេ? លោកគ្រូគិតថាខ្ញុំអត់បេះដូងហេ? ត្រង់នេះ…» អ៊ីហ្វុងងើបអង្គុយច្រកគាវនៅលើពោះរឹងមាំនោះទាំងខ្លួនននលគោក ហើយក៏ស្រវាចាប់ដៃស្រឡូនស្អាតរបស់អ្នកម្ខាងទៀតឱ្យមកស្ទាបត្រង់មុខរបួសរបស់គេដែលពេលនេះវាហូរឈាមមករឹមៗ៖

«ត្រង់នេះ វាឈឺ» អ៊ីហ្វុងពោលទាំងទឹកភ្នែកហូរសស្រាក់ គេក៏ចេះហត់ ចេះឈឺចាប់ដូចជាមនុស្សទូទៅដែរ អ្នកណាមិនហត់បើប្រុសម្នាក់នេះមាត់ផ្សេង ហើយទង្វើកាយវិការផ្សេងបែបនេះ។

«យើងដឹង ថាឯងឈឺ យើងក៏ឈឺមិនចាញ់គ្នាប៉ុន្មានដែរ» ប៉ស៊ីងដកដៃចេញហើយស្រវាឱបរាងកាយតូចស្ដើងនោះជាប់ពេញរង្វង់ដៃ គាត់អាណិតអ្នកនៅខាងលើ តែក៏អាណិតខ្លួនឯងដូចគ្នា។

«យើងក៏ចង់នៅជិតៗឯង ឱបឯង ហើយក៏ថើបឯងបែបនេះរាល់ថ្ងៃ…»

«តែលោកគ្រូក៏មិនបានស្រឡាញ់ខ្ញុំ» អ៊ីហ្វុងរុញអ្នកម្ខាងទៀតចេញហើយនិយាយកាត់ទាំងទឹកភ្នែកហូរម៉ាត់ៗ ឱបគេ ថើបគេ លះបង់ដើម្បីគេ តែហេតុអ្វីគ្រាន់តែពាក្យស្រឡាញ់មួយម៉ាត់និយាយដើម្បីឱ្យគេសប្បាយចិត្តមិនបាន? ឬមួយថាគេមិនសមតម្លៃនឹងទទួលបានពាក្យនោះមែនទេ?

«អ៊ីហ្វុង…»

«លោកគ្រូមិនបានស្រឡាញ់ខ្ញុំ លោកគ្រូជួយខ្ញុំព្រោះតែកាតព្វកិច្ចជាគ្រូពេទ្យ លោកគ្រូឱបថើបខ្ញុំរាល់យប់ព្រោះតែចាត់ទុកខ្ញុំជារបស់លេង ហើយដែរលោកគ្រូធ្វើបែបនេះចំពោះខ្ញុំក៏ព្រោះតែតម្រូវការត្រូវដែរទេ? លោកគ្រូមិនដែលមានអារម្មណ៍អីចំពោះខ្ញុំបន្តិចណាទេ…ហ្អឹកហ្អឹក»បុរសដែលមានថ្វីដៃខ្លាំងពូកែ អាចវាយឈ្នះសត្រូវរាប់រយនាក់ អាចដេញប្រមាញ់បានគ្រប់ប្រភេទសត្វព្រៃ ប៉ុន្តែពេលនេះបែរជាកំពុងអង្គុយយំទាំងខ្លួនននលគោក ញ័រទទ្រើកលើរាងកាយបុរសម្នាក់ទៀតទៅវិញ។

«វ៉ាង អ៊ីហ្វុង អូនអាចមើលងាយបងបាន តែមិនអាចមើលងាយក្ដីស្រឡាញ់ដែលបងមានចំពោះអូនបានទេ»

«ក្ដីស្រឡាញ់ឯណា? ក្ដីស្រឡាញ់លោកគ្រូមានចំពោះខ្ញុំតាំងពីពេលណាម៉េចក៏ខ្ញុំមើលមិន អ៊ុប…» កំពុងតែយំល្ហេមល្ហាមរៀបរាប់មិនទាន់ចប់ស្រួលបួលផង បបូរមាត់ហើមជាំនោះក៏ត្រូវបានបិទជិតម្ដងទៀត តែលើកនេះក៏ខុសពីលើកមុន ការថើបលើកនេះគឺក្រអូប ផ្អែម ទន់ភ្លន់ប្រៀបដូចជាស្នេហាគ្រាដំបូងដ៏បរិសុទ្ធ ប៉ស៊ីងមិនបានប្រញាប់ប្រញាល់ដូចមុន គាត់ថើបដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលមានចំពោះអ្នកនៅចំពោះមុខ សេចក្ដីស្រឡាញ់ដែលគាត់មានគឺវាជ្រាលជ្រៅ ហើយក៏ធំធេងណាស់ រកពាក្យមកបរិយាយមិនបានទេ។ លោកគ្រូពេទ្យសង្ហាដកបបូរមាត់ចេញពីមាត់តូចស្អាតនោះយឺតៗ ម្រាមដៃវែងស្រឡូនស្អាត ក៏សន្សឹមទៅជូតទឹកភ្នែកចេញពីថ្ពាល់រលោងថ្នមៗ។

«លោកគ្រូមិនដែលនិយាយថាស្រឡាញ់ខ្ញុំទេ លោកគ្រូមិនដែលធ្វើឱ្យខ្ញុំប្រាកដចិត្តពីទង្វើរបស់លោកគ្រូទេ ខ្ញុំវិលវល់ ខ្ញុំហត់ ខ្ញុំ…អ៊ុប…ហឺមម» មិនទាន់និយាយចប់ស្រួលបួលផងក៏ត្រូវអ្នកម្ខាងទៀតចាប់ផ្ដូលហើយគ្រប់គ្រងបបូរមាត់ម្ដងទៀតទៅហើយ ប៉ស៊ីងជ្រួញចិញ្ចើមតិចៗនៅពេលឃើញថាអ្នកម្ខាងទៀតលែងប្រកែក លែងព្យាយាមបិទមាត់ តែបែរជាកំពុងថើបតបតគេវិញ ទើបលោកគ្រូពេទ្យដកបបូរមាត់ចេញហើយសម្លឹងមើលមុខតូចស្អាតនោះ៖

«…» អ្នកដែលត្រូវសម្លឹងក៏ទៅជាម៉ីងម៉ាំង នេះបើគេមិនរអ៊ូ មិនរករឿងគាត់ក៏មិនថើបគេមែនទេ? ចង្រៃយ៍នេះ អម្បាញ់មិញរករឿងដល់ណាភ្លេចបាត់ទៅហើយ។

«សូមទោស»

«សូមទោសធ្វើអី? បើលោកគ្រូមិនបានស្រឡាញ់ខ្ញុំទេ ខ្ញុំទៅវិញក៏បាន» ចប់សំដីងង៉ក់ភ្លាម អ៊ីហ្វុងក៏ត្រូវយកដៃមកខ្ទប់មាត់ភ្លែត នៅពេលដែលមុខសង្ហានោះឡើងមាំហើយក៏ឱនមកជញ្ជក់កញ្ចឹងករបស់គេខ្លាំងៗ រហូតដល់មានអារម្មណ៍ថាឈឺឆៀបៗតែក៏មិនហ៊ានស្រែកព្រោះខ្លាចគេឈប់ធ្វើមែន។

«ធ្វើឱ្យឃើញទាំងខ្លួនប្រាណបែបនេះហើយនៅមិនទាន់ច្បាស់ទៀតឬ?​» ប៉ស៊ីងខ្សឹបសួររង៉ូវៗនៅគៀនកញ្ចឹងកសស្អាតនោះមិនទៅណាឆ្ងាយ។

«មិនច្បាស់ទេ ខ្ញុំត្រូវការសំដី»

«តែទង្វើវាសំខាន់ជាង»

«មិនពិត សំដីសំខាន់ណាស់ ព្រោះបើលោកគ្រូនិយាយឱ្យច្បាស់ៗមកខ្ញុំក៏មិនចាំបាច់ឈឺក្បាលវិលមុខនិងវិភាគពីទង្វើរបស់លោកគ្រូដែរ»

«តែ…»

«លោកគ្រូកុំយករឿងឋានៈអីមកនិយាយជាមួយខ្ញុំឱ្យសោះ ព្រោះមនុស្សបើគេស្រឡាញ់យើងមែន គេមិនមែនចុះចាញ់គ្រាន់តែរឿងប៉ុណ្ណឹងទេ» អ៊ីហ្វុងយកដៃគ្រើមៗនោះទៅខ្ទប់បបូរមាត់ស៊ិចស៊ីរបស់ប៉ស៊ីងជាប់មិនឱ្យនិយាយអ្វីចេញមកទៀត គេដឹងថាលោកគ្រូពូកែគិតច្រើន គិតគ្រប់ជ្រុងល្អិតល្អន់គ្រប់បែបយ៉ាង ប៉ុន្តែរឿងខ្លះប្រសិនបើយើងរវល់តែចំណាយពេលគិតឱ្យល្អិត ហ្មត់ពេកនោះវាប្រកដជាខកឱកាសមិនខាន។

«អឹម» ប៉ស៊ីងងើបមុខពីប្រឡោះបុត្រាភ្លាមៗ បើគេក្លាហានដល់ថ្នាក់នេះហើយ គាត់ជាមនុស្សប្រុសក៏គួរតែហ៊ានពុះពារដើម្បីស្នេហាដែរ មិនគួរកំសាកពេកទេ ចាត់ទុកថាប្រថុយម្ដងទៅចុះ បើជោគជ័យក៏មានក្ដីសុខជាមួយមនុស្សដែលខ្លួនស្រឡាញ់បានមួយជីវិត តែបើបរាជ័យក៏ទុកជាបទពិសោធន៍ ហោចណាស់ក៏បានសាកដែរ កុំឱ្យគេថាសុខចិត្តចុះចាញ់ទាំងមិនទាន់ធ្វើសង្គ្រាម។

«លោកគ្រូ ធ្វើអីនឹង?​» អ៊ីហ្វុងសួរអ្នកដែលប្រះខ្លួនគេងនៅក្បែទាំងមិនសូវយល់ ក្រែងមុននេះក៏ថើបក ថើបមាត់ហី ហើយចុះម៉េចពេលនេះមកដេកស្ងៀមៗចឹង?

«គេង យប់ហើយ» ៣ម៉ាត់ដ៏សែនមានន័យរបស់ប៉ស៊ីងនេះលែងអ៊ីហ្វុងដល់បាត់មាត់សូន្យឈឹង អ្នកណាមិនក្ដៅនែក មកដុតហើយក៏ដើរចេញពើយធ្វើមិនដឹង។ ព្រះរាជបុត្រាកន្ទក់កន្ទេញប្រែខ្នងដាក់ប៉ស៊ីង ទាំងមុខក្រម៉ូវមិនសុខចិត្ត មិនដឹងស្អីទេស ចិត្តមានតែមួយសោះប្រែលឿននោះលឿន។ លោកគ្រូពេទ្យសង្ហាលូកដៃទៅស្រវាឱបរាងតូចស្ដើងនោះ ទាញមកផ្អឹបជាប់នឹងទ្រូងកក់ក្ដៅថ្នមៗ គាត់ឱនថើបស្មាអ៊ីហ្វុងតិចៗ ហើយក៏ដាក់ក្បាលលើខ្នើយបិទភ្នែកគេងលែងគិតអ្វីច្រើន ចាប់ពីពេលនេះទៅ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ក៏គាត់នឹងកាន់ដៃមនុស្សម្នាក់នេះឱ្យជាប់ ឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នា មិនរាថយឡើយ។

ព្រឹកថ្ងៃថ្មី…

«បងថាទៅមើល ក្មេងម្នាក់នោះមានមុខមាត់ដូចអូនទេ?​» សៀវស៊ីងលួចមកឈរខ្សឹបស្វាមីដែលកំពុងតែកាប់អុស ព្រមទាំងបូញមាត់ចង្អុលទៅកាន់អ៊ីហ្វុងដែលពេលនេះកំពុងតែមមាញឹកច្រកថ្នាំឱ្យអ្នកជំងឺតាមវេជ្ជបញ្ជារបស់ប៉ស៊ីងផង។

«មិនដូចទេ សៀវស៊ីងរបស់បងស្អាតជាង» លោកមេទ័ពនិយាយព្រមទាំងយកដៃមកចាប់ច្របាច់ថ្ពាល់ប៉ោងស្អាតរបស់សំណព្វចិត្តគាត់តិចៗផង តែក៏ត្រូវអ្នកម្ខាងទៀតវាយមួយដៃឮសូរតែផាច់!

«ដៃឱ្យគគ្រិច ចេះយកមកចាប់មុខគេទៅកើត ស្អប់ណាស់» សៀវស៊ីងសម្លក់មុខស្វាមីទាំងមាត់នៅស្ដីបន្ទោសមិនបាត់ ឯភ្នែកក៏រវល់តែសម្លឹងមើលទៅក្មេងប្រុសដែលមានរូបរាង កម្ពស់កំពរ មុខមាត់ គឺប្រហាក់ប្រហែលគេតែម្ដងហើយ។

«បងថាទេ អាស៊ីងថ្ងៃនេះដូចជាសប្បាយចិត្តប្លែកជាងរាល់ថ្ងៃ»

«ហឹម! ប្រហែលបានមិត្តមកលែងទេដឹង» ប៉វិនឆ្លើយតាមមើលឃើញ កូនប្រុសថ្ងៃនេះក៏ឱស្សាហ៍ញញឹម ហើយស្នាមញញឹមនោះទៀតសោតក៏មិនមែនជាស្នាមញញឹមដែលគ្រាន់តែញញឹមយកគួរដូចរាល់ដង វាជាស្នាមញញឹមមានក្ដីសុខដែលប៉វិននិងសៀវស៊ីងខានឃើញមកជាយូណាស់ទៅហើយ។ ទាំង២នាក់សន្មតនៅក្នុងចិត្តថា ក្មេងដែលទើបតែបង្ហាញខ្លួនឡើងក្នុងថ្ងៃនេះ ប្រាកដជាមានអ្វីពិសេសលើសពីមិត្តជាមួយកូនប្រុសមិនខាន តែក៏មិនសួរនាំដេញដោលច្រើនព្រោះគិតថា មិនយូមិនឆាប់កូនប្រុសនឹងនាំមកណែនាំដោយខ្លួនឯង។

«តែអូនថាក្មេងម្នាក់នោះគួរឱ្យស្រឡាញ់ណាស់» ស្នាមញញឹមស្រស់ ភ្នែកធំ ច្រមុះស្រួច បបូរមាត់មានរាងទោះហើមជាំបន្តិចប៉ុន្តែក៏នៅតែរក្សាបាននូវទម្រង់ស្រស់ស្អាតដដែល ក្មេងម្នាក់នេះពិតជាមានសម្រស់ស្អាតដូចជាផ្កាម្លិះដែលទើបនឹងរីកហើយត្រូវទឹកសន្សើមនៅពេលព្រឹកបែបនោះឯង។

«គួរឱ្យស្រឡាញ់មែនហើយ តែអូនគួរឱ្យស្រឡាញ់ជាង» លោកមេទ័ពនិយាយតាមអ្វីដែលមើលឃើញ ចាប់តាំងពីស្គាល់គ្នាជិត៣០ឆ្នាំមកនេះ ប៉វិនក៏មិនដែលមើលអ្នកណាឃើញស្អាតជាងសៀវស៊ីងរបស់គាត់ឡើយ ព្រមទទួលស្គាល់ថាក្មេងម្នាក់នោះស្អាត ស្រស់ស្រាយ គួរឱ្យស្រឡាញ់ ប៉ុន្តែនៅក្នុងកែវភ្នែករបស់គាត់ សៀវស៊ីងនៅតែល្អជាង ស្អាតជាង ហើយក៏គួរឱ្យស្រឡាញ់ជាងដដែល។

«មែនឬ?​» សៀវស៊ីងញញឹមស្រស់សួរទៅកាន់ស្វាមីទាំងថ្ពាល់ក្រហមទុំ។

«មែនណា ជាពិសេសពេលដែលអូនស្រែកថា លោកមេទ័ព លោកមេទ័ពតិចៗ តិចៗបានហើយ» ប៉វិនរៀបរាប់ព្រមទាំងធ្វើសំឡេងតូចៗតាមតម្រាប់សៀវស៊ីងផង ឯអ្នកដែលមុខក្រហមមុននោះក៏កាន់តែក្រហមថែមទៀត លើកដៃមកវាយស្មាស្វាមីខ្លាំងៗ ស្នាមញញឹមអឹមអៀនអម្បាញ់មិញក៏ប្ដូរមកជាក្រម៉ូវមួយរំពេច។

«ចាស់ហើយនៅហ៊ាននិយាយពាក្យអស់នេះចេញមកទៀត»

«អីយ៉ា អូនគិតដល់ណា បងចង់មានន័យដល់ពេលដែលបងធ្វើសរសៃចង្កេះឱ្យអូននឹងណា ចេះគិតផ្ដេសផ្ដាសទៅកើត» ប៉វិនស្ដីឱ្យសៀវស៊ីងទាំងជ្រួញចិញ្ចើមជាប់ ធ្វើមុខហាក់ដូចជាខឹងមែនទែន ប៉ុន្តែក៏មានចេតនាញ៉ោះសរសៃប្រសាទ រហូតដល់អ្នកម្ខាងទៀតទ្រាំនៅមិនបានត្រូវសម្រេចចិត្តចុះចាញ់ដើរទៅលក់បាយបន្ត ឯលោកមេទ័ពក៏ញញឹមគ្រវីក្បាលមើលដំណើរប្រពន្ធដោយខ្សែភ្នែកពោរពេញដោយក្ដីស្រឡាញ់។

«កូនទៅអាទិត្យក្រោយហើយមែនដែរទេ?​» សៀវស៊ីងធ្វើមុខស្រងូត សួរទៅកូនប្រុសដែលកំពុងតែអង្គុយហូបបាយនៅទល់មុខគ្នា កូនទើបតែមកមិនបានប៉ុន្មានផង ក៏មកប្រាប់ថាត្រូវទៅទៀតហើយ ទ្រូងអ្នកជាម្ដាយនេះក៏ស្ទើរតែប្រះបែកជាបំណែកៗនៅពេលឮថាកូនត្រូវចាកចេញម្ដងៗ។

«បាទ» ប៉ស៊ីងឆ្លើយយ៉ាងសុភាពទៅកាន់ម្ដាយ ព្រមទាំងមកញញឹមតិចៗដាក់អ៊ីហ្វុងដែលកំពុងតែអង្គុយនៅជិតគេផង។

«ចុះនាំគ្នាមករស់នៅទីនេះ មិនបានឬកូន?​» សៀវស៊ីងចាប់ផ្ដើមចង់អួលដើមកមកទៀតហើយ ប៉វិនឃើញបែបនោះក៏យកដៃមាំទៅអង្អែលខ្នងប្រពន្ធថ្នមៗ គេក៏នឹកកូនដូចគ្នា ប៉ុន្តែប្រសិនបើកូនមានមហិច្ឆតាបែបនេះហើយ យើងជាឪពុកម្ដាយក៏ត្រូវតែបណ្ដោយកូនឱ្យគេទៅរស់នៅជីវិតដែលគេចង់បានដែរ។ ឪពុកម្ដាយបង្កើតកូនចេញមកក៏ពិតមែន ប៉ុន្តែមិនអាចបង្ខឹតបង្ខំកូនឱ្យដើរតាមគន្លងដែលខ្លួនចង់បានឡើយ ព្រោះមនុស្សម្នាក់ៗមានជីវិតជារបស់ខ្លួនរៀងៗខ្លួន ចំណែកឯអ្នកមានគុណក៏បានត្រឹមឈរមើលកូនៗរបស់ខ្លួនអាចជោគជ័យលើផ្លូវជីវិតដែលពួកគេរើសពីចម្ងាយតែប៉ុណ្ណោះ។

«អាហ្វុងមានការងារច្រើនទៀតដែលត្រូវរៀនសូត្រ តួនាទីមុខដំណែងនៅក្នុងថ្ងៃអនាគតក៏ទាមទារទំនួលខុសត្រូវខ្ពស់ មិនអាចចោលបានទេ» ប្រសិនបើអ្នកម្ខាងទៀតមិនអាចមករស់នៅជាមួយខ្លួនបាន ប៉ស៊ីងមានតែធ្វើខ្លួនជាអ្នកដែលទៅតាមគេវិញម្ដងត្រូវទេ? ព្រោះស្នេហាគឺវាកើតឡើងដោយមនុស្សពីរនាក់ ដូច្នេះហើយបើមនុស្សម្នាក់ចួបការលំបាក ម្នាក់ទៀតក៏ត្រូវតែជាដំណោះស្រាយ ជួយចូកជួយចែវគ្នាទើបស្នេហាអាចបន្តទៅមុខបាន។

«ហឹម!» ដោយឃើញកូនហាក់ដូចមិនចង់និយាយតទៀត ប៉វិនក៏លូកដៃមកចាប់ដៃប្រពន្ធច្របាច់ថ្នមៗ កែវភ្នែកដែលសម្លឹងមុខតូចស្អាតនោះក៏បង្ហាញពីអារម្មណ៍ស្រឡាញ់ស្ទើរលេប សៀវស៊ីងឱនមុខចុះហើយជូតទឹកភ្នែកស្ងាត់ៗធ្វើឱ្យកូនប្រុសត្រូវប្រញាប់រត់មកឱបម្ដាយជាប់ កែវភ្នែកក៏ឡើងក្រហមតែតព្រោះប្រឹងទប់ទឹកភ្នែកដូចគ្នា។ សៀវស៊ីងស្រវាឱបកូនប្រុសតែមួយត្រួយបណ្ដូលចិត្តជាប់ណែនដៃ៖

«កូនប្រុសម៉ែ តាំងពីតូចមកម៉ែមិនដែលសូវបានមើលថែទេ រហូតដល់កូនចេញទៅរៀនសូត្របាត់ទម្រាំត្រលប់មកផ្ទះវិញ ហើយឥឡូវជិតចាកចេញពីម៉ែទៀតហើយ…» និយាយបានប៉ុណ្ណោះទឹកភ្នែកក៏ច្រាលចេញមក បណ្ដាលឱ្យអួលដើមកនិយាយមិនរួចតទៅទៀត ប៉ស៊ីងយកដៃទៅផ្ដិតទឹកភ្នែកឱ្យម្ដាយថ្នមៗ គេក៏មិនចង់បែកពីម្ដាយដែរ តែបើបណ្ដោយឱ្យអាហ្វុងត្រលប់ទៅវិញម្នាក់ឯងហាក់ដូចមិនសម ម្ខាងស្រឡាញ់ម្ដាយណាស់ តែចិត្តម្ខាងទៀតក៏បារម្ភអ៊ីហ្វុងខ្លាំងដូចគ្នា។

«ម៉ែ ម៉ែកុំបារម្ភអីណា ចាំកូនមានផ្ទះ មានប្រាក់ច្រើន កូននឹងមកទទួលម៉ែពុក ទៅនៅជាមួយ» ប៉ស៊ីងថើបដៃម្ដាយថ្នមៗ ព្រមទាំងញញឹមហើយសម្លឹងមើលទៅកែវភ្នែកទន់ភ្លន់របស់អ្នកមានគុណដោយអារម្មណ៍ក្ដុលក្ដួល។

«ពេលកូនមានផ្ទះ មានប្រាក់ មានគ្រួសារហើយ មិនបាច់គិតពីពុកម៉ែទៀតទេណាកូនណា មកអើតយូៗម្ដងបានហើយ ព្រោះកុំឱ្យប្រពន្ធកូននិងកូនលំបាកធ្វើដំណើរឆ្ងាយ» សៀវស៊ីងផ្ដាំកូនប្រុសទាំងសំឡេងអណ្ដឺតអណ្តក ពេលកូនមានគ្រួសារ ខ្លួនឯងជាម្ដាយឪពុកក៏លែងហ៊ានទាមទារឱ្យគេគិត ឱ្យគេមកលែង ឱ្យគេខ្វល់ទៀត ព្រោះគេក៏មានគ្រួសាររបស់គេសម្រាប់មើលថែដែរ។

«ម៉ែកុំនិយាយបែបនោះអី កូនម៉េចនឹងអាចចោលម៉ែនិងពុកនោះ?​» ប៉ស៊ីងសម្លឹងមុខម្ដាយក្នុងន័យបន្ទោស គេម៉េចនឹងទុកអ្នកមានគុណទាំង២ឱ្យនៅតែពីរនាក់កណ្ដោចកណ្ដែងបែបនេះបានទៅ? ទាំង៣នាក់ ពុក ម៉ែ កូន សម្លឹងមុខគ្នាស្ងាត់ៗទាំងក្នុងចិត្តនៅអាឡោះអាល័យគ្នាមិនបាត់ តែម្នាក់ៗក៏លែងហ៊ាននិយាយអីចេញមកទៀតដែរ ព្រោះមិនចង់ឱ្យបរិយាកាសកាន់តែកំសត់ជាងនេះ។

«គិតអីនឹង?​» ពេលចូលមកដល់ក្នុងបន្ទប់ហើយ ប៉ស៊ីងក៏សួរទៅអ្នកដែលកំពុងតែភ្លឹកសម្លឹងមើលទៅខាងក្រៅ។

«គិតថា បើចាស់ទៅបានមកនៅទីនេះក៏ល្អ អាកាសធាតុបរិសុទ្ធ ដីក៏អំណោយផលល្អ មើលចុះផ្ទះម៉ែពុកលោកគ្រូក៏មានដំណាំគ្រប់ប្រភេទសឹងតែមិនបាច់ទិញពីផ្សារទៅហើយ» អ៊ីហ្វុងឆ្លើយបណ្ដើរ ងាកទៅឱបចង្កេះអ្នកដែលឈរនៅកៀនខ្លួនបណ្ដើរ ឯប៉ស៊ីងក៏លើកដៃអង្អែលខ្នងគេវិញថ្នមៗ។

«ហឺម» លោកគ្រូពេទ្យដកដង្ហើមធំ គេក៏ចង់នៅទីនេះដែរ ប៉ុន្តែពេលនេះវាមិនទាន់អំណោយផលនៅឡើយ។

«លោកគ្រូ ដឹងទេថាលោកគ្រូមានភ្នែក ច្រមុះ មាត់ដូចពុកលោកគ្រូណាស់ តែបែរជាមានទម្រង់មុខដូចម្ដាយលោកគ្រូទៅវិញ ពេលខ្លះខ្ញុំចង់ច្រឡំលោកគ្រូនឹងពុកលោកគ្រូម្ដងៗក៏មានដែរ»

«ច្រឡំអី បងសង្ហាជាង» ប៉ស៊ីងនិយាយទាំងសើចបញ្ចេញធ្មេញធំៗគួរឱ្យស្រឡាញ់របស់ខ្លួនផង ធ្វើឱ្យអ៊ីហ្វុងត្រូវជ្រួញច្រមុះជ្រេញជាខ្លាំង តែក៏ត្រូវទទួលស្គាល់ការពិតដដែល៖

«ត្រូវហើយ លោកគ្រូសង្ហាជាង» គេឆ្លើយទាំងឈ្មុលមុខនឹងទ្រូងរឹងមាំ កក់ក្ដៅនោះជាប់ ច្រមុះក៏ស្រូបយកក្លិនក្រអូបប្រហើរចេញពីខ្លួនកំលោះសង្ហា ក្លិនក្រអូនស្រាលៗបែបនេះមានមន្តស្នេហ៍ខ្លាំងមែនទែន បានហិតហើយលង់ងើបក្បាលមិនរួចដូចជាគេពេលនេះអ៊ីចឹង។

«លោកគ្រូ…បើយើងនៅទីនេះបន្តលោកគ្រូគិតយ៉ាងម៉េចដែរ?​»

«ស្រេចតែអូន» ប៉ស៊ីង មិនដែលតាំងចិត្តថានឹងជំទាស់សំណព្វចិត្តគេស្រាប់ទៅហើយ ម្នាក់នេះចង់បែបណា គេក៏បត់បែនតាមគ្រប់យ៉ាង សុំឱ្យតែអ៊ីហ្វុងសប្បាយចិត្ត និងមានសុភមង្គល ឱ្យធ្វើអីគេក៏ព្រម។

«បើអ៊ីចឹងនៅទីនេះបន្តល្អទេ ចាំយូៗចាំទៅខាងនោះម្ដងក៏បាន»

«ចុះពុកម៉ែអូននោះ?​»

«មិនអីទេ បើអូននឹកគាត់ យើងក៏អាចទៅលែងគាត់បាន មិនអ៊ីចឹង?​»

«ហឹម»ប៉ស៊ីងអង្អែលខ្នងតូចស្អាតនោះថ្នមៗហាក់ដូចជាចង់លួងលោម គេឱនទៅថើបថ្ពាល់រលោងស្រិលខ្សឺតៗទើបនិយាយ៖

«អរគុណ» អ៊ីហ្វុងបើកភ្នែកធំៗបង្កើនភាពគួរឱ្យស្រឡាញ់ថែមមួយកម្រិតទៀត គេឆ្ងល់ថាហេតុអ្វីក៏នៅសុខៗបុរសម្នាក់នេះមកអរគុណគេវិញ?

«រឿងអី?​»

«អរគុណដែលអូនស្រឡាញ់បង» ប៉ស៊ីងស្រមៃមិនចេញរូបភាពខ្លួនឯងលង់ស្រឡាញ់អ្នកផ្សេង គេស្រមៃមិនចេញទេថាតើជីវិតគេនឹងទៅជាយ៉ាងណាបើមិនបានចួប មិនបានលង់ស្រឡាញ់អ៊ីហ្វុង? តើពេលនេះគឹកំពុងតែដេកលើគំនរប្រាក់ហើយគ្មានសេចក្ដីសុខមែនទេ? តើគេប្រហែលជាត្រូវរៀបការជាមួយព្រះនាងឆ្កួតឡប់ដែលគេមិនចាំសូម្បីតែឈ្មោះនោះត្រូវទេ? អត់ទេសូមឈប់គិតព្រោះមិនចង់គិតតទៀត។

«ចុះ…តើបង…បងស្រឡាញ់ខ្ញុំវិញទេ​?​» អ៊ីហ្វុងឱបចង្កេះប៉ស៊ីងជាប់ បែរមុខមកសម្លឹងមើលគេចំៗ ចាត់ទុកថានេះជាឱកាសចុងក្រោយហើយណាលោកគ្រូស៊ីង បើនៅតែធ្វើមិនបានល្អទៀតតិចអត់មានប្រពន្ធឱបទៅ។ ប៉ស៊ីងចាប់ចង្ការតូចស្អាតនោះផ្ងើយឡើងតិចៗ គាត់ទម្លាក់បបូរមាត់ទៅថើបមាត់តូចស្អាតនោះថ្នមៗ ហើយក៏ខ្សឹបៗក្បែបបូរមាត់នោះ៖

«ស្រឡាញ់ ស្រឡាញ់តាំងពីថ្ងៃដែលចួបមុខគ្នាដំបូងមកម្ល៉េះ» អ៊ីហ្វុងញញឹមខ្ចិបស្រវាឱបលោកគ្រូពេទ្យណែនដៃ តែប៉ុណ្ណេះគេក៏ស្ងប់ចិត្ត ពាក្យបីម៉ាត់នេះហើយដែលគេចង់បាន ជាពិសេសចង់បានចេញពីមាត់បុរសម្នាក់នេះ។

«អូនក៏ស្រឡាញ់បងដូចគ្នា លោកគ្រូពេទ្យសង្ហា»

«បាទ លោកសេនាពូកែរបស់បង»

៥ឆ្នាំកន្លងផុតទៅ…

«អាស៊ីង ចុះមកភ្លាម!!» សៀវស៊ីងឈរច្រត់ចង្កេះស្រែកហៅកូនប្រុសដែលកំពុងតែឡើងទៅឈរនៅលើតុឈើសម្រាប់ដាក់ម្ហូប ផ្ទះតូចកាលមុនក៏ត្រូវរើ ជំនួសដោយផ្ទះថ្មីដែលមានរូបរាងដូចកាលមុនបេះដាក់គ្រាន់តែមានទំហំធំជាងមុនប៉ុណ្ណោះ ជីវភាពគ្រួសារលោកមេទ័ពក៏ផ្លាស់ប្ដូរដែរ ពេលនេះពួកគាត់បានបើកហាងលក់បាយ ជាមួយនឹងតៀមសម្រាប់ព្យាបាលជំងឺនៅឯជើងភ្នំដែលមានភ្ញៀវណែនៗសឹងតែរាល់ថ្ងៃ។

«មិនចុះទេ» ប៉ស៊ីងពេលនេះកំពុងតែឈរនៅលើតុដាក់ម្ហូបភ្នែកក៏សម្លឹងមើលក្រោមមិនឈប់។

«ពុករបស់ឯងជាមេទ័ព សម្លាប់សត្រូវដូចដកស្មៅ ដៃប្រប្រឡាក់ឈាមរាល់ៗថ្ងៃ តែឯងមើលឯងធ្វើចរិតចុះ» សៀវស៊ីងសែនហួសចិត្តនឹងចរិតខ្លាចមិនសមហេតុផលរបស់កូនប្រុសជាខ្លាំង លោកអើយមើលចុះបុរសមានមាឌធំ រូបរាងខ្ពស់ស្រឡៈកំពុងតែរត់ឡើងទៅឈរលើតុព្រោះគេខ្លាចដង្កូវមួយក្បាលដែលកំពុងវារនៅជិតនោះ ព្រះ! ឯណាប្រេងខ្យល់យកឱ្យសៀវស៊ីងបន្តិចមក។

«ម៉ែកុំកុហក បើតាមខ្ញុំចាំពេលពុកស្គាល់ម៉ែគាត់ក៏ឈប់ធ្វើសង្គ្រាមទៅហើយ ហើយកុំទៅរម្លឹកអីរឿងប្រឡាក់ឈាមអី ដៃខ្ញុំនេះវាក៏ប្រឡាក់ឈាមមិនលោះថ្ងៃដូចគ្នា»ប៉ស៊ីងនៅឈរលើតុមិនព្រមចុះ មាត់ប្រកែកយកឈ្នះជាមួយម្ដាយ ឯភ្នែកក៏សម្លឹងទៅដង្កូវដែលកំពុងវារគួរឱ្យខ្ពើមនោះមិនហ៊ានព្រិច មានតែអ្នកខ្លាចទេទើបយល់អារម្មណ៍មួយនេះ។

«ចុះមក អូនចាប់វាយកទៅបោះចោលបាត់ហើយ» អ៊ីហ្វុងងាកទៅញញឹមប្រាប់អ្នកដែលកំពុងឈរលើតុ ប៉ស៊ីងក៏ប្រញាប់ចុះមកក្រោមហើយថើបថ្ពាល់រលោងរបស់អ្នកដែលកំពុងតែលើកម្ហូបពេលល្ងាចមកផង។

«ពុកមកហូបបាយ» គេស្រែកហៅពុកគេដែលកំពុងតែស្រោចបន្លែកៀនផ្ទះដោយសំឡេងឮៗ។

«បងហូបឆាស្ពៃនេះទៅ អាហ្វុងពូកែធ្វើណាស់» សៀវស៊ីងចាប់ឆ្ពាស្ពៃតឿដែលអ៊ីហ្វុងជាអ្នកធ្វើឱ្យស្វាមីហូប ឯប៉វិនក៏បានដូចចិត្ត គាត់ចាប់ស្ពៃមួយដុំដាក់ចូលក្នុងមាត់ ហើយក៏បើកភ្នែកធំៗនិយាយឡើយ៖

«ឆ្ងាញ់ណាស់ ប៉ុន្តែនៅចាញ់ស្នាដៃអូនបន្តិច» អ៊ីហ្វុងដែលខំចាំស្ដាប់ពាក្យសរសើរចេញពីមាត់ពុកក្មេកក៏សើចខ្លាំងៗចេញមក ការមករស់នៅជុំគ្នា៥ឆ្នាំមកនេះធ្វើឱ្យគេដឹងថា ស្នេហាដែលលោកមេទ័ពប៉វិនមានចំពោះសៀវស៊ីងគឺអស្ចារ្យខ្លាំងណាស់ មិនថាអ្នកណាមកពីណា ល្អប៉ុនណាទេ ក៏នៅតែចាញ់ប្រពន្ធគាត់ជានិច្ច។ ព្រះរាជបុត្រាបែរទៅសម្លឹងមើលមុខប៉ស៊ីងដែលកំពុងតែញញឹមស្រស់នៅជិតនោះព្រមទាំងគិតក្នុងចិត្តថា បើពេលចាស់ទៅប៉ស៊ីងស្រឡាញ់គេបានតែមួយចំណិតដែលប៉វិនស្រឡាញ់សៀវស៊ីងគេក៏អស់ចិត្តដែរ។

«អ៊ីចឹងបងសាកភ្លក់សាច់ទាខ្វៃនេះម្ដងមើល» សៀវស៊ីងបន្តចាប់ភ្លៅទាឱ្យស្វាមីដោយក្ដីស្រឡាញ់ ព្រមទាំងធ្វើទឹកមុខភ័យអររង់ចាំស្ដាប់ចម្លើយទៀតផង។

«ឆ្ងាញ់ដែរ ប៉ុន្តែនៅតែចាញ់ស្នាដៃអូន»

«អីយ៉ា!! កញ្ចាស់ប៉វិន ទាខ្វៃនេះអូនជាអ្នកធ្វើដោយផ្ទាល់ដៃ ម៉េចក៏បងនិយាយបែបនេះបាន»

«គឺព្រោះតែបងមិនចង់ឱ្យអូនហត់នឹងធ្វើវាទៀតនឹងណា» លោកមេទ័ពងាកមកសើចញឹមៗដាក់ម្ចាស់ស្នេហ៍របស់គាត់តិចៗ នេះហើយចំណេះជិះកឯង។ ប៉ស៊ីង អ៊ីហ្វុង ប៉វិននិងសៀវស៊ីង អង្គុយហូបបាយជុំគ្នា ជជែកគ្នាពីនេះពីនោះយ៉ាងហូហែរ បរិយាកាសដែលធ្លាប់តែស្ងាត់ជ្រងំរបស់ផ្ទះយាយស៊ីងនិងតាវិន ពេលនេះក៏ជំនួសដោយសំណើច សំឡេងជជែកគ្នា ប្រលែងគ្នាមិនដាច់សូរ ពីផ្ទះដែលមានជីវភាពសមល្មម មកក្លាយជាអ្នកមានធូធារស្ដុកស្ដម្ភ ពីតាយាយដែលម្ង៉ៃៗក៏អង្គុយចាំតែផ្លូវកូន ពេលនេះក៏ក្លាយជាឪពុកម្ដាយដែលមានសេចក្ដីសុខរហូតដល់អ្នកស្រុកច្រណែន។ ជីវិតគូរគឺបែបនេះហើយ ពេលខ្លះបើយើងស្រឡាញ់គេ យើងត្រូវតែហ៊ានបង្ហាញពីអារម្មណ៍របស់យើងឱ្យគេបានដឹង បើយើងស្រឡាញ់អ្វីមួយហើយនោះ កុំខ្លាចក្នុងការតស៊ូដើម្បីវាឱ្យសោះ ព្រោះថាលទ្ធផលរបស់វាអាចជាសេចក្ដីសុខពេញមួយជីវិតរបស់យើងក៏ថាបាន។ នៅចាំអីទៀត បើស្រឡាញ់អ្នកណាម្នាក់ប្រញាប់សារភាពទៅ តែអ្នកសរសេរសូមប្រឡាក់ទុកម្នាក់ឯងហើយ ហិហិ។។

ចប់