រឿង៖ នេតយ៉ង់រឿងចាស់

នៅលើផ្លូវ​វិលមកស្រុកកំណើត បេះដូងលោតចោល​ដោយស្ងប់ឈឹងរាប់ពាន់សែនដង្ហើម ក៏គ្មានពាក្យពេចន៍ណាអាចនិយាយចេញមកឱ្យធូរទ្រូងខ្លះបានឡើយ។ ពេលវេលា​កន្លងទៅ​ដូចជាផ្សែងស្រអាប់ គ្រប់យ៉ាង​លឿនណាស់ នៅសល់តែសំណោកអនុស្សាវរីយ។

ទោះថ្ងៃនោះ​មិន​ស្គាល់​គ្នា  ឬបានជាជ្រុលស្គាល់គ្នា ហេតុអ្វី​យើងត្រូវ​មាន​លទ្ធផលចុងក្រោយ​របៀបនេះ។

ឡាន​ឈ្នួលឈប់តាមការបង្គាប់របស់គេ។

វិសាល​ចុះ​ជាមួយសាក់កាដូកម្សត់។

វិទ្យាល័យនេតយ៉ង់នៅក្រៀមក្រំឯត្រើយម្ខាង បេះដូងមួយនេះ​លាន់សូរសំណើចរងំ​កាលពីពេលក្មេងៗមក។ ​ពេល​ជួប​មុខគ្នាចុងក្រោយនាប្របមាត់ស្ទឹង នាង​​ពេញ​ទៅ​ដោយ​ទឹកភ្នែក ពាក្យមិនចង់បែក បានក្លាយជា​ទឹក​កករលាយ​ក្រោមកំដៅព្រះទិនករ​។

«រឿងយើងចប់ហើយមែនទេ?»

ពាក្យនាងបានសួរចុងក្រោយបង្អស់។

គេមិនអាចសន្យាអ្វីបាន ព្រោះគេគ្មានអ្វីសម្រាប់សន្យា។

សូម្បីស្នាមថើបមួយក៏មិនធ្លាប់មានជាមួយគ្នា ចុះហេតុអ្វីអាចស្រក់ទឹកភ្នែកឱ្យគ្នា​បានរាប់ពាន់ខ្សែ?

«វិសាលមែនទេ?​វិសាលហើយថាមិនវិសាល!»

បងស្រី​លក់ទឹកកកឈូសក៏ចាស់ច្រើនដែរ។ គាត់ញញឹម​រត់មករាក់ទាក់។ វិសាលញញឹម​ដែរតែជាស្នាមញញឹមនៃបេះដូងប្រេះស្រាំខ្ទេច។

«អង្គុយមកសាលអើយ!»

«បាទ!»

គេអង្គុយចុះ។ អតីតកាលរំលេចមកវិញ ទឹកកកមួយកែវពីរនាក់អត់ដាក់គ្រាប់ជី ដាក់សណ្តែកក្រហមឱ្យច្រើនព្រោះគេចូលចិត្ត។

«មកបុណ្យមុនីមែន​ទេសាល?!»

បងអ្នកលក់សួរមក រំពឹងដែរទេ​ថា​បេះដូងមួយនេះត្រូវបានខូចខ្ទេចខ្ទី​នឹង​អនុស្សារនៅនេតយ៉ង់។ ពន្លឺព្រះអាទិត្យ​ខ្សោយៗ ភ្លៀងស្រោចមករពុយៗ ស្នាមញញឹម​ដែល​បាត់បង់ទៅបណ្តើរៗក្នុងរយៈពេល​ដប់​ឆ្នាំមកនេះ ចិត្តគេ​​ស្លាប់​ហើយ …..បើទោះបីជាបាន​​រស់ ក៏រស់​នៅ​ងងឹត​សូន្យ​ឈឹងគ្មានពន្លឺទេ។

«មុនីឈឺអីបង ហេតុអីគេស្លាប់?»

«ឮអ្នកនៅជិតខាងប្រាប់ថាជា រោគស្រី្តឈឺយូរហើយ ! ដែលរឹតតែអនោចអធម៌ ប្តីបានចុះចោល ទុកគ្នា​ឈឺស្លាប់ម្នាក់ឯង !»

នៅពេល​ខ្យល់បោកគ្រាប់ភ្លៀងមក រឿងចាស់ៗ​ ដែលចិត្ត​មិនព្យាយាមចងចាំទេបែរជារម្លឹកមកវិញ​ព្រោះ

ការភ្លេចមនុស្ស​ម្នាក់ដែលបេះដូងយើងបានចងចាំ គឺពិបាកណាស់។

ងាកទៅម្ខាងកុំឱ្យអ្នកដទៃឃើញទឹកភ្នែកនេះ គេ​ក៏ឃើញ​ដើម​ជ្រៃក្រឹមចាស់។ រុក្ខានៅអមផ្លូវ​ចូលទៅអនុស្សាវរីយពីកុមារភាព។ មនុស្សពីរនាក់ធំឡើងមកជាមួយ​គ្នា ហើយក៏ស្រឡាញ់គ្នា។ សម្ព័ន្ធសន្យាមិនបានថ្លាថ្លែងជាសម្តី តែ​ក្រោយមកអ្វីៗក្លាយជារឿងបេះដូងដ៏ជ្រាលជ្រៅ។

«ភ្លៀងហើយ! តោះៗទទូរសិនទៅ!»

«កុំណា៎វិសាល ប្រយ័ត្នទទឹកកម្រាលតុគ្រូទេ!»

«ភ្លៀងអ៊ីចឹងស្មានថាគ្រូមក?»

«ចុះបើគាត់មក!»

«ប្រាប់ថាសាចភ្លៀងត្រូវទៅ!»

«ប៉ិនកុហកម៉្លេះ​ដឹងបាបដែរ?!»

«បាបម៉េចខ្លះ?!»

«បាបឱ្យសាលឯងនៅម្នាក់ឯងអត់ប្រពន្ធមួយជីវិត!»

«អូយយ៉ូយ ភ័យណាស់! ចុះបើចឹងមែន មុនីនេះបានអ្នកណាយក?!»

«អ្នកណាយកអ្ហះ? ស្មានថា គេខ្វះមនុស្សស្រឡាញ់?!»

ផ្លូវឆ្ងាយ​ពីគ្នា​ឆ្លងកាត់មកជាងបីពាន់រាត្រី គេមិនបានក្បត់ចិត្តនាង តែគ្រួសារនាង​មិនត្រូវការមនុស្សក្រគ្មានអ្វីដូចជាគេ ។ ការចាកចេញជា​ជម្រើស​ចុងក្រោយ ជាគំនិតដែលចង់ឃើញមនុស្សជាទីស្រឡាញ់មានអនាគត​​ចុះហេតុអ្វី​អនាគតទៅជាបែបនេះ។

តើគេ​អាចនិយាយថាម៉េចបាន?

មានទេវតា​ទាញពេលវេលា​ថយក្រោយ​បានទេ?​ គាត់នៅឯណា?តួស្រីនៅវិទ្យាល័យនេតយ៉ង់មិនសមមានចុងបញ្ចប់ទៅបែបនេះឡើយ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ដំណឹងពីបាត់ដំបង​តែងតែ​ធ្វើ​ឱ្យ​បេះដូង​គេឈឺស្ពឹក តែគេនៅតែចង់ដឹង។

«សុខទុក្ខអ្នកជាសុខទុក្ខខ្ញុំ ចុះហេតុអ្វី​អ្នកចាកចេញទាំងមិនបាននិយាយពាក្យលា? ហេតុអ្វីជីវិត​ពេលដឹងក្តី​ក៏ពិបាកខ្លាំងយ៉ាងនេះ?» ខ្ញុំបានសួរខ្លួនឯងទាំងសោកសៅស្តាយពេលកន្លង។

សំឡេងខ្សឹកខ្សួលបានមកពីមនុស្ស​ម្នាក់ដែលនៅក្បែរៗ។ សំណោក​នាំគេ​ឱ្យបន្ទាន់ក្រឡេកទៅ។ នាងឈរក្បែរតូបលក់សៀវភៅកំពុង​សម្លឹងមកដែរ។ ​គេខំ​ញញឹម តែញញឹម​ក៏ញញឹម​មិនចេញមាន​តែ​ដក​ដង្ហើម​ធំ។

នាងជូតទឹកភ្នែក​រួចដើរមកក្បែរ គេក៏​​លាន់មាត់សួរ៖

«ចិន្តានៅបាត់ដំបងដដែល?!»

«អត់ទេខ្ញុំធ្វើការនៅពោធិ៍សាត់! វិសាលមកដល់យូរនៅ?! គ្នាយើងច្រើនទៀតនៅហូបកាហ្វេជិតបណ្ណាល័យ!»

នាង​ឈ្មោះចិន្តាជាមិត្ត​រួមថា្នក់ទី១០ ជាមួយវិសាលនិងមុនី។ នាង​ជាអ្នកស្រុកគាស់ក្រឡ​ តែមករៀននៅទីនេះស្នាក់នៅផ្ទះជាមួយមីងក្បែរគ្នាជាមួយផ្ទះមុនីជិតរបងសាលា​។

​មិន​ចាំបាច់ប្រាប់ក៏ដឹងថា​មិត្តភក្តិចាស់ៗមកបុណ្យមុនី​បានណាត់គ្នាមកជុំនៅ​បណ្ណាល័យ។ ​ឥឡូវ​នេះមានកន្លែងលក់កាហ្វេគេមិនដឹង​ទេ តែពីមុនវាជាកន្លែងផ្តុំសម្រាប់យុវវ័យ​ជុំគ្នា​និយាយពីរឿងភាគ​ទូរទស្សន៍និង អាន​ ​សៀវភៅរឿងខ្មោចខ្លាចៗជាមួយគ្នា ឬអានចម្រៀងហើយរៀនច្រៀងផង។

«តោះភ្លៀងរាំងហើយ យើងទៅជុំពួកគេ​ទៅ!»

វិសាល​បបួលនាង​។

ចិន្តារៀបចំកាបូបនិងសម្ភារៈរបស់នាង៖

«ឈប់ៗ ខ្ញុំទិញ​ប្រេងខ្យល់បន្តិច​ កំពុងចាំគាត់អាប់លុយ!»

គេបានក្រោក​ឡើងទៅក្បែរ​ដោយទៅឈោងចាប់សៀវភៅមួយពីលើកន្លែងតាំង​ ដើម្បីបន្លាយពេលរង់ចាំចិន្តា។

សំឡេងពីអតីតកាលលាន់មកក្នុងត្រចៀកគេ។

«សៀវភៅហ្នឹង​ល្អមើលណាស់ ណ៎ា!» មុនីជាក្មេងស្រីជំទង់ដែលជក់អានសៀវភៅ ណាស់។

នាង​តែងណែនាំគ្រប់គ្នាឱ្យអាន​សៀវភៅ។​ នាង​មាន​សំឡេងស្រួយៗ និងរបៀបនិយាយដោយញញឹមញញែម។ កាលដំបូង វិសាល​ក៏ស្គាល់នាង​ដោយ​ការមកអានសៀវភៅដែរ។ ដ្បិតតែរៀនជាមួយគ្នា តែ​ប្រុសៗតែងលបមើលសម្រស់នាង គ្មានអ្នកណាហ៊ានចូលនិយាយលេងទេ។

មុនីមានម្រាមដៃស្អាតណាស់ ដូចបន្លាក្រូច។ វិសាល​តាមលបសង្កេតពេលនាងកាន់សៀវភៅនិងបើកផ្ទាត់សន្លឹកនីមួយៗ…..​

«ធ្លាប់អាន» គេបានសួរមុនីដោយសំឡេងស្រគត់ស្រគំ​តែបេះដូងលោតព្រោះអៀននិងអំណរ។

«២ដងហើយ!»នាង​តបផងញញឹមស្រស់។ វិសាលមិនស្មាន​ថាការនិយាយអំពីប្រធានបទអានសៀវភៅ​ទទួលបានស្នាមសើចដំបូងដ៏អស្ចារ្យនេះពីស្រីស្អាតប្រចាំវិទ្យាល័យទេ។

គេភ្លឹកនឹងការញញឹម​នេះ។

«លើកទីមួយ​ខ្ចីគ្រូជីវៈយកមកអាន លើកទីពីរទិញ​យកទុកអាន!»

គេនៅតែសម្លឹងនាងភ្លឹក ធ្វើឱ្យនាង​ហាក់​ដូច​ជាដឹងខ្លួនមកវិញ​ហើយ​បង្ហាញ​កែវភ្នែកដែល​ពិត​ជា​អៀន​ណាស់។ នាង​និយាយបន្ថែម៖

«មិនដែលដឹងសោះថាវិសាលឯងក៏ចូលចិត្តអាន!»

ពេលនោះហើយ​ដែលវិសាលដឹងថា​គេមានវាសនា​ជាងមិត្ត​រួមថ្នាក់ផ្សេងទៀត​ដែលបាននាង​ញញឹម​និងនិយាយ​រកច្រើនព្រោះតែរឿង«អាន»។

«អឺ តាមពិត មុនីដឹងអត់? ខ្ញុំ​មិន​សូវ​បាន​អាន​ច្រើន​ទេ! តែ​ឮមុនីថាល្អ ខ្ញុំ​ត្រូវ​តែ​យក​មួយទុកអាន!»

នាង​ស្រាប់តែលូកដៃមកទាញអាវគេ​ឱ្យថយទៅជាមួយនាង​​ដោយខ្សឹបប្រាប់៖

«មិនបាច់យកទេ​ចាំខ្ញុំឱ្យខ្ចី!»

គេសឹងភាំងដែលមិត្តភាព​នេះបានមកជិតស្និទ្ធភ្លាមៗឥតហ៊ានប៉ងទុកមកសោះ ព្រោះតែរឿងសៀវភៅ។

ជាមួយ​ទឹកមុខក្រៀមលង់ក្នុងអតីតកាល សំឡេងចិន្តាខ្សឹបមកតឿន៖

«តោះ​សាល!»

​គេដកអារម្មណ៍ពីការចងចាំវិលមកការពិតវិញ ។ ម្ចាស់ស្នាមញញឹម​ដំបូងនៅវិទ្យាល័យ​នេតយ៉ង់លែងមាន​ទៀតហើយ។ ថ្ងៃនេះមិត្តចាស់ៗទាំងអស់មកចូលរួមបុណ្យសពនាង។

គេដាក់សៀវភៅទុកចុះវិញមាត់និយាយ​ទាំង​ក្រៀមក្រំ​ថា៖

« អូ​ខេ!»

ឃើញ​នាង​ងក់​ក្បាល ពួកគេ​ដើរទៅ​បណ្ណាល័យជាមួយ​គ្នាទាំង​ទ្រូង​​ធ្ងន់ណាស់ ដូចបាន​ផ្ទុកទៅ​ដោយ​កំហុសនិងអនុស្សារចាស់ច្រើនពេក។

«បើខ្ញុំមាន​លទ្ធភាពជាងនេះ គេមិនរៀបការ​ហើយមិនមានលទ្ធផលចុងក្រោយបែបនេះទេដឹង?!»

វិសាលគិតរហូតមកនូវសំណួរមួយនេះសម្រាប់ខ្លួនឯងទាំងដឹងចម្លើយហើយថា​វាមិនមែនជាកំហុសរបស់គេទេ។

«សាលឯងធ្វើការងារនៅភ្នំពេញ?»ចិន្តា​សួរផងដើរទៅជាមួយគ្នាផង។

«បាទ!​ហើយក៏រៀនបន្តដែរនៅពេលយប់!»

«វ៉ាវកូនគេ! ហើយ….រៀនផ្នែកអ្វី? !»

«ធនាគារនិងហិរញ្ញវត្ថុ?»ខាងប្រុស​​ឆ្លើយ។

«ល្អតើ!»

ចិន្តាចាប់ផ្តើមដើរឆ្ពោះទៅជាន់ជណ្តើរសម្រាប់ឡើងបណ្ណាល័យដែលនៅទទឹកខ្លះៗដោយតំណក់ភ្លៀងរលឹម​មួយឆាវ។ គេក៏ដើរតាមពីក្រោយនាងយ៉ាងប្រកិតជិត។

«កាលមុនីរៀបការក៏យើងមកជុំគ្នានៅហ្នឹងដែរ!»

សំឡេងបន្លឺមកពីចម្ងាយ ឮមកតាមកម្លាំងខ្យល់បក់។ ស្គាល់ហើយថាជាសំឡេងហេង កូនអ្នកបិទស្រាទំពាំងបាយជូនៅរតនៈមណ្ឌល។ គេនេះកាលពីមុនក៏ល្បីថាតាមស្រឡាញ់មុនីដែរ តែមុនីមិនមាន​សញ្ញាភ្លើងខៀវឱ្យ។

កាលមុនីរៀបការ​ វិសាល​មិនបានមកចូលរួមទេ។ ម្យ៉ាង​រឿង​អតីតកាលរវាងគេនិងនាង​​ដែលមិត្តភក្តិវិទ្យាល័យ​ដឹងគ្រប់គ្នា ម្យ៉ាង​កាលណោះគេសឹងគ្មានលុយ​ហូបបាយនៅភ្នំពេញ​ផង បានអីមកចងដៃមុនី​ហើយ​បាន​អី​ឱ្យថ្លៃជិះឡានមកបាត់ដំបង។

«ថ្ងៃនេះមកជុំគ្នាវិញមកបុណ្យឱ្យមុនីសោះ!»

ចិន្តា​ងាកមកសម្លឹងវិសាល​ព្រោះទាំងពីរនាក់បានឮសម្តីហេង។ នាង​លើកកន្សែងក្រដាស់ជូតទឹកភ្នែក ហើយបន្តដើរចុះជណ្តើរទៅខាងក្រោយបណ្ណាល័យ។ ទីនោះមិត្ត​៤នាក់មានប្រុស៣ស្រីម្នាក់អង្គុយនិយាយគ្នាឮៗ​ក្នុងសម្លៀកបំពាក់មកបុណ្យ។

ធម្មតាផ្ទះមុនីនៅក្រោយរបងនេះឯង ​បើឆ្លងកាត់តាមសាលានិងបណ្ណាល័យនេះគឺហៅថាផ្លូវកាត់ហើយឆាប់ដល់ផ្ទះនាង។

មិត្តៗងាកមកព្រោះឃើញ​វត្តមាន​ចិន្តានិងវិសាល។ ចំណែក​វិសាល​រំពៃសម្លឹងរកមើលរោងបុណ្យនៅផ្ទះមនុស្ស​អតីតទាំងស្រងេះស្រងោច។

«វិសាល!»

មនុស្ស​ម្នាក់ក្នុងចំណោមតុកាហ្វេរត់មកស្វាគមន៍។ វិសាលងាកមកវិញព្រោះស្គាល់និងនឹករលឹកខ្លាំង។

«ម៉ាប់! មកដល់យូរហើយ?!»

គ្រប់គ្នាសម្លឹងមកម៉ាប់ដែលឱបទទួលវិសាល។ ហេងក៏ក្រោកមកដែរ ចំណែក​ពីរនាក់ទៀត​អង្គុយ​សម្លឹងទាំងញញឹម​រាក់ទាក់។

វិសាល​រាក់ទាក់មិត្តទាំងអស់ទាំងញញឹម​ទោះបីបេះដូងកំពុងបែករហែក។

«ពួកឯងទៅមុនទៅ! ចាំយើងនាំវិសាលទៅក្រោយ!»

ម៉ាប់និយាយបណ្តេញ​ពួកគេ​ដូចមាន​រឿងច្រើន​ចង់និយាយជាមួយ​វិសាល។ ​ចិន្តា​​ដឹង​ថា​ហេតុអ្វីដូច្នេះនាងក៏បាន​ទាញមិត្តផ្សេងៗ​ចាកចេញ​ទុកឱ្យម៉ាប់នាំវិសាល​ចូលអង្គុយ​។

​« ​និយាយ​ដោយ​ស្មោះ​ត្រង់ ខ្ញុំ​មិន​ដឹង​ថា ហេតុអ្វី​ឯងនៅដដែលវិសាល?!»

វិសាល​ញញឹម​សម្លឹងទិដ្ឋភាពនៅទីនេះដោយស្រពោន។

«គ្រប់យ៉ាងនៅទីនេះគ្មានអីប្រែប្រួលទាំងអស់!»

គេនិយាយដោយចង្អុលទៅបន្ទប់មួយដែលមានទ្វារចំហនៅខាងក្រោមសាលអាន។ ទីកន្លែងអនុស្សារនៅក្រោមនោះ បានធ្វើឱ្យម៉ាប់ស្រពោនព្រោះនឹកឃើញ។ បីនាក់គេ​តែងតែមានវត្តមានឈរលាក់លៀម​នៅទីនោះ​​ហើយនិយាយ​បង្អាប់គ្នាទៅវិញទៅមក។ ម៉ាប់តែងធ្វើជាមេអណ្តើកជួយចូកជួយចែវ រឿងរបស់វិសាលនិងមុនីព្រោះវិសាលជាមនុស្សអៀនបំផុត​កាលនៅជំទង់។

«អ៊ីចឹងពីនាក់ឯងត្រូវគ្នា​ព្រោះរឿងអានសៀវភៅ?»

នេះជាពាក្យបង្អាប់ចាស់ៗក្នុងអតីតកាលដែលម៉ាប់តែងតែចំអន់ពួកគេ។

ចំណែកនាងវិញ​ក៏ពូកែសម្តីដែរ៖

«មិនមែន​ទេ​ខ្ញុំរកស៊ីជួលសៀវភៅ!»

«តែមុនីមិនដែលយកលុយខ្ញុំផង!»

«ឱ្យជំពាក់សិនតើ!»

«តិចយូរពេកច្រើនពេកសងមិនរួចទៅ បានអីសង?!»

«ឯងដណ្តឹងគេធ្វើប្រពន្ធទៅ រួចគ្នា!»ម៉ាប់ជាអ្នកកាត់សេចក្តី។

ដៃម៉ាប់លូកមកកៀកវិសាលបញ្ចប់ការស្រមើស្រមៃទៅរកអតីត។

«ម៉េចយើងមិនទៅជាមួយពួកគេ?»វិសាលសួរស្រងូតស្រងាត់។

«ទៅគង់តែទៅ តែមានរឿងខ្លះ អញចង់និយាយជាមួយវិសាលឯង!»

វិសាលនឹងថារឿងអ្វីហើយ ថែមទាំងដឹងផងដែរថា​ គ្រប់គ្នា​បារម្ភពីផ្លូវចិត្ត​របស់គេ។​ វិសាលងក់ក្បាលរង់ចាំស្តាប់ ម៉ាប់បែរជាមិននិយាយ​តែបើកយកអ្វីមួយពីក្នុងសាក់កាដូហុចមកឱ្យ។

វាជាសៀវភៅ…..

បេះដូងហាក់ឈឺឈឹបៗថែមឡើង។

« កុំប្រាប់ថា មានប្តីហើយ គេនៅតែផ្ញើសៀវភៅនេះទុកឱ្យនៅនឹងម៉ាប់?» វិសាល​គិតយ៉ាងកម្សត់។

ស្រាប់តែម៉ាប់និយាយប្រាប់៖

«ប្រហែលជាជាងមួយខែមុន ពួកអញមកលេងមុនី! ពេលហ្នឹង​គេ​​គេងឈឺហើយ! គេ​ឱ្យសៀវភៅនេះមកហើយ​ផ្តាំថា បើបានទៅភ្នំពេញ​ ត្រូវ​យកផ្ញើឯង!»

គេនៅដំអក់សម្លឹងមិនទទួលទេ …..ព្រោះបេះដូងដូចលែងធ្វើចលនា….​ដង្ហើមដូចផ្អាក…. សរសៃឈាម​ដូចកករឹង……​ចិត្ត​ដូចស្លាប់បាត់….

«ធ្វើ​ដូចម្តេច​ដើម្បី​​ចាក​ចេញ​ពី​អតីតកាល​!»

វា​ជាចំណងជើងលើសៀវភៅ។

វិសាល​ងើបមុខដែលក្រហមទុំសម្លឹងមកម៉ាប់ព្រោះម៉ាប់បានប្រើដៃម្ខាងដែលនៅសល់ ជូតទឹកភ្នែក​ដក់នៅតាម​កន្ទុយភ្នែកសងខាង។

​«សំណួរ​ដែល​យើង​ជាច្រើន​សួរ​ខ្លួន​ឯង​រាល់​ពេល​ដែល​យើងនៅម្នាក់ឯង គឺ ….គេដឹងថា​….គេមិនរស់?….ហើយជីវិត​គេ​​ជួប​ប្រទះ​នឹង​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ត្រូវគេបង្ខំ​ឱ្យរៀបការ ត្រូវអ្នកដែលរៀបការ​ជាប្តី​បោះបង់​ចោលពេលធ្លាក់ខ្លួនឈឺ​ តែគេមិនព្រមចាកចេញចោលការ​ឈឺ​ចាប់​ពី​អតីតកាលទេ គេនៅតែបន្តគិតពីឯង!»

ម៉ាប់ជូតទឹកភ្នែកញាប់ឡើងៗ សៀវភៅនៅតែរក្សាក្នុងដៃគេ។

​ឱ្យវិសាល​លូកដៃទៅ​ទទួលយកមក​ដោយ​របៀប​ណា?

ម៉ាប់ដាក់មកលើដៃមិត្ត​។ គេគោះស្មា​មិត្ត​ដែលឈរធ្មឹងដូចចម្លាក់នាវត្តដំរីស។ ការមានអារម្មណ៍ថា ឈឺចាប់មួយនេះ​ចម្លងមកគ្នា​ដូចចរន្តអគ្គីសនីមានតែនេតយ៉ង់វិទ្យាល័យដែល​បានដឹងរឿងពិតនៃយុវជនយុវនារីប៉ុន្មាន​នាក់នេះ។ តួស្រីបានផុតរលត់ទៅនៅសល់តែស្លាកស្នាមសម្រស់ក្នុងនាមបុប្ផាវិទ្យាល័យដែលល្បីជាសិស្សពូកែ មានផ្ទះក្រោយសាលារៀន ហើយនាងប៉ិនអានសៀវភៅ។

ម៉ាប់ងាកមុខចេញ​ព្រោះចង់ទប់ទឹកភ្នែកតែដៃនៅកៀកកមិត្ត។

«អាសាលយើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​បទពិសោធន៍​នៃ​ការ​ឈឺ​ចាប់! អ្វី​ដែលហៅថាជីវិត​គឺ បានន័យថា​យើងកើតមក​សម្រាប់​ដោះស្រាយ​ជាមួយ​នឹង​ការ​ឈឺ​ចាប់អស់ទាំង​នោះ!»

ទឹកភ្នែក​អ្នកទទួលសៀវភៅស្រក់មកតក់ៗគ្មានសំឡេងនោះទេ។ ជាសញ្ញាបង្ហាញថា ការ​ជាប់គាំង​ក្នុង​អារម្មណ៍​ឈឺចាប់​និង​ការ​ចងចាំកំពុង​តែ​មានអនុភាព។

«គេជាមនុស្សល្អណាស់!……ហេតុអី?»

វិសាលនិយាយអណ្តឺតអណ្តកបន្ថែមទៀតព្រោះមិនអស់ចិត្ត៖

«អញ​មិនចង់ជឿថា រឿងនេះបានកើតឡើងចំពោះគេទេ! គេនិយាយថា ការនិរាសគ្នាចេញទៅឆ្ងាយបាត់ឱ្យផុត​ អាចជួយឱ្យគ្រប់គ្នាបានល្អ​ហេតុអីបានជា…..!»

«ឯងមិនភ្លេចគេ គេក៏មិនភ្លេចឯងនេះជាការពិត!»ម៉ាប់និយាយទាំងគោះស្មា។

«ហេតុអី? ហេតុអីគេមិនចេះរស់នៅឱ្យល្អឱ្យសប្បាយចិត្ត?!»វិសាលយំគគ្រូក

«គេជាមនុស្សអភ័ព្វ ជួបតែរឿងមិនល្អ ហេតុអីគេខ្លួនឯងមិនព្រមបំភ្លេចរឿងចាស់ៗ!»

ម៉ាប់ងក់ក្បាលជូតទឹកភ្នែកហើយនិយាយ៖

«ប្រហែលមកពី…..រឿងចាស់នៅនេតយ៉ង់ ជារឿងល្អតែមួយគត់ដែលគេមានក្នុងជីវិតរបស់គេ…..បានជាគេមិនដាច់ចិត្ត​បំភ្លេចចោល!»

វិសាលទ្រហោយំ។

ខ្ញុំទើបតែសរសេរដំបូង​សូមជួយឱ្យយោបល់ផងថាអ្នកចង់បានភាគបន្តទៀតដែរឬទេ?