ជីវិតយើង ទោះបីយ៉ាងណាក៏ដោយអាចហៅថាជាដំណើរមួយ ដែលយើងត្រូវរៀនដើរ រៀនឆ្លងកាត់ ដើម្បីក្រេបជញ្ជក់យកនូវសេចក្តីស្រឡាញ់ លោតរំលងភាពស្អប់ បង្កើតនូវរឿងល្អ បន្សល់ទុកនូវកំណប់ ដូចជាចំណេះដឹង និងបទពិសោធន៍។ល។
មនុស្សគ្រប់រូប មានជីវិតមួយដែលមានអត្ថន័យផ្សេងគ្នា ដូច្នេះចំពោះដំណើររបស់ពួកគេក៏មិនអាចចម្លងគ្នាដែរ។
ដំណើរជីវិតតែងតែបង្កប់ឬពោរពេញទៅដោយឧបសគ្គ ពុំនោះវានឹងគ្មានសមិទ្ធិផលអ្វីកើតឡើងទេ ព្រោះបើមិនពុះពារគឺធុញ ។
សម្រង់ទីមួយ
«ផ្នែកដ៏អស្ចារ្យបំផុតនៃជីវិត គឺការឆ្លងកាត់ដំណាក់កាលតស៊ូ ដូចគ្នានឹងការធ្វើដំណើរតាមផ្លូវដែលរីករាយ មិនមែនមកដល់គោលដៅហើយទើបរីករាយទេ។»
ដំណើរជីវិត ពាក់ព័ន្ធសំខាន់នឹងបណ្តារឿងរ៉ាវនានាដែលកើតមានឡើងនៅតាមផ្លូវ ពីវ័យក្មេង យុវវ័យ វ័យកណ្តាល និងចូលចំណាស់។ ទិដ្ឋភាពទាំងនេះខុសគ្នា ហើយដំណោះស្រាយឬការប្រព្រឹត្តិក៏តែងតែខុសគ្នា។ ជួនកាលនៅក្នុងការធ្វើដំណើរដ៏វែងបំផុតដែលយើងធ្វើ ពាក់ព័ន្ធលើផ្នត់គំនិតនិងបេះដូងរបស់យើងថាតើយើងចង់ដើរត្រសងជាមួយនឹងអ្នកណា អ្នកណាដែលបន្ថែមកម្លាំងដល់យើង អ្នកណាវាយយើងផ្តួល អ្នកណាដែលធ្ងន់ពេកយើងត្រូវចាកចោល ឬអ្នកណាដែលស្ពាយគ្នាជាមួយយើង យោងគ្នាទៅវិញទៅមកមិនចេះបោះបង់?
ពេលវេលានៃជីវិតមិនដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែទាក់ទងនឹងរបៀបដែលការធ្វើដំណើរនេះ អាចផ្លាស់ប្តូរតួអង្គរបស់យើង អ៊ីចឹងហើយបានជាគេនិយាយថាទោះលំបាកឬស្រណុកវាមានតម្លៃជាមេរៀន និងជាលទ្ធផល។ មនុស្សគ្មានវិធីគេច មានតែព្រមដោយក្លាហាន និងរៀនជឿជាក់លើខ្លួនឯងសិន ទើបការធ្វើដំណើរ ទៅមុខ មិនសូវស្ត្រេស ហត់ និងចុះចាញ់ឆាប់ដួលឆាប់បោះបង់។
សម្រង់ទីពីរ
«ជីវិតគឺជាឱកាសមួយ! មនុស្សត្រូវចេះចាប់យកការរស់នៅ ថ្ងៃនិមួយៗឱ្យបានពេញលេញបំផុតព្រោះ ជីវិតមិនមែនជាគម្រោងទេ ប៉ុន្តែជាដំណើរដែលត្រូវរីករាយ»
ដំណើរជីវិតរមែងផ្លាស់យើងក្នុងរូបភាពធ្លាប់មានកាលពីមុន ឱ្យក្លាយទៅជាអ្នកណាម្នាក់ថ្មីដែលអភិវឌ្ឍ។ មិនមែនការដើរថយក្រោយទេ បែបនេះហើយបានជាគេតែងនិយាយថា កុំសម្លឹងអតីតកាល បោះចោលខ្លះទៅ ហើយឆ្ពោះទៅមុខទៀត។ ពេលយើងចេញដំណើរដំបូងយើងព្យាយាមក្រោកតេះតះ រៀនដើរ រៀនទប់រួចរៀនរត់។ ហើយពេលយើងធំពេញវ័យ ឧបសគ្គហែរហូរនៅគ្របដណ្តប់ពេញលើផ្លូវរង់ចាំសាកល្បងយើង។ មនុស្សតែងតែគេចមិនបានក្នុងការទទួលយកដំណើរជីវិត ដោយការដឹងគុណ បានន័យថាជាឱកាសនៃការរៀន ឧបសគ្គជាការល្បងនិងលត់ដំ ការតស៊ូជាបទពិសោធ៍ន ដូច្នេះថាវិធីដែលយើងធ្វើដំណើរតាមផ្លូវរបស់អ្នកយើង ពិតជាមានសារៈសំខាន់ជាងការទៅដល់គោលដៅចុងក្រោយ ។ មនុស្សកាន់តែហត់ឡើងៗ ព្រោះពួកគេស្រេកឃ្លាន«ការឈ្នះ » ហើយខ្លាច«ការបាត់បង់ឬបរាជ័យ»តែទោះបីជាភ័យខ្លាច ឬខំបង្កាយ៉ាងណា ក៏គ្មានអ្នកណាជៀសរួចឡើយ។
យើងមើលអ្នកលេងបាល់ទាត់ អាជីពនេះក៏ហាក់បីដូចជាជាដំណើរមួយ និយាយអំពីការរីកលូតលាស់ និងការផ្លាស់ប្តូរ ឈានដល់លក្ខខណ្ឌច្បាស់លាស់ជាបញ្ញត្តិរបស់ជីវិត។
មិនថាយើង ពូកែបែបណា ខ្លាំងកម្រិតណា យើងនៅតែមិនអាចជោគជ័យរហូតទេ។ យើងប្រឹងរហូត តែជួនក៏ជោគជ័យ ជួនអាចបរាជ័យ។
សម្រង់ទីបី
«ពេលវេលាយើងមានខ្លីពេកណាស់ សម្រាប់ការបង្កើតគំនិតនិងការរៀន ដូច្នេះបានជាការអាន សៀវភៅរឹតតែមានតម្លៃនិងជំរុញបានលឿននៃដំណើរជីវិតយើងម្នាក់ៗ»
មានអ្នកស្គាល់គ្នារបស់ខ្ញុំម្នាក់ថ្មីៗនេះបានទទួលមរណភាពដោយរោគាពាធដែលមិនធ្លាប់ស្មានដឹងមុនទេ។ ឧប្បត្តិហេតុនេះបានធ្វើឱ្យខ្ញុំគិតច្រើនឡើងៗអំពីជីវិត និងរបៀបដែលយើងរស់នៅ។ យើងច្រើនតែជាប់គាំងក្នុងរឿងតូចតាចដែលមិនសំខាន់ ហើយមិនយកចិត្តទុកដាក់ចំពោះមនុស្សរញ៉េរញ៉ៃ ឬបណ្តារឿងដែលស្មុគដដែលៗ បានជាយើងខាតពេល ឬអាចនិយាយថា ចិត្តគំនិតយើងជាទូទៅឈប់រីករាយនឹងការធ្វើដំណើរនឿយណាយ ហត់នឿយវិលវល់គ្មានគោលដៅ។
ទោះយ៉ាងណា យើងអ្នកអាចផ្លាស់ប្តូររឿងនេះបាន។ អាថ៌កំបាំងនៃសុភមង្គលនៅត្រង់នេះ គឺការព្រមទទួលយកថា យើងនឹងជួបរឿងខកបំណង ពីកន្លែងខ្លះ ឬមនុស្សខ្លះនិងកាលៈទេសៈខ្លះនៅ ក្នុងជីវិត រឿងនេះមិនសំខាន់ថា យើងអាយុប៉ុន្មាន ធ្វើអ្វី ឬមានលុយប៉ុន្មានទេ។ ដំណើររបស់យើងគឺជាមេរៀនផ្ទាល់ខ្លួនមួយដែលពោរពេញដោយ ហេតុផលដើម្បីរីករាយនិងការជំរុញទឹកចិត្ត ប្រសិនបើយើងឈប់លែងប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃ ហើយដឹងថា ជីវិតមនុស្សមានដំណើរនិងសុភមង្គលខុសគ្នា ពេលនោះយើងនឹងរស់នៅបានពេញលេញក្នុងរបៀបរបស់យើងដោយផ្អែកលើគុណតម្លៃ(ជំនឿសុចរិត)របស់យើងម្នាក់ៗធ្វើជាយាន។
សម្រង់ទីបួន
«មនុស្សចេះដឹងគុណតែងមានសុភមង្គល»
ស្វែងរកអ្វីមួយ ដែលយើងអាចស្ងើចដឹងគុណ ! ធំឬតូចសុទ្ធតែសំខាន់ទាំងអស់ដើម្បីបង្កើតភាពស្កប់ស្កល់និងមោទនភាពឡើងវិញ។ ប្រាប់មនុស្សដែលនៅជុំវិញថា យើងដឹងគុណអំណរចំពោះមិត្តភាពរបស់ពួកគេ ដឹងគុណកាលៈទេសៈល្អៗ ដឹងគុណមនុស្សដែលបង្រៀនយើងទាំងអាក្រក់និងល្អ ដឹងគុណជាតិទឹកដី ស្រុកកំណើតវប្បធម៌ដូនតា។
មានការរកឃើញថា មនុស្សដែលរស់នៅក្នុងសម្ពាធខ្ពស់ និងមិនចេះដឹងគុណ ឬមិនចេះសប្បាយចិត្ត តែងតែបន្ទោសពីរបៀបដែលខ្លួនឆ្លងកាត់ទៅអ្នកដទៃ ដោយគ្មានការត្រួតពិនិត្យ បញ្ហាផ្ទាល់របស់ខ្លួន យូរៗទៅអាចជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការជីវិត អាជីព និងសុខភាពទ្រុឌទ្រោម។ មនុស្សខ្លះបំភ្លេចគុណ និងវាយប្រហារដណ្តើមឱកាស រកចំណុចមិនល្អមកគិត រកភាពអគតិមកផ្តុំឱ្យក្លាយជាឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើ ជីវិតដែលភាគច្រើនគេបោះបង់ចោលការតស៊ូដោយគ្មានថាមពលវិជ្ជមានសម្រាប់បន្តដំណើរជីវិតឡើយ។
អត្ថប្រយោជន៍មួយចំនួននៃការអនុវត្តការដឹងគុណ ជាធម្មតាគឺវាបានទាញផ្នត់គំនិតយើងឱ្យគិតអំពីអ្វីមួយដែលល្អ លើគ្រប់ស្ថានភាព វាបង្កើតជាសេចក្តីសង្ឃឹម ហើយផ្តល់ហេតុផលដល់យើងក្នុងការបន្តដំណើរទៅមុខជាមួយការប្តេជ្ញាចិត្ត។
សម្រង់ទីប្រាំ
«ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សូមបន្តដើរនឿយហត់ និងរៀនជាមួយសកម្មភាពថ្មីជានិច្ច»
កុំធ្វើកិច្ចការច្រើនដល់ថ្នាក់មិនអាចផ្តោតបានល្អលើអ្វីមួយជាក់លាក់។ បច្ចុប្បន្នភាពសំខាន់ណាស់កុំរស់នៅក្រៅវដ្តិ៍នៃសង្គម។ ត្រូវមានតុល្យភាពជីវិតរបស់យើង ទាំងហារនិយាយនិងការធ្វើជាក់ស្តែងផង។
ត្រូវហ៊ានចំណាយលើការធ្វើដំណើរទាំងពេលវេលានិងធនធាន ព្រោះបើកចិត្តរបស់យើងនិងបង្រៀនយើងពីអ្វីដែលពិភពលោកកំពុងធ្វើ។ មិនមែនដើរលេងដើម្បីថតបង្អួតគេឯងហើយវិលមកវិញក្រៀមស្រពោនទេ ការស្គាល់អ្វីៗច្រើននិងថ្មី ធ្វើឱ្យយើងកាន់តែមានភាពអត់ធ្មត់ និងយល់ដឹងចេះអាធ្យាស្រ័យចេះឱ្យតម្លៃអ្នកដទៃ និងឱ្យតម្លៃខ្លួនឯង ចេះដឹងគុណចំពោះអ្វីដែលយើងមាននៅឯផ្ទះ ចេះស្ងើចសរសើររការរក្សាទុកមករបស់ដូនតាយើង។
ក្រៅពីនោះទៀត ការយល់ដឹងអំពីបច្ចេកវិទ្យាពិតជាមានឥទ្ធិពលសំខាន់លើប្រតិបត្តិការអាជីវកម្មនិងអាជីពគ្រប់យ៉ាង។ មិនថាសហគ្រាសទំហំប៉ុនណានោះទេ បច្ចេកវិទ្យាមានអត្ថប្រយោជន៍ទាំងរូបី និងអរូបី ដែលនឹងជួយយើងរកលុយ និងបង្កើតលទ្ធផលដែលអតិថិជន ទាមទារ។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាប៉ះពាល់ដល់វប្បធម៌ ប្រសិទ្ធភាព និងទំនាក់ទំនងនៃអាជីវកម្មថែមទាំងប៉ះពាល់ទៀតដល់សុវត្ថិភាពនៃព័ត៌មានសម្ងាត់ និងអត្ថប្រយោជន៍ពាណិជ្ជកម្មផងដែរ។
នៅក្នុងបរិយាកាសធុរកិច្ចនាពេលបច្ចុប្បន្ននេះ ពិតចាំបាច់ណាស់ សម្រាប់បុគ្គលិកក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនឱ្យបានរហ័ស និងច្បាស់លាស់។ ការយល់ដឹងនិងចេះប្រើប្រាស់បច្ចេកវិទ្យា ទទួលបានអត្ថប្រយោជន៍ព្រោះទំនាក់ទំនងកាន់តែប្រសើរឡើង បង្កើតរូបភាពសាធារណៈល្បីឆាប់ និងកាន់តែរឹងមាំ។
មនុស្សដែលរីចម្រើនសមត្ថភាពបច្ចេកវិជ្ជា តែងតែរលូនក្នុងការស្រាវជ្រាវរកបន្ថែមឱកាសថ្មីៗនឹងស្ថិតនៅមុខមុនគេឯងមួយជំហានជានិច្ច។
សម្រង់ទី៦
«ការជួយគ្នា ជារង្វាន់ធំដល់ខួរក្បាលនិងចិត្តរបស់យើង»
មនុស្សត្រូវបានគាំទ្រដោយគីមីសាស្ត្រខួរក្បាល។ នៅក្នុងការសិក្សាដោយវិទ្យាសាស្ត្រ ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានផ្តល់ប្រាក់ចំនួន 100 ដុល្លារដល់អ្នកចូលរួម ហើយដាក់វានៅក្នុងម៉ាស៊ីនស្កេន ។ បន្ទាប់មកពួកគេត្រូវបានគេផ្តល់ឱកាសឱ្យបរិច្ចាគប្រាក់ទាំងនោះ ការបរិច្ចាគត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ឬនិងដោយបង្ខំ ដូច្នេះអ្នកវិទ្យាសាស្ត្រអាចមើលឃើញភាពខុសគ្នារវាងការផ្តល់ដោយស្ម័គ្រចិត្ត ឬត្រូវបានបង្ខំ ។ នៅពេលដែលយើង ចូលរួមផ្តល់ដោយស្ម័គ្រចិត្ត បរិមាណសារធាតុ dopamine កើនឡើងខ្ពស់នៅក្នុងផ្នែកនៃខួរក្បាលយើង ហើយផ្សារភ្ជាប់ដោយ ដំណើរការរង្វាន់ផ្លូវចិត្តដែលមិនរំពឹងទុក។ ការធ្វើឱ្យសកម្មភាពនេះអាចពន្យល់ពីមូលហេតុដែលមនុស្សបន្តផ្តល់ឱ្យ អ្នកដទៃសូម្បីតែគ្មានរំពឹងបានអ្វីត្រឡប់ឬសូម្បីខ្លួនឯងកំពុងតែពិបាក។
នៅក្នុងដំណើរជីវិតរបស់យើង នៅពេលដែលយើងបានជួយដល់នរណាម្នាក់ យើងនឹងទទួលបានអារម្មណ៍វិជ្ជមានជាថ្នូរ ត្រឡប់មកវិញ។ សម្រាប់មនុស្សដែលត្រូវបានយើងជួយ ពួកគេក៏មានអារម្មណ៍ល្អ ចំពោះទង្វើនោះ ដែរតែមិនយូរស្ថិតស្ថេរដូចយើងជាម្ចាស់នៃ សេចក្តីសប្បុរសទេ។
សប្បុរសដោយសេចក្តីស្មោះត្រង់ត្រូវបានគេឱ្យតម្លៃ ហើយក្នុងដំណើរនៃជីវិតយើងនេងមានអារម្មណ៍ថាមានសុវត្ថិភាពសប្បាយរីករាយផ្ទុយពីមនុស្សកំណាញ់។
សម្រង់ទី៧
«បង្កើនការគោរពខ្លួនឯងជាអារម្មណ៍វិជ្ជមានដែល មានឥទ្ធិពលលើរបៀបដែលយើងមើលឃើញខ្លួនយើងនិងឱ្យតម្លៃលើដំណើរជីវិតយើង»
ការស្រាវជ្រាវបានបង្ហាញថា នៅពេលដែលមនុស្សម្នាក់ៗ ចេះជួយចេះឱ្យតម្លៃ ចេះដឹងគុណ គឺជាការផ្តល់ភាពជាពិសេសបង្កើនការគោរពខ្លួនឯងស្រលាញ់ជីវិត ពេញចិត្តនឹងដំណើរទៅមុខរបស់ខ្លួនយល់ថាខ្លួនឯងមានតម្លៃក្នុងការរស់នៅ និងប្រើប្រាស់ពេលវេលាប្រកដោយប្រសិទ្ធិភាព។ ការគោរពខ្លួនឯង ជាកត្តារួមចំណែកសំខាន់ដល់សុខភាពចិត្ត អាចពន្យារអាយុជីវិត ឱ្យមានអាយុវែងជាងមុន។ ការសិក្សាឆ្នាំ 2003 មួយនៅអង់គ្លេស ដែលបានពិនិត្យទៅលើក្រុមមនុស្សចាស់ ដែលខ្លះកំពុងផ្តល់ការគាំទ្រជំនួយដល់សង្គម និងខ្លះទៀតដែលកំពុងទទួលជំនួយលទ្ធផលបង្ហាញថា ការផ្តល់ជំនួយសង្គម ធ្វើឱ្យមនុស្សម្នាក់នោះ នៅតែមានអារម្មណ៍ជីវិតគាត់នៅតែរស់រវើក សកម្មនិងមានតម្លៃទោះគាត់ជរាកម្រិតណាក្តី។
ជាសរុបមក ការគោរពខ្លួនឯងជាការកសាងទំនុកចិត្ត និងបង្កើតជាដំណើរជីវិតឆ្ពោះទៅរក
គោលដៅដែលពេញដោយក្តីសង្ឃឹម។ អ្នកដែលនិយមកសាងទំនុកចិត្ត និងការគោរពខ្លួនឯង តែងតែមានលទ្ធភាពពង្រឹងគ្រួសារ និងជីវិតអាពាហ៍ពិពាហ៍បានល្អជាងអ្នកផ្សេង គេគ្រប់គ្រងភាពតានតឹង និងចេះរំដោះខ្លួនពីរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ។ល។
មនុស្សមួយចំនួនដែលយើងយល់ថាគេមានសំណាងតាមពិតមកពីដំណើររបស់គេពោរពេញដោយទំនុកចិត្ត និងមានសុភមង្គលទោះបីមិនទាន់ទទួលបានជោគជ័យក៏ ពួកគេមានអារម្មណ៍ស្រលាញ់ និងមិនស្រេកឃា្លនការឱ្យតម្លៃអស្ចារ្ស ពួកគេមិនបង្អួតពួកគេមិនប្រៀបធៀបហើយពួកគេចេះ« គ្រប់គ្រាន់»។
លុយមែនទេ? ឱកាស? ទេពកោសល្យ? បញ្ញា? សម្រស់? ប្រជាប្រិយភាព? ចំនួននៃការlikesលើបណ្តាសង្គម លើប្រព័ន្ធផ្សព្វផ្សាយទើបបង្កើតជាការគោរពខ្លួនឯង? ពុំមែនទេ មានការគោរពខ្លួនឯងទើបមានរបស់ទាំងនោះមកតាមក្រោយ។
សម្រង់ទី៨
«យើងរៀនបានកាន់តែច្រើន នៅពេលកាន់តែចាស់»
ច្បាប់ធម្មជាតិមួយនេះ ត្រូវបានបង្កើតឡើងដើម្បីបំបែកគំនិតមនុស្សយើងឱ្យក្លាហានដើម្បីរស់នៅតាមលក្ខខណ្ឌរបស់ខ្លួនឯង។ ទោះមិនព្រមចុះសម្រុងនឹងជីវិត ក៏ផ្លូវដែលគ្រប់គ្នាបានធ្វើដំណើរ ស្ទើរតែពេញមួយជីវិតគឺ ស្វែងរកភាពសុខដុមរមនាក្នុងជីវិត ។ ដំណើរស្វែងរកដែលគួរឱ្យចាប់អារម្មណ៍ប្រហែលជាមនុស្សភាគច្រើននៅលើភពផែនដីតូចមួយនេះ ដោយព្យាយាមស្វែងរកចម្លើយចំពោះជីវិតថា តើមានន័យដូចម្តេច? តើជីវិតជាអ្វី? តើជីវិតសមនឹងរស់នៅនៅពេលណា? ពេលណាត្រូវស្វែងរកសន្តិភាពផ្លូវចិត្ត?
ភាពចាស់ទុំតាមពេលវេលា ជួយយើងឱ្យចេះបត់បែន ចេះបន្សាំចិត្ត ចេះសង្កត់តណ្ហា និងកាន់តែចេះឱ្យតម្លៃលើភាពសុខដុមរមនាលើភាព ជិតស្និទ្ធនៃគ្រួសារ និងមិត្តភក្តិ ជាងកាលពីនៅក្មេងដែលយើង ឱ្យតម្លៃលើ ភាពសុខដុមរមនាថាតាមរយៈសម្ភារៈឬទ្រព្យសម្បត្តិ។
នៅពេលដែលយើងជឿថា វាជាអ្វីដែលចាំបាច់ដើម្បីរីករាយ ការគោរព និងមានអត្ថន័យក្នុងជីវិតទម្លាប់ និយមភាពល្អឥតខ្ចោះបានត្រូវទាត់ចោល ដែលកាលពីយើងនៅក្មេង ទម្លាប់ចង់បានឡូយអស្ចារ្សៗធ្លាប់បានបង្កើនបញ្ហាប្រឈមមកឱ្យយើងហត់នឿយឡើងៗ។
ព្យាយាមបំពេញនូវជំនឿចិត្តដោយ តុល្យភាព រវាងរកភាពសុខដុមរមនា ទោះក្នុងភាពមិនចុះសម្រុងគ្នា ដោយមនុស្សយើងកើតមកមានប្រាជ្ញានិងចំណេះដឹងក៏ដើម្បីទុកមកដោះស្រាយលើរឿងទាំងនេះ។
ត្រូវចាំថា ជីវិតស្ទើរតែមិនអាចទៅរួចទេក្នុងការធ្វើឱ្យមានតុល្យភាពល្អ គ្រប់សព្វ ឬថាគ្រប់យ៉ាងនឹងស្ថិតក្រោមការគ្រប់គ្រងban ទាំងអស់។ ដូច្នេះហើយមានទ្រឹស្តីខ្លះលើកឡើងថា ជីវិតគឺពិបាកហើយ តែការស្វែងរកតុល្យភាពទាំងរីករាយនិងទុក្ខសោកគឺរឹតតែពិបាក ដូច្នេះយើងត្រូវចេះទទួលយកថា អ្វីៗ មិនអាចនៅជាមួយយើងជារៀងរហូតទេ។ គ្រប់គ្រងតែអ្វីដែលយើងអាចគ្រប់គ្រងបានទៅបានហើយ ដូចជា កុំធ្វើឱ្យអ្នកដទៃឈឺចាប់ដោយចេតនា ឬកុំឈឺចាប់យូរ ពេកត្រូវរៀនបំភ្លេច។ល។
នៅពេលដែលយើងយល់រឿងទាំងនេះ នឹងទទួលយកតាមសម្រួល នឹងជួយសន្សំថាមពលបានច្រើន ទទួលបានកម្លាំង និងភាពរឹងមាំ លើសពីពេលមុន។ មនុស្សខ្លះចំណាយដំណើរជីវិតរស់នៅក្នុងជីវិតអ្នកដ៏ទៃ សមទេ? ជីវិតគឺខ្លីណាស់ ដូច្នេះប្រើវាឱ្យបានល្អ។ កុំឱ្យមនុស្សផ្សេងទៀត ឬសង្គមកំណត់នូវអ្វីដែលយើង ត្រូវធ្វើ កំណត់របៀបដែលយើងត្រូវរស់នៅ ។ ចូររក្សាភាពស្មោះត្រង់ចំពោះខ្លួនឯងកុំកហុកខ្លួនឯងព្រោះរឿងនេះហត់ណាស់ គ្មានអ្នកណាមកជួយយើងបានទេ។
សម្រង់ទី៩
«រៀនឥតឈប់ឈរ ដើម្បីបើកចិត្ត ទទួលយកអ្វីដែលថ្មី ពេញមួយជីវិត. ចាំទុកថាការរៀនមិនចេះចប់ទេ»
ការចង់ដឹងចង់ឃើញ គឺជាម៉ាស៊ីននៃកម្លាំងចិត្ត ដែលយើងគ្រប់គ្នាត្រូវតែវិនិយោគក្នុងជីវិតទើបទទួលបានមកវិញនូវ ភាពរីកចម្រើន និងអារម្មណ៍សប្បាយជាមោទនភាព ភាពភ្លឺស្វាងនៃអាជីព និងការដោះស្រាយបញ្ហា។
យោងតាមការស្រាវជ្រាវថ្មីៗនេះ វិទ្យាសាស្ត្របង្ហាញថា មនុស្សអាចរស់នៅបានយ៉ាងហោចក៏១៣០ឆ្នាំ ដែរ និងថែមទាំងអាចលើសពីនេះទៀត និងមានខ្លះលើក ហេតុផលថា គ្មានអាយុអតិបរមាសម្រាប់មនុស្សនោះទេ។
ទស្សនាវដ្តី Royal Society Open Science បាន ជជែកដេញដោលនិងវិភាគទិន្នន័យថ្មីៗឆ្នាំ២០២២អំពីមនុស្សដែលមានអាយុលើសពី១១០ ឆ្នាំ ដោយលើកសម្តីអះអាងរបស់លោក Anthony Davison សាស្ត្រាចារ្យផ្នែកស្ថិតិនៅវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីសនៅទីក្រុង Lausanne (EPFL) ដែលដឹកនាំការស្រាវជ្រាវ «គ្មានដែនកំណត់ចំពោះអាយុជីវិតរបស់មនុស្សទេ និងវ័យទេ បើយើងកាន់តែនៅចង់រៀន កម្រិតខួរក្បាលយើងនៅតែស្ទុះស្ទារយើងនៅតែមានពេលវែងឆ្ងាយ»។ សំណុំទិន្នន័យដំបូងដែលក្រុមនេះ ចេញពីមូលដ្ឋានទិន្នន័យអន្តរជាតិស្តីពីអាយុយឺនយូរ ដែលគ្របដណ្ដប់លើមនុស្សចាស់ជាង 1,100 នាក់មកពី 13 ប្រទេស រួមទាំងអ៊ីតាលីនិងជប៉ុនផង បង្ហាញថា មធ្យោបាយបង្កើនទំនាក់ទំនងសង្គម កាត់បន្ថយសុរា កាត់បន្ថយការតឹងតែងដោយការប្រៀបធៀប បន្ថែមពេលវេលាជួបជុំនិងក្រុមគ្រួសារ មិត្តភក្តិ ចូលរួមសិក្ខាសាលា រៀនជំនាញថ្មី អាចជួយបង្កើនអាយុរបស់មនុស្សយើង។