រឿង៖ បេះដូងស្ងប់ស្ងាត់

យូរណាស់មកហើយ​ មានតំណាលអំពីព្រះសង្ឃមួយអង្គដែលគង់នៅជិតទីក្រុងតូចមួយ និងទទួលបានការគោរពពេញចិត្តពីប្រជាជនសឹងគ្រប់គ្នា​នៅទីក្រុងនោះ។

នៅរាល់ពេលដែលនិមន្តចេញទៅទីក្រុងដើម្បីជួយផ្តល់នូវធម្មទេសនា បាសកគ្រប់គ្នាបានរួសរាន់ចេញពីផ្ទះរបស់ពួកគេមក ដើម្បីប្រគេនផ្លែឈើ នំនិងកសិផលផ្សេងៗ ដោយបង្គំ​ទូលលោក​ថា “អូ ព្រះសង្ឃដ៏ចម្រើន! ករុណា​នេះពិតជាមានសំណាងបុណ្យដែលមានតេជគុណ​នៅអាស្រ័យធម៌ធម្មៈក្បែរៗនេះ!  តេជគុណ​ជា​សាវ័កដ៏អស្ចារ្យមែន ប្រកបដោយ​ព្រះពុទ្ធដីកាល្អណាស់រកគ្មានទេ នេះគឺជាពរជ័យមួយសម្រាប់ទីក្រុងយើង!”។

ជាការតបត ព្រះសង្ឃតែងមាន​បន្ទូលសួរវិញដដែលៗថា «មែនឬ?»។ មិនមាន​ដីកា​ណាលើសពីពាក្យនេះឡើយ។

ថ្ងៃមួយមានយុវនារីម្នាក់ បានមកអាស្រម​នៃ​ព្រះសង្ឃហើយទូលថា «ព្រះសង្ឃអើយ! ករុណា​ខ្ញុំមានបញ្ហាធំ នឹងប្រឈម​រឿងរ៉ាវគួរឱ្យភ័យខ្លាចណាស់ដោះមិនចេញទេ! ខ្ញុំករុណាមានផ្ទៃពោះហើយ គ្រួសារខ្ញុំករុណា​នឹងបដិសេធ ព្រមទាំង​បណ្តេញ​ចេញពីផ្ទះមិនខាននៅពេលគេដឹងរឿងសម្ងាត់នេះ ! ​​អ្នកភូមិនេះ ក៏​មិនព្រមទទួលយកមនុស្ស​មានស្នេហាចិត្តឯងដែរ​! បុរសដែលខ្ញុំករុណាស្រឡាញ់ខ្លាំង បានភៀសខ្លួនចោល​ការទទួលខុសត្រូវទៅទីក្រុងមួយទៀត ដោយសារខ្លាច​ថាគ្រួសារខ្ញុំករុណា​តាម​យាយី​ធ្វើបាបគាត់! ខ្ញុំករុណា​គ្មានកន្លែងផ្លូវដើរ​ទេ!»

ព្រះសង្ឃឆ្លើយថា «នាងអាចរស់នៅក្នុងបន្ទប់ខាងក្រោយអាស្រម ហើយជួយរៀបចំ​សម្អាត​នៅជុំវិញនេះ ជាថ្នូរនឹងការ​មានសន្តិសុខផ្លូវចិត្ត និងទីអាស្រ័យសម្រាប់កូនរបស់នាងពេលកើតមក»

មិនយូរប៉ុន្មានឡើយ​ពោះនាង​ខ្ទាតធំ ហើយ​រឿងនេះបានក្លាយជាព័ត៌មាន​រសើប។ នៅពេលដែលព្រះសង្ឃនិមន្ត​ចូលទៅក្នុងទីក្រុងដដែល​ស្រាប់តែ​ត្រូវរងការស្អប់ខ្ពើមជេរប្រមាថ។

“អ្នកបួសដ៏កខ្វក់! មើលរបៀបដែលអ្នកឯងបានក្បត់ការទុកចិត្តរបស់មនុស្ស​នានា! ហើយទាញយកផលប្រយោជន៍ពីនារីវ័យក្មេងនោះ តើដើម្បីអ្វី? អ្នកណានឹង​ជឿលើសាសនាទៀត បើលោកតាចំណាស់ណេះហើយ​មិនមាន​ការ​ខ្មាសអៀនអ្វីបន្តិច? ។

នៅគ្រប់ទីឋានដែលព្រះសង្ឃនិមន្តកាត់ មនុស្ស​ចាស់និងកូនក្មេង​បានបាចផ្លែឈើស្អុយរលួយដាក់រួមជាមួយការប្រមាថរិះគន់។ចំពោះអ្វីៗទាំងអស់នេះដដែល ព្រះសង្ឃតែងតែឆ្លើយតបវិញខ្លីថា «មែនឬ?»

មួយរយៈក្រោយមក មាន​បុរសស្តុកស្ដម្ភម្នាក់បានមកដល់ទីក្រុងនេះ។ គេបាន​វិល​ត្រលប់មកពីទីឆ្ងាយ​នឹងចូលទៅគ្រួសារនារី​ពពោះនោះ បង្ហាញខ្លួននៅចំពោះមុខឪពុកម្តាយ​ដោយលើកឡើងថា« កូនក្នុងពោះនាង​កាលនោះជាកូនខ្ញុំ ខ្ញុំចាកចេញកាលពីនាង​នៅមិនទាន់ប្រសូត្រព្រោះគ្មានប្រាក់និងគ្មាន​លំនឹង ព្រមទាំងគ្មានចិត្ត​ក្លាហានមកជួបឪពុកម្តាយ​ក្មេកនៅឡើយ! ក្រោយ​បានចំណាយពេលពីរឆ្នាំចុងក្រោយនេះតស៊ូធ្វើពាណិជ្ជកម្មនិងកសិកម្ម​នៅទីក្រុងជិតខាង ឥឡូវនេះខ្ញុំអាចមាន​លុយ​នឹង​ផ្តល់ផ្ទះមួយសម្រាប់ប្រពន្ធនិងកូនរបស់ខ្ញុំ។ »

គ្រួសារខាងស្រី​បានសោមនស្ស​រីករាយយ៉ាងខ្លាំងចំពោះរឿងនេះ។ ទោះបីជានេះ​មិនមែនជាស្ថានភាពល្អបំផុតក៏ដោយ យ៉ាង​ពិតជាប្រសើរជាងអ្វីដែលពួកគេភ័យ​ខ្លាចត្រូវ​ ស្វាគមន៍កូនស្រីនិងចៅត្រលប់មកគ្រួសារវិញដោយដៃទទេគ្មានប៉ានិងគ្មាន​ប្រាក់កាសចិញ្ចឹម​ជីវិត​។

ក្រោយមកនេះ នៅពេលព្រះសង្ឃដដែល​និមន្តចូលមកក្នុងទីក្រុងកាលណា​វិញ ប្រជាជននៅតាមដងផ្លូវជូនមក នូវចង្ហាន់ ផ្កា​ទឹក​ ទ័យទាន​ហើយស្រែកថា “ អូ ព្រះតេជគុណអើយ តើយើងអាចសង្ស័យអ្នកទៅរួច​ទេ? អ្វីដ៏អស្ចារ្យដែលតេជគុណបានធ្វើ ករុណា​ខ្មាសគេណាស់ សូមអភ័យទោសផង! តេជគុណជាអ្នកបួស​ដ៏មានប្រាជ្ញានិងសប្បុរស មេត្តាធម៌!ករុណា​ពិតជាមានសំណាងណាស់ដែលមានតេជគុណគង់នៅក្បែរៗភូមិនេះ។

ចំពោះអ្វីៗទាំងអស់នេះព្រះសង្ឃតែងតែសន្ទនា​តបតជា​ដដែលៗថា ” មែនឬ?”

ខណៈពេលដែលគ្មានការបកស្រាយត្រឹមត្រូវ ត្រូវបាន​គេធ្វើឡើង គ្រប់យ៉ាងពីមុនគឺអ្នកស្រុក​មិនអាចផ្តល់យុត្តិធម៌ដល់រឿងដែលពួកគេពូកែវាយតម្លៃ ​និយាយតាមចិត្ត​នឹកឃើញ តាមការស្អប់ស្រលាញ់ ម្តង​ប្រឆាំងម្តងសរសើរ និងម្តងថ្កោលទោល​ តែ​ព្រះសង្ឃមិនដែលប្តូរការ​ឆ្លើយតបឡើយ។

នេះជា​ឧទាហរណ៍ល្អមួយ ​ក្នុងរឿងនិទាននេះដែលចង់បង្ហាញថាមនុស្ស​យើង​ជួនកាលគួរចេះ វិធី​ធ្វើឱ្យ​ការតបតរបស់យើង ដាច់ដោយឡែកផ្ទុយអំពី“ អ្វីដែលអ្នកជុំវិញ​យើង​គិត”។

គេគិតបែបណា​ក៏គិត​ចុះ  កុំរំពឹង​ថា​ មនុស្ស​គ្រប់គ្នា​សុទ្ធ​តែមានទំនួលខុសត្រូវលើរាល់ពាក្យសម្តី​ដែលគេកំពុងនិយាយឬ​ចង្អុលមកយើង ដូច្នេះ​យើង​ក៏មិនគួរយកចិត្តទុកដាក់ ​ឬទទួលខុសត្រូវអ្វី​ដែលយើងមិនទាក់ទងពាក់ព័ន្ធដូចគ្នា។

 មិនថានៅទីសាធារណៈ ឬនៅកន្លែងធ្វើការ ឬនៅក្នុងជីវិតឯកជនទេ​ មនុស្សម្នា​នឹងយល់ច្រឡំអំពីចេតនារបស់យើង ជួន​ឈានទៅរកការសន្និដ្ឋានដែលធ្វើឱ្យយើងស្ថិតក្នុងស្ថានភាពអាក្រក់ និងឈឺចាប់​ខាតបង់។

មេរៀនដែលអាចនាំយើងឆ្ពោះទៅមុខជានិច្ច​សម្រាប់ជីវិត គឺរៀន​ធ្វើ​ដំណើរនិង​បន្តដំណើរ ប្រកបដោយក្រមសីលធម៌  ចេតនាល្អ ទោះគេដឹងឬមិនដឹង​តែយើងខ្លួនឯង «ដឹង»។ កុំជោរនឹងការសរសើរ​ក៏ដូចជាតូចចិត្ត​នឹងការរិះគន់​ដោយងាយៗឡើយ។ គេមិនដឹងបានគេនិយាយ​យើងដឹង​យើងនឹងនស្ងប់ស្ងាត់។

ព្រះសង្ឃក្នុងរឿងខាងលើនេះ ដើរតួជាគំរូក្នុងការ​រក្សាមារយាទ​យើង និង​ចេះរៀនទប់អារម្មណ៍ ចេញ​ពីទស្សនៈបណ្ដោះអាសន្នរបស់អ្នកដទៃព្រោះអ្វីដែលពួកគេ​និយាយបណ្ដោះអាសន្ន​ប៉ុណ្ណោះ អ្វីដែលយើងមានពិតមែនទើប​ជាស្ថិតស្ថេរ​។

​          ព្រះសម្មាសម្ពុទ្ធធ្លាប់និមន្តពីនគរមួយទៅកាន់ដែនដី​មួយទៀតជាមួយអ្នកដើរតាមជាសាវ័កព្រះ។  ពេលធ្វើដំណើរបានឆ្លងកាត់បឹងមួយ។ ព្រះអង្គ គង់ឈប់មួយសន្ទុះហើយព្រះពុទ្ធបានប្រាប់អ្នកដើរតាម​ម្នាក់ថា“ ខ្ញុំស្រេកទឹក។ សូមយកទឹកពីបឹងនោះមកប្រគេន​ខ្ញុំផង”

អ្នកដើរតាមម្នាក់នោះ​ស្រវេស្រវាចុះទៅក្បង់យកទឹកបឹង។ ភ្លាម​នោះនាយ កត់សម្គាល់ឃើញថា មានអ្នកភូមិខ្លះកំពុងបោកសម្អាត​ខោអាវរបស់ពួកគេនៅក្នុងទឹកបឹងនោះដែរ​។ ហើយថែមខ្លះមាន​ រទេះគោយកមកលាង ដូច្នេះធ្វើឱ្យទឹកឡើងល្បប់ភក់ជា​ខ្លាំង។

អ្នកនោះ បានគិតរារែក ថា៖

“ តើខ្ញុំប្រគេន​ទឹកកខ្វក់នេះទៅព្រះពុទ្ធយ៉ាងម៉េចទៅ!”

 ដូច្នេះគាត់បានត្រលប់មករកព្រះពុទ្ធវិញហើយនិយាយថា“ ទឹកបឹងមានភក់ហើយ មិនសមនឹងសោយទេ” ។

មួយសន្ទុះក្រោយមកព្រះពុទ្ធបានសម្លឹងទៅក្រុមរទេះចាកចេញនិងអ្នកភូមិនានាក៏ក្រោកចេញទៅវិញដែរ បន្ទាប់ពីបោកគាត់ចប់។ ព្រះ​អង្គ​បានសុំឱ្យអ្នកដដែលនោះត្រលប់ទៅបឹងវិញហើយយកទឹកដដែលមកចុះ។ នាយនោះដើរទៅតាមបង្គាប់ ដោយបានត្រលប់មកវិញហើយលើកនេះក្បង់បានទឹកថ្លាឆ្វង់។

ព្រះពុទ្ធសម្លឹងមើលទឹក ហើយឱវាទទៅអ្នកដួសនោះថា៖

“មើលចុះ វិធីដែលយើង​អាច​ធ្វើឱ្យទឹកស្អាតគឺ​ ទុកឱ្យទឹកស្ងប់ ឱ្យ​ភក់បានស្រកដោយខ្លួនឯងហើយទឹកស្អាតនិងថ្លាគង់អណ្តែតឡើង​! ចិត្តមនុស្ស​ក៏ដូចទឹកដែរ នៅពេលដែលចិត្តយើងត្រូវបានរំខាន គ្រាន់តែធ្វើដូចគ្នា​គឺ​ទុកពេលមួយ អនុញ្ញាតឱ្យវាស្ងប់ ស្រក  ហើយវានឹងដោះស្រាយរឿងនានា​បាន​ដោយខ្លួនឯង! យើង​មិនចាំបាច់ធ្វើអ្វីដាក់វាទេ! ហើយក៏មិនត្រូវខិតខំច្របាច់សង្កត់ធ្វើឱ្យវាស្ងប់នោះដែរ។ ជីវិត​មនុស្ស​និងការដោះបញ្ហា​ វាមិនពិបាកខ្លាំង​ដូច​យើង​បង្គាប់ខ្លួនឯងយើងទេ!”

ដូច្នេះ ប្រសិនបើអ្នកអាន​ព្យាយាមចងចាំ ដូចអ្វីដែលព្រះពុទ្ធបានមានឱវាទពាក្យ​ ថា“ វាមិនពិបាកទេ” ។ ដូចគ្នាដែរ ការមានក្តីសុខក្នុងចិត្ត មិនមែនជាដំណើរការដែលពិបាកធ្វើទេ ប្រសិន​បើ​យើងចេះ ស្វែងរកសន្តិភាពមកជាគ្រឹះនៅក្នុងខ្លួនអ្នក។ នៅពេលណាដែលដឹងថា​ខ្លួន​កំពុង​ ស្ថិតក្នុងស្ថានភាពពិបាកចិត្ត គ្រាន់តែសម្រាក ហើយព្យាយាមធ្វើឱ្យចិត្ត​មានសន្តិភាពស្ងប់ស្ងាត់ទុកពេលឱ្យខ្លួនឯងខ្លះ។ ទុកពេលពីរបីនាទី ឬអាចច្រើនជាងនេះ ឬសូម្បីតែពីរបីម៉ោង ឬច្រើនថ្ងៃក្តី អាស្រ័យលើកម្រិត​ភាពច្របូកច្របល់នៅក្នុងចិត្តរបស់យើង។ ដកចិត្តចេញស្ងប់មកពីការចូលរួមជាមួយរឿងរ៉ាវនានាទាំងអស់សិនដោយ​អនុញ្ញាតឱ្យវាសម្រាកពីភាពច្របូកច្របល់ បណ្តាការរំខាននឹងអាចបាន​រសាយឬដោះស្រាយចេញ។​ក្រោយពីនោះមនុស្ស​ នឹងឃើញខ្លួនឯងបាន​ស្ថិតក្នុងស្ថានភាពសុខសាន្តសារជាថ្មី។

នៅពេលដែលយើង​ស្ងប់សុខ ចេះ​មានសន្ដិភាពនៅក្នុងខ្លួន សន្តិភាពនេះ​ក៏អាច​ជ្រៀតចេញមកខាងក្រៅ រាលដាលពាសពេញដល់អ្នកជុំវិញខ្លួននិងនៅក្នុងបរិស្ថាន។ យើង​ក៏ក្លាយជាមនុស្សដែលពួកគេក៏ចាប់ផ្តើមមាន​អារម្មណ៍ថា មានសន្តិភាព មានសុភមង្គលពេលនៅជាមួយ​។

មហាត្មៈគន្ធីបានពន្យល់ថា  មានជីវិត​លើភពផែនដីដ៏ច្របល់នេះម្នាក់ៗត្រូវចេះស្វែងរកភាពសុខសាន្តពីក្នុងខ្លួនយើង​ក្នុងបេះដូងខ្លួនឯងដែលជាថាមពលសម្ងាត់មិនងាយ​អាចវាយផ្តួល​ ប៉ះពាល់ដោយសារ​កាលៈទេសៈខាងក្រៅឡើយ។

កម្លាំងផ្លូវចិត្តនិងសន្តិភាពខាងក្នុងបេះដូង​យើង​តែង​ដើរទន្ទឹមគ្នា។ មនុស្សដែលមានភាពរឹងមាំខាងផ្លូវចិត្ត មើលពីក្រៅ​ឃើញស្អាត សង្ហា​និង​មានទំនុកចិត្ត ព្រោះថាពួកគេអាចដោះស្រាយនូវអ្វីដែលជីវិតផ្តល់ឱ្យជាប្រស្នាបានល្អជាងអ្នកដទៃ ។

នោះមិនមែនចង់និយាយថាពួកគេមិនមានអារម្មណ៍ចេះ ឈឺចាប់ ឬមិនចេះទើស​​រង​រំខាន  ចិត្ត​កើតទុក្ខ​សោកស្តាយនឹង​រឿងមិនល្អដែលកើតឡើងនោះទេ តែ​ពេលជួបប្រទះអារម្មណ៍នេះ​ ពួកគេមាន​ការអត់ធ្មត់និងទប់ទល់​បាន​ស្ងប់​ក្នុងកម្រិតមួយដ៏ជ្រៅ​ ធ្វើដូច្នេះ​មិនខ្ជះខ្ជាយថាមពល យក​ទៅប្រាថ្នាអ្វីដែលប្លែក តាមអារម្មណ៍ ឬព្យាយាមផ្លាស់ប្តូរមនុស្សដទៃ​ផ្សេងទៀតតាមទស្សនៈខ្លួន។ ពួកគេផ្តោតតែ​ លើការគ្រប់គ្រងគំនិត អារម្មណ៍ និងអាកប្បកិរិយាផ្ទាល់ខ្លួន។

មួយទៀត ការ​ជ្រើស​រើស​ស្គាល់ឬរស់នៅសេពគប់មនុស្ស។ អ្នកនៅជុំវិញខ្លួនយើងប៉ះពាល់ដល់របៀបដែលយើង​ គិត អារម្មណ៍យើង និងអាកប្បកិរិយាតបតរបស់យើង​មិនលែងទេ​។​អ៊ីចឹងហើយ​ ការចូលរួមជាមួយមនុស្សដែលនិយាយកុហក និយាយដើមគេ សម្លុត ឬបន្លំ បោកបញ្ឆោត​អួតអាង នឹង​ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពចិត្ត​របស់អ្នក។

មនុស្សដែលមានស្មារតីរឹងមាំ មិនខ្ជះខ្ជាយថាមពលរបស់ពួកគេ ដោយព្យាយាមទៅអប់រំ ឬផ្លាស់ប្តូរក្រុមមនុស្សដែលមានជាតិពុលខ្ពស់​ខាងលើទេ ពួកគេចេះ​បង្កើតព្រំដែន រាងកាយ សកម្មភាព​នៅតែ​ជាមួយ​ក្រុមដែលមានសុខភាពផ្លូវចិត្ត​ល្អនិងសកម្មភាព​ល្អ​។

បន្ថែម​ពីនោះ​ត្រូវចេះទម្លាក់ចោលឱ្យអស់ទៅ​ ទម្លាប់ក្នុងការ​បន្ទោសខ្លួនឯង។ ការគិតថា អ្វីគ្រប់យ៉ាងគឺជាកំហុស ទាំង​លើទំនាក់ទំនងស្នេហា អាពាហ៍ពិពាហ៍ដែល​បរាជ័យឬគ្រោះថ្នាក់ ឬការក្រខ្សត់​បាត់បង់ ការគិតនេះ​ថែមទម្ងន់បញ្ហា​ទៅវិញ​ទេ។ ​វានឹង​ប៉ះពាល់ដល់របៀបដែលយើង​សម្លឹង​ឃើញខ្លួនឯង និងពិភពលោកជុំវិញយើង​។ យើងមិនអាចរារាំងរឿងអាក្រក់មិនឱ្យកើតឡើងបានទេ​តែយើង​ត្រៀមលក្ខណៈបានរួចរាល់ក្នុងការ​ប្រឆាំង​តបនឹង​វា ឬបំភ្លេចវាចោល ។

មនុស្សដែលមានស្មារតីរឹងមាំ មានសន្តិសុខស្ងប់ខាងក្នុងបេះដូង តែង​មានទំនួលខុសត្រូវសមរម្យលើបញ្ហា​ខ្លួនឯង។ ពួកគេទទួលស្គាល់បញ្ហា មិនបន្ទោសខ្លួនពួកគេ ក៏មិនរុញកំហុស​ទៅអ្នកឱ្យអ្នកដទៃ​ដូចគ្នា។មនុស្សរឹងមាំខាងផ្លូវចិត្ត ស្ងប់ក្នុងបេះដូងអាច​ប្រឈមមុខនឹងការភ័យខ្លាចនានាបានរឹងមាំជាងអ្នកធម្មតា។ ពួកគេហ៊ាន​បណ្តាក់ទុនឈានទៅគិតអ្វី​ដែលពិបាក ហើយ​ សាកល្បងបង្កើន​ដែនកំណត់សមត្ថភាព​របស់ពួកគេជានិច្ច​។ ពួកគេដឹងថា ការមិនស្រួលចិត្ត គ្មានផាសុកភាព​ មិនមែនជារឿង​គួរឱ្យខ្លាច​ទេ  អនុញ្ញាតឱ្យខ្លួនឯងជួបប្រទះនូវភាពមិនស្រួលខ្លះ សាកល្បងឧបសគ្គ​ខ្លះ គឺជាគន្លឹះក្នុងការស្វែងរក​វិធី​រស់នៅដែលរស់រវើក និង​ប្រសើរភាពអផ្សុកបាក់ស្បាត។

បេះដូងស្ងប់ ធ្វើឱ្យ​យើង​លែងប្រើចិត្តគំនិតគិតថា​ខ្លួនឯងជា​ជនរងគ្រោះ។ ការគិតថាពិភពលោកអាក្រក់ ខ្មៅងងឹត ការគិត​ បន្ទោសបញ្ហាទាំងអស់ថាមកពី​ កាលៈទេសៈឬមកពីហេតុការណ៍ មកពីពូជ​កំណើត។ល។ នោះនឹងមិនជួយអ្វីប្រសើរ​ឡើង​ឡើយ។ ភាពស្ងប់​ខាង​ផ្លូវចិត្តជួយយើង​ឱ្យ​មាន ជម្រើសច្រើន​មកដោះស្រាយ​ ទោះបីប្រឈមមុខនឹងកាលៈទេសៈសោកនាដកម្មក៏ដោយ។ បេះដូងស្ងប់សុខ អាចជួយឱ្យ​​ផ្តោតលើអ្វីៗនិងអាចគ្រប់គ្រងស្ថានការណ៍​សឹងគ្រប់យ៉ាងបាន។

ចុងក្រោយនេះ គឺ​ឈប់ខ្ជះខ្ជាយជីវិតក្នុងការ​ព្យាយាមធ្វើឱ្យមនុស្សម្នា​មានគំនិត​ដូចយើង​មិនខ្ជះខ្ជាយពេលវេលា ដោយខ្វល់ខ្វាយថាតើអ្នកផ្សេងយល់ស្របនឹងជម្រើសរបស់យើងឬអត់ ។ ផ្តោតថាមពល លើបុព្វហេតុដែលមានប្រយោជន៍  មានន័យថា មិនអនុញ្ញាតឱ្យការអាក់អន់ចិត្តកើតឡើង ដើម្បីគ្រាន់តែ​ចង់យកឈ្នះចាញ់មួយពេលៗ។

ស្ងប់ចិត្តឬនៅអានចប់?