អ្នកនិពន្ធចេញមុខផ្សព្វផ្សាយជូនភាពយន្តភាគខ្មែរ

អ្នកនិពន្ធ​ ម៉ីសន សុធារី បានចេញមុខផ្សព្វផ្សាយ​ឱ្យភាពយន្តក្នុងស្រុកស្របពេលដែល​ ភីអិនអិន បានប​ញ្ចេញ​នូវខ្សែរឿងភាគទូរទស្សន៍ដ៏សម្រិតសម្រាំង«រសជាតិអ្នកមាន» វគ្គហេឡូអ្នកម៉ាក់ ជាស្នាដៃថ្មីនៃអ្នកនិពន្ធនិងដឹកនាំរឿងដ៏មាន​កេរ្តិ៍ឈ្មោះ គឺលោកស្រី ពាន់ភួង បុបា្ជ។

អ្នកនិពន្ធ ម៉ីសន សុធារី ចុះហត្ថលេខាលើផ្ទាំងអនុស្សាវរីយ៍ថ្ងៃសម្ពោធភាពយន្តភាគ «​រសជាតិអ្នកមាន» នៅទូរទស្សន៍ភីអិនអិន
ជាមួយ​អ្នកនិពន្ធជើងចាស់ ពាន់ ភួង បុប្ផា​

​អ្នកនិពន្ធ​ ម៉ីសន ​សុធារី ដែលបាន​ទស្សនា​វគ្គខ្លះៗនៃភាពយន្តនេះ​ បានបញ្ចេញយោបល់ឱ្យយើង​ដឹងថា ការអប់រំដ៏ស៊ីជម្រៅ ​និងតថភាពជីវិតបច្ចុប្បន្ន ​ដែលមាន​ឆ្លុះបញ្ចាំងអំពីជ្រុង​ខ្លះក្នុងជីវិត​អាពាហ៍ពិពាហ៍របស់ស្ត្រីខ្មែរក្រោមគំនាប​សេដ្ឋកិច្ច​និងទំនៀមទម្លាប់ចាស់បង្កប់ក្នុងរឿងភាគ​ដ៏ល្អមួយខ្សែនេះ​ នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន​ថ្មីសម្រាប់សង្គមអ្នកទស្សនា​។ អ្នកនិពន្ធ​ឱ្យដឹងបន្ថែម​ទៀតថា៖

«នេះមិនមែនជាលើកទីមួយទេ ដែលខ្ញុំចូលរួមចេញមុខផ្សព្វផ្សាយឲ្យភាពយន្តខ្មែរ! សម្រាប់ទូរទស្សន៍ក្នុងស្រុក ក៏ដូចជាផលិតកម្មផ្សេងៗដែលផលិតជារឿងបញ្ចាំង នៅរោងភាពយន្ត ខ្ញុំមានចេតនាក្នុងការចូលរួមចំណែកជួយ! ខ្ញុំយល់ថា ទាំងផ្នែកទូរទស្សន៍ក៏ដូចជាក្រុមផលិតនិងផ្នែករោងកុនផ្ទាល់ផងដែរគេមានការលំបាកម្យ៉ាងរបស់គេ! យើងតែងតែមានការវាយតម្លៃថាហេតុអីបានជារោងភាពយន្តធំៗមិនទទួលយករឿងខ្មែរយើងទៅដាក់បញ្ចាំងឲ្យបានច្រើនថ្ងៃប្រៀបធៀបទៅនឹងភាពយន្តបរទេស ប៉ុន្តែយើងអត់ដឹងពីហេតុផលទិដ្ឋភាពផ្សេងៗនៅពីក្រោយហ្នឹងទេ! គាត់មានបញ្ហា​ច្រើនដែលត្រូវទទួលខុសត្រូវ ហើយនៅពេលដែលយើងដាក់រឿងទៅអត់មានអ្នកទៅមើល ក៏បានន័យថា​អត់មានចំណូលតើគាត់អាចធ្វើអីបាន? នៅក្នុងពាណិជ្ជកម្ម ធុរកិច្ច អ្វីក៏ដោយដែល​អត់ចំណូលគឺ​ចប់!​ លើផ្នែកទូរទស្សន៍ក៏អ៊ីចឹងដែរ បើយើងម្នាក់ៗមិនចូលរួមជួយតើអ្នកណាជាអ្នកធ្វើវាដើម្បីយើង? ពេលខ្ញុំបោះដៃ​ទៅរកការផ្សាយនិងសារពត៌មានផ្សេងៗ ក៏មិនសុំអត់គិតថ្លៃទេ គឺយើងជូនថ្លៃ ប៉ុន្តែដោយសារយើងអាចពន្យល់គាត់ថា តើបែបផែនបញ្ចុះតម្លៃបែបណា កុំប្រៀបធៀបកុនខ្មែរយើងទៅនឹងផលិតផលផ្សេងផ្សេងដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពឬមួយក៏ប៉ះពាល់ដល់ផ្នែកណាមួយនៃសង្គម កុនខ្មែរអត់មានអីប៉ះពាល់ទេ យើងជួយកាន់តែច្រើនគឺកាន់តែធ្វើឲ្យផលិតផលមាន​សន្ទុះ!»។

ទាក់ទងនឹងការផ្សាយយ៉ាងណាឱ្យមានប្រសិទ្ធិភាព​លើចង្កោមសារព័ត៌មាន អ្នកនិពន្ធម៉ីសន សុធារី បានពន្យល់ឱ្យដឹងបន្ថែមទៀតថា៖

«ការជួយរបស់ខ្ញុំ ខ្ញុំធ្លាប់បានជួយរឿងមួយចំនួននៅទូរទស្សន៍ភីអិនអិន និងCTN មិនមែនដោយសារខ្ញុំធ្លាប់ជាបុគ្គលិកធ្វើការនៅហ្នឹង ប៉ុន្តែបើមានខាងណាទាក់ទងខ្ញុំឲ្យជួយផ្សព្វផ្សាយឲ្យ ខ្ញុំក៏មានសេចក្ដីសោមនស្សរីករាយនៅក្នុងការសិក្សា​អំពីលំនាំរឿងរបស់គេ ដោយពិនិត្យ​លើសក្ដានុពលនៃរឿងរបស់គេ ការជះឥទ្ធិពលរបស់រឿងគេទៅលើសង្គមខ្មែរ ក្រុមគោលដៅ ទីផ្សារ​ហើយខ្ញុំព្យាយាមជួយសម្រុះសម្រួលជាមួយក្រុមអ្នកព័ត៌មាន ដោយសារខ្ញុំមានទំនាក់ទំនងជាមួយអ្នកកាសែតនៅក្នុងប្រទេសយើងខ្លះ ​ពួកគាត់ក៏យោគយល់ ហើយយើងក៏យល់អំពីរបៀប​ធ្វើការប្រទាក់គ្នា​រវាងសិល្បៈ​និងPress ធ្វើឱ្យលទ្ធផល​ចេញមកទទួលយកបាន!»។

ទូរទស្សន៍ភី អិន​ អិន ទើបនឹង​ចេញផ្សាយ​​កម្រងភាពយន្តថ្មី ប្រើទុនច្រើនបំផុត​របស់ខ្លួន គឺជាងកន្លះលានដុល្លារអាមេរិក ក្រោមចំណងជើង​ថា «ហេឡូអ្នកម៉ាក់»ដែលចាក់ផ្សាយនៅរៀងរាល់យប់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហ វេលាម៉ោង ៨ ដល់ ៩ ចាប់ពីថ្ងៃទី ០៦ ខែមិថុនានេះតទៅ ។

លី យ៉ារ៉ា