លោកស្រី ពាន់ភួង បុបា្ជ ដែលទើបនឹងផលិតបញ្ចប់នូវកម្រងរឿងភាគ «រសជាតិអ្នកមាន» វគ្គ ហេឡូអ្នកម៉ាក់ ប្រាប់ឱ្យដឹងនូវចំណុចសំខាន់មួយចំនួនដែលអ្នកផលិតឬអ្នកសរសេរជំនាន់ក្រោយអាចយកសិក្សាពិចារណាធ្វើយ៉ាងណាឱ្យសាច់រឿងមានការអប់រំស៊ីជម្រៅ និងតថភាព។
ទីមួយឆ្អឹងរឿង
លោកស្រីពន្យល់ថា រឿងភាគ «រសជាតិអ្នកមាន» ទាំងបីវគ្គ ទទួលបានជោគជ័យដោយមានការកំណត់ការសិក្សាលើ ឆ្អឹងរឿងជាសំខាន់ ។ ក្នុងនោះឈុត ឆាក សកម្មភាព ឬព្រឹត្តិការណ៍ដែលបង្កើតនូវបញ្ហា ទំនាស់ទាញឱ្យជក់តាមដាន អ្វីៗត្រូវបានកំណត់ប្រិតប្រៀងណាស់។ លោកស្រីបញ្ជាក់ថាភាពស្មុគស្មាញឬអស្ចារ្យរំភើប រន្ធត់អ្នកណាក៏អាចធ្វើបាន តែត្រូវស្របនឹងបរិបទពិតនៃសង្គមរស់នៅត្រូវមានតថភាព និងសមស្របតាមអ្វីដែលអ្នកទស្សនាអាចជឿជាក់បានទើបគាត់មិនធុញទ្រាន់ក្នុងការទស្សនា ឬនាំគ្នាជជែកពីកំហុស ឬភាពឆ្គងដោយភ្លេចតាមដានសាច់រឿងវិវត្តន៍យ៉ាងណា។
ទីពីរការអភិវឌ្ឍន៍ឃ្លាសន្ទនានិងរូបភាព
ការធ្វើឱ្យតួអង្គមានជីវិតរស់រវើកនៅក្នុងចិត្តអ្នកទស្សនាជាទេពកោសល្យនៃអ្នកនិពន្ធនិងដឹកនាំរឿង អ្នកជំនាញDOP ដែលត្រូវល្អិតល្អន់រាប់ចាប់ពីរូបភាពតូចៗ រហូតដល់ខ្សែរឿងទាំងមូល មិនអាចប្រហែសឬធ្វើឱ្យតែរួចពីដៃនោះទេ។ ស្ទីលការសន្ទនា ពិតជាផ្នែកទាក់ទាញណាស់ក្នុងសាច់រឿង ប្រសិនមិនរកពាក្យមកឆ្ងាញ់ៗក៏មិនជក់ចិត្តអ្នកទស្សនាដែរ។ «អ្នកនិពន្ធមិនអាចប្រើវាក្យសព្ទក្នុងប្រលោមលោក មកនិយាយក្នុងកុនទេ សំឡេងនិងប្រយោគត្រូវមានស្ទីលសាមញ្ញ ធម្មជាតិតែពញ្ញាក់អារម្មណ៍!» អ្នកនិពន្ធរូបនេះបញ្ជាក់ទៀតដែរថា ភាពរំភើបរីករាយ មានទំនោរប្រើប្រយោគខ្លីៗល្អជាង តួអង្គចេះបត់បែនសំឡេង សម្តែងអារម្មណ៍តាមខ្យល់ដង្ហើម ទើបធ្វើឱ្យឆាកនីមួយៗមានប្រសិទ្ធភាពខ្ពស់ជាងមុន ក្នុងការអន្ទងអ្នកទស្សនា។
ទីបីតួសម្តែង
ទោះបីជាភាពយន្តនោះពោរពេញទៅដោយឥទ្ធិពលពិសេសយ៉ាងណាក៏ដោយ អ្នកស្រីបញ្ជាក់ថាការរើសនិងសាកល្បងតួឱ្យសក្តិសម ជាចំណុចសំខាន់ទីបី។ «ទ្រឹស្ដីមួយក្នុងចំណោមទ្រឹស្ដីសាមញ្ញបំផុត សម្រាប់សិល្បៈភាពយន្តមិនមែនឲ្យតែតួស្អាតល្បី សម្តែងសុទ្ធតែសមទាំងអស់នោះទេ ដ្បិតសាច់រឿងនីមួយៗមានចរិតតួអង្គ ដែលទាមទារអ្នកសម្តែងចូលស៊ីនឹងសាច់រឿង ធ្វើឲ្យអ្នកទស្សនាលង់ចិត្តស្រឡាញ់តួ យ៉ាងជ្រៅដោយមិនដឹងខ្លួន។ ដូចលោកស្រីធ្លាប់លើកឡើងថា តួល្បីព្រោះរឿង មិនមែនរឿងល្បីព្រោះតួនោះទេ ជាក់ស្តែងលោកស្រីបានជ្រើសរើស និងដឹកនាំសម្តែងតួមួយចំនួនសឹងពីមិនទាន់ស្ទាត់ក្នុងការសម្តែង ឬអ្នកទស្សនាមិនទាន់បានស្គាល់រហូតឲ្យក្លាយជាតួល្បី ដោយសាររឿង និងពាក្យសន្ទនាដែលពោរពេញដោយ សីលធម៌ គុណធម៌ និងការលះបង់ ធ្វើឲ្យអ្នកទស្សនាលង់អារម្មណ៍ភ្លេចខ្លួនថាតួល្បីនោះ ដោយសារសាច់រឿងល្អ ព្រោះសន្ទនាងាយស្រួលស្តាប់ មានអត្ថន័យ និងដោយសារការដឹកនាំយ៉ាងតឹងតែងច្បាស់លាស់ របស់អ្នកដឹកនាំរឿងដែលមានបទពិសោធយូរឆ្នាំនោះឯង។
អ្នកនិពន្ធនិងដឹកនាំរឿង លោកស្រី ពាន់ ភួងបុប្ផា ធ្លាប់ជាម្ចាស់ជ័យលាភីភាពយន្តអប់រំសង្គមមួយចំនួនមកហើយ ក៏ជាម្ចាស់នៃកម្រងភាពយន្តខ្នាតធំ រឿងទឹកចិត្តម្តាយ ដ៏ជោគជ័យ ថែមទាំងមានប្រវត្តិស្នាដៃភាគច្រើន ដែលធ្វើឲ្យអ្នកទស្សនាចងចាំមិនភ្លេច។
ជាមួយនិងស្នាដៃថ្មីនេះទៀតសោត ទូរទស្សន៍ភីអិនអិន កំពុងនឹងចាក់ផ្សាយ រឿងរសជាតិអ្នកមាន វគ្គ៣ វគ្គហេឡូអ្នកម៉ាក់ នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហ វេលាម៉ោង ៨ ដល់ ៩យប់ ចាប់ពីថ្ងៃទី ០៦ ខែមិថុនាតទៅ ។