រឿង៖ នាងជាខ្ញុំឬខ្ញុំជានាង?

កែវភ្នែកធំៗថ្លាយ៉ង់របស់នារីម្នាក់កំពុងសម្លឹងមើលទៅបន្ទប់ទឹកជាច្រើននៅខាងមុខ មុនជើងស្រឡូនបន្តដំណើរដើររហូតដល់បន្ទប់ចុងក្រោយក៏ស្រាប់តែនារីម្នាក់នោះត្រូវនិយាយឡើង

« អ្ហេ៎…លោកពូម៉េចក៏មកអង្គុយក្នុងនេះ? នេះជាបន្ទប់ទឹកស្រីទេតើ?»

មនុស្សស្រីវ័យ១៨ឆ្នាំម្នាក់និយាយឡើងក្រោយនាងដើរមកបន្ទប់ទឹកក្នុងសាលាតែវាត្រូវពេញអស់ ទើបនាងក៏បន្តដើររហូតដល់បន្ទប់ចុងក្រោយក៏ស្រាប់តែឃើញបុរសវ័យកណ្ដាលស្លៀកពាក់ជាកម្មករមកអង្គុយស្មឹងស្មាធិ៍ដោយទឹកមុខស្លេកៗគួរឱ្យចម្លែក…

«……….» ដោយមិនមានការតបឆ្លើយពីអ្នកម្ខាងទៀតនាងក៏ត្រលប់ទៅបន្ទប់ខាងមុខក្បែរនោះវិញដោយហេតុថាមានមនុស្សដើរចេញហើយតែចម្លែកអីតែលោកពូម្នាក់នោះដែលចូលមកទីនេះធ្វើអី? ឬមួយជាពួករោគចិត្តទេដឹង? ទោះនាងក្រមុំគិតយ៉ាងណាក៏គ្មានចម្លើយ។

ក្រោយរួចធុរៈនាងបានចេញមកវិញដោយមិនភ្លេចដៀងភ្នែកទៅបន្ទប់ខាងចុងគេតែក៏មិនបានឃើញលោកពូម្នាក់នោះទៀតឡើយ។ បំបោសគំនិតមិនល្អចោល….នាងបន្តដើរចេញពីបន្ទប់ទឹកដែលស្ថិតក្នុងបរិវេណសាលាត្រលប់ទៅផ្ទះវិញ ប៉ុន្តែ…..

ឌឹប….អ្ហា៎ក……

ប៉ុន្តែ..សំឡេង…សំឡេង…ធ្លាក់វត្វុអ្វីមួយយ៉ាងខ្លាំងបង្ហើរដោយសម្រែកស្រែកឈឺចុកចាប់បានបណ្ដាលឱ្យនារីសក់ខ្លីដែលដើរបែរខ្នងចេញមកមុននេះត្រូវបែរមកម្ដងទៀតក្នុងសភាពងឿងឆ្ងល់។

«………..» អណ្ដាតដែលគ្មានឆ្អឹងទាល់តែសោះក៏ប្រែជាគាំងស្កុបហាក់មានអ្វីមកបញ្ជា ចំណែកកែវភ្នែកទាំងគូរបស់ស្រីម្នាក់នោះបើកធំហាក់ដូចជាមិនជឿនិងអ្វីដែលខ្លួនកំពុងឃើញ។

បុរសមាឌធំម្នាក់ឈរនៅមាត់ទ្វារចូលបន្ទប់ទឹកដែលមានចម្ងាយរាងឆ្ងាយពីជេហា៍… មនុស្សស្រីដែលបានដើរចេញពីទីនោះបានបន្តិចក្រោមរូបភាពដ៏គួរឱ្យខ្លាចនៃដែកថែបមូលដោតចំកណ្ដាលថ្ងាសមានឈាមកកនៅតាមជាយសម្លៀកបំពាក់ប្រឡាក់ដោយធូលីដីគួរឱ្យសង្វេគ។

«ជួយដកវាចេញផង….ជួយ….»

«អត់ទេ….ជួយផង…..»

ជេហា៍ស្រែកឱ្យគេជួយព្រមនិងលោកពូម្នាក់សុំការជួយពីនាងដូចគ្នា។

មិនបង្អង់យូរក្រោយពីស្រែកឱ្យគេជួយហើយគឺនាងត្រូវរត់ចេញទាំងចាប់ផ្ដើមបែកញើសជោកអាវ ទោះបីជានាងរត់កាន់តែឆ្ងាយក៏បុរសនោះនៅតែបក់ដៃស្រែកឱ្យនាងជួយល្វើយៗពីចម្ងាយដែលឆ្ងាយទៅៗនាងរត់ងាកក្រោយរហូតពេលបែរមកវិញ

« ជួយ..ផង..អ្ហា៎…….អឹប…»

« នេ៎….ឈប់ស្រែក! គេមើលមកច្រើនណាស់..!»

ខ្ញុំ មិត្តរបស់ជេហា៍ក៏ប្រញាប់យកប្រអប់ដៃស្រឡូនទៅខ្ទប់មាត់នារីសក់ខ្លីដែលស្រែកឡើងដូចជាជួបហេតុពិតៗទាំងដែលពេលនេះពួកយើងអង្គុយលេងនៅទីធ្លាសាលាសោះ?។

« ហើយកើតឆ្កួតស្អីឯង…?»

« អឺ…គឺ…គឺ..យើងភ័យពេក….»

« ភ័យ..? គ្រាន់តែជាការស្រមៃសោះកុំយកធ្វើជារឿងធំអី»

ខ្ញុំនិយាយដដែលៗទាំងប្រយោគមួយនេះខ្ញុំនិយាយមិនក្រោម១០០០ដងទៅហើយចាប់តាំងពីស្គាល់ជេហ៌ាមក! មិនបាច់ឆ្ងល់ថាមកពីអ្វីទេ…

« ឯងថាយើងស្រមៃ? នេះយើងកំពុងប្រាប់រឿងកាលពីពីរបីថ្ងៃមុនដែលយើងថាខ្មោចលងនោះណា៎ លើកនេះវាស្រស់ជាងលើកណាៗទាំងអស់បើមិនចឹងមិនមែនយើងដេកពេទ្យអស់ពីរថ្ងៃទេ»

« លើលោកនេះគ្មានខ្មោចទេ……» ខ្ញុំបន្ត

« ទៀតហើយ? អូខេ…ឯងមិនជឿក៏បានតែឯងត្រូវស្ដាប់យើង ក្រោយពីកើតរឿងនៅថ្ងៃនោះមកយើងបានសាកសួរអ្នកនៅម្ដុំនេះគេប្រាប់ថាកាលពីពេលដែលសាងសង់សាលានេះដំបូងគឺមានឧបទ្ទវហេតុជាងធ្លាក់ពីលើធ្នើរជាន់ខ្ពស់ត្រូវជុងនិងដែកដែលគេធ្វើគ្រោងស្លាប់ភ្លាមៗហើយកន្លែងដែលគាត់ធ្លាក់ស្លាប់នោះគឺបន្ទប់ទឹកជាន់ផ្ទាល់ដីនេះឯង យើងគិតថាគាត់ចង់ឱ្យយើងជួយប៉ុណ្ណោះវាមិនមែនជាការស្រមៃដូចឯងនិយាយទេ….»

ជេហា៍និយាយរៀបរាប់តាមអ្វីដែលនាងបានដឹងមកព្រោះនាងជាមនុស្សម្នាក់ដែលមានក្រយៅជួបពពួកអរូបដូចជាខ្មោច ព្រាយ បីសាច នឹងពួកអាសូរកាយអស់ទាំងនោះមិនតិចនោះទេហើយនាងក៏ជឿលើបញ្ហានេះខ្លាំងណាស់ដែរ… ចម្លែកតែមិត្តរបស់នាង… គឺខ្ញុំ! ខ្ញុំតែងតែជឿថាវាគ្រាន់តែជារឿងវិលវល់របស់មនុស្សដែលបង្កើតនូវរូបភាពចម្លែកហើយតាំងនិយាយថានៅមានខ្មោចទាំងដែលពេលនេះជាសម័យទំនើបទៅហើយ…!!

« អឹម….ហើយយ៉ាងម៉េចឬត្រូវឱ្យយើងជឿឯងទើបសមចិត្ត?»….

« ម៉ូន! ន៎! យើងមិនមែនឱ្យឯងជឿយើងទេ យើងគ្រាន់តែចង់ប្រាប់ថានៅលើលោកនេះមានអ្វីដែលមិនគួរឱ្យជឿច្រើនណាស់យើងគ្រាន់តែចង់ឱ្យឯងស្វែងយល់ ពេលមួយដែលឯងជួបដោយខ្លួនឯងហើយទើបដឹងថាទោះសាសនាអ្វីក៏គេមានជំនឿរបស់គេដែរ ហើយអ្វីដែលយើងនិយាយសុទ្ធតែជាការពិត»

« អឺ…អឺ…!» ខ្ញុំគ្រាន់តែក្រហឹមអឺអើមិននិយាយអ្វីតបតព្រោះពួកយើងចេះតែមានគំនិតខ្វែងគ្នាជាធម្មតាទៅហើយ។

សុំមកណែនាំខ្លួនបន្តិច… ខ្ញុំ ម៉ូន! ជាក្មេងស្រីម្នាក់ដែលមានអាយុស្រករជេហា៍មានសម្រស់ស្រស់ស្អាតល្មមទទួលយកបាន សក់វែងប្រាសខ្នង ពណ៌សម្បុរភ្លឺថ្លា ទម្រង់មុខមូលក្រឡង់សមនិងឈ្មោះម៉ូន ដែលមានន័យថាព្រះចន្ទនោះអី។

ខ្ញុំនិងជេហា៍ជាមិត្តនិងគ្នាទើបតែដើមឆ្នាំនេះប៉ុណ្ណោះតែ ថ្វីដ្បិតថាពេលខ្លះការគិតពួកយើងខុសគ្នាទាំងស្រុងសូម្បីតែចរិតក៏មិនជាមានភាពស្រដៀងគ្នាដោយជេហា៍ជាប្រភេទមនុស្សចង់ដឹងចង់ឮនិយាយវែកញែកច្រើនហើយក៏មិនមែនមានប្រយោជន៍ទាំងអស់នោះដែរ តែក៏នៅតែដើរជាមួយគ្នាបានយ៉ាងល្អ ឯខ្ញុំមានចរិតល្អរួសរាយស្រស់ស្រាយ ជាមនុស្សហ្មត់ចត់និយាយតិចធ្វើច្រើនពូកែសព្វគ្រប់ប៉ុន្តែចំណុចដែលអវិជ្ជមាននោះគឺខ្ញុំទាន់សម័យហួសពេកដល់ថ្នាក់រឿងអបិយជំនឿក៏ខ្ញុំមិនជឿសូម្បីតែបន្តិចហើយថែមទាំងចាត់ទុកវាត្រឹមជារឿងអស់សំណើចទៀតផង។

ជេហា៍ដែលអង្គុយសុខៗក៏ចាប់ផ្ដើមនឹកឃើញរឿងថ្មីមួយរួចនិយាយ……..ឡើង………

« អឹម…មែនហើយឯងមានដឹងរឿងDopperganger ទេថ្មីៗនេះ?»

« ស្អីឯងទៀតហើយ?» ខ្ញុំយកដៃអេះក្បាលឆ្លើយទាំងរាងចាប់ផ្ដើមធុញតិចៗ

« គឺជារឿងដែលមានអ្នកជួបផ្ទាល់ថាមានមនុស្សដែលមានរូបរាងដូចគ្នាបេះដាក់ប៉ុន្តែមិនជាប់សាច់ឈាមគ្រួសារទេ អ្នកខ្លះថាជាមនុស្សប៉ុន្តែមានភាគរយតិច ខ្លះក៏ថាជាខ្មោចអីបែបនិង ម្យ៉ាងថ្មីនេះដូចជាមានអ្នកជួបរឿងហ្នឹងច្រើនណាស់ឯងមានដឹងខ្លះទេ?»

ជេហា៍និយាយបូបាច់វែងសែនឆ្ងាយព្រោះដូចជាមានចម្ងល់ខ្លាំងណាស់ទើបខំសួរខ្ញុំជាមិត្តតែចម្លើយបានមកវិញត្រឹម…..

« មិនដឹង! អេ្ហ…មិត្តប្រុសយើងមកដល់ហើយ យើងទៅមុនហើយណា..»

និយាយចប់ខ្ញុំក៏ប្រញាប់ទាញកាតាបដើរសម្ដៅទៅមិត្តប្រុសរបស់ខ្ញុំមិននៅចាំយូរ ដោយទុកឱ្យជេហា៍ជាមិត្តហាក់ហួសចិត្តប៉ុនពេកដែលហ៊ានទុកនាងក្រយៅជួបខ្មោចឱ្យនៅម្នាក់ឯងព្រោះជួបនាងពេលណាមិនដែលថានិយាយរឿងល្អជាទេ ជួបលើកណាក៏លើកតែរឿងអាប់រស្មីមកនិយាយរហូត!

« អស់និយាយពិតមែន…» ខ្ញុំឮល្វើយៗមកពីខាងក្រោយខ្នងនៅសម្លឹងមនុស្សស្រីដែលបាននិយាយជាមួយខ្ញុំមុននេះ។

“មកហើយឬ?” សំឡេងគ្រលធំមួយបានបន្លឺឡើងពេលវត្តមានរបស់ខ្ញុំបានបង្ហាញមុខនៅចំពោះមុខរបស់គេ

“យ៉ាងម៉េច? … ជីវិតនៅតាមខេត្ត មិនចូលចិត្ត មិនសប្បាយដូចនៅទីក្រុងឬ?” មនុស្សប្រុសម្នាក់នោះបន្តសួរមកខ្ញុំបន្ទាប់ពីមុននេះខ្ញុំមិនបានឆ្លើយតបនឹងគេឡើយ

“មានមិត្តប្រុសដូចបងនៅក្បែរកុំថាឡើយនៅសៀមរាបនេះទោះទៅនៅកណ្តាលបឹងទន្លេសាបតែពីរនាក់ទៀតក៏មិនអផ្សុកដែរ!” ខ្ញុំបោះសម្តីចំអកលេងសើចទៅកាន់សព្វនាមរបស់គេ មុននឹងស្នាមញញឹមតូចមួយក៏បង្ហាញលើមុខប្រុសម្នាក់នោះ។ ត្រូវហើយ ឆ្នាំនេះលោកពុករបស់ខ្ញុំគាត់មានការងារចាំបាច់ត្រូវចុះមកបំពេញតាមខេត្ត តែដោយត្រូវចំណាយពេលនៅទីនេះយូរខ្ញុំក៏សម្រេចចិត្តមកតាមគាត់ដើម្បីមើលថែរគាត់នឹងប្តូរមកសិក្សានៅតាមតំបន់ក្បែរដងទន្លេរក្នុងក្រុងសៀមរាបនេះដើម្បីបានភ្លក់រស់ជាតិថ្មីខ្លះ តែអ្នកណាទៅដឹងថាមិត្តប្រុសខ្ញុំម្នាក់នេះក៏តាមមកដល់ទីនេះដែរ… ហើយនៅជេហ៌ាទៀត! ខ្ញុំមិនដែលបានជួបមនុស្សដូចជានាងពីមុនមកទេ។

យប់យន់មេឃបាក់ងងឹត ក្នុងបន្ទប់គេងសស្អាតដែលមានរាងកាយតូចស្រឡូនរបស់ខ្ញុំដែលកំពុងពត់ពេននៅលើគ្រែហៀបនិងចូលដំណេកទៅហើយនោះស្រាប់តែប្រទះភ្នែកនិងរូបរាងខ្លួនឯងលេចឡើងនៅក្នុងបន្ទប់ទឹក…..

« អ្ហេ៎…ជាស្អីហ្នឹង?» ខ្លួនប្រាណដែលហៀបនិងបិទភ្នែកគេងទៅហើយនោះក៏ត្រូវសម្រូតខ្លួនចុះពីគ្រែដើរសម្ដៅទៅបន្ទប់ទឹកដោយហេតុថាដូចជាមានស្រមោលដូចជាខ្លួនកំពុងនៅមុខកញ្ចក់ក្នុងបន្ទប់នោះ ខ្ញុំរំពៃដើរចូលទៅដល់ក្នុងរកមើលប៉ុន្តែមិនបានឃើញអ្វីឡើយ

«ឬមួយខ្ញុំស្រវាំងភ្នែកទេ?អាក៎…អ្ហា៎……» ខ្ញុំនិយាយខ្សឹបៗម្នាក់ឯង មុនបោះជំហានទៅមុខទៀតតែក៏ត្រូវរអិលជើងដួលមួយទំហឹងធ្វើឱ្យខ្ញុំត្រូវបាត់បង់ស្មារតីសន្លប់ភ្លាមៗ។ តែគ្រានោះអ្វីដែលខ្ញុំបានឃើញគឺស្រមោលមនុស្សស្រីម្នាក់ដែលមានរូបរាងដូចខ្ញុំបេះដាក់ប្រៀបដូចជាកូនភ្លោះកំពុងឱនមកសម្លឹងខ្ញុំដោយទឹកមុខស្មើធេង។ វិនាទីបន្ទាប់ខ្ញុំក៏ត្រូវបាត់បង់ស្មារតីទៅដោយមានមនុស្សស្រីម្នាក់នោះនៅឈរមើលមិនដាក់! ប្រហែលជាខ្ញុំគិតច្រើនពេកហើយ?

កន្លងទៅអស់ ៧ថ្ងៃតែដូចជា ៧ឆ្នាំដែលខ្ញុំត្រូវរស់នៅដូចជាជីវិតអ្នកទោសដែលមានមនុស្សតាមមើលគ្រប់វេលាចាប់តាំងពីថ្ងៃខ្ញុំសន្លប់នៅបន្ទប់ទឹកនោះ នារីម្នាក់ដែលមានរូបរាងដូចខ្ញុំតែងបង្ហាញខ្លួននៅកន្ទុយភ្នែកខ្ញុំគ្រប់ពេល ពេលខ្លះខ្ញុំគិតថាខ្លួនឯងប្រហែលជាស្ដាប់រឿងជេហា៍ច្រើនពេកទើបក្លាយទៅជាបែបនេះ តែអត់នោះទេគ្រប់សកម្មភាពដែលកើតឡើងវាដូចជាការពិតរហូតខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្លាច…

ត្រលប់ទៅប៉ុន្មានថ្ងៃមុន…

ដោយចង់រំសាយអារម្មណ៍ដែលវិលវល់ចាប់អ្វីមិនត្រូវមួយនេះចោលខ្ញុំក៏សម្រេចចិត្តខលណាត់ជួបមិត្តប្រុសរបស់ខ្ញុំដើម្បីចេញមកខាងក្រៅដើរលេងដើម្បីបានលម្ហែចិត្តនឹងកាយខ្លះរួចបោះចោលគំនិតដែលនៅជ្រួលច្របល់ពេញខួរក្បាលរបស់ខ្ញុំ។

ពេលនេះខ្ញុំកំពុងនៅតាមបណ្តោយផ្លូវធំមួយដោយគ្រងឈុតអាវយឺតដៃខ្លីពណ៌សនឹងខោខៅប៊យជើងខ្លី ជាមួយម៉ូតសក់ទម្លាក់ចុះក្រោម … សាមញ្ញៗល្មមអាចចេញដើរលេងខាងក្រៅបាន

«បងមកដល់ឬនៅ?»

ដៃស្រឡូនក៏លូកយកទូរស័ព្ទដែលនៅក្នុងកាបូបដៃចុចខលទៅរកអ្នកជាមិត្តប្រុសបន្ទាប់ពីភ្នែកបានសម្លឹងសញ្ជឹងចាំផ្លូវគេជាយូរ។

«បងចតម៉ូតូរួចហើយ… ចាំបងបន្តិចទៅបងកំពុងដើរទៅរកកន្លែងយើងណាត់គ្នាហើយ»

ខ្ញុំក៏ចុចបិទទូរស័ព្ទបន្ទាប់ពីស្តាប់សម្តីរបស់គេហើយតែចិត្តដែលអន្ទះសារក៏នាំជើងស្រឡូនឱ្យបោះជំហានទៅមុខបន្តិចម្តងៗសំដៅទៅកន្លែងចតម៉ូតូដែលនៅឆ្ងាយពីកន្លែងដែលពួកយើងណាត់ជួបគ្នាគួរសមដែរ…

“អេ៎?… អូននៅទីនេះបង!!” ដងខ្លួនដែលកំពុងដើរទៅមុខទាំងមិនភ្លេចងាកកទៅមកៗដើម្បីស្វែងរកមនុស្សម្នាក់ក៏ត្រូវឈប់ឆ្ងក់ដូចម៉ាស៊ីនអស់ភ្លើង។ អ្នកណាមិនសង្ស័យពេលដែលឃើញមិត្តប្រុសរបស់ខ្លួនកំពុងដើរសារសងជាមួយស្រីផ្សេងដែលខ្លួនមិនស្គាល់មុខនោះ!

“…” ដោយមិនបានការឆ្លើយតបមកវិញខ្ញុំក៏សម្រេចចិត្តដើរឆ្លងផ្លូវទៅដងផ្លូវម្ខាងទៀតដែលពួកគេទាំងពីរកំពុងតែដើរសាសងគ្នាយ៉ាងរីករាយ… នេះម្នាក់ស្រីនោះជាអ្នកណា? ហេតុអីក៏នាងមើលទៅមានអារម្មណ៏ថាប្រហែលៗម្ល៉េះ??… នៅមានសម្លៀកបំពាក់របស់នាងទៀត ហេតុអីក៏ស្លៀកពាក់ដូចខ្ញុំម្ល៉េះ?

“ប្រយ័ត្ន ម៉ូន!!” ចិត្តដែលមិនអស់មន្ទិលសង្ស័យក៏ធ្វើឱ្យខ្ញុំភ្លេចខ្លួនថាខ្លួនឯងពេលនេះកំពុងតែដើរឆ្លងផ្លូវដែលកំពុងមានឡានខ្មៅមួយបើកសំដៅមករកខ្ញុំយ៉ាងលឿន!

“ទីត!!! ព្រុស!!” ខ្លួនប្រាណរបស់ខ្ញុំក៏ត្រូវបុរសមាឌធំម្នាក់គ្របដណ្តប់ពីលើមុនពួកយើងទាំងពីរដួលទៅម្ខាងផ្លូវ

“អូនមិនអីទេឬ?” សំឡេងដែលខ្ញុំធ្លាប់ស្គាល់មកជាយូរក៏បន្លឺឡើងទាំងកែវភ្នែករបស់ប្រុសម្នាក់នោះពោរពេញដោយការព្រួយបារម្ភមុនយកដៃមកវែកសក់ដែលរញ៉េរញ៉ៃនៅលើមុខរបស់ខ្ញុំចេញ

“បងមកហើយឬ?” ខ្ញុំនិយាយទាំងព្រលឹងរត់ចូលខ្លួនមិនទាន់គ្រប់នៅឡើយ

“នេះបើបងមិនមក… អូនចង់រត់ចូលឡានឱ្យស្លាប់បែបនេះឬយ៉ាងម៉េចហ្អា?… ម៏!​ ងើបឡើងសិនមក!”

រាងតូចច្រឡឹងក៏ត្រូវបានមិត្តប្រុសខ្ញុំគ្រាហ៌ទៅរកកន្លែងអង្គុយដែលល្អជាងនៅដេកលើចិញ្ចើមផ្លូវបែបនេះ

“មើល! មានត្រូវរបួសត្រង់ណាទេ?… ហេតុអីក៏អូនមិនប្រយ័ត្នបែបនេះហ្អា ម៉ូន?… ចុះបើមិននេះបងមិនបានឃើញអូនហើយបងមកមិនទាន់តើអូននឹងទៅជាយ៉ាងណាទៅ?…”

មិត្តប្រុសខ្ញុំនៅតែបន្តនិយាយម្នាក់ឯងមិនឈប់ចំណែកឯត្រចៀកខ្ញុំក៏ទៅជាហឹងស្តាប់អ្វីលែងដឹងឮ… ចុះស្រីម្នាក់ដែលដើរជាមួយមិត្តប្រុសខ្ញុំមុននេះនាងទៅណាបាត់ហើយ?

“ស្រីមួយដែលកំពុងដើរជាមួយបងមុននោះទៅណាបាត់ហើយ?”

“អ្នកណា? បងដើរមកតែម្នាក់ឯងទេតើ!” មិត្តប្រុសរបស់ខ្ញុំឆ្លើយទាំងធ្វើភ្នែកស្លឺព្រោះមិនយល់ពីសំណួររបស់ខ្ញុំតែ សម្តីរបស់គេក៏ធ្វើឱ្យខ្ញុំមិនគិតមិនបាន

“មិនអាចទេ… មនុស្សស្រីម្នាក់នោះគឺមុននេះកំពុងដើរជាមួយបងច្បាស់ណាស់!… រាងរូវនាង ទាំងសក់ ទាំងកម្ពស់ នឹងការស្លៀកពាក់ទៀតសុទ្ធតែដូចអូនទាំងអស់!” ខ្ញុំ

និយាយខ្សាវៗម្នាក់ឯងទាំងមិត្តប្រុសខ្ញុំបន្តធ្វើភ្នែកស្លឺទាំងស្តាប់ខ្ញុំនិយាយមិនយល់…

បច្ចុប្បន្ន…

ដោយរឿងរ៉ាវកើតឡើងច្រើនដងទាំងគ្មានហេតុផលការពន្យល់ច្បាស់លាស់ច្រើនដងពេកពេលនេះទើបខ្ញុំសម្រេចចិត្ត

«ហាឡូ….ជេហា៍គឺយើងណា៎…»

«អឺម…ឯងមានការអីឬ? ទើបខលមកទាំងយប់? នេះខ្មោចលងឯងឬហ្អា?»

«គឺ…គឺ… វាមិនដូចឯងគិតទេ! យើងចង់សួរឯងពីររឿងដែលមានមនុស្សមុខមាត់ដូចគ្នាអីបែបនោះហើយវាអាចកើតឡើងបានយ៉ាងម៉េច?»

«Dopperganger និងឬ? ម៉េចក៏សុខៗមកសួរពីរឿងហ្នឹងឯងមានបញ្ហាអីអ្ហេ៎?»

«គឺអត់ទេគ្រាន់តែចង់ដឹងធម្មតា….»

«តែធម្មតាឯងមិនយកចិត្តទុកដាក់និងរឿងអស់នោះទេ…  អឺតែមិនអីទេចាំយើងប្រាប់ប៉ុន្តែយើងក៏មិនសូវដឹងច្បាស់អីប៉ុន្មានទេ គ្រាន់តែរឿងនេះមានកើតឡើងដោយមានអ្នកខ្លះបានឃើញមានមនុស្សមានរូបរាងដូចជាពួកគេបេះដាក់… ពេលខ្លះវាបញ្ចេញសកម្មភាពចម្លែកៗ ពេលខ្លះវាក៏រក្សាភាពស្ងៀមស្ងាត់ហើយដើរតាមខ្លួនយើងមិនឱ្យច្បាស់ថាជាមនុស្សឬខ្មោច តែមានមនុស្សភាគតិចណាស់ដែលថាជាមនុស្សពិតព្រោះអ្នកខ្លះបានជួបនិយាយគ្នាទៀតផង! និយាយទៅរឿងនេះពិបាកវែកញែកឱ្យជាក់ណាស់ព្រោះ សូម្បីអ្នកវិទ្យាសាស្ត្រក៏មិនអាចសន្មតថាជាអីឱ្យប្រាកដដែរ។ បើសិនជាឯងចាប់អារម្មណ៍អាចឆែកមើលក្នុងInternetទៀតបាន…ឥឡូវយើងរវល់បានហើយសម្លាញ់…\»

និយាយចប់នាងក៏បិទទូរស័ព្ទយ៉ាងតក់ក្រហល់។ ខ្ញុំទម្លាក់ទូរសព្ធ័ចុះកែវភ្នែកសម្លឹងមើលទៅLaptopដែលមានវេបសាយខ្ញុំបានមើលកាលពីមិនទាន់ខលទៅជេហា៍ដោយអក្សរធំៗសរសេរថា…..

« Doppelganger is real……»

ក្នុងចិត្តស្ទាក់ស្ទើរហាក់មិនហ៊ានចុចចូលទៅវេបសាយនោះសោះ តែដោយរឿងកើតឡើងដល់ទៅពីរដងទៅហើយខ្ញុំមិនអាចថាមើលរំលងវាបានទេ… ខ្ញុំសញ្ជឹងគិតអស់មួយសន្ទុះធំក៏សម្រេចចុចលើវាទៅហើយប៉ុន្តែពេលនោះស្រាប់តែ…

ឌឹប!!

សំឡេងធ្លាក់កញ្ចក់ពីលើតុហាក់ពញាក់អារម្មណ៍ខ្ញុំឱ្យកាន់តែភ័យម្ដងទៀត។ ខ្ញុំចុះពីលើគ្រែសម្ដៅទៅលើកវាមកដាក់កន្លែងដើមវិញ ស្របពេលដែលខ្ញុំលើកវាមកកាន់ទល់និងមុខតែក៏ប្រទះឃើញ

«……………»

ខ្ញុំភ័យម្ដងទៀតហើយ! រូបរាងមនុស្សស្រីដែលមានភិនភាគដូចខ្ញុំមិនខុសសូម្បីសម្លៀកបំពាក់បានមឈរពីក្រោយខ្ញុំចម្ងាយរាងឆ្ងាយបន្តិច ហើយពេលនេះហើយដែលខ្ញុំបានឃើញនាងដោយផ្ទាល់និងភ្នែកគឺជារូបរាងខ្ញុំនេះឯង តើមានអ្នកណាCopy past​ ទេដឹង? ខ្ញុំចាប់ផ្ដើមបែកញើសសស្រាក់ហើយរកនឹកវិធីកម្ចាត់នាងចេញឱ្យបានដោយ….

« អ្ហា៎……..» ប្រាវវវវ! សំឡេងកញ្ចក់បោកទង្គិចទៅនឹងកម្រាលឥដ្ឋប្រៀបដូចមានមនុស្សមានបំណងគប់វាឱ្យបែកសំដៅមកដីមួយទំហឹងបានបន្លឺឡើងធ្វើឱ្យធ្លាក់បែកអំបែងកញ្ចក់ជាច្រើនបំណែកបែកខ្ចាយពីគ្នាប្រៀបបាននឹងខ្លួនខ្ញុំដែលងើបឆ្ងក់បើកភ្នែកធំៗពេលដែលបានឮសំឡេងធ្លាក់កញ្ចក់បែកអម្បាញ់មិញ!

“មុននេះខ្ញុំគេងលក់មែនទេ?”

ខ្ញុំនិយាយសួរមកខ្លួនឯងពេលដែលអ្វីៗនៅជុំវិញខ្លួនដូចជាគ្មានអ្វីប្រែប្រួលឡើយ។ ស្របពេលដែលខ្ញុំកំពុងនិយាយនោះខ្យល់ត្រជាក់ស្រេងក៏បក់បោកចូលមកតាមមាត់បង្អួចទាញនាំឱ្យវាំងននទាំងគូរបក់ផើយផាត់ទៅមកមិនឈប់ប្រៀបដូចស្លឹករុក្ខជាតិតូចៗដែលកំពុងវេរទៅវេរមកតាមកម្លាំងខ្យល់ដែលបានផាត់ចូលមកក្នុងបន្ទប់តូចរបស់ខ្ញុំ។

“នាងម៉ូនអើយ! នេះយប់អធ្រាត្រហើយចេះភ្លេចបិទបង្អួចទៅកើត!!”

ខ្ញុំស្តីឱ្យខ្លួនឯងតិចៗពេលដែលពន្លឺកាំរស្មីពណ៌ខៀវនៅតែបន្តជះចេញពីផ្ទាំងកុំព្យូទ័រចាំងពេញមុខរបស់ខ្ញុំតែក៏ត្រូវផ្លាតទៅវិញមួយភាគធំដោយសារកញ្ចក់វែនតាការពារភ្នែកដែលខ្ញុំកំពុងពាក់។ ក្នុងចិត្តខ្ញុំនៅតែស្ទាក់ស្ទើរមិនដឹងថាតើគួរចុចចូលទៅក្នុងវេបសាយមួយនោះឬទេស្របពេលដែលខ្យល់ត្រជាក់ដូចទឹកកនៅតែបន្តបកបោកចូលមកក្នុងបន្ទប់របស់ខ្ញុំ

“លើលោកនេះគ្មានខ្មោចនោះទេ! គ្រប់យ៉ាងគឺសុទ្ធតែមានហេតុនឹងផលទាំងអស់… បើវាមានពិតមែននោះនាងម៉ូនម្នាក់នេះនឹងរកការពិតឱ្យឃើញ!”

ក្រោយនិយាយចប់ម្រាមដៃស្រឡូនរបស់ខ្ញុំក៏លើកទៅចុច keyboard ដើម្បីចុចចូលទៅក្នុងវេបសាយមួយនោះដំណាលគ្នានឹងដៃម្ខាងទៀតដែលទាញភួយដែលខ្ញុំកំពុងដណ្តប់ចេញដើម្បីងើបទៅបិទបង្អួច។ ខ្ញុំរៀបនឹងទាញជើងទម្លាក់ចុះពីលើគ្រែទៅហើយតែភ្លាមនោះខ្ញុំក៏ឮសំឡេងមួយដែលមិនគួរឮទាល់តែសោះ!

… ក្រិច ក្រក…

ដោយមុននោះខ្ញុំគិតថាគ្រប់យ៉ាងជាការយល់សបិ្តទើបខ្ញុំមិនបានចាប់អារម្មណ៏ទៅមើលបរិវេណកម្រាលឥដ្ឋនោះឡើយតែព្រះជាម្ចាស់តើនោះជាអ្វីទៅ? នេះខ្ញុំកំពុងនៅក្នុងការយល់សប្តិឬវាជាការពិតទៅ?? ទឹកមុខខ្ញុំប្រែរជាស្លេកគ្មានឈាមពេលដែលបានឃើញទិដ្ធភាពដ៏សែនអាក្រក់មួយនៅនឹងមុខរបស់ខ្ញុំផ្ទាល់។

តក់… តក់… 

សំឡេងទឹកស្រក់ជាតំណក់ៗចេញពីរ៉ូបីណេទឹកប្រៀបបាននឹងសម្រក់ឈាមទាំងធ្លុកដែលកំពុងហូរចេញពីរូបខ្ញុំ… ទេ!នោះមិនមែនជារូបខ្ញុំទេវាគឺជានាង!…មនុស្សដែលមានរូបរាងដូចខ្ញុំម្នាក់នោះ!! ដៃដែលពោរពេញដោយស្នាមឆូតរបស់អំបែងកញ្ចក់កំពុងតែឈោងទៅរើសអំបែងថ្លាៗដែលធ្លាក់បែកខ្ចាយមកប្រមូលផ្តុំវាឱ្យនៅមួយកន្លែង ខ្ញុំមិនចង់ជឿទេថានាងជាមនុស្ស… បាតជើងសស្តើងកំពុងជាន់លើអំបែងរាប់រយបំណែកដែលបានចាក់ចូលទៅក្នុងស្បែករបស់នាងឱ្យចេញឈាមមកជោកកម្រាលឥដ្ឋរហូតប្រែពណ៌ទៅជាក្រហមឆ្អៅប្រៀបដូចគេលាបថ្នាំ! ទោះក្នុងស្ថានភាពបែបនេះក៏ស្រីម្នាក់នោះនៅរក្សាទឹកមុខនឹងធឹងមិនប្រែប្រួល… ទឹកមុខនឹងធឹងដែលពោរពេញដោយភាពត្រជាក់ដូចទឹកកកមើលមិនយល់ថាក្នុងចិត្តនាងកំពុងគិតពីអ្វីបានងាកមកសម្លឹងមុខខ្ញុំដែលធ្វើឱ្យទិដ្ធភាពមួយនេះដិតជាប់នៅក្នុងភ្នែកខ្ញុំគ្មានថ្ងៃអាចបំភ្លេចបានឡើយ!

ព្រះជាម្ចាស់!… មុខមាត់របស់ខ្ញុំប្រៀបបានដូចគេជាទៅដេរភ្ជាប់លើមុខរបស់នាងដែលរកភាពខុសគ្នាគ្មានកំពុងត្រូវគ្រប់ដណ្តប់ដោយឈាមក្រហមឆ្អៅដែលហូររហាមចេញពីក្បាលរបស់នាងដែលមានអំបែងកញ្ចក់មួយផ្ទាំងធំចាក់ចំកណ្តាលក្បាលរបស់នាង… កញ្ចក់មុននេះមិនធំប៉ុន្មានទេតែហេតុអីក៏នាងត្រូវរបួសច្រើនកន្លែងម្ល៉េះ? ឬមុននេះខ្ញុំពិតជាបានគប់កញ្ចក់ចំនាងពិតមែន??? កែវភ្នែកមួយគូរដែលជាកែវភ្នែកដ៏ស្រទន់របស់ខ្ញុំពេលនេះនៅក្នុងភ្នែករបស់នាងកំពុងមើលមកខ្ញុំទាំងពោរពេញដោយកំហឹងស្ទើរតែដុតខ្ញុំទាំងរស់បាន!

…ក្រិច ក្រកក…

នាងងើបឈរឡើងបន្តិចម្តងៗទាំងភ្ជាប់មកជាមួយនឹងសំឡេងឆ្អឹងទង្គិចគ្នាគ្រប់ទីកន្លែងស្របពេលដែលខោរអាវរបស់នាងជោកទៅដោយឈាមសើមជោកដល់ស្រក់ហូរដំណក់ឈាមតក់ៗចេញពីអាវពណ៌ផ្កាឈូកដែលមានសណ្ធានដូចរបស់ខ្ញុំបេះបិទ!! សម្រឹបជើងរបស់នាងធ្ងន់ៗបោះសំដៅមកជិតគ្រែរគេងរបស់ខ្ញុំបន្តិចម្តងៗទាំងដៃក្តាប់អំបែងកញ្ចក់ជាប់។

“ហ-ហេតុ…អី… ឯង-ឯង… ចង់ធ្វើបាបយើងបែបនេះ?”

សំឡេងតែមួយដែលខ្ញុំចាំបានយ៉ាងច្បាស់ថាជាសំឡេងរបស់ខ្ញុំផ្ទាល់កំពុងបន្លឺចេញពីមាត់ស្រីម្នាក់នោះដែលកំពុងសួរសំណួរមួយនោះមកខ្ញុំ។ ពេលដែលខ្ញុំបោះកញ្ចក់សំដៅទៅរកនាងនោះវាជាការពិតឬយល់សប្តិទៅ?

ចុះពេលនេះវាជាការយល់សប្តិឬជាការពិត?? ខ្ញុំសួរខ្លួនឯងតិចៗទាំងដៃជើងចាប់ស្ពឹកកម្រើកអ្វីលែងបានស្របពេលស្រីម្នាក់នោះកំពុងដើរកាន់តែខិតមកជិតគ្រែរបស់ខ្ញុំ… ពន្លឺព្រាលៗដែលបំភ្លឺចេញពីចង្កៀងរាត្រីធ្វើឱ្យខ្ញុំដឹងច្បាស់ថារាងកាយនាងទាំងមូលមានសភាពដូចខ្ញុំប៉ុនណា!! បើខ្ញុំចាំមិនខុសទេអ្នកដែលខ្ញុំបានឃើញដើរក្បែរមិត្តប្រុសរបស់ខ្ញុំនោះ…ក៏ជានាងដែរ? នាងជាមនុស្សឬខ្មោចទៅ???

“ហេតុអីមិនឆ្លើយនឹងយើង? នាងជាយើង…យើងជានាង… បើយើងក្លាយជាបែបនេះនាងក៏ត្រូវតែក្លាយជាបែបនេះដែរ… អ៎ា!! អាយ៎!!!”

ស្រីម្នាក់នោះនិយាយទាំងក្តាប់ដៃដែលណែនទៅដោយអំបែងកញ្ចក់ឱ្យឈាមបាញ់ខ្ទាតគ្រប់ទីកន្លែង។ សម្រែករបស់នាងជាលើកចុងក្រោយក៏បានបន្លឺឡើងមុននឹងនាងគប់អំបែងកញ្ចក់ដែលស្រោបដោយឈាមទាំងនោះសំដៅមកខ្ញុំអំឡុងពេលដែលខ្ញុំក៏កំពុងតែស្រែកទាំងភាពភ័យខ្លាចដូចគ្នា

“អ៎ា!!… ម៉ូន!! ម៉ូន…បើកទ្វា ម៉ូន! គឺបងណា!”

សម្រែកដែលពោរពេញដោយភាពភ័យខ្លាចក៏ត្រូវបានបង្អាក់ស្រប់ពេលអំបែងកញ្ចក់តូចមួយបានហោះមកឆូតមុខខ្ញុំឱ្យចេញឈាមរឹមៗ… ចុះឯណាស្រីម្នាក់នោះ? ឯណាអំបែងកញ្ចក់ជាច្រើនបំណែកដែលបោះសំដៅមករកខ្ញុំអម្បាញ់មិញ? ខ្ញុំសួរខ្លួនឯងទាំងអារម្មណ៍វឹលវល់រហូតដល់សំឡេងគោះទ្វាបន្លឺឡើងមកកាត់ចង្វាក់ម្តងទៀត។

“តឹបៗ ម៉ូន… គឺបងទេណា!” សំឡេងមិត្តប្រុសរបស់ខ្ញុំបានបន្លឺឡើងម្តងទៀត

“ច-ចាំបន្តិចបង!” ខ្ញុំយកដៃជូតញើសប៉ុនៗគ្រាប់ពោតដែលហូរសស្រាក់លើថ្ងាសចេញពីមុខស្លេកស្លាំងមុនប្រមូលស្មារតីចុះពីលើគ្រែសំដៅទៅបើកទ្វារ។

“បងមកធ្វើអ្វីទាំងយប់បែបនេះ? ចុះឯណាប៉ា?” ខ្ញុំសួរទៅមនុស្សជាទីស្រលាញ់របស់ខ្ញុំទាំងព្យាយាមលាក់ភាពភ័យខ្លាចទុកក្នុងពោះ

“គឺ…អេ! មុខអូនទៅត្រូវនឹងអ្វីឬទើបមានឈាមបែបនេះ?”

ដៃធំដ៏កក់ក្តៅក៏ឈោងមកចាប់ថ្ពាស់មូលៗរបស់ខ្ញុំ។ ភាពកក់ក្តៅដែលគាត់បានផ្តល់ឱ្យខ្ញុំក៏ជួយធ្វើឱ្យខ្ញុំសម្រួលអារម្មណ៍បានខ្លះ។

“អូន…អូនមិនអីទេ! សំខាន់បងមកទីនេះធ្វើអីទាំងយប់?”

“ក្រែងកន្លះម៉ោងមុនអូនផ្ញើសារមកបងថាអូនមិនស្រួលខ្លួននោះអី? គឺបងទិញថ្នាំមកឱ្យនឹងណា… នេះឈឺឡើងបាត់បង់ការចងចាំហើយឬអាក្បាលខូច?”

សម្តីរបស់គេក៏ធ្វើឱ្យខ្ញុំភ្ញាក់ព្រើត! ត្រូវហើយហេតុអីខ្ញុំត្រូវជឿលើរឿងដែលកើតឡើងអម្បាញ់មិញទៅ? វាអាចគ្រាន់តែជាការស្រមើស្រមៃដោយសារខ្ញុំមិនស្រួលខ្លួនប៉ុណ្ណោះ… ខ្មោចស្អីទៅថាហើយវាគ្មានពិតនោះទេគឺសុទ្ធតែការស្រមើស្រមៃរវើរវាយរបស់មនុស្សតែប៉ុណ្ណោះ!

ខ្ញុំព្យាយាមលួងលោមខ្លួនឯងមុនទទួលថ្នាំពីដៃគាត់ហើយនិយាយលាគ្នាបានបន្តិចគាត់ក៏ត្រលប់ទៅវិញរួចខ្ញុំក៏បោះជំហានលឿនដូចរត់សំដៅមកឈរមុខទូរសម្អាងរបស់ខ្ញុំ។

“បើពិតជាខ្ញុំរវើរវាយខ្លួនឯងមែនម៉េចក៏មុខខ្ញុំមានស្នាមឆូតពីអំបែងកញ្ចក់មុននេះ?” ខ្ញុំអង្អែលមុខខ្លួនឯងថ្នមៗទាំងចិត្តរសាប់រសល់រហូតដល់កែវភ្នែកខ្មៅសម្លឹងទៅប៉ះនឹងតំណក់ឈាមដែលប្រឡាក់ជាប់ឈើឆ្កាងដែលតាំងលើក្បាលដំណេករបស់ខ្ញុំ!

“នេះមានឈាមមកប្រឡាក់លើឈើឆ្កាងយ៉ាងម៉េចបាន??”

ខ្ញុំប្រញាប់ប្រញាល់រត់ទៅយកកន្សែងដៃស្អាតមួយមកជូតឈាមចេញលើឈើឆ្កាងមុនលេបថ្នាំហើយក៏ចូលគេងដោយបើកកុំព្យូទ័រដែលកំពុងចូលក្នុងវេបសាយមួយនោះចោលរហូតដល់វារលត់ទៅបាត់ដោយខ្លួនឯង។

……………….

“ម៉ូន?… ម៉ូន!!” ត្របកភ្នែកងក្រាស់របស់ខ្ញុំក៏បើកឡើងបន្តិចម្តងៗព្រោះចាំងនឹងពន្លឺដែលជះចូលមក

“នេះឯងគេងក្នុងថ្នាក់ទៀតហើយណ៎ា!!” ជេហា៍និយាយទាំងយកដៃអង្រួនខ្លួនខ្ញុំ។ ត្រូវហើយ! ចាំតាំងពីថ្ងៃដែលមានរឿងនោះកើតឡើងខ្ញុំតែងតែយល់សប្តិអាក្រក់រហូតដល់ត្រូវលេបថ្នាំងងុយគេងក៏នៅតែជួយមិនបានទើបតែងតែគេងលក់នៅសាលាជារឿយៗ

“យើងឃើញថ្នាំងងុយគេងច្រើនណាស់នៅក្នុងកាតាបរបស់ឯង… ឯងកើតអី?” ជេហា៍ពោលពាក្យប៉ុន្មានម៉ាត់សួរមកកាន់ខ្ញុំទាំងព្រួយបារម្ភ

“យើងមិនអីទេគ្រាន់តែយល់សបិ្តអាក្រក់បន្តិចបន្តួច!” ខ្ញុំប្រាប់ត្រង់ទៅនាងតែម្តងព្រោះមិនចង់ឱ្យវែងឆ្ងាយ នេះចង់កន្លះខែទៅហើយដែលខ្ញុំឃើញស្រីម្នាក់នោះនៅក្នុងសុបិនខ្ញុំរាល់យប់! ទឹកមុខស្លេកស្លាំងរបស់នាងពិតជាគួរឱ្យខ្លាចណាស់តែវាក៏មិនខុសពីមុខខ្ញុំពេលនេះប៉ុន្មានទេព្រោះគេងមិនគ្រប់គ្រាន់ច្រើនថ្ងៃជាប់គ្នាមករហូត! យូរៗទៅមុខខ្ញុំស្លក់ជាងមុខស្រីម្នាក់នោះទៅទៀត។

“នេះឯងយល់សប្តិអាក្រក់ធ្វើមើលតែមានខ្មោចតាមលងទៅហើយ… អឺ! ត្រូវហើយ… និយាយអ៊ីចឹងឯងនៅចាំរឿងdoppergangerដែលយើងធ្លាប់និយាយទេម៉ូន?”

ជេហា៍ក៏លើករឿងនោះមកនិយាយម្តងទៀតប្រៀបដូចជានាងរកបានអ្វីថ្មីពីរឿងទាំងនោះ

“បានហើយ! ឈប់រម្លឹករឿងdoppergangerឆ្កួតឡប់ទាំងនោះទៀតទៅជេហា៍!!”

ខ្ញុំងើបឈរឡើងទះតុមួយទំហឹងព្យាយាមបញ្ឈប់ជេហា៍កុំឱ្យបន្តនិយាយរឿងទាំងនោះ

“វាមិនមែនជាការពិតឡើយឯងជឿលើវាធ្វើស្អីហ្អាស??”

ខ្ញុំសម្លុតឱ្យជេហា៍ខ្លាំងស្របពេលដែលជើងស្រឡូនបោះចេញពីតុសំដៅចេញពីថ្នាក់រៀន។

“ម៉ូន? ម៉ូន!! ឯងឈប់សិនបានទេ?” ជេហា៍ងើបឈរឡើងស្រែកឃាត់ដំណើររបស់ខ្ញុំ

“យើងហត់ពេកហើយដែលត្រូវមកជួបរឿងទាំងនេះឯងដឹងទេជេហា៍! អ្វីៗទាំងអស់សុទ្ធតែជារឿងឡប់សតិ!  Dopperganger ស្អីទៅ… វាគ្មានទេនៅលើលោកនេះ! វាគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះឯងស្តាប់ឮទេ??” ខ្ញុំបញ្ចេញកំហឹងនឹងពាក្យសម្តីដែលខ្ញុំតែងប្រើនិយាយមកកាន់ខ្លួនឯងទៅកាន់ជេហ៌ាដែលនាងមិនបានដឹងអ្វីសោះ! ជាលើកចុងក្រោយខ្ញុំបានបែរខ្នងស្រែកដាក់ជេហា៍ម្តងទៀតមុនអារម្មណ៏ខឹងសម្បារត្រូវបានចូលមកសណ្ឋិតខ្ញុំម្តងទៀត គឺជាស្រីម្នាក់នោះទៀតហើយ!! នាងកំពុងអង្គុយក្នុងកៅអីរបស់ខ្ញុំជាមួយសម្លៀកបំពាក់របស់ខ្ញុំក៏កំពុងនៅជាប់ខ្លួននាងដែរ!

“ទីបំផុតនាងបង្ហាញខ្លួនហើយហ្អែស??” ខ្ញុំ

ដកដង្ហើមធំមួយហើយក៏ព្យាយាមប្រមូលស្មារតីមកវិញមុនបោះសម្តីចោលទៅស្រីម្នាក់នោះ។ ខ្មោចមិនចំខ្មោច… មនុស្សមិនចំមនុស្ស នេះនាងមកលងបន្លាចមិនឱ្យខ្ញុំនៅបានសុខចង់កន្លះខែហើយ! សប្បាយណាស់ឬ? ខ្ញុំបានទៅប៉ះពាល់នាងពីពេលណាទៅហ្អាស?

“ចេញមកណែនាំខ្លួននាងបន្តិចទៅល្អទេ?”

ខ្ញុំបោះជំហានវែងៗសំដៅទៅរកនាងមុនចាប់ទាញជាយអាវនាងឡើងលើ។ ពេលនេះមុខខ្ញុំនឹងមុខនាងគឺនៅជិតគ្នាបង្កើយ! ស្បែកមុខតែមួយដែលកំពុងគ្រប់ដណ្តប់លើមុខពួកយើងទាំងពីរ… ទៅវាមានភាពដូចគ្នាតែពួកយើងទាំងពីរមិនមែនជាមនុស្សតែមួយឡើយ… ខ្ញុំគ្មានបងប្អូនភ្លោះឡើយ! ចុះតើនាងជសកូនចៅអ្នកណាទៅ?

“ហេតុអីនាងមិននិយាយអ្វីសោះ??” ខ្ញុំចាប់អង្រួនខ្លួននាងខ្លាំងៗពេលដែលនៅលើមុខនាងលេចចេញនូវស្នាមញញិមមួយដ៏វែងដល់គុម្ពត្រចៀក។

ស្នាមញញិមលាក់គំនួចរបស់នាងពិតជាមិនស៊ីគ្នាជាមួយកែវភ្នែកទាំងគូររបស់នាងដែលបើកសម្លឹងមើលមកខ្ញុំសឹងតែជ្រុះចុះមកដីឡើយ! ស្នាមញញិមមួយនោះវាធ្វើឱ្យខ្ញុំចុះចាញ់ហើយ… វាអាក្រក់ខ្លាំងណាស់!! ខ្ញុំមិនអាចស្រមៃមុខរបស់ខ្ញុំត្រូវមានសភាពបែបនេះទេ! ទឹកភ្នែកមួយតំណក់ក៏រមៀលចុះមកលើថ្ពាល់ទាំងមិនដឹងខ្លួន

“និយាយទៅ!!” ខ្ញុំស្រែកដាក់នាងមួយទំហឹង

“ម៉ូន!… ឯងនិយាយជាមួយអ្នកណាគេ?” ជេហា៍និយាយកាត់ពេលដែលអ្វីដែលនាងមើលឃើញគឺភាពទទេរស្អាត

“ត្រូវហើយម៉ូន! ឯងកើតអី??”

សិស្សក្នុងថ្នាក់ទាំងអស់ចោលសំណួរមួយនេះមកខ្ញុំប្រៀបដូចទឹកត្រជាក់មួយធុងជះចំកណ្តាលមុខខ្ញុំ។ នេះគ្រប់គ្នាមើលមិនឃើញនាងទេឬ??

“ជេហា៍… ឯងមើលឃើញខ្មោចត្រូវទេ?… ឯងឆ្លើយនឹងយើងមកថានៅនឹងមុខឯងមានមនុស្សពីរនាក់ត្រូវដែរទេ??”

“ម៉ូន? ឯងកើតអី?”

“ឆ្លើយនឹងយើងសិនមក!!”

“ទេ! នៅនឹងមុខយើងគ្មានអ្វីឡើយ… គឺមានតែមនុស្សម្នាក់ដែលកំពុងនិយាយម្នាក់ឯងនេះហើយ…”

សម្តីជេហា៍ក៏ធ្វើឱ្យដៃជើងទាំងគូររបស់ខ្ញុំចាប់ញ័រដូចកូនសត្វស្របពេលដែលមុខរបស់ខ្ញុំចាប់ផ្តើមស្លេកស្លាំងប្រៀមដូចមាន់ស្ងោរ។ ក្នុងទ្រូងរបស់ខ្ញុំប្រៀបដូចមានអ្វីកកស្ទះធ្វើឱ្យខ្ញុំដកដង្ហើមស្ទើរតែមិនបាន។ ខ្ញុំព្រលែងដៃពីជាយអាវរបស់នាង… ជើងបោះជំហានថយក្រោយបន្តិចម្តងៗរហូតដល់បុកតុមួយទៀត ខ្ញុំយកដៃជូតទឹកភ្នែកដែលហូរមកបន្តបន្ទាប់គ្នាចេញ

“នាងនៅទីនេះ! នាងអង្គុយនៅទីនេះ!!… គ្រប់គ្នាមើលនាងមិនឃើញទេឬយ៉ាងម៉េច? គ្រប់គ្នាខ្វាក់អស់ហើយមែនទេ???” ខ្ញុំស្រែកចង្អុលទៅកៅអីដែលនាងកំពុងអង្គុយមិនឈប់ប្រៀបដូចមនុស្សគ្មានសតិ។

មួយពព្រិចភ្នែក គ្រប់យ៉ាងប្រៀបដូចត្រូវឈប់គាំងស្កុបលែងដំណើរការណ៍ ចំណែកខ្លួនប្រាណរបស់ស្រីម្នាក់នោះចាប់ផ្តើមរសាត់ចេញពីនោះបន្តិចម្តងៗរហូតដល់វិនាទីចុងក្រោយដែលនាងបញ្ចេញស្នាមញញិមដ៏វែងដល់គុម្ពត្រចៀកនាងមកកាន់ខ្ញុំម្តងទៀតមុនវត្តមានទាំងស្រុងរបស់នាងត្រូវរលត់រលាយអស់ទៅតាមខ្យល់… នេះខ្ញុំពិតជាត្រូវបន្តរស់នៅទាំងមិនបានដឹងការពិតនៅពីក្រោយរឿងនេះទេឬ? នាងជាអ្នកណាទៅ?? តើនាងអាចនឹងមកបង្ហាញខ្លួនឱ្យខ្ញុំឃើញម្តងទៀតទេ??? បើនាងមករកខ្ញុំមែនតើដោយសារហេតុអី???? នាងជាខ្ញុំឬខ្ញុំជានាងទៅ?

———

Dopperganger… ពាក្យនេះជាភារបរទេសដែលបកមកថាការលេចឡើងឬវត្តមានទ្វេដងនៃមនុស្សណាម្នាក់។ Dopperganger ជារឿងមួយដែលសូម្បីតែអ្នកវិទ្យាសាស្រ្តក៏មិនទាន់អាចបញ្ជាក់បានដែរថាវាជាការពិតឬមិនមែន! តែនៅក្នុងសង្គមយើងសព្វថ្ងៃក៏ធ្លាប់មានមនុស្សជាច្រើនបានបញ្ជាក់ថាពួកគេធ្លាប់ជួប Dopperganger ដែលមានរូបរាងដូចពួកគេពិតមែនតែតាមការគណនាភាគរយដែលមានមនុស្សបានជួប Doppelganger ពិតគឺមានមិនច្រើននោះទេ… តែចំពោះមនុស្សមួយចំនួនក៏បានឱ្យដឹងដែរថាពួកគេធ្លាប់ជួប Doppelganger នៅក្នុងសុបិនឬជារបៀបលងបន្លាចដោយឱ្យឃើញនៅចុងកន្ទុយភ្នែកឬក្រោយខ្នងជាដើម។ ពិតណាស់! ដូចដែរប្អូនស្រីខ្ញុំផ្ទាល់ក៏ធ្លាប់ជួបរឿង Doppelganger នេះដែរដោយខ្ញុំជាអ្នកមើលឃើញវាដោយផ្ទាល់ភ្នែកទើបខ្ញុំយកលំនាំនៃរឿងពិតមួយនេះមកសរសេរជាសាច់រឿងដោយផ្ទាល់ដោយមានថែមគំនិតថ្នៃប្រតិដ្ឋមួយចំនួន។ នៅក្នុងហេតុការណ៍ដែល Dopperganger វាបានបង្ហាញខ្លួននីមួយៗតែងមានសភាពខុសៗគ្នារួចក៏ស្ងាត់បាត់ទៅវិញនៅសល់តែសំណួរជាច្រើនដែលខ្ញុំ ប្អូនស្រីខ្ញុំ នឹងមនុស្សរាប់លាននាក់ទៀតដែលធ្លាប់បានជួបរឿង Doppelganger ទាំងអស់តែងតែចោទសួរឥតឈប់ឈរ “Doppelgangerជាការពិតដែរឬទេ?”

រឿងមួយអាចនឹងមិនចប់ដោយបរិបូរណ៍ឡើយព្រោះវានៅបន្សល់ចម្ងល់ជាច្រើន…។

រឿង Doppelganger (The Evil Twin) Base on true story…!!!