រៀមច្បងលើកទឹកចិត្តឱ្យអ្នកជំនាន់ក្រោយប្រឹងប្រែងបន្តលើវិថីជីវិតជាអ្នកនិពន្ធ

អ្នកនិពន្ធបានសរសេរបែបនេះ ​នៅលើបណ្តាញសង្គមផ្ទាល់គឺ ផេកម៉ីសនសុធារីអ្នកនិពន្ធ ថា “Don’t feel bad if your youth cannot be joyful, but at least make it useful.” ប្រែមកថាកុំត្អូញអំពី ជីវិតយុវវ័យរបស់យើងថាមិនស្រស់បំព្រងដូចផ្កា ត្រូវគិតថា​ តើវាមានខ្លឹមសារឬនៅ? គាត់​បានសរសេរបន្ថែមថា ការ​និពន្ធសៀវភៅ អានសៀវភៅ និងមានរឿងត្រូវៗច្រើនទៀត ​ដែលយើងអាចផ្សះផ្សារពីលើកំហុសអតីតបាន។

«នៅទីនេះ មានអ្នករង់ចាំជ្រោមជ្រែងតាមលទ្ធភាពនិងកាលៈទេសៈ!» អ្នកនិពន្ធ ម៉ីសន សុធារី បានសរសេរបែបនេះ ​នៅខណៈពេលដែលក្រុមអ្នកនិពន្ធវ័យក្មេង​របស់ MST Writer រដូវកាលទីមួយនិងទីពីរ ​បានទទួលជោគជ័យ​ថែមឡើងជាលំដាប់ លើបទនិពន្ធចាស់ថ្មីរបស់ខ្លួន។

កាលពីសប្ដាហ៍មុន អ្នកស្រី ម៉ីសន សុធារី ក៏បាននិយាយនៅក្នុងការឡាយវីដេអូផងដែរថា យើងធ្វើជាអ្នកនិពន្ធ កុំគិតថា សាច់រឿងរបស់យើងនឹងល្បីឈ្មោះ នៅពេលដែលយើងចេញផ្សាយនៅក្នុងមួយថ្ងៃដំបូង មួយសប្ដាហ៍ដំបូង មួយខែឬមួយឆ្នាំដំបូង ដែលខ្លះត្រូវការពេលដល់ម្ភៃឆ្នាំទើបអាចសិក្សាដឹងពីបទនិពន្ធខ្លួនឯង ចុះទម្រាំចង់ឲ្យអ្នកអានមកទទួលស្គាល់យើង។

ការងារសំខាន់របស់អ្នកនិពន្ធ គឺការផ្តល់ឲ្យមិនមែនការទាមទារនោះទេ ដូច្នេះយើងមិនទាមទារឲ្យគេមកទទួលស្គាល់យើងត្រឹមតែមួយយប់ ឬក៏ទាមទារឲ្យគេវាយតម្លៃល្អ មក​ស្អិតរមួតជាមួយយើង ឬមួយក៏ប្រៀបធៀបយើងទៅនឹង​អ្នកនិពន្ធផ្សេងក៏ទេដែរ ព្រោះយើងចំណាយពេលវេលាទៅលើការដុសខាត់ចំណេះជំនាញ ការ​យល់ពីបញ្ហានៃបទនិពន្ធខ្លួនឯង​ សួរថាតើហេតុអ្វីបានជារឿងទីមួយ មិនជោគជ័យដូចជា រឿងទីពីរឬមួយ ក៏ហេតុអ្វីបានលើកទីមួយជោគជ័យ ប៉ុន្តែរឿងបន្តបន្ទាប់មកទៀតមានបញ្ហា?

ការងារតែងនិពន្ធគឺជាវិថីអាជីពមួយ ដែលត្រូវការការដុសខាត់ដោយខ្លួនឯង ស្វែងរកមតិយោបល់ ធ្វើការបង្វឹកខ្លួនឯង និងសិក្សាមិនចេះចប់ មិនថាការដុសខាត់ផ្នែកទេពកោសល្យ ការប្រើប្រាស់ទេពកោសល្យពេញដោយសក្ដានុពលឬការសិក្សាអំពីចំណេះដឹងជុំវិញខ្លួន ការសរសេរមិនឈប់និងអ្វីផ្សេងៗទៀត ដែលជាការដ៏ធ្ងន់អ្នកនិពន្ធគ្រប់គ្នាធ្លាប់បានឆ្លងកាត់។

អ្នកស្រីក៏បាន​លើកទឹកចិត្តឲ្យមានការអានសៀវភៅផ្ទាល់របស់អ្នកស្រីដែលបោះពុម្ពចំនួនមួយម៉ឺនក្បាលកាលពីឆ្នាំ២០១៩ ក្រោមចំណងជើងថា ទម្រាំក្លាយជាអ្នកនិពន្ធដែលជាកូនសៀវភៅតូចមួយត្រូវបានគេអានច្រើនដង ហើយទទួលស្គាល់ថាមានតម្លៃសម្រាប់ការចាប់ផ្ដើមអាជីពផ្សេងៗក្នុងជីវិតយុវវ័យ មិនថាតែជីវិតតែងនិពន្ធ ពីព្រោះអ្នកសរសេរបានបង្កប់មកនូវចំណុចសំខាន់ៗ ដូចជាការផ្ដួចផ្ដើមគំនិត ការកំណត់ទិសដៅ ការសម្រួចនូវទេពកោសល្យធម្មជាតិ បូកផ្សំជាមួយចំណេះដឹង ការបង្វឹកខ្លួនឯងឲ្យថ្នឹកទៅនឹងការរិះគន់កែលម្អ ព្រមទាំងជំនាញ​ទន់ដូចជា​ការទំនាក់ទំនងសាធារណៈ។ល។

#MSTWriter