ភាពភ័យរន្ធត់ក្នុងកុនឬប្រលោមលោកក្តី បានប្រែក្លាយពីសកម្មភាព ឬព្រឹត្តិការណ៍គួរឱ្យខ្លាច ទៅជា រំភើប និងថែមការចងចាំស្ទើរតែដើរបបួលគេឱ្យទិញមកអានតាមយើង ឬបបួលទៅទស្សនាដែរ ឬចង់តែនិទានបន្លាចបន្តទៅអ្នកផ្សេង។ ទាំងនេះជាជោគជ័យនៃការសរសេរសាច់រឿងបែបរន្ធត់ព្រឺព្រួច។
១ ប្រធានបទធំ(បញ្ហា)
ចំណុចបង្កើតភាពរន្ធត់ សង្ស័យឱ្យដល់ផ្ទៃសាច់រឿងយើងទាំងមូលជាអ្វី? ផ្ទះគេបោះបង់ចោលមួយ? បិសាច? អារក្ស? មនុស្សវិកល? មនុស្សកំណាំច?។ល។ ទាំងអស់នេះជាដើមចមនៃការកាសាងស្ថានភាពទាក់ទាញអ្នកស្នេហារឿងប្រភេទភ័យរន្ធត់ ឱ្យព្រមជឿ ព្រមភ័យព្រមចូលរួមដែរទេ? ប្រធានបទនេះ ដើរតួនាទីតាំងពីធាតុដំបូងនៃការសរសេររឿងគឺចំណងជើងអ្វី Tagline បែបណា ដែលអាចញាំងឱ្យអ្នកចង់អានរឿងប្រភេទនេះមានអារម្មណ៍ថាគួរឲ្យខ្លាច? ឧទាហរណ៍ ខ្ញុំដាក់ក្នុងនិទានកថា ពេជ្រ បណ្ឌិតថា តើអ្នកជឿលើរឿងអបិយជំនឿ មន្តអាគម ខ្មោចព្រាយបិសាចដែរឬទេ? បើជឿ តើជឿកម្រិតណាដែរ? ចុះអ្នកធ្លាប់ដឹងឮអ្វីខ្លះទាក់ទងនឹងរឿងអស់នេះ?
២ តួអង្គ
ការបង្កើតតួអង្គឯកឬតួសំខាន់ អាចម្នាក់ឬពីរ ឬច្រើនគ្នាក៏បាន។ ក្នុងរឿងបែបនេះ តួរបស់យើងមិនចាំបាច់ត្រូវឈ្នះគ្រប់ពេលទេ ចំណុចដែលមិនប្រែប្រួលនោះគឺពួកគេត្រូវតែប្រឈមមុខនឹងបញ្ហាដោយការបានត្រៀម ឬមិនស្គាល់ច្បាស់បញ្ហា និងពន្យារពេលទទួលជ័យជ័យជំនះ ឬចាញ់តែម្តងនៅចុងបញ្ចប់។ ជារឿងផ្សេងមួយផ្ទុយស្រលះពីប្រលោមលោកមនោសញ្ចេតនា ក្នុងការបង្កើតតួអង្គសម្រាប់សាច់រឿងប្រភេទភ័យរន្ធត់ព្រោះថា រឿងភ័យរន្ធត់ដែលល្អមើលមួយ គឺជារឿងដែលជំរុញដោយតួអង្គដែលគេប្រឌិតសោះ តែធ្វើឱ្យយើងផ្អើលបាន។ អ្នកនិពន្ធណាដែលថ្នឹកជំនាញត្រូវមានចិត្តសាស្ត្រយល់ដឹងពីមនុស្សម្នាក់នោះ (ដែលយើងចង់សរសេរ ឧទាហរណ៍ អាដូច មានក្រយ៉ៅខ្មោចលង ។ល។) បន្ទាប់មកចាប់ផ្ដើមរចនាកាយវិកាសម្តីសម្តៅរបស់អាដូច សូមអានក្នុងរឿងអាគមបរព្រៃ រូចដើរជាមួយគេទៅតស៊ូនឹងប្រធានបទកំណាចក្នុងរឿង។ អ្នកនិពន្ធត្រូវដឹងថា តើតួនឹងធ្វើអ្វីមុនអ្វីក្រោយក្នុងស្ថានភាពនេះ? ដោះស្រាយដោយរបៀបណាឬរត់ប្រាស់? តើមនុស្សធម្មតារត់ចោលគ្នាឬនៅភ្ជាប់ជាមួយគ្នា? ប្រសិនបើយើងអាចនៅជាមួយនឹងដូចពិតៗនោះ អ្នកអានឬទស្សនិកជនរបស់យើងនឹងស្លុងចូលដែរ។
៣ បង្កើតឆាកសង្ស័យ
ខ្ញុំជាអ្នកនិពន្ធរឿងប្រភេទនេះមកច្រើនមានពិសោធថា បង្កើតទិដ្ឋភាពវង្វេងឬឯកោឱ្យតួអង្គយើង អាចជាគន្លឹះល្អក្នុងរឿងប្រលោមលោកប្រភេទភ័យរន្ធត់នេះ។ សម្រាប់ការសរសេររឿងភ័យរន្ធត់ឆាកសង្ស័យត្រូវមានមកជានិច្ច បន្តបន្ទាប់និងធំឡើងៗ រហូតដល់ឆាកធំចុងក្រោយ។ ដែលសំខាន់ជាងគេគឺឆាកសង្ស័យដំបូងត្រូវតែនាំមុខតាំងពីទំព័រទីមួយព្រោះអ្នកអានមិនរង់ចាំយូរពេកទេ គេនឹងបោះបង់ចោលជំនក់ចិត្ត។ ការប្រើអារម្មណ៍ពង្វក់អ្នកអានថា សេចក្តីវិនាសដែលជិតមកដល់ ឬសេចក្តីសង្ឃឹមជិតដោះស្រាយបាន សុទ្ធតែញុះញង់ឱ្យគេនៅអានដល់ទីបញ្ចប់បាន។ ដូចជាឃ្លាមួយនេះ «រូបថតនេះថតពីអង្កាល់មក? ហេតុអីបានជាមានគ្នាពីរនាក់ ហើយមុខដូចអូនបេះបិទ?» សំណួរនេះតួអង្គសួរទេតែប្រពន្ធគាត់មិនទាន់ឆ្លើយផង អ្នកអានចង់ដឹងចម្លើយជាងប្តីទៅទៀត។ សូមអានក្នុងប្រលោមលោកក្នុងរឿង សីម៉ាអំបោះលឿង។
៤ ទិដ្ឋភាពទូទៅក្នុងរឿង(Tone)
ជាទូទៅយើងចៀសមិនផុតពីការប្រើភាពងងឹតឬ ស្រអាប់ ឬភ្លៀង ដែលមនុស្សពិបាកមើលគ្នាឃើញសម្រាប់ជាToneសំខាន់បម្រើឱ្យជាប្រធានបទ ឬធាតុនៅពេលសរសេររឿងប្រភេទភ័យរន្ធត់។ ការធ្វើឱ្យអ្នកណាម្នាក់ ឬក្រុមនោះជាប់គាំង នៅកន្លែងដាច់ស្រយាល ឬជាប់នៅខាងក្នុងអគារ ចេញមិនបាន ឬបាត់បង់មធ្យោបាយទំនាក់ទំនង។ល។ ឧទាហរណ៍ ចម្ងាយប្រមាណជាមិនដល់ដប់ម៉ែត្រពីក្រោយបង្អួចនេះ ខ្ញុំដូចជាឃើញអ្វីម្យ៉ាង! អណ្ដូងដ៏ចាស់មួយនៅទីនោះ ដូចជាប្រផ្នូលអ្វី? គេមិនដែលទុកអណ្ដូងទឹកលិចផ្ទះទេ ទម្លាប់នៅស្រុកខ្ញុំ តាំងពីដើមរៀងមក។ សូមអាន រឿងអណ្តូងខាងលិច។ ការពញ្ញាក់ឱ្យភ័យខ្លាច ចាប់ផ្តើមពីចំណុចតូចៗ ហើយដំណើរការឡើងដ្យាក្រាមជាលំដាប់ ។ មុនសរសេររឿងបែបនេះ យើងជាអ្នកនិពន្ធគួរចេះកត់សម្គាល់នូវអ្វីៗ ដែលតូចតាចសោះតែអាចធ្វើឱ្យមនុស្សភ័យខ្លាចដូចជា ពន្លឺភ្លើងលោត កម្ពស់ ឬភាពងងឹត ឬសំឡេងមិនសមហេតុផល (ដូចជាការភ័យខ្លាចឆ្មាលោត។ល។)
៥ ប្រើអារម្មណ៍សរសេរពន្លើស
អារម្មណ៍ «ហួសពីការដែលមនុស្សធម្មតាអាចគ្រប់គ្រង»បាននឹងបន្ថែមជម្រៅទីទ័លគំនិតក្នុងសាចរឿងបែបរន្ធត់។ អ្នកនិពន្ធកំពុងដើរតួដូចជាមនុស្សមានបញ្ហាផ្លូវចិត្ត ដូចជាឃើញឬបានឮអ្វីៗ សម្គាល់អ្វីៗបែកចេញពីការពិត។ ក្នុងដំណើររឿង អ្នកនិពន្ធត្រូវចូលជាមួយតួអង្គ ទៅតស៊ូជាមួយបញ្ហាធំឡើងៗ និង មិនអាចភ្ជាប់ទំនាក់ទំនងស្វែងរកជំនួយពីអ្នកដទៃបាន។ ឧទាហរណ៍ រត់កណ្តាលផ្សារក៏គ្មានអ្នកណាឃើញខ្មោចប្រដេញយើងគ្មានអ្នកណាព្រមជួយហើយគេគិតថាយើងឆ្កួត។ ការតស៊ូកាន់តែមានលក្ខណៈផ្ទាល់ខ្លួន អាថ៌កំបាំង ជាអារម្មណ៍មួយដែលអ្នកងប់ងល់នឹងរឿងរន្ធត់រមែងតែងត្រូវការ ។ អារម្មណ៍ពន្លើសបង្កើតឱ្យមានការភ័យខ្លាចដ៏ធំឡើងៗ មិនអាចចេះតែប្រឌិតទេ គួរចេញជំនឿណាមួយ ដែលគេធ្លាប់ជឿក្នុងសហគន៍អ្នកអាន។ ឧទាហរណ៍ថា មនុស្សស្លាប់ហើយ ៧ថ្ងៃនឹងវិលមករកគ្រួសារវិញ។ល។ ដូច្នេះ សូមស្រមៃគិតអំពីសេណារីយ៉ូមួយ ដែលយើងប្រឌិតចេញពីជំនឿដែលមានពីមុនមកទើបគេឆាប់ជឿ និងព្រមភ័យខ្លាចជាមួយយើង។ ទាំងនេះ ត្រូវការឱ្យអ្នកសរសេរស្តាប់ចាស់ទុំច្រើន អានតែសៀវភៅអ្នកដទៃមិនគ្រប់គ្រាន់ទេ ឯកសារមនុស្សរស់ជាឯកសារសំខាន់។ នៅពេលស្តាប់ចាស់ៗនិទាន តើអ្នកនិពន្ធឆ្លាចទេ កំពុងតែនឹងឆ្លងកាត់អារម្មណ៍បែបណា?អារម្មណ៍នោះនឹងបន្តទៅដល់អ្នកអានប្រសិនយើងចេះច្នៃវា។
អានបន្តក្នុងអត្ថបទ គន្លឹះសរសេរឆាកភ័យរន្ធត់លើសពីការភ័យខ្លាចធម្មតា