«ប៊ុម!»
សំឡេងផ្ទុះលាន់សូរដូចរន្ទះកក្រើកកណ្តាលទីក្រុង។ មនុស្សម្នាកំពុងឆ្ងល់យ៉ាងខ្លាំងចំពោះសូរផ្ទុះដ៏រន្ទឺនេះ។ អ្នកខ្លះអះអាងថាប្រហែលកូនអ្នកមាន អ្នកធំ ឬកូនឧកញ៉ាណាឈ្លោះគ្នា បោកគប់គ្រាប់បែកគ្នាហើយ។ អ្នកខ្លះទៀតថាវាជាសូរផ្ទុះគ្រាប់កាំភ្លើងទេ ប្រហែលជាឃាតកឈាមថោកណាមួយបាញ់ប្រហារអ្នកស្នេហាជាតិទៀតហើយ។
រំលងមួយសន្ទុះ សំឡេងស្រែកឱ្យជួយហៅឡានទឹកបន្លឺបន្តគ្នាពីមាត់មួយទៅមាត់មួយ។ ពេលនេះគ្រប់គ្នាប្រាកដហើយថាមានរឿងអ្វីកើតឡើង។ ហៅឡានទឹកប្រាកដណាស់ថាមានអគ្គីភ័យមិនខាន។
នាឡិកាចង្អុលម៉ោង៨និង៣៥នាទីយប់។ សំឡេងសារ៉ែនរថយន្តពន្លត់អគ្គីភ័យលាន់ឡើងលប់សំឡេងជ្រួលច្របល់របស់អ្នកនៅទីនោះ។ ក្រុមអ្នកពន្លត់អគ្គីភ័យធ្វើការយ៉ាងសស្រាក់សស្រាំពន្លត់ភ្លើងដែលកំពុងឆេះចេញពីបន្ទប់លេខ០២២នៅជាន់ទីពីរនៃអគារចាស់មួយ។ មនុស្សម្នាដែលឈរមើលហេតុការណ៍នោះ និយាយខ្សឹបខ្សាវតគ្នាថា ភ្លើងឆេះស្លាប់មនុស្សម្នាក់។
ព្រឹកបន្ទាប់ ក្រុមប៉ូលីសបានចេញរបាយការណ៍ឱ្យដឹងថា អគ្គីភ័យនេះបណ្តាលមកពីការផ្ទុះធុងហ្គាសចេញពីបន្ទប់០២២។ ហេតុការណ៍នេះក៏បានបណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិតផងដែរ។ បុរសម្នាក់ត្រូវឆេះស្ទើរសុះសាច់រហូតមិនអាចឱ្យគេមើលស្គាល់ថាជានរណាបាន។ អ្នកជិតខាងទីនោះប្រាប់ថា បុរសរងគ្រោះឈ្មោះវុធ ជាម្ចាស់បន្ទប់០២២។ គេទើបត្រលប់មកពីបរទេសវិញប្រហែលជាងមួយអាទិត្យមុន។ គេឃើញមានដបស្រាជាច្រើននៅក្នុងបន្ទប់កើតហេតុ ប៉ូលីសសន្និដ្ឋានថា មូលហេតុដែលបណ្តាលឱ្យផ្ទុះធុងហ្គាសនេះ មកពីជនរងគ្រោះស្រវឹងខ្លាំង ហើយធ្វេសប្រហែសពេលប្រើចង្ក្រានហ្គាស។
មួយខែក្រោយមក…….
វគ្គ៖ អ្វីៗហួសពេល
ម៉ោងជាង៦ល្ងាច តាមធម្មតាមិនសូវជាងងឹតទេ តែថ្ងៃនេះងងឹតស្លុប។ ផ្ទៃមេឃទាំងមូលគ្របដណ្តប់ដោយពពកពណ៌ខ្មៅមីរដេរដាស មើលទៅគួរឱ្យខ្លាច។ ផ្លេកបន្ទោរព្រាកៗ ផ្គរគ្រហឹមគ្រឹមៗ ឯខ្យល់ត្រជាក់ចាប់ផ្តើមបក់បោកជាសញ្ញាប្រាប់មុនថាបន្តិចទៀតព្រះភិរុណនឹងយាងមកដល់។
«មិនដឹងជាម៉េចមេឃហ្នឹង ឱ្យតែមានការចេញទៅក្រៅដឹងតែចង់ភ្លៀង! ដូចតាមធ្វើបាបម៉េចទេ!។»
ជិះម៉ូតូបណ្តើរ ខ្ញុំរអ៊ូដាក់មេឃបណ្តើរ។ មេឃងងឹតកាន់តែខ្លាំង ដុំពពកខ្មៅមូលមីរដូចចង់បាក់ធ្លាក់មកលើផែនដីនេះស្រស់ៗ។ ភ្នែកខ្ញុំប្រឹងសម្លឹងទៅមុខ ឯដៃប្រឹងមួលបន្ថែមល្បឿន។
«ភារុណក៏អ៊ីចឹងដែរ ហៅមកខួបកំណើតប្អូនស្រី ប្រាប់ខ្ញុំថាផ្ទះជិតទេ មានជិតឯណា ជិះចង់១ម៉ោងហើយមិនទាន់ដល់ទៀត។» ខ្ញុំបន្តរអ៊ូទាំងក្នក់ក្នាញ់ក្នុងចិត្ត។
ជិះទៅមុខមួយស្របក់ ខ្ញុំក៏មកដល់ផ្លូវបំបែកបត់ចូលភូមិ។ ផ្លូវនេះស្ងាត់ណាស់ ហើយជង្ហុកទៀត។ ខ្ញុំដូចជារាងខ្លាចៗម៉េចទេ។ លើកទីមួយហើយដែលមកជិះម៉ូតូនៅជាយក្រុងទាំងថ្មើរនេះ។ មិនដឹងថាត្រូវធ្វើអ្វីដើម្បីបន្លប់អារម្មណ៍ខ្លាចទេ ទោះបីជាចង់ជិះលឿនក៏ជិះទៅមិនរួច បើប្រឹងតែបង្ខំល្បឿនច្បាស់ជាដួលខ្ពោកស៊ីដីមិនខាន។
ជិះទៅមុខប្រហែលបានជាងមួយរយម៉ែត្រ ខ្ញុំឈប់ម៉ូតូតែអត់បានពន្លត់ម៉ាស៊ីនទេ ទុកបញ្ចាំងភ្លើងទៅខាងមុខ។ មិនមែនបញ្ចាំងមើលទេសភាពអីទេ តែត្រូវឈប់ចុះទៅយកមែកឈើដែលបាក់ធ្លាក់មកលើផ្លូវនៅខាងមុខចេញ។ កំពុងអូសមែកឈើចេញពីផ្លូវ ស្រាប់តែម៉ូតូដាច់ភ្លើងប៉ិត។ ចុម យក្ស! ងងឹតឈឹង។ ខ្ញុំប្រឹងអូសមែកឈើដាក់ទៅចិញ្ចើមផ្លូវទាំងភ័យខ្លាច។
ផ្លេកបន្ទោរព្រាក ភ្លឺឆ្វាច! ខ្ញុំប្រញាប់រត់ទៅរកម៉ូតូវិញ។ ទៅដល់ភ្លាម ខ្ញុំយកដៃទះអំពូលម៉ូតូពីរបីផាំង អំពូលក៏ភ្លឺវិញ។ មិនបង្អង់យូរ ខ្ញុំរោទិ៍ម៉ូតូង៉ោងទៅមុខទៀត។ ជិះទៅមុខបានបន្តិច មានអារម្មណ៍ថាម៉ូតូដូចជាធ្ងន់ក្រោយម៉េចទេ? ដូចជាមាននរណាម្នាក់កំពុងជិះ?
ខ្យល់ត្រជាក់បក់មកកាន់តែខ្លាំង រង្គើស្លឹកឈើនៅជុំវិញផ្លូវ។ ខ្លួនខ្ញុំក៏កំពុងរង្គើដែរ តែមិនមែនរង្គើដោយសារខ្យល់ទេ តែរង្គើដោយសារភ័យនឹងការសង្ស័យរបស់ខ្លួន។ ខ្ញុំរេភ្នែកតិចៗសម្លឹងកញ្ចក់ម៉ូតូ។ ព្រះអើយ! ស្អីគេនៅពីក្រោយខ្ញុំ? ខ្ញុំចាប់ហ្វ្រាំងង៉ឺត រត់ចុះពីម៉ូតូ ស្រែកភ្លាត់សំឡេង៖
«ជួយផង ខ្មោចលង! ជួយផង»
«បងស្រីគឺខ្ញុំទេ! ខ្ញុំមនុស្សតើ មិនមែនខ្មោចរេ!» សំឡេងអ្នកនៅលើកែបម៉ូតូតប។
ខ្ញុំភ័យចង់គាំង ដកដង្ហើមអត់ចង់ដល់គ្នា។ ផ្លេកបន្ទោរព្រាកម្តងទៀត ខ្ញុំឃើញរូបរាងម្ចាស់សំឡេងច្បាស់។ ក្មេងប្រុសម្នាក់អាយុប្រហែលប្រាំមួយប្រាំពីរឆ្នាំ សម្បុរខ្មៅ អត់ពាក់អាវ កំពុងសើចស្ញេញដាក់ខ្ញុំ។ ពុទ្ធោអើយ! មនុស្សសោះ។
«អូនឯងឡើងជិះម៉ូតូបងតាំងពេលណាមក? ហើយម៉េចមិនប្រាប់បងផង។ មកស្ងាត់ៗ បងភ័យចង់ស្លាប់។» ខ្ញុំនិយាយទៅប្អូនប្រុសទាំងនៅភ័យរដាក់រដុប។
«បាទ! បង! ខ្ញុំឡើងពេលបងឯងឈប់រើសមែកឈើ។ មេឃងងឹតពេក មកពីផ្ទះមិត្តភក្តិវិញខ្ញុំអត់ហ៊ានទៅផ្ទះម្នាក់ឯង។ អត់ហ៊ានប្រាប់បង ខ្លាចបងអត់ឱ្យជិះ។»
ស្តាប់ទៅគាត់មានហេតុផលតើ! ខ្ជិលនៅនិយាយច្រើន ខ្ញុំដើរមកជិះម៉ូតូវិញ ឌុបគាត់ចូលភូមិ។ ជិះទៅមុខរំលងផ្ទះអ្នកភូមិពីរបីដល់ផ្ទះគាត់។ ខ្ញុំឈប់ម៉ូតូ ដាក់គាត់ចុះ។
«អរគុណបងស្រីស្អាត!»
«បានហើយប្រញាប់ចូលផ្ទះទៅ! អូនឯងនេះ លេងបងមួយក្តារចង់បាក់ចង្កេះ។»
កំលោះតូចរត់ចូលផ្ទះ ខ្ញុំក៏បន្តជិះម៉ូតូទៅមុខទៀត។
«ចុះផ្ទះភារុណគេហ្នឹងនៅដល់ណាទៅ? ចង់ផុតភូមិហើយអត់ទាន់ដល់ទៀត។»
កំពុងពិបាកចិត្ត ស្រាប់តែម៉ូតូចាប់រលាក់ខ្លាំងឡើងៗ។
«តិចធ្លាយទៅ!» ខ្ញុំគិតក្នុងចិត្ត។
ខ្ញុំឈប់ម៉ូតូមើលកង់មុខ។ ព្រះ! ធ្លាយមែន។ ចង្រៃយក៍! ពេលណាមិនធ្លាយមកធ្លាយចំពេលនេះ។ ហ៊ឹម! ស៊យអីស៊យម៉េសខ្ញុំ។ ខ្ញុំខំបណ្តើម៉ូតូទៅមុខយឺតៗ និងច្រៀងតិចៗបន្លប់អារម្មណ៍ភ័យខ្លាចទាំងញ័រមាត់ទទ្រើក។
«ផ្ទះ???»
នៅឆ្ងាយពីខ្ញុំប្រហែលដប់ម៉ែត្រមានផ្ទះថ្មចំណាស់មួយកម្ពស់ពីរជាន់។ ខ្ញុំសប្បាយចិត្តណាស់ដូចមានសង្ឃឹមរស់ឡើងវិញអ៊ីចឹង។ អូសម៉ូតូទីណាត់ទីណែងយ៉ាងទើសចិត្ត ខ្ញុំសន្យាថាលើកក្រោយ ពេលទៅណាមកណាឈប់ជិះវាទៀតហើយ នាំតែពិបាកខ្លួន។
មកឈប់ចំពីមុខផ្ទះ ខ្ញុំដូចជាស្រឡាំងកាំងបន្តិច….!
«ផ្ទះលេខ៨៩? ក្រែងជាលេខផ្ទះដែលភារុណផ្ញើសាមកខ្ញុំទេតើ?»
ខ្ញុំលូកយកទូរស័ព្ទពីក្នុងកាបូបមកផ្ទៀងសារម្តងទៀត។ មែនហើយ! គឺផ្ទះនេះច្បាស់ណាស់។ តែម៉េចក៏សភាពផ្ទះស្ងាត់ជ្រងំ ដូចជាគ្មានអ្នកណានៅសោះអ៊ីចឹង? ផ្ទះនេះមានពិធីខួបកំណើតមែនឬក៏អត់ទេ? មិនអស់ចិត្តខ្ញុំក៏ចុចកណ្តឹងមុខផ្ទះ ហើយឈររង់ចាំទាំងក្តីអន្ទះសារ។ ចុចច្រើនដងហើយ នៅតែគ្មានអ្នកឆ្លើយ។
ក្រឡេកមើលម៉ូតូបែកកង់ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាឈរនៅមាត់ជ្រោះមរណៈ។ រំពេចនោះ សំឡេងទូរស័ព្ទរន្ថើន…។ មែនហើយ រួចចុះមួយថ្ងៃហើយ ម៉េចក៏មិននឹកឃើញខលទៅភារុណ? ខ្ញុំស្រវាចាប់ទូរស័ព្ទមកចុចទទួលយ៉ាងរហ័ស។
«អាឡូភារុណ! នេះ…»
ខ្ញុំសួរគេមិនទាន់ចេញជាសំណួរផង គេរហ័សឆ្លើយមកវិញភ្លាម៖
«សុំទោសដែលឱ្យធារីចាំយូ! គ្រប់គ្នាកំពុងជាប់ដៃរៀបចំពិធីនៅខាងលើ ទើបមិនបានឮសំឡេងកណ្តឹង។ ធារីឆាប់ចូលមក ទ្វារអត់ដាក់គន្លឹះទេ។»
ខ្ញុំអូសម៉ូតូចូលក្នុងទៅទុកនៅក្បែរឡានភារុណ។ ឈានជើងបម្រុងចូលផ្ទះគេ ខ្ញុំស្រាប់តែចាប់អារម្មណ៍រឿងមួយ។ ម៉េចក៏មានតែឡានភារុណមួយនៅទីនេះ? ចុះភ្ញៀវឯទៀត? ឬក៏គេមិនទាន់មកដល់ទេ? ឬក៏…ពិធីនេះមានតែភារុណ ខ្ញុំ និងប្អូនស្រីរបស់គេទេ? ចម្លែកណាស់!
ដើរគិតៗជើងរបស់ខ្ញុំមកដល់ជាន់ទីពីរទាំងមិនដឹងខ្លួន។ គ្រប់ជ្រុងបន្ទប់អមដោយថូផ្កាស្រស់ ពន្លឺភ្លើងព្រឹមៗចាំងរំលេចយ៉ាងរ៉ូមែនទិច។ ប៉ោងៗជាច្រើនរេទង្គិចគ្នាទៅតាមកម្លាំងខ្យល់។ ភ្លាមនោះ សំឡេងតន្រ្តីចាប់ផ្តើមអង្រួនស្រាលៗ។ ខ្ញុំស្មានថាគេចាក់បទច្រៀងជូនពរថ្ងៃកំណើតទេតើ។ តែស្តាប់យូៗទៅជាបទប្រភេទលួងលោមសុំសារភាពស្នេហ៍ទៅវិញ។
ខ្ញុំមកខុសផ្ទះទេដឹង? កំពុងតែខ្វាយខ្វល់ម្នាក់ឯង ភារុណមិនដឹងចេញមកពីទិសណា ញញឹមពព្រាយមករកខ្ញុំ។ គ្រាន់ឃើញគេភ្លាម ខ្ញុំផ្តើមសំណួរ ៖
«ឯណាក្រុមគ្រួសារនិងប្អូនស្រីភារុណជាម្ចាស់ខួបកំណើត?»
គេធ្វើភ្នែកឡិងឡង់ ឫកពារបែបលឹបលរៗហាក់ដូចមានអីលាក់បាំងនឹងខ្ញុំ។ គេគិតតែបន្តធ្វើឫកញឹមៗដាក់ខ្ញុំដោយមិនព្រមឆ្លើយសំណួរសោះ។ ទ្រាំមិនបានខ្ញុំសួរបញ្ជាក់៖
«ម៉េចមិនឮខ្ញុំសួរទេអ្ហី?»
«សុំទោសធារី…! ការពិតថ្ងៃនេះគ្មានពិធីខួបកំណើតអីទេ!»
ខ្ញុំស្រឡាំងកាំងមិនស្ទើរ។ គ្មានពិធីខួបកំណើត? តើគេចង់និយាយពីអី? ហេតុអ្វីក៏កុហកខ្ញុំឱ្យមកទីនេះ?នេះខ្ញុំខំធ្វើដំណើរទាំងលំបាកលំបិនមកតាមការអញ្ជើញរបស់គេដើម្បីស្តាប់ពាក្យសុំទោសនេះទេ?
«គ្មានខួបកំណើតទេ?»
«បាទ…!»
ភារុណឆ្លើយយ៉ាងខ្លី។ គេផ្លាស់ប្តូរច្រើនណាស់តាំងពីវុធស្លាប់ទៅ។ គេប្រែជាសុភាព លែងមានចរិតសោះអង្គើយ ថែមទាំងយកចិត្តទុកដាក់នឹងខ្ញុំទៀត។ ភារុណលេបថ្នាំច្រឡំ ឬក៏ដើរជាន់ពែខ្មោចអនាថា? ការផ្លាស់ប្តូររបស់គេមិនគួរឱ្យជឿសោះ។
«ប្រាប់ខ្ញុំតាមត្រង់មកភារុណ បើគ្មានខួបកំណើតទេ ភារុណហៅខ្ញុំមកទីនេះធ្វើអី?»
«ធារីចូលចិត្តបរិយាកាសបែបនេះទេ?»
«ឆ្លើយសំណួរខ្ញុំសិនមក?»
«សុំទោសដែលខ្ញុំកុហក។ ខ្ញុំធ្វើបែបនេះ ព្រោះមានរឿងសំខាន់ចង់ប្រាប់ធារី។ ខ្ញុំដឹងថាខ្ញុំមិនល្អ ធ្វើឱ្យធារីឈឺចាប់ជាច្រើនដង។ ឥឡូវនេះខ្ញុំចង់ប៉ះប៉ូវកំហុសទាំងនោះវិញ…ខ្ញុំ…ខ្ញុំទើបតែដឹងថា…»
«ដឹងថាយ៉ាងម៉េច?»
«ខ្ញុំទើបតែដឹងថា ខ្ញុំលង់ចិត្តស្រលាញ់ធារីហើយ…។»
ខ្ញុំភ្ញាក់ព្រើតដូចគេកន្រ្តាក់រាងកាយ ឯបេះដូងផ្តើមលោតរន្ថើនលាយឡំនឹងភាពច្របូកច្របល់។ ភារុណនិយាយលេងសើចមែនទេ? តែកាយវិការគេដូចជាមិនបានបង្ហាញសញ្ញាអ្វីមួយបញ្ជាក់ថាគេនិយាយច្រឡំឡើយ។ ស្នាមញញឹមស្រស់នៅលើផ្ទៃមុខគេ បញ្ជាក់យ៉ាងច្បាស់ថាអ្វីដែលគេនិយាយគឺជាការពិត។ គេលូកយកប្រអប់តូចមួយចេញពីក្នុងហោប៉ៅមកកាន់ជាប់ក្នុងដៃ រួចបើកថ្នមៗ។ ភ្នែកទាំងគូរបស់ខ្ញុំរវល់តែផ្តោតនឹងពន្លឺចែងចាំងនៃចិញ្ចៀនពេជ្រក្នុងប្រអប់ ភ្លេចមើលទៅហើយថាជង្គង់របស់គេបានលុតដល់ការ៉ូទៅហើយ។
«ផ្តល់ឱកាសឱ្យខ្ញុំម្តងទៀតបានទេ ធារី?»
ភ្នែកខ្ញុំស្រាប់តែចាប់ផ្តើមរលីងរលោង បបូរមាត់ក៏ជាប់គាំងនិយាយអីមិនចេញ។ គេលុតជង្គង់ចំពោះមុខខ្ញុំទាំងកែវភ្នែកជឿជាក់។ ដៃរបស់គេកាន់ប្រអប់ចិញ្ចៀនបង្ហាញខ្ញុំដោយមិនមានញ័រអីបន្តិចសោះ។ ខ្ញុំយកដៃជូតទឹកភ្នែកដែលបម្រុងនឹងស្រក់ចុះ រួចប្រឹងគ្រលៀសភ្នែកគេចពីកែវភ្នែកពោរពេញដោយទឹកដមរបស់គេ។
«ផ្តល់ឱកាសឱ្យខ្ញុំម្តងទៀតមកណា! ខ្ញុំសន្យាមើលថែធារីអស់មួយជីវិត។»
ទឹកភ្នែកខ្ញុំហូរស្រក់ចុះមកលែងរអែងចិត្តគេទៀត។ បេះដូងក្នុងទ្រូងលោតញាប់ដូចគេទូងស្គរ។ បុរសម្នាក់ដែលខ្ញុំធ្លាប់ងប់ស្រលាញ់កាលពីមុន តែងបែរបន់ឱ្យបានជួបគេ ហើយក៏ជាគេដែលតែងបដិសេធសេចក្តីស្នេហារបស់ខ្ញុំ ធ្វើឱ្យខ្ញុំខកចិត្ត ពេលនេះបែរជាមកលុតជង្គង់សុំក្តីស្នេហានៅចំពោះមុខខ្ញុំ ខ្ញុំគួរសប្បាយចិត្តមែនអត់? តែម្តេចក៏ខ្ញុំបែរជាមានអារម្មណ៍ឈឺចាប់ខ្លាំងទៅវិញ?
«ធារីឆ្លើយនឹងខ្ញុំមក!»
ភារុណទទូចឱ្យខ្ញុំផ្តល់ចម្លើយ។ គេប្រាកដជារំពឹងថាខ្ញុំនឹងឆ្លើយយល់ព្រមទាំងត្រេកអរ ព្រោះពីមុនអ្នកណាក៏ដឹងថាខ្ញុំស្រលាញ់គេខ្លាំងលើសលប់ដែរ។ តែចម្លើយនោះបែរជា…
«សុំទោស!»
ខ្ញុំប្រឹងសម្រួលចិត្តទម្រាំនិយាយពាក្យមួយម៉ាត់នេះចេញ។ តាមថាខ្ញុំគួរតែរីករាយដែលបុរសក្នុងក្តីសុបិនសារភាពស្នេហ៍ចំពោះមុខ តែគ្រប់យ៉ាងពេលនេះវាមិនដូចមុនឡើយ។
ភារុណជ្រួញចិញ្ចើមសម្លឹងខ្ញុំសួរទាំងហួសចិត្ត គេនឹកមិនដល់មែន ថាខ្ញុំឆ្លើយបែបនេះ?
«សុំទោស?»
គេនិយាយបញ្ជាក់ខ្ញុំទាំងកែប្រែទឹកមុខលែងស្រស់បស់ដូចមុន។ ដៃរបស់គេប្រឹងបិទប្រអប់ចិញ្ចៀនទាំងប្រឆាំងបញ្ជាបេះដូង។ ពន្លឺចែងចាំងរបស់ចិញ្ចៀនពេជ្រក៏រលត់បាត់ឈឹង។
«ចាស! គឺសុំទោស!»
«ហេតុអី?»
ខ្ញុំឃើញកែវភ្នែកគេដក់ដាមដោយទឹកភ្នែកក្រោយពេលសួរខ្ញុំមួយម៉ាត់នេះ។ គេប្រាកដជាភ្ញាក់ផ្អើលណាស់ហើយដែលខ្ញុំឆ្លើយបែបនេះ។ ខ្ញុំស្រលាញ់គេដល់ឆ្អឹងតែម្តេចក៏ឆ្លើយពាក្យសុំទោសទាំងទឹកភ្នែក ជំនួសឱ្យការឆ្លើយយល់ព្រមដោយស្នាមញញឹម?
«គ្មានអីទេ! រឿងរបស់ពួកយើងក្លាយជាអតីតអស់ហើយ កុំរម្លឹកទៀតអី។»
«បានន័យថាធារីឈប់ស្រលាញ់ខ្ញុំហើយមែនទេ?»
ទីបំផុតសំណួរដែលខ្ញុំមិនចង់ឆ្លើយបានមកដល់។ តែបើទោះជាចម្លើយវាអាចឱ្យគេខកចិត្តក៏ដោយ ខ្ញុំក៏ពុំគួរលាក់ទៀតដែរ។ គ្រប់យ៉ាងគួរបញ្ជាក់គ្នាឱ្យច្បាស់។
«មែនហើយ! ខ្ញុំឈប់ស្រលាញ់ភារុណហើយ គឺឈប់តាំងពីថ្ងៃដែលភារុណសម្រេចជ្រើសរើសនីកាម្ល៉េះ។ ពេលនេះក្នុងចិត្តខ្ញុំក៏មានមនុស្សជំនួសភារុណហើយដែរ គេគឺ វុធ!»
«មិនពិតទេ! ធារីម៉េចនឹងអាចស្រលាញ់វុធទៅ? អ្នកណាក៏ដឹងដែរថាធារីស្រលាញ់ខ្ញុំ មិនមែនវុធឡើយ។» គេឆ្លើយតបទាំងបញ្ចេញឫកពារស្លុតចិត្តខ្លាំង។
«មែន! ខ្ញុំធ្លាប់ស្រលាញ់ភារុណ ធ្លាប់ស្រលាញ់ភារុណខ្លាំងបំផុត តែដូចដែលខ្ញុំប្រាប់ រឿងទាំងអស់នោះវាបានក្លាយជាអតីតអស់ទៅហើយ។»
«ម៉េចនឹងអាចទៅ? បេះដូងធារីម៉េចនឹងអាចប្រែជាបែបនេះទៅ? ក្រែងធារីស្រលាញ់ខ្ញុំណាស់នោះអី ម្តេចក៏ពេលនេះប្រែអស់?»
«បេះដូងខ្ញុំមិនត្រឹមតែប្រែទេ តែវាបានស្លាប់បាត់ហើយ។ វាបានស្លាប់ព្រមជាមួយរាងកាយរបស់វុធតាំងពីមួយខែមុនមកម្ល៉េះ។ វត្ថុដែលកំពុងលោតនៅក្នុងទ្រូងខ្ញុំពេលនេះ វាគ្រាន់តែជាវិប្បដិសារីដែលស្រែកជេស្តីខ្ញុំគ្រប់វិនាទីប៉ុណ្ណោះ។»
«វិប្បដិសារី?» គេនិយាយសង្កត់ពាក្យខ្ញុំទាំងខាំមាត់បង្ហាញពីចម្ងល់ពេញទី។
«ចាស! គឺវិប្បដិសារី។ វិប្បដិសារីដែលខ្ញុំមិនទាន់បាននិយាយពាក្យក្នុងចិត្តប្រាប់វុធ។ ខ្ញុំចង់ប្រាប់គេថា ខ្ញុំព្រមផ្តល់ឱកាសឱ្យគេហើយ ព្រមតាមអ្វីដែលគេតែងប្រាថ្នាចង់បាន។ គួរតែនិយាយថា ខ្ញុំព្រមផ្តល់ឱកាសឱ្យខ្លួនឯងទើបត្រូវ។»
ភារុណនៅស្ងៀម! ប្រហែលជាគេហួសចិត្តខ្លាំងហើយមើលទៅ។ គេឈរទ្រឹងដូចមនុស្សបាត់វិញ្ញាណ។ ឃើញសភាពក្រៀមក្រំរបស់គេនាពេលនេះ ខ្ញុំគ្មានភាពក្លាហានសម្លឹងមុខគេទេ។
«ទីបំផុតវុធបានសម្រេចក្តីបំណងរបស់គេហើយ។»
«ភារុណនិយាយអីហ្នឹង?» ខ្ញុំសួរបញ្ជាក់ភារុណភ្លាមៗក្រោយពេលគេនិយាយប្រយោគចម្លែកនេះលាយឡំជាមួយសូរសំណើចតិចៗ។
«ខ្ញុំចង់និយាយថា ទីបំផុតវុធបានសម្រេចក្តីបំណងរបស់គេហើយ។ ធារីក៏ដឹងដែរថាគេស្រលាញ់ធារីប៉ុនណា។ គេមិនដែលស្តាយក្រោយនូវអ្វីដែលគេបានធ្វើចំពោះធារីទេ ទោះជាដឹងថាលទ្ធផលចុងក្រោយទៅជាយ៉ាងណាក៏ដោយ។ ឥឡូវនេះ ការប្រឹងប្រែងជាច្រើនឆ្នាំរបស់គេគឺមិនឥតប្រយោជន៍ឡើយ។ យ៉ាងហោចណាស់ក៏អាចធ្វើឱ្យធារីនិយាយចេញពីមាត់យ៉ាងច្បាស់ថាធារីព្រមផ្តល់ឱកាសឱ្យគេដែរ។»
«តែគេស្លាប់បាត់ហើយ! គេលែងនៅលើលោកនេះទៀតហើយ!» ខ្ញុំ
និយាយបណ្តើរ អួលដើមកបណ្តើរ ទឹកភ្នែកក៏ផ្តើមស្រក់ចុះជាថ្មីទៀត។
«ធារីកុំបារម្ភអី ខ្ញុំគិតថាគេបានស្តាប់ឮហើយ គេក៏កំពុងតែសប្បាយចិត្តដែរ ទោះបីវាយឺតពេលបន្តិចក៏ដោយ។»
ខ្ញុំយកដៃជូតទឹកភ្នែក រួចសម្លឹងមើលទៅប៉ោងៗដែលស្រាប់តែធូរស្វិតអស់ខ្យល់ មិនខុសពីដួងចិត្តពួកយើងទាំងបីដែលក្រៀមស្រពោនព្រោះតែស្នេហាបញ្ច្រាសទិសនេះ។ កាលពីមុនខ្ញុំងប់ស្រលាញ់ភារុណខ្លាំង ទាំងដែលដឹងថាភ្នែករបស់គេមិនដែលមើលឃើញខ្ញុំឡើយ។
ការស្រលាញ់ងប់ងល់នេះ ធ្វើឱ្យខ្ញុំមើលរំលងសេចក្តីស្នេហាដ៏បរិសុទ្ធរបស់វុធចំពោះខ្ញុំ។ ខ្ញុំឈឺចាប់ដែលភារុណមិនព្រមទទួលយកខ្ញុំ ឯវុធឈឺចាប់ដែលខ្ញុំមិនព្រមទទួលយកគេ។ ពេលនេះភារុណប្តូរចិត្តមកស្រលាញ់ខ្ញុំវិញ ខ្ញុំគួរតែសប្បាយចិត្តទើបត្រូវ។ តែគួរឱ្យសោកស្តាយណាស់ អ្វីៗហួសពេលអស់។ ខ្ញុំកាត់ចិត្តពីគេបានហើយ។ ខ្ញុំឈប់ងប់ងល់ស្រឡាញ់គេហួសហេតុទៀតហើយ។ ខ្ញុំចង់ផ្តល់ឱកាសដល់មនុស្សដែលធ្លាប់លះបង់គ្រប់យ៉ាងដើម្បីខ្ញុំវិញម្តង។ គេគឺ វុធ។ ស្មានមិនត្រូវ! ពិតជាស្មានមិនដល់សោះថា ខ្ញុំយឺតមួយជំហាន។ វុធបានចាកចេញពីពិភពលោកនេះទៅហើយ ទៅទាំងមិនបានដឹងពីចម្លើយក្នុងចិត្តខ្ញុំចំពោះគេ។ ព្រហ្មលិខិតពិតជាលេងសើចនឹងពួកយើងពេកហើយ។
ខ្ញុំឈានជើងដើរចេញពីទីនោះបន្តិច ដើម្បីបន្សាយការឈឺចាប់ដែលកំពុងផ្ញុកណែនពេញដើមទ្រូង។ ឈានជើងឆ្ងាយបានប៉ុន្មានជំហាន ខ្ញុំស្រាប់តែឮសំឡេងចម្លែកអ្វីម្យ៉ាង។ នៅខាងមុខខ្ញុំមានបន្ទប់ពីរជាប់គ្នា។ ខ្ញុំមិនប្រាកដសោះថាសំឡេងចម្លែកចេញពីបន្ទប់មួយណា ហើយក៏មិនច្បាស់ថាវាជាសំឡេងអ្វីដែរ តែស្តាប់ទៅដូចជាសូរមនុស្សយកជើងគោះការ៉ូ។
ខ្ញុំបន្តបោះជំហានទៅមុខទាំងអារម្មណ៍តានតឹងបំផុត។ សំឡេងដដែលបានបន្លឺឡើងសារជាថ្មី។
«ភារុណ! សំឡេងស្អីចេញពីក្នុងបន្ទប់ខាងមុខ?»
ខ្ញុំសួរភារុណទាំងមិនបានចាប់អារម្មណ៍ថា គេបាត់ខ្លួនទៅណាតាំងពីថ្មើរណាឡើយ។ បេះដូងខ្ញុំស្រាប់តែលោតញាប់ដុកដាក់ៗអង្រួនដោយអារម្មណ៍ភ័យខ្លាច។ សំឡេងនោះលាន់ឡើងម្តងទៀតកាន់តែច្បាស់។ ដង្ហើមខ្ញុំផ្តើមដកញាប់ឡើងស្ទើរផុត។ ខ្ញុំខ្លាចណាស់ តែក៏ចង់ដឹងណាស់ដែរថានៅក្នុងបន្ទប់នោះមានអ្វីឱ្យពិតប្រាកដ។
ជើងទាំងគូរបស់ខ្ញុំដើរទាំងរញីរញ័រទៅឈប់នៅមុខបន្ទប់ទាំងពីរ។
«បន្ទប់ដាក់សម្ភារៈ!»
ខ្ញុំអានស្លាកដែលគេសរសេរបិទនៅលើមាត់ទ្វារបន្ទប់ខាងឆ្វេងដៃ។ បន្ទប់នោះមិនបានចាក់សោទេ តែខ្ញុំក៏មិនចង់ចូលទៅក្នុងដែរ គ្រាន់តែយកត្រចៀកផ្ទៀងស្តាប់ក្បែរមាត់ទ្វារ។
សូរសំឡេងដូចមនុស្សគោះជើងលើការ៉ូលាន់ឮជាថ្មី តែមិនមែនចេញពីបន្ទប់ដាក់សម្ភារៈទេ។ ខ្ញុំក៏ដើរចេញសំដៅទៅរកបន្ទប់ខាងស្តាំដៃវិញ។ បោះជើងមកឈប់មុខបន្ទប់នោះបណ្តើរ ខ្ញុំយកដៃស្ទាបទ្រូងទាំងភិតភ័យបណ្តើរ។
«ភារុណ! ភារុណ!»
ខ្ញុំស្រែកហៅឈ្មោះគេទាំងមិនដឹងថាគេនៅទីណាឡើយ។ ដៃដែលញ័រទ្រើកៗរបស់ខ្ញុំលូកថ្នមៗ ប្រុងទៅចាប់សោដែលចាក់ខាងក្រៅបន្ទប់។
ស្រាប់តែ…
«ឆ្មាកើតកូននៅក្នុងបន្ទប់ទេធារី! ឆ្មានេះកាចណាស់ វាហួងហែងកូន ទើបខ្ញុំចាក់សោវាទុកខាងក្នុងទៅ។»
ភារុណដើរចេញពីបន្ទប់ដាក់សម្ភារៈនិយាយមករកខ្ញុំ។ ខ្ញុំធូរទ្រូងវិញខ្សាក ឮគេប្រាប់ដូច្នេះ។
«និយាយអ៊ីចឹង ខ្ញុំឃើញម៉ូតូធារីបែកកង់ ទុកឱ្យខ្ញុំជូនធារីទៅផ្ទះចុះ។»
«អ៎! ភារុណ…! មិនអីទេ ខ្ញុំត្រលប់ទៅខ្លួនឯងវិញក៏បានដែរ។»
«ទៅខ្លួនឯង? ធារីចង់ត្រលប់ទៅវិញដោយរបៀបណា?»
«មិនអីទេភារុណ! ខ្ញុំបានផ្ញើសារហៅពូកង់បីរួចរាល់ហើយ គាប់ជួនគាត់ដឹកម៉ូយមកម្តុំនេះដែរ ប្រហែលបន្តិចទៀតគាត់មកដល់ហើយ។»
«តែខ្ញុំបារម្ភពីសុវត្ថិភាពរបស់ធារីណាស់។»
«កុំបារម្ភអី! គាត់ជាម៉ូយប្រចាំរបស់ខ្ញុំ គាត់ជាមនុស្សអាចទុកចិត្តបាន!»
«អូខេចឹង!»
ខ្ញុំចុះមកក្រោម បំណងមកបណ្តើរម៉ូតូបែកកង់មុខរបស់ខ្ញុំទុកឱ្យស្រួលបួល។ ភារុណមិនបានចុះមកតាមទេ។ ខ្ញុំឃើញគេចាក់សោចូលបន្ទប់ដែលឃុំឆ្មានោះ រួចបិទទ្វារជិត។
ដើរមកដល់ក្បែរម៉ូតូ ខ្ញុំភ្ញាក់ព្រើតស្ទើរលស់ព្រលឹង។ លោកអើយ! ហើយឆ្មាម៉េចក៏មកដេកក្នុងឡានភារុណទៅកើត? ក្រែងភារុណប្រាប់ថាឆ្មាកើតកូននៅក្នុងបន្ទប់ទេហ្អី? ចុះម៉េចក៏វាមកដេកទីនេះទៅវិញ? អ៎…ប្រហែលភារុណចិញ្ចឹមឆ្មាច្រើនហើយ។
តេតៗ…! សំឡេងកង់បីរំពងមុខផ្ទះ។ ខ្ញុំឃើញពូសុខញញឹមស្ញាញមករកខ្ញុំ។ អូសម៉ូតូទុកក្នុងផ្ទះភារុណរួច ខ្ញុំដើរទៅរកកង់បី។ គ្រាន់តែដាក់គូទអង្គុយលើកង់បី សំឡេងសារទូរស័ព្ទខ្ញុំលាន់ទីងៗ។ ខ្ញុំទាញទូរស័ព្ទពីក្នុងកាបូបមកមើល៖
«Private Number ទៀត? ចុះអ្នកណាអីក៏អាថ៌កំបាំងម្ល៉េះ?»
ពូសុខបើកកង់បីទៅមុខ ខណៈដែលខ្ញុំកំពុងឆ្ងល់នឹងសារអាថ៌កំបាំងនេះខ្លាំង។ មិនអស់ចិត្ត ខ្ញុំក៏ឆែកសារអាន៖
«ប្រយ័ត្នមនុស្សក្បែរខ្លួន!»
គេសសរសេរតែប៉ុណ្ណឹង។ ហ៊ឹម! គេមានចេតនាអីចេះ? គេឱ្យខ្ញុំប្រយ័ត្នមនុស្សក្បែរខ្លួន? គេចង់សំដៅលើអ្នកណា? តើអាចជាសារច្រឡំម្ចាស់ដែរទេ? នៅមិនស្រណុកចិត្តទេពេលនេះ តើគេជាអ្នកណា? បើសិនមានលេខអាចខលទៅបាន ខ្ញុំនឹងខលសួរគេឱ្យដឹងការពិតហ្មង។
កំពុងតែគិតពីរឿងសារអាថ៌កំបាំង ពូសុខក៏បត់ម៉ូតូទៅផ្លូវផ្សេង ជាផ្លូវដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមក។ ខ្ញុំចាប់ផ្តើមមិនស្រួលក្នុងចិត្ត។ ក្នុងចិត្តពេលនេះចេះតែគិតថា តិចមនុស្សក្បែរខ្លួនដែលសារអនាមិកនិយាយជាពូសុខទៅ? គាត់ចង់ធ្វើស្អីអ៊ីចេះ? បេះដូងខ្ញុំលោតកាន់តែញាប់ហើយ។
«ពូ…! ខ្ញុំគិតថាពូបត់ខុសផ្លូវហើយ។»
ពូសុខនៅតែជិះទៅមុខដោយមិនបង្អង់ល្បឿនបន្តិចសោះ។
«ពូជិះផ្លូវកាត់! តាមនេះឆាប់ដល់ផ្ទះជាង។» ពូសុខតប។
ផ្លូវស្ងាត់ដូចចោរលួចសេះ សូម្បីតែកង់ម៉ូតូមួយគ្មានផង។ ខ្លួនខ្ញុំបែកញើសស្រាក់ៗ។ មិនមែនខ្ញុំភ័យនឹងផ្លូវស្ងាត់ទេ តែខ្ញុំភ័យនឹងពូសុខ។
«តិចលោប្រយ័ត្នមនុស្សក្បែរខ្លួនចង់សំដៅដល់ពូសុខមែនទៅ? ប្រហែលជាមាននរណាម្នាក់ដឹងថាពូសុខចង់ធ្វើអាក្រក់អី ទើបគេផ្ញើសារប្រាប់ឱ្យខ្ញុំប្រយ័ត្នខ្លួន។» ខ្ញុំគិតក្នុងចិត្ត។
កំពុងតែបុកពោះភឹបៗផង ពូសុខស្រាប់តែឈប់កង់បីង៉ក់។ នៅជុំវិញខ្លួនខ្ញុំងងឹតស្លុប ហើយស្ងាត់ឈឹង។ ព្រះអើយ! ព្រលឹងខ្ញុំហោះទៅទើរនៅចុងសក់អស់ហើយ។
«ពូ…ពូឈប់ធ្វើអី?» ខ្ញុំសួរទាំងសំឡេងភ័យខ្លាច។
ពូសុខចុះពីលើកង់បីដើរមកមុខយ៉ាងមាំ។ គាត់បើកភ្នែកធំៗសម្លឹងខ្ញុំមិនប៉ប្រិចភ្នែក។ គាត់មិនឆ្លើយនឹងខ្ញុំ ខ្ញុំរឹតតែបុកពោះ។ គាត់ដើរចូលមកកាន់តែកៀក ព្រលឹងខ្ញុំកាន់តែហោះទៅណាឆ្ងាយ។
ពូសុខស្រាប់តែលូកដៃមកក្បែរជើងខ្ញុំ។ លោកអើយ…គាត់យកក្រដាសអនាម័យពីក្នុងកេសសោះ។ ខ្ញុំធូរទ្រូងវិញខ្សាក យកដៃរឺតទ្រូងបន្ធូរដង្ហើម។ ពូសុខញញឹមស្ញេញដាក់ខ្ញុំ គាត់ឱនខ្ទប់ពោះដូចជាមានអាការៈធ្វើទុក្ខអ្វីម្យ៉ាងក្នុងខ្លួន។
«សុំទោសក្មួយ! ម្ជូរស្វាយពីថ្ងៃដូចជាធ្វើទុក្ខពូមិនស្រួលសោះ។ ពូសុំទៅព្រៃមួយភ្លែតណា។»
ពូសុខស្ទុះវឹងប្រញាប់ប្រញាល់ទៅគុម្ពោតព្រៃដែលនៅមិនឆ្ងាយពីកង់បី។
ខ្ញុំអរស្ទើរហោះ។ អម្បាញ់មិញនេះបុកពោះស្ទើរធ្លាយទៅហើយ។ ខ្ញុំប្រឹងសម្រួលដង្ហើមឱ្យត្រលប់មកធម្មតាវិញ រួចប្រញាប់ហៅព្រលឹងបួនដប់ឱ្យវិលចូលខ្លួន។
*****
វគ្គ៖ ប្រយ័ត្នមនុស្សក្បែរខ្លួន
ម៉ោងជាងដប់យប់ ខ្ញុំមកដល់ផ្ទះ។ ហុចលុយឱ្យពូកង់បីរួច ខ្ញុំប្រញាប់ដើរចូលក្នុង។ ជាធម្មតាម៉ោងថ្មើរនេះ មិនសូវជាស្ងាត់ទេ ម៉ូតូ ឡាន អីបើកកាត់ហ្នឹងច្រើនតើ។ ប្លែកតែយប់នេះមិនដឹងជាម៉េចស្ងាត់ឱ្យឈឹង។ សូរស្បែកជើងកែងចោតខ្ញុំលាន់ ទឹប ទឹប ញាប់រន្ថាន់។ មិនឱ្យញាប់យ៉ាងម៉េច មនុស្សកំពុងខ្លាចខ្មោចផង។
ចូលក្នុងបន្ទប់ភ្លាម ខ្ញុំទម្លាក់ខ្លួនទៅលើពូកមួយទំហឹង។ មានអារម្មណ៍ថាត្របកភ្នែកទាំងគូនេះធ្ងន់ណាស់។ មិនអាចទ្រាំទ្របានទេ សុំគេងហើយ។ សុំទោសខ្លួនឯងផងដែលមិនបានងូតទឹក។ គ្មានកម្លាំងងើបទៅបន្ទប់ទឹកទេ។ ចាំព្រឹកស្អែកចាំងូតសងឱ្យវិញ។ ខោអាវក៏មិនបានប្តូរដែរ ល្វើយណាស់។ ក្លិនផ្អូមជាប់ខ្លួនតិចៗមិនជាបញ្ហា! គេងក្នុងបន្ទប់ម្នាក់ឯងសោះ អ្នកណាទៅខ្វល់! តែគេងលក់ទៅលែងដឹងក្លិនហើយ។
សំឡេងទូរស័ព្ទរោទិ៍ឡើង!
«ស្លាប់ទៅជាខ្មោចអសោចទៅហើយ…!»
ខ្ញុំភ្ញាក់ដឹងខ្លួន ប្រញាប់យកដៃចុចសំឡេងស្ងាត់កុំឱ្យឮបទនេះទៀត។ ចាំបានថា ខ្ញុំដូចជាដាក់បទ Liu Xing ជាបទរោទិ៍ទេ ចុះអ្នកណាចង្រៃមកប្តូរដាក់បទនេះវិញ។ ពាក់កណ្តាលអាធ្រាត្រមកស្តាប់បទចឹងៗ ព្រឺសម្បុរតិចអី។
«ម៉ោងជាង១យប់ អ្នកណាមានការអីទៀត?»
ខ្ញុំរអ៊ូបណ្តើរមើលអេក្រង់ទូរស័ព្ទបណ្តើរ។
«អេ! លេខការ៉េ៤ដូចប្រហែលៗ។ ទេ! មិនមែនប្រហែលទេ នេះគឺលេខដែលខ្ញុំទិញឱ្យភារុណកាលពីជាងពីរឆ្នាំមុនតើ។ តែខ្ញុំចាំបានថា ភារុណបានបោះស៊ីមនោះចូលក្នុងទឹកទន្លេហើយ»។ ខ្ញុំឆ្ងល់ជាខ្លាំងទាំងមាត់ស្ងាបមិនឈប់។
«អាឡូ! ជម្រាបសួរ!»
ស្ងាត់ច្រៀប! គ្មានអ្នកណាឆ្លើយតបសោះ។ ខ្ញុំនិយាយអាឡូៗពីរបីដងទៀតនៅតែគ្មានអ្នកឆ្លើយ។ កំពុងងងុយខ្លាំងផង ខ្ញុំក៏បិទទូរស័ព្ទហើយបោះវាទៅឆ្ងាយពីខ្លួនបន្តិច រកគេងបន្ត។ គ្រាន់តែបិទភ្នែកភ្លាម ទូរស័ព្ទក៏ចាប់រោទិ៍ម្តងទៀត។ ខ្ញុំមើលទៅអេក្រង់ឃើញលេខការ៉េ៤ដដែលកំពុងហៅមក។ និយាយពីថាក្នាញ់នោះក្នាញ់ តែនៅតែចុចទទួល។
«អាឡូ! ជម្រាបសួរ!»
ស្ងាត់ច្រៀបទៀតហើយ! ក្តៅពេក ខ្ញុំងើបអង្គុយនិយាយកុំឱ្យចាញ់ចិត្តម្នាក់ហ្នឹង។
«បើនៅតែមិនព្រមហើបមាត់និយាយទេ ខ្ញុំ Block លេខហ្នឹងចោលហើយ។ យី! ពាក់កណ្តាលអាធ្រាត្រដើររំខានគេផ្តេសផ្តាស ក្តៅតើ!» ខ្ញុំនិយាយដាក់ទាំងមួរម៉ៅ។
បម្រុងនឹងចុចបិទ ស្រាប់តែ…
«ធារី!»
សំឡេងបុរសម្នាក់ឆ្លើយតបខ្ញុំ! គេហៅឈ្មោះខ្ញុំទាំងសំឡេងញ័រៗ។ ខ្ញុំភាំងបន្តិច។
«អ្នកណា? អ្នកណានិយាយហ្នឹង?» ខ្ញុំតប!
«ធារី! ធារីជួយខ្ញុំផង!»
«ជួយ? អ្នកណាកើតអី? ហើយនៅទីណា?»
«ជួយ! ជួយខ្ញុំផង! ខ្ញុំនៅខាងក្រៅបន្ទប់ធារី! ជួយផង»
ខ្ញុំស្រឡាំងកាំងពេលឮគេថាគេនៅខាងក្រៅបន្ទប់ខ្ញុំ។
«លោកកើតអី? លោកៗ!»
ស្ងាត់ឈឹង! ខ្ញុំមើលទូរស័ព្ទស្រាប់តែភ័យបុកពោះ។ វាដាក់ថា miss called។ ទេ! អម្បាញ់មិញខ្ញុំចាំច្បាស់ណាស់ថាបានចុចទទួលរួចហើយ ម៉េចក៏អាចជា miss called កើត? ចុះបុរសម្នាក់ដែលហៅឱ្យខ្ញុំជួយនោះយ៉ាងម៉េចវិញ? បេះដូងខ្ញុំចាប់ផ្តើមបុកញាប់ខ្លាំងឡើង ឯដៃទាំងពីរស្រវាទាញភួយមកដណ្តប់ខ្លួនជិត។
ភ្លាមនោះសំឡេងគោះទ្វារបន្លឺឡើង! ដំបូងសូរគោះឮតិចៗទេ តែក្រោយមកលាន់ខ្លាំងឡើងៗ។ ខ្ញុំមិនហ៊ានទៅឈរមើលក្បែរមាត់ទ្វារឡើយ។ មកគោះទ្វារយប់ថ្មើរនេះទៅហើយ មិនអាចជាមនុស្សល្អទេ។
សំឡេងគោះទ្វារលាន់កាន់តែខ្លាំង ទ្រាំមិនបាន ខ្ញុំក៏ស្រែកសួរទាំងភ័យខ្លាច។
«អ្នកណា? អ្នកណាគោះទ្វារហ្នឹង?»
«ធារី! ធារីជួយខ្ញុំផង។»
ខ្ញុំស្លុតស្មារតីឮសំឡេងនោះម្តងទៀត។ នេះគឺជាសំឡេងបុរសម្នាក់ដែលទើបនិយាយទូរស័ព្ទជាមួយខ្ញុំទេតើ! គេនិយាយឃ្លាដដែលទៀត។ ខ្ញុំទន់ខ្លួនអស់ហើយ ភ័យនឹងសំឡេងនោះពេក។ គេប្រហែលមិនមែនជាមនុស្សទេ គេជាខ្មោច។
សំឡេងគោះទ្វារលាន់ខ្លាំងឡើង។ អត់ទេ! មិនមែនសំឡេងគោះទ្វារទេ តែជាសំឡេងបុកទម្លុះទ្វារ។ ខ្លួនខ្ញុំញ័រចំប្រប់ ដៃជើងស្ពឹកកម្រើកលែងចង់បាន។ ក្នុងចិត្តគិតឃើញតែ ចុះបើគេទម្លុះទ្វារចូលមកបាន តើគេនឹងធ្វើអ្វី? គិតមិនទាំងបានចប់ផង…
«គ្រាំង!»
ទ្វារដួលមកក្នុងបន្ទប់។ បុរសម្នាក់កំពុងដើរពីលើទ្វារនោះទាំងរញីររញ័រសំដៅមក។ ខ្ញុំចង់ស្រែកឱ្យគេជួយណាស់តែមិនដឹងយ៉ាងម៉េចបំពង់កនេះស្រាប់តែជាប់គាំងស្រែកមិនចេញសោះ។
គេនៅតែបន្តដើរចូលមកជាមួយនឹងសម្រឹបជើងតិចៗ ដំណាលគ្នានឹងស្នូរបេះដូងខ្ញុំដែលលោតចង់ផ្ទុះមកក្រៅ។ ខ្ញុំឃ្លុំភួយជិត មិនដឹងថាគេដើរមកដល់ក្បែរឬក៏នៅទេ។ ព្រះអើយ! មានអារម្មណ៍ថាភួយរបស់ខ្ញុំកំពុងត្រូវបាននរណាម្នាក់ទាញចុះក្រោមហើយ។ ខ្ញុំប្រញាប់អង្កុញជើងឡើងលើ។ ដង្ហើមដកលែងចង់ដល់គ្នាហើយ។ គុណពុក គុណម៉ែ ជួយកូនផង!
គេទាញភួយចេញពីខ្លួនខ្ញុំអស់។ ខ្ញុំយកដៃខ្ទប់ភ្នែក យំសស្រាក់។
«កុំ! កុំធ្វើបាបខ្ញុំ! កុំ!»
«ធារីជួយខ្ញុំផង! ជួយខ្ញុំផង!»
គេនៅតែនិយាយឃ្លានេះឡើង។ បើទោះជាខ្ញុំកំពុងយំខ្លាំងយ៉ាងណា ខ្ញុំនៅតែស្តាប់ដឹងថា សូរសៀងដែលគេនិយាយមកពិតជាគួរឱ្យអាណិតណាស់ មិនគួរឱ្យខ្លាចសោះ។ ខ្ញុំបន្លំបើកភ្នែកតិចៗ បើទោះជានៅភ័យបុកពោះស្ទើរធ្លាយក៏ដោយ។
ព្រះអើយ! ចុះអ្នកណាបើកភ្លើងតាំងពីពេលណា? ភ្លើងភ្លឺក្រឡែតធ្វើឱ្យខ្ញុំមើលឃើញរូបរាងគេច្បាស់ចែស។ គេឈរនៅចុងគ្រែ។ រូបរាងគេពោរពេញដោយរងើកភ្លើងឆេះខ្លោចមើលមិនស្គាល់ថានរណាទេ។ តែខ្ញុំហាក់ចាប់អារម្មណ៍នឹងរបស់ម្យ៉ាង នោះគឺនាឡិកានៅលើដៃគេដូចគ្នាបេះបិទនឹងនាឡិកាដែលខ្ញុំធ្លាប់ទិញឱ្យភារុណកាលពី២ឆ្នាំមុន។
ខ្ញុំដកដៃទាំងពីរចេញពីភ្នែក ហើយប្រឹងសម្លឹងទៅនាឡិកា។ នាឡិកាធ្លាក់ចេញពីដៃគេដំណាលនឹងរាងកាយទាំងមូលដែលកំពុងជ្រុះធ្លាក់រោយលើការ៉ូ។ ខ្ញុំប្រឹងសម្លឹងមិនដាក់ភ្នែក រហូតដល់រូបរាងបុរសម្នាក់នោះរលាយអស់ពីមុខខ្ញុំ។ សំឡេងល្ហៀងៗចុងក្រោយរបស់គេ «ធារីជួយខ្ញុំផង» នៅតែដក់ជាប់ក្នុងត្រចៀកខ្ញុំ។
«រ៉ឹងៗៗៗៗ»
សំឡេងនាឡិការោទិ៍ចង់បែកបន្ទប់។ ខ្ញុំភ្ញាក់ព្រើតដូចគេកន្រ្តាក់ បែកញើសជោកខ្លួន ដង្ហើមដកញាប់ៗស្ទើរផុត។ រាងកាយរកកម្លាំងបន្តិចគ្មាន។ ព្រះអើយ! ខ្ញុំយល់សប្តិសោះ។ តែម៉េចក៏ដូចជាការពិតម្ល៉េះ?
មិនអស់ចិត្តខ្ញុំប្រញាប់យកទូរស័ព្ទមកឆែកមើល។ អ្ហាក! លេខការ៉េ៤ពិតជាបានខលមកខ្ញុំមែនតើកាលពីយប់មិញ។ ដង្ហើមដែលទើបដកបានយឺតបន្តិចក៏ប្រែជាញាប់វិញភ្លាម។ ខ្ញុំខំទប់ចិត្តឆែកមើល Miss Called។ ធូរទ្រូងវិញបន្តិចដោយមិនបានឃើញលេខការ៉េ៤នៅក្នុង Miss Called នោះ។ ខ្ញុំគិតឡើងវិញ។ ការពិតលេខនោះខលមកខ្ញុំតែម្តងទេ។ អាលើកទី២នោះ ខ្ញុំយល់សប្តិសោះ។ ពុទ្ធោអើយ! ឱ្យតែយល់សប្តិម៉ាកៗហ្នឹងទៀត មិនរស់ទេ។
ខ្ញុំចុះពីលើគ្រែ ទាំងមិនបានរៀបចាំទុកដាក់ខ្នើយភួយ។ ដើរបានពីរបីជំហាន ជើងខ្ញុំក៏ជាន់របស់ម្យ៉ាង។ ខ្ញុំដកជើងចេញ។
«ហ្អាស៎!» ខ្ញុំស្រែកឡើង។
វាគឺជានាឡិកាដៃដែលធ្លាក់ចេញពីដៃបុរសដែលត្រូវរងើកភ្លើងឆេះរលេះរលួយនោះ។ ខ្ញុំចាប់ផ្តើមចង់គាំងទៀតហើយ យ៉ាងម៉េចអ៊ីចេះ? ភ្លាមនោះក៏នឹកឃើញថា កាលពី២ឆ្នាំមុន ខ្ញុំបានទិញនាឡិកានេះចំនួន២។ មួយឱ្យភារុណ និងមួយទៀតជូនលោកប៉ា។ ប្រហែលជាលោកប៉ាចូលមកយកសៀវភៅហើយជ្រុះនាឡិកានៅទីនេះដោយមិនដឹងខ្លួន។ គិតដល់នេះ ដង្ហើមខ្ញុំធូរវិញបន្តិច។ ខ្ញុំរើសនាឡិកាដាក់លើតុ រួចដើរទៅបន្ទប់ទឹក។ រៀបចំខ្លួនរួច ក៏ចេញទៅធ្វើការ។
គ្រាន់តែបើកទ្វារបន្ទប់ចេញក្រៅ ខ្ញុំឮមីងនីនិងមីងនួនដែលជាអ្នកជិតខាង និយាយគ្នារង៉ូវៗ។
«អ្នកនួន! ចុះយប់មិញអ្នកណាកណ្តាលអាធាត្រហើយមកគោះទ្វារបន្ទប់អ្នកហ្នឹង? គោះមួយទំហឹង ថ្លង់ខ្ញុំដេកមិនបានសោះ។» មីងនីនិយាយទៅមីងនួន។
«មិនមែនគោះទ្វារបន្ទប់ខ្ញុំទេ។ បែបបន្ទប់ក្មួយធារីទេដឹង? ខ្ញុំក៏ថ្លង់ដែរ! គោះនោះគោះ រកអ្នកណាដេកពួនមិនកើត។» មីងនួនតប។
ខ្ញុំចាប់ផ្តើមដូចចង់បុកពោះ។ ស្អីអ៊ីចេះ? ចឹងយប់មិញមានអ្នកគោះទ្វារបន្ទប់ខ្ញុំមែន?
ចុះដល់ជាន់ផ្ទាល់ដី ពូសន្តិសុខក៏ហុចដៃប្រគល់សោម៉ូតូឱ្យខ្ញុំ។ គាត់មិនប្រាប់ក៏ខ្ញុំដឹងដែរថាប្រាកដជាភារុណយកម៉ូតូខ្ញុំទៅប៉ះ ហើយជិះយកមកឱ្យតាំងពីព្រលឹមម្ល៉េះ។ ខ្ញុំទទួលសោហើយដើរទៅយកម៉ូតូ។ ដើរដល់ម៉ូតូ ខ្ញុំឃើញក្រដាសតូចមួយបិទនៅកែប។
«ល្ងាចនេះ ចេញពីធ្វើការ ខ្ញុំអញ្ជើញធារីញ៉ាំអាហារពេលល្ងាច!» ខ្ញុំអានសារនេះចប់ទាំងមិនសូវសប្បាយចិត្ត។ បានជាកាត់ចិត្តពីគេបានហើយ មិនចង់ទៅស្និទ្ធស្នាលនិងគេទៀតទេ។ ម្យ៉ាងមិនចង់ធ្វើរឿងខុសឆ្គងចំពោះវុធទៀតឡើយ។ ខ្ញុំព្យាយាមរកនឹកមូលហេតុបដិសេធគេ។ ពេលនោះ សំឡេងសារទូរស័ព្ទលោត ទឺត ទឺត ឡើង។ ខ្ញុំក្តៅឆេវមួយរំពេច។
មានភាគបន្ត…