វគ្គ. បេសកកម្មកណ្តាលអធ្រាត្រ
មេឃចាប់ផ្តើមងងឹត តាប៉ិពិសិដ្ឋជិះម៉ូតូមកទទួលខ្ញុំ។ គេធ្វើខ្លួនឡើងប្លែកខុសពីធម្មតា អាវក្រឡាឆ្នូតទុយនុយមួយចំហៀង ខោខូវប៊យមូរជើងពណ៌ទឹកប៊ិចខ្ចីថ្មីចែសទំនងទើបទិញ សក់លាបចាហួយឡើងបះច្រូង ទឹកអប់វិញបាញ់ដូចមិនដែលបានបាញ់ គ្រាន់តែឈរជិតក្លិនឡើងឈួលចង់បែកច្រមុះ។
«កើតអីលោក? នេះទៅចាប់ជនសង្ស័យ ឬក៏ទៅចូលរួមពិធីអី? តែងខ្លួនខុសពេល។»
«តែស្រីស្អាតមិនយល់ថាខ្ញុំសង្ហាខ្លាំងទេ។»
ខ្ញុំជ្រេញអើយសែនជ្រេញនឹងចរិតតាប៉ិម្នាក់នេះ។ នេះខ្ញុំទ្រាំខ្លាំងណាស់ដើម្បីវុធ។ ខ្ញុំឡើងម៉ូតូទៅជាមួយគេ ទាំងចិត្តមិនស្រលះសោះ។
«ម៉េចនៅបញ្ឆេះនឹងហើយ អត់ចេញម៉ូតូទៅទេ?»
«អ្នកនាងមិនទាន់សរសើរថាខ្ញុំសង្ហាផង។»
ខ្ញុំគក់ខ្នងគេមួយដៃផាំង ក្នាញ់ពេក។ គេមិនមាត់ គិតតែសើចញឹមៗរួចបរម៉ូតូចេញទៅ។
ពិសិដ្ឋនាំខ្ញុំជិះផ្លូវសំដៅទៅជាយក្រុង។ ម៉េចអ៊ីចេះ ក្រែងថាតាមដានអ្នកមីងកែវ ម៉េចក៏ជិះទៅណាទៅវិញ?
«នែ! ចង់នាំខ្ញុំទៅណា?»
«បេសកកម្មយប់នេះនោះអី!»
«កុំលេងសើចច្រើន ឆាប់ប្រាប់ខ្ញុំឱ្យត្រង់ភ្លាម។»
«បាន! បាន! ខ្ញុំបានជួលមនុស្សឱ្យតាមដានមីងកែវ។ ពួកគេប្រាប់ថា គាត់ជិះម៉ូតូទៅជាយក្រុង។ អ៊ីចឹងហើយទើបខ្ញុំនាំស្រីស្អាតមកទីនេះ។»
«ខ្ញុំយល់ហើយ។ អ៊ីចឹងប្រញាប់ទៅ។»
«ទទួលបញ្ជាស្រីស្អាត! តែសូមឱបចង្កេះខ្ញុំផង។»
ខ្ញុំលូកដៃមួលចង្កេះគេ ជំនួសឱ្យការឱប។ និយាយពីថាក្នាញ់នោះក្នាញ់ពេកហើយ។ ទៅដល់ជាយក្រុង ពិសិដ្ឋឈប់ម៉ូតូត្រង់កន្លែងមួយដែលមានបុរសមាឌធំៗបួនប្រាំនាក់។ ម្នាក់សាច់ដុំធំជាងគេលើកដៃចង្អុលទៅផ្លូវខាងមុខ។
«នោះគឺមីងកែវ!»
ខ្ញុំភ្លាត់មាត់និយាយ។ គាត់ឈប់ម៉ូតូនៅត្រង់តូបលក់ចាប់ហួយនៅជាប់ផ្លូវមួយ រួចដាក់កូនគាត់ចុះពីលើម៉ូតូនៅតូបនោះ។ យប់យ៉ាងនេះហើយ គាត់នៅយកកូនមកតាមទៀត។ ដាក់កូនចុះរួច មីងកែវជិះម៉ូតូទៅមុខទៀត។ ក្រុមបុរសមាឌធំក៏បន្តតាមដានមីងកែវ។
«ហើយលោកមិនទៅតាមមីងកែវទេ?»
ខ្ញុំសួរពិសិដ្ឋដោយមិនឃើញគេចេញម៉ូតូទៅតាម។
«មិនទៅទេ។»
«ហេតុអី?»
«កូនចៅខ្ញុំទៅបួនប្រាំនាក់ហើយ។ បើគ្រាន់តែចាប់ក្មេង២នាក់ មិនចាំបាច់ខ្ញុំទៅផ្ទាល់ទេ។»
«ថ្វីដៃមិនដល់គេទេដឹង!»
គេមិនតប តែបញ្ចេះម៉ូតូឡើង។
«ក្រែងថាមិនតាមទេ? ឥឡូវដូរចិត្តហើយ? មកពីអន់ចិត្តនឹងពាក្យសម្តីខ្ញុំអម្បាញ់មិញទេដឹង?»
«អ្នកណាថាខ្ញុំទៅតាម!»
«ចុះប្រុងទៅណា?»
«បន្តិចទៀតស្រីស្អាតដឹងហើយ។»
គេចេញម៉ូតូវឹង។ ខ្ញុំចាប់ផ្តើមដុំក្នុងពោះទៀតហើយ ក្នាញ់គាត់ហ្នឹងម្ល៉េះទេ។ នេះខ្ញុំរំពឹងថាបានជួបជនសង្ស័យផ្ទាល់ ចង់សួរឱ្យអស់ចិត្ត។ តែពេលនេះ មើលចុះ! តាប៉ិម្នាក់នេះមកលេងឆ្កួតៗអី។
គេដាក់ខ្ញុំចុះនៅមុខតូបលក់បង្អែមមួយជាប់ផ្លូវចម្ងាយមិនឆ្ងាយប៉ុន្មានពីតូបលក់ចាប់ហួយដែលកូនមីងកែវនៅ។
«យ៉ាងម៉េចលោក! នេះជាពេលអីហើយ លោកនៅចង់ញ៉ាំបង្អែមទៀត?»
គេចុះពីលើម៉ូតូ មិនតបខ្ញុំមួយម៉ាត់ បែរជាទៅអង្គុយកៅអីនៅតូបលក់បង្អែមធ្វើហីទៅវិញ។
«អ្នកលក់ឱ្យបង្អែមផ្លែឈើ២ចានមក!»
«ចាស! ចាំមួយភ្លែតពូ!» អ្នកលក់តប។
គេមើលមកខ្ញុំដែលមិនព្រមចុះពីលើម៉ូតូទាំងបបូរមាត់ញឹមៗ។
«យ៉ាងម៉េចចង់អង្គុយលើនឹងរហូតមែន?»
ខ្ញុំឃើញអ្នកលក់បង្អែម និងអ្នកមកញ៉ាំបង្អែមផ្សេងៗទៀតសើច ខ្ញុំក៏ចុះពីលើម៉ូតូដើរមកអង្គុយកៅអីក្បែរគេ ព្រោះមិនចង់ឱ្យខ្មាសអ្នកផ្សេងទៀត។ គេបន្តញញឹមខ្ជឹបដូចសប្បាយចិត្តណាស់អ៊ីចឹង។ ខ្ញុំពិតជាមិនយល់សោះថាគេកំពុងគិតអី។ ធ្វើការបែបៗនេះ ស្ងើចតែបានធ្វើជាអ្នកស៊ើបអង្កេតដែរ។
គេញ៉ាំបង្អែមរបស់គេដោយមិននិយាយមួយម៉ាត់។ តែខ្ញុំសង្កេតឃើញគេសម្លឹងទៅតូបចាប់ហួយនោះញឹកញាប់។ គេកំពុងធ្វើអីឱ្យប្រាកដហ្នឹង?
ទូរស័ព្ទគេរោទិ៍ឡើង។ គេងើបពីកៅអីដើរទៅនិយាយទូរស័ព្ទឆ្ងាយពីខ្ញុំ។ បានបន្តិចគេត្រលប់មកវិញ អង្គុយចុះលើកៅអី ហើយបន្តញ៉ាំបង្អែមវិញធ្វើដូចគ្មានរឿងអី។ ខ្ញុំទ្រាំមិនបានយកដៃកេសគេសួរ៖
«អម្បាញ់មិញលោកបានដំណឹងពីក្រុមដែលតាមដានអ្នកមីងកែវមែនទេ?»
«បាទ!»
គេឆ្លើយមួយម៉ាត់យ៉ាងខ្លីដូចមិនដឹងថាខ្ញុំកំពុងអន្ទះអន្ទែងយ៉ាងណាទេ។ មើលទៅឃើញខ្ញុំមិនមាត់ គេកាន់តែបានចិត្ត។
«ពួកគេតេមកប្រាប់ថា ជនសង្ស័យមិនបានបង្ហាញខ្លួនតាមការគិតនោះទេ។ មីងកែវគាត់ទៅសួរសុខទុក្ខបងប្អូនគាត់ដែលកំពុងមានជំងឺប៉ុណ្ណោះ។»
«បានន័យថា យើងចំណាយពេលឥតប្រយោជន៍មកទីនេះ?»
«អ្នកណាថាឥតប្រយោជន៍ ចំពោះខ្ញុំបេសកកម្មយប់នេះគឺមានន័យណាស់ ព្រោះមានស្រីស្អាតមកកំដរ។»
និយាយត្រង់ខ្ញុំចង់តែទៅទះកំផ្លៀងគេឱ្យវិលក្បុងទេ។ នេះគេគ្មានពិបាកចិត្តអីបន្តិចដែលចាប់ជនសង្ស័យមិនបាន តែបែជាមកឆ្លៀតលេងសើចខុសទំនងទៅវិញ។
គេងើបពីកៅអី ដើរទៅម៉ូតូ រួចបញ្ឆេះឮង៉ោង។
«ឆាប់ឡើងម៉ូតូមក!»
«ទៅណា?»
«ក្រែងចង់ជួបមុខជនសង្ស័យណាស់ហី?»
ខ្ញុំធ្វើមុខឆ្ងល់។ ក្រែងអម្បាញ់មិញប្រាប់ខ្ញុំថាជនសង្ស័យមិនបានបង្ហាញមុខទេ។ ចុះបានជនសង្ស័យពីណា មកឱ្យខ្ញុំឃើញមុខ?
«ឆាប់ឡើងម៉ូតូមកខ្ញុំប្រាប់!»
ខ្ញុំឡើងម៉ូតូទាំងចម្ងល់រាប់រយបង្ហាញលើផ្ទៃមុខ។ គេបរម៉ូតូយឺតៗចេញពីតូបលក់បង្អែម។
«ជនសង្ស័យដែលស្រីស្អាតកំពុងអន្ទះសារចង់ជួបនៅក្នុងតូបលក់ចាប់ហួយខាងមុខនោះហើយ។»
«ថាម៉េច?» ខ្ញុំលាន់មាត់សួរ។
«អ្នកនាងមានចាប់អារម្មណ៍ទេ បើមីងកែវទៅសួរសុខទុក្ខបងប្អូនមែន ម៉េចចាំបាច់ទុកកូននៅតូបលក់ចាប់ហួយ?»
«ប្រហែលផ្លូវចុះពិបាកពេក ទើបមិននាំកូនទៅជាមួយ។»
«អ៊ីចឹងគាត់ចាំបាច់យកកូនមកតាំងពីផ្ទះធ្វើអី?»
«ខ្ញុំម៉េចដឹង!»
«មីងកែវប្រាកដជាសង្ស័យថាពួកយើងតាមដានគាត់។ គាត់ក៏បង្វែងដានត្រលប់ជាទៅសួរសុខទុក្ខបងប្អូនវិញ។ ការដែលគាត់ទុកកូននៅតូបចាប់ហួយនេះ គឺគាត់ប្រគល់កិច្ចការនេះឱ្យកូនធ្វើជំនួស។»
«លោកចង់និយាយថា កូនមីងកែវជាអ្នករង់ចាំប្រគល់របស់របរដល់ជនសង្ស័យ?»
«ពិតប្រាកដណាស់!»
«ខ្ញុំយល់ហើយ! អ៊ីចឹងហើយបានជាលោកមិនទៅតាមមីងកែវ ហើយបែរនាំខ្ញុំទៅតូបបង្អែមវិញ។ ខ្ញុំឃើញលោកក្រឡេកទៅតូបចាប់ហួយរហូត តែដោយសារមិនយល់និងខឹងនឹងលោកតិចៗផង ខ្ញុំមិនបានចាប់អារម្មណ៍នឹងចំនុចនេះសោះ។»
«ចុះពេលនេះ…»
«ពេលនេះយល់ហើយ! ច្បាស់ទៀតផង!»
«អ៊ីចឹង អាចឱបចង្កេះខ្ញុំបាននៅ?»
មួយឃ្លារបស់គេនេះ ធ្វើឱ្យខ្ញុំក្តៅទៀតហើយ។ មិនរាង? ខ្ញុំលូកដៃមួលចង្កេះគេម្តងទៀតជារង្វាន់ដល់ពាក្យសម្តីលេបខាយរបស់គេ។ គេឈប់ម៉ូតូនៅមុខតូបលក់ចាប់ហួយ។ បុរសមាឌធំបួនប្រាំនាក់នៅទីនោះ។ មិនបាច់ប្រាប់ក៏ដឹងដែរ ពួកគេគឺជាអ្នកដែលពិសិដ្ឋជួលមក។
ពិសិដ្ឋនាំខ្ញុំចូលក្នុងតូបចាប់ហួយ។ ខ្ញុំឃើញក្មេងស្ទាវ២នាក់ កំពុងអង្គុយផ្ទាល់ដី ដៃទាំងពីរចងជាប់។
«ធី និង ថា?» ពិសិដ្ឋសួរពួកគេ។
«បាទ! បាទ!» ពួកគេឆ្លើយតបដោយសំឡេងញ័រៗ។
«កាលពីជាងមួយខែមុន ថ្ងៃដែលមានហេតុការណ៍ផ្ទុះហ្គាសនៅបន្ទប់ ០២២ អ្នកទាំងពីរបានចូលក្នុងបន្ទប់នោះដែរ? »
«បាទ! គឺពូមុតជាអ្នកប្រាប់ពួកខ្ញុំឱ្យទៅលើកអីវ៉ាន់ពីបន្ទប់នោះ។»
«ហេតុអីមិនឃើញពួកឯងនៅក្នុងកាមេរ៉ា?»
«ពេលពួកខ្ញុំដើរជិតដល់បន្ទប់០២២ មានកូនក្មេងតូចម្នាក់កាន់ប៉ោងៗហោះមួយបាច់ធំដើរកាត់ទីនោះ។ ពេលនោះក្មេងតូចក៏របូតដៃលែងប៉ោងៗហោះទៅលើ។ វាទើរនៅធ្នើមុខបន្ទប់ ហើយក៏ប្រហែលបាំងកាមេរ៉ាជិតមើលមិនឃើញពួកខ្ញុំ។»
«ពេលនោះអ្នកទាំងពីរបានជួបជនរងគ្រោះដែរទេ »
«ពួកខ្ញុំមិនបានឃើញទេ!»
«បើពួកឯងមិនបានឃើញ ចុះអ្នកណាជាអ្នកបើកទ្វារបន្ទប់ឱ្យពួកឯងចូល?»
«គ្មានអ្នកណាបើកទ្វារបន្ទប់ឱ្យទេ។ ពេលដល់មុខបន្ទប់ ខ្ញុំគោះទ្វារ តែគ្មាននរណាឆ្លើយតបសោះ។ ពួកខ្ញុំបានឃើញក្រដាសតូចមួយបិទនៅលើទ្វារប្រាប់ថាទ្វារអត់ចាក់គន្លឹះទេ។ ពួកខ្ញុំក៏បើកទ្វារចូលទៅ។»
«ចុះពេលពួកឯងចូលក្នុងមានបានឃើញអ្នកណាទេ?»
«អត់មានទេ! បើកទ្វារបន្ទប់ចូលក្នុង ពួកខ្ញុំមិនបានឃើញមាននរណាឡើយ ឃើញដបស្រាបីបួនដប ហើយបន្ទប់ទាំងមូលធុំក្លិនស្រាឡើងហួង។ ពួកខ្ញុំស្រែកហៅម្ចាស់បន្ទប់តែគ្មានអ្នកណាតបសោះ។ ពេលនោះ ពួកខ្ញុំក៏ឃើញវ៉ាលីចាស់ធំមួយនៅក្បែរទ្វារ។ នៅលើវ៉ាលីចាស់មានលុយ២០ដុល្លារ និងក្រដាសតូចមួយដែលសរសេរថា លើកវ៉ាលីចាស់នេះទៅចោលនៅកន្លែងសំរាម។ ពួកខ្ញុំយកលុយហើយក៏នាំគ្នាសែងវ៉ាលីចាស់នោះចេញពីបន្ទប់យកទៅបោះចោលនៅកន្លែងសំរាម។»
«ចុះបើគ្រាន់តែប៉ុណ្ណឹង ម៉េចក៏ពួកឯងនាំគ្នារត់គេចខ្លួន?»
«រឿងដែលពួកខ្ញុំរត់គេចខ្លួននោះ ដោយសារពួកខ្ញុំបានលួចយកនាឡិកាដៃរបស់ម្ចាស់បន្ទប់ដែលជ្រុះនៅក្រោមតុក្បែរនោះ។ ពួកខ្ញុំស្មានថាបងៗតាមចាប់រឿងលួចនាឡិកានោះ ទើបនាំគ្នារត់គេចទៅ។»
«ពួកឯងប្រាកដហើយថាគ្មានរឿងអីផ្សេង?»
«បាទៗ បង! អ្វីដែលពួកខ្ញុំនិយាយសុទ្ធតែជាការពិតទាំងអស់។»
«ពួកឯងស្គាល់ជនរងគ្រោះខ្លាំងប៉ុនណា?»
«ធ្លាប់ដើរជួបមុខគ្នាម្តងពីរដងដែរ តែមិនដែលស្តីរកគ្នាទេ។ សូម្បីតែមុខក៏មិនដែលឃើញច្បាស់ដែរ។ តាំងពីគេមកពីថៃវិញ គេពាក់ម៉ាសរហូត។ ឮមីងកែវនិយាយថា គេឈឺផ្តាសាយធំ។»
«អ៊ីចឹង ពួកឯងមិនដែលមានរឿងអីជាមួយជនរងគ្រោះទេ?»
«បាទៗ មិនដែលទេ។»
ពិសិដ្ឋផ្អាកសំណួរសួរពួកគេ។ គាត់ក្រឡេកមកមើលមុខខ្ញុំទាំងដកដង្ហើមធំ។
ខ្ញុំឱននិយាយខ្សឹបៗ៖
«លោកឈប់សួរពួកគេហើយ?»
គេមិនមាត់តបខ្ញុំឡើយ។ ខ្ញុំនៅមិនអស់ចិត្តនឹងចម្លើយរបស់ពួកគេទាំងពីរសោះ។ បើគិតពេលវេលានៃការកើតហេតុនិងពេលវេលាដែលពួកគេចូលក្នុងបន្ទប់វុធ ពួកគេគួរជាមនុស្សចុងក្រោយហើយ។ ម្យ៉ាងគ្រាន់តែដឹងថាពូរបស់ពួកគេត្រូវពិសិដ្ឋសួរនាំ ពួកគេក៏នាំគ្នាគេចខ្លួនបាត់។ បើមនុស្សល្អមែន គេមិនខ្លាចប្រឈមមុខទេ។ ខ្ញុំគិតថា រឿងលួចនាឡិកានោះគ្រាន់ជាការប្រតិដ្ឋរបស់ពួកគេទេ។
«ចុះពួកឯងមានដឹងថា ជនរងគ្រោះធ្លាប់មានជម្លោះជាមួយអ្នកណាទៀតទេ?» ពិសិដ្ឋសួរទៅពួកគេ ក្រោយគេស្ងាត់បន្តិចមុននេះ។
ធី និងថារកនឹកបន្តិចក៏និយាយ ៖
«មុនថ្ងៃកើតហេតុ២ថ្ងៃ ជនរងគ្រោះបានទាស់សម្តីគ្នាជាមួយជនអនាថាម្នាក់ដែលរស់នៅសំយាបអគារនោះ។ ខ្ញុំមិនដឹងថាពួកគេទាស់គ្នារឿងអីទេ។ តែមានរឿងមួយដែលចម្លែក។»
«រឿងអី? ពួកឯងឆាប់និយាយភ្លាម!»
«រឿងដែលចម្លែកនោះគេ តាំងពីថ្ងៃកើតហេតុមក គ្មានអ្នកណាបានឃើញជនអនាថានោះស្នាក់នៅទីនោះទៀតទេ។»
«ចុះពួកឯងមានដឹងថា ជនអនាថានោះអាចទៅកន្លែងណាផ្សេងទេ?»
«ខ្ញុំមិនដឹងទេ! មីងកែវថា គាត់គ្មានផ្ទះសម្បែង គ្មានបងប្អូនសាច់ញាតិ ដើររសាត់អណ្តែតដេកតាមសំយាបអគារ។ ក្រោយពេលគាត់បាត់ខ្លួនក៏គ្មានអ្នកណាអើពើរកដែរ។»
ពិសិដ្ឋផ្អាកសួរសំណួរពួកគេ។ ខ្ញុំឃើញគេកត់ស្អីខ្លះលើកូនសៀវភៅគេ។
«អស់អីហើយ! ពួកឯងចេញទៅចុះ។»
ធី និងថាក៏ចាកចេញទៅ។ ក្រុមបុរសមាធធំក៏ចេញទៅដូចគ្នា។
«ម៉េចក៏ឆាប់ឱ្យគេទៅវិញម្ល៉េះ?» ខ្ញុំគិតក្នុងចិត្ត។
បម្រុងនឹងសួរគេហើយ ពិសិដ្ឋក៏ចាប់ដៃខ្ញុំដើរមកឆ្ងាយបន្តិចពីពួកគេ។
«ពួកគេមិនជាប់ទាក់ទងនឹងការស្លាប់របស់ជនរងគ្រោះទេ។»
«ម៉េចក៏លោកច្បាស់ម៉េស?»
«តាមបទពិសោធន៍របស់ខ្ញុំកន្លងមក ខ្ញុំហ៊ានធានាថាពួកគេមិនបានពាក់ព័ន្ធនឹងរឿងឃាតកៈម្មនេះឡើយ។»
«តែខ្ញុំនៅតែមិនអស់ចិត្តសោះ។»
ពិសិដ្ឋមុខស្ងួតមិនតប។ គេដើរទៅបញ្ឆេះម៉ូតូ រួចមើលមកខ្ញុំបំណងហៅខ្ញុំឱ្យឡើងម៉ូតូ។ គេចុចស៊ីផ្លេតេតៗ ហៅខ្ញុំឱ្យឡើងជិះ។ ទោះជាប្រឹងគិតនៅទីនេះទៀត ក៏គ្មានបានអីដែរ។ ខ្ញុំឡើងម៉ូតូ។ ជិតមួយម៉ោងក្រោយមក ពិសិដ្ឋជូនខ្ញុំមកដល់ផ្ទះវិញ។
មកដល់គ្រែគេង ខ្ញុំនៅតែមិនទាន់ឈប់គិតពីរឿងនោះទៀត។ ភ្នែកទាំងគូរបស់ខ្ញុំមិនព្រមបិទសោះ។ ទ្រាំបើកបានមួយសន្ទុះធំ ខ្ញុំមានអារម្មណ៍ថាមិនអាចជម្នះនឹងទេវតាងងុយទៀតទេ។ ខ្ញុំក៏គេងលក់ដោយមិនដឹងខ្លួន។
ស្អែកឡើង ខ្ញុំទូរស័ព្ទទៅពិសិដ្ឋ ៖
«ពួកយើងត្រូវធ្វើអីបន្តទៀត?»
«មិនដឹងទេ!» គេឆ្លើយមកធូរល្ហុយ។
«ចុះលោកមិនគិតស៊ើបពីជនអនាថាដែលបាត់ខ្លួននោះទេ។ ខ្ញុំគិតថារឿងនេះគួរឱ្យសង្ស័យណាស់។»
«ខ្ញុំបានទៅសួរនាំអ្នកស្នាក់នៅអគារនោះ តែគ្មានអ្នកណាម្នាក់ដឹងថាជនអនាថានោះទៅណាទេ។ គេគ្មានផ្ទះ គ្មានសាច់ញាតិ ដើររសាត់អណ្តែត មិនដឹងថាពេលនេះទៅដល់ទីណាទេ។»
ខ្ញុំដកដង្ហើមធំបង្ហាញពីការអស់សង្ឃឹមយ៉ាងខ្លាំង។
«មើលទៅយើងគ្មានផ្លូវអាចរកយុត្តិធម៌ឱ្យវុធទេ។ អាចទេដែលថា ខ្ញុំនិងលោកគិតច្រើនពេក រឿងឧបទ្ទវហេតុ មកគិតមកជារឿងឃាតកៈម្ម។ ដូច្នេះហើយ បានជាយើងដោះស្រាយមិនបាន។ ហ៊ឹម!»
«អ្នកណាថាយើងដោះស្រាយមិនបាននោះ? ខ្ញុំមិនទាន់និយាយថាអស់ផ្លូវឯណា? ស្រីស្អាតកុំបារម្ភ! ជនល្មើសគ្មានថ្ងៃគេចផុតទេ។»
«សង្ឃឹមអ៊ីចឹងចុះ!»
ខ្ញុំដាក់ទូរស័ព្ទចុះទាំងល្វើយ រកកម្លាំងបន្តិចគ្មាន។ រៀបចំខ្លួនរួច ខ្ញុំធ្វើដំណើរទៅប៉ុស្ត៍ប៉ូលីស។ ខ្ញុំចង់ទៅសួរពួកគាត់ថាតើមានតម្រុយអីខ្លះទេ?
ទៅអង្គុយនៅប៉ុស្ត៍ប៉ូលីសមួយកំណាត់ថ្ងៃ ខ្ញុំគ្មានបានអីសោះ ក្រៅពីខាងប៉ូលីសកំពុងធ្វើការ។ ខ្ញុំសង្ស័យតែដូចពិសិដ្ឋនិយាយហើយ ប្រហែលជាមាននរណាម្នាក់បំបិទប៉ូលីសមិនឱ្យស៊ើបរឿងនេះ។ ទ្រាំអង្គុយចាំលែងបាន ខ្ញុំសម្រេចចិត្តទៅផ្ទះវិញ។
«ធារី!»
ខ្ញុំភ្ញាក់ព្រើតនឹងសំឡេងហៅឈ្មោះខ្ញុំនេះ។
«ហើយចុះព្រលឹងទៅណាអស់? នេះធារីដើរមកស្ទើរតែប៉ះខ្ញុំហើយ តែបែជាដូចមើលមិនឃើញខ្ញុំសោះ។»
«សុំទោស! អម្បាញ់មិញនេះ ខ្ញុំពិតជាមិនបានឃើញលោកមែន។»
«មានរឿងអីបានជាធ្វើឱ្យធារីគិតដល់ថ្នាក់ភ្លេចខ្លួននេះ?»
«គ្មានរឿងអីធំដុំទេ! អេ អម្បាញ់មិញលោកហៅខ្ញុំថាម៉េច?»
«ហៅធារី! យ៉ាងម៉េច មិនពេញចិត្ត? បើមិនពេញចិត្តហៅខ្ញុំពិសិដ្ឋវិញទៅ។»
«គ្មានអីទេ! ហើយលោកមកទីនេះធ្វើអី?»
«ខ្ញុំចង់មកនាំធារីទៅញ៉ាំអាហារពេលល្ងាច។ កុំបដិសេធណា។»
គេមកបបួលស្របពេលដែលខួរក្បាលខ្ញុំស្ទើរផ្ទុះទៅហើយ។ តែក៏ល្អដែរ បើខ្ញុំចេញក្រៅជាមួយគេ ប្រហែលអាចការពារខួរក្បាលមួយនេះកុំឱ្យផ្ទុះបាន។
«អូខេ!»
ខ្ញុំឡើងជិះម៉ូតូគេ។ គេបរចេញទៅ។ មួយសន្ទុះក្រោយមកគេឈប់ម៉ូតូនៅចិញ្ចើមផ្លូវ ៖
«លោកចង់ញ៉ាំនៅទីនេះ?»
«បាទ! យ៉ាងម៉េចធារីមិនចូលចិត្ត?»
«មិនមែនទេ! គ្រាន់តែខ្ញុំខានញ៉ាំអាហារតាមផ្លូវបែបនេះយូរ ទើបមានអារម្មណ៍ប្លែកបន្តិច។»
«អ៎! អ៊ីចឹងទេអី! តោះយើងទៅរកកន្លែងអង្គុយទៅ។»
ខ្ញុំនិងគេចេញទៅអង្គុយនៅតុមួយ។ ពិសិដ្ឋហៅគ្រឿងញ៉ាំពីរបីមុខ។ ក្លិនឈ្ងុយរបស់អាហារធ្វើឱ្យខ្ញុំបានស្បើយខួរក្បាលបន្តិច។ តាមពិតទៅ ខ្ញុំមិនជាចាប់អារម្មណ៍លើអាហារប៉ុន្មានទេ គ្រាន់តែនឹកឃើញកាលពីមុន វុធតែងតែនាំខ្ញុំញ៉ាំអាហារតាមផ្លូវបែបនេះ។ គ្រាន់តែពេលនោះ ខ្ញុំអង្គុយជាមួយគេមែន តែចិត្តខ្ញុំមិនដែលខ្វល់ពីគេសោះឡើយ។
«ធារីកុំគិតអីច្រើនពេក។ បោះបង់រឿងស្មុគស្មាញទាំងអស់ទៅម្ខាងសិន ហើយឆាប់ញ៉ាំទៅទាន់នៅក្តៅ។»
គេនិយាយបណ្តើរ ហុចចានពងមាន់អាំងដាក់ពីមុខខ្ញុំបណ្តើរ។ សកម្មភាពរបស់គេ ធ្វើឱ្យអារម្មណ៍ខ្ញុំនឹកដល់វុធទៀតហើយ។ ពេលដែលគេហៅពងមាន់អាំងឱ្យខ្ញុំម្តងៗ គេតែងលួចប្រាប់អ្នកលក់ឱ្យលួចច្របាច់ក្រូចឆ្មារដាក់ឱ្យជូរខ្លាំង។ គេដឹងថាគ្រប់ពេលដែលខ្ញុំត្រូវជាតិជូរ ទោះជាខ្ញុំពិបាកចិត្តយ៉ាងណាក៏រសាយដែរ។
«យ៉ាងម៉េចហ្នឹង ធារីមិនញ៉ាំទេ?»
«ខ្ញុំខ្លាចមានក្រូចឆ្មារក្នុងហ្នឹង។»
«ធារីនិយាយអី អ្នកណាទៅលួចច្របាច់ក្រូចឆ្មារដាក់នោះ។»
«បើមានមែនល្អហើយ! ខ្ញុំចង់ភ្លក់រសជាតិនោះម្តងទៀតណាស់។ គិតទៅវុធគេប្រសប់ណាស់។ ដើម្បីបន្លប់ទុក្ខខ្ញុំ គេចេះនឹកឃើញលួចច្របាច់ក្រូចឆ្មារក្នុងពងមាន់។ កោតតែគេចេះនឹកឃើញទៅរួច។»
ខ្ញុំញញឹមតិចៗនឹកឃើញដល់រូបភាពទាំងនោះ ឯពិសិដ្ឋវិញ មុខគេមិនស្រស់ដូចមុនសោះ ដូចជាអន់ចិត្តរឿងអីមួយ។
«គ្មានអីពិសេសទេ គ្រាន់តែអ៊ីចឹងសោះ។» គេនិយាយមកទាំងមុខក្រម៉ូវ។
«ម៉េចក៏ថាគ្មានអីពិសេស? យើងអាចនិយាយបានថា រឿងខ្លះមើលភ្នែកទទេមិនឃើញទេ។ ដូចជាពងមាន់នេះចឹង លោកមិនអាចមើលដឹងថាមានក្រូចឆ្មារនៅខាងក្នុងឬអត់ទេ។»
ពិសិដ្ឋស្រាប់តែនៅស្ងៀម ភ្នែកសម្លឹងទៅចានពងមាន់អាំងមិនប៉ប្រិចបន្តិច។
«ខ្ញុំនឹកឃើញហើយ។ ខ្ញុំនឹកឃើញថារឿងក្តីនេះមានចំនុចអីមិនស្រួលហើយ។» គេឧទានឡើង ធ្វើឱ្យខ្ញុំភ្ញាក់។
«លោកនឹកឃើញអី?»
«គឺទូឈើនោះ! ទូឈើថ្មីដែលវុធនិងពូមុតសែងចូលក្នុងបន្ទប់មានបញ្ហា។»
វគ្គ. អាថ៌កំបាំងទូឈើ
ស្អែកឡើង ពិសិដ្ឋមកទទួលខ្ញុំទៅបន្ទប់០២២ម្តងទៀត។ មើលទៅទឹកមុខពិសិដ្ឋ ខ្ញុំមានអារម្មណ៍ថា គេហាក់ជឿជាក់លើតម្រុយដែលគេទើបគិតឃើញមុននេះនឹងអាចបំបែកករណីឃាតកៈម្មរបស់វុធបាន។
ទៅដល់មុខបន្ទប់០២២ ខ្ញុំរាងចម្លែកចិត្តបន្តិច។ ខ្ញុំឃើញពូមុតនៅទីនេះដែរ។
«ម៉េចក៏នាំពូមុតមកទីនេះដែរ ក្រែងលោកអះអាងថាគាត់មិនជាប់ពាក់ព័ន្ទរឿងនេះទេ?»
«បន្តិចទៀតអ្នកនាងដឹងហើយ។»
គេឆ្លើយយ៉ាងខ្លី រួចបែរទៅហុចស្រាពីរដបឱ្យពូមុត។
«មិនដឹងជារបៀបធ្វើការម៉ាកអីទេនេះ?» ខ្ញុំគិតក្នុងចិត្ត។
«បានតែ២ដបនេះ ក្មួយចង់ដឹងរឿងអីក៏បានដែរ។ ឱ្យតែពូដឹង ពូប្រាប់ទាំងអស់។»
ពូមុតទទួលស្រា២ដបទាំងអរសប្បាយ។ អ្ហើយ! ពិតជាមិនយល់សោះ មានមនុស្សស្រួលប្រើដល់ម្លឹងផង គ្រាន់តែបានស្រា២ដប គេឱ្យធ្វើអីក៏ព្រម។ នេះគាត់ស្រលាញ់ស្រាដល់ថ្នាក់់ហ្នឹង?
ពិសិដ្ឋនាំខ្ញុំ និងពូមុតដើរចូលក្នុងបន្ទប់។ ចូលទៅដល់ក្នុងភ្លាម ពិសិដ្ឋប្រញាប់ដើរទៅពិនិត្យទូឈើថ្មីដែល នៅជាប់ជញ្ជាំងនោះភ្លាម។ ខ្ញុំពិតជាចង់ដឹងណាស់ តើតម្រុយដែលពិសិដ្ឋ គិតឃើញជាអ្វីឱ្យប្រាកដ? គេបើកទូមើល នៅខាងក្នុងគ្មានអ្វីទាំងអស់។
«ពូជួយលើកទូនេះទៅដាក់ខាងណោះបន្តិច។» ពិសិដ្ឋនិយាយទៅពូមុត។
ពូមុតទុកស្រា២ដបរបស់គាត់កៀនជញ្ជាំងសិន រួចក៏មកជួយលើកទូឈើនោះដាក់ទៅកាច់ជ្រុងបន្ទប់។
«ចុះម្តងនេះដូចជាស្រាលម្ល៉េះ? កាលពីពូលើកជាមួយក្មួយវុធ ទូនេះធ្ងន់ណាស់។ គ្រាន់តែលើកចុះពីរទេះរុញដាក់ផ្អឹបជញ្ជាំងហ្នឹង ពូចង់បាក់ដៃ។ អ៊ីចឹងហើយបានកាលហ្នឹងពូសុំថ្លៃថែម។»
ពិសិដ្ឋសម្លឹងមុខខ្ញុំ។ ខ្ញុំកាន់តែមិនយល់ហើយថាពិសិដ្ឋកំពុងធ្វើអី។
«ធារីឆាប់ចូលមកក្នុងទូនេះ។»
គេបក់ដៃឱ្យខ្ញុំចូលទៅក្នុងទូ។ មិនដឹងថាហេតុអី ខ្ញុំស្រាប់តែធ្វើតាមគេទាំងមិនមាត់មួយម៉ាត់។ ចូលមកក្នុងទូរួច ខ្ញុំឮពិសិដ្ឋនិយាយទៅពូមុត៖
«ពូជួយលើកទូនេះទៅកន្លែងដើមវិញបន្តិច។»
ពូមុតក៏ជួយលើកទូនេះដាក់កន្លែងដើមវិញ។
«ទម្ងន់ក្មួយស្រីប៉ុណ្ណេះមិនទាន់ធ្វើឱ្យទូនេះធ្ងន់ដល់ទម្ងន់ដែលពូលើកពីមុនទេ។ ពូគិតថាប្រហែលនៅខ្វះដប់ម្ភៃគីឡូអីទៀត។»
«រឿងដែលខ្ញុំសង្ស័យពិតជាមិនខុសមែន។» ពិសិដ្ឋឧទានឡើង។
ខ្ញុំចេញពីក្នុងទូ ធ្វើមុខឆ្ងល់ គេសង្ស័យអី?
«មានរឿងអីពាក់ព័ន្ធនឹងទូនេះ?» ខ្ញុំសួរពិសិដ្ឋ។
«ពេលពូមុតនិងជនរងគ្រោះយកទូនេះមកគឺមានមនុស្សម្នាក់ពួននៅខាងក្នុងទូនេះ។ ម្នាក់នោះគឺជាឃាតកៈ។ បន្ទាប់ពីពូមុតចាកចេញទៅ វាក៏ចេញពីក្នុងទូហើយសម្លាប់ជនរងគ្រោះ។ សម្លាប់រួច វាយកជនរងគ្រោះទៅដាក់នៅចង្រ្កានបាយក្បែរធុងហ្គាស។ ឃាតកៈបានយកស្រាមកចាក់ចូលមាត់និងលើខ្លួនជនរងគ្រោះធ្វើដូចជនរងគ្រោះស្រវឹង។ វាបានរៀបចំគន្លឹះណាមួយដើម្បីឱ្យធុងហ្គាសផ្ទុះនៅពេលមួយសន្ទុះទៀត។ ពេលធុងហ្គាសផ្ទុះ គ្រប់គ្នាជឿថាវាជាឧបទ្ទវហេតុដោយសារជនរងគ្រោះស្រវឹងភ្លេចខ្លួន។»
«តែធ្វើម៉េចទើបឃាតកៈអាចចាកចេញបានដោយគ្មានដាននោះ?» ខ្ញុំសួរពិសិដ្ឋទាំងឆ្ងល់។
«គឺក្មួយប្រុសទាំង២របស់ពូមុតជាអ្នកយកឃាតកៈនោះចេញពីបន្ទប់នេះ។ វ៉ាលីចាស់ដែលក្មួយពូមុតទាំងពីរនាក់សែងទៅដាក់កន្លែងសំរាមនោះ គឺជាឃាតកៈនោះហើយ។ វារៀបចំបានល្អិតល្អន់ណាស់។ ពេលដែលគ្រោះថ្នាក់កើតឡើងវាបានទៅឆ្ងាយដោយមិនមាននរណាម្នាក់ដឹងឡើយ។»
ខ្ញុំភាំងមួយសន្ទុះ ក្រោយស្តាប់ពិសិដ្ឋបកស្រាយ។
«អ៊ីចឹងតើយើងទៅរកឃាតកៈនោះនៅឯណាទៅ?» ខ្ញុំសួរពិសិដ្ឋទាំងនៅរន្ធត់ចិត្តខ្លាំង។
«អត់ដឹងដែរ!»
ពុទ្ធោ! គេឆ្លើយមកឡើងផុយ។ ខ្ញុំបែរភ្នែកពីគេក្រឡេកទៅមើលពូមុតម្តង។ នុះ! ស្រាប់តែភ្ញាក់ព្រើត។ ចុះគាត់ទៅបានអង្គុយផឹកស្រាពីអង្កាល់អស់ជិតកន្លះដបស្រាច់។ មុននេះអាល័យតែនិយាយជាមួយពិសិដ្ឋភ្លេចចាប់អារម្មណ៍ពីគាត់។
«បើអស់ការអីហើយ ពូសុំចេញទៅមុនហើយ។ ប្រញាប់យកស្រានេះទៅផឹកជុំជាមួយក្លើម្រាក់នៅក្រោមផង។» ពូមុតក្រោកឈរ កាន់ដបស្រាជាប់ និយាយមកខ្ញុំ។
«បាទពូ! អញ្ជើញចុះ!» ពិសិដ្ឋឆ្លើយជំនួសខ្ញុំ។
«ក្មួយស្រី!»
«ចាសពូ!»
«ពូរៀបតែភ្លេចទៅហើយ។ អ៊ឺក! ក្មួយប្រុសទាំង២របស់ពូគេសុំប្រគល់របស់នេះឱ្យក្មួយស្រីវិញ។ នេះគឺនាឡិកាដែលពួកគេលួចពីបន្ទប់នេះនៅថ្ងៃនោះ។ សួមក្មួយទទួលយកវិញចុះ។»
ខ្ញុំស្ទើរគាំងស្មារតីពេលឃើញនាឡិកាដៃដែលពូមុតហុចមកឱ្យខ្ញុំ។ ដៃរបស់ខ្ញុំញ័រលូកចាប់នាឡិកាមិនជាប់។ ពិសិដ្ឋទទួលនាឡិកាពីដៃពូមុតជំនួសខ្ញុំ។ ពូមុតចាកចេញទៅ។
«ធារី! ធារីយ៉ាងម៉េចហ្នឹង? នាឡិកានេះ…?»
«នេះគឺជានាឡិកាដៃដែលខ្ញុំទិញឱ្យភារុណកាលពី២ឆ្នាំមុន។ ម៉េចក៏ថ្ងៃកើតហេតុវាមកនៅទីនេះទៅកើត?»
«ប្រហែលភារុណដែលអ្នកនាងនិយាយក៏បានចូលមកបន្ទប់នេះថ្ងៃនោះដែរ។»
«មិនអាចទេ។ ពួកយើងមើលកាមេរ៉ារួចហើយ ក្រៅពីពូមុត មិនឃើញនរណាផ្សេងទៀតឡើយ។»
«គេអាចជាម្នាក់ដែលលាក់ខ្លួនក្នុងទូ។»
«លោកចង់និយាយថាភារុណគឺជាឃាតកៈ?»
«នេះគ្រាន់តែជាការស្មានរបស់ខ្ញុំប៉ុណ្ណោះ។»
ខ្ញុំចាប់ផ្តើមគិតឡើងវិញដល់រឿងយល់សប្តិឃើញខ្មោចរបស់វុធដែលពាក់នាឡិការបស់ភារុណ។ នឹកដល់ពាក្យដែលនីកាប្រាប់ខ្ញុំថា ពួកគេទាំងពីរធ្លាប់បានឈ្លោះគ្នាតាមទូរស័ព្ទ។ ខ្ញុំគិតដល់រឿងទាំងនោះ ចិត្តរបស់ខ្ញុំហាក់ប្រែជាយល់ស្របនឹងការសង្ស័យរបស់ពិសិដ្ឋដែរ ដែលថាភារុណអាចជាឃាតកៈសម្លាប់វុធ។
ក្រោយពីចាកចេញពីបន្ទប់ ០២២ នោះវិញ ស្រាប់តែឃើញភារុណកំពុងតែរង់ចាំខ្ញុំនៅខាងក្រៅ។ ខ្ញុំមានអារម្មណ៍មិនសូវល្អសោះរាល់ពេលឃើញវត្តមានគេ ខ្ញុំរៀងស្ទាក់ស្ទើរចិត្តក្នុងការបោះជំហានទៅរកគេ ក៏ព្រោះតែមន្ទិលក្នុងចិត្តកំពុងរុកគួន តែក៏ត្រូវបង្ខំចិត្តដើរទៅរកគេដដែល។ ខ្ញុំលាពិសិដ្ឋ រួចដើរទៅរក ភារុណ។
«ចាំខ្ញុំយូរហើយហ្ហេស?» ខ្ញុំនិយាយទៅរកគេ ទាំងប្រឹងលាក់អារម្មណ៍សង្ស័យ។
«មិនជាយូរប៉ុន្មានទេ ប៉ុន្តែធារីដូចជាមកទីនេះយូរបន្តិចហើយ… មានអីហ្ហេស?»
ហ៊ឹម!! ពួកយើងទាំងពីរក៏ស្ងាត់ស្ងៀមមួយភ្លែត ក៏ព្រោះតែខ្ញុំមិនដឹងថាត្រូវឆ្លើយនឹងសំណួរភារុណបែបណា។
«អឺ..ភារុណ! នៅចាំខ្ញុំបន្តិចណា៎ ខ្ញុំរកឆ្លងផ្លូវទៅខាងនោះរកទិញភេសជ្ជៈបន្តិច។ ខ្ញុំដូចជាស្រេកទឹកណាស់។»
«ok»
មកពីមិនដឹងត្រូវនិយាយអីបន្ត ក៏ឆ្មក់ឱកាសគេចចេញមួយគ្រាសិនទៅ។ ខ្ញុំឆ្លងទៅទិញភេសជ្ជៈតែម្នាក់ឯងដោយឱ្យគេនៅរង់ចាំខ្ញុំកន្លែងដដែល។
«អ្នកមីងឱ្យទឹកត្រជាក់ខ្ញុំមួយដបមក!»
«ចាស! ក្មួយ!»
«ក្មួយស្រីមីងផ្ញើលុយអាប់នេះឱ្យក្មួយប្រុសម្នាក់ដែលមកជាមួយក្មួយស្រីផង។»
សម្តីអ្នកលក់ធ្វើឱ្យខ្ញុំភាំងសម្លឹងមុខគាត់ភ្លាមៗ។
«លុយអាប់?»
«ហ្នឹងហើយក្មួយ»
«ហេតុអី…?»
មិនទាន់និយាយចប់ស្រួលបួលផង គាត់ក៏កាត់សម្តីខ្ញុំភ្លាម។
«ក៏ព្រោះកាលពីលើកមុន ក្មួយប្រុសម្នាក់នោះមកទិញរបស់ខ្លះពីខ្ញុំ ហើយក៏មិនបានយកលុយអាប់ ដូច្នេះខ្ញុំក៏រក្សាទុកឱ្យគាត់រហូតមក។»
«គេឧស្សាហ៍មកម្តុំនេះហ្ហអ្នកមីង?»
«អត់ទេ! មីងឃើញគេតែម្តងប៉ុណ្ណោះ។ ពេលនោះ គេមកជួបជាមួយនឹងក្មួយប្រុសម្នាក់ដែលស្នាក់នៅអគារទល់មុខនេះឯង»។
សម្តីរបស់គាត់ធ្វើឱ្យចិត្តខ្ញុំកាន់តែសង្ស័យឡើង។
«គេមកជួបវុធមែនទេអ្នកមីង?»
«ខ្ញុំមិនស្គាល់ឈ្មោះក្មួយប្រុសស្នាក់នៅអគារខាងមុខនេះទេ តែគេជាអ្នកដែលបានស្លាប់ដោយសារភ្លើងឆេះកាលពីខែមុន។»
«អ្នកមីងនៅចាំទេថា ថ្ងៃដែលគាត់ (ខ្ញុំចង្អុលទៅភារុណ ) មករកទិញអីនោះប្រហែលជាថ្ងៃណាដែរ?»
«អូ! មានរឿងអីត្រូវភ្លេចកើត! គឺនៅថ្ងៃដែលមានហេតុការណ៍ភ្លើងឆេះអគារខាងមុខនេះ… ហ៊ឺម!! អនិច្ចាណាស់!»
ពាក្យសម្តីរបស់មីងអ្នកលក់បានបញ្ជាក់កាន់តែច្បាស់ថា ភារុណបានមកទីនេះនៅថ្ងៃកើតហេតុ។ ចំណែកឯនាឡិការបស់គេដែលសុខៗទៅនៅក្នុងបន្ទប់របស់វុធនោះ គឺដូចជាអ្វីដែលពិសិដ្ឋសង្ស័យ ភារុណពិតជាបានចូលក្នុងបន្ទប់នោះមែន។
«តេត! តេត!»
ភារុណស៊ីផ្លេឡាន ព្រោះចាំខ្ញុំយូរពេក។ ខ្ញុំទិញភេសជ្ជៈហើយដើរទៅរកគេធ្វើដូចគ្មានរឿងអី។ គេជូនខ្ញុំត្រលប់មកផ្ទះវិញ។ នៅតាមផ្លួវ ខ្ញុំមិននិយាយរកគេមួយម៉ាត់។ ក្នុងចិត្តនៅតែឆ្ងល់ ឆ្ងល់ ឆ្ងល់! បើភារុណ ពិតជាឃាតកៈមែន តើគេសម្លាប់វុធដើម្បអ្វី?
មកដល់ផ្ទះវិញ ខួរក្បាលខ្ញុំនៅសម្រុកគិតឥតឈប់។ ហេតុការណ៍គ្រប់យ៉ាងវាដូចជាកាន់តែមានការជាប់ពាក់ព័ន្ធនឹងភារុណហើយ។ តើរឿងនេះវាយ៉ាងម៉េចវិញ? ខ្ញុំច្របូកច្របល់អស់ហើយ!!!!
រំពេចនោះ…..
សារអនាមិកចាប់ផ្តើមបង្ហាញខ្លួនជាថ្មី។ ខ្ញុំត្រេកអរណាស់ វាប្រហែលផ្តល់តម្រុយថ្មីអីដល់ខ្ញុំទៀតហើយ។ ខ្ញុំឆែកសារអាន៖
«១២.០៦.១៩៩៥»
នេះជាថ្ងៃខែឆ្នាំកំណើតខ្ញុំទេតើ។ ខ្ញុំស្រងាកចិត្ត ម្តេចក៏ម្ចាស់សារនេះស្គាល់ថ្ងៃខែឆ្នាំកំណើតខ្ញុំ។ គេស្គាល់ខ្ញុំច្បាស់ដល់ម្លឹង? ឬមួយគេជាមិត្តភក្តិ ឬសាច់ញាតិខ្ញុំ?
ភ្លាមៗខ្ញុំក៏នឹកឆែកមើលសារទាំងអស់ម្តងទៀត។ ពេលនេះទើបខ្ញុំចាប់អារម្មណ៍ថា រាល់សារដែលគេផ្ញើមកសុទ្ធតែផ្ញើមកនៅពេលវេលាតែមួយ គឺម៉ោង8:15នាទី ហើយវាត្រូវនឹងពេលដែលហេតុការណ៍ផ្ទុះហ្គាសកើតឡើង។
«ចៃដន់ពេកទេដឹង? មិនអាចទេ! ច្បាស់ណាស់សារអនាមិកទាំងអស់នេះកំពុងប្រាប់ខ្ញុំពីតម្រុយជុំវិញករណីនេះ។»
តើអ្នកណា? អ្នកណាជាម្ចាស់សារនេះ? ម្តងនេះគេផ្ញើថ្ងៃខែឆ្នាំកំណើតខ្ញុំ តើគេចង់ប្រាប់ខ្ញុំពីអ្វីទៅ? ខ្ញុំប្រាកដក្នុងចិត្តណាស់ថាលេខទាំងនេះច្បាស់ជាតម្រុយអ្វីមួយ។ តែខ្ញុំអាចដឹងតាមរយៈអ្វីទៅ? វាគួរតែជាលេខសម្ងាត់អីម៉្យាងដែលគេចង់បង្ហាញខ្ញុំ។ មែនហើយ ប្រាកដជាលេខសម្ងាត់។
«អាចទេដែលលេខទាំងនេះជាលេខសម្ងាត់ហ្វេសប៊ុករបស់វុធ?»
ខ្ញុំប្រញាប់ឡុកអ៊ីនចូលហ្វេសប៊ុករបស់គេដោយប្រើលេខសម្ងាត់នេះ។
«មែន! វាពិតជាលេខសម្ងាត់ហ្វេសប៊ុកគេមែន!»
មានភាគបន្ត…