ជំពូក
ចិញ្ចៀនរបស់ប៉ា
ពន្លឺពណ៌លឿងស្រអាប់ស្ថិតនៅលើពិតាន ញ៉ាំងឱ្យស្រីស្អាតបើកភ្នែកឡើងយឺតៗ ក្រោយដំណេកមួយពេញបរិបូរណ៌ មិនខ្វល់ថាពេលវេលាកន្លងទៅយូរប៉ុនណា។
…ចម្លែកពេកហើយ នីយ៉ាងគិតថា លើកនេះម៉េចក៏មកហូលីដេហើយគេងដល់រកនឹកមិនឃើញថាមកលេងកន្លែងណា? ជាមួយអ្នកណា?
«យូស៊ូ!»
នាងរអ៊ូងំៗ ហើយច្រអូសរកកលនឹងធ្មេចវិញទៀតតែ….ក៏បើកភ្នែកខ្វាកមកវិញ ព្រោះស្រីស្រស់នឹកឃើញសន្សឹមៗ…មិនមែននៅក្នុងគុក ក៏មិនមែនជាខ្មោចទឹក បែរជានៅក្នុងភួយដ៏មានភាពកក់ក្ដៅ។
ងាកខ្លួនទៅទោះបីនៅឈឺស្នាមរបួសខ្លះ ប៉ុន្តែមានអារម្មណ៍ថាកក់ក្តៅដល់ហើយ។ កាលបើបើកភ្នែកភ្លាមឃើញមុនគេ គឺអំពូលភ្លើងក្រហមទុំចោមព័ទ្ធដោយស៊ុមដែលធ្វើអំពីផ្ដៅ។ ទិដ្ឋភាពនាខាងបង្អួចសុទ្ធតែជាបែបផែនស្រុកស្រែព្រៃភ្នំគួរឱ្យស្រឡាញ់ណាស់ ប៉ុន្តែអស់សង្ឃឹមបំផុតត្រង់ឮសំឡេង …..រលកសមុទ្រ។ ឮសូររលកបោក នាងក៏ចងចាំដល់ពាក្យនេះឡើងវិញ «រត់ទៅប្អូនប៉ូលិស!» មនុស្សដែលនាងស្អប់ នៅកត់ចំណាំសូម្បីសំឡេងគេច្បាស់ណាស់ គេបានឌឺឱ្យនាងរត់ចោលសង្សារ ក្រោយមកនាងបានលោតទៅក្នុងផ្ទៃជលសាដើម្បីរារាំងគេកុំឱ្យយកជីវិតយូស៊ូ។
ដោយតក់ស្លុត…នីយ៉ាស្ទុះក្រោកអង្គុយឡើងមកយ៉ាងរហ័សប្រុងអង្គុយនិងឈានចុះ ប៉ុន្តែត្រូវរុលខ្លួនត្រលប់ចុះក្នុងភួយវិញ ខណៈពេលដែលចាប់អារម្មណ៍ថារាងកាយរបស់ខ្លួនគ្មានខោអាវនោះទេ។
វ៉ាស!
តរុណីស្រែកតក់ស្លុតរួចលើកដៃមកខ្ទប់មាត់ផង ស្រវាស្រទេញទាញភួយសក្បុសមកឱបជុំវិញខ្លួនជិតត្រឹមក។
ដោយមិនដឹងចម្លើយថាអ្វីជាអ្វី នាងបិទភ្នែកទាំងសងខាងចង់យំបន្តិចស្រែកបន្តិចប៉ុន្តែគ្មានទឹកភ្នែកនោះទេ។
«មានរឿងអីកើតឡើង? អ្នកណាដោះខោអាវយើងទៅ? យើងត្រូវគេធ្វើអីខ្លះហើយ?»
មនុស្សចង្រៃណាដែលជាអ្នកធ្វើរឿងទុរយសនេះមកលើយើង យើងទៅសួរអ្នកណា។ នាងវង្វេងវង្វាន់ ព្យាយាមបិទភ្នែកព្រោះដាក់សំណួរចោទច្រើនចង់ឈឺក្បាលវិលមុខស្លឺ។ ខណៈពេលដែលកំពុងផ្ចង់អារម្មណ៍វិលវល់ ស្នូរទ្វាររបើកចូលមកគ្រឹបធ្វើឱ្យស្រីស្នេហ៍ភ្ញាក់ក្រញាង លើកភួយគ្របមកដល់ច្រមុះសល់តែកែវភ្នែកក្រឡង់ពីរសម្លឹងទៅទ្វារ។
ធូរចិត្តវិញបន្តិច ជាមនុស្សស្រី!
មីងម្នាក់នេះមានវ័យមិនក្រោម៥០ឆ្នាំទេ គាត់មានរាងទាប មានសាច់និងទឹកមុខញញឹមប្រិមប្រិយ។ សក់គាត់ត្រូវបានបិទបាំងក្នុងកន្សែងចងចំណែកការស្លៀកពាក់ដូចជា របៀបជាខ្មែរឥស្លាម។
ស្ត្រីហាក់ខំញញឹមកុំឱ្យនាងភ័យ ។
«មីង កន្លែងនេះ….ភូមិអ្នកនេសាទមែនទេ? ពួកគេជួយស្រង់ខ្ញុំមក?»
គាត់ញញឹមសម្លឹងជុំវិញបន្ទប់ហើយងាកមកនិយាយរដឺន៖
«គ្មានភូមិនេសាទសមុទ្រណាមានបន្ទប់ស្អាតយ៉ាងនេះទេក្មួយស្រី!»
នាងនៅតែអើតកធ្វើភ្នែកក្រឡង់ៗ ខណៈគាត់ហុចស្បោងមកឱ្យមួយ…
«ទៅឆ្ងាយណាស់ទម្រាំរកបានខោអាវនេះបានមក!»
នាងឃើញថង់សម្លៀកបំពាក់ហុចមកតែមិនទាន់លូកដៃយក។
«ឯណាខោអាវខ្ញុំ? មីង…..ដោះ….វាចេញ….មែនទេ? កន្សែងលើខ្លួនខ្ញុំនេះរបស់អ្នកណា?»
គាត់សម្លឹងសម្រស់ដ៏គួរឱ្យសរសើរលើប្រាណនារីតូច។ ទឹកមុខគាត់បញ្ជាក់ស្រេចហើយថា គាត់មិនចង់ឆ្លើយនឹងនាងច្រើនទេ។
«ខ្ញុំចេញសិនឱ្យក្មួយស្លៀកពាក់ ប្រហែលជាឃ្លានខ្លាំងហើយ ម្ហូបបាយនៅលើតុ!»
«កុំអាល ខ្ញុំអត់ឱ្យមីងទៅណាទេ!»
«មានន័យថាម៉េច» គាត់ងាកមកវិញស្លេកៗព្រោះមានចិត្តចង់គេចៗ។
«ខ្ញុំសុំព័ត៌មានមីង! កុំឆ្លើយខ្លីៗ» នាងបង្គាប់ដោយទឹកមុខប្រញិបប្រញាប់។
«ពត័…ព័ត៌មានអី?»
«កុំនិយាយខ្លីៗអត់មានក្បាលកន្ទុយ ណា៎មីងណា៎ មីងនិយាយទាំងអស់តាំងពីដើមមកចប់ ដល់ពេលដែលខ្ញុំឃើញខ្លួនឯងក្រោកមកស្លៀកកន្សែងអ៊ីចឹង តើខ្ញុំមានរឿងអី? អ្នកណាយកខ្ញុំមកណឹង?»
«ចា៎ គឺលោកឥន្ត្រាបញ្ជាឱ្យខ្ញុំប្តូររ៉ូបរហែករបស់ក្មួយស្រីចេញ!»
នាងធ្វើមុខស្លឺ មាត់បើកធំចង់សែ្រកអ្ហះ? តែស្រែកមិនចេញបានត្រឹមស្កុប។ ពាក្យដែលនាងកំពុងរងការវាយប្រហារគឺ ពាក្យរ៉ូបរហែក និងលោក…ឥន្ត្រា។
និយាយឈ្មោះនេះ នីយ៉ាសម្គាល់បានថា គាត់លែងញញឹមធ្វើមុខភ័យ។
«ខ្ញុំថាក្មួយស្លៀកពាក់សិនទៅនឹងបានហូបបាយ!»
«អ្នកណាគេ….លោក….ឥន្ត្រា ឥន្ទរៈហ្នឹង?»
មីងនេះ ដូចចង់តែគេចៗដើរចេញ។ នាងប្រុងចុះតាម តែកម្រើកខ្លួនបានបន្តិចក៏មានមានអារម្មណ៍ថា ឈឺចង្កេះនិងកញ្ចុំក្បាលក្រោយ។ នាងមិនដឹងទេថា បុរសនោះបានទាញភ្នួងសក់នាងទើបអាចអូសយកស្រីស្អាតបញ្ច្រាសទឹកឡើងមកបាន។
«មីងអ្ហា៎ មីង!»
នាងហៅហើយឱបពោះដែលកូរធ្វើទុក្ខ។ ស្ត្រីដែលបម្រុងចាកចេញងាកមុខញញឹមផ្ដាំ៖
«ខ្ញុំដាក់ម្ហូបអាហារផ្លែឈើនៅលើតុ ក្មួយស្លៀកពាក់ហើយឆាប់ញ៉ាំទៅ! ចង់បានអីទៀតខ្ញុំនៅក្បែរៗនេះទេ»
គាត់ថយភ្លាមៗ ហើយបិទទ្វារបន្ទប់ទៀត។
នីយ៉ាងសម្លឹងពោះខ្លួនឯងដែលស្រែកឈឺចាប់ខ្វះអាហារ។
ប៉ុន្មានថ្ងៃហើយដែលយើងក្លាយជាខ្មោចអត់បាយ?
សំឡេងមនុស្សជួរជាតិដែលនាងស្អប់ បានលាន់ឮមកវិញក្នុងការចងចាំ។ ពាក្យគម្រាមគ្រោតគ្រាតមួយដែលជីវិតនេះនីយ៉ាសន្យាថា មិនអាចភ្លេចនោះ គឺពាក្យថា រត់មិនរួចលើកទីមួយ នឹងត្រូវ បង្អត់បាយបីថ្ងៃបីយប់ រត់មិនរួចលើកទីពីរនឹងត្រូវព្យួរជើងឡើងលើ។
នាងសើចស្រស់….
រួចខ្លួនហើយដឹង? មិនត្រូវបានមនុស្សកំណាចចាប់បានជាលើកទីពីរនោះទេ បើសិនគេចាប់នាងបានមែនប្រាកដណាស់ មិនមែនអត់បាយប៉ុននោះទេ គឺត្រូវព្យួរជើងឡើងលើ។
ធូរទ្រូងវិញបន្តិច។
នាងស្លៀកខោអាវពណ៌ខៀវទឹកសមុទ្រ ជាឈុតរលោងសម្រាប់គេងប្រភេទខោវែងនិងអាវដៃវែងដែរ។ ពីក្នុងកញ្ចក់ នីយ៉ាឃើញរូបរាងនាងដែលស្អាតមួយបែបដូចជាទេពអប្សរនៅក្នុងស្រោមជនសាមញ្ញ ជាមួយនឹងសរសៃសក់វែងអន្លាយដែលស្ងួតច្រឺង ចិត្តស្រីសម្លឹងខ្លួនឯងក្តីងឿងឆ្ងល់។
បានអ្នកសម្ងួតសក់ឱ្យខ្ញុំទៀត?
«គាត់ឱ្យខ្ញុំងូតទឹកឱ្យក្មួយ!»
ស្ត្រីនោះវិលមកវិញជាមួយកំសៀវដាំទឹកខ្សែភ្លើងមួយនិងកែវមួយ។ នីយ៉ាតាមសម្លឹងគាត់ធ្មាំងៗ នាងគ្មានពាក្យស្រដី តែចិត្តកំពុងរកពុទ្ធោ ថានាងដេកដូចស្លាប់ឬអី បានជាមានមនុស្សចម្លែកងូតទឹកឱ្យទៀត?
«ងូតទឹកឱ្យខ្ញុំ?»
នាងនិយាយខ្សាវៗ ភ្នែកក្រឡង់ៗ។ ស្ត្រីនោះសើចស្លូតបូត ក្រោយរៀបចំតុបាយឱ្យនាងស្រួលបួលនិងដោតដាំទឹកក្តៅ។
«ក្មួយលង់ទឹក ក្មួយលង់ទឹកសន្លប់ឈឹង! ខ្លួន ក្បាលមានជាប់តាំងពីសារាយសមុទ្រ រហូតដល់កម្ទេចខ្សាច់»
«អ្នកណានាំខ្ញុំមកកន្លែងនេះ? ប្រាប់ខ្ញុំឱ្យអស់មកមីង កុំឆ្លើយខ្លីៗ ខ្ញុំសុំអង្វរណា៎!»
«ពិសាទៅក្មួយ! ខ្ញុំមិនអាចនិយាយបានលើសហ្នឹងទេ!»
ដឹងតែគាត់រកផ្លូវទៀតហើយ នាងរត់លឿនជាងនិងពាំងផ្លូវគាត់៖
«ខ្ញុំសូមសួរមួយមីង! ភូមិនេះជាកន្លែងអី? មីង! មីងស្គាល់ផ្លូវរត់ទេ? មានកន្លែងណា ខ្ញុំអាចឡើងឡានទៅភ្នំពេញវិញបាន? ឡើងទូកក៏បានណាមីង!»
គាត់ធ្វើមុខឆ្លេឆ្លា។
ទោះគាត់ខំងាកគេចមិនសម្លឹងនាង តែអ្វីមួយក្នុងកិរិយារបស់គាត់បង្ហាញ នីយ៉ាថានាងប្រហែលជាស្ថិតនៅក្នុងកណ្ដាប់ដៃអ្នកណាម្នាក់ដែលមានអំណាច។
មនុស្សស្រីវ័យចំណាស់ម្នាក់នេះ គ្រាន់តែជាជនតូចតាចម្នាក់ គេចាត់មកឱ្យចាំមើលថែទាំនាង។ អាចនិយាយពាក្យអាក្រក់ស្ដាប់មួយ គឺឃ្លាំមើលនាងមិនឱ្យរត់តែប៉ុននោះ គាត់មានរឿងអីព្រមធ្វើតាមពាក្យស្នើរបស់នាង?
«ច្បាស់ណាស់ យើងស្ថិតក្នុងដៃពួកនោះ! ចុះយូស៊ូ?»
ងាកមកពិនិត្យជុំវិញខ្លួន ទោះណាជាកន្លែងថ្មីនេះឃើញគ្រាន់បើបន្តិច មិនដូចគុកកម្មកាលពីដំបូង យ៉ាងហោចណាស់មានគ្រែមួយសម្រាប់សំចត ប៉ុន្តែទោះបីជាទ្រុងនេះជាមាសសុទ្ធ ក៏គ្មានសត្វស្លាបណាចង់នៅដែរ។
ជាមួយការគិតរំពឹងរហ័សរហួន នាងលើកម្រាមដៃរបស់ខ្លួនឡើងមកក៏ប្រទះឃើញចិញ្ចៀន។ ស្រីដកចេញមកដោយមិនបង្អង់ហើយហុចទៅនឹងមុខគាត់៖
«មីង! របស់នេះជាកេរពីឪពុកខ្ញុំ! មីងយកទៅ ហើយជួយខ្ញុំ ឱ្យបានរត់ចេញផង!»
ស្ត្រីក្រឡេកមើលចិញ្ចៀនហើយងាកមុខចេញភ្លាម។ នេះក៏មិនអាចទាយបានដែរថា គាត់ខ្លាចឬមិនចង់បានទេ ប៉ុន្តែអ្វីមួយនេះ នីយ៉ាគ្មានភាពឈ្លាសវៃខ្លាំងក៏អាចមើលឃើញថា សភាពការណ៍ខាងក្រៅប្រហែលជាពិបាកធ្វើ ឬពិបាករត់ អាចថាគ្រោះថ្នាក់និងការប្រថុយអាចមានទំហំធំជាងតម្លៃរបស់នេះ។
ទោះយ៉ាងណាក្តី បេះដូងនាងមិនដែលអស់សង្ឃឹមទេ។ ក្រៅពីមិនទទួលលាភសក្ការៈ នាងនៅមានផ្លូវផ្សេង។ កែវគិតថា គួរតែធ្វើឱ្យបេះដូងមនុស្សស្រីម្នាក់នេះទោរទន់ក្នុងនាមជាម្តាយម្នាក់….
«មីង បើសិនជាមីងឃើញកូនស្រីខ្លួនឯងត្រូវគេចាប់មកឆ្ងាយ តើមីងបារម្ភទេ? មីងឃើញខ្ញុំអ៊ីចឹង? ខ្ញុំចង់ទៅផ្ទះវិញណាមីង! មីងជួយខ្ញុំដែរទេ? ខ្ញុំអត់មានម្តាយទេ! ម្តាយខ្ញុំស្លាប់បាត់យូរហើយ តាំងពីខ្ញុំនៅតូចណាមីង! ប៉ុន្តែខ្ញុំមានបងៗខ្ញុំ ប្រាកដជាព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្អូន!»
«បើ….ក្មួយ….ចង់ឱ្យខ្ញុំស្លាប់ ….!»
គាត់និយាយញ័រដៃ។
«ស្លាប់?»
នាងស្លឺ។
ពាក្យនេះនិយាយស្រួលម្ល៉េះ? អ្នកណាក៏សាហាវ….ហួស? ធ្វើមើលតែប្រទេសគ្មានច្បាប់?
«បងខ្ញុំជាប៉ូលិសណា៎មីង គាត់នឹងជួយ….!»
«ហៅបងប៉ូលិសរបស់ខ្លួន មកនាំខ្លួនចេញទៅឱ្យបានសិន ចាំអួត!»
ស្ត្រីភ្ញាក់ព្រើតងាកទៅទ្វារ ឯនាងវិញរបូតចិញ្ចៀនតុកតាក់ទៅលើក្តារបិទឈើរលោង។ នីយ៉ាចំហមាត់ដែលត្រូវមកប្រឈមនឹងម្ចាស់សំឡេងម្នាក់នេះ សំឡេងគេពិតជាគួរឱ្យ….គ្រឺត តែមិនដែលចង់ឮបន្ថែមឡើយ។
គេបង្ហាញខ្លួនជាមួយពុកមាត់រឹមៗ។
«យើងដេកយូរប៉ុនណាហើយ? មនុស្សចង្រៃនេះចាស់ខ្លាំងជាងថ្ងៃមុនទៅហើយនៀក?»
មីងឱនត្រុនៗចាកចេញ ខណៈប្រុសខ្ពស់លលៃក្រពាត់ដៃនៅមាត់ទ្វារបន្ទប់ឈើកោងកាង។
ស្រីក្របួចមាត់ភ្លេចអស់រឿងក្រពះទាមទារ។ ដោយសារមិនសប្បាយចិត្តដែលចុងក្រោយធ្លាក់ដដែលក្នុងដៃបុគ្គលនេះ នីយ៉ាថែមទាំងចន្លោះប្រហោងមិនបានសម្គាល់សង្កេតសោះថា ជននេះកំពុងធ្វើភ្នែកស្រទន់កម្រិតណាពេលឃើញមាត់បូញចុះឡើងរបស់នាង។ ស្នាមថើបនៅក្រោមទឹកទេដឹង ជាហេតុដែលគេត្រូវដេកមិនលក់ដុះពុកមាត់ស្កះ ត្រឹមពេលមួយយប់?
នាងឱនមករើសចិញ្ចៀនស្របពេលគ្នាជាមួយគេ។ ព្រោះដៃនិងម្រាមគេដែលវែងជាងលូកមកដល់បានមុន ហើយគ្រប់ពីលើអលង្ការកេរ។
ច្រមុះសឹងប៉ះគ្នាទៅហើយ នាងថយក្រោយសឹងទប់ជំហមិនទាន់។ ជាមួយស្មាប្រុសញាក់តិចៗរបៀបមានទំនុកចិត្តខ្ពស់ គេលើកចិញ្ចៀនឡើងមកមើលធ្វើហី រួចហើយក៏ឈរត្រង់ខ្លួនខ្ពស់លលៃ ទុកឱ្យនាងនៅអង្គុយសៅហ្មងលើក្តារម្នាក់ឯង។
«ឱ្យមកវិញឱ្យឆាប់!»
នាងនិយាយពាក្យទ្រគោះស្របនឹងចិត្តស្អប់ និងទើសៗចំពោះជននេះ។ កន្ទុយភ្នែកគេរេមកនាង។ បបូរមាត់គេមិនញញឹម តែពន្លឺភ្នែកគេនេះចេះញញឹម តែញញឹមគួរឱ្យស្អប់។ ស្រីចំណាប់ខ្មាំងក្រោកមកមិនទាន់ប្រុងប្រៀបរៀបចំគ្រប់គ្រាន់នឹងដណ្តើមយករបស់ខ្លួនមកវិញផង ស្រាប់តែគេក្តាប់វាហើយបែរដើរចេញទៅក្រៅ លើកល្វែងហត្ថាបោះគ្រវាត់ប្រាវសំដៅទៅឆ្នេរ។
ស្រីស្ទុះតាមចេញពីក្រោយខ្នង សម្លឹងទៅឆ្នេរដែលស្រអាប់ព្រោះស្រទាប់សន្សើមត្រជាក់ លាយឡំនឹងរលឹមល្អិតៗ។
នាងហាមាត់សម្លឹងវាលធំធេងនិងផ្ទៃទឹកប្រផេះ។ «មនុស្សចង្រៃនេះ បានបំផ្លាញចោលសូម្បីកាដូចុងក្រោយជាអនុស្សាររបស់ប៉ាយើង?»
នាងស្រែកវ៉ាសរត់តក់ក្រហល់ទៅរុករក។ នាងរត់ពីស្តាំទៅឆ្វេង ពីឆ្វេងទៅស្តាំហើយចុះទឹកឡើងមកលើវិញ។ ដូចជាពាក្យចាស់លោកពោលថា «រាវរកម្ជុលក្នុងបាតសមុទ្រ» មានតែរកដល់សក់ស្កូវ។
ហត់ណាស់…កល្យាណអង្គុយសំកុកចុះផ្ទាល់លើឆ្នេរខ្សាច់ ឱបដៃយំ។ ទីបំផុតទៅ មនុស្សស្រីពិតជាចម្លែកច្រើនចំណុចណាស់សម្រាប់ឥន្ត្រា។
«ក្រែងមិញ ដូចជាចង់ឱ្យគេនាំរត់ ឥឡូវមកអង្គុយយំ?»
គេសួរក្នុងសំឡេងទម្លាក់ស្រាលៗតែត្រជាក់ស្មើអាកាសធាតុ។ នារីយើងជូតទឹកភ្នែកភ្លាម ព្រោះថា ការយំនៅចំពោះមុខមនុស្សម្នាក់នេះ នាងមានអារម្មណ៍រឹតតែឈឺចាប់ទ្វេ។ ជាមួយកែវភ្នែកក្រហមៗ ស្រីស្អាតញីភ្នែកញាប់ៗ រួចច្រត់ដៃក្រោកឡើងពីឆ្នេរខ្សាច់ ភ្នែករំពៃរករបស់បន្តដោយមិនរវល់ជ្រលក់និយាយរក មនុស្សដែលនាងតាំងចិត្ត«ស្អប់ពេញមួយជីវិតនេះ»។
«អ្ហះ? ប្អូនប៉ូលិស? ក្រែងចង់រត់? ឥឡូវនៅវាលហើយ អត់ជាប់ច្រវាក់ផង រត់ទៅប្អូនប៉ូលិស?»
ការអត់ទ្រាំរបស់នីយ៉ាមិនដែលបានយូរទេ។
នាងងាកមកទៀតហើយខាំមាត់តបតបវាចា៖
«មនុស្សចង្រៃ! កុំមកឱ្យខ្ញុំឃើញមុខណ៎ា!»
គេហាមាត់ដូចសើចស្ងួត តាមសម្លឹងនាងដែលកំពុងបែរខ្លួនត្រុនៗឱបពោះ បន្តដំណើរក្រោយដៀលគេរួច។ នាងដើរទិសដៅផ្សេង ប្របមាត់ឆ្នេរដោយជើងទទេ។
ទិដ្ឋភាពនេះ ល្អមើលគួរសម ដែលប្អូនស្រីនៃប៉ូលីសល្បីមកធ្លាក់ក្នុងសភាពបែបនេះ នាងដើរម្ដងចុះក្នុងទឹកម្តងឡើងលើខ្សាច់ ។ មុននេះគិតចង់ស្រែកសម្លុតតបតកំហឹងទល់កំហល់ជាមួយនាយ ប៉ុន្តែសំឡេងនាងមិនអាចឮមាំឬច្បាស់បាន ដោយសារសុខភាពនាងខ្សោយចុះតាមសន្ទុះកម្លាំងចិត្តកំពុងធ្លាក់ខ្សោយដូចគ្នា។
ម៉្យាងនីយ៉ាធ្លាប់គិតកាលនៅក្នុងបន្ទប់ថា បើសិនជានាងឱ្យចិញ្ចៀនទៅអ្នកស្រុកហើយរកផ្លូវរត់រំដោះទៅភ្នំពេញបានមែន ថ្ងៃណាមួយនាងក៏អាចត្រលប់មកសុំដូរយករបស់វិញ តែពេលនេះ សង្ឃឹមឯណា? ត្រូវមនុស្សនេះ ប្រមូលបោះចោលទៅក្នុងលំហសមុទ្រ?
នាងឈឺចិត្តណែនទ្រូង ដែលហេតុផលមួយម៉ាត់ក៏មិនមាត់ ជនពាលលើកដៃក្តោបវត្ថុសំណព្វចិត្តគ្រវែងដូចសម្រាម តែនាងមិនមានឱកាសសូម្បីនឹងទះកំផ្លៀងគេ។
មនុស្សដុំទឹកកកម្នាក់នេះ ប្រហែលគ្មានគ្រួសារ មិនដែលមានប្អូនស្រី មិនដែលមានឪពុកម្តាយប្រដៅ មិនដែលស្គាល់បាបបុណ្យគុណទោស ឬចេះស្រឡាញ់ មានបេះដូងលើរបស់ទ្រព្យអីម្យ៉ាងនឹងគេទេឬក៏យ៉ាងម៉េចទេ បានជាគេកើតមកសម្រាប់បំផ្លាញនាង។
«លោកឯងលើករបស់ដ៏ស្អាតមួយ គប់ចោលទៅក្នុងសមុទ្រទាំងមិនព្រេចភ្នែក! បិសាច អារក្សក៏មិនសាហាវអ៊ីចឹងផង! លោកឯងគង់តែត្រូវសងទេ! សងធ្ងន់ទៀតផង បិសាចទឹក»
នាងរអ៊ូផងខឹងផង ដែលធ្វើអីគេមិនបានតាមចិត្តខឹង ដៃកូនពៅអ្នកស្ទឹងត្រែងលើកជូតទឹកភ្នែកច្រវាត់ ខណៈវាជ្រៀតធ្លាក់ស្រក់ចុះមកមិនចេះស្ងួត មិនខ្វល់ថានៅពីក្រោយខ្នង អ្នកណាតាមពិនិត្យតាមសម្លឹងនាងឡើយ។
នៅឯណេះ ម្រាមដៃបុរសមុខស្មើ រអិលចុះឡើងនៅក្នុងវង់ចិញ្ចៀនដែលតាមការពិត គេនៅក្ដាប់ជាប់ក្នុងប្រអប់ដៃ។ គេគ្រាន់តែបញ្ឆោតប៉ុណ្ណឹង នាងរុករករហែកសមុទ្រនេះទៀត ក៏រកម៉េចនឹងឃើញទៅ?
«ស្រីល្ងង់?»
គេរអ៊ូតិចៗដោយដើរតាមពីក្រោយនីយ៉ា។ ក្នុងចិត្តឥន្ត្រា ស្រីម្នាក់នេះល្ងង់ខ្លៅពេកណាស់ សូម្បីតែពេលគេជឿថា យូស៊ូមករកនាងដើម្បីរំដោះនាង? សូម្បីតែហ៊ានលោតចុះទៅក្នុងទឹក ព្រោះខ្លាចយូស៊ូស្លាប់ឬពិការ? សូម្បីតែពេលឱ្យចិញ្ចៀនខ្លួនឯងទៅគេគិតថាគេនឹងនាំរត់? ឥឡូវនេះជឿថាចិញ្ចៀនបាត់ទៅក្នុងទឹកដោយគ្រាន់តែពឹងលើកាយវិការបោះដៃម្តង?
«ប្អូនប៉ូលិស មេឃភ្លៀង ប្រយ័ត្នរន្ទះ!»
«Save ពាក្យហ្នឹងទុកប្រើខ្លួនឯងទៅ រន្ទះបាញ់ក៏រើសមនុស្សសមនឹងបាញ់ដែរ»
តបហើយ នីយ៉ាជូតទឹកភ្នែកទាំងខឹងចិត្តបន្តដើរទៀតលឿនជាងមុន។
សភាពពិត បើនាងមានកម្លាំងជាងនេះ ឥតចំណងដូច្នេះ ច្បាស់ជាបែរត្រលប់ក្រោយរត់បុកបំប៉ោងមនុស្សជាសត្រូវម្នាក់នេះ ឱ្យដឹងម្ខាងៗ។ តែពេលនេះ នាងនៅលើខ្សែបណ្ដោយឆ្នេរ សម្លឹងមើលមិនឃើញកោះ មិនឃើញភូមិករ មិនស្គាល់ផ្លូវ ឃើញតែលំហមេឃល្វឹងល្វើយ។ ឯនាយសមុទ្រសែនឆ្ងាយអនេក ងាកក្រោយមានតែកូនផ្ទះតឿតូច មានវត្តមានមនុស្សគួរឱ្យស្អប់ នាងមិនដឹងថា ត្រូវទៅតាមណា ឬត្រូវប្រថុយចូលព្រៃពីក្រោយផ្ទះនោះ ទើបអាចសង្ឃឹមបានទៅដល់ភូមិអ្នកស្រុក?
«នែ៎ បើថាមិនរត់ទេ អស់ពេលហើយ ត្រលប់ចូលវិញ! ភ្លៀងឥឡូវហើយឃើញទេ?»
សំឡេងរបស់គេធ្វើឱ្យស្រីរឹតតែបង្ខំចិត្តដើរបន្តទាំងអស់ខ្យល់។ ទៅមុខទាំងជើងអស់កម្លាំងល្វើយឡើងៗ ដកដង្ហើមហត់ឡើងៗ។
«ប្អូនប៉ូលិស! ត្រលប់មកវិញ!»
ឮពាក្យប្អូនប៉ូលិសកាលណា ចិត្តនេះរឹតឆាបក្តៅ។ នីយ៉ាពិតជាកើតទោសៈចង់បែរបន់យ៉ាងឱ្យបងប្រុសបានមកប្រាកដកាយភ្លាមៗនឹងអាលបញ្ជោះឱ្យប្រដៅមនុស្សក្រៅច្បាប់ម្នាក់នេះចេញ មុនពេលដែលនាងមានកម្លាំងគ្រប់គ្រាន់នឹងដាល់មុខរបស់គេ និងស្នាមញញឹមឌឺក្នុងពន្លឺភ្នែកគេ។ ប៉ុន្តែក៏បានត្រឹមមួយជំហានទៀតប៉ុននោះ នាងវិលមុខស្លុប ទន់ជើងដួលទ្រេតមកលើកម្រាលខ្សាច់។
«យើងមិនសន្លប់ទេ ក្រោកឡើង!»
នីយ៉ាប្រាប់ខ្លួនឯង។ នាងមិនបានបាត់ស្មារតីពិតមែន ប៉ុន្តែត្រចៀកហ៊ឹងខ្លាំងណាស់។ ភ្លៀងធ្លាក់កាន់តែរីកគ្រាប់ ជាទម្លាប់នៃតំបន់សមុទ្រដែលរលឹមហើយតែងតែមានភ្លៀងធំតាមមកពីក្រោយក្នុងពេលមិនយូរ។
«ជេន!»
នាងយំហៅបងប្រុសតិចៗក្នុងចិត្ត។
បាតដៃ ធំពីររបស់អ្នកណាម្នាក់លូកមកត្រកងប្រាណស្រីឡើងផុតដី។ ក្លិនម្យ៉ាងនាងស្គាល់ ដូចជាពីពេលណា នឹកមិនឃើញ? យើងធ្លាប់នៅក្បែរជនពាលនេះពីពេលណាមក ក៏ចំណាំក្លិនគេ? នាងមិនដឹងទេនោះជាអនុស្សារសល់ពីក្រោមទឹក ពេលគេនិងនាងស្ថិតក្នុងរង្វង់ដៃសម្រាប់គ្នាទៅវិញទៅមក។
ពេលនេះព្រិលភ្នែកតែនីយ៉ាខំសម្លឹងពិនិត្យ។ ប្រអប់ដៃពិតជាមិនកំណាច ទន់ភ្លន់ ហាក់ចូលមកសង្គ្រោះ តែពេលមើលច្បាស់ ក៏ឃើញកែវភ្នែកច្រមុះមាត់ ពិតជាបិសាចទឹកកកដែលនាងមិនចង់ជួប។
លើជំហាននីមួយៗ ដែលគេបីនាងដើរទៅ ដាក់ជើងធ្ងន់ៗលើឆ្នេរខ្សាច់ មនុស្សនេះមានកម្លាំងដូចជាសត្វដំរី។ ពេលនាងបើកភ្នែកពិនិត្យ គេក៏មិនខ្ចីសម្លឹងមុខនាង ធ្វើឱ្យស្រីមើលឃើញច្រមុះស្រួច ពុកមាត់រឹមៗ និងបបូរមាត់ ដែលហាម្ដងណាពិតជាគួរឱ្យចង់ទះ។
ដ្បិតតែជើងទាំងគូអស់កម្លាំង ប៉ុន្តែដៃទាំងពីរនៅប្រើបាន។ ស្រីប្រញាប់ប្រើកែងបុកគេផង ទះតប់ បោចបាចទ្រូងគេ ក្តិចមួលគេខ្ទេចខ្ទីសាច់រហូតទាល់តែខាងប្រុសអត់ទ្រាំលែង បានស្រែកគំហក៖
«នៅឱ្យស្ងៀម!»
តាមថាគេចង់ទម្លាក់នាងភឹងទៅលើដីវិញឱ្យដូចកាលដែលគេបោះនាងទម្លាក់ទៅក្នុងឃ្លុបឡាន ព្រោះស្អប់ពួកមនុស្សចេះល្បិចបោកស្នេហ៍ យកសម្រស់ជាថ្នូរទាក់ប្រុសៗ មានសន្តានចិត្តមិនស្មោះត្រង់ យកស្នេហាមកធ្វើជាល្បែងប៉ុន្តែពេលនេះ ទើបតែប៉ុន្មានម៉ោងប៉ុននោះ គេមិនដាច់ចិត្ត សូម្បីតែដាក់នាងចុះ ត្រលប់ទៅកើយផ្ទាល់នឹងធរណីវិញផង កុំថាឡើយដល់ទម្លាក់ចោលដូចជាសត្វ។
ពាក្យគំរាមរបស់គេបានក្លាយទៅជាសកម្មភាពព្រមានលើកដំបូងនៅក្នុងជីវិតរបស់បុរសនេះដែល«និយាយហើយមិនធ្វើ!» ។
ទោះយ៉ាងណា នាងអាក់បន្តិចមែនតែវិលមកក្ដិចខ្ញាំ ប្រាថ្នាមិនឱ្យខាងប្រុសប៉ះសាច់ឬគ្រប់គ្រងលើរាងកាយទន់ខ្សោយនេះបានឡើយ។
ដោយអស់កម្លាំងពេកចុងបញ្ចប់នាងប្រុងហាមាត់មកខាំត្របាក់ដៃគេ ដល់គេបើកភ្នែកក្រឡោតឱនមកសម្លុត៖
«ចង់ឱ្យអាយូស៊ូស្លាប់អត់?»
ប្រសិទ្ធភាពមែន។ ទើបតែក្រោកមកវិញនេះ នាងសឹងភ្លេចសង្សារឱ្យឈឹង។
អាល័យតែគិតពីប្រធានបទដំបូងគឺការរត់គេច បន្ទាប់មកប្រធានបទទីពីរគឺរឿងចិញ្ចៀន ចុងក្រោយគឺធ្វើយ៉ាងណាវាយបុរសនេះឱ្យមានស្នាមពេញខ្លួនតាមដែលយើងអាចធ្វើទៅបាន ប៉ុន្តែឥឡូវនេះ ពាក្យ«យូស៊ូ» កំពុងទាញបេះដូងទាំងមូលឱ្យវិលត្រលប់មករកសភាពចុះចាញ់ទន់ខ្សោយ។
«គេនៅឯណា?»
នាងសួរខ្លួនឯងទាំងម្រាមនៅគាំងលើកំភួនដៃប្រុស។
«ធ្វើអីគេហើយ?» នាងសួរញ័រៗសម្លឹងមុខគេទាំងកម្សត់រង់ចាំចម្លើយ។ ឃើញហើយ ប្រុសមិនមាត់គិតពី បន្តដើរមាំៗវិលត្រលប់តម្រង់ទៅកាន់ទ្រនំចាស់។
ស្រីស្អាតបម្រុងនឹងក្ដិចមួលកំភួនដៃគេទៀត គេក៏ឈប់ង៉ក់ហើយខាំមាត់សម្លឹងនាង។
«មិនទាន់ស្លាប់ទេ!»
នាងភាំងៗ ព្រោះស្រមៃពីរូបរាងត្រូវរបួសរបស់សង្សារ។ «ម្នាក់រស់ម្នាក់ស្លាប់» នាងចាំបានសម្តីបុរសនេះនិយាយកាលពីមិនទាន់ធ្លាក់ទឹក ពេលនេះនាងមានទាន់ស្លាប់ឯង គេក៏ទុកយូស៊ូឱ្យនៅរស់ដែរ គេចង់ធ្វើអីទៀត?
«គ្រាន់តែជិតស្លាប់»
គេបន្ថែមមក ទាំងទឹកមុខឌឺអស្ចារ្យ មិនឱនសម្លឹងនាងទេ តែទម្លាក់ភ្នែកសម្លឹងនាងដោយមុខស្មើដូចចង់សួរថា នាងចង់ធ្វើស្អីគេ បើគេធ្វើបាបសង្សារនាង?
ម្រាមស្រីដែលកំណាចក្តិចខ្ញាំសាហាវពេលនេះឈប់ស្ងៀមនៅក្បែរកំភួនដៃរបស់គេ។
ថ្វីដ្បិតនីយ៉ាទាំងកាច ទាំងចចេសនិងស្មោះត្រង់ ហើយក៏ជាមនុស្សក្លាហានទៀត តែលើកនេះ មិនដឹងយ៉ាងម៉េចទ្រូងភ័យណាស់នឹងពាក្យថា«ជិតស្លាប់»។
គេត្រូវមនុស្សចង្រៃអស់នេះវាយរបួសដំណំណាស់ហើយ ឬមួយក៏ទម្លាក់ទឹកឱ្យប្រឹងហែលទាំងរបួសខូចអស់សរសៃសសូងអវៈយវៈ?
នាងមិនដឹងទេ អន្ទះសាណាស់ តើចោរសមុទ្រទាំងនេះ គេធ្វើអីខ្លះចំពោះមនុស្សដែលនាងស្រឡាញ់? កាន់តែមានឧសបសគ្គ ស្នេហានេះកាន់តែមានឥទ្ធិពលធំឡើង ម្រាមដៃនាងភ័យពេកមិនមែនក្ដិចគេប៉ុន្តែបែរជាចាប់កាន់កំភួនដៃបុរសនេះ ទាំងត្រជាក់ល្អូក ក្នុងន័យស្លុតស្លុងមិនដឹងត្រូវម៉េចឱ្យសមនឹងដោះស្រាយបញ្ហាបាន។