រឿង៖ ហាងបញ្ចាំស្នាមញញិម

ផ្ដើមរឿង

មានរឿងមួយតំណាលថា នាទីក្រុងនៃប្រទេសបុរាណកាលដ៏យូរលង់មួយ ស្ទើរគ្មាននរណាម្នាក់នៅចាំឈ្នោះនៃប្រទេសនេះ នៅក្នុងស្រុកតំបន់មួយ មានរឿងចម្លែកមួយដែលប្រជារាស្ត្ររស់នៅក្នុងប្រទេសនេះ ដឹងឮខ្លាចរអាគ្រប់គ្នា វាក្លាយជារឿងTaboo ដែលគ្រប់គ្នាចៀសមិនហ៊ានរម្លឹក…ព្រោះតែរឿងហេតុ កើតចេញពីហាងបញ្ចាំ ហាងបញ្ចាំដែលមិនគួរមានវត្តមាននៅលើលោកនេះទេ…

មានពាក្យចចាមអារ៉ាមថា…

…រៀងរាល់យប់នៃព្រះចន្ទបាំងឆត្រ ស្បៃរាត្រីពណ៌ក្រហម តែងតែមានបាតុភូតចម្លែកមួយគឺមេឃបង្អុរភ្លៀង ក្រោមខ្មាញ់ខ្មួលពពកក្រហម ស្របនិងពន្លឺភ្លឺចេញពីចន្ទពេញវង់ ដែលរះបណ្ដែតកាយលើផ្ទៃអាកាសដ៏ត្រយង់

ស្រមោលព្រាលៗនៃអាគារចម្លែកមួយ នឹងផុសអណ្ដែតឡើងកណ្ដាលព្រៃដ៏ស្ងប់ស្ងាត់…វាជាហាងបញ្ចាំ ហាងបញ្ចាំដែលគ្មានឈ្មោះ ទទេស្អាតលើស្លាកប៉ាយយីហោរហាងព្យួរលើ…

ប៉ុន្តែរឿងមួយដែលគេគ្រប់គ្នាទីនេះ ល្បីដឹងឮគ្រប់គ្នានោះគឺ អ្នកអាចបញ្ចាំដូរនិងអ្វីបានគ្រប់យ៉ាង ជាមួយនិងរបស់បញ្ចាំដែលអ្នកហ៊ាននឹងដាក់…កិត្តិយស មាស ប្រាក់ អំណាច ឬក៏ជីវិត

គឺហាងមួយនេះអាចធ្វើឱ្យក្ដីស្រមៃ បំណងរបស់អ្នកអាចសម្រេចបាន តែរឿងមួយដែលអ្នកត្រូវចាំ របស់ដែលដាក់បញ្ចាំរួចហើយ បើអ្នកចង់ដោះយកមកវិញ គឺត្រូវដោះដូរវាមកវិញជាមួយការប្រាក់ដ៏ច្រើនមហិមា…

សូមប្រយ័ត្នជាមួយរបស់ដែលអ្នកសម្រេចត្រូវដាក់បញ្ចាំ!

“មនុស្សស្រីអី មុខអាក្រក់បែបនេះ…ហឹស!”

“ឈ្មោះមនុស្សហៅសុទ្ធតែបុស្បា តែមើលមុខមាត់ខ្លួនឯង វាអាក្រក់ជាងនាងកែវណាម៉ា ធីតាមុខសេះទៅទៀត ហិហិ ឃើញហើយហួសចិត្ត”

“មុខនាងនេះ គួរឱ្យខ្លាច ដើរយប់ម្នាក់ឯងអី ឃើញនាងហើយលស់ព្រលឹង”

ក្រុមនិស្សិតសិស្សស្រីមួយក្រុម ជុំគ្នា មកទិតៀន ត្មិះដៀល រិះគន់ លើរូបរាងកិត្តិយស ទៅកាន់និស្សិតស្រីម្នាក់ ដែលកំពុងទម្លាក់សក់វែងចុះក្រោម បាំងបិទមុខខ្លួនជិត ទុកតែក្រឡង់ប្រឡោះភ្នែកមើល រូបរាងដែលនាងស្លៀកពាក់ដោយប្រើសម្លៀកបំពាក់ពណ៌ខ្មៅវែងៗ ព័ទ្ធរុំជិត បាំងបិតភាព ស្លាកស្នាមលើដងរាងកាយ ដែលជាស្នាមរបួសចាស់ដែលបង្កដោយការរលាកភ្លើងធ្ងន់ធ្ងរ  កាលពីប៉ុន្មានឆ្នាំមុន…

ការពិតរបួសនេះ នាងមិនគួរកើតមាននៅលើខ្លួនឡើយ តែព្រោះតែទឹកចិត្តមេត្តា អាណិត ជួយជីវិតអ្នកដទៃ ធ្វើឱ្យនាងត្រូវរងរបួសមានស្លាកស្នាមដល់បច្ចុប្បន្ន…

ស្លាកស្នាមដែលកើតមាន ពេលដែលបន្ទប់ជួលរបស់នាងត្រូវភ្លើងឆេះ នាងរត់ចេញពីបន្ទប់ទាន់ តែព្រោះតែឮសំឡេងក្មេងស្រីស្រែកហៅជួយ នាងស្ទុះត្រលប់ចូលទាំងភ្លើងកំពុងឆេះសន្ធោសន្ធៅ ទៅជួយក្មេងស្រីដែលជាប់នៅក្នុងបន្ទប់ជាប់នោះ…

ជាអកុសល អំឡុងពេលជួយក្មេងស្រីម្នាក់នោះ នាងត្រូវភ្លើងធ្លាក់សង្កត់ ឆេះពាក់កណ្ដាលខ្លួនធ្ងន់ធ្ងរ ជាពិសេសបរិវេណមុខតែម្ដង។

ជីវិតរបស់នាង ក៏ចាប់ផ្តើមប្រែប្រួលពីថ្ងៃនោះមក…មិនថានាងនៅទីនេះ ក្រសែភ្នែកចំអក សម្ដីទិតៀន ស្អប់ខ្ពើមរអើមលើរូបរាងកាយ តែងតែឮពេញត្រចៀកខ្លួន។

សូម្បីតែពេលនេះ នៅក្នុងថ្នាក់រៀន នាងនៅតែឮពាក្យសុំឱ្យនាងចេញពីថ្នាក់រៀន ទាំងខណៈដែលមានវត្តមានគ្រូ…

“អ្នកគ្រូ! ខ្ញុំមិនចង់រៀននៅក្នុងថ្នាក់ជាមួយនាងបុស្បា ស្រីមុខខ្មោចនេះទេ…ខ្ញុំឃើញមុខនាងហើយ ខ្លាចរៀនមិនចូល!”

“អ្នកគ្រូ! ហេតុអ្វីសាលាមិនព្រមបណ្ដេញនាងសោះតែម្ដង ខូចឈ្មោះសាលាអស់ហើយ មានសិស្សមុខខ្មោចបែបនេះ!”

“អ្នកគ្រូ! ខ្ញុំខ្លាចពេលនៅជិតនាងនេះម្ដងៗ នាងមុខគួរឱ្យខ្លាច”

សំនួនឃ្លោងឃ្លា ជាច្រើន ពាក្យវាយប្រហារជាច្រើន បណ្ដេញនាងព្រោះតែរូបរាងអាក្រក់របស់អ្នកម្ខាងទៀត។ បុស្បា ធ្វើពុតជាមិនឃើញ មិនឮអ្វីទាំងអស់ ខំរក្សាភាពអត់ធ្មត់របស់ខ្លួន ខាំមាត់សង្កត់ទទួលយកពាក្យរបស់គេទាំងអស់នោះ។ ប៉ុន្តែបន្ទាប់ពីរស់នៅក្នុងបរិបទបែបនេះអស់ជាច្រើនឆ្នាំ រឿងសំខាន់មួយដែលនាងបានរៀននោះគឺថា មនុស្សគ្រប់រូបមានរូបរាងល្អស្អាតខាងក្រៅ ប៉ុន្តែចិត្តខាងក្នុងមិនបា្រកដថាល្អស្អាតដូចសម្បកកាយទេ។

ភាពស្អប់ខ្ពើម សម្ដីប្រមាថ ពាក្យទន់ជ្រាយ វិបល្លាសទាំងនោះ បង្ហាញពីភាពខាងក្នុងពិតរបស់គេ រឿងដែលសំខាន់ សម្ដីក៏ជាអាវុធគ្មានរូបរាង អាច​សម្លាប់​មនុស្ស​បំបាក់ទឹកចិត្តបាន។

“បុស្បា នាងមិនអីទេឬ? កុំទៅស្ដាប់សម្ដីរបស់ក្រុមមនុស្សបែបនោះ វាគ្មានប្រយោជន៍ទេ!”

សំឡេងអ្នកកំលោះ អង្គុយតុមុខនាង ពោលលួងលើកទឹកចិត្ត ដ្បិតដឹងថាទង្វើរបស់បុស្បាគឺល្អ មិនដែលធ្វើខុស កំហុសដែលកើតចេញពីរូបរាងកាយអាក្រក់តែប៉ុណ្ណោះ!

“អរ..អរគុណ ភិរុណ” បុស្បា ងក់ក្បាលតិចៗ រួចក្រាបមុខខ្លួនលើតុ មិនចង់បង្ហាញមុខរបស់ខ្លួនឱ្យគេឃើញ

“កុំគិតច្រើនពេក ឆ្នាំនេះក៏ជាឆ្នាំចុងក្រោយនៃថ្នាក់យើងដែរ…ទ្រាំបន្ដិចទៅ”

ភិរុណ ព្យាយាមលួងនាងបន្ដ

“អ្ហឹម”

រ៉ឺងៗរ៉ឹង! សំឡេងកណ្ដឹងបញ្ចប់ម៉ោងសិក្សា

“បុស្បា ចាំជួយទៅចួបលោកនាយកផង”

“ចាស៎ អ្នកគ្រូ”

បន្ទប់នាយក

“ជម្រាបសួរ លោកនាយក!”

ភិបុត្រ នាយកសាលានៃសាលាឯកជនមួយនេះ សម្លឹងមើលទៅកាន់សិស្សស្រី បុស្បា…សិស្សដែលក្នុងសាលាខ្លួន នាំគ្នាធ្វើពាក្យបណ្ដឹង ដាក់ពាក្យបង្ខំឱ្យគាត់បញ្ឈប់ពីការសិក្សា បណ្ដេញនាងចេញ

“បុស្បា អង្គុយសិនចុះ” ភិបុត្រងាកសម្លឹងមើលទៅនាង រួចគ្រវីក្បាលខ្លួនតិចៗ ពេលឃើញរូបភាពនៃសិស្សស្រីខាងមុខខ្លួនគេ

“អរគុណ លោកនាយក…លោកនាយក ចង់ចួបខ្ញុំ មានធុរៈអ្វីដែរ?”

បុស្បា សួរដោយមានការសង្ស័យ

“គឺបែបនេះ…បុស្បា…” ភិបុត្រ រាងស្ទាក់ស្ទើរ រួចរកសំណុំឯកសារមួយដុំធំ ហុចមកឱ្យនាង

“នេះជាស្អី លោកនាយក…” នាងញ័រមាត់ សួរត្រលប់ទៅវិញបញ្ជាក់

“ពាក្យទទូចសុំឱ្យបញ្ឈប់នាង” ភិបុត្រ បញ្ជាក់

“លោកនាយក នេះ…” បុស្បា ស្លុតចិត្ត រាងកាយទាំងមូលញ័រទទ្រើក ខឹងផង តូចចិត្តផង ពេលដែលដឹងថា រឿងដែលនាងធ្លាប់គិត វាបានកើតឡើងចំពោះខ្លួនមែន

“បុស្បា គ្រូសូមទោស”

“លោកនាយក ខ្ញុំមិនមែនជាសិស្សរបស់លោក ម្នាក់ដែរឬ? ហេតុអ្វី លោកគ្រូបោះបង់ខ្ញុំចោល…” នាងប្រឹងខាំមាត់ សួរបញ្ជាក់ទៅអ្នកម្ខាងទៀត

“បុស្បា”

“លោកគ្រូឃោរឃៅ ព្រៃផ្សៃដាក់ខ្ញុំណាស់…ហ៊ឺហ៊ឺ! លោកគ្រូ ក៏ដឹងថាឆ្នាំនេះជាឆ្នាំចុងក្រោយសម្រាប់ខ្ញុំហើយ តើឱ្យខ្ញុំធ្វើយ៉ាងម៉េចវិញ? ហ៊ឺហឹ!”

“បុស្បា រឿងនេះ…គ្រូបានទាក់ទងមិត្តរបស់គ្រូរួចហើយ…គ្រូនឹង…”

“មិនត្រូវការ ខ្ញុំលែងចង់បានអ្វីទៀតហើយ! ខ្ញុំស្អប់អ្នកគ្រប់គ្នានៅទីនេះ!”

និយាយចប់ត្រឹមហ្នឹង បុស្បា ស្ទុះរត់ចេញមកក្រៅយ៉ាងប្រញាប់ មិនមានពេលវេលាសូម្បីតែទឹកភ្នែកខ្លួនឯងដែលកំពុងស្រក់ចុះ…

នាងរត់ចេញមកក្រៅរបងទ្វារសាលា មេឃដែលមានពន្លឺថ្ងៃ បានផ្លាស់ប្ដូរមួយរំពេច ក្រោយពីពពកខ្មៅខ្មួលខ្មាញ់ ប្រមូលផ្ដុំគ្នា បាំងបិតពន្លឺលើផ្ទៃអាកាស…តំណក់ទឹក តក់ៗ ចាប់ផ្ដើមធ្លាក់បង្អុរចុះមកក្រោម រាងកាយដែលរត់គ្មានទិសដៅរបស់បុស្បា ចាប់ផ្តើមជោកទទឹកដោយទឹកភ្លៀង…នាងមិនដឹងថា នាងត្រូវទៅទីណា? គួរធ្វើអ្វី? នាងអស់ផ្លូវ នឹងដើរ!

ប៉ុន្តែក្រោមផ្សែងអ័ព្ទ ចេញពីចំហាយភ្លៀង បុស្បា កំពុងដង្ហក់ឈប់នៅអាគារចម្លែកមួយ…

ខ្វាក! សំឡេងបើកទ្វារនៅពីមុខនាង

“សូមស្វាគមន៍!” មនុស្សប្រុសស្រីមួយគូ ឈរអមទ្វារ ញញិមយ៉ាងស្រស់ស្រាយទៅកាន់នាង

“ចាស៎?” បុស្បា ចាប់ផ្តើមចម្លែកអារម្មណ៍ពីអ្នកដែលនាងនៅពីខាងមុខ

“អញ្ជើញចូល” ប្រុសស្រីមួយគូនោះ និយាយស្របព្រមគ្នា

“ចាស៎?” នាងមើលទៅកាន់គេទាំងពីរនាក់ ធ្វើមុខភ្លឹះៗ

“អញ្ជើញចូល” ពួកគេបញ្ជាក់ម្ដងទៀត

ពាក្យសម្ដីស្របគ្នារបស់មនុស្សប្រុសស្រីមួយគូ ហាក់មានអំណាចពិសេស ទាក់ទាញនាងឈានចូលទៅតាមការអញ្ជើញរបស់គេ

រឿងដែលចម្លែក ពេលនាងបោះជំហានជើរចូលក្នុងអាគារចម្លែកមួយនោះ សម្លៀកបំពាក់ដែលទទឹកជោក ប្រែជាស្ងួតដូចជាមិនមានទទឹកអ្វីសោះ…នាងញាក់ចិញ្ចឹម សង្ស័យថាខ្លួនឯងស្ថិតក្នុងការយល់សប្តិឬយ៉ាងណា?

ឈានបោះជំហានបានមួយសន្ទុះ នាងឃើញអ្នកកំលោះដ៏សង្ហាម្នាក់ អង្គុយកាន់អានសៀវភៅ មើលមេនហ្កា one piece…កាន់អាន មើលទៅមិនគិតថាគាត់ជាអ្នកចូលចិត្តអានសៀវភៅមេនហ្កាសោះ

“នេះគឺ…” បុស្បា ឧទាន

“សូមអញ្ជើញអង្គុយ” អ្នកកំលោះ សង្ហា ទម្លាក់សៀវភៅខ្លួនគេចុះ ប្រែទឹកមុខម៉ឺងម៉ាត់ សម្លឹងមើលមកនាងយ៉ាងប្រាកដប្រជា…ភាពប្រែប្រួលរបស់គេ ធ្វើឱ្យនាងភ្ញាក់ផ្អើលមិនតិចទេ

“លោកជានរណា”

“ខ្ញុំជាថៅកែកុងស៊ីនៅទីនេះ”

“ថៅកែកុងស៊ី?”

“ហាងបញ្ចាំ”

“នេះជាហាងបញ្ចាំ?”

“បាទ!”

“តែខ្ញុំមិនមានអ្វីចង់មកដាក់បញ្ចាំទេ”

“នាងច្បាស់ហើយឬ? ហាងបញ្ចាំមួយនេះ គឺអាចដោះដូរ ផ្ដល់អ្វីជូនដល់អ្នកបញ្ចាំបានគ្រប់យ៉ាង”

“បញ្ចាំ…ផ្ដល់ឱ្យបានអ្វីគ្រប់យ៉ាង?” នាងឧទានតាមចុងឃ្លារបស់គេ

“មែនហើយ ឱ្យតែតម្លៃទាំងពីរគឺសមាមាត្រគ្នា”

“សូម្បីតែរូបរាងខ្ញុំ?”

“បាន តែនាងហ៊ាននឹងដោះដូរបញ្ចាំជាមួយវត្ថុដ៏មានតម្លៃរបស់ខ្លួនទេ?”

“វត្ថុមានតម្លៃក្នុងខ្លួន? ខ្ញុំ…ខ្ញុំមានវាដែរឬ? តើខ្ញុំត្រូវដោះដូរអ្វី ជាមួយមុខមាត់មួយនេះ? ខ្ញុំចង់បានភាពស្រស់ស្អាត…ស្អាតដែលគេឃើញហើយ មិនដាក់ភ្នែក!”

“ស្នាមញញិម”

“ស្នាមញញិម?”

“នាងត្រូវបញ្ចាំស្នាមញញិម ដោះដូរជាមួយមុខរបស់នាង…នាងនឹងលែងទទួលនូវអារម្មណ៍ដែលអាចធ្វើឱ្យខ្លួនឯងញញិមបាន…នាងព្រមទេ?”

“ខ្ញុំ…ខ្ញុំព្រម បើវាគ្រាន់តែប៉ុណ្ណោះ”

“អ៊ីចឹង សូមធ្វើការផ្ដិតមេដៃទទួលយកកិច្ចព្រមព្រៀងមួយនេះ ក្នុងករណីដែលនាងចង់មកលោះវិញ នាងអាចហែកក្រដាសកិច្ចព្រមព្រៀងមួយនេះបាន ប៉ុន្តែត្រូវចាំថាពេលនាងចង់រម្លស់មកវិញ នាងត្រូវសងទាំងដើមទាំងការ…កុំភ្លេចឱ្យសោះ!”

“ចាស៎”

បុស្បា ផ្ដិតមេដៃលើកិច្ចព្រមព្រៀងមួយនោះ…សុខៗគ្រប់យ៉ាងក៏រសាត់ រលាយដូចផ្សែងត្រូវខ្យល់ផាត់

បច្ចុប្បន្ន

“បុស្បា! នេះជាបុស្បាមែនទេ?” ភិរុណ សួរ សម្លឹងមើលទៅកាន់នារីចម្លែកស្រស់ស្អាតនៅនិងមុខខ្លួន…មនុស្សស្រីស្រស់សោភា ល្អលើសបវរកញ្ញា រាងរៅមុខមាត់នាងស្ទើរតែមិនជឿថាវាមានពិតនៅលើផែនដី រង្វង់មុខមូលពងក្រពើ ជាមួយសាច់មុខសម៉ដ្ឋខៃ រលោងគ្មានស្លាកស្នាមអ្វីដូចស្បែកទារកទើបតែកើត ស៊ីគ្នានិងច្រមុះខ្ទង់ខ្ពស់ មកជាមួយកែវភ្នែកមុតថ្លាមួយគូ កែវភ្នែកធំៗដែលមានផ្នែកសនិងខ្មៅបែងចែកគ្នាយ៉ាងដាច់ ថ្ពាល់ទន់ល្មើយរបស់នាងមានពណ៌ក្រហមគួរឱ្យចង់មើល  ចង់ប៉ះ ចង់មកថ្មមថែ ។

“ភិរុណ ឯងច្រឡំទេឬ? ស្រីស្អាតដូចជានាង មិននឹងអាចជាស្រីគីង្គក់ម្នាក់នោះ…ហាហា”

“មែនហើយ តែនេះនាងជានរណា? ម៉េចក៏ឈរនៅមុខថ្នាក់យើង?”

“សិស្សថ្មីឬ?”

“តែខ្ញុំ…ខ្ញុំមានអារម្មណ៍ថាជា នាងជាបុស្បា”

បុស្បា ឈរធ្នឹងសម្លឹងមើលទៅកាន់សិស្សប្រុសទាំងបី ដែលកំពុងនិយាយពីនាង…តែនាងគ្មានអារម្មណ៍អ្វីសោះ មិនរំភើប មិនខឹង ហើយក៏មិនញាប់ញ័រ ឬនេះព្រោះតែអារម្មណ៍ទាំងនោះលែងនៅក្នុងខ្លួននាង?

រយៈពេល៧ថ្ងៃ ជាមួយនិងផ្ទៃមុខថ្មី បុស្បា ពួនសំងំនៅក្នុងបន្ទប់តែម្នាក់ឯង អង្គុយឆ្លុះមុខកញ្ចក់មើល អង្អែល ស្ទាបប៉ះពាល់វា មិនឈប់គិតថារឿងនោះ វាកើតមកលើនាងពិតមែន ប៉ុន្តែរឿងមួយដែលនាងមិនអាចធ្វើ គឺស្នាមញញិម…នាងអង្គុយធ្វើមុខស្មើធេង គ្មានអ្វីរំជួលចិត្តបន្ដិចសោះ ខុសផ្ទុយពីកាយវិការប្រតិកម្មខ្លួនដែលបង្ហាញពីភាពត្រេកអរ ប្រាថ្នាចង់បាន ព្រោះនាងបានបាត់អារម្មណ៍រំភើប ត្រេកអរ រំជួល ដែលអាចធ្វើឱ្យនាងញញិមបាន។

ផ្ទៃមុខនាងបង្ហាញពេលនេះ ប្រៀបដូចមនុស្សយន្ដ។

“បុស្បា…ជានាងឬ?”

“ភិរុណ គ្នាប្រាប់ឯងហើយ ថាស្រីស្អាតម្នាក់នេះ មិនមែនជានាងមុខអាក្រក់ម្នាក់នោះទេ! ភ្នែកឯងមានបញ្ហាហើយ ដែលឃើញទេពធីតាសួគ៌ា ជានារីបិសាចនោះ…”

“សុំទោស ខ្ញុំបុស្បា…នារីបិសាច ដែលលោកកំពុងនិយាយម្នាក់នោះ” និយាយរួច បុស្បា ដើរទៅអង្គុយនៅតុរបស់គេ ធ្វើព្រងើយកន្តើយ ចំពោះប្រតិកម្មមនុស្សគ្រប់គ្នា នៅក្នុងថ្នាក់

“បុស្បា ពិតជានាងមែន!” ភិរុណ ឧទាន តែគេលេចចេញមុខបារម្ភពីក្រោយ ពេលឃើញអ្នកខាងមុខគ្មានសម្ដែងពីភាពរីករាយអ្វីបន្ដិចសោះ ពីការផ្លាស់ប្ដូរមួយនេះ

“មិនពិតទេ? វាអាចទៅរួចបានយ៉ាងម៉េច…”

“វិទ្យាសាស្ត្រ ទំនើបខ្លាំងរហូតអាចកែច្នៃដូរមុខមនុស្សក្នុងរយៈពេល៧ថ្ងៃបានដែរឬ?”

“មិនមែនជាការកែសម្ផស្សទេនេះ ជឿថាជាការកាត់ក្បាលដូរខ្លួនគ្នា ជឿជាង”

“ដង្កូវប្រែខ្លួនជាមេអំបៅហើយ”

សំនួនឃ្លាឧទានជាច្រើន បានផុសលាន់ឡើង កែវភ្នែកគ្រប់គូបាញ់សម្លឹងរកមើលពិរុទ្ធនៃផ្ទៃមុខកែច្នៃសិប្បកម្មមួយនេះ…ប៉ុន្តែកាន់តែមើល សម្រស់របស់នាងកាន់តែស្រូបទាញចិត្តវិញ្ញាណឱ្យមកលង់ស្នេហ៍នាង។

សិស្សប្រុសជាច្រើននាក់ មកតោងចោមរោមសុំប្រាថ្នារាប់អានស្គាល់នាង សិស្សស្រីជាច្រើន ដេញតាមស៊ើបសួររកកន្លែងពេទ្យដែលនាងទៅធ្វើ ហើយក៏ក្នុងនោះមិនតិចនាក់ដែលលួចច្រណែន ចង់បានមុខដ៏ស្រស់ស្អាតបែបនេះ។

បុស្បា ពីជីវិតដែលគេស្អប់ គេចមុខ ខ្ពើមរអើមមិនចង់ចួប ប្រែផ្លាស់មកក្លាយជាមនុស្សស្រីម្នាក់ដែលគេប្រាថ្នា ចោមរោមសុំនៅជិត សរសើរ លួចច្រណែនគ្រប់គ្នា

ប៉ុន្តែនាងនៅតែគ្មានអារម្មណ៍អ្វីសោះ…

…នាងខ្លួនឯងពេលនេះហាក់មិនជាមនុស្ស…ជាម៉ាស៊ីនគ្រឿងយន្ដច្រើនជាង!

នាងតែងតែយល់ខុសថា…

…ក្ដីសុខមិនប្រាកដថាទាល់យើងមានស្នាមញញិមទើបមានក្ដីសុខនោះទេ វាអាចមានវត្ថុអ្វីម្យ៉ាង ឬរឿងអ្វីម្យ៉ាងដែលអាចឱ្យយើងមានក្ដីសុខបាន

…ក្នុងជីវិតពិតក៏មាន មនុស្សខ្លះរកស្នាមញញិមមិនបានផង តែពួកគេអាចមានក្ដីសុខបានតាមរបៀបផ្សេងៗរបស់ខ្លួនដែរ

ប៉ុន្តែអ្វីដែលនាងដាក់បញ្ចាំ ដោះដូរជាមួយផ្ទៃមុខដ៏ស្រស់ស្អាតមួយនេះ វាមិនគ្រាន់តែជាស្នាមញញិមធម្មតាឡើយ តែជាអារម្មណ៍…អារម្មណ៍ដែលកើតមានពេលនាងញញិម!

“បុស្បា បុស្បា បុស្បា…” សំឡេងភិរុណតឿនឧទានរកអ្នកម្ខាងទៀត

ឮសំឡេងហៅរបស់គេ បុស្បា ងាកមុខសម្លឹងមើលដោយមិននិយាយអ្វី

“បុស្បា ហេតុអ្វីបានជានាងមិននិយាយជាមួយនិងខ្ញុំសោះ? នាងខឹងនិងខ្ញុំឬ?”

“…”

“បុស្បា…”

“…”

“បុស្បា ខ្ញុំសូមទោស”

ឮពាក្យសូមទោសរបស់អ្នកម្ខាងទៀតបែបនេះ នាងសម្លឹងមើលថ្មែ រួចហើបមាត់និយាយទៅកាន់គេដោយសំឡេងស្មើ…

“ហេតុអ្វី មកសុំទោសខ្ញុំ?”

“សូមទោសដែលខ្ញុំមិនអាចការពារនាងបាន បុស្បា”

“ខ្ញុំមិនត្រូវការឱ្យលោកមកការពារខ្ញុំទេ…ខ្ញុំមិនទន់ខ្សោយដូចអ្វីដែលលោកគិតឡើយ”

“បុស្បា ខ្ញុំ…” ភិរុណ និយាយមិនទាន់ចប់ប្រយោគឃ្លាស័ព្ទ សំឡេងស្រួយស្រែសដូចមេមាន់ត្រូវអាគកជាន់ ស្រែកកាត់រំខាន…

“នាងច្បា នេះជានាងឯងមែនឬ?” ក្រុមសិស្សស្រី ក្នុងឈុតឆើតឆាយ ឯកសណ្ឋានជាសិស្សធ្វើខ្លួនឡើងខ្ញង់ មកឈររោមជុំជិតនៅតុដែលបុស្បាអង្គុយ

“រាជនី ដូចដែលខ្ញុំបា្រប់ទេ វានេះកែឡើងស្អាត!” ស្រីម្នាក់ក្នុងក្រុមនិយាយ

“នេះជាមីគីង្គក់នោះមែនឬ? តែម៉េចក៏វាផ្លាស់ប្ដូរខ្លាំងយ៉ាងហ្នឹង?” មួយទៀតក៏បន្ទរ

“វ៉ាវ…នេះខ្ញុំប្រឹងសង្កេតពិនិត្យហើយ អត់មានឃើញស្លាកស្នាមកាំបិតបន្ដិចសោះ”

រាជនី នារីស្រស់ឆើតឆាយជាងគេ ហើយក៏ជាមេក្រុមនៃក្រុមនារីឆើតឆាយនេះ មើលដៀងសម្លក់សម្លឹងទៅកាន់បុស្បា…បើក្រសែភ្នែករបស់នាងជាផ្លែកាំបិត បុស្បាពេលនេះប្រហែលក្លាយជាសាច់ជ្រូកដែលគេដាក់បណ្ដោងព្យួរតាមតូបនៅផ្សារហើយ

“នាងច្បា…វាជានាងមែន!”

បុស្បា សម្លឹងមើលទៅកាន់អ្នកម្ខាងទៀត ដោយកែវភ្នែកទទេរស្មើ មិនខឹងមិនស្អប់ ខុសប្លែកពីអ្វីដែលនាងធ្លាប់បានគិតថា ពេលនាងបានជួបនិងអ្នកខាងមុខ នាងនឹងមានអារម្មណ៍ខឹងស្អប់ ចងគំនុំ ព្រោះនាងជាមនុស្សម្នាក់ដែលតែងតែbully ធ្វើបាប ត្មិះដៀលនាង រាល់ពេលដែលគេទាំងពីរនាក់ចួបគ្នា ប៉ុន្តែអារម្មណ៍ទាំងនោះប្រែប្រួលមិនដូចការគិត…នាងឃើញគេដូចជាដុំគ្រួសដែលនាងដើរជាន់

“មីច្បា ម៉េចក៏មិនតបនិងយើង?”

“ត្រចៀកនាងឯងថ្លង់ មិនឮបងនីគាត់សួរទេឬ?”

“មីនេះ វាស្អាតបន្ដិច វាលែងឬកដល់ម្លឹង…ឈឺស!”

បុស្បានៅតែធ្វើមិនដឹង មិនឮ ទាញសម្ពាយកាតាប ដើរចាកចេញពីតុអង្គុយ។ ឃើញបែបនេះ កំហឹងក្នុងចិត្ត របស់រាជនី រឹតតែផ្ទុះខឹងខ្លាំងឡើង នាងរកទៅកន្ត្រាក់ទាញដៃបុស្បា យារដៃឡើងលើបម្រុងត្រៀមឈុតធំមួយ ប៉ុន្ដែស្រាប់តែរាងកាយដ៏មាំរបស់នាយ ភិរុណ ឈរមកពាំង ចាប់ច្របាច់ដៃនាងជាប់ ប្រើក្រសែភ្នែកកាច សម្លក់មើលមកនាង រួចនិយាយដោយសំឡេងរឹង

“នាងគិតចង់ធ្វើអី?”

“សួរខ្ញុំ? ខ្ញុំគួរតែសួរលោកសំនួរនេះវិញ គឺត្រូវជាង…លោកគិតថាកំពុងធ្វើអីហ្នឹង? លោកភ្លេចហើយឬថាខ្លួនឯងជានរណា? ខ្ញុំត្រូវជាអ្វីនិងលោកនោះ..ឈឺស!”

រាជនី សម្លក់ថ្មែ បាញ់ទៅកាន់គេវិញ…ក្រសែភ្នែកស្អប់ ខឹង ច្រណែន បង្ហាញគ្មានលាក់បាំងបន្ដិចសោះ ហាក់បីមិនខ្វល់ពីការគិតរបស់អ្នកម្ខាងទៀតមកលើរូបនាង។

ឮពាក្យចោទសួរ របស់រាជនីបែបនេះ នាយកំលោះស្រឡាំងកាំង នៅស្ងៀមមិនស្រដីតបឆ្លើយទៅវិញ។ រាជនី ហាក់ទាយដឹងពីប្រតិកម្មរបស់គេបែបណា នាងគ្រលាស់ដៃចេញពីការចាប់របស់នាយ រួចបាញ់ភ្នែកសម្លក់ទៅគេទាំងពីរនាក់ ហើយក៏ដើរចាកចេញពីទីនោះ…ក្រុមបរិវារនាង ឃើញមេកើយខ្លួនចេញហើយ ក៏ដើរតាមហែហមតាមពីក្រោយ។

និយាយពីបុស្បាវិញ នាងក៏មិននៅឈរនៅទីនេះដែរ…ថ្ងៃនេះ គោលបំណងដែលនាងមកក្នុងថ្នាក់រៀនទីនេះ គឺមកដើម្បីចង់ប្រាប់ពីការចាកចេញ ឈប់រៀនរបស់ខ្លួន លាប្រាប់ទៅកាន់សិស្សក្នុងថ្នាក់គ្រប់គ្នាឱ្យបានដឹង ទោះបីជាពួកគេមិនធ្លាប់ចាត់ទុកជាមិត្តរបស់គេម្នាក់ក៏ដោយ ប៉ុន្តែមើលទៅការមកដល់របស់នាង នៅក្នុងថ្នាក់មួយនេះ វាធ្វើឱ្យមានភាពរញ៉េរញ៉ៃកាន់តែច្រើនឡើង!

នាងមិនគួរមកជាន់នៅទីនេះទេ…មិនមាននរណាម្នាក់ស្វាគមន៍វត្តមានរបស់នាងឡើយ។

មួយខែក្រោយមក បុស្បា បានក្លាយជាតារាម៉ូឌែលរះថ្មីល្បីកក្រើកក្នុងប្រទេស ក្រោយពីលេចមុខបង្ហាញលើទស្សនាក្របមុខដ៏ប្រជាប្រិយមួយក្នុងប្រទេស…

ទស្សនាវដ្ដីដែលនាងថតឱ្យនោះ ត្រូវបានបំបែកឯកត្តកម្មក្នុងការលក់របស់ខ្លួន…ត្រឹមរយ:ពេល ១ម៉ោង សៀវភៅបោះពុម្ពផ្សាយចំនួន ១០ម៉ឺនក្បាល លក់អស់គ្មានសល់! ម្ចាស់រោងពុម្ព រូតរះ ប្រញាប់ប្រញាល់បោះផ្សាយបន្ថែមចំនួន៥ម៉ឺនក្បាល ទៀត…ត្រឹមតែរយៈពេលមិនដល់ ៣០នាទីនៃការចេញផ្សាយ បោះសៀវភៅដាក់លក់នៅទីផ្សារ សៀវភៅទាំងនោះ លក់អស់ទៀត!

ភាពលក់ដាច់នៃទស្សនាវដ្ដីមួយនេះ ផ្អើលដល់បណ្ដាញសង្គម បន្ថែមកម្រិតនៃភាពល្បីរន្ទឺរបស់ បុស្បា មួយកម្រិតទៀត…រហូតដល់នាង មានងារ ជាទេពធីតាសួគ៌…ពីរូបសម្រស់ដ៏ស្រស់គ្មានពីរនៃរង្វង់ភ័ក្ររបស់នាង រហូតដល់មានក្រុមហ៊ុនផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងជាច្រើន មកប្រកួតដណ្ដើមគ្នា សុំនាងមកធ្វើជាPRរបស់ខ្លួន។

មិនតែប៉ុណ្ណោះ គ្រប់ទស្សនាវដ្ដី អ្នកកាសែតព័ត៌មាន ឬខាងរោងភាពយន្ដ ខ្នះខ្នែងខំស៊ើបសួរ សុំចួបគ្នាមកពិភាក្សារឿងការងារ។

៣ខែក្រោយមក បុស្បា ព្រមទទួលកិច្ចសម្ភាស៍ពីខាងទូរទស្សន៍ល្បីមួយក្នុងស្រុក។

អ្នកសម្ភាសន៍ : កញ្ញាបុស្បា នេះខ្ញុំពិតជាមិននឹកស្មាន ថាកញ្ញាព្រមផ្ដល់កិត្តិយស អនុញ្ញាតឱ្យខាងយើងសម្ភាសន៍កញ្ញាសោះ…ខ្ញុំពិតជារីករាយក្រៃលែង ដែលបានឃើញកញ្ញាផ្ទាល់និងភ្នែកជិតគ្នាបែបនេះ។

បុស្បា: ចាស៎…បងនិយាយរាងពន្លើសពេកហើយ!

អ្នកសម្ភាសន៍ : ទេ បងនិយាយគឺការពិត ភាពល្បីល្បាញរបស់ប្អូនស្រី វាស្ទើរតែដូចនិងតួកុនហូលីវូដ! ហិហិ…ប្អូនកុំដាក់ខ្លួនពេក!

បុស្បា : ចាស៎

អ្នកសម្ភាសន៍ : នេះសំនួរដែលបងចង់សួរប្អូន ហើយប្រាកដណាស់ហ្វេនៗគ្រប់គ្នាចង់ដឹងយូរមកហើយនោះ គឺ បុស្បា មានអ្នកចាប់អារម្មណ៍ក្នុងចិត្តហើយឬនៅ?

បុស្បា : ចាស៎…គឺ…

ឮសំនួរបែបនេះ នាងហាក់បីជារាងភាំងក្នុងចិត្តខ្លួនឯង ភាពស្ទាក់ស្ទើរនឹងអារម្មណ៍មួយដែលនាងមានមន្ទិលសង្ស័យ…

ម្ចាស់សារសម្ងាត់ អ្នកដែលតែងតែផ្ញើសារមកឱ្យនាង! អ្នកដែលតែងតែផ្ញើពាក្យលើកទឹកចិត្ត សារកំប្លែង វីដេអូសំណើច រូបភាពស្រស់ស្អាត ជាច្រើនក្នុងរយៈពេលជាង១ខែនេះ…

មនុស្សម្នាក់ដែលនាងមិនដឹងស្គាល់គេថាជានរណាសោះ ប៉ុន្ដែគេមនុស្សម្នាក់ដែលបង្កើតហ្វេនក្លិបរបស់នាង ស្ថាបនិកដំបូងដែលគាំទ្រនាង គេហាក់បីស្រមោលតែងតែនៅក្បែរនាងគ្រប់ពេល…

គេជាថប់ហ្វេនរបស់នាង…នាងដឹងពីគេត្រឹមតែឈ្មោះរហសនាមក្រៅ រ៉េន(Rain សរសេរជាភាសាអង់គ្លេស)

អ្នកសម្ភាសន៍ ហាក់បីចាប់បានពីភាពមិនប្រក្រតីរបស់ បុស្បា ក៏និយាយចំអន់លេងថា

អ្នកសម្ភាសន៍ : និយាយស្ទាក់ស្ទើរបែបនេះ បុស្បា ប្រហែលមានមនុស្សចាប់អារម្មណ៍របស់ខ្លួន…ហ្វេនៗច្បាស់ជាដឹងហើយ ខូចចិត្តស្លាប់ជាមិនខាន

បុស្បា : ទេ បងយល់ច្រឡំហើយ ខ្ញុំក៏មិនច្បាស់ថាគេជានរណាដែរ ប៉ុន្តែខ្ញុំគិតរាប់អានគេជាមិត្តល្អទេ!

អ្នកសម្ភាសន៍ : ហុហុ…នេះបងចង់ដឹងណាស់ តើគេនោះជាអ្នកណាណ៎? នេះប្អូនអាចប្រាប់បានទេ បើមិនយល់ទាស់អី្វ…

បុស្បា : ខ្ញុំខ្លួនឯងក៏មិនស្គាល់មុខពិត ចួបគេផ្ទាល់ដែរ ត្រឹមដឹងថា គេឈ្មោះ រ៉េន

ឮបែបនេះ ពិធីករ ឧទានភ្ញាក់…

អ្នកសម្ភាសន៍ : ស្ថាបនិកហ្វេនក្លិប បុស្បា?

បុស្បា : ចាស៎ បង!

អ្នកសម្ភាសន៍ : បែបនេះសោះ…តែនិយាយអ៊ីចឹង ប្អូន អាចប្រាប់មកកាន់បង ឬហ្វេនរបស់ប្អូនបានទេ ហេតុអ្វីប្អូនមិនញញិមសោះអ៊ីចឹង? នេះមានរឿងអ្វីកើតឡើងចំពោះប្អូនឬ បានជាពួកបង មិនធ្លាប់ឃើញប្អូនញញិម

បុស្បា : បង ខ្ញុំមិនអាចញញិមបានទេ!

អ្នកសម្ភាសន៍ : អ្ហាហ៍? ហេតុអ្វី?

បុស្បា : សូមទោសផង វាជាបញ្ហាផ្ទាល់ខ្លួន ខ្ញុំមិនអាចជម្រាបប្រាប់បានទេ!

អ្នកសម្ភាសន៍ : អូហ៍? ពិតជាសោកស្ដាយណាស់ ដែលប្អូនមិនអាចញញិមបាន…រូបសម្រស់ប្អូន មិនទាន់មានស្នាមញញិមស្រស់ស្អាតបែបនេះ បើប្អូនស្រីញញិមទៀត មិនដឹងជាស្រស់ស្អាតយ៉ាងណាទេ….

បន្ទាប់ពីសំនួរនេះ អ្នកសម្ភាសន៍ ក៏ចាប់ផ្តើមសួរពីរឿងការងារ និងសំនួរខ្លះៗដែលបានមកពីហ្វេន។ កិច្ចសន្ទនាមួយនេះក៏បញ្ចប់ទៅដោយរលូន!

បុស្បា ដើរចាកចេញពីស្ថានីយ៍សម្ភាសន៍ បម្រុងដើរចូលឡានរបស់ខ្លួនដែលដាក់ចតនៅមុខនោះ ស្រាប់តែរថយន្ដទំនើបខ្មៅបើកលឿនវឹង បុកគូទឡាននោះមួយទំហឹង លាន់ឮសូរផ្អើលអស់អ្នកនៅទីនោះ….

សំឡេង មនុស្សប្រុស ស្រែករន្ទឺសូរខ្លាំង ចេញពីក្នុងឡាន ស្រែកហៅឈ្មោះនាងយ៉ាងឆ្កួតលីលា

“បុស្បា ម៉ាយអាយដូល!!! ខ្ញុំបាន…បានចួប…ចួបបុស្បាហើយ!”

សំឡេង រំភើបញាប់ញ័រពេក និយាយដាច់ៗ ដង្ហក់ៗ ដើរធីងធោង ក្រោមកម្លាំងប៉ះទង្គិចឡាន ប៉ុន្ដែគេប្រឹងស្ទុះក្រោយឈរ ដើរមករកបុស្បា ដែលកំពុងឈរមើលទៅអ្នកម្ខាងទៀត ដោយអារម្មណ៍ភាំងភ័ន្ដ….ព្រោះនាង មិនស្គាល់ថាម្នាក់នោះជានរណាទេ!

“បុស្បា បុស្បា បុស្បា…ខ្ញុំស្រលាញ់នាង” បុរសប្លែកមុខ និយាយបណ្ដើរ ដើរស្ទុះទៅចង់ឱបនាង…

៣០វិនាទី គេនឹងអាចបានប៉ះនាងហើយ ស្រាប់តែស្រមោលមនុស្សប្រុសម្នាក់ទៀត លេចឡើងនៅមុខគេ…

ផាច់!

“ឯងចង់ធ្វើអីហ្នឹង?”

“ភិរុណ គឺលោក!” បុស្បា ឧទានឡើង! នាងមិនគិតថា នាងបានឃើញគេម្ដងទៀតទេ

“សន្ដិសុខ! នេះនៅឈរថ្មឹងដល់អង្កាល់ ម្ដេចមិនចាប់មនុស្សឆ្កួតម្នាក់នេះទៅមន្ទីរ ឬប្ដឹងប៉ូលិស ធ្វើអ្វីឱ្យស្ថានភាពប្រសើរឡើង តែបែរជានាំគ្នាឈរឱបដៃមើលបែបនេះ…ស្ថានីយ៍ធំទាំងមូល ជ្រើសរើសសន្ដិសុខបែបនេះ មកធ្វើការបានយ៉ាងម៉េច?” ភិរុណ ស្រែកឡូឡា ដាស់សតិអ្នកម្ខាងទៀតដែលឈរមើលឱ្យគ្រប់គ្រងស្ថានការណ៍ឡើងវិញ

ស្ដាប់ឮពាក្យសម្ដីគេបែបនេះ សន្តិសុខក៏ចេញមកអន្ដរាគមន៍ ចាប់បុរសរោគចិត្ត ដែលភិរុណ ដាល់ដួលក្រាបនិងដី និងកំពុងញុំាដៃជាប់នោះ…ម្នាក់ៗភ្លេចសង្កេតឃើញថា មុខគេម្នាក់នោះ ប្រែប្រួល distort យ៉ាងខ្លាំង

“ភិរុណ ម៉េចក៏លោកមកនៅទីនេះ?” បុស្បា

“បុស្បា ខ្ញុំ…ប្រយ័ត្ន” ភិរុណ ស្រែកលាន់មាត់ ពេលឃើញលោកហ្វេនរោគចិត្ត ដកកាំបិតតូចដ៏មុតស្រួចពីហោប៉ៅខ្លួន ក្រោយពីរើបម្រះខ្លួនបានចេញពីការចាប់របស់សន្ដិសុខ ស្ទុះរត់មកលឿនស្លេវ ចាក់តម្រង់មកកាន់ បុស្បា

“អួយ៍!!!”

“ភិរុណ!” បុស្បា ស្រែកភា្លត់សំឡេង ពេលឃើញប្រុសម្នាក់នេះល្ងង់ មកពាំងខ្លួនគេបែបនេះ…នាងស្លុតចិត្ត ពេលឃើញដៃរបស់នាងចាប់ផ្ដើមប្រលាក់ឈាមដែលហូរចេញពីស្នាមកាំបិត

“ឯង…ឯង…” ហ្វេនរោគចិត្ត រកបម្រុងដកកាំបិតដែលចាក់ជាប់ពីក្រោយខ្នងភិរុណ តែលើកនេះក្រុមសន្តិសុខបានស្ទុះគ្នាមកចាប់ទាន់ ចាប់គេចងជាប់រង់ចាំប៉ូលិសមកដោះស្រាយ។ រីឯអ្នកផ្សេងទៀត ក៏មិនបង្អង់យូរ ប្រញាប់ប្រញាល់តេដឹកអ្នកកំលោះយកទៅពេទ្យ…

“ភិរុណ ធ្វើអ៊ីចឹងដើម្បីអ្វី? ខ្ញុំមិនមែនជាបុស្បា ដែលខ្ញុំធ្លាប់ស្គាល់ទៀតទេ…” បុស្បា

“ព្រោះខ្ញុំសន្យានិងការពារនាង!”

“ការពារខ្ញុំ? ខ្ញុំមិនត្រូវការនោះទេ ខ្ញុំប្រាប់លោកហើយ”

“បុស្បា តែខ្ញុំមិនទាន់ប្រាប់នាងទេថា ខ្ញុំព្រមឬមិនព្រមតាមពាក្យនាងទេ! នាងអាចឃាត់ និយាយបែបនេះបាន តែខ្ញុំជាអ្នកស្ម័គ្រចិត្ត….ព្រោះខ្ញុំ ស្រលាញ់នាង!” សំឡេង ភិរុណ កាន់តែខ្សោយៗទៅ កម្លាំងដែលគេខំប្រមូលក៏ចាប់ផ្ដើមបាត់បង់ចេញពីខ្លួនគេ…

“ស្រលាញ់ខ្ញុំ? លោកមានគូដណ្ដឹងហើយ ពាក្យដែលស្រលាញ់នេះ គួរតែប្រើជាមួយរាជនី គូដណ្ដឹងលោក! ប្រយ័ត្នគូដណ្ដឹងលោកឮបែបនេះ រករឿងខ្ញុំទៀត!”

“ខ្ញុំនិងរាជនី បានផ្ដាច់ពាក្យគ្នាហើយ!”

“ទោះបីលោកប្រាប់ខ្ញុំ ក៏ខ្ញុំមិនស្រលាញ់លោកដែរ”

“ខ្ញុំដឹង…តែខ្ញុំអាចសុំឃើញនាងញញិមចុងក្រោយបានទេ”

“សូមទោស ខ្ញុំមិនអាចបំពេញបំណងលោកបានទេ!”

“តែខ្ញុំថានាងអាច…បុស្បា”

និយាយបែបនេះ ភិរុណ ប្រឹងទាញលូកយកក្រដាសចម្លែកម្យ៉ាង…ក្រដាសកិច្ចព្រមព្រៀងពីហាងបញ្ចាំនិងនាង ពីហោប៉ៅអាវខ្លួន….រួចគេយកវាមកហែក! គ្រាន់តែគេហែកភ្លាម ក្រដាសមួយនោះស្រាប់តែមានអណ្ដាតភ្លើងពណ៌ខៀវ ឆាបឆេះជាផ្សែងភ្លើងរលាយក្លាយជាផេះផង់ ស្របពេលដែលរាងកាយរបស់ភិរុណ ចាប់ផ្តើមរលាយបន្ដិចម្ដងៗ ដូចលម្អងខ្សាច់ត្រូវខ្យល់ផាត់…

“ភិរុណ នេះ…” បុស្បា ស្រក់ទឹកភ្នែកស្របពេលនាងកំពុងញញិម

“នាងញញិមហើយ បុស្បា!” ភិរុណ ញញិមចុងក្រោយ មើលទៅនាង មុននឹងរូបរាងកាយរបស់ខ្លួនក្លាយជាអ័ព្ទផ្សែងលម្អង រលាយបាត់សូន្យពីលើលោកនេះ…

“ភិរុណ” បុស្បា ស្រែកហៅឈ្មោះគេជាលើកចុងក្រោយ…

ចប់