អ្នកនិពន្ធដែលបាក់ទឹកចិត្ត

មានប្អូនៗ ក្មួយៗនិងអ្នកនិពន្ធថ្មីៗ ចាស់ៗបាននិយាយនឹងខ្ញុំ ពីវិបត្តិធ្លាក់ទឹកចិត្តក្រោយកូវីដ។ ភាគច្រើន ខ្ញុំកាត់យល់ថា ពុំមែនមកពីកូវីដតែឯងទេ វិបត្តិបាត់បង់អ្នកអាន និងអ្នកជាវសៀវភៅ ឬអ្វីច្រើនទៀតនៅក្នុងយុគសម័យនៃព័ត៌មាន​លោតផ្លោះ និងឌីជីថល។

បញ្ហា​ដែលខ្ញុំស្តាប់ឮ

ការសរសេរសៀវភៅដែលផ្សាយចេញទៅហើយ អត់មានឃើញយោបល់ត្រឡប់ ក៏ធ្វើឲ្យអ្នកនិពន្ធជាច្រើនបាក់ទឹកចិត្ត។ ទទួលស្គាល់! ការអត់ឮអីពីអ្នកគាំទ្រ ពិតជាខុសពីឆ្នាំ២០១៣នៅពេលដែលក្រុមការងារយើងខ្ញុំបានស្តាប់ចាប់ផ្តើមប្រលោមលោកSabay ហើយពេលហ្នឹង គឺយើងទទួលបានសកម្មភាពយោបល់ត្រឡប់ច្រើន។ កាលណោះ អ្នកអានបានធ្វើសកម្មភាពដូចអ្នកនិពន្ធដែរ សំណួរពួកគេមាន​ជាអាថ៌ បងថ្ងៃនេះខ្លីម៉េះ? យប់មិញដេកនឹកតួប្រុស! អូយ​ឆាកហ្នឹងផ្អែមលើសជាតិស្ករ! ។ល។

ឥឡូវនេះ អ្នកអានដែលស្ងាត់បាត់មិនធ្វើសកម្មភាពអាចបណ្តាលមកពីយើងរង់ចាំងតែដំណោះស្រាយដែលយើងគិតថាមកពីខាងអ្នកអាន។ មិនមែនអ៊ីចឹងទេ! ភាគីទាំងសងខាង ត្រូវទទួលស្គាល់ថា យើងជួបបញ្ហាដូចគ្នា។ ជួនគាត់អាចអានច្រើនពេក ទៅប៉ះសៀវភៅមានគុណភាពមិនត្រូវនឹងការរំពឹងទុក ឬអ្វីដែលគាត់ចង់បាន ខណៈសៀវភៅកាន់តែរីកចម្រើនបរិមាណចំណងជើង គាត់ជាវប៉ះចំមាតិកាដែលខុសចិត្តច្រើន ដងពេក ថវិកាមានកម្រិត ច្នេះគាត់ក៏ដកឃ្លាសិន។

មាតិកា​ឌីជីថលក្រឡាប់ចាក់

រឿងក្លែងក្លាយ ឬការធ្វើទីផ្សារ​បណ្តោះអាសន្នលើអ៊ីនធើណេត ដែលមានការ​បោកបន្លំ រញ៉េរញ៉ៃកាន់តែធ្វើឲ្យយើងមានអារម្មណ៍ថា អ្នកអានបាត់លែងឃើញនៅផ្សារភ្ជាប់ជាមួយយើង។ យើងមិនចង់បានអ្នកទិញសៀវភៅ ព្រោះចង់ទិញតែមិនដែលអាន និងខ្ជិលឱ្យយោបល់ត្រឡប់។ ភាពបាត់មុខនៃហ្វេនពិតប្រាកដ ជាបញ្ហាជះឥទ្ធិពលធំដល់អាជីព។ ធម្មតាយើងជាអ្នកនិពន្ធយើងចង់បានហ្វេនដែលអានរឿង មិនមែនហ្វេនចូលមកព្រោះចូលចិត្តអាវឬមួករបស់យើងទេ។ យើងមិនចាប់អារម្មណ៍នឹងអ្នកដែលចូលមកព្រោះចូលចិត្តពណ៌ក្រែមយើង ឬ ពាក្យCaptionយើងតែម្យ៉ាង ព្រោះយើងមិនមែនជាអ្នកផលិតមាតិកាលើឌីជីថលតែយើងជាអ្នកនិពន្ធ។ ប្រសិនអ្នកនោះជាវសៀវភៅយើងព្រោះចូលចិត្តអ្វីៗទាំងអស់ខាងលើ តែមិនអានសៀវភៅយើង គង់តែថ្ងៃមួយនេះកើតឡើង គឺ #លែងចង់សរសេរ

អ្នកនិពន្ធ ម៉ីសន សុធារី

ខ្ញុំជូនយោបល់បែបនេះ

បច្ចុប្បន្នមិនថា នៅលើផ្នែកតែងនិពន្ធ ឬក៏ការអានទេគឺសូម្បីតែ ការងារផ្សេងៗទៀតដែលយើងមានទីផ្សារមួយធំជាងគេនៅលើឌីជីថលគឺនៅលើបណ្ដាញសង្គម និយាយចំគឺហ្វេសប៊ុកដែលមានការប្តូរបត់បែនច្រើន អ៊ីចឹងហើយការធ្លាក់ទឹកចិត្តនៅក្នុងចំណោមអ្នកដែលផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងអ្នកគាំទ្ររបស់ខ្លួននៅលើហ្វេសប៊ុក មិនមែនមានតែយើងម្នាក់ឯងឡើយ។

ខ្ញុំទើបតែនិយាយចប់ជាមួយនឹងអ្នកនិពន្ធស្ត្រីម្នាក់បន្ថែមពីថ្ងៃសៅរ៍មុនខ្ញុំនិយាយជាមួយអ្នកនិពន្ធប្រុសម្នាក់ គាត់ថា ខ្ញុំអត់ដឹងថាសរសេរមានន័យអី?

តើខ្ញុំអាចជួយអីបាន?

ខ្ញុំជម្រាបគាត់ថា ខ្ញុំធ្លាប់ឆ្លងកាត់ដំណាក់កាល បាក់ទឹកចិត្ត តែពាក់ព័ន្ធជាមួយនឹងកត្តាច្រើន មិនមែនតែកត្តាមួយពីរនេះ តែយើងឲ្យនិយមន័យមិនត្រូវ ជួនកាលយើង អត់មានភាពស្មោះត្រង់ក្នុងការទទួលស្គាល់វា។

អ៊ីចឹងខ្ញុំអាចចែករំលែកខ្លះ នូវការដោះស្រាយផ្ទាល់ខ្លួន!

នៅពេលដែលមានការធ្លាក់ទឹកចិត្ត សម្រាប់ខ្ញុំទោះបីយ៉ាងណារហូតដល់ពេលនេះ ពេលខ្ញុំសរសេររឿងគឺខ្ញុំសរសេរដោយសប្បាយចិត្ត ហើយទោះបីជាអ្នកអាននិងយោបល់ត្រឡប់ មានតែម្នាក់ ពីរនាក់ឬបីនាក់ ខ្ញុំនៅតែសប្បាយចិត្តនិងស្ដាប់នូវយោបល់ពួកគេ។

ប្រៀបធៀបបច្ចុប្បន្ននេះទៅនឹងអំឡុង​ឆ្នាំ២០១៣ ដល់ ២០១៧ អត់ដូចគ្នាទេ! ពិតមែន!

ដោយសារតែយើងអាចនិយាយថា ប្រសិនបើហ្វេនៗយើងគាត់ចម្រើនវ័យ ឬគិតម្យ៉ាង គាត់ក៏រវល់ដោះស្រាយបញ្ហាជីវិតដូចយើងដែរ គ្រប់គ្នាកំពុងតតាំងហត់នឿយនឹងវិបត្តិរបស់ពិភពលោក វិបត្តិនៅលើបណ្ដាញសង្គមដូចយើងដែរ អ៊ីចឹង ខ្ញុំគិតថា ដួងព្រលឹងមួយរវាងយើងជាមួយអ្នកអានពិតប្រាកដរបស់យើង អត់ដាច់ចេញពី គ្នាដោយគ្រាន់តែមិនឃើញការឆ្លងឆ្លើយទេ។

ខ្ញុំធ្លាប់ជួបអ្នកអានខ្លះ គាត់និយាយថា គាត់ចូលចិត្ត #អធិរាជបេះដូង អានជក់ច្រើនដង ដល់ពេលខ្ញុំសួរពីរឿងថ្មីៗទៀត គាត់ថា មិនទាន់បានអានទេ ស្ត្រេសពេក។

ជាសរុប ពេលប្អូនបាក់ទឹកចិត្តសូមចាំថា បងម្នាក់នេះ ទោះជាមានអ្នកអានតែម្នាក់ ក៏សរសេរដែរ ព្រោះមិនមែនសៀវភៅនេះ​ នឹងចប់ទៅតាមកាលវេលាទេ អ្នកអានពិតប្រាកដ ត្រូវនឹងមាតិកាល្អពិតប្រាកដមួយ។
ទុកពេល ឱ្យពួកគេ និងទុកពេលឱ្យខ្លួនឯង សរសេរដើម្បីសាកល្បងនូវឧបសគ្គថ្មីៗ រកវិធីសាស្ត្រ​ខុសពីមួយជំនាន់ទៅមួយជំនាន់ លើកទឹកចិត្តខ្លួនឯងយើង ក៏ដូចជាការលើកទឹកចិត្តគ្នាយើងផ្សេងៗទៀតក្នុងការ​រៀនបន្ថែម ដុសខាត់ កុំផ្តេកផ្តួល កុំចង់បានជោគជ័យដែលលឿនៗហើយមិនរឹងមាំ ។

#ជីវិតរស់នៅប្រចាំថ្ងៃជាធម្មជាតិនៃមនុស្សយើងត្រូវតែធ្វើការផ្លាស់ប្តូរ ធ្វើការផ្លាស់ទីឆ្ពោះទៅរកគោលដៅថ្មីរីកចម្រើន​ឡើងជានិច្ច ។ ទោះណា​ជាការផ្លាស់ពីមិនអាចសន្យាថា តែងតែនាំមកនូវសុភមង្គល ប៉ុន្តែបើមិនផ្លាស់ប្តូរគឺធានាថា ជីវិតអត់មាន​ការរីកចម្រើន​និងគ្មាន​សុភមង្គលតែម្ដង។ ផលិតភាព និងសុខុមាលភាពត្រូវដើរទន្ទឹម​គ្នា ហេតុអ្វី​ត្រូវឱ្យអ្នកដទៃមកសម្រេចចិត្ត​ថា​យើងគួរនៅស្ងៀមសម្រាក ឬគួរដើរទៅមុខ​ទៀត?

ម៉ីសន សុធារី

ចុចអានរឿង
ចុចអានរឿង