ដូចម្តេចហៅថាអ្នកនិពន្ធល្អ?

«សំនួរពិបាក!»

ជាលើកដំបូង​យើងឃើញគាត់ឆ្លើយបែបនេះ។ អ្នកស្រី ម៉ីសន សុធារី លើកឡើងថា អ្នកខ្លះមានទស្សនៈថា អ្នកនិពន្ធដែលគេស្គាល់ច្រើន អ្នកនិពន្ធដែលលក់ដាច់ខ្លាំង អ្នកនិពន្ធមាន​បណ្តាញសង្គម​ធំ អ្នកនិពន្ធដែល​សរសេរប្រឆាំង អ្នកនិពន្ធដែលមានតម្លៃខ្លួនខ្ពស់…..អ្នកនិពន្ធដែល…។

«ចំពោះខ្ញុំ ក៏ជាអ្នកនិពន្ធម្នាក់ ខ្ញុំធ្វើឱ្យងាយស្រួលក្នុងការកំណត់រក​អ្នកនិពន្ធដ៏អស្ចារ្យម្នាក់ដែរគឺ សៀវភៅគាត់អានជក់! ចប់ប៉ុណ្ណឹង!»អ្នកស្រីឆ្លើយទាំងសើចសប្បាយផង។

អ្នកស្រី ម៉ីសនសុធារី តែងតែចំណាយពេលមួយម៉ោងរៀងរាល់ខែ​ឆ្លើយរាល់សំណួររបស់អ្នកនិពន្ធជំនាន់ថ្មី និងមិត្តអ្នកអានជុំវិញអាជីពតែងនិពន្ធ និងបច្ចេកទេសថ្មីៗក្នុងការតាក់តែង​បែបស៊ើបអង្កេត ភ័យរន្ធត់ និងមនោសញ្ចេតនា។

អ្នកស្រី ម៉ីសន សុធារី បញ្ជាក់បន្ថែមទៀតថា ៖ «មានអ្នកខ្លះសួរខ្ញុំស្រដៀងហ្នឹង​! សៀវភៅអាន​មួយ​ដ៏មាន​គុណភាពសំដៅលើអី្វ? ខ្ញុំដឹងថា​គេចង់សំដៅ ក្រប សន្លឹក កូដ ឌីសាញ Creative តែខ្ញុំឆ្លើយប្រាប់ខ្លួនខ្ញុំខ្លីថា វត្ថុគ្រប់យ៉ាង​ត្រូវធ្វើការងារ​របស់វា សៀវភៅអាន​គឺដើម្បីអាន នេះជាមុខងាររបស់វា ចុះបើវាធ្វើមុខងារមិនបានល្អ គឺគេជាវហើយ ខូចចិត្ត​ អានមិនកើត អានមិនជក់ យកទៅឱប ទៅតាំង ទៅថត ដូចជា ខុសមុខងាររបស់វា! »។

ម្ចាស់រឿង​​ស្រទន់មន្តស្នេហ៍​បាន​ពន្យល់ឡើងដែរថា មានអ្នកនិពន្ធថ្មី ក្មេងៗ អ្នកស្រីជាវសៀវភៅគាត់ទៅអាន អានជក់ អ្នកស្រីទុកថា ជាអ្នកនិពន្ធល្អ។

«កុំគិតថា យើងល្បីមិនល្បីនៅថ្ងៃនេះ ចាំពាក្យខ្ញុំថា សៀវភៅមាន​តួនាទី​របស់វា ភាពល្បីមាន​វិធីច្រើន​ដើម្បីល្បី តែសៀវភៅល្អមាន​តែវិធីមួយគត់គឺ សរសេរឱ្យគេអានដល់ចប់!»

ដើម្បីឱ្យគេអានសាច់រឿងរបស់យើងដល់ចប់ អាចមាន​វិធីខ្លះៗតាមពិសោធន៍ខ្ញុំដូចជា ៖ យកចិត្តទុកដាក់ពង្រឹងវិធីសាស្ត្រសរសេរពិស្តារ-លម្អិត។ កុំរំលងឈុតឆាកលំបាកៗ ដូចជា សកម្មភាពក្លៀវក្លា ឱ្យសមទំនង កុំគេចឈុតនេះ សរសេរតែឈុតងាយៗ ។ ទីពីរ សង្កេតការណ៍ ចំណាំសន្ទនា​សម័យកាលថ្មី និងកែលម្អទៅតាមចរិតតួអង្គ យកចិត្តទុកដាក់ចំពោះការដំឡើងរចនាសម្ព័នរឿង ត្រូវមាន​ឈ្នាប់​មាន​ចំណុចប្រទាក់ និង​ហេតុផល​អម ហេតុផល​កំពូល។ ទីបី កុំរឹងទទឹង។ កុំគិតថា សរសេរដើម្បីសរសេរ បើសរសេរអត់មានអ្នកអាន យើងនឹងក្លាយជាសៀវភៅតាំង។ បួន  វាយ​តម្លៃ​ការងារ​របស់​ខ្លួន​ឡើង​វិញ​ជានិច្ច មិន​ថា​កិច្ចការ​នោះ​តូចធំ​​ប៉ុណ្ណា​ទេ ​ធ្វើ​ការ​ឥតឈប់ឈរ​ដើម្បី​ឱ្យ​បាន​ប្រសើរ​ឡើង​តាម​រយៈ​វិន័យ​តឹងរ៉ឹងនិងគោរពអ្នកអានរបស់យើង កុំគិតថាគេល្ងង់​ជាងយើង​។ ទីប្រាំ ប្រើវាក្យសព្ទខ្លាំង(Vocabulary)ទ្រព្យសម្បត្តិដែលអ្នកនិពន្ធដ៏ល្អម្នាក់ៗគេសន្សំ គឺ​ការប្រើពាក្យដែលអាចបង្កើតអារម្មណ៍ ពាក្យស៊ីអារម្មណ៍ ចូលដល់បេះដូង ជំនាញនេះជួយទាញឬ​ រក្សាចំណាប់អារម្មណ៍របស់អ្នកអាន ជក់ចិត្ត បំភ្លេចមិនបាន ឈាន​ដល់ទន្ទេញ​យកទៅប្រើ។ ចុងក្រោយ មាន​ចរិតបើកចំហ ទទួលស្គាល់ថាគ្រប់គ្នា​មានចំណុចខ្សោយ ទទួលយកការកែសម្រួល និងការផ្ដល់យោបល់ពីខាងក្រៅ និងអភិវឌ្ឍខ្លួនឯងមិនឈប់ឈរ។

លីណា

តើមនុស្ស​ដែលបងអ្នកនិពន្ធគោរពមានចរិតបែបណា? ចុចអានចម្លើយ