​​​​​​រឿង​ “អាឡាដាំង​ និង​ចង្កៀង​ទិព្វ​​” ដកស្រង់ពី១០០១យប់

រជ្ជកាល​​​​​​​ដែលក្រុង​​បាកដាដឡើងដល់​ក្នុង​យុគសម័យ​ដ៏អស្ចារ្ស​​ ពី​ឆ្នាំ​៧៨៦មុនគស ​តំណាលពី ក្មេងជំទង់​​ម្នាក់​ឈ្មោះ​ថា​ អាឡាដាំង​​ដែលឆ្លាតនិងរហ័សរហួនសព្វសារពើ។ ឳពុក របស់អាឡាដាំង​ ​បាន​​ស្លាប់ទៅ បន្សល់​ទុក​នូវ​​​ ​​ម្ដាយ​ម៉េម៉ាយល្ងង់ខ្លៅ​​រក្សាគេ តែគ្រួសារនេះបានគោរព​សាសនាខ្ជាប់ ខ្ជួន។

ម្តាយគេតែងបួងសួងថា ទោះជីវិតគាត់លំបាកដល់ថ្ងៃមរណា​សុំតែកូនប្រុសមាន​ភព្វសំណាង​ភ្លឺស្វាង។

​មាន​​ថ្ងៃ​មួយ​ ​ពេល​អាឡាដាំង​​ ​​កំពុងដើរចច្រប់រកការងារលីសែងធ្វើយកប្រាក់ទិញខោអាវខែរងា ​ជា​មួយ​​មិត្តភ័ក្ដិ​គេ​ ​​​ស្រាប់​តែ​មាន​មនុស្ស​ចម្លែក​ម្នាក់ ស្លៀកពាក់ដូចជនពនេចរមកពីនគរឆ្ងាយ ​​​មកឈរផ្អៀងផ្អងមើលគេ។

មួយសន្ទុះបុរសនោះពោល​​សួរ​អាយុ​គេ ហើយ​បញ្ជាក់ឡើងថា​៖ ​ 

-​តើ​​​ឯង​ជា​​​កូន​ប្រុស​​របស់​ ម៊ូស្ដាប៉ា​ ​​មែន​ទេ?​

​អាឡាដាំង​ បាន​​ឆ្លើយ​តប​​​​ដោយ​ឥត​ស្ទាក់​ស្ទើរ​​ថា ៖

-​បាទ! ​ខ្ញុំ​ជា​កូន​របស់​គាត់។ ​ ​​​

​​តាម​ពិត​ ​​បុរស​​ចម្លែក​​ម្នាក់​នោះ​ជា​​អ្នក​​ចេះ​ប្រើ​យុទ្ធសិល្ប៍​ ​មន្តអាគម​អូមអាម ​​ដ៏​ល្បីល្បាញ​ម្នាក់​​ ​​​ដែល​ទើប​តែ​ត្រាច់ចរ​មក​ពី​​ទ្វីប​​​អាហ្វ្រិក​​។ ​​ក្រោយ​ពី​ស្ដាប់​​ចម្លើយ​របស់​គេ​​​​រួច​ បុរស​ម្នាក់​នោះ​​​​បាន​មក​ ​អង្អែល​​ក្បាល​​ និង​​ថើប​​រូប​គេ​ រួច​​និយាយ​ថា​ ៖

-​​ខ្ញុំ​​ជា​ពូ​​របស់​ឯង​ ​ណា​ក្មួយ​ប្រុស​។ ​យើង​​​​​​​ស្គាល់​ឯង​ ​ដោយ​សារ​ឯង​​ ​មាន​មុខ​ប្រហាក់​ប្រហែល​​​​​បង​ប្រុស​​យើង។ ទៅ​​ប្រាប់​ម្ដាយ​ឯង​ទៅ​ ថា​​យើង​មក​លេង។ 

​​​​ក្រោយ​ពី​​បាន​ឮ​​បែប​នេះ​ភ្លាម​ ​​អាឡាដាំង​​ ​​​​​មិន​​បាន​​នៅ​លេង​​ជា​មួយ​​មិត្តភ័ក្ដិ​គេ​ទៀត​ទេ គេ​​បាន​​រត់​ទៅ​ផ្ទះ​ ​ហើយ​បាន​ប្រាប់​ម្ដាយ​​​​ពី​រឿង​បាន​ជួប​ពូ​ម្នាក់​នោះ។ ​

​ឮ​ដូច​នេះ​ ​ម្ដាយ​​​អាឡាដាំង​ ​បាន​​សួរ​​ទៅ​កូន​វិញ​ទាំង​ទឹក​មុខ​ញញឹម​ថា​ ៖

-ពិត​មែន​ហ៎​កូន? ​​ឪពុក​ឯង​មាន​ប្អូន​ប្រុស​ម្នាក់​ តែ​ម៉ែ​គិត​ថា​ ​គាត់​​ស្លាប់​បាត់​​យូរ​ហើយ។ ម៉ែ​ មិន​ដែល​បាន​ជួប​មុខ​​មាត់​គាត់​ទេ​។ ​​​​

​​

​ម្ដាយ​របស់​គេ​បាន​រៀប​ចំ​​​​បង្អែម​ និង​អាហារ​​ ​ហើយ​​ប្រាប់​​អាឡាដាំង​​​ឲ្យ​ទៅ​ហៅ​ពូ​របស់​គេ​មក។

​បុរស​ម្នាក់​​ដែល​​អះអាង​ថា​ជា​ពូ​របស់​អាឡាដាំង​​​បាន​ដើរ​​​​ដោយ​នាំ​​​យក​​ស្រា​ និង​ផ្លែ​ឈើ​​មក​​ជា​មួយ​ផង។ ​ក្រោយ​ពី​ចូល​ដល់​ផ្ទះ​ភ្លាម​ ​​គាត់​បាន​លុត​ជង្គង់​ ​ហើយ​អង្អែល​​​កន្លែង​ដែល​ ​លោក​ ​​ម៊ូស្ដាប៉ា​ ​​ឪពុក​របស់​​ អាឡាដាំង​ ​​​ធ្លាប់​អង្គុយ​ ​រួច​និយាយ​ទៅ​កាន់​ម្ដាយ​របស់​​អាឡាដាំង​ថា​ ​​​​​៖

កុំ​​​ភ្ញាក់​ផ្អើល​​​​​​អី។ ​នាង​​មិន​ដែល​បាន​​ជួប​​ខ្ញុំ​ទេ​ ​​ព្រោះ​​ថា​ ​​​ខ្ញុំ​បាន​​ចាក​ចេញ​ពី​​ប្រទេស​ជាង​​ ​៤០​ឆ្នាំ​ហើយ។

​​​​​​​​ដោយ​​និយាយ​បាន​បន្តិច​ ​គាត់​​បាន​​​បែរ​​​ទៅ​​មើល​​មុខ​ ​អាឡាដាំង​​ ហើយ​​​សួរ​​ទៅ​គេ​​ថា​ ៖​

ឯង​​ចង់​ធ្វើ​ជំនួញ​អី​អត់​ក្មួយ? ​

​​ដោយ​ឮ​បែប​​​នេះ​ ​​​​ម្ដាយ​​អាឡាដាំង​​បាន​ស្រស់​ទឹក​​ភ្នែក​​​ដោយ​​មាន​​សង្ឃឹម​ថា​​​​គាត់​​នឹង​មាន​សង្ឃឹម​​ថា​ ពូ​របស់​អាឡាដាំង​នឹង​អាច​កែ​ប្រែ​អាឡាដាំង​បាន។  ​​​ម្ដាយ​​អាឡាដាំង​ ​​ក៏​នឹក​ស្រណោះ​ដល់​ប្ដី​​គាត់​ដែរ​ បើ​សិន​ជា​គាត់​នៅ​រស់​នោះ​​​នឹង​​បាន​ជួប​គ្នា​ជា​​​ប្អូន​គាត់​ នឹង​អាច​​រក​ស៊ី​ជា​មួយ​គ្នា​ មិន​ពិបាក​ដូច​​​សព្វ​ថ្ងៃ​នោះ​ទេ។ ​

​​បុរស​ម្នាក់​នោះ​​ ប្រាប់​​ ​អាឡាដាំង​ ​​ថា​ ​ចង់​ឱ្យ​គេ​មើល​​​ថែ​ហាង​របស់​​​គាត់​​មួយ។

​​​​

​​ក្រោយ​ពី​បាន​ស្នាក់​នៅ​ផ្ទះ​អាឡាដាំង​មួយ​យប់​​​​ ​ពូ​​​អាឡាដាំង​ ​​​បាន​នាំ​ ​អាឡាដាំង​ ​​​​​​​ទៅ​ទិញ​សំលៀកបំពាក់​ថ្មី​ៗ​ ​​ហើយ​នាំ​ដើរ​លេង​ជុំ​វិញ​​ក្រុង​​រហូត​ដល់​យប់​ជ្រៅ​ទើប​ត្រលប់​មក​វិញ។ ​ម្ដាយ​របស់​​អាឡាដាំង​​​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ​​ព្រោះ​​​បាន​ឃើញ​គេ​បាន​ដើរ​លេង​ជា​មួយ​ពូ​គេ ហើយ​​ក៏​គាត់​មាន​សង្ឃឹម​ថា​ គេ​នឹង​​ចេះ​គិត​គូរ​ ជួយ​គ្រួសារ​​ មិន​ដូច​​ពី​មុន​នោះ​ទេ​។

​​​​​​​​​​​​​​

​​​​នៅ​ថ្ងៃ​បន្ទាប់​ ​​​បុរស​ម្នាក់​នោះ​​បាន​​ទៅ​​​​លេង​ក្នុង​សួន​ដ៏​ស្រស់​ស្អាត​​មួយ​កន្លែង​​​ទៀត​ ​នៅ​ក្រៅ​ក្លោង​ទ្វា​​ក្រុង។ ​បន្ទាប់​ពី​ដើរ​លេង​​អស់​​កម្លាំង​​ ​​អ្នក​ទាំង​ពីរ​បាន​អង្គុយ​នៅ​កន្លែង​​បាញ់​ទឹក​ ហើយ​​​​ពូ​ អាឡាដាំង​ ​​​ក៏​បាន​យក​​នំ​​ដែល​គាត់​ទុក​​ក្នុង​សម្ពាយ​​រុំ​​ជាប់​ចង្កេះ​​​ ​​ចែក​ជា​ពីរ​​ចំណែក​ ​ដោយ​មួយ​ចំណែក​ហុច​ទៅ​ឲ្យ​អាឡាដាំង​ និង​មួយ​ចំណែក​​ទៀត​ទុក​សម្រាប់​ខ្លួន​គាត់។ ​​​ក្រោយ​ពី​អង្គុយ​មួយ​សន្ទុះ​​ ​អ្នក​ទាំង​ពីរ ​​បាន​​បន្ត​​ដំណើរ​​​ឡើយ​ភ្នំ​ទៀត។ ​ដោយ​មិន​ធ្លាប់​​​ឡើង​ភ្នំ​​​​ពី​មុន​មក​ ក្រោយ​ពី​ឡើង​បាន​មួយ​ស្របក់​ ​អាឡាដាំង​ ​​ ​​​ហត់​ អស់​កម្លាំង​ ហើយ​ក៏​​សុំ​​ពូ​​​គេ​​​​​គេ​ទៅ​ផ្ទះ​វិញ។ ​

ពូ​​​គេ​ មិន​បាន​​អនុញ្ញាត​ឲ្យ​​ទៅ​ផ្ទះ​​ភ្លាម​នោះ​ទេ​​ ​ដោយ​គាត់​អង្គុយ​សម្រាក​បន្តិច​ និង​និយាយ​ពី​នេះ​ពី​នោះ​ ​​​និង​​​បាន​​​និទាន​រឿង​​​កំប្លែង​​ប្រាប់​គេ​ ​ដើម្បី​បន្លប់​អារម្មណ៍​នឿយ​ហត់​ និង​ចង់​ទៅ​ផ្ទះ​វិញ។ ​​​​​​​​​

​​​​សម្រាក​​ប្រហែល​​​មួយ​សន្ទុះ​ ​​អ្នក​​​ទាំង​ពីរ​បាន​​បន្ត​ដំណើរ​ទៅ​​​ឡើង​ភ្នំ​ ​ពីរ​ទៀត​ដែល​មាន​​​ជ្រោះ​ដ៏​ជ្រៅ​ ​មួយ​នៅ​ចំ​កណ្ដាល។ ​

​​​​ក្រោយ​ពី​ឡើង​បាន​បន្តិច​ ​​ពូអាឡាំង​ បាន​ងាក​​ប្រាប់​​ អាឡាដាំង​ ​​ថា​ ​គាត់​នឹង​​​​បង្ហាញ​​​រឿង​ដ៏​អស្ចារ្យ​ប្រាប់​​គេ។ ​

យើង​នឹង​បន្ត​​ដំណើរ​ទៅ​មុខ​ទៀត។ ពូ​នឹង​បង្ហាញ​ឯង​​​​នូវ​របស់​​ដ៏​អស្ចារ្យ​​មួយ​ ​ដែល​ឯង​មិន​ដែល​​​ឯង​មិន​ដែល​ធ្លាប់​ឃើញ​ពី​មុន​មក​។ ​ឯង​ទៅ​ប្រមូល​​​​កម្ទេច​អុស​មក​ ​យើង​​នឹង​ដុត​ភ្លើង​ឲ្យ​ឯង​មើល។

​តាម​ពិត​ទៅ​បុរស​ម្នាក់​​នេះ​បាន​រៀន​សិល្ប៍​វិជ្ជា​ មន្ត​អាគម​អូមអាម​ ​អស់​​ពេល​ជា​ច្រើន​ឆ្នាំ​ តែ​មិន​ដែល​​​​មក​រស់​នៅ​ទឹក​ដី​អាណាចក្រ​​ដែល​គ្រប់​គ្រង​ដោយ​​ព្រះ​ចៅ​ស៊ុលតង់​នោះ​ទេ។

​​​​​​

​​ក្រោយ​ពី​អាឡាដាំង​ទៅ​យក​កម្ទេច​ឧស​មក​ហើយ​ ​រំពេច​នោះ​ ពូ​ ​​​អាឡាដាំង  ​​បាន​សូត្រ​មន្តអាគម​ ​​​​និង​បាន​បញ្ចេញ​ថាមពល​ធ្វើ​ឱ្យ​កក្រើក​​ភ្នំ​។ ​ស្រាប់​តែ​ពេល​នោះ​ ​​​ដី​នៅ​លើ​​កំពូល​​ភ្នំ​បាន​​​រង្គើ​​ម្ដង​បន្តិច​ៗ ​​រួច​​​​ប្រេះ​​បែក​នៅ​ចំ​មុខ​​អាឡាដាំង​​។ ​ក្រោយ​មក​ ​​បុរស​ម្នាក់​នោះ​បាន​បង្ហាញ​​ផ្ទាំង​ថ្ម​​រាង​​សំប៉ែត​​ការ៉េ​​នៅ​​ក្បែរ​នោះ​ ​ដោយ​​​មាន​កង​​​ដែក​ផុស​ចេញ​មក ​សម្រាប់​​បើក។

​​​អាឡាដាំង​ បាន​ឃើញ​បែប​នេះ​ មាន​អារម្មណ៍​ភិតភ័យ​យ៉ាង​ខ្លាំង​ ​​ហើយ​ប្រុង​រត់​ចេញ​ពី​បុរស​ម្នាក់​នោះ​​ ​ប៉ុន្តែ​ត្រូវ​បុរស​​នោះ​​​ឃាត់​មិន​ឱ្យ​ទៅ​ណា​នោះ​ទេ។

​អាឡាដាំង​ បាន​សួរ​ពូ​គេ​ទាំង​​ភ័យតក្កមា​ថា​​​៖ ​

​-តើ​ពូ​កំពុង​ធ្វើ​អ្វី​ហ្នឹង? ​​​បុរស​​នោះ​ ​បាន​ឆ្លើយ​ដោយ​សម្ដី​ទន់​ភ្លន់​​ទៅ​​វិញ​ថា ៖​

-កុំ​ភ័យ​​​អី​ក្មួយ​​។ ​​​យើង​​​មាន​កំណប់​ទ្រព្យ​​ដ៏​មាន​​តម្លៃ​​ ​នៅ​ខាង​ក្រោម​ផ្ទាំង​ថ្ម​​​​​ក្នុង​រូង​ភ្នំ​​ខាង​ក្រោម​។ ​​គ្មាន​នរណា​ម្នាក់​អាច​ប៉ះ​ពាល់​​បាន​នោះ​ទេ​ តែ​ឯង​ត្រូវ​ធ្វើ​តាម​យើង​​​​ ទើប​​ឯង​អាច​យក​វា​បាន។ ​​

​​ដោយ​ឮ​​ថា​ ​មាន​កំណប់​ អាឡាដាំង​​ ​បាត់​អស់​ភាព​ភ័យ​ខ្លាច​ ​ហើយ​បាន​ចាប់​កាន់​​​​ដែក​​​​ទំពក់​ ​ដោយ​​​​​នឹក​ទៅ​ដល់​​ឈ្មោះ​​ឪពុក​ ​ម៉ែ​ ​និង​​យាយ​របស់​គេ​​ ក្នុង​ទឹក​ចិត្ត​ដ៏​មុះ​មុត​ថា​​នឹង​យក​​កំណប់​នោះ​ឱ្យ​ទាល់​តែ​បាន។

​បន្តិច​ក្រោយ​មក​​ ​ផ្ទាំង​​ថ្ម​ ​នៅ​លើ​​ភ្នំ​នោះ​​ ក៏​​បាន​រំកិល​ចេញ​ ហើយ​ក៏​ឃើញ​មាន​​​​​​ជណ្ដើរ​ជា​ច្រើន​កាំ​ចូល​ទៅ​ក្នុង​រូង​ភ្នំ។ ​

​​​​​បុរស​នោះ​បាន​និយាយ​ទៅ​កាន់​អាឡាដាំង​ថា​ ៖  

-ឯង​ចុះ​ទៅ​ក្រោម​ទៅ។ ​​ទៅ​តាម​ជណ្ដើរ​នោះ​​ ឯង​នឹង​ឃើញ​​​ទ្វា​បើក​ចំហ​​មួយ​​​​​ រួច​ដើរ​ចូល​ទ្វា​នោះ​ទៅ​ ឯង​នឹង​ឃើញ​​​បន្ទប់​ធំៗ​ចំនួន​បី​រួច​​ឯង​​ត្រូវ​ដើរ​កាត់​បន្ទប់​ទាំង​បី​នោះ​​​​ទៅ​​មុខ​ត្រង់​​ ​​​តែ​មិន​ត្រូវ​ប៉ះពាល់​អ្វី​ទាំង​អស់​ បើ​មិន​ដូច្នោះ​ទេ​ ឯង​​នឹង​ស្លាប់​នៅ​ក្នុង​រូង​ភ្នំ​នោះ​ជា​មិន​ខាន។ ​ឆ្លង​កាត់​បន្ទាប់​ទាំង​បី​​នោះ​ ​​ឯង​នឹង​ទៅ​ដល់​​​​សួន​​​មួយ​ដែល​មាន​ដើម​ឈើ​​ដ៏​ស្រស់​បំព្រង។​ ​​​ឯង​ត្រូវ​បន្ត​ដំណើរ​​ឆ្លង​កាន់​សួន​នោះ​ ​ទៅ​​មុខ​ទៀត​ ​​រហូត​ដល់​​ឃើញ​​​​​​​កន្លែង​ដែល​មាន​​ចង្កៀង​មួយ​​កំពុង​​តែ​​ឆេះ​មួយ​។ ​ក្មួយ​ឯង​ត្រូវ​ចាក់​ប្រេង​ពី​ចង្កៀង​នោះ​ ​ចេញ​ហើយ​យក​ចង្កៀង​នោះ​មក​ឱ្យ​យើង។

​​​​​​​​​​​​បន្ទាប់​មក​​បុរស​ម្នាក់​នោះ​ បាន​​ជប់​ចិញ្ចៀន​​ដោយ​ប្រើ​​​ប្រាម​ដៃ​របស់​​គាត់​គូរ​ជា​រាង​ចិញ្ចៀន​​​ រួច​ហុច​ទៅ​ឲ្យ​អាឡាដាំង​​ ហើយ​និយាយ​​​ទៅ​កាន់​​រូប​​អាឡាដាំង​ថា​ ៖​ ឯង​​យក​ចិញ្ចៀន​នេះ​​ពាក់​ទៅ​ក្មួយ។​ ​ ថែ​រក្សា​ខ្លួន​ណា​។ ​​ឯង​ ត្រូវ​យក​​​ចង្កៀង​នោះ​​យក​មក​​ឱ្យ​យើង​ឱ្យ​បាន​ណា។

​ក្រោយ​ពី​ចូល​​​​ទៅ​ក្នុង​រូង​ភ្នំ​បាន​បន្តិច ​​អាឡាដាំង​ បាន​ឃើញ​អ្វី​ៗ​គ្រប់​​យ៉ាង​​​​ដូច​ដែល​​បុរស​ម្នាក់​នោះ​​បាន​ប្រាប់។

​គេ​បាន​ដើរ​​កាត់​តាម​​ជណ្ដើរ​នៅ​ក្នុង​រូង​​ភ្នំ​នោះ​ ​ហើយ​ថែម​ទាំង​​បាន​​​យក​ផ្លែ​ឈើ​មក​ជា​មួយ​ផង​ ព្រម​ទាំង​បាន​រក​ឃើញ​ចង្កៀង​​ដូច​​ដែល​បុរស​ម្នាក់​នោះ​ប្រាប់​អីចឹង។ ​​

​នៅ​ពេល​ដែល​​អាឡាដាំង​​​យក​ចង្កៀង​នោះ​បាន​ហើយ​ គេ​ក៏​ប្រញាប់​រត់​ចេញ​ពី​​រូង​ភ្នំ​វិញ។ ​​​ខណៈ​​ពេល​​កំពុង​រត់​ជិត​​ផុត​មាត់​​រូង​ភ្នំ​ហើយ​ ​ស្រាប់​តែ​បុរស​ម្នាក់​នោះ​​បន្លឺ​សំឡេង​​ ដ៏​គួរ​ឱ្យ​ខ្លាច​ និង​ខ្លាំង​ៗ​​ដាក់​អាឡាដាំង​ថា​ ៖ 

-​រត់​ឲ្យ​​លឿន​មក​ ​​ហើយ​ឱ្យ​​​​ចង្កៀង​​​មក​យើង​ភ្លាម។​

​ឮ​បែប​នេះ​ ​​ធ្វើ​​​ឱ្យ​អាឡាដាំង​ភ្ញាក់​​ខ្លួន​ព្រើត​តែ​ម្ដង​ តែ​​គេ​មិន​បាន​ឱ្យ​​ទៅ​បុរស​​នោះ​ទេ។​ ​គេ​ព្យាយាម​រត់​គេច​​ដើម្បី​​ចេញ​​ឱ្យ​ផុត​ពី​​រូង​ភ្នំ។​ បន្ទាប់​មក​ ​បុរស​នោះ​ខឹង​យ៉ាង​ខ្លាំង​ ព្រោះ​ថា​​​អាឡាដាំង​មិន​ព្រម​ឱ្យ​ចង្កៀង​​​នោះ​ទៅ​គេ​។ ​រំពេច​នោះ​​ ​​​ផ្ទាំង​​ថ្ម​​មួយ​​ផ្ទាំង​ធំ​ ​ក៏​បាន​​​​ហោះ​ទៅ​ទីតាំង​ដើម​របស់​វា​វិញ​ បិទ​ជិត​​រូង​​ភ្នំ​នោះ​​​​ដែល​អាឡាដាំង​បាន​ចូល​ទៅ​ចង្កៀង​នោះ​​ ​ហើយ​អ្វី​ៗ​គ្រប់​យ៉ាង​​បាន​ប្រែ​ជា​មាន​ស្ថានភាព​ដូច​ដើម​វិញ។ ​

​​ស្រប​ពេល​ងងឹត​ផង​​ ​​អាឡាដាំង​បាន​គេច​ផុត​ពី​ក្រញាំ​​ដៃ​បុរស​ម្នាក់​នោះ។ ​​​​

​​​​​​​​​​​​ដោយ​យក​ចង្កៀង​​មិន​បាន​សម្រេច​ ​​​​ហើយ​គិត​ថា​អាឡាដាំង​ប្រហែល​នឹង​ស្លាប់​នៅ​ក្នុង​រូង​​ភ្នំ​នោះ​ផង​ ​​បុរស​​​ម្នាក់​នោះ​ ​ក៏​បាន​​ចាក​ចេញ​​ពី​​អាណាចក្រ​ពែក្យ​​​​ត្រលប់​​ទៅ​អាហ្វ្រិក​វិញ​។

​​តាម​ពិត​ទៅ​​ ​បុរស​​​​ម្នាក់​នោះ​ ​​មិន​មែន​ជា​ពូ​របស់​​អាឡាដាំង​នោះ​ទេ​ តែ​គេ​ជា​​​ជន​ដែល​បាន​​រៀន​សិល្បសាស្ត្រ​ ​និ​​​​គម្ពីរ​វេទ​​ ​​និង​បាន​អាន​​សៀវភៅ​​បាន​ដឹង​ពី​រឿង​​​ចង្កៀង​​ទិព្វ​​ក្នុង​រូង​ភ្នំ​​នោះ​​។ ​​ចង្កៀង​នោះ​ ​​​​​​នឹង​អាច​ធ្វើ​ឲ្យ​​​គេ​​កាន់​តែ​មាន​​ថាមពល​​ ​រស់​នៅ​ជា​អមត​ ​និង​​​ក្លាយ​ជា​បុរស​​ដែល​ខ្លាំង​ជាង​គេ​ក្នុង​លោក។

​​​​មាន​តែ​គេ​​បុរស​ម្នាក់​នេះ​គត់​ ​ដែល​បាន​​ដឹង​​ពី​រឿង​ចង្កៀង​នេះ​គេ​មិន​អាច​ទៅ​​យក​ចង្កៀង​នោះ​​ដោយ​ផ្ទាល់​ដៃ​បាន​នោះ​ទេ​ ព្រោះ​ថា​​ក្នុង​រូង​ភ្នំ​នោះ​អាច​នឹង​មាន​វត្ថុ​ការពារ​ ដែល​អាច​សម្លាប់​ជីវិត​គេ​បាន​ជា​យថាហេតុ។ ​អីចឹង​បាន​ជា​គេ​​​ ​​ប្រើ​ប្រាស់​អាឡាដាំង​​ដើម្បី​សម្រេច​បំណង​របស់​គេ​។ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ​គោល​បំណង​បែរ​ជា​រលាយ​សាប​សូន្យ​ទៅ​វិញ។ ​

​​ក្រោយ​ពី​គេច​ខ្លួន​រួច​ ​​​អាឡាដាំង​បាន​ជាប់​នៅ​ក្នុង​ព្រៃ​​ងងឹត​​​​​រយៈ​ពេល​ពីរ​បី​​ថ្ងៃ​។​ គេ​យំ​ផង​ និង​ដើរ​រហូត​ដល់​ទន់​ជង្គង់​ទៅ​មុខ​លែង​រួច​។ ​​ដោយ​អស់​សង្ឃឹម​ និង​គិត​ថា​ ជីវិត​របស់​គេ​ប្រហែល​ជា​នឹង​ចោល​នៅ​ក្នុង​ព្រៃ​នោះ​​​ ​អាឡាដាំង​បាន​លើក​ដៃ​សំពះ​​ ​អង្វរករ​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​ព្រៃ​នោះ​​ឱ្យ​ជួយ​​គេ​ផង។ ​​​

​​ក្រោយ​ពី​និយាយ​ចប់​ គេ​​ស្រាប់​តែ​នឹក​​ឃើញ​ចិញ្ចៀន​ដែល​បុរស​ម្នាក់​នោះ​​​បាន​ឱ្យ​គេ​ មុន​ចូល​​ទៅ​យក​ចង្កៀង។ ​អាឡាដាំង​ ​​​បាន​យក​ដៃ​ទៅ​អង្អែល​ចិញ្ចៀន​នោះ។ ​អង្អែល​ៗ​​ស្រាប់​តែ​​មាន​​​អារក្ស​ហោះ​ចេញ​ពី​ចិញ្ចៀន​នោះ​​ ដែល​ធ្វើ​ឱ្យ​អាឡាដាំង​ភិត​ភ័យ​យ៉ាង​ខ្លាំង។ អារក្ស​ចិញ្ចៀន​បាន​និយាយ​ទៅ​កាន់​រូប​គេ​ថា​ ៖ 

​​​​​​​​​​​​​-​​​​កុំ​ភ័យ​អី។ ខ្ញុំ​ជា​អារក្ស​​​ជា​ចិញ្ចៀន​ ដែល​រស់​នៅ​ក្នុង​ចិញ្ចៀន​នេះ។ ​​  តើ​លោក​ម្ចាស់​ចង់​បាន​អ្វី?​ ខ្ញុំ​​​​អាច​​​ជួយ​លោក​ម្ចាស់​បាន។ ​

​ដោយ​ឮ​បែប​នេះ​​ ​អាឡាដាំង​ ហាក់​មាន​កម្លាំង​ និង​សង្ឃឹម​ឡើង​វិញ ​រួច​បាន​​​ឆ្លើយ​តប​​​ទៅ​កាន់​អារក្ស​ចិញ្ចៀន​​ដោយ​ទឹក​មុខ​រីក​រាយ​ទៅ​វិញ​ថា​​ ​​ ៖

​-​យក​យើង​ចេញ​ពី​ទី​នេះ​ទៅ។ ​

​​អារក្ស​ចិញ្ចៀន​ ក៏​បាន​នាំ​​ ​អាឡាដាំង​​​ ​​បាន​ឃើញ​ពន្លឺ​ថ្ងៃ​វិញ ​ហើយ​គេ​ក៏​បាន​ទៅ​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព។

​នៅ​ពេល​ដែល​អាឡាដាំង​ ​​ទៅ​ដល់​ផ្ទះ​ គេ​បាន​​​បាន​ប្រាប់​រឿង​​រ៉ាង​ ​គ្រប់​យ៉ង​ដល់​ម្ដាយ​របស់​​គេ ហើយ​ថែម​ទាំង​បាន​បង្ហាញ​​​ម្ដាយ​គេ​​ ​​ផ្លែ​ឈើ​​ដែល​គេ​បេះ​បាន​ពី​រូង​ភ្នំ​ថែម​ទៀត​ផង។ ​​​

​អង្គុយ​សន្ទុះ​ ដោយ​ខាន​​ស្គាល់​រសជាតិ​បាយ​ពីរ​បី​ថ្ងៃ​ អាឡាដាំង​​ ក៏​បាន​ឱ្យ​ម្ដាយ​គេ​រៀប​ចំ​អាហារ​ឱ្យ​គេ។

​ម្ដាយ​របស់​គេ​បាន​និយាយ​ទៅ​កាន់​អាឡាដាំង​ថា​ ៖

​-កូន​សំឡាញ់​! ម្ដាយ​​គ្មាន​​បាយ​ទេ។ ​ម្ដាយ​សល់​តែ​​​​សំពត់​នេះ​​ ​​ ​ចាំ​ម្ដាយ​យក​វា​ទៅ​លក់​​ដូរ​យក​បាយ​មក​ឱ្យ​ឯង។

អាឡាដាំង​បាន​​​ឆ្លើយ​ប្រាប់​ម្ដាយ​វិញ​ថា​ ៖

-ម៉ែ​ មិន​បាច់​លក់​សំពត់​នេះ​ទេ ចាំ​ខ្ញុំ​យក​ចង្កៀង​នេះ​ទៅ​លក់​វិញ​ម៉ែ។​ ​​នេះ​នែ…​ម៉ែ​​​​យក​ទៅ​លក់​ទៅ។

​​ដោយ​សារ​តែ​ចង្កៀង​​នោះ​ប្រឡាក់​ប្រឡូស​ពេក​ ​ម្ដាយ​របស់​អាឡាដាំង​ ក៏​បាន​យក​វា​ទៅ​ដុះ​លាង​ចេញ​ ដើម្បី​លក់​​​​បាន​តម្លៃ​ថ្លៃ។ ​​កំពុង​តែ​ដុះ​ៗ​ ​​ស្រាប់​តែ​អារក្ស​​ចង្កៀង​​នោះ​ចេញ​មក​​ ហើយ​សួរ​ទៅ​ម្ដាយ​អាឡាដាំង​ថា​៖ ​​​តើ​​​​នាង​ម្ចាស់​​ចង់​បាន​អ្វី? ​​​ម្ដាយ​​​​អាឡាដាំង​ភ័យ​​ជា​ពន់ពេក​ ​​បន្ទាប់​ពី​ឃើញ​ដូច្នេះ។ ​​​អាឡាដាំង​បាន​ចាប់​​​កាន់​​​​​ចង្កៀង​ ​យ៉ាង​ប្រញាប់​ក្រោយ​ពី​បាន​ឃើញ​អារក្ស​ចង្កៀង​បែប​នេះ។ ​អាឡាដាំង​បាន​និយាយ​ទៅ​កាន់​អារក្ស​​ចង្កៀង​​​ថា​ ​​​ ៖

-​ឯង​ទៅ​រក​​អី​ ឲ្យ​យើង​​ស៊ី​បន្តិច។ ​​​អារក្ស​ចង្កៀង​​នោះ​ បាន​​ជប់​​​​គោម​​​ប្រាក់​​មួយ​ ​​ចាន​ទាប​ប្រាក់​ចំនួន​​១២​ ​​​​ដោយ​មាន​ម្ហូប​​​ពេញ​ចាន​​​។ ក្រៅ​ពី​នេះ​នៅ​មាន​​​​កែវ​ទឹក​ប្រាក់​ពីរ​ទៀត​ រួម​ជា​មួយ​ស្រា​ពីរ​ដប​​ផង។

​​ភ្លាម​ៗ​នោះ​ ម្ដាយ​រ​បស់​អាឡាដាំង​មាន​ការ​ភ្ញាក់​​ផ្អើល​មែន​ទែន ​ស្រែក​​ដោយ​សំឡេង​ភ្ញាក់ផ្អើល​ថា​ ​ ៖ 

-​អាហារ​​​និង​ចាន​មាន​តម្លៃ​ទាំង​នេះ​ បាន​មក​​ពី​​ណា​កូន?

​អាឡាដាំង​​ឆ្លើយ​ទៅ​វិញ​ថា​ ៖ ​ម៉ែ​​ មិន​ចាំ​បាច់​សួរ​ទេ​ ​ពិសា​ទៅ។ ​​

​​ពីរ​នាក់​ម្ដាយ​កូន ​​អង្គុយ​​​ហូប​អាហារ​ពេល​ព្រឹក​​យ៉ាង​ឆ្ងាញ់​​ពិសា​ ​​និង​​​រហូត​ដល់​ពេល​ល្ងាច​ក៏​ហូប​អាហារ​នោះ​ទៀត​។​ អាឡាដឹង​​ ក៏​បាន​​​ប្រាប់​ពី​អាថ៌​​កំបាំង​នៃ​​ចង្កៀង​នោះ​ដល់​​ម្ដាយ។

ដោយ​ភ័យ​ខ្លាច​​ថា​ ​ចង្កៀង​ទិព្វ​នោះ​អាច​បង្ក​​គ្រោះ​ថ្នាក់​ដល់​អាឡាដាំង​ ​ម្ដាយ​របស់​​គេ​​ ក៏​បាន​​ប្រាប់​​ឲ្យ​គេ​លក់​ចោល​​​ ​ហើយ​​កុំ​​ឱ្យ​ធ្វើ​អ្វី​បន្ត​​ទៀត​ជា​មួយ​ចង្កៀង​នោះ។

​​អាឡាដាំង​បាន​ឆ្លើយ​ទៅ​វិញ​ថា​ ៖​

-ទេ​ម៉ែ។ ​ខ្ញុំ​ស្ទើរ​តែ​​បាត់​​បង់​​​ជីវិត​ទម្រាំ​បាន​​ចង្កៀង​នេះ​មក​​។ ​វា​មាន​តម្លៃ​ណាស់​​ យើង​នឹង​បន្ត​ប្រើ​ប្រាស់​វា​ ​ហើយ​​ចិញ្ចៀន​នេះ​ក៏​អីចឹង​ដែរ។ ​​​ខ្ញុំ​មិន​អាច​បោះ​បង់​​វា​ចោល​ដោយ​ទទេ​ៗ​នោះ​ទេ។ ​​

​​ឱ្យ​តែ​​​​​​​អស់​អាហារ​​ ​​​​ ​អារក្ស​ចង្កៀង​​​នឹង​​ជប់​ឱ្យ​​គ្រួសារ​អាឡាដាំង​រាល់​ពេល។ ​ក្រោយ​មក​ទៀត​ អាឡាដាំង​ បាន​លក់​ចាន​​​ប្រាក់​ កែវ​ប្រាក់​ ម្ដង​មួយ​ៗ​ រហូត​ទាល់​តែ​អស់។​ ក្រោយ​ពី​លក់​អស់​ ​​​គេ​ឱ្យ​​អារក្ស​ចិញ្ចៀន​ ​ជប់​ឱ្យ​ថែម​ទៀត។ ​គ្រួសារ​របស់​អាឡាដាំង​​ រស់​នៅ​​ក្នុង​ស្ថានភាព​សុក​ស្រួល​បែប​នេះ​ ​​​​អស់​ពេល​ជា​​ច្រើន​ឆ្នាំ។

​​​​​

​ថ្ងៃ​មួយ​​​​ អាឡាដាំង​ ​ក៏​ដូច​ជា​ពលរដ្ឋ​ផ្សេង​​ទៀត​ ​​បាន​​​ទទួល​​​រាជ​បញ្ជា​របស់​​ស្ដេច​​ស៊ុលតង់​ ​​ដែល​បាន​ប្រកាស​ថា​ ​ឱ្យ​​​ពលរដ្ឋ​​គ្រប់​​រូប​​​​នៅ​ផ្ទះ​គ្រប់​ៗ​គ្នា​ ​បិទ​ទ្វា​ បង្អួច​ ​ដោយ​មិន​ត្រូវ​ចេញ​ទៅ​ណា​ជា​ដាច់​ខាត​ ​ព្រោះ​​​បុត្រី​​​របស់​ព្រះ​អង្គ​​ត្រូវ​ទៅ​ស្រង់​ទឹក​នៅ ​​ក្នុង​ភូមិ​​មិន​ឆ្ងាយ​​ពី​ផ្ទះ​អាឡាដាំង។

​ភ្លាមៗ​នោះ​ អាឡាដាំង​ ​មាន​ចិត្ត​ចង់​ឃើញ​​ព្រះ​ភ័ក្ត្រ​​ទ្រង់​។ ​ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា​​​ ​ស្ត្រី​​ម៊ូស្លីម​​​​ ​​ប្រើ​ស្បៃ​បិទ​មុខ​ដោយ​ទុក​តែ​រង្វង់​​ភ្នែក​តែ​ប៉ុណ្ណោះ​​​តាំង​​ពី​បុរាណកាល​មក​ ចំណែក​ព្រះ​នាង​វិញ​​​ក៏​ដូច​គ្នា​នឹង​ស្ត្រី​​ដទៃ​ទៀត​ដែរ។ ​​

​នៅ​ថ្ងៃ​ដែល​​ព្រះ​នាង​មក​ស្រង់​ទឹក​​​​​ អាឡាដាំង​បាន​ទៅ​​​លាក់​ខ្លួន​នៅ​​​មាត់​ទ្វា​​​​បន្ទប់​ទឹក​ ​ហើយ​​​​លួច​មើល​ព្រះ​ភ័ក្ត្រ​​​​ព្រះ​នាង​​​តាម​​ចន្លោះ​ប្រហោង​​មួយ។ ​​​​​ព្រះ​​នាង​បាន​​ដក​ស្បៃ​មុខ​ចេញ​​​ ​​ពេល​​ដែល​​​យាង​​ចូល​ទៅ​ដល់​​​ក្នុង​បន្ទប់​ទឹក។​ ភ្លាម​នោះ​ធ្វើ​ឱ្យ​អាឡាដាំង​​​​កើត​ចិត្ត​​ស្រលាញ់​​​ព្រះ​នាង​​យ៉ាង​ខ្លាំង។

​បន្ទាប់​ពី​បាន​លួច​​មើល​ព្រះ​ភ័ក្ត្រ​ អាឡាដាំង​បាន​​ត្រលប់​ទៅ​ផ្ទះ​វិញ។ ការណ៍​នេះ​ធ្វើ​ឱ្យ​​ម្ដាយ​គេ​ភិតភ័យ​យ៉ាង​ខ្លាំង​ ​ព្រោះ​គាត់​ដឹង​ថា​កូន​គាត់​ទៅ​លម​លួច​មើល​​បុត្រី​ស្តេច​ស៊ុលតង់​ ​ដែល​នេះ​​​បាន​​ល្មើស​នឹង​​រាជ​បញ្ជា​​របស់​ស្ដេច។

អាឡាដាំង  ​​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​​ថា​ ៖

​-ម៉ែ​ ខ្ញុំ​​ស្រលាញ់​​​បុត្រី​ស្តេច​ស៊ុលតង់​ខ្លាំង​​ណាស់។​​ ​​ខ្ញុំ​មិន​អាច​រស់​នៅ​ដោយ​អត់​​ព្រះ​នាង​ ​បាន​​ទេ ម៉ែ​ត្រូវ​​ចូល​ស្តី​ព្រះនាង​​យក​មក​ធ្វើ​ជា​ប្រពន្ធ​​ឱ្យ​បាន។ ​​ព្រះ​នាង​មាន​សម្រស់​ ​​ស្អាត​គ្មាន​ពីរ​ទេ​​ម៉ែ។

​ឮ​ដូច​នេះ​ ​ម្ដាយ​​​​ក៏​អស់​សំណើច​​​​​ជា​ខ្លាំង​ ​​ព្រោះ​គិត​ថា​អាឡាដាំង​និយាយ​លេង។ ​តែ​​​នេះ​​មិន​មែន​​ជា​ការ​និយាយ​លេង​របស់​​គេ​នោះ​ទេ​ គឺ​​គេ​ចង់​ឱ្យ​ម្ដាយ​ទៅ​ស្ដី​ដណ្ដឹង​​​​ព្រះ​នាង​​ពិត​ប្រាកដ​មែន។

ដោយ​ដឹង​ថា​ អាដាឡាំង​​​​លង់​​ស្រលាញ់​​ព្រះ​នាង​មែន​ទែន​ ហើយ​តែង​តែ​បង្ខំ​ឱ្យ​​គាត់​​ទៅ​ស្តី​ដណ្ដឹង​ ​​គាត់​ក៏​រៀប​ចំ​ខ្លួន​ដើម្បី​ទៅ​ស្ដី​ព្រះ​នាង​ឱ្យ​​អស់​ចិត្ត​កូន​ ដោយ​ទាំង​គ្មាន​​ក្ដី​សង្ឃឹម​បន្តិច​សោះ​ថា​បាន​ជោគជ័យ។ ​​​

​​​​​​​​​​

​​​ម្ដាយ​អាឡាដាំង​ ​​​​បាន​​យក​កន្សែង​បុរាណ​​សម្រាប់​ជូន​មាត់​ ​​និង​យក​មក​ដាក់​ក្នុង​ផ្លែ​ឈើ​​ដែល​បេះ​បាន​ពី​​ចម្ការ​​ដ៏​ស្រស់​ស្អាត​​កាល​​អាឡាដាំង​​ចូល​ទៅ​យក​ចង្កៀង​នៅ​ក្នុង​រូង​ភ្នំ។​

​​ផ្លែ​ឈើ​នោះ​ ​បញ្ចេញ​​ពន្លឺ​​យ៉ាង​ចិញ្ចាចចិញ្ចែង​ ប្រៀប​​បាន​នឹង​គ្រឿង​អលង្ការ​ដ៏​ស្រស់​ស្អាត​ និង​​មាន​តម្លៃ​​បំផុត។ ​ម្ដាយ​​​​អាឡាដាំង​ ក៏​បាន​​​​​​ត្រៀម​​​​គ្រឿង​​រណ្ដាប់​នោះ​​​ ​​​​​ប៉ុនប៉ង​យក​ទៅ​ថ្វាយ​​ស្តេច​ស៊ុលតង់​ ​​ឱ្យ​បាន​ ​តែ​​ពិបាក​បន្តិច​សម្រាប់​រូប​គាត់ ​​ក្នុង​ឋានៈ​ជា​រាស្ត្រ​ធម្មតា​​​​ដើម្បី​បាន​​ចូល​ទៅ​​ក្នុង​​រាជវាំង​ ជា​ពិសេស​ទៅ​​កន្លែង​ជំនំ​ដែល​​​ព្រះ​​អង្គ​​ម្ចាស់​​​តែង​តែ​ជួប​ប្រជុំ​​ជា​មួយ​មន្ត្រី​ និង​​រាស្ត្រ​ម្ដងម្កាល។

​​នៅ​ពេល​ទៅ​ដល់​ព្រះ​រាជវាំង​ ​​​​​​​​​​ម្ដាយ​អាឡាដាំង​បាន​​​​សុំ​​​ការ​អនុញ្ញាត​ពី​​​អមាត្យ​រាជវាំង​​ចូល​​ក្នុង​​បន្ទប់​ជំនុំ។ ​​ក្រុម​អមាត្យ​ក៏​បាន​នាំ​​ម្ដាយ​​អាឡាដាំង​ចូល​ ដោយ​ដាក់​គាត់​អង្គុយ​នៅ​ទី​ជំនុំ​​ ​​​ដែល​អាច​​ឱ្យ​​ស្តេច​​ស៊ុលតង់​​ទត​ឃើញ​ តែ​មិន​មែន​នៅ​ជិត​ស្តេច​ប៉ុន្មាន​ទេ។ ​​

​​​​ក្នុង​រយៈ​ពេល​​ជិត​​មួយ​សប្ដាហ៍​ ស្តេច​​ស៊ុលតង់​ មិន​បាន​ចាប់​អារម្មណ៍​នឹង​គាត់​សោះ​ ​បើ​ទោះ​បី​ជា​​គាត់​​ទៅ​​អង្គុយ​កន្លែង​ដដែល​ៗ​ ​ក្នុង​​បន្ទប់​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ​​ក៏​ដោយ។ ​នេះ​ក៏​ព្រោះ​ថា​ព្រះ​អង្គ​ជាប់​រាជកិច្ច​​ច្រើន។ ​

​​​ក្រោយ​ពី​​ទត​ឃើញ​​​​ម្ដាយ​អាឡាដាំង​​​មក​ជា​រៀង​រាល់​ថ្ងៃ​​ ​ព្រះ​អង្គ​​​ ​​ក៏​នឹក​ឆ្ងល់​ ហើយ​បាន​បញ្ជា​​ទៅ​ពួក​អមាត្យ​​ ​​ទៅ​​ម្ដាយ​អាឡាដាំង​ឱ្យ​ចូល​គាល់​ទ្រង់​​​នៅ​ថ្ងៃ​​បន្ទាប់៖ ​

​-​​​​នែ​ អមាត្យ​…យើង​​ឃើញ​ ​​ស្ត្រី​ម្នាក់​​​​នោះ​មក​អង្គុយ​ទៅ​នី​នោះ​​រាល់​ថ្ងៃ​។ ដៃ​​​កាន់​កន្សែង​​​ចាំង​ចិញ្ចាច​ដូច​មាន​អ្វី​ចង់​គាល់​យើង។ ​​ថ្ងៃ​ស្អែក​​​ ​ហៅ​គាត់​​​​ឱ្យ​មក​ចូល​គាល់​​យើង​?​​​​​​​​​​​​​​​​​

​​​​ថ្ងៃ​បន្ទាប់​​ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​អមាត្យ​​ ​​ម្ដាយ​អាឡាដាំង​បាន​​​​ចូល​​ខាង​ក្នុង​ជំនុំ​​​​ ​​កន្លែង​​មន្ត្រី​​​វាំង​​ប្រជុំ​ជា​មួយ​ព្រះអង្គ​​​ រួច​​​ក៏​លត់​ជង្គង់​នៅ​ចំពោះ​​​​​​ព្រះ​ភ័ក្ត្រ​ស្តេច​ស៊ុលតង់។ ​​គាត់​នៅ​អង្គុយ​នៅ​ទីនោះ​​រហូត​​ដល់​​ ​​​ព្រះ​អង្គ​​​ចេញ​ព្រះ​រាជ​អនុញ្ញាត​​ឱ្យ​​​ក្រោក​ឡើង។

នៅ​ពេល​ជួប​​ព្រះ​ភក្ត្រ​​ព្រះ​អង្គ​ភ្លាម​ ​​​គាត់​ហាក់​ដូច​ជា​​​ធ្វើ​ស្ទាក់ស្ទើរ​​ ​​​មិន​​ហ៊ាន​​​ទូល​ព្រះ​អង្គ​ពី​​​រឿង​នោះ​ទេ។ ​ព្រះ​អង្គ​ក៏​បាន​​​ឱ្យ​មន្ត្រី​ ​​​អមាត្យ​​ទាំង​អស់​ចេញ​​ពី​ក្នុង​បន្ទប់។  ម្ដាយ​របស់​អាឡាដាំង​ក៏​​បាន​រៀប​រាប់​​​​រឿង​​កូន​របស់​គាត់​ ​​ថ្លើម​ធំ​ហ៊ាន​​ទៅ​លួច​ស្រលាញ់​បុត្រី​របស់​ព្រះ​អង្គ​ថ្វាយ​ទ្រង់។

​ម្ដាយ​​អាឡាដាំង​ ​បាន​​ទូល​​ព្រះ​អង្គ​ថា​ ​៖

-ខ្ញុំ​ព្រះ​ករុណា​​បាន​ហាម​ឃាត់​វា​ដែរ​ តែ​វា​នៅ​​តែ​គំរាម​ខ្ញុំ​ព្រះ​ករុណា​ ​​មិន​​ឈប់​សោះ​​ឱ្យ​មក​គាល់​ព្រះ​អង្គ​​ដើម្បី​ឱ្យ​ព្រះ​អង្គ​រាជានុញ្ញាត​ចំពោះ​រឿង​នេះ​​​។ ​ខ្ញុំ​ព្រះ​ករុណា​ សូម​អង្វរ​ព្រះ​អង្គ​ មេត្តា​ប្រទាន​​​ទោស​ដល់​ខ្ញុំ​ព្រះករុណា​ និង​កូន​ប្រុស​ខ្ញុំ​ព្រះ​ករុណា​ សូម​​ព្រះ​អង្គ​កុំ​ដាក់​ទោស​ទណ្ឌ​​​អី។ 

​ដោយ​​ដឹង​ថា​ ម្ដាយ​អាឡាដាំង​កាន់​រស់​មាន​​តម្លៃ​នៅ​ក្នុង​ដៃ​ ​​ព្រះ​អង្គ​ក៏​​​​​មាន​ព្រះ​បន្ទូល​​សួរ​ម្ដាយ​អាឡាដាំង​ថា​ ៖​

-តើ​នាង​កាន់​អ្វី​នៅ​ក្នុង​ដៃ?

​​ម្ដាយ​​អាឡាដាំង​ ក៏​​លា​​ក្រណាត់​​ដែល​កាន់​ក្នុង​ដៃ​ និង​បង្ហាញ​ដល់​​​​ព្រះ​អង្គ។ ​ ​​​​​​

​ព្រះ​​​​អង្គ​​ស៊ុលតង់​ ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​​ពី​បាន​​​ទត​​​​វត្ថុ​​ដែល​ភ្លឺ​ចិញ្ចែងចិញ្ចាច​នោះ។ ​​​ព្រះអង្គ​​​​បាន​មាន​ព្រះ​បន្ទូល​​សួរ​ទៅ​អមាត្យ​ថា​ ​​៖ ​​វត្ថុ​នេះ​ជា​អ្វី​​ ​​អមាត្យ? ​តើ​​​យើង ​​​​គួរ​សម្ដែង​នូវ​​ការ​​គោរព​ចំពោះ​​​អ្នក​ដែល​ឱ្យ​តម្លៃ​បុត្រី​យើង​ដល់​ថ្នាក់​ហ្នឹង​ទេ​មែន​ទេ?

​មន្ត្រី​រាជវាំង​ម្នាក់ ​​ដែល​ចង់​​បាន​ព្រះ​នាង​យក​មក​ធ្វើ​ជា​​​កូន​ប្រសា​ដែរ​នោះ​ ​បាន​សុំ​អង្វរ​ស្តេច​ស៊ុលតង់​កុំ​ចេញ​​​​រាជាអនុញ្ញាត​​​លើក​ព្រះ​នាង​​ឱ្យ​អាឡាដាំង។ មន្ត្រី​នោះ​បាន​​អង្វរ​​ព្រះ​អង្គ​​​​​ ​​​ទុក​ពេល​បី​ខែ​​​ដើម្បី​ឱ្យ​កូន​គាត់​អាច​​ស្វែង​រក​​របស់​មាន​តម្លៃ​ជាង​នេះ​​​​ទៅ​ថ្វាយ​ព្រះ​អង្គ​ និង​​អាច​យក​​​បុត្រី​ទ្រង់​ ​ធ្វើ​ជា​កូន​ប្រសា​បាន។

​ស្តេច​​ស៊ុលតង់​ ក៏​យល់​ព្រម​នឹង​រឿង​នេះ​ ហើយ​​ក៏​មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​ម្ដាយ​អាឡាដាំង​ថា​ ៖

-យើង​ទុក​ពេល​បី​ខែ​ទៀត​​​ ​​គឺ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នោះ​ទេ។ សូម​នាង​​​​ កុំ​​មក​រាជវាំង​ទៀត​រយៈ​ពេល​បី​ខែ​នេះ។

អាឡាដាំង​បាន​រង់​ចាំ​យ៉ាង​​អន្ទះសា។ ​​ពីរ​ខែ​ក្រោយ​មក​​ ​ម្ដាយ​អាឡាដាំង​បាន​​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ក្រុង​ដើម្បី​ទិញ​ប្រេង​កាត។ ស្រាប់​តែ​ពេល​នោះ ​​គាត់​បាន​ឃើញ​មនុស្ស​​ម្នា​ជា​ច្រើន​​​ស្លៀកពាក់​សំលៀក​បំពាក់​ស្អាតៗ​​ មើល​ទៅ​ដូច​ជា​បម្រុង​ទៅ​ចូល​រួម​​ពិធី​មង្គលការ​​​របស់​​មន្ត្រី​​មាន​សក្ដិ​ធំ​ណា​ម្នាក់​អីចឹង។ ​គាត់​​ក៏​បាន​សួរ​ទៅ​​បុរស​ម្នាក់​ រួច​បុរស​នោះ​​​ក៏​ឆ្លើយ​ថា​ ៖ 

-អ្នក​មិន​ដឹង​ទេ​ក៏​អី? ​ថ្ងៃ​នេះ​ជា​ថ្ងៃ​​រៀប​អភិសេក​រវាង​​បុត្រី​ព្រះ​អង្គ​​ម្ចាស់​​ស៊ុលតង់​ និង​​​កូន​ប្រុស​​មន្ត្រី​រាជវាំង​​ម្នាក់? ​

ឮ​ដូច្នេះ​ ម្ដាយ​អាឡាដាំង​​ ​​ភ្ញាក់​ផ្អើល​យ៉ាង​​ខ្លាំង​ ព្រោះ​ដឹង​​ថា​​ព្រះ​​​អង្គ​មិន​គោរព​​ព្រះ​រាជ​សន្យា​ជា​មួយ​គាត់។ គាត់​​មិន​បាន​នៅ​ផ្សារ​យូរ​នោះ​ទេ​ ដោយ​រត់​មក​​​ប្រាប់​កូន​ភ្លាម​ៗ​​ពី​រឿង​នេះ។ ​

​ក្រោយ​ពី​ដឹង​រឿង​នេះ​ពី​ម្ដាយ​អស់​ហើយ​ អាឡាដាំង​​​​ខឹង​​​ព្រះ​អង្គ​​​ស៊ុលតង់​យ៉ាង​ខ្លាំង។ គេ​ក៏​បាន​នឹង​ដល់​​ចង្កៀង​ទិព្វ។ ​អាឡាដាំង​​បាន​​យក​​ចង្កៀង​នោះ​មក​អង្អែល​ ​ហើយ​អារក្ស​​ចង្កៀង​​ក៏​ចេញ​មក​ ​រួច​​សួរ​​​ទៅ​អាឡាដាំង​ថា​ ៖​​ តើ​មាន​បញ្ហា​អ្វី​ឬ​លោក​ម្ចាស់?

​អាឡាដាំង​ ​បាន​​ឆ្លើយ​តប​ទៅ​វិញ​ថា​ ៖ ​​ស្តេច​ស៊ុលតង់​បាន​ក្បត់​ព្រះ​រាជ​សន្យា​​ជា​មួយ​​យើង​​ ​ហើយ​កូន​របស់​មន្ត្រី​ជាន់​ខ្ពស់​នោះ​ ​​បាន​បុត្រី​ព្រះ​អង្គ​ធ្វើ​ជា​ប្រពន្ធ​។ ​​ឯង​ត្រូវ​ធ្វើ​តាម​បញ្ជា​របស់​យើង​ គឺ​នៅ​យប់​នេះ ​​ត្រូវ​​​ទៅ​ចាប់​​​កូន​កំលោះ​ និង​​ព្រះ​នាង​ ​ពី​ក្នុង​​ព្រះ​រាជ​ពិធី​​មង្គលការ​​នោះ​ ​យក​មក​ឱ្យ​យើង។

​​អារក្ស​​ចង្កៀង​នោះ​​​​​បាន​​ធ្វើ​តាម​បញ្ជា។ ​អាឡាដាំង​បាន​ទៅ​​​ពួន​នៅ​បន្ទប់​​ជំនុំ​ ​​​​កន្លែង​​ស្ងាត់​​ដែល​​​អាច​​​ឱ្យ​​អារក្ស​​ចង្កៀង​ទិព្វ​​​​​​ហោះ​យក​ព្រះ​ទែន​សយនា​​ ​ដែល​​​បុត្រី​​ស្តេច​ស៊ុលតង់​​ ​និង​​កូន​កំលោះ​កំពុង​ផ្ទំ​យក​​​​​មក​​បាន។ ​​

​​បន្ទាប់​ពី​​អារក្ស​ចង្កៀង​ទិព្វ​យក​អ្នក​ទាំង​ពីរ​មក​ដល់ ​​អាឡាដាំង​ បាន​​​​​ឱ្យ​​​​​អារក្ស​​ចង្កៀង​​យក​កូន​កំលោះ​​ទៅ​ដាក់​នៅ​​កន្លែង​ត្រជាក់​ឆ្ងាយ​​ពី​ទី​នោះ​ ​​ហើយ​រូប​គេ​​ក៏​បាន​ឡើង​ទៅ​​លើ​ព្រះ​ទែន​សយនា​ ​​​ដេក​​ជា​មួយ​ព្រះ​នាង។

-​​កុំ​ភ័យ​អី។ ​​ព្រះ​នាង​ ​​គឺ​ជា​ប្រពន្ធ​របស់​ខ្ញុំ​ម្ចាស់​ហើយ​។ ព្រះ​អង្គ​ម្ចាស់​​​​បិតា​ព្រះ​នាង​ ​​បាន​ក្បត់​ព្រះរាជ​​សន្យា​ជា​មួយ​​ខ្ញុំ​ម្ចាស់​។ ​ព្រះ​នាង​ផ្ទំ​​ទៅ​ ​កុំ​បារម្ភ​អី​​ ខ្ញុំ​ម្ចាស់​មិន​ធ្វើ​បាប​​ព្រះ​នាង​ទេ។ ​​

​ព្រះ​​​នាង​ ​​ភិតភ័យ​យ៉ាង​ខ្លាំង​​ ​មិន​ហ៊ាន​មាន​ព្រះ​សុវណ្ណី​​សូម្បី​តែ​មួយ​ម៉ាត់​ ហើយ​​ព្រះ​នាង​​មិន​បាន​​ផ្ទំ​ពេញ​មួយ​យប់​​​ ​ព្រោះ​​​តែ​ខ្លាច​​​​​អាឡាដាំង​ដែល​​កំពុង​តែ​​ដេក​យ៉ាង​ស្កប់​ស្កល់​​លើ​​​ព្រះ​ទែនសយនា​​​​ជា​មួយ​ព្រះ​នាង។ ​​ដល់​ពេល​ព្រឹក​​ ​​​​អារក្ស​ចង្កៀង​​ ​​បាន​នាំ​​យក​ព្រះ​ទែន​សយនា​ ​នោះ​​ទៅ​កាន់​ព្រះ​រាជវាំង​ដាក់​កន្លែង​ដើម​វិញ​ដោយ​ទុក​តែ​ព្រះ​នាង​​​នៅ​ទីនោះ​ រួច​យក​អាឡាដាំង​ត្រលប់​មក​ផ្ទះ​វិញ។

​នា​ព្រឹក​ព្រលឹម​ ​​​ព្រះ​ចៅ​ស៊ុលតង់​ បាន​​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​​​ព្រះ​នាង​ដូច​សព្វ​មួយ​ដង។ ​​​​ពេល​នោះ​ ​កូន​​ប្រុស​មន្ត្រី​​ ​​ដែល​​បាន​​រៀប​អភិសេក​ជា​មួយ​​ព្រះ​បុត្រី​​​​មិន​ហ៊ាន​ចេញ​ទៅ​ជួប​​ព្រះ​អង្គ​ស៊ុលតង់​ឡើយ។ ចំណែក​ព្រះ​នាង​វិញ​ ​មិន​​មាន​ព្រះ​សុវណ្ណី​ ​​​​​សូម្បី​​មួយ​ម៉ាត់​ និង​​​មាន​ព្រះ​ភក្ត្រ​​​ភិត​ភ័យ​ជា​ខ្លាំង។ ​​​

​ទ្រង់​ទត​ឃើញ​បែប​នេះ​ ​​​ព្រះ​​អង្គ​​​​​ ក៏​បាន​ឱ្យ​​មហេសី​​​ទៅ​មើល​បុត្រី​ដោយ​ចង់​ដឹង​ច្បាស់​ថា ​​​ហេតុ​អ្វី​បុត្រី​មាន​​ព្រះ​ភក្ត្រ​ក្រៀម​ក្រំ​​ម្ល៉េះ។ ​នៅ​ពេល​បាន​ជួប​ព្រះ​មាតា​ ​ព្រះ​​នាង​​បាន​រៀប​រាប់​រឿង​រ៉ាង​ដែល​បាន​កើត​ឡើង​​កាល​ពី​ពេល​រាត្រី​ ​ដោយ​​​​មាន​ព្រះ​សុវណ្ណី​ថា​ ​​​​​ព្រះ​ទែន​សយនា​ ​​របស់​​ព្រះ​​នាង​ត្រូវ​គេ​​​នាំ​យក​ទៅ​ផ្ទះ​ចម្លែក​មួយ។ ​ព្រះ​មាតា​មិន​ជឿ​​​​ព្រះ​បុត្រី​ឡើយ​ ហើយ​គិត​ថា​ ​​ប្រហែល​​​ជា​ព្រះ​បុត្រី​យល់​សប្ដ​​​ ​ផ្ដេសផ្ដាស​ហើយ។ ​​​​​​​

​នៅ​យប់​បន្ទាប់​ ​​អាឡាដាំង​​បន្ត​ធ្វើ​ដូច​កាល​ពី​យប់​ទី​មួយ​ទៀត​​ ហើយ​​ព្រឹក​ឡើង​​​ព្រះ​​នាង​​​ឈប់​មាន​សុវណ្ណី​​​តែ​ម្ដង​​ ​ទោះ​បី​ព្រះ​បិតា​​បាន​សួរ​ជា​ច្រើន​​លើក​ច្រើន​សារ​​​ក៏​ដោយ។ ព្រះ​ចៅ​ស៊ុលតង់​ ​បាន​​​គំរាម​កាត់​ព្រះ​កេសា​​ព្រះ​នាង​ បើ​សិន​ព្រះ​នាង​មិន​ព្រម​​​មាន​​ព្រះ​សុវណ្ណី។ ​​

​ដោយ​សារ​​ព្រះ​បិតា​ ​គំរាម​បែប​នេះ​ ​ព្រះ​នាង​ ​​បាន​ទូល​ព្រះ​​បិតា​ ​​រឿង​រ៉ាង​​ទាំង​អស់​ ​ហើយ​ឱ្យ​ហៅ​កូន​ប្រុស​​មន្ត្រី​​នោះ​មក​សួរ​ទៀត​ផង។ ​​ព្រះ​ចៅ​ស៊ុលតង់​បាន​បញ្ជា​​ឱ្យ​មន្ត្រី​​​​នោះ​ទៅ​សួរ​កូន​​ប្រុស​របស់​ខ្លួន​​មក​សួរ​បញ្ជាក់​ទៀត​ ​ដើម្បី​​ឱ្យ​បាន​ដឹង​ប្រាកដ​ថា​ តើ​ពិត​ជា​មាន​រឿង​រ៉ាង​បែប​នោះ​កើត​ឡើង​មែន​ទេ?​ ​​​​

​​នៅ​ពេល​គ្រប់​បី​ខែ​ អាឡាដាំង​បាន​​ឱ្យ​ម្ដាយ​មក​រំលឹក​ព្រះ​ចៅ​ស៊ុលតង់​ម្ដង​ទៀត។ ​​​ នៅ​ពេល​​ទ្រង់​ទត​ព្រះភក្ត្រ​​ឃើញ​​​ម្ដាយ​អាឡាដាំង​​មក​ ​​ព្រះ​អង្គ​បាន​នឹក​ឃើញ​ដល់​ ​​អាឡាដាំង​ ហើយ​ក៏​បាន​ហៅ​​ម្ដាយ​អាឡាំដាំង ​​​ឱ្យ​​ចូល​គាល់​ទ្រង់។ ​

​ដោយ​សារ​តែ​ឃើញ​សំលៀកបំពាក់​ម្ដាយ​អាឡាដាំង​ដែល​មើល​ទៅ​ដឹង​ថា​ ជា​អ្នក​មក​ពី​ត្រកូល​​កសិករ​ ក្រីក្រ​​ ព្រះ​អង្គ​​គ្មាន​​ព្រះ​ទ័យ​បន្តិច​សោះ​ក្នុង​ការ​​​លើក​​ឱ្យ​បុត្រី​ទ្រង់​ឱ្យ​​រៀប​អភិសេក​ជា​មួយ​អាឡាដាំង។ ព្រះ​អង្គ​​ ក៏​បាន​សុំ​យោបល់​ពី​​មន្ត្រី​ជាន់​ខ្ពស់។ មន្ត្រី​ជាន់​ខ្ពស់​បាន​​​​​​ផ្ដល់​​​យោបល់​ថា​ ​ព្រះ​អង្គ​គួរ​​កំណត់​​ថ្លៃ​​បណ្ដាការ​​ខ្ពស់​បំផុត​ដែល​មនុស្ស​ក្នុង​លោក​មិន​រក​​​​ថ្វាយ​​​ព្រះ​អង្គ​​​បាន​ ដូច្នេះ​អាឡាដាំង​ពិត​ជា​​គ្មាន​លទ្ធភាព​​​រៀប​​អភិសេក​​ជា​មួយ​បុត្រី​ព្រះ​អង្គ​​បាន​ឡើយ។ ​

​​​ព្រះ​អង្គ​មាន​​បន្ទូល​​ទៅ​ម្ដាយ​អាឡាដាំង​ថា​ ៖

-យើង​​​ជា​ព្រះ​ចៅ​ស៊ុលតង់…ក្នុង​នាម​ជា​ព្រះ​រាជា​មួយ​អង្គ​ ​​​​ត្រូវ​តែ​ចាំ​ពាក្យ​សន្យា​របស់​គេ​ ហើយ​យើង​ក៏​ចាំ​ពាក្យ​សន្យា​យើង​ដែរ​ ប៉ុន្តែ​កូន​​ប្រុស​​របស់​នាង​ត្រូវ​​យក​មាស​សុទ្ធ​ឱ្យ​យើង​ចំនួន​ ៤០​​ការុង​ ​​  អ្នក​បម្រើ​ស្បែក​ខ្មៅ​ចំនួន​ ៤០​​នាក់​ ​និង​  អ្នក​បម្រើ​ស្បែក​សរ​ជា​ច្រើន​នាក់​​​ដោយ​ត្រូវ​ស្លៀក​ពាក់​ស្អាត​ៗ​បំផុត។ ទៅ​ប្រាប់​គេ​ទៅ​ថា​ យើង​​រង់​ចាំ​​​ចម្លើយ​របស់​គេ។

​​ម្ដាយ​អាឡាដាំង​បាន​​ឱន​ក្រាប​បង្គំ​​​​គោរព​លា​​​ព្រះ​ចៅ​ស៊ុលតង់​ត្រលប់​មក​វិញ​ ​និង​បាន​ត្រលប់​ទៅ​ផ្ទះ​ ដោយ​គិត​ថា​​ ​​កូន​ខ្លួន​​​មិន​អាច​ធ្វើ​បាន​នោះ​ទេ។

​​​មក​​ដល់​ផ្ទះ​ភ្លាម​ ​ម្ដាយ​អាឡាដាំង​បាន​ប្រាប់​​ទៅ​អាឡាដាំង​ថា​ ៖

-ព្រះ​ចៅ​ស៊ុលតង់​កំពុង​រង់​ចាំ​ចម្លើយ​​​​របស់​ឯង។ ​ម៉ែ​ គិត​ថា​​ ​ឯង​មិន​អាច​ធ្វើ​បាន​​តាម​​ការ​​ត្រាស់​បង្គាប់​​របស់​ព្រះ​អង្គ​នោះ​ទេ។ ​​

អាឡាដាំង​ឆ្លើយ​ទៅ​វិញ​ថា ៖ ​

-មិន​​​​ដូច​ម៉ែ​គិត​​ឡើយ​ ​ខ្ញុំ​នឹង​ធ្វើ​​​​​​​​ឱ្យ​បាន​ គឺ​បាន​អស្ចារ្យ​ជាង​ម៉ែ​គិត​​ទៅ​ទៀត​ ដើម្បី​បាន​ព្រះ​នាង​ដែល​ខ្ញុំ​​​​ស្រលាញ់។

​​​អាឡាដាំង​បាន​ឱ្យ​​​អារក្ស​​​ចង្កៀង​​ជប់​​អ្នក​បម្រើ​​ចំនួន​​​ ៨០​នាក់​​ ​​ ​​ដាក់​ក្នុង​​ផ្ទះ​​​មួយ​ និង​ក្នុង​សួន​ច្បារ ​ហើយ​បាន​ឱ្យ​​​អ្នក​បម្រើ​ទាំង​នោះ​ ​ដើរ​ជា​គូ​​ឆ្ពោះ​​ទៅ​កាន់​​​​ព្រះ​រាជវាំង​​ជា​មួយ​ម្ដាយ​គេ​ ដែល​ម្នាក់​ៗ​បាន​​ស្លៀកពាក់​​​​​​​ថ្មី​ៗ​ ស្អាត​ៗ​ ​​ដោយ​មាន​គ្រឿង​អលង្ការ​លម្អ​ពេញ​ខ្លួន​ទៀត​ផង​ និង​លី​មាស​​លើ​​ស្មា​ម្នាក់​មួយ​ៗ។ ​​ប្រជាពលរដ្ឋ​ ​កក​កុញ​ ​បាន​ចោមរោម​​មើល​ទិដ្ឋភាព​​ដង្ហែ​ចូល​រាជវាំង។ ​​​​

នៅ​ពេល​​​ចូល​ដល់​រាជវាំង​​ ​អ្នក​បម្រើ​​ទាំង​អស់​បាន​​​ឈរ​​​តម្រៀប​គ្នា​ជា​​រាង​​​កន្លះ​រង្វង់​​ ​​ដោយ​ខ្វែង​ដៃ​គ្នា​​នៅ​​ចំពោះ​ព្រះ​ភក្ត្រ​​ព្រះ​​អង្គ​​ស៊ុលតង់។

​ព្រះ​​អង្គ​​ស៊ុលតង់​​ ​​​មាន​​ព្រះ​​​បន្ទូល​​មិន​​​ស្ទាក់​ស្ទើរ​ដូច​មុន​ទៀត​​ឡើយ។ ព្រះ​អង្គ​​បាន​មាន​ព្រះ​ឱង្ការ​​​​ទៅ​កាន់​ម្ដាយ​អាឡាដាំង​ថា​ ៖ ​ល្អ​ហើយ។ នាង​ទៅ​ប្រាប់​កូន​នាង​ថា​ យើង​នៅ​​​​រង់​ចាំ​ទទួល​គេ​ដោយ​​ហត្ថា​ទាំង​ទ្វេ​របស់​យើង។

​ក្រោយ​ពី​​ឮ​បែប​នេះ​​​​ ម្ដាយ​អាឡាដាំង​បាន​ត្រលប់​ទៅ​ប្រាប់​អាឡាដាំង​ភ្លាមៗ​​ ​ប៉ុន្តែ​អាឡាដាំង​​មិន​បាន​មក​ភ្លាម​ៗ​នេះ​ទេ។ គេ​បាន​​ឱ្យ​អារក្ស​​ចង្កៀង​ទិព្វ​​​ ជប់​អាង​ទឹក​ក្រអូប​មួយ​​ ​សំលៀកបំពាក់​​ថ្លៃថ្នូរ​ ​គ្រឿង​អលង្ការ​ ព្រម​​មាន​អ្នក​បម្រើ​២០​ នាក់​ ដើម្បី​​ចាំ​អម​ដំណើរ​គេ​​ដោយ​យក​សេះ​ជា​យាន​​ជំនិះ​ទៅ​ព្រះ​រាជវាំង​។ ​​​

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​​​អាឡាដាំង​បាន​​ឱ្យ​​​អារក្ស​ចង្កៀង​ទិព្វ​​ ​​ជប់​អ្នក​បម្រើ​ដែល​​ស្លៀក​ពាក់​ស្អាត​ៗ​ចំនួន​ ៦​នាក់​ ​​សម្រាប់​ទៅ​រង់​ចាំ​​ទទួល​ម្ដាយ​គេ​ត្រលប់​មក​វិញ​ និង​​ជប់​មាស ​​១០​ពាន់​បន្ទះ​ដាក់​ក្នុង​​​​​ការុង​ធំ​ចំនួន​១០​​​សម្រាប់​ថ្វាយ​​​ព្រះ​ចៅ​ស៊ុលតង់​ទៀត​ផង។

​នៅ​ពេល​​​​អាឡាដាំង​ដើរ​ចូល​ដល់​រាជវាំង​​ ​ ព្រះ​អង្គ​បាន​យាង​ចុះ​ពី​រាង​បល្ល័ង្ក​ ទៅ​ទទួល​ស្វាគមន៍​អាឡាដាំង​ និង​​រៀប​ចំ​កម្មវិធី​​​​ដ៏​អ៊ឹកធឹក​ក្នុង​គោល​បំណង​រៀប​អភិសេក​បុត្រី​​​ព្រះ​អង្គ​​ឱ្យ​អាឡាដាំង​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។ ​ប៉ុន្តែ​អាឡាដាំង​មិន​​បាន​យល់​ព្រម​នឹង​ព្រះ​​អង្គ​​ឱ្យ​រៀប​ចំ​ពិធី​អភិសេក​របស់​ខ្លួន​ជា​មួយ​ព្រះ​នាង​ ​​នៅ​​ថ្ងៃ​នោះ​ទេ​​​ ព្រោះ​គេ​ចង់​ធ្វើ​រាជវាំង​មួយ​ទៀត​​ សម្រាប់​​ខ្លួន​គេ​ ​និង​បុត្រី​ទ្រង់​ ​​​មិន​ចង់​​​រស់​នៅ​ក្នុង​រាជវាំង​​​ព្រះ​អង្គ​​ស៊ុលតង់​ក្រោយ​​រៀប​អភិសេក​ឡើយ។ ​​

នៅ​ពេល​ទៅ​ដល់​ផ្ទះ​  គេ​បាន​ឱ្យ​​អារក្ស​ចង្កៀង​ទិព្វ​​​ ​ធ្វើ​រាជវាំង​មួយ​ពី​ថ្ម​ម៉ាប​ដែល​​​មាន​តម្លៃ​បំផុត​ ដោយ​មាន​ពន្លិច​​ត្បូង​​គ្រប់​ប្រភេទ​នៅ​តាម​​ជញ្ជាំង។ ​នៅ​ចំ​កណ្ដាល​ ​មាន​​​​បន្ទប់​រោង​ជំនុំ​​ដ៏​ធំ​មួយ​ ​​​ដោយ​​ផ្នែក​ខាង​លើ​​ជា​ប៉ម​ខ្ពស់​ត្រដែត​​ ហើយ​​ជញ្ជាំង​ទាំង​បួន​ខាង​លើ​​​​​បិទ​ទៅ​ដោយ​មាស​ និង​ប្រាក់។ ជញ្ជាំង​ម្ខាង​ៗ​ មាន​បង្អួច​ចំនួន​ ៦​ ​ធ្វើ​ពី​ឈើ​ តែ​ទុក​បង្អួច​មួយ​មិន​ទាន់​ធ្វើ​​ឱ្យ​ហើយ​នោះ​ទេ​ ​គឺ​​ទុក​បិទ​ដោយ​ត្បូង​​ និង​ពេជ្រ​មាន​តម្លៃ​បំផុត។ ​ក្រៅ​ពី​នេះ​នៅ​​​​មាន​​សេះ​ អ្នក​ថែ​សេះ​ ​អ្នក​បម្រើ​ជា​ច្រើន​នាក់​។ ​

​ការ​សាង​សង់​ ​រាជវាំង​​ថ្មី​នេះ​​​ ​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ​​អារក្ស​​ចង្កៀង​ទិព្វ​​​បាន​​នាំ​​យក​​​​​ទ្រព្យ​សម្បត្តិ​​​ ​​ អ្នក​បម្រើ​ ​និង​វត្ថុ​មាន​តម្លៃ​​ទៅ​ទុក​​ក្នុង​រាជវាំង​ថ្មី​នោះ​ទៅ​តាម​បញ្ជា​របស់​អាឡាដាំង ហើយ​ពិសេស​ទៅ​ទៀត​នោះ ​​ថែម​ទាំង​បាន​ក្រាល​​កម្រាល​ព្រំ​ពី​រាជវាំង​អាឡាដាំង​​ រហូត​ដល់​រាជវាំង​​ព្រះចៅ​ស៊ុលតង់​​ថែម​ទៀត​​ផង។ ​​

​ម្ដាយ​អាឡាដាំង​បាន​ស្លៀកពាក់​​​សំលៀកបំពាក់​​​​​​ក្នុង​ឫក្សពារ​អ្នក​ថ្លៃថ្នូរ​បំផុត​ ​ដោយ​ហែហម​ដោយ​អ្នក​បម្រើ​ជា​ច្រើន​នាក់​ ​ធ្វើ​ដំណើរ​ទៅ​រាជវាំង​របស់​ព្រះ​ចៅ​ស៊ុលតង់​ ​ដើម្បី​ទៅ​ទទួល​បុត្រី​ព្រះ​​​អង្គ​​មក​រាជវាំង​ថ្មី។ ​​​ព្រះ​ចៅ​ ​ស៊ុលតង់​ ​​បាន​បញ្ជូន​​ក្រុម​អ្នក​ភ្លេង​ ​​ដោយ​មាន​ត្រុំ​ប៉ែត​ និង​ស្គរ​លេង​​តាម​ផ្លូវ​​​យ៉ាង​អ៊ូអរ​​កង​រំពង​រង់​ចាំ​ទទួល​ម្ដាយ​អាឡាដាំង​ទៀត​​ផង។

​ម្ដាយ​អាឡាដាំង​​បាន​​ជួប​បុត្រី​​​ព្រះ​អង្គ​ស៊ុលតង់​​ ​​​ដោយ​បាន​គោរព​​​ព្រះ​នាង​​​​​ក្នុង​ឋានៈ​ជា​​បុត្រី​​ស្តេច​ ​មិន​មែន​​​ជា​កូន​ប្រសា​នោះ​ទេ។ ​​​ពេល​រាត្រី​មក​ដល់​ ​​​​​បុត្រី​ព្រះ​ចៅ​ស៊ុលតង់​ ​​ក្រាប​បង្គំ​​លា​​​ព្រះ​បិតា​ ​ហើយ​បាន​​​​យាង​តាម​កម្រាល​ព្រំ​​​​ ​​មក​រាជវាំង​ថ្មី​ដោយ​ហែហម​ដោយ​ទាសាទាសី​រាប់​រយ​​នាក់​ ​និង​​ព្រះ​មាតា​ក៏​​បាន​យាង​ជូន​ដំណើរ​មក​ដែរ។​ ព្រះ​​នាង​​​នៅ​ថ្ងៃ​នោះ​ ​មាន​សម្រស់​ស្រស់​ស្អាត​ផូរផង់​រក​អ្នក​ណា​​ផ្ទឹម​គ្មាន​។

​មិន​ទាន់​បាន​យាង​ទៅ​ដល់​រាជវាំង​ផង​ ​​​អាឡាដាំង​បាន​រត់​មក​ទទួល​ព្រះ​នាង​​​ដោយ​ទឹក​មុខ​រីក​រាយ​បំផុត។

អាឡាដាំង​ និយាយ​​ទៅ​កាន់​​​​ព្រះ​នាង​ថា​ ៖ ​​បើ​សិន​ព្រះ​នាង​ ​មិន​ពេញ​ចិត្ត​​ខ្ញុំ​ម្ចាស់​ ​​ត្រង់​ណា​ អាច​​មាន​សុវណ្ណី​​ប្រាប់​​បាន​ ​​ខ្ញុំ​ម្ចាស់​​នឹង​កែ​ប្រែ​ការ​តុប​តែង​ខ្លួន​​​ទៅ​តាម​​ចិត្ត​​ព្រះ​នាង។

​ព្រះ​​នាង​ ​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ ៖  ​​​​​ខ្ញុំ​​​​​​មាន​ឆន្ទៈ​គោរព​ និង​ធ្វើ​តាម​​​​ព្រះ​រាជ​សន្យា​​របស់​​​ព្រះ​បិតា​របស់​ខ្ញុំ​​ជា​មួយ​លោក​ ខ្ញុំ​មិន​​យល់​ទាស់​ទេ​។​ ​ពិធី​រៀប​អភិសេក​បាន​ចាប់​ផ្ដើម​ ​អាឡាដាំង​បាន​នាំ​ព្រះនាង​ទៅ​ក្នុង​​រោង​ជំនុំ​ធំ​នៅ​​កណ្ដាល​វាំង​​ ដែល​ជា​កន្លែង​​​ព្រះរាជ​ពិធី​​​​អភិសេក​ប្រារព្ធ​ឡើង​ ហើយ​ព្រះ​នាង​បាន​​សោយ​​អាហារ​រហូត​ដល់​យប់​ជ្រៅ។ ​​​

​ចា​ប់​តាំង​ពី​ពេល​នោះ​មក​ អាឡាដាំង​បាន​ក្លាយ​ជា​​អង្គ​ម្ចាស់​​ដែល​​ប្រសិទ្ធិនាម​ដោយ​ព្រះ​អង្គ​ម្ចាស់​ស៊ុលតង់។ ​

​នៅ​ថ្ងៃ​បន្ទាប់​​​អាឡាដាំង​បាន​​​​អញ្ជើញ​​ព្រះ​ចៅ​ស៊ុលតង់​​​​មក​ទត​ព្រះរាជវាំង​ថ្មី។ ​​បន្ទាប់​ពី​យាង​ចូល​​ក្នុង​រោង​ជំនុំ​ធំ​ចំ​កណ្ដាល​រួច​មក​ ព្រះ​អង្គ​​ទ្រង់​ទត​ព្រះនេត្រ​​ឃើញ​​​ត្បូង​ ពេជ្រ​ ​និង​វត្ថុ​មាន​តម្លៃ​រាប់​សិប​បិទ​​​លម្អ​​នៅ​លើ​ជញ្ជាំង​ ឃើញ​ដូច្នេះ​ទ្រង់​ព្រះ​កន្សែង​​ រួច​ក៏​​មាន​ព្រះ​បន្ទូល​ថា​ ៖​

-ពិត​ជា​ពិភព​​ដ៏​អស្ចារ្យ​​មែន! ​​​វា​ពិត​ជា​ធ្វើ​ឱ្យ​យើង​​ភ្ញាក់​ផ្អើល​បំផុត។​ ​

​ព្រះ​អង្គ​បាន​ងាក​ទៅ​ឃើញ​​​បង្អួច​មួយ​​​មិន​ទាន់​​ជួស​ជុល​ហើយ។​ ទ្រង់​ទត​ឃើញ​ដូច្នេះ​ ​បាន​​​​​​​​មាន​ព្រះ​បន្ទូល​សួរ​ទៅ​ព្រះ​អង្គ​ម្ចាស់​អាឡាដាំង​​ថា​ ៖

-​ហាក…ម៉េច​ក៏​បង្អួច​មួយ​នេះ​នៅ​មិន​ទាន់​ធ្វើ​ហើយ​ទៀត? ​​​រាជធីតុបតី​ (កូន​ប្រសា​​ប្រុស)។

​​​អាឡាដាំង​ ​​​បាន​ឆ្លើយ​​តប​ទ្រង់​វិញ​ថា​ ៖ ​“​​មិន​មែន​ទេ​ ព្រះ​ករុណា​ថ្លៃ​វិសេស។  ខ្ញុំ​ព្រះ​ករុណា​ ទុក​ឱ្យ​​ព្រះ​អង្គ​​ជា​អ្នក​​រចនា​បង្អួច​មួយ​នេះ​។ ​តើ​ទ្រង់​​ចង់​ធ្វើ​​បង្ហើយ​បង្អួច​​មួយ​នេះ​ទេ។

​ព្រះ​ចៅ​ស៊ុលតង់​ក៏​យល់​ព្រម​ជា​មួយ​អាឡាដាំង​ថា​នឹង​ធ្វើ​បង្អួច​​មួយ​នោះ​បង្ហើយ។

​មក​ដល់​ព្រះរាជវាំង​វិញ​ ​​ព្រះ​ចៅ​ស៊ុលតង់​​​​​បាន​​ចេញ​​​រាជ​បញ្ជា​​ឱ្យ​​អ្នក​​ធ្វើ​គ្រឿង​អលង្ការ​​​​ពេញ​​មួយ​រាជធានី​ ​​​​​​ធ្វើ​​បង្អួច​នោះ​ប៉ុន្តែ​អ្នក​ធ្វើ​គ្រឿង​អលង្ការ​ទាំង​អស់​នោះ​ ​​​​​បាន​ទូល​​ទៅ​ព្រះ​អង្គ​វិញ​​​ថា​ ​​ក្នុង​រាជវាំង​មិន​មាន​​គ្រឿង​អលង្ការ​ និង​វត្ថុ​មាន​តម្លៃ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​បង្អួច​​​ឱ្យ​ហើយ​នោះ​ទេ។ ​​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ព្រះ​អង្គ​នៅ​តែ​បញ្ជា​ឱ្យ​ពួក​គេ​​ធ្វើ​ទៀត។ ​​​​​​

​​រយៈ​ពេល​មួយ​ខែ​ បង្អួច​នោះ​ធ្វើ​​បាន​តែ​ពាក់​​កណ្ដាល​ប៉ុណ្ណោះ​ ព្រោះ​អត់​មាន​វត្ថុ​មាន​តម្លៃ​ និង​គ្រឿង​អលង្ការ​​គ្រប់​គ្រាន់។ ​​​​អាឡាដាំង​ ​ដឹង​ថា​ ​ព្រះ​អង្គ​ម្ចាស់​ស៊ុលតង់​ពិត​ជា​មិន​អាច​​ធ្វើ​បង្អួច​នោះ​​ហើយ​ទេ​ ដូច្នេះ​ ​​ក៏​​បាន​​បញ្ជា​ឱ្យ​​​យក​​គ្រឿង​អលង្ការ​ និង​វត្ថុ​មាន​តម្លៃ​ចេញ​ពី​បង្អួច​​​ ​ហើយ​​​យក​ទៅ​ថ្វាយ​ព្រះ​ចៅ​ស៊ុលតង់​វិញ​​ ​​ដោយ​​អាឡាដាំង​ជា​អ្នក​​ធ្វើ​បង្ហើយ។

​ដោយ​បាន​ទទួល​គ្រឿង​អលង្ការ​ និង​វត្ថុ​មាន​តម្លៃ​ទាំង​អស់​នោះ​វិញ​ ​ព្រះ​ចៅ​ស៊ុលតង់​​មាន​ព្រះ​ទ័យ​រីករាយ​យ៉ាង​ខ្លាំង​ ព្រះ​អង្គ​ក៏​យាង​មក​លេង​អាឡាដាំង​ដល់​រាជវាំង។ យាង​ដល់​ព្រះ​រាជវាំង​ ​​ព្រះ​អង្គ​​បាន​ទត​ឃើញ​បង្អួច​នោះ​ជួសជុល​រួច​រាល់​អស់​ហើយ​ ព្រះ​អង្គ​មាន​ព្រះទ័យ​សប្បាយ​រីករាយ​​ និង​ពេញ​​ព្រះ​រាជហឫទ័យ​នឹង​​សម្រស់​​ដ៏​ល្អ​ឯក​នៃ​​​​​បង្អួច​នោះ។ ឃើញ​ដូច្នេះ​ ពួក​​មន្ត្រី​រាជវាំង​​ និង​អមាត្យ​​គិត​ថា​ នេះ​ពិត​ជា​ធ្វើ​ឡើង​ដោយ​ប្រើ​​មន្តអាគម​ជា​មិន​ខាន​ ទើប​​ស្អាត​​​ និង​ធ្វើ​លឿន​ដោយ​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​បែប​នេះ។ ​​​​

​​​​ក្រោយ​ពី​រស់​នៅ​ក្នុង​រាជវាំង​ថ្មី​មិន​​បាន​ប៉ុន្មាន​​ផង​ ប្រជាពលរដ្ឋ​ជា​ច្រើន​​ ​បាន​ស្រលាញ់​​​ពេញ​ចិត្ត​អាឡាដាំង​​ដោយ​សារ​តែ​ឫក្សពារ​​សុភាពរាបសារ​របស់​គេ។ គេ​បាន​ក្លាយ​ជា​​មេទ័ព​ និង​បាន​ដឹក​នាំ​ទ័ព​ទៅ​ច្បាំង​​ឈ្នះ​​ជា​ច្រើន​​សមរភូមិ ​និង​បាន​រស់​នៅ​ដោយ​សុខសាន្ត​ជា​ច្រើន​ឆ្នាំ​​ជា​មួយ​​​បុត្រី​​ព្រះ​អង្គ​ស៊ុលតង់។

​ថ្ងៃ​មួយ​​​ស្រាប់​តែ​​​បុរស​​ចេះ​​មន្ត​អាគម​​​ដែល​បាន​ប្រើ​ប្រាស់​អាឡាដាំង​ឱ្យ​​ទៅ​យក​ចង្កៀង​ទិព្វ​​​រស់​នៅ​​អាហ្វ្រិក​នោះ​ ​បាន​​ដឹង​ថា​​​អាឡាដាំង​​មិន​បាន​ស្លាប់​ក្នុង​រូង​ភ្នំ​​ទេ​ ហើយ​ផ្ទុយ​​ទៅ​វិញ​គេ​ថែម​ទាំង​បាន​​រៀប​អភិសេក​ជា​បុត្រី​ស្តេច​ស៊ុលតង់​​ និង​រស់​នៅ​ក្នុង​ឋានៈ​​ជា​​​​ក្សត្រ​ដ៏​សប្បាយ​​ទៀត​ផង។ ​គេ​ដឹង​ថា​ ភាព​សម្បូរ​សប្បាយ​ និង​ភាព​រុង​រឿង​របស់​អាឡាដាំង​​បាន​មក​ពី​​​ចង្កៀង​ទិព្វ​ដែល​​យក​បាន​ពី​រូង​​ភ្នំ​នោះ។

​គេ​នៅ​​មិន​សុខ​ទេ​ បន្ទាប់​​ពី​បាន​ទទួល​ដំណឹង​នេះ។ ​​គេ​​បាន​ធ្វើ​ដំណើរ​ទាំង​យប់​ទាំង​ថ្ងៃ​​​​ដោយ​កាត់​តាម​រាជធានី​ប្រទេស​ចិន​ ដោយ​ប៉ុន​ប៉ង​ទៅ​ឱ្យ​ដល់​​រាជវាំង​របស់​អាឡាដាំង។

នៅ​ពេល​​បុរស​ចេះ​មហិទ្ធិឫទ្ធិ​ដ៏​អស្ចារ្យ​​ឆ្លង​កាត់​ទីក្រុង​របស់​អាឡាដាំង​ គេ​បាន​ឮ​ពាក្យ​សរសើរ​​​ស្ទើរ​តែ​ចេញ​ពី​មាត់​មនុស្ស​គ្រប់ៗ​​គ្នា​​​ពី​សម្រស់​ដ៏​ល្អ​ឯក​នៃ​​រាជវាំង​របស់​អាឡាដាំង​។  ​​​​​​​

​បុរស​ចេះ​មន្តអាគម​នេះ​​បាន​សួរ​ទៅ​អ្នក​ភូមិ​ម្នាក់​ដែល​គេ​បាន​ជួប​តាម​ផ្លូវ​​ថា​ ៖​

-សូម​ទោស…​​​​លោក​កំពុង​និយាយ​​​ពី​កន្លែង​អស្ចារ្យ​នៅ​ឯ​​ណា​ដែរ​លោក​?

បុរស​​​​នោះ​​​ឆ្លើយ​៖

-តើ​លោក​ធ្លាប់​ឮ​​​ព្រះរាជវាំង​ព្រះ​អង្គ​ម្ចាស់​អាឡាដាំង​ទេ? ​នោះ​គឺ​ជា​អច្ឆរិយ​វត្ថុ​​​ដែល​ស្រស់​ស្អាត​បំផុត​ក្នុង​លោក។ ខ្ញុំ​អាច​នាំ​លោក​ទៅ​មើល​បាន ​​ប្រសិន​បើ​លោក​ចង់​ទៅ​​ឃើញ។ 

​​​បុរស​ចេះ​សិល្បសាស្ត្រ​នោះ​បាន​​អរគុណ​អ្នក​ភូមិ​​ម្នាក់​នោះ​ រួច​ក៏​បន្ត​ដំណើរ​​ឆ្ពោះ​ទៅ​​រាជវាំង​​អាឡាដាំង។ ​បន្ទាប់​ពី​បាន​ឃើញ​រាជវាំង​នោះ​មក​ ​គេ​ដឹង​ថា​ រាជវាំង​នោះ​ ​គឺ​ពិត​ជា​កសាង​ឡើង​ដោយ​អារក្ស​ចង្កៀង​​ទិព្វ​​។​ ​គេ​ខឹង​​អាឡាដាំង​​យ៉ាង​ខ្លាំង​​​ ​ហើយ​គេ​​ប្ដេជ្ញា​ថា​ ​នឹង​យក​ចង្កៀង​ទិព្វ​មក​វិញ​ឱ្យ​បាន​ និង​ធ្វើ​ឱ្យ​អាឡាដាំង​​ក្លាយ​ជា​អ្នក​បំផុត។

​​​​​​​​​​ជួន​ជា​ពេល​​ដែល​អាឡាដាំង​បាន​ទៅ​ប្រពាត​ព្រៃ​​បាញ់​សត្វ​រយៈពេល​​ប្រាំ​បី​ថ្ងៃ​​​ ​ធ្វើ​ឱ្យ​​​រូប​គេ​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​​​​​​ទៅ​យក​ចង្កៀង​ទិព្វ​នោះ​មក​វិញ។ ​​គេ​បាន​រៀប​ឧបាយកល​​មួយ​ ​គឺ​​គេ​​​​ទិញ​ចង្កៀង​​ថ្មី​ចំនួន​​១០​​​ ​​ដាក់​នៅ​ក្នុង​កន្ត្រក​មួយ​ ហើយ​ដើរ​ទៅ​ចូល​ក្នុង​រាជវាំង​ ដោយ​ស្រែក​ពពាយនាយ​ថា​​​ ចង្កៀង​ថ្មី​​​ៗ​​​សម្រាប់​ដូរ​​យក​ចង្កៀង​ចាស់ៗ។ ​

​​​​​​ព្រះ​មហេសី​អាឡាដាំង​បាន​ឮ​ដូច្នេះ​ ក៏​បាន​ចេញ​​​ព្រះរាជ​បញ្ជា​ឱ្យ​​​ទាសី​​ម្នាក់​ចេញ​ទៅ​រក​មើល​ថា​នរណា​ស្រែក​អី​ឡូឡា​នៅ​ក្រៅ​រាជវាំង។

​​ទាសី​នោះ​បាន​ត្រលប់​​មក​វិញ​​ និង​ទូល​ព្រះ​នាង​ថា​ ៖ ​”ព្រះ​ម៉ែ​​ម្ចាស់​​ មាន​បុរស​ម្នាក់​កាន់​ចង្កៀង​​ថ្មី​មួយ​កន្ត្រក​​ ​ដើរ​ពពាយនាយ​ចង់​ដូរ​យក​ចង្កៀង​ចាស់”។ ​

​​អ្នក​បម្រើ​ម្នាក់​ទៀត​​​​ដែល​​អង្គុយ​ក្បែរ​​នោះ​ ​​​​​បាន​​​ទូល​ទៅ​ព្រះ​នាង​ថា​​ ​​៖

-​ព្រះ​ម៉ែ​​ម្ចាស់​​ ​​ក្នុង​រាជវាំង​​មាន​​ចង្កៀង​ចាស់​មួយ​ទុក​នៅ​កែង​​រោង​ជំនុំ​​​។

​តាម​ពិត​ទៅ​ ​ចង្កៀង​ចាស់​នោះ​គឺ​ជា​ចង្កៀង​​​ទិព្វ​ដែល​អាឡាដាំង​​​មិន​បាន​​ដាក់​តាម​​ខ្លួន​​នៅ​ពេល​ដើរ​ទៅ​​បាញ់​សត្វ​ក្នុង​ព្រៃ។​ ​ដោយ​​ព្រះ​មហេសី​អាឡាដាំង​មិន​ដឹង​​​ពី​អានុភាព​នៃ​ចង្កៀង​នោះ​ ក៏​​ឱ្យ​អ្នក​បម្រើ​ដូរ​យក​ចង្កៀង​​ថ្មី​ទៅ។

អ្នក​បម្រើ​ក៏​យក​ចង្កៀង​ទៅ​​ដូរ​បុរស​ម្នាក់​នោះ។

​នៅ​ពេល​បាន​ឃើញ​ចង្កៀង​ចាស់​ភ្លាម​​ ​បុរស​ចេះ​សិល្បសាស្ត្រ​​​​នោះ​ ក៏​បាន​ដូរ​យក​ចង្កៀង​នោះ​ ហើយ​ក៏​ប្រញាប់​ចាក​ចេញ​​ពី​រាជវាំង​ភ្លាម​ៗ​តែ​ម្ដង។ ​គេ​ក៏​បាន​ពួន​​​នៅ​កន្លែង​ស្ងាត់​មួយ​តែ​ម្នាក់​​ឯង​រហូត​ដល់​ពេល​យប់​ជ្រៅ​ គេ​ក៏​ត្រដុស​​ចង្កៀង​នោះ​ រហូត​ដល់​​អារក្ស​ចង្កៀង​ទិព្វ​​ចេញ​មក។ គេ​បាន​បញ្ជា​ឱ្យ​​អារក្ស​​ចង្កៀង​ទិព្វ​​ ហោះ​យក​រូប​គេ​ រាជវាំង​របស់​អាឡាដាំង​​ រួម​ទាំង​មហេសី​​អាឡាដាំង​​​ផង​ ​​ទៅ​​អាហ្វ្រិក​ដែល​​​ជា​ទី​ស្ថាន​​​​គេ​រស់​នៅ​ទីនោះ​ជា​យូរ​មក​ហើយ។ ​​​​

​ព្រឹក​ឡើង​ ​​ព្រះ​ចៅ​ស៊ុលតង់​​តើន​ពី​ដំណេក​​ ហើយ​ក៏​​បើក​ព្រះ​នេត្រ​មើល​ទៅ​​រាជវាំង​របស់​អាឡាដាំង។ ​​ដោយ​​ទត​ព្រះនេត្រ​​​មិន​ឃើញ​​រាជវាំង ​​​​ទ្រង់​ខ្លាច​​ស្រវាំង​ព្រះនេត្រ​​​ ព្រះ​អង្គ​ក៏​​ព្យាយាម​ញី​​ព្រះ​នេត្ត​​​​និង​ទ្រង់​ទត​ម្ដង​ទៀត​ ​​ក៏​នៅ​​​តែ​មិន​ឃើញ​រាជវាំង​​អាឡាដាំង​ទាល់​តែ​សោះ។ ​

​​​ព្រះ​ចៅ​ស៊ុលតង់​ខ្ញាល់​យ៉ាង​ខ្លាំង​ ​ដោយ​​បាន​​ចេញ​រាជ​​បញ្ជា​ឱ្យ​​អមាត្យ​ចេញ​ទៅ​មើល​​ ​ថា​​តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​រាជវាំង​របស់​អាឡាដាំង។​ អមាត្យ​បាន​​ទៅ​ដល់​កន្លែង​ ​​តែ​ពុំ​ឃើញ​អ្វី​ទាំង​អស់​ ​សូម្បី​តែ​ស្លាកស្នាម​បន្តិច​​ក៏​​គ្មាន​ ​ហើយ​អមាត្យ​​​ក៏​បាន​ទូល​​​ព្រះ​អង្គ​​​ថា​ ​រាជវាំង​​ព្រះ​អង្គ​ម្ចាស់​អាឡាដាំង​​រលាយ​​​​​​បាត់​អស់​​​​ហើយ។ ​ព្រះ​អង្គ​​បាន​ជ្រាប​​ថា​ ព្រះ​រាជវាំង​​​​នោះ​ពិត​ជា​កសាង​ឡើង​ដោយ​​​ប្រើ​មន្តអាគម​ជា​មិន​ខាន​បាន​ជា​រលាយ​បាត់​ស្រមោល​លឿន​បែប​នេះ។

​ព្រះ​អង្គ​បាន​ចេញ​រាជ​​បញ្ជា​ឱ្យ​អមាត្យ ​​ និង​ទាហាន​វាំង​ ៣០​​នាក់​​​​ជិះ​សេះ​ទៅ​ចាប់​​អាឡាដាំង​ពី​ក្នុង​ព្រៃ​ដាក់​ច្រវាក់។ ​​ស្រប​ពេល​ដែល​អាឡាដាំង​កំពុង​ជិះ​សេះ ​​​​វិល​មក​រាជវាំង​វិញ​ អមាត្យ​ក៏​ចាប់​អាឡាដាំង​នៅ​តាម​ផ្លូវ​​ដោយ​អូស​​​បណ្ដើរ​មក​តែ​ម្ដង។ ​ប្រជាជន​ដែល​ធ្លាប់​ស្គាល់​ ​ស្រលាញ់​ និង​គោរព​ ​​អាឡាដាំង​​ បាន​រត់​តាម​​មើល​ពួក​អមាត្យ​ចាប់​អាឡាដាំង​​ ​ហើយ​អ្នក​ខ្លះ​ទៀត​ ​មាន​ទាំង​​យក​អាវុធ​មក​ជា​មួយ​ផង​ប៉ុន​ប៉ង​រំដោះ​អាឡាដាំង​​​​ ដោយ​អ្នក​ទាំង​នោះ​ពុំ​​បាន​ដឹង​ថា​ ​អាឡាដាំង​មាន​​ទោស​អ្វី ​​​បាន​ជា​ព្រះ​អង្គ​ចេញ​​ព្រះរាជា​បញ្ជា​ឱ្យ​អមាត្យ​ចាប់​គេ​​ដាក់​​ច្រវាក់​ដូច្នេះ​​។ ​​​​​​

​ក្រុម​អមាត្យ​ របស់​ស្តេច​ស៊ុលតង់​ ​បាន​ចាប់​អុស​​អាឡាដាំង​​​​ទៅ​ដាក់​នៅ​​​កន្លែង​ប្រហារ​ជីវិត​ចំពោះ​មុខ​មហាជន​​ជា​ច្រើន​នាក់។ ​ព្រះ​ចៅ​ស៊ុលតង់​​បាន​បញ្ជា​ឱ្យ​​​​ពេជ្ឈឃាដ​​កាត់​ក្បាល​​អាឡាដាំង​នៅ​ថ្ងៃ​នោះ​តែ​ម្ដង​ ដោយ​ពុំ​ចាំ​បាច់​​​ស្វែង​រក​ហេតុ​ផង​វែង​ឆ្ងាយ​ឡើយ។

​​​​​ពេជ្ឈឃាដ​​បាន​​រុញ​អាឡាដាំង​ឱ្យ​លុត​ជង្គង់​ ចង​មុខ​ រួច​ក៏​លើក​ដាវ​ឡើង​បម្រុង​នឹង​កាត់​ក្បាល​គេ​តែ​ម្ដង។ ​​​​​​​

​​ភ្លាម​ៗ​នោះ​​ ​មាន​​មន្ត្រី​ម្នាក់​ដែល​បាន​ឃើញ​​​មនុស្ស​ម្នា​មក​កក​កុញ​ ជា​ពិសេស​ពួក​អ្នក​ធ្លាប់​គាំ​ទ្រ​អាឡាដាំង​​​​ត្រៀម​រំដោះ​អាឡាដាំង​ចេញ​ពី​ក្រញាំ​ពេជ្ឈឃាដ​ ​ដោយ​អ្នក​ខ្លះ​មាន​​ដំបង​ អ្នក​ខ្លះ​មាន​​​ព្រួញ​​ និង​អាវុធ​ជា​ច្រើន​​​ប្រភេទ​ ​ក៏​បាន​បញ្ជា​ឱ្យ​ពេជ្ឈឃាដ​ផ្អាក​កាត់​ក្បាល​អាឡាដាំង។ ​កម្លាំង​អ្នក​ស្រុក​​​​កាន់​តែ​ពុះ​កញ្ជ្រោល​ធ្វើ​​​ព្រះ​ចៅ​​ស៊ុលតង់​ភិតភ័យ​ ​ហើយ​ក៏​​បញ្ជា​ឱ្យ​​​ពេជ្ឈឃាដ​​​ស្រាយ​ចំណង​​ និង​ដោះ​លែង​អាឡាដាំង​នៅ​ចំពោះ​មុខ​មហាជន​​តែ​ម្ដង។ ​​​​​​​​​

​​​មុន​​នឹង​​បញ្ញា​ឱ្យ​អមាត្យ​ដោះ​លែង​ ​​ព្រះ​ចៅ​ស៊ុលតង់  ​បាន​មាន​ព្រះ​បន្ទូល​សួរ​​​​ទៅ​កាន់​អាឡាដាំង​ថា​ ៖ 

-អា​មនុស្ស​អាក្រក់!​​ ​ឯង​មើល​ទៅ​មើល​ រាជវាំង​របស់​ឯង​ទៅ​ណា​បាត់​ហើយ? ​ឯង​ពិត​ជា​បន្លំ​​ព្រះ​នេត្រ​​យើង​បាន​ល្អ​ណាស់? ​​ឯង​ប្រើ​មន្តអាគម​អី​ទៅ?​

​អាឡាដាំង​ ​ភ្ញាក់​ផ្អើល​​​បំផុត​នៅ​ពេល​ដែល​​ព្រះរាជវាំង​ដែល​ត្រូវ​បាន​​មហាជន​ចាត់​ទុក​ថា​ ជា​​អច្ឆរិយ​​ដ៏​ល្អ​ឯក​របស់​គេ​បាត់​​ពី​កន្លែង​ដើម​សូន្យ​ឈឹង។

​ព្រះ​ចៅ​ស៊ុលតង់​ ​បាន​​​មាន​​ព្រះ​ឱង្ការ​​ខ្លាំង​ៗ​ដាក់​គេ​​ថា​ ៖

-​តើ​បុត្រី​របស់​យើង​យ៉ាង​ម៉េច​ទៅ​ហើយ? ​​យើង​បារម្ភ​បំផុត​បុត្រី​របស់​យើង?​ ឯង​ត្រូវ​តែ​ទៅ​រក​បុត្រី​យើង​​ឱ្យ​ឃើញ​ បើ​មិន​ដូច្នោះ​ទេ​​ ក្បាល​របស់​ឯង​នឹង​ធ្លាក់​ពី​លើ​ស្មា​ហើយ។ ​​​​​​​​​​

​អាឡាដាំង​​​ បាន​សុំ​ពេល​ ៤០​ថ្ងៃ​​ ដើម្បី​ស្វែង​រក​ព្រះ​​នាង​​។​ គេ​ទូល​ព្រះ​ចៅ​ស៊ុលតង់​ថា​​ បើ​រក​មិន​ឃើញ​ទេ​ គេ​យល់​ព្រម​​ឱ្យ​​​ព្រះ​អង្គ​កាត់​ក្បាល​​​​ដើម្បី​បំពេញ​ព្រះរាជហឫទ័យ​របស់​ព្រះ​អង្គ។ ​​ចាប់​តាំង​ពី​ពេល​នោះ​មក ​​អាឡាដាំង​ប្រៀប​ដូច​មនុស្ស​ឆ្កួត។ គេ​បាន​ដើរ​គ្រប់​ទីកន្លែង​​ ​​​​សួរ​គេ​ឯង​​ថា​ មាន​នរណា​បាន​ឃើញ​​ព្រះ​មហេសី​ និង​ព្រះរាជវាំង​របស់​​​​គេ​ឬ​អត់។ ​មហាជន​​ដែល​បាន​ឃើញ​គេ​ ខ្លះ​សើច​​ចំអក​ ​ចំណែក​ខ្លះ​ទៀត​​​អាណិត​អាសូរ​​រូប​គេ​ជា​ពន់​ពេក។

​​ថ្ងៃ​មួយ​​ ​គេ​ដើរ​បណ្ដើរ​ សួរ​គេ​បណ្ដើរ​​ ​ក៏​បាន​ទៅ​ដល់​មាត់​ទន្លេ។ ​អាឡាដាំង​​បាន​លុត​ជង្គង់​ចុះ​ ​ហើយ​ក៏​បាន​អង្អែល​ចិញ្ចៀន​កំពុង​ពាក់​​​ដើម្បី​ឱ្យ​​​អារក្ស​ចិញ្ចៀន​​ចេញ​មក។ ​​

​​អាឡាដាំង​ ​បាន​និយាយ​ទៅ​កាន់​អារក្ស​ចិញ្ចៀន​ថា​​ ​៖

-អារក្ស​សូម​ជួយ​ជីវិត​យើង​ផង។ សូម​ជួយ​​​នាំ​យក​រាជវាំង​យើង​មក​វិញ។

អារក្ស​ចិញ្ចៀន​បាន​​ឆ្លើយ​​តប​ទៅ​វិញ​ថា​ ៖

-នេះ​មិន​មែន​ជា​​អំណាច​របស់​ខ្ញុំ​ទេ។​​ ខ្ញុំ​ជា​អារក្ស​ចិញ្ចៀន ​ខ្ញុំ​មិន​អាច​ជួយ​លោក​ម្ចាស់​បាន​​ទេ។ ​លោក​ម្ចាស់​ទៅ​សួរ​អារក្ស​​ចង្កៀង​ទៅ​ ទើប​គេ​អាច​ជួយ​​លោក​ម្ចាស់​បាន។

​អាឡាដាំង​​ បាន​និយាយ​ទៀត​ថា​ ៖ 

-​បើ​អីចឹង​​ឯង​មិន​អាច​នាំ​យើង​​ទៅ​​កាន់​រាជវាំង​យើង​បាន​មែន​​​មែន​ទេ? ​ឯង​​មិន​អាច​សូម្បី​តែ​ យក​​យើង​​​​​ទៅ​​ជួប​ព្រះ​​មហេសី​​​យើង​បាន​​​មែន​ទេ? ​ហើយ​ឯង​ក៏​​​មិន​​ដឹង​ថា​​រាជវាំង​​យើង​នៅ​ឯណា​​ដែរ​មែន​ទេ?​

​ក្រោយ​ពី​និយាយ​បាន​ប៉ុណ្ណេះ​ រូប​គេ​ក៏​សន្លប់​បាត់​ស្មារតី​។

​អ្វី​ដែល​នឹក​ស្មាន​​មិន​ដល់​នោះ​គឺ​​នៅ​ពេល​​​​ភ្ញាក់​ពី​សន្លប់​​ ​​រូប​គេ​កំពុង​តែ​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក​​ គឺ​នៅ​​ក្បែរ​រាជវាំង​របស់​គេ​តែ​ម្ដង។ ​គេ​ដឹង​ខ្លួន​ ​ដោយ​សារ​តែ​សំឡេង​សត្វ​បក្សា​បក្សី​ស្រែក​​​ខ្ញៀវខ្ញារ​។ អាឡាដាំង​បាន​ដឹង​​ថា​ វាសនា​​​របស់​គេ​ជួប​រឿង​​​អាក្រក់​ដូច​​ថ្ងៃ​នេះ​គឺ​មក​ពី​​គេ​បាត់​បង់​​ចង្កៀង​ទិព្វ​ដែល​យក​បាន​​ពី​​រូង​ភ្នំ​នោះ។ ​គេ​ឆ្ងល់​ថា​​ នរណា​ជា​អ្នក​​យក​ចង្កៀង​ទិព្វ​របស់​​គេ?​

​​​​​​និយាយ​​ដល់​​មហេសី​របស់​​អាឡាដាំង​វិញ​ ព្រះ​នាង​​តែង​តែ​​តើន​​ពី​ព្រឹក​ព្រហាម​​ចាប់​តាំង​ពី​​បុរស​​នោះ​ចាប់​មក​អាហ្វ្រិក​​ម្ល៉េះ។ ព្រះ​នាង​មិន​ដែល​បាន​ផ្ទំ​ស្រួល​មួយ​​យប់​ណា​ឡើយ​។ មួយ​យប់​ៗ​ ​​តែង​តែ​​​នឹក​រលឹក​ទៅ​ដល់​ព្រះ​ស្វាមី​ និង​មេត្តា​ ជា​ពិសេស​​​អនុស្សាវរីយ​ធ្លាប់​សុខសាន្ត​ស្រាន្ត​រយៈ ពេល​ប៉ុន្មាន​ឆ្នាំ។ ​ព្រះ​នាង​បាន​ដឹង​ខ្លួន​ថា​ ​​​ព្រះ​នាង​មិន​អាច​រស់​នៅ​ជា​មួយ​បុរស​ចេះ​​មន្តអាគម​នោះ​បាន​ទេ​ ​ព្រោះ​គេ​​តែង​បង្ហាញ​​ចរិត​កោង​កាច​​​​ខុស​ពី​​អាឡាដាំង។

​ខណៈ​​​ដែល​​ព្រះ​នាង​កំពុង​​តុប​តែង​​ព្រះ​កាយា​​​​ ​​​មាន​ទាសី​ម្នាក់​​​​ក៏​បាន​ឃើញ​អាឡាដាំង​កំពុង​ដេក​នៅ​​ប្រប​ជញ្ជាំង​​រាជវាំង​​​​​​​នៃ​​ព្រះ​រាជ​ដំណាក់​ព្រះ​នាង។​ ព្រះ​នាង​ក៏​បាន​​បើក​បង្អួច​រួច​ក៏​​ឱន​​ទត​ឃើញ​អាឡាដាំង​។ ព្រះ​នាង​ក៏​​​មាន​ព្រះ​សុវណ្ណី​ហៅ​​ព្រះ​ស្វាមី​ ​ហើយ​​បាន​ឱ្យ​​​​ឡើង​មក​លើ​​ជួប​ព្រះ​នាង។​ នេះ​គឺ​ជា​​ពេល​​មួយ​ដែល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ ចាប់​តាំង​ពី​​បុរស​​ចេះ​​មន្តអាគម​ចាប់​ព្រះ​នាង​មក។

​អាឡាដាំង​បាន​អង្អែល​ព្រះ​កេសា​ព្រះ​នាង​ រួច​ថើប​ព្រះ​ភក្ត្រ​ទ្រង់​ ព្រម​ទាំង​​យំ​​​​​ រួច​បាន​និយាយ​ទៅ​កាន់​ព្រះ​នាង​ថា​ ៖ បង​​សូម​អង្វរ​ដល់​​​​មហេសី​​ មុន​ពេល​ដែល​បង​​​និយាយ​ពី​យោគ​វាសនា​យើង​ទាំង​ពីរ​ បង​សូម​សួរ​ព្រះ​​នាង​ថា​ មាន​អ្វី​កើត​ឡើង​​ជា​មួយ​ចង្កៀង​​​​​ដែល​បង​​បាន​ទុក​នៅ​កែង​​រោង​ជំនំ​​នៅ​ពេល​បង​កំពុង​ដើរ​ប្រមាញ់​សត្វ?  ​​​​​​​​​​​​​​

​ព្រះ​នាង​​បាន​មាន​ព្រះសុវណ្ណី​តប​ទៅ​វិញ​ថា​ ៖ ​ព្រះ​ជា​ម្ចាស់! ​ខ្ញុំ​ម្ចាស់​មិន​បាន​ដឹង​អ្វី​ទាំង​អស់​ពី​ចង្កៀង​ទិព្វ​នោះ​។ ព្រះ​នាង​ក៏​មាន​ព្រះ​សុវណ្ណី​ប្រាប់​គ្រប់​ហេតុផល ​​ពី​ការ​ដោះ​ដូរ​ចង្កៀង​ចាស់​យក​ចង្កៀង​​ថ្មី​នោះ។

​អាឡាដាំង​បាន​​សម្រស់​ទឹក​ភ្នែក​ រួច​បាន​​​​​ថ្លែង​​ ថា​ ៖ ​បង​ដឹង​ហើយ​ព្រះ​មហេសី!​ ​ចុះ​ចង្កៀង​នោះ​​ទៅ​ណា​ហើយ​ឥឡូវ​នេះ? ​

​ព្រះ​នាង​បាន​មាន​ព្រះ​​សុវណ្ណី​តប​វិញ​ថា​ ៖​ បុរស​ចេះ​មន្ត​អាគម​នោះ​ ​​បាន​យក​ទៅ​តាម​ខ្លួន​បាត់​ទៅ​ហើយ។ ​​​ខ្ញុំ​​ម្ចាស់​បាន​ឃើញ​គេ​​ទាញ​ចេញ​ពី​ចង្កេះ​​មក​បង្ហាញ​ខ្ញុំ។ គេ​ចង់​​​ឱ្យ​ខ្ញុំ​ម្ចាស់​​​​​ក្បត់​​ព្រះ​ស្វាមី​​ និង​​យល់​ព្រម​​​រៀប​អភិសេក​ជា​មួយ​គេ។ គេ​ថែម​ទាំង​បាន​និយាយ​ទៀត​ថា​ ​ព្រះ​អង្គម្ចាស់​ត្រូវ​ព្រះ​បិតា​ខ្ញុំ​​ម្ចាស់​កាត់​ព្រះ​កេសា​បាត់​ហើយ។ ​គេ​តែង​តែ​និយាយ​ដើម​ព្រះ​អង្គ​ម្ចាស់​​ថា​​កូន​កសិករ​ក្រីក្រ​​។ ខ្ញុំ​ម្ចាស់​​​​មិន​ដែល​​មាន​ព្រះ​សុវណ្ណី​​ឆ្លើយ​​តប​គេ​​មួយ​ម៉ាត់​ណា​ឡើយ​ ក្រៅ​តែ​ពី​​​​ព្រះ​កន្សែង​ជា​រៀង​រាល់​ថ្ងៃ​។ ប្រសិន​បើ​ខ្ញុំ​ម្ចាស់​ប្រឆាំង​គេ​ ខ្ញុំ​គិត​ថា​ គេ​នឹង​សម្លាប់​​ខ្ញុំ​ម្ចាស់​ភ្លាម។ ​

​​អាឡាដាំង​​បាន​​លួង​លោម​​ព្រះ​នាង​ ហើយ​​​បាន​ចាក​ចេញ​​ពី​ព្រះ​នាង​មួយ​រយៈ។ ​​​​​​អាឡាដាំង​​ បាន​​ប្ដូរ​សំលៀកបំពាក់​​ជា​មួយ​បុរស​​ម្នាក់​ ​ដែល​រូប​គេ​​បាន​ជួប​​ក្រោយ​ពេល​ជួប​​ព្រះ​មហេសី​​​ រួច​​ក៏​បាន​ដើរ​ទៅ​ទិញ​​ម្សៅ​យក​ទៅ​ឱ្យ​មហេសី​​ ​ដោយ​អ្នក​ទាំង​​ពីរ​បាន​​​លួច​ទំនាក់​ទំនង​គ្នា​លួច​លាក់​នៅ​​ក្នុង​រាជវាំង​​នោះ។

​អាឡាដាំង​បាន​​ឱ្យ​​ព្រះនាង​​​ ​​រោយ​ម្សៅ​នោះ​​នៅ​លើ​សំលៀកបំពាក់​​​ ហើយ​​ឱ្យ​​ញញឹម​ដាក់​បុរស​នោះ​​ដោយ​ទឹក​មុខ​ស្រស់​ស្រាយ​​​ ដើម្បី​ធ្វើ​យ៉ាង​ណា​​​ឱ្យ​គេ​​​​គិត​ថា ​​​ព្រះនាង​បាន​​បំភ្លេច​​​​អាឡាដាំង​ហើយ។ ​​បន្ទាប់​មក​​​​អាឡាដាំង​បាន​​​​បង្គាប់​ឱ្យ​ព្រះនាង​នាំ​​​បុរស​ម្នាក់​ទៅ​ញ៉ាំ​ភោជនីយាហារ​ជា​មួយ​គ្នា​ ​ហើយ​ត្រូវ​និយាយ​ថា​​ព្រះ​នាង​ចង់​​​សោយ​សុរា​ប្រទេស​របស់​គេ​។ ​​​​​​​​​

​​ព្រះ​នាង​បាន​​​​ស្ដាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត។ បន្ទាប់​ពី​អាឡាដាំង​ចាក​ចេញ​បាត់​ ព្រះ​នាង​បាន​តុប​តែង​ព្រះ​កាយា​ ​ជា​មួយ​គ្រឿង​អលង្ការ​ និង​សំលៀកបំពាក់​ដ៏​ស្រស់​ស្អាត​​បំផុត​ដែល​គេ​មិន​ដែល​បាន​ឃើញ​ចាប់​តាំង​ពី​ព្រះ​នាង​​​ចាក​ចេញ​ពី​ប្រទេស​​មក​ដើម្បី​ទៅ​ទទួល​បុរស​នោះ។ ​

​ព្រះ​នាង​មាន​ព្រះ​សុវណ្ណី​​ទៅ​កាន់​បុរស​​នោះ​ថា​​ថា​ ៖

​-​ខ្ញុំ​​ត្រៀម​ចិត្ត​បាន​ហើយ​ថា​​​ព្រះ​ស្វាមី​​ខ្ញុំ​​​​បាន​​ចូល​ទិវង្គត​​ហើយ​ ហើយ​ព្រះ​កន្សែង​​​​​​របស់​ខ្ញុំ​ក៏​មិន​អាច​ធ្វើ​ឱ្យ​​គាត់​​​​ត្រលប់​មក​វិញ​បាន​ដែរ​​ ដូច្នេះ​​ខ្ញុំ​​​ឈប់​កាន់​ទុក្ខ​ទៀត​ហើយ​។ ខ្ញុំ​​​ត្រូវ​ធ្វើ​​ព្រះ​ទ័យ​ឱ្យ​រីករាយ​​ ​​ហើយ​ថ្ងៃ​នេះ​​ខ្ញុំ​ចង់​សោយ​​អាហារ​ជា​មួយ​លោក​​ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​​ស៊ាំ​ទៅ​ហើយ​ជា​មួយ​ស្រា​នៅ​​ប្រទេស​ចិន​ ​​ខ្ញុំ​ចង់​សាក​ស្រា​នៅ​អាហ្វ្រិក​​​វិញ​ម្ដង។ ​​​

​​បន្ទាប់​បាន​ឮ​​ដូច្នេះ​ ​​​​បុរស​​​នោះ​បាន​ឡើង​​ជាន់​ខាង​លើ​ដើម្បី​ទៅ​យក​ស្រា​មក​​ឱ្យ​ព្រះ​នាង​សោយ។ ​ឆ្លៀត​ឱកាស​​គេ​ទៅ​បាត់​ ព្រះ​នាង​​បាន​យក​ម្សៅ​ដែល​អាឡាដាំង​បាន​ទុក​ឱ្យ​​ចាក់​ចូល​ទៅ​ក្នុង​កែវ​ស្រា​​​របស់​ព្រះ​នាង។ នៅ​ពេល​ដែល​រូប​គេ​មក​ដល់​​ គេ​បាន​ចាក់​ស្រា​មួយ​កែវ​ដែរ​។ ព្រះ​នាង​​បាន​​ប្ដូរ​កែវ​ជា​មួយ​​រូប​គេ​ដើម្បី​ជា​សញ្ញា​បង្ហាញ​ថា​​ ​ព្រះ​នាង​ចង់​ផ្សះផ្សា​ជា​មួយ​គេ។ ​​

​មុន​ពេល​គេ​លើក​​កែវ​ស្រា​​ ​បុរស​ម្នាក់​នោះ​បាន​​និយាយ​សរសើរ​​​​សម្រស់​របស់​ព្រះ​នាង​ ប៉ុន្តែ​ព្រះ​នាង​បាន​​​មាន​​ព្រះ​សុវណ្ណី​​កាត់​បុរស​នោះ​ថា​ ៖

-ទុក្ខ​ឱ្យ​​​ខ្ញុំ​​​សោយ​​មួយ​កែវ​នេះ​​មុន​ រួច​លោក​ត្រូវ​ផឹក​តាម​ក្រោយ។ ​តាម​ពិត​ទៅ​ ​​ព្រះ​នាង​មិន​បាន​លាប​ស្រា​នោះ​​​ទេ​ ​គឺ​គ្រាន់​តែ​ដាក់​​​កែវ​ស្រា​លើ​ប្របេរ​មាត់​តែ​ប៉ុណ្ណោះ​ ខណៈ​​បុរស​ម្នាក់​នោះ​​បាន​លាប​មួយ​កែវ​​​​​យ៉ាង​​​ឆ្ងាញ់​ ​និង​សប្បាយ​រីក​រាយ​បំផុត​ ព្រោះ​ថា​ព្រះ​នាង​បាន​​បន្ទន់​​ព្រះហឫទ័យ​ចង់​រួម​រស់​ជា​មួយ​គេ​។ មួយ​កែវ​នោះ​បាន​ធ្វើ​ឱ្យ​រូប​គេ​ដេក​ស្ដូក​តែ​ម្ដង។ ​ដោយ​ឃើញ​ដូច​នេះ​ ព្រះ​នាង​បាន​ស្ទុះ​ទៅ​បើក​​បង្អួច​ឱ្យ​អាឡាដាំង​ចូល​មក។

នៅ​ពេល​ដែល​អាឡាដាំង​ដើរ​ចូល​មក​ ព្រះ​នាង​បាន​ស្ទុះ​ទៅ​​ឱប​ករ​​ប៉ុន្តែ​អាឡាដាំង​​មិន​បាន​​​បី​ត្រកង​ព្រះ​នាង​នោះ​ទេ។ ​​អាឡាដាំង​បាន​យក​​ព្រះ​នាង​ទៅ​ទុក​នៅ​​កន្លែង​សុវត្ថិភាព​ រួច​ ​គេ​  ទៅ​សម្លាប់​បុរស​ម្នាក់​នោះ។ ​ក្រោយ​ពី​សម្លាប់​បាន​សម្រេច​ អាឡាដាំង​បាន​​យក​​ចង្កៀង​ទិព្វ​នោះ​មក​វិញ​​​ ​ហើយ​បាន​បញ្ជា​ឱ្យ​អារក្ស​​​ចង្កៀង​នាំ​ព្រះ​នាង​ រូប​គេ​ ​​អ្នក​ហែ​ហម​ ព្រម​ទាំង​រាជវាំង​ត្រលប់​ទៅ​ប្រទេស​​កំណើត​វិញ។ ​​​​

​​ព្រះ​ចៅ​ស៊ុលតង់​ដែល​កំពុង​ប្រថាប់​​ក្នុង​រាជវាំង ​​បាន​ទន្ទឹង​រង់​ចាំ​ដំណឹង​បុត្រី​ព្រះ​អង្គ​យ៉ាង​អន្ទះសា។ ព្រះ​អង្គ​បាន​​​​គិត​ថា ​​​បុត្រី​​ទ្រង់​​​ត្រូវ​គេ​ធ្វើ​គត់​បាត់​ទៅ​ហើយ​ ​ហើយ​ព្រះ​អង្គ​ថែម​ទាំង​បាន​ធ្វើ​​​ពិធី​កាន់​​ព្រះរាជមណរៈទុក្ខ​ថែម​ទៀត​ផង។  ​ប៉ុន្តែ​​រំពេច​​នោះ ​​ព្រះ​អង្គ​ស្រាប់​តែ​បាន​ឃើញ​​​ព្រះ​រាជវាំង​ដែល​សាងសង់​ដោយ​អាឡាដាំង​នោះ​ស្ថិត​នៅ​កន្លែង​ដើម​វិញ។ ព្រះ​អង្គ​ក៏​ប្រញាប់ប្រញាល់​ទៅ​ ​​ព្រះ​រាជវាំង​ និង​​ទៅ​មើល​បុត្រី​ព្រះ​អង្គ​។

​អាឡាដាំង និង​​ព្រះ​​បុត្រី​ព្រះ​អង្គ​បាន​រង់​ចាំ​ព្រះ​អង្គ​ក្នុង​រោង​ជំនុំ​​ ​ហើយ​អាឡាដាំង​ក៏​បាន​រៀប​រាប់​រឿង​រ៉ាង​ដែល​បាន​កើត​ឡើង​​ថ្វាយ​ទ្រង់​ និង​ថែម​ទាំង​បាន​​បង្ហាញ​សាកសព​​​​បុរស​ចេះ​​​សិល្បសាស្ត្រ​​ដែល​អាឡាដាំង​បាន​សម្លាប់​​នៅ​អាហ្វ្រិក​ថែម​ទៀត​ផង​ ​ដែល​ធ្វើ​ឱ្យ​ព្រះ​ចៅ​ស៊ុលតង់​ជឿ​ជាក់​​ និង​​ទុក​ចិត្ត​​​គេ​​​ឡើង​វិញ​​។ ​ព្រះ​រាជពិធី​ជប់​លៀង​ និង​ពិសា​​ភោជនីយាហារ​ដ៏​ធំ​ត្រូវ​បាន​​ធ្វើ​ឡើង​រយៈ​ពេល​ដប់​ថ្ងៃ​ សម្រាប់​ការ​វិល​ត្រឡប់​​របស់​ព្រះ​អង្គ​ម្ចាស់​អាឡាដាំង​ និង​ព្រះ​នាង។ ​​​​

​​តាម​ពិត​ទៅ​បុរស​​ចេះ​​​សិល្បសាស្ត្រ​នោះ​នៅ​​មាន​​ប្អូន​ប្រុស​ម្នាក់​ទៀត​ ​​ដែល​​កាយ​សាហាវ​ និង​ខ្លាំង​ពូកែ​ជាង​​គេ​ទៅ​ទៀត។​ ​​ក្រោយ​ពី​បាន​ដឹង​ថា​ អាឡាដាំង​បាន​សម្លាប់​បង​ប្រុស​របស់​គេ​ហើយ​​ ​គេ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​​អាឡាដាំង​ភ្លាម​ ​ដើម្បី​សងសឹក​ឱ្យ​បង​ប្រុស​គេ។ ​គេ​បាន​ទៅ​ជួប​​ស្ត្រី ម្នាក់​ដែល​​មាន​​ឈ្មោះ​ថា​​​ ហ្វ៉ាទីម៉ា​ ដើម្បី​ប្រើ​ប្រាស់​នាង​ជា​ឧបករណ៍​​សម្លាប់​អាឡាដាំង។

​គេ​បាន​​លប​ចូល​ទៅ​ផ្ទះ​​ហ្វ៉ាទីម៉ា​ ​ហើយ​បាន​​​យក​​កាំបិត​ភ្ជង់​​​ចង្កេះ​​នាង​ ដោយ​ឱ្យ​នាង​ដោះ​សំលៀកបំពាក់​ចេញ​ ដើម្បី​តែង​ខ្លួន​ធ្វើ​ជា​រូប​នាង។ ​បន្ទាប់​មក​គេ​បាន​​​ប្ដូរ​សំលៀកបំពាក់​ជា​មួយ​នាង ផាត់​មុខ​ឱ្យ​ដូច​នាង​ រួច​ក៏​បាន​សម្លាប់​នាង​ចោល​​តែ​ម្ដង​។ ​​

​​គេ​បាន​ដើរ​ចូល​ទៅ​ក្នុង​រាជវាំង​របស់​អាឡាដាំង​ដោយ​​ប៉ុន​ប៉ង​​សម្លាប់​អាឡាដាំង​ឱ្យ​បាន។ នៅ​ពេល​ដែល​​រូប​គេ​​ដើរ​ចូល​ក្នុង​រាជវាំង​​ មនុស្ស​គ្រប់​គ្នា​​បាន​​ចូល​មក​​មើល​កក​កុញ ​​​ជុំ​វិញ​​ ​ដោយ​ខ្លះ​សុំ​ពរ​ជ័យ​​​​ ​ខ្លះ​ទៀត​​​សុំ​​ថើប​ដៃ​​​ ព្រោះ​​ពួក​គេ​គិត​ថា​​ ​​ជា​ហ្វ៉ាធីម៉ា​ពិត​ប្រាកដ​ ដែល​​គេ​ស្គាល់​ថា​​ ​ជា​ស្ត្រី​​​តាំង​សិល្ប​​​​គួរ​​ឱ្យ​គោរព​បូជា​​ម្នាក់។ ​​​សំឡេង​​ស្វាគមន៍​ហ៉ា្វធីម៉ា​​ បាន​លាន​​ឭ​រំពង​ទៅ​ដល់​​មហេសី​​អាឡាដាំង។ ​ព្រះ​​មហេសី​ក៏​បាន​​ឱ្យ​ទាសី​​ទៅ​មើល​​​។​ ទាសី​ ម្នាក់​ក៏​បាន​ទូល​ព្រះ​នាង​ថា​ ​​ស្ត្រី​ឈ្មោះ​ហ្វ៉ាធីម៉ា​​​មក។ ​​​

​​​ដោយ​មាន​ព្រះ​ទ័យ​ចង់​​​​ជួប​ និង​​​​​​ចង់​ស្គាល់​​​យូរ​ហើយ​ផង​​ ព្រះ​នាង​បាន​ឱ្យ​ទាសី​ហៅ​​​គាត់​​ឱ្យ​ចូល​គាល់។ ​នៅ​ពេល​បាន​ជួប ​ហ្វ៉ាធីម៉ា​​ ​បាន​​​ថ្វាយ​របស់​មួយ​ដែល​គេ​ប្រាប់​ថា​​ជា​​របស់​សក្ដិសិទ្ធិ​ដល់​​ព្រះ​នាង។ ​ព្រះ​នាង​បាន​​ហៅ​ស្ត្រី​នោះ​​​​ចូល​ទៅ​​អង្គុយ​ជិត​ ហើយ​ថែម​ទាំង​ចង់​​ឱ្យ​​​​ស្ត្រី​នោះ​រស់​​នៅ​​ក្នុង​វាំង​​​ជា​មួយ​​ព្រះ​នាង​​ជា​រៀង​រហូត​ថែម​ទៀត​ផង។ ​

​​ដោយ​សារ​ខ្លាច​​​​គេ​​​​សម្គាល់​អត្ត​សញ្ញាណ​បា​ មុន​នឹង​ចូល​រាជវាំង​​​​គេ​បាន​ប្រើ​ស្បៃ​មុខ​គ្រប​​យ៉ាង​ជិត​សល់​តែ​រង្វង់​ភ្នែក។

ព្រះ​នាង​បាន​​នាំ​គេ​ដើរ​ក្នុង​រាជវាំង​ ដោយ​បាន​​បង្ហាញ​​ទាំង​​​រោង​ជំនំ​ និង​របស់​របរ​មាន​តម្លៃ​មួយ​ចំនួន​ទៀត​ផង​ ហើយ​​​​ព្រះ​នាង​ក៏​​​​មាន​ព្រះ​សុវណ្ណី​សួរ​ទៅ​គេ​ថា​ តើ​​គេ​យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​ព្រះ​រាជវាំង​នេះ។ ​​​​​​​​

​ហ្វ៉ាធីម៉ា​ បាន​​ឆ្លើយ​តប​ទៅ​វិញ​ថា​ ៖ ​ពិត​ជា​ស្អាត​គ្មាន​ពីរ​មែន។

​តែ​សម្រាប់​ខ្ញុំ​ម្ចាស់​ ​ខ្ញុំ​ម្ចាស់​​យល់​ឃើញ​ថា​ ​រាជវាំង​នេះ​នៅ​​​​​ខ្វះ​វត្ថុ​មួយ​ទៀត។

​ព្រះ​នាង​បាន​​សួរ​ថា​ ៖ តើ​​នេះ​ជា​អ្វី​ទៅ?

​គេ​បាន​ឆ្លើយ​​តប​ទៅ​វិញ​ថា​ ៖ ​ប្រសិន​បើ​​​​​​មាន​​​ស៊ុត​​​ឥន្ទ្រី​​​​​ធំ​មួយ​ធ្វើ​ពី​​​ថ្ម​ចង​ភ្ជាប់​ពី​ប៉ម​ខាង​លើ​វាំង​នោះ​ ​​រឹត​តែ​កាន់​តែ​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត​ជា​មិន​ខាន។ 

​​​នៅ​ពេល​​​​​អាឡាដាំង​ត្រលប់​មក​​​​ពី​ប្រពាត​ព្រៃ​វិញ​ ​​ ​​ឮ​​តែ​មហេសី​​រំលឹក​ពី​​ស៊ុត​​ឥន្ទ្រី​មិន​ដាច់​ពី​​មាត់​សោះ​ហើយ​មាន​​ស្ថានភាព​​ហាក់​បី​ដូច​ត្រូវ​គេ​ដាក់​អំពើ​ វង្វេង​រង្វាន់​ឥត​មាន​ដឹង​អ្វី​ទាំង​​អស់។ ​ព្រះ​នាង​ ​​​មាន​​ព្រះ​សុវណ្ណី​ទាំង​រវើរវាយ​​ប្រាប់​ព្រះ​អង្គ​​ម្ចាស់​អាឡាដាំង​ថា​ ​​​​​៖

​-រាជវាំង​នេះ​​​បាត់​បង់​សម្រស់​ពិត​របស់​វា​អស់​ហើយ​ ព្រោះ​តែ​គ្មាន​​ពង​ឥន្ទ្រី​ចង​ភ្ជួរ​ពី​ប៉ម​ខាង​លើ។

​​​​អាឡាដាំង​ ​បាន​មាន​ព្រះ​បន្ទូល​ត្រលប់​វិញ​ថា ៖​

​-​កុំ​បារម្ភ​ព្រះ​មហេសី។ យើង​នឹង​រក​​ឱ្យ​ទាល់​តែ​បាន។

អាឡាដាំង​បាន​​ ​ប្រើ​​អារក្ស​ចង្កៀង​​ជប់​​​ស៊ុត​ឥន្ទ្រី​​ធ្វើ​ពី​ថ្ម​ដូច​អ្វី​ដែល​ព្រះ​នាង​​​បាន​ប្រាប់។ ស្រាប់​តែ​ភ្លាម​នោះ​​​ អារក្ស​ចង្កៀង​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ដាក់​ ​​ដែល​ធ្វើ​ឱ្យ​​​រង្គើ​ទៅ​ដល់​​​​ប៉ម​រាជវាំង​​ទាំង​មូល។

​​អារក្ស​បាន​ស្រែក​​​ខ្លាំង​ៗ ​ដោយ​ថែម​ទាំង​បង្ហូរ​ទឹក​ភ្នែក​​​ផង​​ថា​ ៖

-​​​​វា​នៅ​​តែ​មិន​គ្រប់​គ្រាន់​ឡើយ​ ​​​​ចំពោះ​អ្វី​ដែល​ខ្ញុំ​បង្កើត​ឱ្យ​លោក​​ម្ចាស់។ ​​លោក​ម្ចាស់​គួរ​តែ​បញ្ជា​ខ្ញុំ​ឱ្យ​ទៅ​​​យក​​ម្ចាស់​របស់​ខ្ញុំ​​​​​មក​ចង​ភ្ជួរ​ពី​លើ​ប៉ម​​នោះ​វិញ​ប្រសើរ​ជា​ជាង​មែន​ទេ?

​លោក​​ដឹង​ទេ​​ថា​ ​លោក​ម្ចាស់​​ ព្រះ​នាង​ និង​រាជវាំង​ទាំង​មូល​នេះ​​​​​​​នឹង​​រលាយ​ជា​ផេះ​​មិន​ខាន​​ ​​ប្រសិន​​បើ​​​​​ព្រម​ធ្វើ​ដូច​ព្រះ​នាង​មាន​ព្រះ​បន្ទូល​​​​នោះ។ ​​​​​នេះ​​គឺ​ជា​ល្បិច​កល​​របស់​​​​ប្អូន​ប្រុស​​​​បុរស​ចេះ​សិល្បសាស្ត្រ​ដែល​លោក​ម្ចាស់​បាន​សម្លាប់​នោះ​។ គេ​ប៉ុន​ប៉ង​សម្លាប់​លោក​ម្ចាស់​​ និង​បំផ្លាញ​រាជវាំង​នេះ​ចោល។ ​គេ​កំពុង​តែ​បន្លំ​ខ្លួន​ជា​​​ហ្វ៉ាធីម៉ា។ គេ​បាន​ដាក់​អាគម​ដល់​ព្រះ​នាង​ ដើម្បី​ឱ្យ​ព្រះ​នាង​បង្ខំ​លោក​ឱ្យ​ធ្វើ​បែប​នេះ។ ​ថែ​រក្សា​ខ្លួន​ណា​លោក។ ​ខ្ញុំ​លា​ហើយ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ ​អារក្ស​ចង្កៀង​ក៏​រលាយ​ខ្លួន​បាត់​​ស្រមោល​ទៅ។

​​បន្ទាប់​ពី​បាន​ដឹង​រឿង​​​នេះ​ហើយ​ ​អាឡាដាំង​បាន​បញ្ឆោត​ឱ្យ​ហ្វ៉ាធីម៉ា​​ បង្ហាញ​ខ្លួន​ រួច​ក៏​សម្លាប់​គេ​បាន​សម្រេច​​។ ​​​​​​

ចាប់​តាំង​ពី​ពេល​នោះ​មក​ ​អាឡាដាំង​​បាន​រស់​នៅ​យ៉ាង​សុខ​សាន្ត​​ ហើយ​គេ​​ក៏​បាន​ឡើង​សោយរាជ្យ​បន្ត​ពី​​ព្រះ​ចៅ​ស៊ុលតង់​​​​​បាន​ជា​ច្រើន​ព្រះ​វស្សា​ និង​​​មាន​​ឈ្មោះ​ល្បី​រន្ទឺ​រហូត​មក៕

ចុចអាន អាលីបាបានិងចោរ៤០នាក់