រឿង៖ ព្រលឹងពូហេង

ខ្ញុំបិទភ្លើងហើយចាប់បើកពិលទូរស័ព្ទ ម៉ោង៧យប់អស់មនុស្សពីអាគារ សំឡេងលាន់កុងតាក់«តិតក់ៗៗៗ» បាញ់ភ្លើងម្តងៗ ព្រមនិងល្វែងស្ងាត់ដូចកណ្តាលព្រៃមនុស្សធម្មតារត់បាតជើងសព្រាត តែខ្ញុំអត់អីទេ។

ខ្ញុំប្រឹងដើរយ៉ាងណាចេញពីអាគារឱ្យផុត មិនងាកឆ្វេងស្តាំ ព្រោះមិនចង់ឃើញអ្វីដែលមិនគួរឱ្យឃើញ។ ម៉ូតូជាងមួយពាន់គ្រឿងសល់តែរបស់ខ្ញុំមួយដែលមិនដឹងថាហេតុអីក៏ពូសន្តិសុខគាត់បិទភ្លើងចោលខ្ញុំទៅកើត។

«ទៅផ្ទះហើយហី និស្ស័យ?»

ខ្ញុំឈប់រាវរកសំបុត្រផ្ញើម៉ូតូហើយរហ័សងាកទៅប្រភពសំឡេងដោយមិនដឹងថាអ្នកណាអីក៏មកស្គាល់ឈ្មោះខ្ញុំច្បាស់យ៉ាងនេះ? ពូសន្តិសុខដែលរាក់ទាក់ខ្ញុំរាល់ថ្ងៃក៏មិនប្រាកដថាស្គាល់ឈ្មោះខ្ញុំដែរ ចុះអ្នកណា?

មេឃងងឹតអត់ទាំងអំពូលភ្លើងផង កញ្ចក់បង្អួចអាគារស្រាប់តែចាំងឆ្វាចឱ្យខ្ញុំឃើញពន្លឺមួយយ៉ាងច្បាស់ ហើយពន្លឺនោះក៏បានបញ្ចេញរូបកាយមួយដែលខ្ញុំប្រាកដថា គឺមនុស្សប្រុស។

«ពូសន្តិសុខ?»

ខ្ញុំគិតថាគាត់ចូលទៅពិនិត្យអាគារ​ហើយប្រហែលឃើញខ្ញុំទើបស្រែកសួរមកពីចម្ងាយ តែខ្ញុំនៅមិនអស់ចិត្តដែលគាត់ហៅខ្ញុំដូចស្គាល់ខ្ញុំច្បាស់។

ខ្ញុំឈប់គិតហើយក៏មិនបានតបដែរ ព្រោះងាកម្តងទៀតក៏បាត់គាត់ទៅ ពេលដែលពាក់មួកការពារហើយ ខ្ញុំប្រុងនឹងបើកម៉ូតូចេញស្រាប់តែសំឡេងមួយបានបន្លឺឡើងល្វើយៗក្បែរត្រចៀកគួរឱ្យព្រឺខ្នង៖

«ក្មួយ…!»

ខ្ញុំដឹងខ្លួនភ្លាម តែក៏មិនចង់នៅរញ៉េរញ៉ៃទើបគិតថាចេញឱ្យឆាប់ផុតទៅ តែមិនស្មានថាម៉ូតូនោះវាមករករឿងអីពេលបែបនេះទៅកើត។

ខ្ញុំទើបនឹកឃើញថាពូសន្តិសុខនោះអាចនៅក្នុអាគារម៉េចបានបើគ្នាគាត់ទើបនឹងចាក់សោរអាគារពេលខ្ញុំចេញផុតអម្បាញ់មិញ?

ខ្យល់បក់វ៉ូមួយវឹប រោមដៃខ្ញុំបះច្រាង ក្បាលចាប់ព្រឺរងា ចំខ្ញុំមនុស្សចាញ់ត្រជាក់ស្រាប់ផង ចុងជើងល្ហើយៗដូចអត់បានពាក់ស្បែកជើង សំឡេងមនុស្សប្រុសមួយនៅតែបន្លឺមកក្នុងត្រចៀកខ្ញុំ៖

«ចាំពូបានទេនិស្ស័យ?»

ខ្ញុំបានឮតែសំឡេងហើយមិនឃើញមុខ នេះចំមនុស្សខ្ញុំមិនខ្លាចខ្មោចទើបនៅអង្គុយស្ងៀមមិនរត់បាន ចុះបើគាត់លេងបែបនេះដាក់អ្នកផ្សេងមិនជ្រុះសក់ឈឺស្លាប់ទៅហើយទេ?

ខ្ញុំជាចៅតាអាចារ្យភ្លុក បានរៀនធម៌បាលីការពារខ្មោចខ្លះ ហើយញាណខ្ញុំមិនមែនជាមនុស្សខ្លាចព្រលឹងអីអស់នឹងតាំងពីដើមមក ម្ល៉ោះហើយទើបខ្ញុំអាចនៅក្នុងអាគារស្ងាត់គួរឱ្យខ្លាចនេះតែម្នាក់ឯងបាន។ ហើយនេះក៏មិនមែនជាលើកទីមួយដែរសម្រាប់ខ្ញុំ ដែលមានព្រលឹងអរូបមកសួរសុខទុក្ខ។

មនុស្សតិចណាស់ដែលព្រមជឿថា ខ្មោចការពិតមិនគួរឱ្យខ្លាចជាងមនុស្សខាងក្រៅទេ។

ខ្ញុំអត់ទាន់ច្បាស់ថាគាត់មករកខ្ញុំដើម្បីលងលេង ឬយ៉ាងណា តែតាធ្លាប់ប្រាប់ខ្ញុំថា បើកាលណាគេមកបង្ហាញស្រស់ៗដាក់យើងយ៉ាងនេះប្រាកដមានរឿងអ្វីមួយមិនខាន ឬក៏អាចមកសុំអ្វីពីយើង។

ខ្ញុំមិនធ្លាប់ដឹងថាខ្លួនឯងអាចជួយអ្វីខ្មោចបានផង ឬក៏ដើម្បីឱ្យខ្មោចមកនិយាយលេងកំដរអផ្សុកដោយសារតែខ្ញុំជាមនុស្សមិនខ្លាចនោះទេ ស្រាប់តែគាត់ចេញមកស្រស់ៗមុខម៉ូតូខ្ញុំហើយគ្មានជើងទាំងពីរ។

«ពូហេងនោះអី!»

ខ្ញុំគាំងនឹងរូបភាពច្បាស់ត្រជាក់ភ្នែកជាងបានមើលកុនខ្មោចកម្រិត HD គាត់មិនមែនពូសន្តិសុខទេ គាត់គឺខ្មោចពូហេង។

ខ្ញុំច្បាស់ណាស់ព្រោះគាត់ជាកម្មករម្នាក់ដែលទើបនឹងស្លាប់ថ្មីៗនេះដែរ ហើយកាលដែលខ្ញុំចំណាំមុខគាត់យ៉ាងនេះព្រោះខ្ញុំបានកាត់ឈ្មោះគាត់ចេញពីបញ្ចី នឹងធ្វើឯកសារបើកលុយចុងក្រោយរបស់គាត់ឱ្យប្រពន្ធកូនគាត់ ពូនោះឈឺស្លាប់មិនដល់មួយអាទិត្យទេ។

ម្តងៗកម្លាំងពិសេសរបស់ខ្ញុំដែលមិនខ្លាចសឹងថារត់ចោលខ្ញុំបាត់ កុំតែរហ័សសូត្រធម៌ជាប់មាត់កុំអីពូនោះធ្វើឱ្យខ្ញុំជ្រុះសក់។

គាត់រាដៃរហ័សឃាត់ខ្ញុំដែលកំពុងដេញគាត់ស្ងាត់ៗ៖

«កុំអីៗ! ពូមកសុំទេ!»

គាត់ទំនងដឹងថាខ្ញុំចេះដេញខ្មោច ទើបប្រញាប់និយាយរឿងដែលគាត់បង្ហាញខ្លួននេះឡើង។ ទោះខ្ញុំមិនខ្លាចខ្មោច តែក៏មិនចូលចិត្តឱ្យខ្មោចមករកស្រស់ៗយ៉ាងនេះដែរ។ ខ្ញុំគិតថាមិនរវល់ហើយក៏ចង់ចេញឱ្យផុតឆាប់ព្រោះបើមានសន្តិសុខមកឃើញច្បាស់ថាខ្ញុំនឹងឆ្កួតឈរនិយាយអ្វីម្នាក់ឯង តែគាត់បែរជាយំអង្វរខ្ញុំ៖

«ជួយពូផងនិស្ស័យ!»

គាត់គិតថាខ្ញុំជាអីដែលមករកឱ្យជួយនឹង? ខ្ញុំមិនចង់តបគាត់ ហើយក៏មិនចង់សូម្បីសួរថាខ្ញុំអាចជួយអ្វីគាត់បានព្រោះកាលនៅរស់ខ្ញុំមិនសូវជាចូលចិត្តគាត់​នឹងបក្សពួកគាត់ប៉ុន្មានទេពូនោះពិបាកនិយាយគ្នាណាស់ គាត់អំពុលទុក្ខខ្ញុំ អាងតែសំឡេង នឹងកម្លាំងស្រែក គ្មានចេះយកពាក្យសីលធម៌សង្គមអីមកដាក់ក្នុងខ្លួនទេ។ ហើយជាក្រុមមនុស្សកេញប្រវ័ញ្ចគេ សម្លឹងឃើញតែប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ។

បែបនេះទេដឹងទើបគាត់នៅវិលវល់ស្រែករកគេជួយ?

ពេលនោះសន្តិសុខម្នាក់បានជិះកង់ចូលមកព្រលឹងពូហេងថយទៅម្ខាង គាត់នៅស្ងៀមគិតតែសម្លឹងខ្ញុំ ហើយប្រហែលពូសន្តិសុខមើលគាត់មិនឃើញដូចខ្ញុំទេ។ ពូសន្តិសុខសួរខ្ញុំ៖

«ម៉ូតូខូចមែន?»

ខ្ញុំសប្បាយចិត្តដោយគិតថាខ្ញុំអាចគេចចេញពីខ្មោចដូច​ពូហេងបានពេលនេះហើយ។ ខ្ញុំរហ័សឆ្លើយតបទៅគាត់ស្រួលដាក់មេប្រូច។

«អត់ទេពូ! ខ្ញុំទៅផ្ទះហើយ!»

ខ្ញុំជិះចេញដោយមិនខ្ចីងាកមើលព្រលឹងពូហេង ហើយគាត់ក៏មិនបានតាមខ្ញុំដែរ តែថាទៅខ្ញុំចិត្តដាច់ពេកទេដឹង? តែឆ្ងល់ថាគ្នាគាត់ច្រើនសឹងអីមិនទៅរកឱ្យជួយម៉េចបានមករកខ្ញុំទៅវិញ។

ស្អែកឡើងខ្ញុំអង្គុយគិតពីរឿងពូហេង។ ខ្ញុំមិនហ៊ានប្រាប់អ្នកគ្រប់គ្នាពីរឿងនោះ បើចំពោះមេខ្ញុំប្រុសៗច្បាស់មិនជឿទេ តែបើប្រាប់ទៅក៏មិនដឹងបានអីក្រៅពីឱ្យគ្នាខ្ញុំស្រីៗខ្លាចកន្លែងធ្វើការដែរ ម្យ៉ាងបើរឿងនេះបែកធ្លាយទៅមានតែឱ្យអ្នកខ្លាចច្រើនប៉ះពាល់អារម្មណ៍ធ្វើការមិនកើតប៉ុណ្ណោះ។

ព្រោះមិនបានសូត្រមន្តមួយឆ្នាំនេះទេដឹងទើបពូនោះចេញមកបាន?

ខ្ញុំដើរទៅបន្ទប់ទឹកដើម្បីលាងមុខឱ្យស្រឡះ។ ការងារនៅមិនទាន់រួចត្រូវចេញក្រោយគេម៉ោងប្រាំពីរប្រាំបីយប់ សង្ស័យតែខ្មោចពូហេងមករកទៀតទេ។

«ផឹកស៊ីគ្មានមាយាទ!»

ខ្ញុំឮសូរសំឡេងរអ៊ូតិចៗពីខាងក្រៅបន្ទប់ ច្បាស់គ្មានអ្នកណាក្រៅពីអ៊ំអនាម័យដែលហត់នឿយនឹងការតាមសម្អាតរបស់របរស្អុយកខ្វក់ដែលអ្នកផឹកស៊ីបន្សល់ទុកកាលពីយប់ តែប្លែកមួយទៀតដែលមានសំឡេងបន្ទរពីក្រោយ៖

«អន់ចរិតណាស់! កញ្ចាស់ក្បាលហើយ ស៊ីមិនចេះយកចោលធុងសំរាម»

អូ! គាត់សប្បាយចិត្តនឹងការងាររាល់ដងសម្តែងនៅមុខមេទេ?

ខ្ញុំប្រញាប់ដើរចេញពីបន្ទប់ទឹកនោះព្រោះមិនចង់ឮអ្វីច្រើនជាងនេះទៀតនាំធ្ងន់ស្លឹកត្រចៀកឥតប្រយោជន៍ រឿងមេកើយ នឹងកូនចៅគេ លួចដៀលគ្នាអីពីក្រោយខ្នងខ្ញុំសុំមិនស្តាប់ មិនទទួលមកគិត តែក៏នឹកឃើញដល់រឿងមួយដែរថា ការប្រើអំណាចនឹងទឹកលុយមកដឹកនាំ គឺល្អមើលតែនឹងមុខប៉ុណ្ណោះ ឱ្យប្រយោជន៍គេអរទៅ បើអត់វិញគេលួចជេរ។

មេខ្ញុំបែបមិនដឹងថា មនុស្សគាត់សរសើរ ខំលើកឡើងប្រាក់ខែឱ្យកំពុងអង្គុយជេរគាត់ពីក្រោយខ្នង ដោយសាររឿងបោសសម្អាតតិចតួចប៉ុណ្ណឹង?

តែគាត់នៅល្អជាងខ្ញុំយ៉ាងហោចណាស់ធ្លាប់ត្រូវមេសរសើរ ឯខ្ញុំប្រឹងដល់យប់មិនបានលុយហើយ ស៊យត្រង់ថានៅម្នាក់ឯងត្រូវខ្មោចពូហេងលងទៀត នៅគាត់ថាយកសរសើរធ្វើអីបើធ្វើការយកលុយគេសោះនឹង? ខ្ញុំអត់ពាក្យតវ៉ាទេ ធ្វើការយកលុយទៅ។

គាត់ពីរអ្នកមើលមុខខ្ញុំ។ ខ្ញុំបានត្រឹមតែញញឹមហើយលាងដៃធ្វើដូចអត់បានឮអ្វីសោះ រួចក៏ដើរចេញពីទីនោះទៅ។

អង្គុយៗសឹងតែចុកឆ្អឹងខ្នង ម៉ោងប្រាំមួយក៏ដល់ល្មមម្នាក់ៗចេញទៅផ្ទះអស់សល់តែខ្ញុំម្នាក់ឯងកណ្តោចកណ្តែងកណ្តាលឃ្លាំងងងឹតស្លុងដូចកណ្តាលព្រៃ។

ខ្ញុំគិតថាដើរទៅបិទទ្វារដើម្បីប្រមូលអារម្មណ៍ធ្វើការឆាប់បានចេញដូចគេឯង តែពេលងាកមកវិញ ពូហេងអង្គុយក្រោយកៅអីខ្ញុំ។

សំឡេងស្ងាត់មនុស្សសល់តែសូរឆ្មាស្រែកប្រដេញគ្នារញ៉េចរញ៉ាច ស្នូរកុកតាក់ភ្លើងលាន់ក្នុងអាគារងងឹតស្លុងមើលទៅគួរឱ្យរន្ធត់ណាស់ ក៏មិនដឹងថាខ្ញុំគួរយកការងារជាធំជាងសុខទុក្ខខ្លួនឯងពេលនេះដែរឬអត់ទេ។

តែមិនស្មានថាគាត់លើកដៃសំពះខ្ញុំទាំងមុខស្រពោន។ ឈរមើលមុខគាត់យូរៗទៅខ្ញុំឃើញទឹកភ្នែកខ្មោចស្រក់ វាជាលើកទីមួយហើយ។

«ជួយពូផងទៅនិស្ស័យ ពូទៅចាប់ជាតិមិនបានទេ!»

«ហេតុអី?»

ពូហេងសាងកម្មអីទើបមិនអាចទៅចាប់ជាតិបាន ហើយតើខ្ញុំពិតជាអាចជួយគាត់បានមែន?

ពូហេងចង្អុលទៅលើអេក្រង់កុំព្យូទ័រដែលខ្ញុំបានបើកចោល។ ខ្ញុំដឹងហើយ ហើយវាដូចទៅនឹងអ្វីដែលខ្ញុំបានសង្ស័យមិនខុសមែន។

នោះគឺបញ្ចីឈ្មោះប្រមូលប្រាក់ដែលខ្ញុំទទួលបានពីការព្រមព្រៀងរបស់ក្រុមពូហេងនឹងកម្មករ ក្នុងនោះក៏មានមេដាយបញ្ជាក់ច្បាស់លាស់ទុកជាភស្តតាងដែលថាភាគីទាំងពីរយល់ព្រមគ្នាសងខាងរួចរាល់ តែពូហេងបានបន្លំមេដាយគេ ប្រមូលលុយអ្នកដែលមិនស្ម័គ្រចិត្តទើបជាប់កម្ម។

«ពូសងគេមិនអស់ទេក្មួយ លុយគេច្រើនណាស់ ពូសងមិនអស់ទេ!»

គាត់រៀបរាប់ទាំងយំប្រាប់ខ្ញុំពីដំណើរឆ្លងកាត់ការដាក់ទោសនៅឋាននរក។ វាច្បាស់ណាស់ថាមិនថាកម្មតិចឬច្រើនទេ បើមនុស្សមានចេតនាប្រព្រឹត្តកម្មនោះ នឹងតបស្នងមកវិញភ្លាមមិនចាំជាតិក្រោយឡើយ។

ពូហេងជាមនុស្សមិនចូលចិត្តសន្សំកុលស កាលនៅរស់គាត់អត់មានធ្វើអីក្រៅពីផឹកស៊ីសប្បាយ មិនខ្វល់សុខទុក្ខប្រពន្ធកូន ម្ល៉ោះហើយទើបគាត់ឈឺរ៉ាំរ៉ៃត្រូវឱ្យប្រពន្ធលក់ដីធ្លីយកលុយមកមើលជំងឺគាត់ ហើយពេលគាត់ស្លាប់ទៅ គ្មានអីក្រៅពីបំណុល សូម្បីតែលុយធ្វើបុណ្យប្រាំពីរថ្ងៃឱ្យគាត់ក៏គ្មានផង។

មនុស្សអត់បុណ្យ ហើយក៏អត់មានអ្នកធ្វើបុណ្យឧទ្ទិសកុសល ទើបគាត់នៅវិលវល់ចាំកន្លែងទៅណាមិនបាន។

ពូហេងប្រាប់ខ្ញុំថា គាត់ជាប់ពាក្យបណ្តាសាពីម្ចាស់លុយដែលគាត់បោកទៅមិនបានព្រមព្រៀង ហើយកាលដែលគាត់មករកខ្ញុំ ព្រោះខ្ញុំជាមនុស្សមិនខ្លាចវិញ្ញាណ គាត់មិនហ៊ានទៅរកអ្នកខ្លាចទេ ព្រោះខ្លាចថាកាន់តែបន្ថែមកម្មចាប់ជាតិមិនបាន។

រឿងពូហេងធ្វើឱ្យខ្ញុំនឹកគិតថា គាត់ត្រឹមកេងលុយគេប៉ុណ្ណឹងក៏មានកម្មណាស់ទៅហើយ ចុះអ្នកដែលបោកប្រាស់គេ លួចឆក់ប្លន់ទ្រព្យសម្បត្តិ សម្លាប់គេនឹងត្រូវវេទនាលើសនេះកម្រិតណា?

គាត់ថែមសុំខ្ញុំឱ្យជួយប្រាប់ប្រពន្ធនឹងកូនៗគាត់ផង គាត់ចង់សុំទោសដែលពេលនៅរស់គាត់មិនបានផ្តល់ភាពកក់ក្តៅដល់គ្រួសារ មិនអាចឱ្យប្រពន្ធកូនបានរស់នៅស្រួលក្រៅពីស្លាប់ហើយនៅឱ្យប្រពន្ធនិងកូនត្រូវលំបាកសងបំណុលគេជំនួសគាត់ទៀត។

គាត់ថាស្តាយណាស់ដែលមិនបានធ្វើល្អដាក់ម្តាយឪពុកគាត់កាលនៅរស់ បើបានធ្វើបុណ្យនឹងម៉ែឪគាត់ប្រហែលមិនជាប់កម្មធ្ងន់យ៉ាងនេះទេ។

ពូហេងប្រាប់ខ្ញុំឱ្យខំធ្វើបុណ្យទៅ ធ្វើបុណ្យនឹងម៉ែឪបុណ្យធំបំផុតហើយ និងជួយរម្លឹកដល់គ្នាគាត់ដែលនៅបន្តកេងលុយមនុស្សស្លូតត្រង់ផង ប្រយ័ត្នស្លាប់ទៅស្ពាយបាប លោភលន់របស់គេគ្មានបានអីមកវិញទេ ខ្ញុំនេះជាស្អី?

បើពេលខ្លះខ្ញុំក៏មិនដឹងថាខ្លួនឯងល្អប៉ុនណា ហើយជាប់មានកម្មពារដោយអចេតនាអ្វីខ្លះផង ដ្បិតខ្ញុំប្រកាន់រឿងបុណ្យបាប មិនឈ្លានពានអ្នកដទៃ តែខ្ញុំគ្មានអំណាចនឹងទៅហាមឃាត់អ្នកណាកុំសាងអាក្រក់ សាងបាបឡើយ។

តែខ្ញុំក៏មិនបានទុកការអង្វររបស់គាត់ចោលមិនអើពើដែរ ដ្បិតថាខ្ញុំមិនដឹងទៅជួបគ្រួសារគាត់ ទៅជួបម្ចាស់កម្មរបស់គាត់ទាំងនោះឱ្យអហោសិកម្មឱ្យគាត់ដោយរបៀបណា តែខ្ញុំបានទៅវត្តដើម្បីធ្វើបុណ្យឧទ្ទិសកុសលឱ្យគាត់ សង្ឃឹមពូហេងឆាប់បានរួចទោសទៅចាប់ជាតិថ្មីលែងនៅវិលវល់ដូចពេលនេះទៀត។

រឿងពូហេងបានធ្វើឱ្យខ្ញុំសម្លឹងឃើញបាបជុំវិញខ្លួនស្រស់ៗ បាបលួចបន្លំគេ បាបដណ្តើមរបស់គេ បាបពង្រាត់ប្តីប្រពន្ធគេ ដែលមនុស្សកំពុងប្រព្រឹត្តហើយគិតថាវាជារឿងធម្មតាៗក្នុងការរស់នៅ ហើយក៏នឹកដល់សម្តីពូហេងថា កម្មក្រាស់ណាស់ពេលស្លាប់ទៅ។

ចាប់ពីថ្ងៃនោះខ្ញុំលែងបានឃើញពូហេងហើយ នៅសល់តែសំឡេងល្វើយៗពីទិសនេះម្តងទិសនោះម្តង ខ្ញុំដឹងថាពូហេងមិនទាន់ផុតកម្ម ហើយទៅចាប់ជាតិបាននៅឡើយ ដ្បិតខ្ញុំមិនខ្លាច តែខ្ញុំក៏ប្រឹងធ្វើការយ៉ាងណាឱ្យបានឆាប់ចេញទៅផ្ទះមិននៅម្នាក់ឯងដល់យប់ជ្រៅបែបនោះទៀតទេ។

មិនយូរប៉ុន្មានខ្ញុំឮថា បក្សពួកពូហេងម្នាក់ទៀតធ្លាក់ខ្លួនឈឺទៀតហើយ បាយមិនបាយទឹកមិនបាន ខ្លាចតែគាត់នឹងដេកក្រោកមិនរួចដូចកាលពូហេងដែរទេ ព្រោះពេលអត់ពីពូហេងទៅ ពូម្នាក់នេះហើយបានឡើងធ្វើមេគេ ហើយក៏នៅបន្តយកមេដាយបន្លំយកលុយគេដូចកាលពីពូហេងនៅរស់ដែរ តើខ្ញុំគួរយករឿងពូហេងប្រាប់ពួកគាត់ដែរទេ?

ជាងមួយខែក្រោយថ្ងៃមួយខ្ញុំនៅបន្តធ្វើការដល់យប់ដូចកាលមុនដែរ ព្រោះច្រើនពេកធ្វើមិនអស់មិនហើយ។

ចេញពីអាគារមិនទាន់ផុតផង ពូហេងបង្ហាញខ្លួនហើយមកញញឹមដាក់ខ្ញុំ។ ខ្ញុំគិតថាទំនងគាត់មកលាឬយ៉ាងណា តែគាត់បាននិយាយឡើងជាមួយសំឡេងខ្សាវៗរបស់គាត់ដែលស្តាប់សឹងមិនឮ៖

«ពូមិនអាក្រក់ពេកទេនិស្ស័យអើយ!»

ដំបូងខ្ញុំឆ្ងល់នឹងសម្តីគាត់ តែមិនទាន់បានសួរព្រោះពូសន្តិសុខម្នាក់ជិះកាត់ខ្ញុំខ្លាចគាត់ឆ្ងល់ថាខ្ញុំដើរនិយាយម្នាក់ឯង។

ពូហេងប្រាប់ខ្ញុំថាកាលពីយូរដែរហើយគាត់បានបរិច្ចាកឈាមទៅឱ្យក្មេងប្រុសម្នាក់ឈឺធ្ងន់ហើយត្រូវសង្គ្រោះបន្ទាន់ចំពេលដែលប្រពន្ធគាត់ឆ្លងទន្លេសម្រាលកូន។ កាលនោះដោយម្តាយក្មេងយំព្រោះរកឈាមមិនបានទើបដាច់ចិត្តសុំសំពះពូហេងឱ្យជួយគាត់ ដោយដឹងថាឈាមពូហេងត្រូវនឹងកូនប្រុសស្រ្តីនោះ ពូហេងក៏ដាច់ចិត្តបរិច្ចាក ទើបក្មេងនោះរួចពីគ្រោះថ្នាក់។

ក្រោយពេលម្តាយក្មេងនោះបានដឹងថាពូហេងស្លាប់ គាត់បានមករកប្រពន្ធពូហេងដល់ផ្ទះហើយបានជួយផ្តល់ប្រាក់យ៉ាងច្រើនឱ្យប្រពន្ធពូហេងខ្ចីដោយគ្មានការប្រាក់ ទើបគាត់អាចប្រកបរបររកស៊ី ហើយមានសមត្ថភាពបង់រំលោះបំណុលគេខ្លះ ចិញ្ចឹមកូនខ្លះ។

ពូហេងប្រាប់ខ្ញុំថាគាត់សប្បាយចិត្តណាស់ ហើយក៏ស្តាយណាស់ដែរ បើកាលនៅរស់គាត់សន្សំបុណ្យច្រើន ជួយគេច្រើន មិនរវល់តែនឹងរឿងស៊ីផឹកអត់ប្រយោជន៍ ម្ល៉េះបុណ្យនោះនឹងតាមជួយថែមិនឱ្យប្រពន្ធកូនគាត់ត្រូវលំបាកវេទនាដូចពេលនេះឡើយ៕

ចប់