ចំណុចគន្លឹះទី៦ ទុកអ្នកអាននៅក្នុងគំនិត៖
អ្នកនិពន្ធតែងគិតដល់អ្នកអានគ្រប់ពេលដែលឱនសរសេរ។ ត្រូវដឹងថា អ្នកអានរបស់យើង ជាពិសេស ហ្វេនស្វិតស្វាញ ពួកគេមិននៅស្ងៀម ឬនៅដដែលមួយកន្លែងទេ។ ពួកគេអភិវឌ្ឍ ។ អ្នកអានខ្លះ អភិវឌ្ឍរហ័សជាងយើងទៀត ។ តោងបង្កើតចំណាប់អារម្មណ៍តាំងពីទំព័រដំបូងឱ្យបានល្អព្រោះ ពួកគេបានស្គាល់ចរិតក្នុងសំណេររបស់អ្នកនិពន្ធច្បាស់។ ដាក់ការខិតខំប្រឹងប្រែងខ្លាំងបន្ថែមឡើងជានិច្ចទៅក្នុងសេចក្តីណែនាំ ពុំនោះ អ្នកនឹងបាត់បង់ពួកគេ។
អ្នកអានមិនយកប្រាក់មកជាវអ្វីដែលដដែលៗទេ។ កថាខណ្ឌទីមួយរបស់យើងត្រូវតែគួរឱ្យចង់អានបន្ត។ ដូចគ្នានេះដែរ អ្នកនិពន្ធល្អត្រូវបញ្ចប់សាច់រឿងដោយហេតុផលរឹងមាំផងដែរ។ គ្មាននរណាម្នាក់ចង់អានអត្ថបទដែលចុងបញ្ចប់ស្រាលជាងក្បាលទេ។ នៅពេលណាមួយដែលប្អូនៗ អាចទាញអ្នកអានមកដល់ចំណុចកំពូលដែលផ្តល់រង្វាន់ ឬយុត្តិធម៌និងចេះផ្ទៀងផ្ទាត់ថា បានសរសេរគ្រប់គ្រាន់ ដោយមិនឱ្យអ្នកអានវង្វេង ឬច្របូកច្របល់ហើយ ប្អូនជាអ្នកនិពន្ធអាជីព។ ត្រង់ណេះ អាចមានន័យថា អ្នកនិពន្ធល្អ សរសេររឿងដែលមានការចាប់ផ្តើម កណ្តាល និងចុងបញ្ចប់ច្បាស់លាស់ ឡូជីខល និងសមហេតុផល។
គន្លឹះសំខាន់ទី៧ ទុកអ្នកនិពន្ធផ្សេងជាគ្រូ៖
គ្មានអ្នកណាម្នាក់ជាអ្នកនិពន្ធល្អលើសគេឯងទេ តែអ្នកនិពន្ធដែលអានច្រើន រៀនច្រើន ហើយអាចក្លាយជា អ្នកនិពន្ធកម្រិតប្រភេទខាងលើបាន ជាជាងអ្នកដែលងប់ងល់តែនឹងខ្លួនឯង។ កុំខ្លាចគេមិនស្គាល់យើង ត្រូវខ្លាចថា ពេលគេមកស្គាល់យើង គេរកអីអានមិនបាន។ បទនិពន្ធជាសំឡេងដ៏ឮមួយ ប្រកូកប្រកាសប្រាប់អ្នកអានអំពីសក្តានុពលពិតរបស់យើង តែចង់ទទួលបានសំណេរល្អ ត្រូវខំអាន។ ជ្រើសរើសសំណេរ ព្រោះអ្នកនិពន្ធក្នុងចិត្តយើងស្ថិតក្នុងកម្រិតអាជីពប៉ុនណា យើងជាមនុស្សកម្រិតនោះដូចគ្នា។
គន្លឹះសំខាន់ចុងក្រោយ វិន័យ៖
ប្រហែលជាមកពីអាយុរបស់ខ្ញុំ តួនាទីសង្គមរបស់ខ្ញុំដែលនាំឱ្យខ្ញុំត្រូវបានគេមកសួរយោបល់ញឹកញាប់សម្រាប់ការប្រឹក្សាអាជីពតែងនិពន្ធ។ ខ្ញុំតែងទុកវិន័យជាការនិយាយគ្នាចម្បង។ វិន័យអាច ប្រែក្លាយជំនឿទៅជាអារម្មណ៍ជោគជ័យ។ មនុស្សគ្មានវិន័យ មិនជឿសូម្បីតែខ្លួនគេផង ឱ្យអ្នកណាមកជឿគេ។
មានអ្នកនិពន្ធជាច្រើន មានទេពកោសល្យតែខ្ជិលស្រាវជ្រាវ ខ្ជិល បញ្ចប់សាច់រឿង ឬទម្លាប់ប្រើការអួតអាង ជាជាងមានលទ្ធផលពិត។ នេះជាភាពអន់ថយនៃវិន័យផ្ទាល់ខ្លួន។ មានវិន័យទើបមាន៧ចំណុចខាងលើមកបាន។ ស្វែងយល់ពីតម្លៃ ជំនឿ និងភាពខ្លាំងរបស់យើង ហើយត្រូវប្រាកដថា វានឹងឆ្លុះបញ្ចាំងនៅក្នុងស្នាដៃអ្នកនិពន្ធម្នាក់ៗ មិនមែនថ្វីមាត់ ឬការដ្រាម៉ាលើបណ្តាញសង្គមទេ។ ប្រសិទ្ធភាពខ្ពស់មិនស្មើនឹងសក្តានុពលខ្ពស់ឡើយ អ្នកណាមិនដឹង យើងខ្លួនឯងដឹង។ អាជីពមិនទិញមកបានទេ យើងត្រូវឆ្លាក់រចនាវាសន្សឹមៗ កុំចង់ឈានភ្លាមដល់គោលដៅចុងក្រោយ។ ដោយឱហាតនិងឈឺចាប់ ទឹកភ្នែក ហត់នឿយ បាក់ទឹកចិត្ត និងជំរុញទឹកចិត្ត វាជាអ្វីដែលយើងត្រូវឆ្លងកាត់។ មានក្រុមហ៊ុនសិល្បៈច្រើន ព្យាយាមច្នៃអ្នកនិពន្ធ តែចុងក្រោយលទ្ធផល គឺបានមកពីខ្លួនយើង បើយើងមិនមានវិន័យ មិនខំ គ្មានប្រព័ន្ធណាមកច្នៃយើងចេញទេ។ ជោគជ័យទាមទារពេលវេលា និងការយកចិត្តទុកដាក់ បង្កើនសមត្ថភាពមិនឈប់ឈរ ។ ជាការពិត នេះជាគោលការណ៍ដ៏លំបាក ហត់និងធុញ តែបុគ្គលដែលឆ្លងកាត់បាន តែងចេះលះបង់ចេះគ្រប់គ្រងជម្លោះពីក្នុងចិត្តខ្លួនឯង ដែលការឈ្នះខ្លួនឯង គឺជាជំនាញធំមួយ អាចឈានទៅយកឈ្នះលើអ្វីៗទាំងអស់បាន។