ខ្ញុំតែងតែមានអារម្មណ៍មិនល្អគ្រប់ពេលនិយាយអំពីស្នេហា។ នេះប្រហែលមកពីជីវិតកន្លងមក ខ្ញុំចងចាំបណ្តាសម្តីឬពេលវេលាដ៏ឈឺចាប់ដែលពួកគេ បដិសេធខ្ញុំ។
«ខ្ញុំមិនសមជាមួយវីឯងទេ! ច្បាស់ជាមានមនុស្សល្អជាងខ្ញុំ!»
វីដជាមិត្តម្នាក់ តែងតែមកដល់រាល់ពេលខ្ញុំត្រូវការ ខ្ញុំស្មានថាជាស្នេហា តាមពិត គេបានបដិសេធខ្ញុំហើយបាត់មុខ។
ខ្ញុំគិតថាខ្ញុំមានកំហុស ដែលច្រឡំលើមិត្តភាពរបស់គេ ក្រោយមកខ្ញុំប្រយ័ត្នណាស់មុនពេលនិយាយពីបេះដូងពិតទៅអ្នកណាម្នាក់។
តែ ពួកគេនៅតែបដិសេធខ្ញុំ។ ធម្មតាខ្ញុំជាមនុស្សស្រីខ្ញុំមិនដែលផ្តើមមុននេះ ពួកគេមកធ្វើដូចជាយកចិត្តទុកដាក់ ហើយពេលដែលគ្រប់យ៉ាងវាក្លាយជាការចង់ដឹង គេផ្តល់ឱ្យខ្ញុំនូវការពិតដ៏ឈឺចាប់
«វីឯងច្រឡំចិត្តខ្ញុំ ខ្ញុំគិតថាយើងជាមិត្តរហូតមក!»
ខ្ញុំដឹងថា ពីដំបូងមិនមែនមិត្តទេ មិត្តអីមករកគ្នារាល់ថ្ងៃ ហើយប្រចណ្ឌ ហួងហែង? តែក្រោយមកចិត្តគេប្តូរព្រោះឃើញអ្នកផ្សេង ក៏បន្លប់ថាជាការយល់ខុសរបស់ខ្ញុំម្នាក់ឯង?
ដល់សព្វថ្ងៃខ្ញុំមិនរាប់អានមនុស្សប្រុសតែម្តង។ ការដើរម្នាក់ឯងនិងធ្វើមុខគ្មានបេះដូងវានឹងជួយឱ្យយើងមិនឈឺចាប់ខ្លាំង ខ្ញុំមិនមែនជាមនុស្សចុះចាញ់ទេ គ្រាន់តែអតីតពិតជាចុក ពិបាកនឹងឱ្យបើកចិត្តម្ដងទៀតណាស់។
ហើយឥឡូវនេះ មនុស្សផ្សេងម្នាក់បានចូលមកដល់។
គាត់បានធ្វើឱ្យខ្ញុំជឿជាក់លើគាត់ លើសពីមនុស្សមុនៗក្នុងអតីតកាល។ គាត់ឈ្មោះ រ៉ាប៊ីនទើបនឹងចូលមកធ្វើការកន្លែងនេះក្រោយខ្ញុំតែមកជាមេខ្ញុំ។
ខ្ញុំចេះញញិម ព្រោះចាប់ផ្តើមពេញចិត្តពីរបៀបដែលគាត់ចូលចិត្តឮខ្ញុំនិយាយ បញ្ចេញយោបល់ ឬអ្វីក្តីយកចិត្តទុកដាក់ទាំងអស់។
គាត់ញញិម គាត់មានអាយុលើសខ្ញុំ៨ឆ្នាំ។
គាត់ទើបនឹងបែបកបាក់ស្នេហានេះបើតាមការស៊ើបរបស់ខ្ញុំ ថាខាងស្រីការចោលគាត់ចេញទៅអាមេរិក។ គ្រប់យ៉ាងដែលគាត់បាននិយាយនិងធ្វើមក ដូចជាឱ្យតម្លៃខ្ញុំខ្លាំង។
ខ្ញុំមិនដែលមានមេដឹកនាំដែលខ្ញុំលង់ចិត្តទេ បើរឿងនេះកើតមាននៅកន្លែងធ្វើការវាបង្កើនការលំបាកពីរដង គឺឈឺចាប់ដែលឃើញមុខគ្នានិងការបាត់បង់អារម្មណ៍ធ្វើការបីដង ម្ល៉ោះហើយគ្រប់អនុស្សាវរីយ៍ល្អៗជាច្រើនដែលខ្ញុំមិនអាចធ្វើជាមិនចាំ មិនឃើញ ខ្ញុំប្រាប់ខ្លួនឯងថាថ្ងៃណាមួយ នឹងបាត់បង់ សប្បាយចិត្តត្រឹមថ្ងៃនេះបានហើយ កុំទុកជាអនាគតវែងឆ្ងាយពេក។
«មាណវីថ្ងៃអាទិត្យនេះទំនេរទេ?»
«ហេតុអីបងប៊ីន?»
«ទៅលេងចម្ការ!»
«ចម្ការបងឯង?»
«របស់ម៉ាក់បង! តែចង់នាំពួកយើងទៅស្ទូចត្រីដុតញ៉ុំ!»
មានអារម្មណ៍ថា គាត់ចង់បានពេលវេលាជាមួយខ្ញុំ។ គាត់មានទឹកមុខញញិម ភ្នែកស្រទន់។ បើគាត់បបួលគ្រប់គ្នាម្តេចមកនិយាយនឹងខ្ញុំមុន?
«រវល់ដឹងបង! ចាំមើលសិន ខ្ញុំប្រាប់ពួកគេឱ្យ!»
ខ្ញុំបដិសេធព្រោះមិនចង់បន្តសុបិននាំឱ្យឈឺទៅថ្ងៃមុខ។ បែកពីវីដនិងមនុស្សពីរបីនាក់មកហើយ ខ្ញុំមិនចង់បែកពីបងរ៉ាប៊ីនដោយវិធីដដែលទេ។
អ្វីដែលខ្ញុំរៀនបានពីមនុស្សប្រុសគឺ មករកយើងមុន ហើយក៏ជាភាគីដែលដោះដៃចេញវិញមុនដែរ។
មិនយល់ចិត្តពួកគេទេ ខ្ញុំអាយុ២៦ឆ្នាំហើយ នៅតែគិតមិនយល់ថា ហេតុអ្វីគេចាំបាច់ធ្វើដូចស្រលាញ់យើងបើគេមិនច្បាស់លាស់ផង?
ប៉ុន្តែ គាត់នៅតែមកក្បែរៗ និងនៅទីនោះជានិច្ចសម្រាប់ខ្ញុំ។ ក្នុងនាមជាមិត្តដ៏ល្អម្នាក់រៀមច្បងដែលយល់ចិត្ត លើកតម្កើង ឱ្យឱកាស និងច្រើនទៀតគ្រាន់តែមិននិយាយពាក្យស្រលាញ់។
នេះហើយជារឿងធំ។
គេថាមនុស្សប្រុសបើស្រលាញ់គេសារភាពមិនខាន។ គេទ្រាំមិនបានទេ។ សូម្បីពេលនិយាយថាស្រលាញ់យើងនៅតែមិនចង់ពិតចុះទម្រាំបើគេមិនដែលនិយាយសោះហើយយើងយកមកគិត?
«បងជាប់នៅកន្លែងថ្មី ប្រាក់ខែល្អជាងនេះបីដង!» គាត់ប្រាប់ខ្ញុំពេលនៅតែពីរនាក់ក្នុងការិយាល័យ។
«បើខ្ញុំជាបង ខ្ញុំទៅ!» ខ្ញុំនិយាយទាំងមុខមាំប្រាកដប្រជាដាក់គាត់។
«ចុះបងបានចួបមាណវីទៀតទេ?!»
ខ្ញុំភាំង។ ខ្ញុំខ្មាសនិងស្កុបចលនា។ ទោះបីជាទំនាក់ទំនងនេះ ច្បាស់តែខ្ញុំមិនចង់ទាញវាមកជាការពិតទេ ព្រោះការពិតមនុស្សយើងអាចកាឡៃបាន។
«ខ្ញុំ? ហេតុអីបង? កុំនិយាយលេងបងរ៉ាប៊ីន?»
ពេលនោះហើយ គាត់ប្រាប់ថា គាត់នឹងមិនទៅណាចោលខ្ញុំទេ ចិត្តគាត់គិតពីខ្ញុំ។ មានអារម្មណ៍ថាគាត់ជំរុញទំនាក់ទំនងនេះឱ្យស្ថិតក្នុងកម្រិតលើសមិត្តភាព។
យប់ដដែលនោះ ចម្លែកដែលគាត់ឆាតមកលេង។ និយាយពីរឿងការងារតែសួរពីគ្រួសារខ្ញុំជានិច្ច សមាជិក ម្នាក់ៗ ប្អូនខ្ញុំ បងៗខ្ញុំនិងប៉ាម៉ាក់ខ្ញុំ។
ហេតុអ្វីបានជាខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំចួបតែមនុស្សប្រុសដែលនឹងស្រូបយកថាមពល ភាពវិជ្ជមាន ភាពគ្មានកំហុស សេចក្តីស្រលាញ់របស់ខ្ញុំ ហើយបន្ទាប់មកនៅពេលដែលពួកគេប្រើប្រាស់អ្វីៗគ្រប់យ៉ាង នោះអស់ ចម្លើយគឺ យើងត្រឹមជាមិត្ត។
«វីឯង មានស្តង់ដារម៉េចចំពោះគូជីវិត?»
«ខ្ញុំ?!»
«មនុស្សប្រុសបែបណា?!»
«ម៉េចបានសួររឿងហ្នឹងបង?!»
«បងចង់ក្លាយជាគេនោះ!»
ខ្ញុំលែងឆាត តែខ្ញុំអានសារចុងក្រោយនេះសឹងពេញមួយយប់។
អាចថា ពេលនេះគេមានអារម្មណ៍ទោរទន់ ហើយខ្ញុំក៏ចូលរួមទោរទន់ជាមួយគេ ចុះថ្ងៃដែលពួកគេ “លែងមានអារម្មណ៍ដូចពេលនេះទៀត ”? អ្នកឈឺចាប់យ៉ាងខ្លាំងគឺខ្ញុំ។
ហើយខ្ញុំគ្រាន់តែបញ្ចប់ទៅ នូវគ្រប់យ៉ាងអំពីគេ ភាពស្និទ្ធស្នាល ការឃើញគ្នា ឬកាន់តែអសន្តិសុខ និងអស់សង្ឃឹមក្នុងរឿងមនោសញ្ចេតនា?
«good morning!»
«ចា៎បង អរុណសួស្តី!» ខ្ញុំសែនភ្ញាក់ផ្អើលនឹងសារពេលព្រឹករបស់គេ។
«បងកំពុងទិញកាហ្វេ បងចង់ទិញផ្ញើ ញ៉ុំអីដែរ?»
«ឡាតេបានបង! ចាំសងលុយវិញ អរគុណបងច្រើន!»
វាពិតជាពិបាកសម្រាប់ខ្ញុំណាស់ ក្នុងការគេចឬឆ្មើងកន្ទ្រើងដាក់នរណាម្នាក់ដែលខ្ញុំបានចំណាយពេលវេលា និងអារម្មណ៍ជាច្រើនគិតពីគេ។
ខ្ញុំមានសេរីភាពក្នុងការជជែក និងកម្សាន្តជាមួយពួកគេ ប៉ុន្តែខ្ញុំចេះតែមានអារម្មណ៍ថា កំពុងបង្កើតការឈឺចាប់។
ដូចយ៉ាងជាមួយបងរ៉ាប៊ីន ទោះខំប្រឹងយ៉ាងណាក៏ដោយ ខ្ញុំហាក់មិនអាចគេចពីការទទួលយកស្នេហាថ្មីនេះទេ។
គិតមើលចុះ ក្រោយពីយប់នោះមក គាត់បានតាមដានខ្ញុំ។
ខ្ញុំចុចLIKEសៀវភៅមួយគេលក់អនឡាញ ស្រាប់តែគាត់បញ្ជាទិញផ្ញើមក។ ខ្ញុំមិនអាចបើកចិត្តឱ្យអ្នកផ្សេងបានទៀតឡើយ ខ្ញុំជាមនុស្សស្រីដ៏កម្សត់ម្នាក់ដែលរង់ចាំបុរសល្អមកស្រលាញ់ ពេលនេះគេបង្ហាញខ្លួនហើយ ខ្ញុំមិនមែនទេវតាចិត្តមាសទេ ខ្ញុំចង់បានគេណាស់ ហើយចង់បានរហូតពីបច្ចុប្បន្នដល់អានាគត។
«ខ្ញុំចង់បានគូជីវិតដែលមានការទទួលខុសត្រូវខ្ពស់!»
ខ្ញុំសរសេរបែបនេះទៅគេ។ រំលងពីរថ្ងៃគេបបួលខ្ញុំទៅលេងម៉ាក់គេ។
វារហ័សពេកហើយខ្ញុំដឹង តែខ្ញុំក៏មិនចង់អូសបន្លាយយូរដែរ។ ពាក្យមួយគេនិយាយថា បើស្នេហាមកដល់ គឺរកតែរើខ្លួនមិនរួចទេ ហើយបើជាគូព្រេង តែងមិនព្រាត់។
ថ្ងៃនោះខ្ញុំទិញផ្លែឈើនិងនំបារាំងខ្លះទៅកំដរដៃ តែសង្កេតឃើញថា ម៉ាក់គាត់មិនសូវពេញចិត្តខ្ញុំទេ។ ខ្ញុំតាមសួរគាត់ តែបងរាប៊ីនថា ខ្ញុំគិតច្រើនពេក។
ទោះយ៉ាងណា ខ្ញុំរង់ចាំគេសុំទៅលេងប៉ាម៉ាក់ខ្ញុំវិញម្តង មិនឃើញគេនិយាយសោះ។ បានប្រហែលមួយខែក្រោយ គេមកប្រាប់ខ្ញុំថាគេផ្លាស់ការងារហើយ។
ពេលគេប្រាប់នេះ សល់ត្រឹមពីរថ្ងៃទៀតជាថ្ងៃចុងក្រោយនៅទីនេះ បានន័យថា ខ្ញុំដឹងក្រោយគេ ឬគេបានលាឈប់តាំងពីជាង១០ថ្ងៃមុន។
ខ្ញុំដឹងថា មកពីម៉ាក់គេ។
តាមរយៈរឿងដ៏ឈឺចាប់នេះ ខ្ញុំសាកល្បងស៊ើបពីទំនាក់ទំនងចាស់របស់គេ គឺបណ្តាលមកពីម៉ាក់គេដដែលបានជាគេដូរចិត្ត។
«បងឯងដូរកន្លែងធ្វើការដល់ថ្ងៃ Farewell ហើយទើបប្រាប់ខ្ញុំ!»
ខ្ញុំថាទាំងអន់ចិត្តនិងយំ។ កាយវិការនេះស្មើនឹងការដើរដល់ទីបញ្ចប់នៃទំនាក់ទំនងពួកយើង។
«បងក៏មានការពិបាក បងពិបាកនិយាយ!» គេឆ្លើយយ៉ាងកំសាក។
«ចឹងបងមិនបាច់និយាយក៏បាន កុំឱ្យពិបាក!»
គេក៏លែងឆាតមកដូចភាពស្ងៀមស្ងាត់របស់ខ្ញុំដែរ។
ហេតុអ្វីមនុស្សប្រុស តែងមកប្រាប់ថាគេចូលចិត្តយើងពីដំបូង ឱ្យយើងបើកចិត្តឱ្យទូលាយពិនិត្យមើលគេផង ធ្វើឱ្យយើងមានអារម្មណ៍ថា ចេះស្រលាញ់ឡើងវិញម្តងទៀត ហើយចុងក្រោយនៅពេលដែលគេបោះបង់ គេចង់តែគេចមិនព្រមគិតពីចិត្តថ្លើមយើង?
ខ្ញុំនិយាយរឿងនេះជាមួយមិត្តស្រីៗ គេថាអាចជាកម្មពារឬអ្វី? ម៉េចក៏ខ្ញុំ ត្រូវមានកម្មពារអាក្រក់ម្ល៉េះ ខ្ញុំបានធ្វើអ្វីខុស បានជាម្តាយគាត់ឃើញខ្ញុំម្តងក៏វាយតម្លៃខ្ញុំ?
«ម៉ាក់បងមែនទេ?» ខ្ញុំសួរដោយឈឺចិត្តតែគេវិញឆ្លើយធម្មតា៖
«មិនមែនគាត់តែកុំចេះតែកាត់ស្មាន! បើយើងរឹងមាំជាមួយគ្នា គាត់មិនអាចធ្វើអីបានទេ!»
«បានន័យថាគាត់ដដែល!» ខ្ញុំជូតទឹកភ្នែក ហើយស្អប់ម្តាយពួកប្រុសៗទាំងអស់នោះជាខ្លាំង។ ស្អប់ជាងគេពួកកូនកំសាកអស់នោះ។
«កំហុសបង! មិនមែនគាត់ទេ!»
«បងជាខ្ទើយ ជាចោរឬជាអ្វី បានជាមកល្អជាមួយកូនស្រីគេហើយ ដោះដៃធ្វើហី?»
«បងមិនបានបំផ្លាញអនាគតអូនទេមាណវី!»
«បំផ្លាញបេះដូងខ្ញុំ!»
ម៉េចបានជាខ្ញុំចំណាយអារម្មណ៍ច្រើនទៀតជាមួយមនុស្សធុនអស់នេះ? ខ្ញុំយំហើយឈឺចាប់ណាស់នឹងខ្លួនឯង។ ខ្ជះខ្ជាយពេលវេលា និងផ្តល់ការទុកចិត្ត ខ្ញុំខុសទេគ្រាន់តែស្វែងរកមនុស្សម្នាក់មកជាគូ?
មើលក្នុងកញ្ចក់ ខ្ញុំមិនមែនជាមនុស្សស្រីរូបអាក្រក់ទេ ខ្ញុំឧស្សាហ៍ហាត់ប្រាណ ខ្ញុំថែរក្សាស្បែក ខ្ញុំមិនដែលធ្វេសប្រហែសសម្អាតធ្មេញ តែ ជារឿយៗខ្ញុំមានអារម្មណ៍ថា បុរសៗចង់បានតែអ្វីដែលជារូបរាងកាយ។ គេអាចនឹងឃើញអ្នកណាល្អជាងខ្ញុំ ម្តាយគេអាចទើសរឿងកម្ពស់ខ្ញុំ ឬសម្បុរខ្ញុំ ខ្ញុំដឹងថា នេះមិនមែនជាការពិតសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែម៉េចក៏ខ្ញុំនៅតែមានអារម្មណ៍អសន្តិសុខ?
ក្រៅពីបំផ្លាញពេលវេលារបស់ខ្ញុំ មនុស្សពីអតីតទាំងនោះបានទាំងបំផ្លាញជំនឿចិត្តរបស់ខ្ញុំទៀត។ ខ្ញុំចាប់ផ្តើមចេះការពារខ្លួនឯង ហើយចង់សម្របរៀនទទួលយក ការរស់នៅក្នុងភាពឯកោ។
ពាក្យថា «ខ្ញុំនឹងចួបនរណាម្នាក់ ដែល ចំណាយពេលភាគច្រើនជាមួយខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រលាញ់ និងត្រូវបានស្រលាញ់ បានទទួលការគិតគូយកចិត្តទុកដាក់ ខ្ញុំនឹងបើកបេះដូងសម្រាប់នរណាម្នាក់នោះ»ខ្ញុំទាត់វាចោល។
លោកនេះ មិនបានបង្កើតមនុស្សម្នាក់នោះមកសម្រាប់ខ្ញុំទេ។
ខ្ញុំនឹងចាប់ផ្តើមយកចិត្តទុកដាក់ លើខ្លួនឯង វិនិយោគអារម្មណ៍ និងពេលវេលារបស់ខ្ញុំសម្រាប់ខ្លួនខ្ញុំ មិនចងភ្ជាប់ជាមួយអ្នកណាទាំងអស់។
ខ្ញុំស្អប់ការរង់ចាំមនុស្សដែលធ្លាប់ឆាតមកហើយបាត់ស្រមោលឈឹង។ ខ្ញុំស្អប់ភាពប្រែប្រួលលើលោកនេះ។
បើជីវិតជាតិនេះ សម្រាប់តែរស់នៅឯកា ខ្ញុំគួរតែប្រឈមមុខនឹងបញ្ហានេះឱ្យហើយតែម្តងទៅល្អជាង។
ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ខ្ញុំត្រូវនៅផ្ទះ ដូចគ្រប់គ្នាលើលោកនេះដែរ ។ រយៈពេលនោះ ខ្ញុំបានរៀនអ្វីម្យ៉ាងថា ការរស់នៅម្នាក់ឯងមិនមែនជារឿងអាក្រក់ទេ ក៏មានអត្ថប្រយោជន៍មួយចំនួនដែលលេចឡើង ដូចជា រីកចម្រើនជាងមុន រឹងមាំជាងមុន។
ជាញឹកញាប់ ពេលយើងហ៊ុមព័ទ្ធដោយអ្នកដទៃ យើងចំណាយថាមពលច្រើន ។ កន្លងមកខ្ញុំព្យាយាមធ្វើឱ្យអ្នកដទៃសប្បាយចិត្ត ធ្វើឱ្យពួកគេចូលចិត្ត ជួយ បន្ធូរអារម្មណ៍ ពួកគេ អានអារម្មណ៍របស់ពួកគេ ហើយចុងក្រោយ ខ្ញុំឈឺចាប់។ នៅតែឯង អាចឱ្យខ្ញុំសម្រាកពីការងារទាំងអស់នោះ មកបញ្ចូលថាមពល ផ្លូវចិត្តគិតយឺតៗ ពីផ្លូវជីវិត ផ្តោតលើការងារ និងការសិក្សាជំនាញ។
ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯងបន្តិចម្តងៗ ព្រោះមានពេលវេលា និងដោយសារពេលនេះ ស្ម័គ្រនៅឯកោ ខ្ញុំមិនចំណាយពេលច្រើនដើម្បីកែច្នៃគំនិត គិតពីអារម្មណ៍របស់អ្នកដទៃ ពេក នោះជាពេលវេលាដ៏ល្អបំផុតក្នុងការបង្វែរការផ្តោតអារម្មណ៍មកចិត្តគំនិតខ្លួនខ្ញុំ។
ខ្ញុំពិតជាទទួលបាននូវទស្សនវិស័យកាន់តែច្រើនសម្រាប់អារម្មណ៍ផ្ទាល់ខ្លួនស្គាល់អ្វីដែល ធ្វើឱ្យខ្លួនខ្ញុំសប្បាយចិត្ត អ្វីដែលធ្វើឱ្យខកចិត្ត និងអ្វីដែលធ្វើឱ្យសោកសៅ។
កាលពីស្ថិតនៅក្នុងក្រុមជាមួយអ្នកដទៃយើង តែងហត់នឹងធ្វើការសម្របសម្រួលរកដំណោះស្រាយដែលក្រុមទាំងមូលអាចរីករាយបាន។ ចំណែកនៅម្នាក់ឯងបែរជាមាន សេរីភាពកាន់តែច្រើនដើម្បីធ្វើរឿងដែលយើងចង់ធ្វើ។ អារម្មណ៍ជឿជាក់លើសមត្ថភាពខ្លួនឯងបង្កើនឡើង ឯករាជ្យជាងមុននិង លែងគិតថាខ្លួនឯងកម្សត់ទៀតហើយ។
យល់យ៉ាងណាចំពោះរឿងពិតរបស់ខ្ញុំ?
1 Comment
អរគុណសម្រាប់រឿងខាងលើ ខ្ញុំគិតថាមាណវីនឹងទទួលបានរ៉ាប៊ីនជាគូរអនាកត តែផ្ទុយពីការគិតរបស់ខ្ញុំក្រោយពេលខ្ញុំអានបណ្ដើរនិងមើលចំណងជើងរឿងបណ្ដើរ។ ខ្ញុំចំណងជើង3ដងទំម្រាយល់ពីគំនិតរបស់បងស្រីដែលចង់និយាយពីអ្វីនៅក្នុងអត្ថបទនេះ អរគុណដែលធ្វើអោយខ្ញុំធូរចិត្តបានខ្លះក្រោយពេលអានរួច ព្រោះអាចអោយខ្ញុំរកពេលវេលាដកខ្លួនពីបញ្ហាស្នេហាបានខ្លះតែមិនមែនរហូតព្រោះស្ថិតក្នុងស្ថានភាពគ្រួសារមិនងាយដូចនៅលីវ។ តែក៏អរគុណខ្លាំងណាស់សម្រាប់អត្ថបទដ៏ល្អមួយនេះ🙏🙏🙏
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ