«តាំងពីក្មេង ខ្ញុំតែងតែស្រឡាញ់និងអានប្រភេទសៀវភៅប្រឌិតហើយជក់ចិត្តជាមួយប្រភេទសកម្មភាព ផ្សងព្រេង រវើរវាយ អភិនីហា និងបណ្តារបកគំហ៊ើញ វិទ្យាសាស្ត្រ ដែលញាំងឱ្យចិត្តរន្ធត់ចង់ដឹង ហើយក្រោយមកខ្ញុំក្លាយជាអ្នកសរសេរ ប៉ុន្តែ មិនដែលសរសេររឿងប្រភេទនេះឡើយ។»
នៅឆ្នាំ២០១៣ ដើម្បីបង្កើតប្រលោមលោក Sabay Sabay-Enovel ខ្ញុំបានធ្វើប្រជាមតិក្នុងចំណោមអ្នកអាន ដូច្នេះស្វែងរកមធ្យោបាយដើម្បីផ្សាយអំពីប្រលោមលោកខ្មែរឱ្យរឹងរឹតតែពេញនិយមឡើង ខ្ញុំក៏ចេញសេរ៊ីពេជ្របណ្ឌិតដំបូង ក្រោមចំណងជើងថា «គំនូស៤៩»។
កាលណោះ លោកស៊្រុន ម៉េងគាង ដែលជាអ្នកគ្រប់គ្រងគម្រោងប្រលោមលោកSabayបានកែសម្រួលហើយប្រាប់ខ្ញុំមកថា «ជក់ចិត្តណាស់បង!»នេះចលាករលើកទឹកចិត្តសម្បើមមួយសម្រាប់ខ្ញុំក្នុងការកសាងនាមប៉ាកាថ្មីសន្លាងមួយទៀតបន្ថែមពីលើ សុភាប្រុស គឺ ពេជ្រ បណ្ឌិត។
ប្រលោមលោកបែបមន្តអាគម ខ្មោចព្រាយ និងភ័យរន្ធត់បានផ្លាស់ប្តូរពីភាពភ័យខ្លាចបាក់ស្បាត ទៅជាគួរឱ្យរំភើបនិងមានចំណេះដឹងច្រើនឡើងអំពីជំនឿខ្មែរ ត្រូវបានកសាងឡើងជាបន្តបន្ទាប់ ដូចជា គាថាបុរាណ ផ្ទះគ្រូទាយ អាគមបរព្រៃ អាគមសាក់ បាតដៃខ្មៅ យប់ទី៣១ និងអណ្តូងខាងលិច។ល។ ខ្ញុំយល់ថា ខ្ញុំសប្បាយចិត្ត និងមានទឹកដៃសក្ត័សមនឹងការនិទានរឿងអំពីមនុស្សធម្មតាដែលប្រយុទ្ធនឹងភាពអស្ចារ្យអរូបីដោយសារខ្ញុំចូលចិត្តពណ៌នាឈុតឆាកជា POV Point of Views ហើយខ្ញុំកាន់តែចែករំលែកគំនិតរបស់ខ្ញុំជាមួយអ្នកដទៃបានយ៉ាងប្រសើរតាមរយៈបទនិពន្ធរបស់ខ្ញុំ។
ពេលខ្ញុំសរសេរនិទាន ពេជ្របណ្ឌិត អ្វីដែលខ្ញុំតែងសួរខ្លួនឯងគឺ៖
១ ខ្ញុំអាចមានទិដ្ឋភាពថ្មីទេ? យើងត្រូវការឈុតឆាក tone និង smell ច្រើនជាងការពង្វក់ឱ្យគេភ័យខ្លាចដោយគ្រាន់តែនិយាយអំពី ភាពងងឹត សត្វចម្លែក ខ្យល់បោក ។ល។ ដើម្បីបង្កើតរឿងភ័យរន្ធត់ដ៏ល្អមួយឡើងវាត្រូវតែខុសពីសាច់រឿងមុនៗ។
២ បង្កើតតួអង្គមានអារម្មណ៍ភ័យរន្ធត់ដែលអាចបញ្ចេញមកហើយទាក់ទងជាមួយអារម្មណ៍អ្នកអានបាន។ឧទាហរណ៍ អាដូច នៅក្នុង អាគមបរព្រៃ។ យុវជននេះ មានចរិតស្រដៀងនិងអ្នកអានខ្មែរជាច្រើនបានជាពួកគេអានកាលណា ទទួលយកតួអង្គនេះថាជាខ្លួនឯងនិងស្លុងបានតាំងពីទំព័រដំបូង។
ដំបូង អ្នកនិពន្ធត្រូវយល់ដឹងច្បាស់សិនពីមនុស្សម្នាក់ គឺតួអង្គឯករបស់យើង បន្ទាប់មក ដាក់ខ្លួនឯងក្នុងរឿងនោះដើរតួជាគេនោះទៅប្រឈមនឹងឧបសគ្គនានា។
៣ បង្កើតឧបសគ្គឡើងមកខុសពីរឿងគេដទៃ។ ឧទាហរណ៍ ដូចជាទៅជាប់នៅកន្លែងដាច់ស្រយាល ឬខាងក្នុងអគារណាមួយ ដែលបាត់បង់មធ្យោបាយទំនាក់ទំនង ដូចជាក្នុងរឿង អណ្តូងខាងលិច ខ្ញុំយល់ថា ការដែលទៅកាន់តំបន់ព្រៃតាមកូនស្រីបោះជំរុំជាទិដ្ឋភាពមួយថ្មី ប៉ុន្តែអ្នកអានទទួលយកបានថាសមហេតុផល។
៤ ទំនាញផ្លូវចិត្តដែលតស៊ូរវាងវិទ្យាសាស្ត្រនិងជំនឿអរូប។ គំនិតឬគំហើញដែលមានខាងក្នុងចិត្ត ហើយមិនអាចពន្យល់ ឬប្រាប់ទៅអ្នកដទៃណាបាន។ ឧទាហរណ៍នៅក្នុងរឿង បាតដៃខ្មៅ ដែលមិត្តភក្តិមានគ្រោះថ្នាក់បន្តបន្ទាប់ក៏តួឯកនៅតែពិបាករកអ្វីមកពន្យល់ខ្លួនឯងនិងអ្នកដែលនៅសល់។
ដោយវិធីនេះការតស៊ូរបស់តួអង្គឯង នឹងកាន់តែមានលក្ខណៈផ្ទាល់ខ្លួន ឯកោ លំបាក និងត្រូវការអ្នកអានឱ្យយល់ចិត្ត ព្រមស្លុងទៅគិតជាមួយគេ។
៥ ភាពសមហេតុផល ជាចំណុចធំមួយនៃការកសាងចំណុចកំពូលនៃរឿងពេជ្របណ្ឌិត។ ការឱ្យរូបភាពឆ្មាហក់ ឬឆ្កែលូ វាសាមញ្ញនិងត្រូវបានប្រើប្រាស់ជាច្រើនមកហើយ យើងតោងពិចារណាផងដែរនូវអ្វីដែលមនុស្សមិនចូលចិត្តឃើញ ឬឃើញហើយមានអារម្មណ៍មិនល្អ មានទំនោរទៅរកការភ័យខ្លាចយល់ថាជាហេតភេទអវិជ្ជមាន ដូចជា មនុស្សកំបុតក ឬ មនុស្សស្រែកហៅល្វើយៗ។ល។
៦ ប្រើប្រភពជំនឿចាស់ចេញពីគ្រួសារ ឬសហគមន៍។ មនុស្សជាច្រើនចាប់ផ្តើមជឿលើរឿងប្រភេទភ័យខ្លាចតាមរយៈការបន្លាចពីសាមជិកគ្រួសារកាលពីពួកគេនៅក្មេង ឬស្តាប់តំណាលរឿងខ្មោចពីចាស់ៗឬមិត្តភក្តិ។
បើយើងវិភាគ យើងនឹងដឹងថា តើអ្នកស្តាប់នឹងឆ្លងកាត់អារម្មណ៍បែបណាពេលឮការនិទានមួយដូចជារឿងពិត។ ខ្ញុំបានសរសេរអំពីទិដ្ឋភាពប្រតីដ្ឋនៅក្នុង តួស្រីក្នុងរឿងព្រេង វាមិនមានភូមិបែបនេះទេក្នុងសម័យកាលនេះ ប៉ុន្តែខ្ញុំបានបន្ថែមតួអង្គវិទ្យាសាស្ត្រជាមិត្តភក្តិរបស់ណាំងប្រាថ្នា ធ្វើឱ្យសាច់រឿងទៅជាសមរម្យនឹងស្លុងតាមបាន។
ចុចអាន
គន្លឹះសរសេរឆាកភ័យរន្ធត់ ឱ្យបានលើសពីការភ័យខ្លាចធម្មតាៗ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ